Friday, June 02, 2017

លិខិតមិត្តអ្នកអាន៖ មេទ័ពនគរទេវតា ដឹកនាំក្បួនឃោសនា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍

(ភ្នំពេញ)៖ ជាមេទ័ពដឹកនាំការប្រយុទ្ធជាច្រើនរយសមរភូមិ នៅក្នុងសង្ក្រាមដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម ដឹកនាំការប្រយុទ្ធ ដើម្បីទប់ស្កាត់ការវិលវិញ នៃរបបប្រល័យពូជសាសន៍នេះ និងដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញក្រោយពីជាតិ និងប្រជាជនហែលឆ្លងកាត់ឈាម និងទឹកភ្នែកឱ្យមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូច សព្វថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំក្បួនឃោសនាបោះឆ្នោតដ៏ធំ មិនដែលធ្លាប់មាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ ដែលជាថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ដោយមានសកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងហោចណាស់ចំនួន ១៥ម៉ឺននាក់ចូលរួម។
នេះគឺជាលើកទី១ ដែលសម្តេចតេជោ បានចូល រួមក្នុងក្បួនដង្ហែរឃោសនាបោះឆ្នោត ហើយក៏ជាសេចក្តីរីករាយឥតឧបមារបស់សកម្មជន និងអ្នកគាំទ្រគណបក្សប្រ ជាជនកម្ពុជាជាច្រើនលាននាក់នៅក្នុងប្រទេសកម្ពុជា ដែលវត្តមានរបស់សម្តេចតេជោគឺជាការផ្តល់កម្លាំង ចិត្តនិងភាពកក់ក្តៅកាន់តែខ្លាំងថែមទៀត ដើម្បីនាំយកជ័យជម្នះភ្លូកទឹកភ្លូកដីជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។
មេទ័ពនគរទេវតាដឹកនាំក្បួនឃោសនា នៅថ្ងៃនេះ គឺដើម្បីការពារសន្តិភាព ដែលរកបានមកដោយពិបាក និង ការពារការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាកំពុងតែមាន និងបន្តការពារសម្រាប់មនុស្សជំនាន់ៗក្រោយទៀត ព្រមទាំងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងនាំកម្ពុជា ចូលទៅក្នុងភាពចលាចល សង្គ្រាមនិងបដិវត្តន៍ពណ៌។ ក្បួនឃោស នាខ្នាតយក្សរបស់គណបក្សប្រជាជនកម្ពុជា គឺជាក្បួនយុទ្ធសាស្ត្រមួយ ដែលគ្រាន់តែឮសន្ធឹកជើង ប្រវែងរបស់ក្បួន ចំនួនអ្នកចូលរួមកធ្វើឱ្យគូប្រកួតនយោបាយ ដែលគ្មានអ្វីក្រៅពីធ្វើនយោបាយបោកប្រាស់ ភូតភររាស្ត្រភ័យស្លន់ស្លោរ ឡើយបាត់ព្រលឹងពីក្នុងខ្លួន។
នេះគឺជាកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជា និងមានកម្លាំងគាំទ្ររាប់លាននាក់ពីក្រោយថែមទៀត។ ការចូលរួមដ៏ច្រើនកុះកររបស់សកម្មជន និងអ្នកគាំទ្រនេះ គឺបង្ហាញពីការរួមសាមគ្គីគ្នា របស់គណបក្សប្រជាជនកម្ពុជាជ្រោងទង់សន្តិភាព និងការអភិវឌ្ឍរួមគ្នាក្រោមដំបូលជាតិខ្មែរតែមួយ។ មានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ដែលជាគណបក្សគួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ជា គគណបក្សដែលមានភាព ចាស់ទុំនយោបាយ និងមានធនធានមនុស្សហូរហៀរ ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅរក ភាពរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
រយៈពេលជាង ៣៨ ឆ្នាំមកនេះ កម្ពុជាបានបោះជំហានទៅមុខជានិច្ច ក្នុងដំណើរអភិវឌ្ឍជាតិលើគ្រប់វិស័យ បានធ្វើឱ្យកម្ពុជាជារដ្ឋអធិបតេយ្យមួយ ពេញលេញ មានបូរណភាពដែនដី ឯករាជភាព និងឯកភាពទឹកដី បានធ្វើឱ្យ ជីវភាពប្រជាជនក្រីក្រ ១០០% នៅឆ្នាំ ១៩៧៩ មកមានភាពធូរធារនាពេលបច្ចុប្បន្ន មានការងារធ្វើ មានប្រាក់បៀវត្សរ៍សមរម្យ និង មានការកេរ្តិ៍ឈ្មោះល្អនៅលើសកលលោក ក្នុងកិច្ចថែរក្សាសន្តិភាពក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ។ វិស័យអប់រំសិក្សាធិការ សង្គមវប្បធម៌មានការរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានត្រូវបានសាងសង់ឡើងខ្វាត់ខ្វែង នៅលើផ្ទៃប្រទេស ឆ្លើងកាត់ទន្លេរាប់មិនអស់។ មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម ប្រព័ន្ធធារាសាស្ត្រត្រូវបានសាងសង់ និងមានវត្តមានគ្រប់ទីកន្លែង។ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍវិស័យទេសចរណ៍ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ក្បួនឃោសនាបោះ ឆ្នោតដ៏ធំនេះក៏ដើម្បីបង្ហាញថាពលរដ្ឋខ្មែរ ត្រូវការសន្តិភាព និងការអភិវឌ្ឍ មិនត្រូវការឡើយការបោកប្រាស់ និងសង្គ្រាមវិនាសកម្មដែលបង្កឡើងដោយពាក្យសម្តី ការញុះញង់របស់បក្សប្រឆាំង។ រាស្ត្រខ្មែរភាគច្រើនលើសលប់នឹង នៅជាមួយគណបក្សប្រជាជនកម្ពុជា គាំទ្រគណបក្សប្រជាជន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បី បន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត! សូមក្បួនទ័ពទេវតាសុខសុវត្ថិភាព និងជោគជ័យ គ្រប់កាលៈទេសៈទាំងអស់ជាពិសេសជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតថ្ងៃទី៤ ខែមិថុនាខាងមុខ៕
ដោយ៖ ចៅចាក់ស្មុក





លិខិតមិត្តអ្នកអាន៖ រាស្ត្រជ្រើសយកបក្សដែលមានបេក្ខជនល្អនិងកម្មវិធីនយោបាយការពារសន្តិភាព និងការអភិវឌ្ឍមិនមែនការបោកប្រាស់នោះទេ

រយៈពេលជាង១០ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ រាស្ត្រទូទាំងនគរបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីសំខាន់នៅកម្ពុជា មានធនធានមនុស្ស និងកម្មវិធីនយោបាយល្អ និងមានភាពជាក់ស្តែងក្នុងការអភិវឌ្ឍឃុំ-សង្កាត់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ពិតៗ។ កម្មវិធីនយោបាយទាំង១៣ «ខ» របស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍឃុំសង្កាត់បានក្តោបរួមទាំងអស់ទៅលើកម្មវិធី​នយោបាយរបស់គណបក្សដទៃ ទោះបីជាបក្សទាំងនោះខិតខំបង្ហាញ ឬព្យាយាមក្នុងការឃោសនាបោកប្រាស់ទម្លាក់កញ្ចប់លុយប៉ុន្មាន​ក៏រាស្ត្រភាគច្រើន មិនជឿឡើយ ព្រោះបទពិសោធន៍នាពេលកន្លងទៅ សន្យាជាមួយរាស្ត្រដើម្បីតែសន្លឹកឆ្នោត តែលទ្ធផលសូន្យឈឹង។
ចំណែកបេក្ខជនឈរឈ្មោះជាមេឃុំ-ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា​ ឈានមុខគេលើគណបក្សដទៃទៀត គឺមានបុគ្គលិកលក្ខណៈ គុណសម្បត្តិល្អមានសមត្ថភាពបទពិសោធន៍​ពេញលេញ និងមានក្រមសីលធម៌ល្អជាថ្នាក់ដឹកនាំមូលដ្ឋាន។ ពួកគាត់ជាអ្នកមូលដ្ឋាន និងបាន​យល់ច្បាស់ពីបងប្អូនប្រជាពលរដ្ឋ ខណៈសកម្មជនបក្សខ្លះខ្វះសមត្ថភាពដឹកនាំ និងសីលធម៌ក្នុងការរស់នៅមិនគួរឱ្យគោរពប្រព្រឹត្តរឿងស្រីស្រាល្បែងពាលាអាវាសែជាដើម។ តើឱ្យរាស្ត្រពឹងពាក់ផ្ញើវាសនាខ្លួនលើបុគ្គលទាំងនេះម្តេចនឹងកើត?
ក្នុងរយៈពេលឃោសនាបោះឆ្នោតនេះ រាស្ត្រម្ចាស់ឆ្នោតបានចោទសំណួរជុំវិញកម្មវិធីនយោ​បាយ​បក្សមួយចំនួន ដែលគ្មានការពិត ស្រមើស្រម៉ៃ និងបង្កប់ទៅដោយការភូតកុហកថា ធ្វើម៉េចសូមខិតខំជួយតែបក្សខ្លួន និងសកម្មជនខ្លួនឯងឱ្យបានគ្រប់គ្រាន់សិនទៅចាំដើរសន្យាឱ្យនេះឱ្យនោះគេ ព្រោះការសន្យាដាក់កញ្ចប់លុយមុននេះ មិនខុសពីសន្យាទិញសន្លឹកឆ្នោតរាស្ត្រជំពាក់សិននោះទេ ហើយប្រជាពលរដ្ឋក៏បានមើលឃើញច្បាស់ដែរថា តើនរណាជាអ្នកសង្គ្រោះជាតិ សង្គ្រោះប្រជាជន និងសង្គ្រោះអ្វីៗទាំងអស់ឱ្យរស់​រានមានជីវិតរហូតទល់សព្វថ្ងៃនេះ និងនរណាដែលចេះត្រឹមតែលួចយកសមិទ្ធផល ដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសម្រេចបានមកឃោសនា និងនរណាពិតប្រាកដដែលបានជួយដោះស្រាយបញ្ហារបស់រាស្ត្រ និងឃើញវត្តមាននៅពេលដែលរាស្ត្ររងទុក្ខ និងជួបបញ្ហា និងដឹងថានរណាជាអ្នកដែលបានត្រឹមតែដើរញុះញង់រាស្ត្រ បញ្ឆេះកំហឹង ការស្អប់ខ្ពើមរើសអើងប្រឆាំងនឹងជាតិសាសន៍ និងបញ្ឆេះឱ្យមានកំហឹងវណ្ណៈក្នុងសង្គម និងជាអ្នកបង្កចលាចលក្នុងសង្គម ហើយដឹងថានរណាជាអ្នកជេរប្រមាថខ្មែរគ្នាឯង និងគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។
រយៈពេលជាង១០ ថ្ងៃនៃការឃោសនាបោះឆ្នោតនេះ ក៏អាចផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរយល់ច្បាស់ថា តើនរណាជាអ្នកការពារ​សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ និងនរណាដែលមិនខ្វល់នឹងការផ្ទុះសង្គ្រាមជាយថាហេតុឡើងដោយសារតែសម្តីប្រមាថរបស់​បក្សខ្លួន និងទង្វើរំលោភច្បាប់ និងការអនុវត្តប្រជាធិបតេយ្យជ្រុលហួសហេតុកើតចេញជាអនាធិបតេយ្យ។
រាស្ត្រភាគច្រើន ក៏ដឹងច្បាស់ថា មេដឹកនាំ និងសមាជិកសមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាគឺ​ទទួលបាននូវការ​គោរពស្រឡាញ់ និងគាំទ្រនៅគ្រប់ច្រកល្ហក ចុងកាត់មាត់ញកទូទាំងប្រទេសកម្ពុជា។ ការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា មិនមែនធ្វើត្រឹមមួយភ្លើងចំបើងនៅក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតដូចបក្សប្រឆាំងនោះឡើយ ប៉ុន្តែបានធ្វើជាប្រចាំ ហើយមន្ត្រីនិងសកម្មជនគណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្ថជាពលរដ្ឋព្រមទាំងបានឆ្លើយ​តបនឹងការចង់បានរបស់ប្រជាពលរដ្ឋតាមតម្រូវការ។ ដូច្នេះហើយបានជាសមិទ្ធផល​ជាច្រើនដែលកំពុង​ឈរបង្អួតខ្លួននៅតាម​ភូមិស្រុកនានារួមមានវត្តអារាម សាលារៀន ផ្លូវថ្នល់ខ្វាត់ខ្វែង ជីវភាពគ្រួសារមានការរីកចម្រើនជាកិច្ចខិតខំប្រឹងប្រែង និងផ្លែផ្កានៃ​ការងាររបស់រាជរដ្ឋាភិបាល​កម្ពុជាដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា។
រហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយធំជាងគេនៅកម្ពុជា និងជាទីទុកចិត្តរបស់ប្រជារាស្ត្រជាច្រើនអាណត្តិមកហើយក្នុងការដឹកនាំប្រទេស។ ទាំងបទពិសោធន៍ការងារក្នុងប្រទេស ការងារការទូត ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹង​គុណភាព​អប់រំ ការទាក់ទាញវិនិយោគទុន បរទេសមកបណ្តាក់ទុននៅកម្ពុជា ការបង្កើនកំណើនការងារកាន់​តែច្រើនឡើង​សម្រាប់ប្រជា​ពលរដ្ឋ ការបង្កើនសេវាសុខុមាលភាពប្រជាជន វិស័យការពារជាតិ សន្តិសុខ  សុវត្ថិភាព គឺគណបក្សប្រជាជន​កម្ពុជាមានបទពិសោធ និងភាពចាស់ទុំគ្រប់គ្រាន់ដើម្បីបន្តដឹកនាំប្រទេស។
ការជឿងប់ងុលទៅលើការឃោសនាបោកប្រាសរបស់បក្សប្រហោងក្នុងដូចជាបម្សប្រឆាំងនេះគ្រាន់តែជាការចាញ់បោកយល់សប្តិប៉ុណ្ណោះ ហើយការគិតថា បក្សប្រឆាំងមានធនធានមានភាពចាស់ទុំគឺជាការយល់ច្រឡំ ហើយដូចជាកាប់បំពង់រង់ចាំទឹកភ្លៀង។  អ្នកដែលចង់ឱ្យ​មាន​ការផ្លាស់ប្តូរមិនបានគិតថា អ្វីដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបំពេញដើម្បីបម្រើជាតិ និងមាតុភូមិគឺជាការផ្លាស់ប្តូរ​ដ៏វិជ្ជមានមួយរួចស្រេចទៅហើយ និងជាការផ្លាស់ប្តូរប្រកប​ដោយការទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជា។
សូមមេត្តាថ្លឹងថ្លែងរវាងគុណសម្បត្តិ និងគុណវិបត្តិនិងរួមជាមួយគណបក្សបក្សប្រជាជនកម្ពុជា ដើម្បីបន្តបោះជំហានទៅមុខលើកិច្ចអភិវឌ្ឍ ជាមួយកម្មវិធីអភិវឌ្ឍឃុំសង្កាត់ល្អ និងបេក្ខជនមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាដែលមានសមត្ថភាពនិងគុណភាព ព្រមទាំងចូលរួម​ទប់​ស្កាត់រាល់ការប៉ុនប៉ង បង្កចលាចលដល់កម្ពុជា ពីសំណាក់ជណងគតិមួយចំនួន។ យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ ចៅចាក់ស្មុក












ថ្ងៃបិទបញ្ចប់ការឃោសនា! លោក គន់ គីម និងលោក ជា តារា ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រជាង ២ម៉ឺននាក់ រកសំឡេងឆ្នោតនៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈពង្រឹង ចុះជួយខេត្តឧត្តរមានជ័យ និង លោក ជា តារា អនុប្រធានក្រុមការងារចុះជួយខេត្ត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រសរុបជាង ២ម៉ឺននាក់ យុទ្ធនាការឃោសនាថ្ងៃចុងក្រោយក្នុងខេត្តឧត្តរមានជ័យ។
ក្នុងយុទ្ធនាការឃោសនានេះដែរ ក៏មានការចូលរួម លោក សៀក សុជាតិ លោក ព្រហ្ម ផេង អនុប្រធានក្រុមការងារ ហើយសមាជិក សមាជិកាទាំងនោះ មកពីស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ដោយក្បួនដង្ហែចាប់ផ្តើមពីរង្វង់មូល ស្រុកអន្លុងវែង ឆ្ពោះទៅព្រំប្រទល់ស្រុកត្រពាំងប្រាសាទ និងបន្តក្បួនឆ្ពោះរង្វង់មូលផ្សារស្រុកត្រពាំងប្រាសាទ។
ថ្លែងមុនចេញដង្ហែក្បូន លោក គន់ គីម បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងពីរស្រុក ដែលបានផ្តល់យុត្តិធម៌ ជូនគណបក្សប្រជាជនកម្ពុជា ដូច្នេះហើយទាំងអស់គ្នាត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្ស ប្រជជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្តទៀត។

លោក គន់ គីម ក៏បានផ្ដាំផ្ញើឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំរបស់បងប្អូន ហើយសូមមេត្តា កុំភ្លេចនាំយកនូវអត្តសញ្ញាណប័ណ្ណ ឬឯកសារតម្រូវផ្សេងៗ ទៅជាមួយ ដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់៕





សកម្មជនបក្សសង្គ្រោះជាតិ និងបក្សខ្មែររួបរួមជាតិ នៅស្រុកម៉ាឡៃ២៣៩នាក់ បន្តដើរចេញពីបក្ស មកចូលរួមជីវភាពនយោបាយ ជាមួយបក្សប្រជាជន

(បន្ទាយមានជ័យ)៖ ក្រុមសកម្មជនគណបក្ស សង្គ្រោះជាតិ និងគណបក្ស ខ្មែររួបរួមជាតិចំនួន២៣៩នាក់ ក្នុងនោះស្រីប្រមាណ៩០នាក់ រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបន្តចាកចេញពីបក្ស ហើយមកសុំចូលរួមជី​វភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានមើលឃើញថា មានតែគណបក្សប្រជាជនតែប៉ុណ្ណោះ ដែលអាចដឹកនាំសង្គមជាតិកាន់តែសុខសន្តិភាព និងការអភិវឌ្ឍន៍ខ្លាំងឡើង។
ពិធីទទួលសមាជិកសមាជិកាថ្មី មកពីគណបក្សទាំង២ ខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក អាត់ ខែម សមាជិកអចិន្រ្តៃយ៍ គណបក្សខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយសកម្មជនដែលមករួមរស់ជាមួយគណបក្ស CPP នោះ លោក អាត់ ខែម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន សកម្មជនបក្សសង្រ្គោះជាតិ និងបក្សខ្មែររួបរួមជាតិ ដែលបានសម្រេចចិត្តមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្រាប់ខេត្តបន្ទាយមានជ័យដឹកដោយលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត។
សម្រាប់បងប្អូនសកម្មជន CNRP បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា មូលហេតុដែលពួកគាត់ចាកចេញ ពីបក្សសង្រ្គោះជាតិដោយសារអស់ជំនឿ លើថ្នាក់ដឹកនាំបក្សនេះ ហើយថាបក្សប្រឆាំងពោរពេញទៅដោយអំពើពុករលួយ ពូកែតែសន្យា ប៉ុន្តែមិនដែលធ្វើតាមសន្យាឡើយ។ ជាពិសេសនោះថ្នាក់ដឹកនាំបក្សនេះ ពុំដែលបានធ្វើអ្វីដើម្បីប្រយោជន៍ជាតិទេ ហើយមិនដែលខ្វល់ខ្វាយ ពីសុខទុក្ខសកម្មជនថ្នាក់ក្រោមឡើយ គឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានរឿងអាស្រូវជាច្រើន មិនសមជាថ្នាក់ដឹកនាំបក្សឡើយ។
ជាមួយគ្នានេះ លោក អាត់ ខែម និងក្រុមការងារបានពន្យល់បង្ហាញ ប្រជាពលរដ្ឋអំពីលេខរៀងគណបក្ស និងមានរូបទេវតាបាចផ្កាជាសម្គាល់ ហើយលោក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទើបតែមករួមរស់ជាមួយ CPP ឲ្យប្រាប់សមាជិកក្រុមគ្រួសារ សាច់ញតិ និងមិត្តភក្តិរបស់ពួកគាត់ឲ្យជឿជាក់ ទុក្ខចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ទើបអាចរក្សាបាននូវសន្តិភាពបានយូរអង្វែង និងបន្តការអភិវឌ្ឍភូមិឲ្យ កាន់តែរីកចម្រើន រុងរឿង និងសម្បូរសប្បាយតរៀងទៅ៕







លោក ហ៊ុន ម៉ាណែត ដឹកនាំសមាជិកគណបក្សប្រជាជន ជាង៦ពាន់នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅស្រុកមេមត់

(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណៈ កម្មាធិការកណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ បានដឹកនាំសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាង៦ពាន់នាក់ លើកក្បូនដង្ហែឃោសនារកសំឡេងឆ្នោត យ៉ាងផុសផុល នៅថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។
មុននឹងចាប់ផ្ដើមក្បូនដង្ហែ លោកបានថ្លែងទៅសមាជិក និងអ្នកគាំទ្រទាំងអស់ថា គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ជារៀងរាល់ឆ្នាំ បានធ្វើឲ្យម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស។
លោក ហ៊ុន ម៉ាណែត បានបន្តថា គណបក្សជាអ្នកស្វែងរកការងារជូនយុវជន តាមរយៈការបង្កើតរោងចក្រនៅក្នុងស្រុក និងសម្របសម្រួលជួយយុវជន ឲ្យទទួលបានការងារនៅក្រៅប្រទេស បង្កើនប្រាក់បៀវត្សជូនមន្រ្តីរាជការគ្រប់កម្រិតបានជាប្រចាំ បើកទូលាយការប្រតិបត្តិជំនឿគ្រប់សាសនា និងបានសម្រេចធ្វើសមាហរណកម្មកម្ពុជាពេញលេញ នៅក្នុងសហគមន៍អន្តរជាតិ បានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ធ្វើឲ្យកម្ពុជាស្នើ មុខស្មើមាត់ ជាមួយប្រទេសដទៃ នៅលើឆាកអន្តរជាតិ។
ខណៈភាពសប្បាយរីករាយ និងសំឡេងខ្ញៀវខ្ញារ ដែលបង្ហាញពីភាពសាមគ្គីដ៏មុតមាំរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជន កំពុងបន្លឺឡើងនៅស្រុកមេមត់នោះ ក្បូនដង្ហែគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏កំពុងលយដំណើរឆ្ពោះទៅមុខបន្តិចម្ដងៗ តាមដងវិថីនានាផងដែរ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ពោលគឺនឹងបិទបញ្ចប់នៅវេលាម៉ោង ១០យប់ ថ្ងៃនេះតែម្ដង។ ចំណែកនៅថ្ងៃទី០៣ ខែមិថុនា ស្អែកនេះ គ្រប់សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពឃោសនាទាក់ទងនឹងកម្មវិធីនយោបាយ របស់គណបក្សនយោបាយនានាត្រូវបានបញ្ឈប់ពេញ រយៈពេល ២៤ម៉ោង។
លុះដល់ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងស្អែក គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយ សូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕









ឧតុនិយមវៀតណាមព្យាករណ៍ថា «ទឹកជំនន់ និងការបាក់ដីជាច្រើន នឹងកើតឡើងនៅ​ភាគខាងជើង​ប្រទេស» ក្នុងរដូវភ្លៀងឆ្នាំនេះ!

(​ហាណូយ)៖ អាជ្ញាធរឧតុនិយម​វៀតណាម នៅថ្ងៃសុក្រនេះ​បានព្យាករណ៍ថា តំបន់ភាគខាងជើង​នៃប្រទេស​វៀតណាម អាចនឹងរងគ្រោះ​ដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី​ជាច្រើននៅក្នុង​ឆ្នាំ២០១៧នេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
យោងតាម​មជ្ឈមណ្ឌលព្យាករណ៍​អាកាសធាតុវៀតណាម តំបន់ភាគខាងជើង​នៃប្រទេស ទំនងជាត្រូវប្រឈមមុខ​នឹងគ្រោះទឹកជំនន់ ក៏ដូចជា​គ្រោះរអិលបាក់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​យ៉ាងខ្លាំង ចាប់ពីខែមិថុនា ដល់ខែសីហា។ ព្រមពេលជាមួយគ្នា អាជ្ញាធរវៀតណាម​ក៏បាន ប្រកាសផងដែរ​ឱ្យប្រជាជនរបស់ខ្លួន​ រស់នៅតាមតំបន់ចំនួន ១៤ ក្នុងចំណោម​តំបន់ចំនួន ១៨ នៃបណ្តាខេត្តភាគខាងជើង ត្រូវបង្កើនការប្រុង​ប្រយ័ត្នខ្ពស់ជានិច្ច។
គួរបញ្ជាក់ថា រយៈពេល០៥​ខែដំបូង ក្នុងឆ្នាំ២០១៧នេះ គ្រោះធម្មជាតិក្នុង​ប្រទេសវៀតណាម បានផ្ដាច់យក​អាយុជីវិតមនុស្ស​០៩នាក់ និង១៦នាក់ផ្សេងទៀតរងរបួស ខណៈលំនៅដ្ឋាន​ជាង ៥,០០០ខ្នង និងដីស្រែ ៨,៧០០ហិកតា​ត្រូវបានបំផ្លាញ​ ដោយគិតជាទឹកប្រាក់​ស្មើនឹង ១១លានដុល្លារអាមេរិក៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ យើងជឿទុកចិត្ត និងបោះឆ្នោតឱ្យតែគណបក្សប្រជាជនកម្ពុជាតែមួយគត់! ,សមាជិក CPP ជាង ២៥ម៉ឺននាក់ដែលបានមកចូលរួមដង្ហែ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ថា«យើងជឿទុកចិត្ត និងបោះឆ្នោតឱ្យតែគណបក្សប្រជាជនកម្ពុជាតែមួយគត់!»
ខ្លឹមសារនៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា «សូមអរគុណបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ និងសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ដែលបានចូលរួមដង្ហែគណបក្សប្រជាជនកម្ពុជាដ៏អធិកអធមអស្ចារ្យបំផុតនៅព្រឹកមិញនេះ ទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅតាមបណ្តាភូមិ ឃុំ ស្រុក ខេត្តទូទាំងប្រទេស។
 មានបងប្អូនអ្នកគាំទ្រ និងសមាជិកសមាជិកាបក្សជាង ២៥ម៉ឺននាក់ដែលបានមកចូលរួមដង្ហែគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញកាលពីព្រឹកមិញ។ សូមអធ្យាស្រ័យផងដែរ ចំពោះបងប្អូនដែលចង់ មកចូលរួមដង្ហែបក្សនៅទីក្រុងភ្នំពេញ ព្រោះដោយសារទីកន្លែងតូចចង្អៀតដាក់មិនអស់ ប៉ុន្តែទោះបីមិន បានចូល រួមពិតមែនតែបងប្អូននៅតែគាំទ្រ និងបោះឆ្នោតឱ្យគណបក្សប្រជាជនជានិច្ចគឺបោះឆ្នោត ឱ្យ តកូន តត្រកូល។
 ការចូលរួមពីបងប្អូនយ៉ាងច្រើនកុះករព្រឹកមិញនេះ គឺបានបង្ហាញឱ្យឃើញពីការគាំទ្រពេញទំហឹង មកលើគណបក្សប្រជាជន ហើយក៏បានបង្ហាញអោយអន្តរជាតិបានឃើញកាន់តែច្បាស់អំពីការគាំទ្រឥតងាករេរបស់ប្រជាជនជាងមួយចំហៀងប្រទេសមកលើគណបក្សប្រជាជនកម្ពុជាយើង»។
នៅថ្ងៃអាទិត្យទី ៤ មិថុនា ខាងមុខនេះ យើងទាំងអស់គ្នា ទៅបោះឆ្នោតឱ្យបេក្ខជនឈរឈ្មោះគណបក្សប្រជាជនយើងទាំងអស់គ្នាកុំបីខាន!















ដំណឹងល្អ! រាជរដ្ឋាភិបាលបញ្ចុះតម្លៃការប្រើប្រាស់ទឹកស្អាត ដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ បានមកដល់ទៀតហើយ គឺការប្រើប្រាស់ទឹកស្អាត ដែលផ្គត់ផ្គង់​ដោយរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ត្រូវបានកែសម្រួលជាថ្មី ដោយបញ្ចុះតម្លៃជាងមុន។

ការកែសម្រួលតម្លៃប្រើប្រាស់ទឹកស្អាតថ្មីនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការបន្ថយបន្ទុកចំណាយ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

យោងតាមសេចក្តីសម្រេច របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការកែសម្រួលថ្លៃលក់ទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ពីការកែប្រែតម្លៃ នៃការប្រើប្រាស់ទឹកដែលទើបកែប្រែថ្មី ដូចខាងក្រោម៖

* សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទឹកលក្ខណៈធម្មតា

១៖ ប្រើមិនលើសពី៣ម៉ែត្រគូប ក្នុង១ខែ តម្លៃត្រឹមតែ៤០០រៀល ក្នុងមួយម៉ែត្រគូប

២៖ ប្រើចាប់ពី៤ម៉ែត្រគូប ដល់៧ម៉ែត្រគូបក្នុង១ខែ តម្លៃត្រឹមតែ៥០០រៀលក្នុងមួយម៉ែត្រគូប

៣៖ ប្រើចាប់ពី៨ម៉ែត្រគូប ដល់១៥ម៉ែត្រគូបក្នុង១ខែ តម្លៃត្រឹមតែ៧៧០រៀលក្នុងមួយម៉ែត្រគូប

៤៖ ប្រើចាប់ពី១៦ម៉ែត្រគូប ដល់៥០ម៉ែត្រគូបក្នុង១ខែ តម្លៃត្រឹមតែ១០១០រៀលក្នុងមួយម៉ែត្រគូប

៥៖ លើកពី៥០ម៉ែត្រគូបក្នុង១ខែ តម្លៃ១២៧០រៀលក្នុងមួយម៉ែត្រគូប

* សម្រាប់ស្ថាប័នរដ្ឋ និងតំណាងចែកចាយ គ្រប់បរិមាណតម្លៃ១០៣០រៀលក្នុងមួយម៉ែត្រគូប

* សម្រាប់អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាពស្វយ័ត និងអ្នកលក់បន្ដ

១៖ ប្រើមិនលើសពី១០០ម៉ែត្រគូបក្នុង១ខែ តម្លៃ៩៥០រៀលក្នុងមួយម៉ែត្រគូប

២៖ ប្រើចាប់ពី១០១ម៉ែត្រគូបដល់២០០ម៉ែត្រគូបក្នុង១ខែ តម្លៃ១១៥០រៀលក្នុងមួយម៉ែត្រគូប

៣៖ ប្រើចាប់ពី២០១ម៉ែត្រគូប ដល់៥០០ម៉ែត្រគូបក្នុង១ខែ តម្លៃ១៣៥០រៀលក្នុងមួយម៉ែត្រគូប

៤៖ ប្រើលើសពី៥០០ម៉ែត្រគូបក្នុង១ខែ តម្លៃ១៤៥០រៀលក្នុងមួយម៉ែត្រគូប។

ជាមួយគ្នានេះ ក្រសួងបញ្ជាក់ទៀតថា ការកំណត់ថ្លៃលក់ទឹកស្អាតថ្មីនេះ ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែឧសភា តទៅ៕