Saturday, October 15, 2022

សោកនាដកម្មលិចទូកចម្លងនៅស្រុកលើកដែក ខេត្តកណ្ដាល ស្លាប់១១នាក់ និងឃាត់ខ្លួន៣នាក់, ប្រតិបត្តិការស្វែងរកសពបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃនេះ (Photo inside)

(FN-កណ្ដាល)៖ សោកនាដកម្មលិចទូកចម្លងមួយគ្រឿងលើដៃទន្លេមេគង្គពីភូមិអំពិលទឹកទៅកាន់ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានផ្ដាច់ជីវិតកូនសិស្ស មានអាយុចន្លោះពី១២-១៥ឆ្នាំ ចំនួន១១នាក់ ក្នុងចំណោមជនរងគ្រោះ១៩នាក់ (សិស្សសាលា១៥នាក់, អ្នកបើកទូកម្នាក់, កម្មករទូកម្នាក់ និងប្រជាពលរដ្ឋ២នាក់) បានក្លាយជាព្រឹត្តិការណ៍សង្គមដ៏តក់ស្លុតមួយ និងគួរឱ្យសង្វេគយ៉ាងពន់ពេកពីសំណាក់ប្រជាពលរដ្ឋទូទៅប្រទេស ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសការទួញយំសោកពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល និងសាច់ញាតិរបស់ក្មេងរងគ្រោះ នៅលើកោះដ៏តូចមួយក្បែរស្ពានអ្នកលឿង គឺភូមិកោះចំរើន។

*ដំណើររឿងកើតហេតុ និងប្រតិបត្តិការស្វែងរកសពជនរងគ្រោះ

ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យអាសូរនេះ បានកើតឡើងនៅពេលដែលកូនសិស្ស១៥នាក់, អ្នកបើកទូកដម្នាក់ កម្មករទូកម្នាក់ និងប្រជាពលរដ្ឋ២នាក់ បានធ្វើដំណើរចេញពីសាលារៀនថ្នាក់អនុវិទ្យាល័យនៅភូមិអំពិលទឹក ទៅកាន់ភូមិកោះចំរើន ដែលជាទីលំនៅដ្ឋានរបស់ពួកគេ ក៏ជួបគ្រោះថ្នាក់នៅពេលទូកឈើដែលមានសភាពចាស់ទ្រុឌទ្រោមបានចេញពីច្រាំងជិតដល់ច្រាំងម្ខាងទៀត។

ហេតុការណ៍នេះពេលកើតឡើងភ្លាម ជនរងគ្រោះដែលជាសិស្សសាលាដែលមានស្ពាយកាតាប ខ្លះពាក់ស្បែកជើងឃ្លប់ផងនោះ បាននាំគ្នាស្រវែស្រវាហែលសំដៅរកច្រាំង តែជាអកុសលក្នុងចំណោមពួកគេចំនួន១១នាក់ មិនអាចរួចផុតពីសេចក្ដីស្លាប់ ក៏បានលង់ទឹក ខណៈដែល៨នាក់ទៀតនៅរស់ ក្នុងនោះសិស្សសាលា៤នាក់, អ្នកបើកទូកម្នាក់, កម្មករទូកម្នាក់ និងប្រជាពលរដ្ឋ២នាក់ បានហែលទាំងត្រដាបត្រដុសមកកាន់មាត់ច្រាំង ទើបរួចពីសេចក្ដីស្លាប់។

ក្រោយទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងមន្ត្រីពាក់ព័ន្ធ បានបើកប្រតិបត្តិការចុះទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះជាបឋម ប៉ុន្តែនៅយប់ថ្ងៃកើតហេតុនោះ កម្លាំងជួយសង្គ្រោះបានរកឃើញ ជនរងគ្រោះ៦នាក់ ប៉ុន្តែ២នាក់បានស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មាននេះពីអាជ្ញាធរ និងសមត្ថកិច្ច ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងធ្វើដំណើរមកពីបំពេញការងារនៅខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់មាត់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានដាក់បទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ គីម សុផារុន នាយរងសេនាធិការចម្រុះ និងលោក គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត, កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សំ តុលា, កម្លាំងយោធា៩១១, ការបញ្ចេញអូប័រអមដោយកម្លាំងប្រតិបត្តិការរបស់សាខាគយ និងរដ្ឋករខេត្តកណ្ដាល ក្រោមបញ្ជារបស់លោក អម ស៉ីនួន, កម្លាំងស៊ីម៉ាក់ដឹកនាំបញ្ជាផ្ទាល់ពីលោក ហេង រតនា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនានារបស់ស្រុកលើកដែក ក្រោមការបញ្ជារបស់លោក គង់ សោភ័ណ្ឌ បានបន្តរុករកសពជនរងគ្រោះតាំងពីក្បាលព្រលប់រហូតដល់ភ្លឺថ្ងៃទី១៥ ខែតុលា។

ប្រតិបត្តិការស្វែងរកសពបានធ្វើឡើងទាំងយប់ទាំងថ្ងៃស្ទើរតែមិនបានសម្រាក តាំងពីក្រោយកើតហេតុរហូតបញ្ចប់បេសកកម្មការងារទាំងស្រុងនៅវេលាម៉ោង៦៖១០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ក្រោយសពយុវសិស្សឈ្មោះ មាស សុវណ្ណរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវបានរកឃើញនៅក្រោមកំប្លោក។

ជួបសម្ភាស នៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានតាមដានក្នុងករណីនេះ យ៉ាងយកចិត្តទុកដាក់ជាប្រចាំ ទោះបីរវល់មមាញឹកនឹងកិច្ចប្រជុំធំៗយ៉ាងណាក៏ដោយ។ សម្ដេចបានណែនាំដល់ក្រុមប្រតិបត្តិការចម្រុះឱ្យខិតខំធ្វើយ៉ាងណាត្រូវជួយសង្គ្រោះឱ្យបាន ប្រសិនបើមនុស្សស្លាប់ក៏ត្រូវ រកសពឱ្យឃើញទាំងអស់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា មុននឹងបញ្ចប់ប្រតិបត្តិការស្វែងរកសពបន្តិច សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់កម្លាំងប្រតិបត្តិការបន្ថែមអំពីចំណុចដែលអាចនឹងរកសពឃើញ ក្នុងនោះសម្ដេចតេជោបានចង្អុលបង្ហាញ តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម ថាឱ្យបន្តស្វែងរកនៅជិតកន្លែងដែលមានកំប្លោកអណ្ដែត នោះនឹងអាចរកឃើញនៅពេលព្រឹក។ ទីបំផុត ក្រុមប្រតិបត្តិការក៏បានរកឃើញសពចុងក្រោយ (សិស្សប្រុសឈ្មោះ មាស សុវណ្ណរ៉ា) អណ្ដែតនៅនឹងកំប្លោកពិតមែន នាវេលាម៉ោង៦៖១០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ក្រោយពេលរកឃើញសពគ្រប់អស់ហើយ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះក្រុមប្រតិបត្តិការ ទាំងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ ក៏ដូចជាអរព្រះគុណចំពោះព្រះសង្ឃ ដែលបានរួមគ្នាយកចិត្តទុកដាក់ ក្នុងការងារជួយសង្គ្រោះជនរងគ្រោះ និងស្វែងរកសពក្មេងៗរងគ្រោះនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តទៀតថា ក្រោយពេលរកឃើញសពចុងក្រោយនេះហើយ ក្រុមការងារក៏បានប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ដោយលោកទេសរដ្ឋមន្ត្រីក៏បានចូលរួមពិធីបុណ្យ សពនោះផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា នៅពេលបញ្ចប់បេសកកម្មនេះហើយ ខាងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នឹងធ្វើអធិការកិច្ចស៉ើបអង្កេតទៅលើករណីលេចទូកនេះតទៅទៀត ក្រោយធ្វើកោសលវិច្ច័យចប់លើសពទាំង១១នាក់នោះ ដើម្បីកសាងសំណុំរឿងទុកជាឯកសារ។

*ចំណាត់ការតាមផ្លូវច្បាប់ទៅម្ចាស់ទូក និងអ្នកបើកទូក

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះថា កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូក បណ្តាលឱ្យស្លាប់កូនសិស្សចំនួន១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងថា ខ្លួនជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ

*ទី២៖ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ

*ទី៣៖ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក។

លោកស្នងការខេត្តកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកចំនួន៣ ដើម្បីឱ្យទទួលខុសត្រូវលើករណីនេះ ចាត់វិធានការផ្លូវច្បាប់ ហើយក៏ការជាព្រមានដល់ម្ចាស់ទូកដទៃទៀត ឱ្យមានស្មារតីប្រុងប្រយ័ត្នចំពោះអាជីវកម្មរបស់ខ្លួន»។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា ហេតុការណ៍លិចទូកដនេះ អាចកើតមកពីការខ្វះនូវការទទួលខុសត្រូវ និងភាពធ្វេសប្រហែសរបស់ម្ចាស់ទូកផ្ទាល់តែម្តង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសរបស់កម្លាំងនគរបាលខេត្ត ក៏ដូចជាកម្លាំងជំនាញក្រសួងមហាផ្ទៃ ដែលបានចុះមកពិនិត្យដោយផ្ទាល់ គឺបានរកឃើញថាទូកដឹកកូនសិស្សដែលលិចនេះ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្នែកខាងក្នុងបានពុក ជ័រទឹកក៏បានស្ងួតប្រេះ ដូច្នេះ មិនអាចមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម។

ជារួមតាមការសន្និដ្ឋាន និវាយតម្លៃ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យទូកលិចដោយសារ៖

*ទូកមានស្ថានភាពចាស់ទ្រុឌទ្រោម ដោយកន្លែងខ្លះមានធ្លុះជាអន្លើៗ

*ទូកពេលបើកមានស្ថានភាពជ្រមុជក្បាលបាស់គូទ

*ម្ចាស់ទូកដរដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ

*ពុំមានសុវត្ថិភាព និងការទទួលខុសត្រូវក្នុងអាជីវកម្ម ( គ្មានប៊ីដុង ឬពោងសំរាប់ការពារ)

*អ្នកបញ្ជាម៉ាស៊ីនទូកដរ ចម្លងនៅក្មេង (ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ) មិចអាចគ្រប់គ្រងស្ថានការ ពេលមានរឿងហេតុកើតឡើង

*ទូកចាស់ក្តារមានសភាពទ្រុឌទ្រោម ហើយមានហើបថ្នេរក្តារបាតទូកផ្នែកខាងមុខ ទឹកជ្រាបចូលបាន។

*អត្តសញ្ញាណកូនសិស្សនៅរស់៤នាក់ និងស្លាប់១១នាក់រួមមាន៖

A)៖ ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់

*ទី១៖ ឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)

*ទី២៖ ឈ្មោះ សូត រក្សា ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)

*ទី៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៦ (រស់)

*ទី៤៖ ឈ្មោះ ហឿង កេសម៉ារីណា ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨ (រស់)


B)៖ ឈ្មោះជនរងគ្រោះដែលស្លាប់

*ទី១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦

*ទី២៖ ឈ្មោះ សុភ័ក្រ ភានុន ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨

*ទី៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧

*ទី៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦

*ទី៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៦

*ទី៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦

*ទី៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨

*ទី៨៖ ឈ្មោះ ចិន្តា ជូលី ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨

*ទី៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១

*ទី១០៖ ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦

*ទី១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧ (រកឃើញចុងក្រោយ)។

C)៖ អត្តសញ្ញាណអ្នកបើកទូក កម្មករទូក និងប្រជាពលរដ្ឋ២នាក់ទៀត ដែលនៅរស់រួមមាន៖

*ទី១៖ ឈ្មោះ ឡាយ ភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ (ប្រជាពលរដ្ឋរួមដំណើរលើទូក)

*ទី២៖ ឈ្មោះ លឿន ប្រុស ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ (ប្រជាពលរដ្ឋរួមដំណើរលើទូក)

*ទី៣៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ

*ទី៤៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករបើកទូកដរទទឹង។


*សារចូលរួមរំលែកទុក្ខពីថ្នាក់ដឹកនាំប្រទេស

ពាក់ព័ន្ធនឹងហេតុការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែតុលា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូក ចម្លងដឹកសិស្សនេះ។

តាមរយៈសារតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង ដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឲ្យស្លាប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ»។

សម្តេចបានបង្គាប់ឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះឱ្យបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ដដែលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងនេះផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹក សិស្សានុសិស្ស ចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២»។

ក្រៅពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចាត់ឱ្យក្រុមការងាររបស់កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគបរិភោគ​ និងបច្ច័យសម្រាប់ចូលបុណ្យសពកុមារទាំង១១​រូប​ ដោយក្នុង​គ្រួសារនីមួយៗរួមមាន​៖អង្ករ​១០០គីឡូក្រាម,​ មី​៥កេស,​ ត្រីខ៥០កំប៉ុង​,​ ទឹកក្រូច​៥កេស​ និងថវិកា​៥លានរៀល​។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងសិស្សានុសិស្ស ក្នុងខេត្តកណ្តាល ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បណ្ដាលឱ្យកូនសិស្សជាច្រើននាក់បានស្លាប់ក្នុងហេតុការនេះ។

នៅសារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានខ្លឹមសារយ៉ាងដូចនេះថា «ខ្ញុំនិងភរិយា មានសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្រេង នៃការលិចទូកចម្លង សិស្សានុសិស្ស ចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលអោយស្លាប់ជាច្រើននាក់ មួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់កូនៗ ចៅៗ ក្មួយៗ ជាសមាជិករបស់ខ្លួននៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធកូនៗ ចៅៗ ក្មួយៗ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសូមជូនពរដល់កូនក្មួយ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូមបានឆាប់ជាសះស្បើយ និងបានវិលមកបន្តការសិក្សាជាធម្មតាឡើងវិញ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុលិចទូកចម្លងសិស្សានុសិស្ស ក្នុងខេត្តកណ្តាល។

ក្នុងសារលិខិតសម្តេច ហេង សំរិន បានលើកឡើងថា «ខ្ញុំនិងភរិយា ពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយបំផុតចំពោះឧបទ្ទវហេតុ នៃការលិចទូកចម្លងសិស្សានុសិស្ស ចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីយប់ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្តាលឱ្យស្លាប់ជាច្រើននាក់ និងមួយចំនួនទៀត ត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យ ។

ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងសាច់ញាតិទាំងអស់ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធចៅៗ ដែលបានបាត់បង់ ជីវិតទាំងអស់ បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់ក្មួយៗរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមឱ្យឆាប់បានជាសះស្បើយ ដើម្បីបានមកបន្តការសិក្សាធម្មតាវិញ»។

*ថ្នាក់ដឹកនាំ និងសប្បុរសជននានា បានចូលរួមបច្ច័យជាមួយគ្រួសារសពជាបន្តបន្ទាប់ និងដែលបានចុះផ្សាយនៅលើបណ្តាញព័ត៌មាន Fresh News៖

*ទី១៖ ថ្នាក់ដឹកនាំខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងចូលរួមរំលែក្ខមរណៈចំពោះគ្រួសារសពតាមខ្នងផ្ទះនីមួយៗ ព្រមទាំងបានចូលរួមបុណ្យសពនូវថវិកាចំនួន ២០.០០០.០០០រៀល ក្នុង១សពផងដែរ

*ទី២៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកលើកដែក បានចូលរួមឧបត្ថម្ភគ្រួសារម្នាក់១០០០ដុល្លារ

*ទី៣៖ លោក ហេង រតនា អនុប្រធានទី១ ចុះមូលដ្ឋានស្រុកលើកដែក បានឧបត្ថម្ភថវិកាក្នុងសពម្នាក់១០០០ដុល្លារ

*ទី៤៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ

*ទី៥៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចូលរួមបុណ្យសព និងឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ក្នុងមួយគ្រួសារ

*ទី៦៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ជាមួយក្រុមគ្រួសារសពកុមារទាំង១១រូប និងបានចូលរួមបច្ច័យចំនួន១លានរៀលដល់ក្រុមគ្រួសារសពនីមួយៗ

*ទី៧៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងលោកស្រី បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល

*ទី៨៖ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងលោកស្រី សេង សុវីរដ្ឋា បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល

*ទី៩៖ លោក​ ឡាំ​ ឃាំង​ និងភរិយា​ ចូលរួមឧបត្ថម្ភគ្រួសារសពជនរងគ្រោះម្នាក់ៗ១០ម៉ឺនរៀល

*ទី១០៖ លោកឧកញ៉ា អុឹង លីហេង និងលោកស្រី តាំងហ្គិចលៀង បានឧបត្ថម្ភដល់គ្រួសារក្មេងដែលទទួលមរណភាពដោយហេតុការណ៍លិចទូក ក្នុងមួយគ្រួសារ ១លានរៀល

*ទី១១៖ លោក យិន សារ៉ាន់ និងលោកស្រីឧកញ៉ា អ៊ាន អេឡែន ព្រមទាំងក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភគ្រួសារសពជនរងគ្រោះម្នាក់ៗ១លានរៀល

*ទី១២៖ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ របស់បុរី មេគង្គ លែន បាននាំថវិកាចូលរួមបុណ្យសពចំនួន ១លានរៀល ក្នុងមួយគ្រួសារ

*ទី១៣៖ លោកឧកញ៉ា លឹម ប៊ុនសេង និងលោកស្រី បានឧបត្ថម្ភថវិកាជូន១គ្រួសារចំនួន១លានរៀល។

*ទី១៤៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានចាត់ឱ្យតំណាងនាំយកអំណោយដ៏ថ្លៃថ្លាជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព សិស្សសាលាទាំង១១រូប។ ក្នុងគ្រួសារសពនីមួយៗទទួលបានថវិកា ១,០០០,០០០រៀល, អង្ករ ១០០គីឡូក្រាម, ប៊ីចេង ២គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ១កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូច ១០កេស និងមី ១០កេស សម្រាប់ក្រុមគ្រួសារសពរៀបចំចាត់ចែងក្នុងពិធីបុណ្យសពទៅតាមប្រពៃណី។

*ទី១៥៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងបានចូលបុណ្យដល់ក្រុមគ្រួសារដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកនៅចម្លង ក្នុង១គ្រួសារចំនួន១លានរៀល៕ (អត្ថបទនិងរូបភាព៖ Fresh News)