តាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ សម្ភារៈចំនួន២៤ កញ្ចប់ ជាអំណោយសប្បុរសធម៌សាខាកាបាទក្រហមខេត្តតាកែវ ត្រូវបានឯកឧត្តម ទិត សុធា ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ឯកឧត្តម សៅ សុភៈ ឯកឧត្តម ថៅ វាសនា ឯកឧត្តម ហូយ គឹមអាន និងសមាជិកក្រុមការងារថ្នាក់ជាតិមួយចំនួនទៀត តំណាងឲ្យឯកឧត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា នៃស្រុកបាទី ខេត្តតាកែវ នាំយកទៅប្រគល់ជូនដោយផ្ទាល់ដៃដល់ស្ត្រីជាម្តាយរបស់ទារកដែលទើបនឹងសម្រាល ចំនួន២៤នាក់ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥។
សកម្មភាពមនុស្សធម៌ នៃការចុះចែកកញ្ចប់ឃីតនេះ ក៏មានការចូលរួមផងដែរពីតំណាងក្រុមប្រឹក្សាស្រុក តំណាងអនុសាខាកាកបាទក្រហមស្រុកបាទី កាកបាទក្រហមឃុំ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិ និងក្រុមការងាររបស់សម្ព័ន្ធយុវជនកម្ពុជាជាច្រើននាក់។
ទាំងនេះ គឺជាកាយវិការដ៏ថ្លៃថ្លា នៃការយកចិត្តទុកដាក់ខ្ពស់បំផុត បង្ហាញនូវការជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក៏ជាវប្បធម៌នៃការចែករំលែករបស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូ ដោះស្រាយ និងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ស្ត្រីជាម្តាយ ដែលទើបនឹងសម្រាលបុត្រ បានសំដែងនូវការត្រេកអរជាខ្លាំង ជាមួយនឹងពាក្យថ្លែងអំណរគុណយ៉ាងដូច្នេះ៖« សូមថ្លែងអំណរគុណដល់ ឯកឧត្តម សុខ អាន និងឯកឧត្តម ស្វាយ ស៊ីថា ដែលបាននាំអំណោយយកមកជូននាងខ្ញុំ»។
ក្រុមការងារថ្នាក់ជាតិ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋ និងបានសំនូមពរដល់ឳពុកម្តាយ នាំកូនទៅចាក់ថ្នាំបង្ការឲ្យទៀងទាត់ ការបំប៉នអាហាររូបបត្ថម្ភដល់ទារក និងត្រូវពិនិត្យថែទាំសុខភាពឲ្យបានល្អ។ ក្រៅពីនេះ ក្រុមការងារថ្នាក់ជាតិ ក៏បានប្រគល់ជូននូវសំបុត្រកំណើតដល់ម្តាយរបស់ទារកដែលទើបសម្រាល និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងន័យថា «បើមានបញ្ហា ឬទុក្ខកង្វល់អ្វីមួយដែលចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ សូមប្រញ៉ាប់រាយការណ៍ជូនក្រុមការងារ ដើម្បីនឹងរិះរកលទ្ធភាព និងវិធីដោះស្រាយតាមការជាក់ស្តែង » ជាពិសេស លើការងារការផ្តល់ជូននូវសេវាសាធារណៈ និងជំរុញឲ្យមានការចូលរួមយ៉ាងសកម្មផងដែរ ដើម្បីអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីពង្រឹងភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរក្នុងមូលដ្ឋានដែលពលរដ្ឋកំពុងរស់នៅ។ បន្ទាប់ពីចុះចែកកញ្ចប់ឃីតរួចហើយ ក្រុមការងារទាំងអស់ក៏បានជួបជុំទទួលទាមអាហាររួមគ្នា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។
អត្ថបទ៖ (ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ)