Saturday, October 22, 2022

 សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ


នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១១០៧ នាក់។ 



បន្ទាប់ពីរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អំពីស្ថានភាពនៃកិច្ចការអភិវឌ្ឍន៍នៅក្នុងខេត្តរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល ជាមួយបងប្អូនមន្ត្រីរាជការនៃខេត្តបន្ទាយមានជ័យ ក្នុងខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ 

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្តនិងទាក់ទាញការវិនិយោគថ្មីៗជាបន្តបន្ទាប់។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយយើងមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

សម្តេចតេជោបានរំលឹកថានៅពេលយើងកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩ មានប្រទេសមួយចំនួនបានមើលស្រាលវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាយើង ក៏ប៉ុន្តែពេលនេះ កម្ពុជាបានក្លាយទៅជាប្រទេសឈានមុខគេក្នុងការទប់ស្អាត់ជំងឺឆ្លងកូវីដ-១៩។ ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចំលងនៃជំងឺកូវីដ-១៩នេះ។ 

សម្តេចតេជោបានមានប្រសាសន៍ប្រាប់ទៅដល់មន្ត្រីរាជការទាំងអស់ពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោកសំខាន់ៗចូលរួមផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នេះហើយ ដែលធ្វើអោយកម្ពុជាយើងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀតក្នុងខែវិច្ឆិកាខាងមុខនេះ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា  ចោរកម្ម  ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏សុំអោយអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។ 

សម្ដេចតេជោក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសជិតខាងអោយបានល្អប្រសើរ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍ ខេត្តបន្ទាយមានជ័យអោយកាន់តែរីកលូតលាស់រីកចមម្រើនទៅមុខទៀត។ សម្តេចតេជោបានសង្កេត់ធ្ងន់ថា កិច្ចការដែលសម្រេចទៅបាននាពេលកន្លងមកនេះ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិយើង៕


សម្តេចតេជោ ហ៊ុន សែន​ ផ្តល់ការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ ម្នាក់ នៅខេត្តសៀមរាប

នៅព្រឹកមិញនេះ ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយសម្រាលទុក្ខលំបាកក្នុងជីវភាពដល់ស្ត្រីម្នាក់ដែលមានកូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។ ដោយក្តីអាណិតអាសូរជាពន់ពេក ខណ:ដែលស្ត្រីជាម្ដាយបានពរកូនទាំងមានជំងឺនេះមកចូលរួមក្នុងកម្មវិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពផងដែរ។ កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។ ម្តាយកុមារីរូបនេះឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់កុមារអាយុរហូតដល់ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង


នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។


តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។  រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋចំនួន ៣,២០០គ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតរុះរើសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែងនេះ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា តំបន់ពាក់ស្នែងជាសមរភូមិដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម ដែលកាលនោះក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់នៅទីនេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចាកចេញពីតំបន់រមណីយដ្ឋានអង្គររបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុត ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត។សម្តេចតេជោបានថ្លែងថា ថ្មីៗនេះ ព្រះបដិមារបស់កម្ពុជាជាច្រើនបានបង្ហាញខ្លួន ក្រោយពេលតំបន់រមណីយដ្ឋានអង្គរត្រូវបានរៀបចំ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ គឺមិនមែនយកពលរដ្ឋមកទុកចោលនោះឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា មានផ្លូវ២ខ្សែកាត់តំបន់ពាក់ស្នែង ត្រូវបានសិក្សាសាងសង់ ក្នុងនោះផ្លូវមួយមានប្រវែងជាង ៥៥គីឡូម៉ែត្រ តម្លៃ ៤៦លានដុល្លារ និងមួយខ្សែទៀតប្រវែង ៤៦គីឡូម៉ែត្រ គ្រោងប្រើថវិកាជាង ៩៤លានដុល្លារ ក៏នឹងត្រូវសាសងនៅតំបន់នេះផងដែរ។ ដូច្នេះ សម្តេចតេជោបានសម្រេចអោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ពាក់ស្នែងនេះ រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន និងផ្សារផងដែរ។ 
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណចំពោះ សម្តេចព្រះសង្ឃ នៃគណៈសង្ឃនាយក និងបណ្តាសប្បុរសជននានា ដែលបានឧបត្ថម្ភជាស្បៀង និងថវិកា ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ជូនបងប្អូនប្រជាពលរដ្ឋយើង។ សម្តេចតេជោក៏បានណែនាំដល់អាជ្ញាធរតាមខេត្តនានា ឱ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយដោយទឹកជំនន់មិនចាំបាច់រងចាំវត្តមានសម្តេចទេ។
សម្តេចតេជោបានមានប្រសាសន៍ផ្តាំទៅប្រជាពលរដ្ឋរើទៅនៅពាក់ស្នែងថា បើដីធ្វើមិនទាន់រួច ហើយគ្មានអ្នកទៅដឹកទេ កុំទាន់ចេញពីលំនៅឋានចាស់។សម្តេចតេជោបានថ្លែងថា ដីចែកជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ៕