Monday, June 27, 2022

អគ្គលេខាធិការបក្សកុម្មុនិស្តវៀតណាម ទូរស័ព្ទសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន អបអរសាទរថ្ងៃកំណើតបក្សប្រជាជនកម្ពុជា និងជ័យជម្នះលើការបោះឆ្នោត

 មុនមួយថ្ងៃ នៃការប្រារព្វមិន្ទិញអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០២២) ដែលនឹងប្រារព្វពិធីជាផ្លូវការ នៅព្រឹកថ្ងៃទី២៨មិថុនាស្អែកនេះ នៅព្រឹកថ្ងៃទី២៧មិថុនា ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម បានធ្វើការទូរស័ព្ទដោយផ្ទាល់ មកកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការជូនពរដោយផ្ទាល់ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នូវការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តម ង្វៀន ភូជុង បានសំដែងនូវអំណរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និយាយជារួម និងនិយាយដោយឡែកសូមសំដែង នូវការអបអរសាទរជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏លើសលុប ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ ។

នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ឯកឧត្តម ង្វៀន ភូជុង បានអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានប្រារព្វខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២២) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំបញ្ជាគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ ដំណើរការនៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះឯកឧត្តម ង្វៀន ភូជុង ដែលបានទូរស័ព្ទទំនាក់ទំនងដោយផ្ទាល់មកកាន់រូបសម្តេច ពិសេសការចូលរួមអបអរសាទរខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ផង ។

សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ង្វៀន ភូជុង និងរដ្ឋាភិបាលវៀតណាម ដែលបានសហការជួយរៀបចំកម្មវិធីខួប ៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ។ តាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចតេជោបានសំដែងនូវការអបអរសាទរ ជូនចំពោះរដ្ឋាភិបាលវៀតណាម ដែលបានចាត់វិធានការទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ដែលធ្វើឲ្យប្រ ទេសវៀតណាមវិលមកប្រក្រតីភាពឡើងវិញ និងទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាននូវគំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់។

នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណជាង៣០នាទី សម្តេចតេជោ និងឯកឧត្តម ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត។





អង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ១០ ប្រកាសគាំទ្រលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

 (ភ្នំពេញ) ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ អង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ១០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាគាំទ្រលទ្ធផលការបោះឆ្នោតនេះទាំងស្រុង ។

សេចក្តីថ្លែងការណ៍របស់អង្គការ សមាគមទាំង១០ មានខ្លឹមសារយ៉ាងដូច្នេះថា ៖ យើងខ្ញុំទាំងអស់គ្នាតំណាងឱ្យអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ១០ បានតាមដាន និងអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត តាំងពី ដំណើរការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ។

យើងខ្ញុំបានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនាបោះឆ្នោត ដំណើការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ។
យោងតាមបរិយាកាសដ៏ល្អបំផុតនៃដំណើការបោះឆ្នោតនេះ យើងខ្ញុំតំណាងអង្គការ សមាគម ទាំង១០ សូមប្រកាសគាំទ្រលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ ទាំងស្រុង ។

សូមបញ្ជាក់ថា អង្គការ សមាគមទាំង១០ ដែលបានចេញសេចក្តីការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខាងលើ រួមមាន ៖ ទី១. សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលមានឯកឧត្តម ទូច វណ្ណៈ ជាប្រធាន ទី២. អង្គការលើកកំពស់ជីវភាពកសិករ ដែលមានលោក សក ឡី ជាប្រធាន ទី៣. សមាគមពិធីករ ពិធីការិនីកម្ពុជា ដែលមានលោក ទូច សុឃៈ ជាប្រធាន ទី៤. អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ដែលលោក ចាវ ប៉េងណាំ ជាប្រធាន ទី៥. សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលមានលោក នីន តារារតន៍ ជាប្រធាន ទី៦. អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ដែលមានលោកជំទាវ ហោ វ៉ាន់នី ជាប្រធាន ទី៧. អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក ដែលមានលោក ព្រាប នូរ៉ា ជាប្រធាន ទី៨. សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា ដែលមានលោកស្រី ព្រីង សុខលាង ជាប្រធាន ទី៩. អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ដែលមានលោក សុង ប៊ុនទិត ជាប្រធាន និងទី១០. អង្គការត្បូងទទឹមកម្ពុជា ដែលមានលោក ប៊ុន រ៉ូប៊ី ជាប្រធាន ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អង្គការ សមាគមក្រៅរដ្ឋាភិបាល ទាំង១០ ៕



ផ្សាយពិសេស៖ (វគ្គ២) លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ផ្សាយពិសេស៖ (វគ្គ២) លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ 

ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២


ប្រភព៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

#NEC  #គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត #NationalElectionCommittee #Election2022