Tuesday, March 10, 2015

សម្តេចតេជោ៖មន្រ្តីជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយទេ

   នៅក្នុង​ពិធីប្រគល់​សញ្ញាបត្រ ​និង​វគ្គ​បណ្តុះ​បណ្តាល​ដល់​កម្មសិក្សា​ការីមន្រ្តី​នៅសាលា​ភូមិន្ទរដ្ឋាបាល​ នាព្រឹក​ថ្ងៃទី​ ១០ ​ខែមិនា​ ឆ្នាំ​ ២០១៥ សម្តេចតេជោ​ ហ៊ុន ​សែន​បាន​មានប្រសាសន៍​ក្រើនរំលឹក​ទៅ​ដល់ម​ន្រ្តីរាជ​ការគ្រប់ជាន់​ថ្នាក់​ទាំងអស់​ ត្រូវធ្វើ​ជាខ្ញុំ​បម្រើ​ដ៏ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ មិន​មែន​ជាចៅ​ហ្វាយនោះ​ឡើយ។ សម្តេច​បាន​ថ្លែង​បន្ត​ទៀតថា មន្រ្តី​ទាំង​អស់ កុំធ្វើ​ជាមន្រ្តី​ជើង១០ ​ហើយ​មន្រ្តី​ដែល​អត់​ទទួលខុស ​គឺជា​មន្រ្តី​អត់​ប្រយោជន៍។សម្តេច​បាន​ជំរុញ​អោយមន្រ្តី​រាជការ ​ត្រូវ​ខិត​ខំប​ម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ ​។
សម្តេចមាន​ប្រសាសន៏ថា​ អ្វីចង់និយាយ ​ចង់ផ្តាំផ្ញើ​ដំបូងគេនេះ​ គឺការ​ធ្វើជា​មន្រ្តី។ មន្រ្តីគឺជាខ្ញុំ​បម្រើដ៏​ស្មោះត្រង់​របស់​ប្រជាជន ​មិនមែន​ជាចៅ​ហ្វាយ​របស់​ប្រជាជនទេ។​ ត្រង់ចំណុចនេះត្រូវ​យល់​ពីសារធាតុ​ពិតប្រាកដ​នៃមន្រ្តី ​បើមិន​ដូច្នោះទេ ​មន្រ្តីយើង​នឹងពើង​ទ្រូងដាក់ប្រជាពលរដ្ឋ​ ហើយតាំង​ខ្លួន​ជា​ចៅហ្វាយ​ប្រជាពលរដ្ឋ ហើយ​មិនមែនជា​ខ្ញុំបម្រើដ៏​ស្មោះត្រង់របស់ប្រជាពលរដ្ឋ គឺ​សុទ្ធតែ​ជាទម្លាប់​ដ៏​ខុស​ឆ្គងជាមួយ​កិច្ចការ​ដែល​ត្រូវ​បម្រើដល់​ប្រជាពលរដ្ឋ
សម្តេចបាន​សង្កត់ធ្ងន់​ថា​ធ្វើជា​មន្រ្តីមិន​ត្រូវធ្វើ​ជា​មន្រ្តីជើង១០ទេ(ជើងតុ៤ ជើង៤ និង ជើងមន្រ្តី២)​ត្រូវតែ​រត់​រកកា​រងារ​ មិន​ត្រូវរង់​ចាំការងា​ររត់រក​ឡើយ។មន្រ្តី​បែបនេះ​ត្រូវបាន​សម្តេចហៅ​ថាជា​មន្រ្តី ​គ្មាន​អនាគត​ឡើយ។
សម្តេច​នាយករដ្ឋមន្រ្តី​បានថ្លែង​បន្តថា​ ធ្វើមន្រ្តី​ត្រូវ​ចេះឱន​លំទោន​ ការឱន​លំទោន​មិនមែន​ជាកា​រចុះចាញ់​ឡើយ​ ដូចពាក្យ​ចាស់ពោល​ថា ងើយស្កក​ ឱនដាក់គ្រាប់​។ សម្តេច​ក៏បាន​ជំរុញឲ្យ​មន្រ្តីជម្រុះ​ចោលនូវ​ទម្លាប់​ អាក្រក់ ​ដែលឱន​លំទោននៅ​មុខមន្រ្តី​ធំ តែចំពោះមុខ​ប្រជាជន​ និងអ្នកនៅ​ក្រោមខ្លួន​ ដើរ​ពើង​ទ្រូង។
សម្តេច​ក៏បាន​ប្រកាស​ឲ្យមន្រ្តី​លុបបំបាត់​នូវជំងឺ​តួឯក​ផងដែរ។​ សម្តេច​បានបញ្ជាក់​ថា ជំងឺតួឯក​នេះ ​មិនថា​មន្រ្តី​ស្ថាប័នរដ្ឋ​ ឬឯកជន​នោះទេ​ គឺគ្រោះ​ថ្នាក់បំផុត​។
ជាមួយ​គ្នា​នេះដែរ​សម្តេច​បានថ្លែង​សសើរមន្រ្តី​រាជការ​ជាកម្លាំង​ប្រដាប់​អាវុធ ​ទាំងយោធា​ នគរបាល​ និងកង​រាជអាវុ​ធហត្ថ​។ សម្តេច​បានបញ្ជាក់​ថា នៅពេល​ដែលប្រជាពលរដ្ឋ​កំពុង​លង់លក់​ កងកម្លាំង​ប្រដាប់​អាវុធ ​កំពុងដើរ​ល្បាត ​ដើរការពារ​សន្តិសុខ ​សុវត្ថិភាព​ជូនប្រជា​ពលរដ្ឋ​ ទាំងក្រោម​ដំណក់ទឹក​ភ្លៀងដ៏ខ្លាំង​។ សម្តេច​បានបន្តថា ​រាល់ពេល​មានការ​ទទួលទេវតា​ឆ្នាំថ្មី​ កង​កម្លាំង​ប្រដាប់អាវុធ​ កម្របាននៅជួប​ជុំគ្រួសារ​ ដើម្បី​ធ្វើពិធីទទួលទេវតា​ឆ្នាំថ្មីណាស់​។ សម្តេច​បានប្រាប់​ថាការងារ​ទាំងអស់​នេះ ​គឺជាគំរូវីរភាព ​និង​ជាឧទារហណ៍ ​ដែល​មន្រ្តីរាជ​ការស៊ីវិល​ ត្រូវយក​គំរូតាម៕






លោក ហ៊ុន សែន បញ្ជាក់ថា «ត្រូវគ្រប់គ្រងប្រទេសមិនឲ្យដូចប្រទេសក្រិចនោះឡើយ»

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ត្រូវ​ធ្វើ​យ៉ាង​ណា​ គ្រប់​គ្រង​ប្រទេស​ កុំ​ឲ្យ​ដូច​ទៅ​នឹង​ប្រទេស​ក្រិច​ ដែល​ផលិត​ផល​ក្នុង​ស្រុក​សរុប​ មាន​រហូត​ទៅ​១៧៥​%​ដែល​ជា​បំណុល​។ ​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចែក​សញ្ញា​បត្រ​ និង​វគ្គ​បណ្តុះ​បណា្តល​ ដល់​កម្ម​សិក្សា​ការី​មន្រ្តី​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​២០​១៥​នេះ​ លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ​«​ត្រូវ​គ្រប់​គ្រង​កម្ពុជា​កុំ​ឲ្យ​ដូច​ក្រិច​ ​គី​ក្រិច​ ១៧៥​%​ នៃ​ GDP (ផ​ស​ស​)​គឺជា​បំណុល​។ ​យើង​(កម្ពុជា)​ទើប​តែ​២៣​%​នៃ​GDP​ប៉ុណ្ណោះ​។  ​លោក​ ហ៊ុន​ សែន​ បាន​បន្ថែម​ថា​នឹង​ជំរុញ​កំណើន​ចំណូល​ក្នុង​ស្រុក​ កាត់​បន្ថយ​ការ​ពាក់​ព័ន្ធ​ពី​ក្រៅ​ប្រទេស​ ត្រូវ​ប្រឹង​ខ្លូន​ឯង​ យើង​មិន​ចង់​ស្ថិត​នៅ​ក្នុង​អន្ទាក​របស់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​នោះ​ទេ​៕​

ពិធី​​ប្រគល់​​សញ្ញា​បត្រ​​ជូន​​ដល់​​កម្ម​សិក្សា​​ការី​ ​​មន្រ្តី​​ជាន់​ខ្ពស់​ មធ្យម​ ឆ្នាំ​២០១៤ សិក្ខាកាម​​មន្រ្តី ​​នៃក្រសួង​បរិស្ថាន​​ និង​បើក​វគ្គ​​បណ្តុះ​បណ្តាល​​ឆ្នាំ​២០១៥​ របស់​សាលា​​ភូមិន្ទ​​រដ្ឋបាល​ ក្រោម​អធិបតីភាព​​ដ៏ខ្ពង់​​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតីជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី

បើសិនមានការជាប់គាំង៦ខែក្រោយការបោះឆ្នោត គឺ គជប ដែលមានស្រាប់ត្រូវបន្តកិច្ចការងាររបស់ខ្លួន

ឯកឧត្តម​ កើត រិទ្ធ​ រដ្ឋ​លេខាធិការក្រសួង​យុត្តិធម៌ និង​ជា​តំ​ណាង​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ថ្លែង​នៅក្នុង​សិក្ខាសាលាថ្នាក់​ជាតិ​ ស្តី​ពីការសិក្សា ស្វែង​យល់​ពី​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី នៅ​មន្ទីររដ្ឋសភា​ កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥ថា ​ករណីដែរ គជប មិនអាចបង្កើតបាន​ទៅតាម​ករណី៤ ៤ ១ (គណបក្ស​ប្រជា​ជន​កម្ពុជា៤រូប គណបក្ស​សង្គ្រោះ​ជាតិ​៤រូប​ និង​សមាសភាប​ឯករាជ្យ​១រូប​របស់​ គជប ) នៅក្នុងរយៈពេល​៦ខែ​ក្រោយ​នីតិកាល​ នីមួយៗក្នុងករណី គ.ជ.​ប ដែលមាន​ស្រាប់​ត្រូវ​បន្តកិច្ច​ការងារ របស់ខ្លួន​ទាក់ទងការរៀប​ចំ​បោះ​ឆ្នោត។ ​ប៉ុន្តែឯកឧត្តម​ កើត​ រិទ្ធ ​ជឿ​ថា ជាក់​ស្តែង​ប្រាកដ​ជារកដំណោះ​ស្រាយ​ឃើញ​ ហើយករណី​រូបមន្ត៤ ​៤​ ១នេះ ​ក៏យើ​ង​ជជែក​ច្រើន​ដែរ ឧទាហរណ៍​គណបក្ស​ដែល​មាន​អសនៈ​ក្នុង ​រដ្ឋសភា​ចាប់​ផ្តើម​លើស​ពី២​ទៅមាន​ន័យថា ​មាន៣​គណបក្ស​ ឬ៤​គណបក្ស ​បើ មានការ​ជាប់គាំង​តើដោះ​ស្រាយ​យ៉ាងម៉េច?
ក្នុង​បញ្ហា​នេះ ​ឯកឧត្តម ​កើត រិទ្ធ​ បាន​បកស្រាយ​ថា ការដោះ​ស្រាយ ​គឺថាមាន​យន្តការ២ ​ទី១‑ ​គឺថាបើ​គជប​​ហ្នឹង​មិនចេញ ​គជប ​ដែលមាន​ស្រាប់បន្ត​ដំណើរ​ការ​របស់ខ្លួន​ ។ ​វិធីដោះ​ស្រាយ​ទី២​ ប្រសិន​រៀបចំ​រូបមន្ត​តាម​រយៈ​រូបមន្ត​នេះ​ក្នុងមាត្រា១១ ក្នុង​ច្បាប់​ថ្មី​ គឺ​ចែងអំ​ពី​ការ​ដោះស្រាយ​បញ្ហានេះ ​បើសិនជា​គណបក្ស​មិនអាច​សំរប​សំរួល​ក្នុង​ការជ្រើស​រើស​បក្ខភាព​ណា​មួយ​បាន គឺ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​ត្រួវធ្វើ​ការ​សំរេច​ជ្រើស​រើស​ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ ​ទៅតាម​ការ​ប្រកាស​របស់​គណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​។ ​យន្តការ​មួយ​នេះ​ សំរាប់​ដោះស្រាយ​ភាព​ជាប់​គាំង​ក្នុងរូប​មន្ត​៤ ៤ ១​ មាន​ភាព​ជាប់​គាំង។ មួយ​ទៀត​អាច​កើតមាន​ គឺទាក់​ទង​ការ​ខ្វះ​កូរ៉ុម​ ការ​ខ្វះ​សំលេង​ក្នុងការអនុម័ត​លើ​បញ្ហា​អី្វមួយ ។​ អញ្ចឹង​បើខ្វះ​កូរ៉ុម ​ដំណើរ​ការអត់​បាន ពី​ព្រោះ​ខ្វះ​សំលេង​អនុម័ត​ក៏មិនអាច​សំរេចលើ​បញ្ហា​ណា​មួយ​បាន​ តើដោះ​ស្រាយ​យ៉ាងម៉េច? ​ករណី​នេះ​ក៏មាន​ចែង​បញ្ចូល​ទៅក្នុង​ច្បាប់នេះ​ដែរ ​គឺថាក្នុង​ករណី​ដែរ​ គជប​ គាត់ខ្វះ​កូរ៉ុម​ឬមិន​មាន​សំលេង​គ្រប់គ្រាន់​សំរាប់ធ្វើ​ការ​សំរេច​បញ្ហាណា​មួយ ​គឺយើងត្រូវ​នឹក​ឃើញ​ដល់​ស្ថានប័ន​បង្កើត ​មាន​ន័យថា​ រដ្ឋ​សភាមាន​សិទ្ធិ​ដើម្បី​សំរេច​រំសាយ​នៅ​គណៈកម្មា​ធិការ​ជាតិ រៀប​ចំការ​បោះឆ្នោត​ដែល​ជាប់​គាំង​ ហើយ​ចាត់​នីតិវិធី​ដើម្បី​រើស​គជប​ថ្មី​ដែល​មិន​ជាប់​គាំង ​ដោយ​អនុ លោម​ទៅ​តាម​រូបមន្ត​ដែល​បានឯក​ភាព​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ និង​កំណត់​នៅ​ក្នុង​ច្បាប់ស្តី​ពីការរៀបចំ​នៃ​ច្បាប់ គជប។ ​នេះ ​គឺជា​គោលការណ៍​៣ដែល​ក្រុមការ​ងារ​របស់​គណបក្ស​ទាំង២​បាន​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ធ្វើ​ម៉េច​​ការ​គិតគូរ​នេះ​អោយវា​គ្រប់​ជ្រុង​ជ្រោយ។


ឯកឧត្តម​ កើត​ រិទ្ធ​ ក៏បាន​ធ្វើ​ការ​បកស្រាយ​ផង​ដែរ ​លើ​បញ្ហា​មន្រ្តី​លក្ខន្តិកៈ ​ដោយ​បាន​បញ្ជាក់​ថា នៅក្នុង​មន្រ្តី​លក្ខន្តិក​នេះ ​យើង​ពិនិត្យ​លើ​ស្ថានប័ន​ គជប​ ដែល​មាន​ស្រាប់ ​មន្រី្ត​ដែល​បំរើ​ការងារ​នៅអគ្គ​លេខា​ធិការដ្ឋាន ​គឺជា​មន្រ្តី​ជាប់​កិច្ច​សន្យា ​គេហៅថា ​បុគ្គលិក​បណ្តែត​ ដែលគ្មាន​ការធានា​ចំពោះ​អាជីពនោះ អញ្ចឹង​ដើម្បី​ធានាថា​ គជប​នេះ ​ជាស្ថានប័ន​ដែរ​មាន​និរន្តភាព​មិនមែន​បំពេញ​កិច្ច​បោះឆ្នោត​មួយ​ប៉ុណ្ណឹងគឺ​ថា​ត្រូវ​រំសាយ​ចោល​ គឺ​មិន​មែនទេ ​គឺជាស្ថាន​ប័ន​ដែល​មាន​និរន្ត​ភាព​ទាំង​សមាជិក​របស់​គជប​ទាំងមន្រ្តី​ដែល​បំរើ​ការងារ​អង្គភាព​ជំនួយ​ឲ្យ​គជប​ គឺ​គណបក្ស​ទាំង​២​បាន​ស្រុះស្រួល​ឯកភាព​គ្នា​ ដើម្បី​ធានានូវ​និរន្ត​ភាព​​នេះ​ដោយ​បង្កើត​អោយ​មាន​លក្ខន្តិក​ដោយ​ឡែក​សំរាប់​មន្រ្តី​ទៅ​បំរើ​ការងារ​នោះ។ ​អញ្ចឹង​យើង​នឹង​មាន​​ព្រះរាជ​ក្រឹត្យ​ដោយ​ឡែក​មួយ ​ដែល​កំណត់​អំពី​លក្ខន្តិកៈ​សំរាប់​មន្រ្តីនៅ​អគ្គលេខា​ធិការដ្ឋាន​គជប ​ដែល​នេះ​ គឺជា​ចំនុច​ថ្មី​មួយ ​ដើម្បី​ចូលរួម​យោបល់​ជុំវិញ​រឿងបញ្ហា​អព្យា​ក្រឹតភាព​ ហើយ​និងការដោះ​ស្រាយ​ភាព​ជាប់គាំង ​និង​មន្រ្តី​លក្ខន្តិកៈ៕

ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា កោតសរសើរច្បាប់ គ.ជ.ប ថ្មី ថាមានលក្ខណៈល្អប្រសើរ

ថ្លែងនៅ​ក្នុងសិក្ខា​សាលាស្តី​ពីការ​រៀបចំ​ និងការ​ប្រព្រឹត្ត​ទៅនៃ ​គ.ជ.ប ​និងច្បាប់​ស្តីពី​ការជ្រើស​តាំង​តំណាង​រាស្រ្ត​ កាល​ពីថ្ងៃទី០៩​ ខែមីនា​ ឆ្នាំ២០១៥​ នៅក្នុងរដ្ឋសភា ឯកឧត្តម ​ហ្រ្វង់ស្វ័រ​កូតាំង(Jean-Francois Cautain)​ ឯកអគ្គរដ្ឋ​ទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើងថា​ ឯកឧត្តម ​មានសេចក្តី​រីករាយ​ណាស់​ដោយ​មើលឃើញ ​ពីដំណើរ​ការ​នៃការ​ធ្វើច្បាប់​ គ.ជ.ប​ ថ្មី​នេះ ​មានលក្ខណៈ​ល្អ​ប្រសើរ​ និង​មាន​ការចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ធំៗ​ទាំងពីរ​ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បើទោះ​បី​ជា​នៅ​មាន​ការ​រិះគន់​ខ្លះ​ពីអង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​ក្តី​ ប៉ុន្តែ​វា​នៅ​តែ​មាន​លក្ខណៈ​ល្អច្រើន​ជាង​មុន។
តាមរយៈ​ការតាម​ដាន​ អំពី​ការធ្វើ​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​នេះ​ ដោយ​យក​ចិត្ត​ទុក​ដាក់​ ឯកឧត្តម ​ហ្រ្វង់ស្វ័រ​កូតាំង​ (Jean-Francois Cautain) ​បាន​កោត​សរសើរ​ដល់ក្រុម​ការងារ​កំណែ​ទម្រង់​កិច្ចការ​បោះឆ្នោត ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​ងារ​បោះឆ្នោត​នេះ​។ ​ជាពិសេស ​ឯក​ឧត្តម​ បាន​មើល​ឃើញ​ថា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែលបាន​ដំឡើង​ឋានៈ​ និង​មាន​អព្យា​ក្រឹត្យ​ច្រើន​ កាន់​តែ​ពេញលេញ​ ហើយ​ថែម​ទាំង​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិលទៀត​ផង​។
គួរ​បញ្ជាក់​ថា​ ការបើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ សេចក្តី​ស្នើច្បាប់​ គ.ជ.ប​ និង​ច្បាប់​បោះឆ្នោត​នេះ​ គឺធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​ ៤៩៥​នាក់​ មក​ពីព្រឹទ្ធ​សភា​ រដ្ឋសភា​ មន្ត្រី​រាជ​រដ្ឋាភិបាល​ ក្រសួង​ស្ថាប័ន​រដ្ឋ​ អង្គទូត​ អង្គ​ការ​ជាតិ​ អន្តរជាតិ​ និង​មហាជន​។ ​បទ​បង្ហាញ​ដំបូង​ គឺ​ចាប់​ផ្តើម​ពីសេចក្តី​ព្រាង​ច្បាប់ ​ស្តីពី ​ការរៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​មាន​ ៧ជំពូក​ និង​៦៦មាត្រា ​និង​បន្ទាប់​មក​បង្ហាញ​អំពី​ សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្រ្ត ​ដែល​រួមមាន​សរុប​ចំនួន​ ១៧១​មាត្រា ​ចែកចេញ​ជា ​១២​ ជំពូក៕


អត្ថបទ៖ ច័ន្ទ ទេវី

មន្ត្រីបក្សកាន់អំណាច៖ សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី មិនបានរំលោភលើសិទ្ធិបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលនោះទេ

ឆ្លើយ​និង​សំនួរ​ដែលពាក់ព័ន្ធ​នឹង​ការព្រួយ​បារម្ភខ្លះ ​របស់​ ឯកឧត្តម ​ហ្រ្វង់ស្វ័រ​កូតាំង​ (Jean-Francois Cautain) ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដែលបាន​លើកឡើង​ពីការ​ភ័យព្រួយ ​ក្នុងការ​ប្រើសិទ្ធិ​សេរីភាព​នៃការ​សំដែង​មតិ ​របស់អង្គ​ការសង្គម​ស៊ីវិលមួយ​ចំនួននោះ ​ឯកឧត្តម​ ស៊ិក​ ប៊ុនហុក ​តំណាង​សមាជិក​រដ្ឋសភា​កូតា​គណបក្សប្រជាជន​កម្ពុជា​ បាន​ធ្វើការបក​ស្រាយ នៅ​ក្នុងសិក្ខា​សាលាស្តី​ពីការរៀបចំ​ និងការ​ប្រព្រឹត្ត​ទៅនៃ ​គ.ជ.ប ​និងច្បាប់​ស្តីពី​ការជ្រើសតាំង​តំណាងរាស្រ្ត​នៅថ្ងៃទី០៩​ ខែមីនា ឆ្នាំ២០១៥ ថា ​មិនមាន​ការរំលោភ​សិទ្ធិ​បញ្ចេញ​មតិ​ណាមួយ​នោះ​ទេ នៅក្នុង​សេចក្តីព្រាង​ច្បាប់បោះ​ឆ្នោតថ្មី បើសិនជា​ការបញ្ចេញ​មតិនោះ​ត្រឹមត្រូវតាម​ច្បាប់។
ជាមួយគ្នា​នោះដែរ ​ការឆ្លើយតប​ និងកង្វល់​ពីសិទ្ធិ​សំដែង​មតិរបស់​ ឯកឧត្តម ​ហ្រ្វង់ស្វ័រកូតាំង​ នេះ ​ក៏ជាការ​ ឆ្លើយតប​និង​ការព្រួយ​បារម្ភ​របស់​អង្គការ​សង្គមស៊ីវិល,​ អង្គការសិទ្ធិ​មនុស្ស ​និង​ សមាគម​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ ដែល​ជា​អ្នកឃ្លាំ​មើល​ការបោះឆ្នោត​នៅកម្ពុជា​ ដែលតែង​បាន​លើកឡើងថា​ សេចក្តី​ព្រាងច្បាប់​បោះឆ្នោតថ្មី​ បានរឹតត្បិត​សេរីភាព​នៃការបញ្ចេញ​មតិ​របស់ខ្លួន​ជុំវិញ​ដំណើការ​ការងារ​បោះឆ្នោត។
ឯកឧត្តម​ ស៊ិក​ ប៊ុនហុក​ បានធ្វើការពន្យល់ថា​ សេរីភាព​នៃការសំដែង​មតិ​នេះគឺជា​គោលការណ៍​មួយ​នៃ​សេរីភាព​មូលដ្ឋាន​ ដែលមាន​ចែង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ស្តីពីសិទ្ធិ​មនុស្ស​ហើយ​និង​សិទ្ធិពល​រដ្ឋ​តាំង​ពីឆ្នាំ១៧៨៩​ នៅត្រង់​មាត្រា១០​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នោះបាន​ចែងថា​គ្មាននរណា​ម្នាក់​អាចព្រួយ​បារម្ភ​ពីមតិ​របស់ខ្លួន​នោះទេ ​គេអាច​ស្តែងចេញ​មតិអី​ក៏បាន​ លុះត្រា​តែការស្តែង​មតិ​នោះមិន​ធ្វើឲ្យកករ​ល្អក់​ដល់​សណ្តាប់​ធ្នាប់​សាធារណ
ដែល​ចែង​ដោយច្បាប់​ ដែល​ជា​កាតព្វកិច្ច​ច្បាប់​ចងឲ្យ​ការ​សំដែង​មតិគឺ​ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌច្បាប់ ​មិនមែន​និយាយ​អ្វីក៏​បាន​តាមចិត្ត​នោះទេ​។
ឯកឧត្តម​បន្តថា​ ហើយឃ្លា​មួយទៀត​ដែលជា​គោលការណ៍​ធំនៃ​ច្បាប់​នេះ​គឺដូចទៅ​និង​ មតិ​របស់​អ្នកប្រាជ្ញ​ខាង​ច្បាប់​មួយរូប​ ឈ្មោះ ​សង់ប៉ូម៉ារ៉ាត​ ដែល​បាន​និយាយ​ថា ​សេរីភាព​ដែលអាច​និយាយអ្វីៗ​ក៏បានទាំង​អស់ ​អាច​និងមាន​សត្រូវ​តែចំពោះ​អ្នកណា​ដែលចង់​មាន​សេរីភាព​ធ្វើអ្វីៗ​ក៏បាន​ទាំងអស់​។  សភាពការណ៍​ដែលកើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន ​គេមិនចាប់​ទុកជាការ​សំដែង​មតិនោះទេ​ គឺគេចាប់​ទុក​ជា​បទល្មើស​ ហើយ​ប្រទេស​ណា​ក៏​ដោយ​នៅក្នុង​ពិភពលោក​គឺមាន​ច្បាប់​បែប​ហ្នឹង​ទាំងអស់។​
          ឯកឧត្តម​បាន​លើក​ឡើងថា ​មាន​ប្រទេស​ជាច្រើន​លើពិភព​លោក ​ដែលមាន​ការដាក់​ទោស​ចំពោះ​ការ​បញ្ចេញ​មតិប៉ះពាល់​ដល់កេរ្តិ៍​ឈ្មោះ​អ្នក​ដ៏ទៃ ​ហើយ​នៅក្នុង​ច្បាប់​អន្តរជាតិ​ មាត្រា១៧​ នៃកតិ្តការ​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ គឺត្រូវ​ចំរឿង​ការបោះ​ឆ្នោតនេះ​ឯង​។ ឯកឧត្តម​បន្តថា ​គ្រប់ប្រទេស​ទាំងអស់​បាន​យក​ច្បាប់​អន្តរជាតិ​នេះ​មកអនុវត្ត ​ហើយ​មាត្រា១៧​ បាន​ចែង​យ៉ាងច្បាស់​ណាស់​គឺ​សិទ្ធិ​នយោបាយ​ហ្នឹង​ត្រូវបាន​អនុម័ត​ ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ១៩៦៦។ ឯកឧត្តម​បន្តថា ​នៅក្នុង​មាត្រា១០​ នៃ​ច្បាប់​អន្តរជាតិ​ បានចែង​យ៉ាងច្បាស់​ពី​បញ្ហា​ហ្នឹង​ ក្នុងកតិ្តការ​នៃ​សិទ្ធិ​នយោបាយ​ហើយ​និង​សិទ្ធី​ស៊ីវិល​នេះ​។ ​ក្នុងមាត្រា១៧ ​ចំណុច​ទី១​ច្បាប់នេះ​បាន​កំណត់ថា​ គ្មាន​បុគ្គល​ណា​មួយ​ ដែល​ត្រូវបាន​ក្លាយ​ខ្លួន​ជា​កម្មវត្ថុ​ នៃ​ការជ្រៀប​ជ្រែក​តាម​បែប​បំពានឬ​ល្មើស​ច្បាប់​ទៅលើ​ជីវិត​ឯកជន​របស់ខ្លួន​ លើ​គ្រួសារ​របស់ខ្លួន​ លើផ្ទះ​សំបែង​របស់ខ្លួន​ លើ​ការ​ឆ្លើយ​ឆ្លង​របស់​ខ្លួន​នោះទេ ​រួមទាំង​ការប៉ះ​ពាល់​ដោយ​ល្មើស​ច្បាប់​លើ​កិត្តិយស​របស់​គេ​ និង​លើកេរ្តិ៍ឈ្មោះ​របស់​គេផង​ដែរ។​ ឯកឧត្តម ​ស៊ិក​ ប៊ុនហុក​ ក៏បាន​លើក​ទឹកចិត្ត ​ក៏ដូចជា​ជំរុញ​ឲ្យគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​នោះវា​នឹង​មិនមាន​រឿង​អ្វីនោះទេ​។ ​ចំណុចទី២​នៃច្បាប់​ដដែល​នេះ​បាន​កំណត់ថា​ បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​ការការ​ពារ​ដោយ​ច្បាប់​ប្រឆាំង​និង​ការជ្រែត​ជ្រែក​រឺការ​ប៉ះពាល់​។​ ប្រទេស​មួយចំនួន​ក៏​បាន​ផ្តន្ទា​ទោស​ឲ្យជាប់​កុក​រួចមក​ហើយ ​នូវ​អ្នក​ដែល​មួលបង្គាច់​អ្នក​ដ៏ទៃ​។ ​ឯកឧត្តម​បញ្ជាក់​ថា ​គ្រប់ប្រទេស​ទាំងអស់​គេ​អនុវត្ត​តាម​កតិ្តការ​ហ្នឹង​ គឺ​គេយក​មក​ធ្វើបាន​ល្អ​ណាស់ ​ចឹង​បាន​ជានៅ​អ៊ឺរ៉ុប​មិន​ដែល​មាន​បញ្ហា​នេះ​កើតឡើង​ទេ​ ព្រោះ​គេ​នាំ​គ្នា​គោរពច្បាប់​។ ​ ឯកឧត្តម ​ស៊ិក ​ប៊ុនហុក​ ក៏​បាន​រំលឹក​ទៅកាន់​ ឯកឧត្តម​ ហ្រ្វង់ស្វ័រកូតាំង​ (Jean-Francois Cautain) ថា ​កាល​ឆ្នាំ១៩៩៣​​ សហគមន៍​អឺរ៉ុប​ (EU)​ បានជួយ​កម្ពុជា​ក្នុងការ​បោះឆ្នោត​ គឺមក​ជួយធ្វើ​ច្បាប់​បោះឆ្នោត​ឲ្យ​កម្ពុជា​ថែមទៀត​ ជាក់ស្តែង​នៅ​ក្នុង​ការ​អនុវត្ត​ មាន​ NGO​ ខ្លះ​មិនចង់​ឲ្យមាន​ច្បាប់​ទេ​ តែ​អន្តរជាតិ​គេ​ថា​ឲ្យមាន​ច្បាប់​ដើម្បី​ការពារ​ ប៉ុន្តែ​នៅកម្ពុជា​យើងជាក់​ស្តែង​គឺ​របៀប​ហ្នឹង​ចង់​ធ្វើអី​ស្រេច​និង​ចិត្ត។
ឯកឧត្តម​ ស៊ិក​ ប៊ុនហុក​ បាន​គូស​បញ្ជាក់​ថា​ នៅ​ប្រទេសគេ ​បើការ​ជេរ​រិះគន់​ដៀល​ជាតិ​សាសន៍​ទៀត​គឺ​គេ​ពិន័យ​ទ្វេមួយ​ជាពីរ​ ដូច្នេះ​ឯកឧត្តម​ សំណូមពរ​ថា​ យើង​ត្រូវ​យល់​ពី​ច្បាប់​ឲ្យ​បាន​គ្រប់​ទិដ្ឋភាព​ ដើម្បី​យើង​គ្រប់គ្នា​អាច​ចូលរួម​គោរព​ច្បាប់​ទាំង​អស់គ្នា​។ ឯកឧត្តម​បន្តថា ​នៅក្នុង​ច្បាប់​របស់​ប្រទេស​នានា​លើស​កល​លោក​មួយចំនួន​ គេ​មិន​ឲ្យ​និយាយ​ពីការ​ប្រកាន់​ពូជ​សាសន៍ ​រហូត​ដល់​គ្រាន់​តែ​និយាយ​ពីព័ណ៌​សម្បុរ​ក៏​មិនបាន​ ពូជពង្ស​ ដើម​ជនជាតិ ​សញ្ជាតិ​ក៏​អត់​បាន​ និយាយពី​ ពិ​ការភាព​ក៏មិនបាន ​គឺ​ពិន័យ​ទ្វេមួយ​ជាពីរ ​ប៉ុន្តែ​ស្រុកយើ​ងវិញ​ អ្នកខ្លះ​ជេរ​នាយក​រដ្ឋមន្ត្រី​សុទ្ធ​តែ​អាក្វាក់ ​ចំណែក​ប្រទេសគេ​ គឺ​មិន​ធម្មតាទេ ​រឿងអ្នក​ពិការ​នេះ ​ច្បាប់​គេ​ហាម​ឃាត់​តឹងរឹង​ណាស់។
ឯកឧត្តម​ ស៊ិក ​ប៊ុនហុក ​បាន​ជម្រាប​បន្ថែមថា ​ចំណែក​ឯ​ច្បាប់​បោះឆ្នោត​ថ្មី​របស់​កម្ពុជា​ មាត្រា​៨៤​នេះ ​បាន​លើក​ឡើង​ចំពោះ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ក្នុង​ស្រុក ​សមាគម​ រឺ​អង្គការ​អន្តរជាតិ​ ដែល​បំពញ​ការងារ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ​រួមទាំង​ជនបរទេស​ផង​ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ឥត​លំអៀង​ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​។ គោល​បំណង​គឺ​ដើម្បី​រក្សា​នូវ​អព្យាក្រឹត្យ ​គឺគេ​មាន​សិទ្ធិ​រិះគន់​ឥត​លំអៀង​ មិនមែន​មិន​ឲ្យ​រិះគន់ទេ ​ហើយ​មាត្រ​១៣៧​នៃច្បាប់បោះ​ឆ្នោត​ថ្មី​នេះ​ចែង​ថា ​ក្នុងអំឡុង​ពេលបោះ​ឆ្នោត​ ពេលរាប់​សន្លឹក​ឆ្នោត​ និង​ការ​ប្រកាស​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ អង្គការ​មិនមែន​រដ្ឋាភិបាល ​សមាគម​ក្នុងស្រុក​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​អន្តរជាតិ​ ដែលបំពេញ​ការងារ​ក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជា​ រឺ​ជនបរទេស​ ត្រូវ​ប្រកាន់​ជំហរ​អព្យា​ក្រឹត្យ​ឥតលំអៀង​ ស្រប​តាម​បញ្ញតិ​ដូច​មាត្រា​៨៤។​ ឯកឧត្តម​បន្តថា ​មួយ​វិញទៀត​បញ្ញតិ​នៃ​កថាខណ្ឌ​នេះ ​មិន​ត្រូវរារាំង​ដោយ​ការ​ប្រើប្រាស់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ ជាមួយ​គ្នា​នេះ​ដែរ​មាត្រា​១៤៨​ កំណត់​ថា​កន្លែងខ្លះ​បទល្មើស​នៃ​ការបញ្ចេញ​មតិនេះ ​វានាំ​ឲ្យប៉ះពាល់​រហូត​ទៅដល់​បទ​ល្មើស​ព្រហ្មទណ្ឌ ​នឹងត្រូវ​ផាក​វិន័យ​ពិន័យ​ជា​ប្រាក់​ពី១០​លានរៀល​ ទៅដល់​២០លាន​រៀល ដោយ​គណកម្មការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ​អង្គការ​រឺសមាគម​ក្នុង​ស្រុក​ រឺ​អង្គការ​មិនមែន​រដ្ឋាភិបាល​ រឺ​សមាគម​អន្តរជាតិ ​ដែល​បំពេញ​ការងារ​ក្នុង​ដែន​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​ដែលបាន​ធ្វើសកម្ម​ភាព​ដោយ​ផ្ទាល់​រឺដោយ​ប្រយោល​បំពាន​លើ​បញ្ញតិ​មាត្រា៨៤​នៃ​ច្បាប់នេះ​។​
ឯកឧត្តម ​ស៊ិក ​ប៊ុនហុក​ បញ្ជាក់​ទៀតថា​ ការទទួល​ខុសត្រូវខាង​លើ​ មិនលើក​លែងការ​ទទួល​ខុសត្រូវ​របស់​រូបវន្ត​បុគ្គល​ ដូចជា​ NGO​ ចំពោះ​អំពើ​ដដែល​ខាងលើ​រឺបទ​ល្មើស​ផ្សេងៗ​ទៀត​ដែល​បាន​បញ្ញតិ​នៅ​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​នោះ​ឡើយ​ គឺ​ទទួល​ផាក​វិន័យ​ពី ​គ.ជ.ប​ ផង​ ហើយ​និង​ទទួល​ពីទោស​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​ទៀត​ គឺបទ​ល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​​​ ពីការ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកដ៏ទៃ​ នៅផ្នែក​ទី២​ ពីមាត្រា​២៦៥​-២៧៧​។​មួយវិញ​ទៀត​ប៉ះពាល់​ដល់​បុគ្គលភាព​ ការ​បរិហារកេរ្តិ៍​  រឺ​ជេរ​ប្រមាថ​ ពីមាត្រា​១១០-​៣០៥​ គឺ​សុទ្ធតែ​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ​ទាំងនេះ​សបញ្ជាក់​ឲ្យឃើញថា​ ច្បាប់​របស់យើង​ មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​សំរាប់​ការពារ​។ ​ឯកឧត្តម​ ស៊ិក ​ប៊ុនហុកបញ្ជាក់​ទៀត​ថា ​បើ​សហគមន៍​អឺរ៉ុប​ (EU)​ ចង់​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ច្បាប់​ថ្មី​ស្តីពី​ការ​បោះ​ឆ្នោត​នេះ​ សូម​ក្តាប់​ឲ្យបាន​នូវ​បញ្ហា​ពិត​ ក្នុង​ប្រទេស​កម្ពុជា​និង​សូមជួយ​ឲ្យ ​អង្គការ​សង្គម​ស៊ីវិល​ (NGO)​ ចេះប្រើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឲ្យ​ស្រប​ទៅនឹង​ច្បាប់​ដែល​កម្ពុជា​ ក៏ដូច​ជា​អន្តរ​ជាតិ​មាន។

អត្ថបទ៖ ច័ន្ទ ទេវី