Tuesday, March 10, 2015

សម្តេចតេជោ៖មន្រ្តីជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយទេ

   នៅក្នុង​ពិធីប្រគល់​សញ្ញាបត្រ ​និង​វគ្គ​បណ្តុះ​បណ្តាល​ដល់​កម្មសិក្សា​ការីមន្រ្តី​នៅសាលា​ភូមិន្ទរដ្ឋាបាល​ នាព្រឹក​ថ្ងៃទី​ ១០ ​ខែមិនា​ ឆ្នាំ​ ២០១៥ សម្តេចតេជោ​ ហ៊ុន ​សែន​បាន​មានប្រសាសន៍​ក្រើនរំលឹក​ទៅ​ដល់ម​ន្រ្តីរាជ​ការគ្រប់ជាន់​ថ្នាក់​ទាំងអស់​ ត្រូវធ្វើ​ជាខ្ញុំ​បម្រើ​ដ៏ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ មិន​មែន​ជាចៅ​ហ្វាយនោះ​ឡើយ។ សម្តេច​បាន​ថ្លែង​បន្ត​ទៀតថា មន្រ្តី​ទាំង​អស់ កុំធ្វើ​ជាមន្រ្តី​ជើង១០ ​ហើយ​មន្រ្តី​ដែល​អត់​ទទួលខុស ​គឺជា​មន្រ្តី​អត់​ប្រយោជន៍។សម្តេច​បាន​ជំរុញ​អោយមន្រ្តី​រាជការ ​ត្រូវ​ខិត​ខំប​ម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ ​។
សម្តេចមាន​ប្រសាសន៏ថា​ អ្វីចង់និយាយ ​ចង់ផ្តាំផ្ញើ​ដំបូងគេនេះ​ គឺការ​ធ្វើជា​មន្រ្តី។ មន្រ្តីគឺជាខ្ញុំ​បម្រើដ៏​ស្មោះត្រង់​របស់​ប្រជាជន ​មិនមែន​ជាចៅ​ហ្វាយ​របស់​ប្រជាជនទេ។​ ត្រង់ចំណុចនេះត្រូវ​យល់​ពីសារធាតុ​ពិតប្រាកដ​នៃមន្រ្តី ​បើមិន​ដូច្នោះទេ ​មន្រ្តីយើង​នឹងពើង​ទ្រូងដាក់ប្រជាពលរដ្ឋ​ ហើយតាំង​ខ្លួន​ជា​ចៅហ្វាយ​ប្រជាពលរដ្ឋ ហើយ​មិនមែនជា​ខ្ញុំបម្រើដ៏​ស្មោះត្រង់របស់ប្រជាពលរដ្ឋ គឺ​សុទ្ធតែ​ជាទម្លាប់​ដ៏​ខុស​ឆ្គងជាមួយ​កិច្ចការ​ដែល​ត្រូវ​បម្រើដល់​ប្រជាពលរដ្ឋ
សម្តេចបាន​សង្កត់ធ្ងន់​ថា​ធ្វើជា​មន្រ្តីមិន​ត្រូវធ្វើ​ជា​មន្រ្តីជើង១០ទេ(ជើងតុ៤ ជើង៤ និង ជើងមន្រ្តី២)​ត្រូវតែ​រត់​រកកា​រងារ​ មិន​ត្រូវរង់​ចាំការងា​ររត់រក​ឡើយ។មន្រ្តី​បែបនេះ​ត្រូវបាន​សម្តេចហៅ​ថាជា​មន្រ្តី ​គ្មាន​អនាគត​ឡើយ។
សម្តេច​នាយករដ្ឋមន្រ្តី​បានថ្លែង​បន្តថា​ ធ្វើមន្រ្តី​ត្រូវ​ចេះឱន​លំទោន​ ការឱន​លំទោន​មិនមែន​ជាកា​រចុះចាញ់​ឡើយ​ ដូចពាក្យ​ចាស់ពោល​ថា ងើយស្កក​ ឱនដាក់គ្រាប់​។ សម្តេច​ក៏បាន​ជំរុញឲ្យ​មន្រ្តីជម្រុះ​ចោលនូវ​ទម្លាប់​ អាក្រក់ ​ដែលឱន​លំទោននៅ​មុខមន្រ្តី​ធំ តែចំពោះមុខ​ប្រជាជន​ និងអ្នកនៅ​ក្រោមខ្លួន​ ដើរ​ពើង​ទ្រូង។
សម្តេច​ក៏បាន​ប្រកាស​ឲ្យមន្រ្តី​លុបបំបាត់​នូវជំងឺ​តួឯក​ផងដែរ។​ សម្តេច​បានបញ្ជាក់​ថា ជំងឺតួឯក​នេះ ​មិនថា​មន្រ្តី​ស្ថាប័នរដ្ឋ​ ឬឯកជន​នោះទេ​ គឺគ្រោះ​ថ្នាក់បំផុត​។
ជាមួយ​គ្នា​នេះដែរ​សម្តេច​បានថ្លែង​សសើរមន្រ្តី​រាជការ​ជាកម្លាំង​ប្រដាប់​អាវុធ ​ទាំងយោធា​ នគរបាល​ និងកង​រាជអាវុ​ធហត្ថ​។ សម្តេច​បានបញ្ជាក់​ថា នៅពេល​ដែលប្រជាពលរដ្ឋ​កំពុង​លង់លក់​ កងកម្លាំង​ប្រដាប់​អាវុធ ​កំពុងដើរ​ល្បាត ​ដើរការពារ​សន្តិសុខ ​សុវត្ថិភាព​ជូនប្រជា​ពលរដ្ឋ​ ទាំងក្រោម​ដំណក់ទឹក​ភ្លៀងដ៏ខ្លាំង​។ សម្តេច​បានបន្តថា ​រាល់ពេល​មានការ​ទទួលទេវតា​ឆ្នាំថ្មី​ កង​កម្លាំង​ប្រដាប់អាវុធ​ កម្របាននៅជួប​ជុំគ្រួសារ​ ដើម្បី​ធ្វើពិធីទទួលទេវតា​ឆ្នាំថ្មីណាស់​។ សម្តេច​បានប្រាប់​ថាការងារ​ទាំងអស់​នេះ ​គឺជាគំរូវីរភាព ​និង​ជាឧទារហណ៍ ​ដែល​មន្រ្តីរាជ​ការស៊ីវិល​ ត្រូវយក​គំរូតាម៕






No comments:

Post a Comment