Monday, April 06, 2020

លោកផាន់ ចាន់ធុល ដឹកនាំក្រុមការងារបន្តផ្សព្វផ្សាយវិធានការបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ និងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារមានជីវភាពខ្វះខាត

ប៉ៃលិន៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារបានបន្តចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១០៣គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។
លោក ផាន់ ចាន់ធុល បានលើកឡើង ថា ដោយសារការព្រួយបារម្ភចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិទទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះអត់ការងារធ្វើ ហើយពលរដ្ឋខ្លះទៀត ដែលធ្វើជាពលករ នៅក្រៅប្រទេសត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសាររបស់ពួកគាត់។
ជាក់ស្តែងក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់ពួកគាត់នៅតាមខ្នងផ្ទះហើយបើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើនដើម្បីបង្កើនជីវភាពឱ្យបានធូធារជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត ១៩។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានក្រើនរំលឹកដល់អជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុសអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកសាលាក្រៅ ដែលបានទទួលអំណោយស្បៀងពីក្រុមការងារ គណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន មានចំនួន ១០៣គ្រួសារ ក្នុងនោះឃុំសាលាក្រៅ ចំនួន២៧គ្រួសារ និងឃុំស្ទឹងត្រង់ ចំនួន៧៦គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី១យួរ ផងដែរ៕



លោក ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ចូលរួមបរិច្ចាគថវិការចំនួន១លានរៀល រយៈពេល៦ខែដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩


ក្នុងស្មារតីនៃការចែករំលែក សាមគ្គីភាព និងការគោរពតាមគំរូវីរភាពរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ក្នុងស្ថានភាពនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ(កូវីដ១៩) បាននិងកំពុងរីករាលដាលនៅកម្ពុជា លោក ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានចូលរួមបរិច្ចាគថវិការចំនួន១,០០០,០០០រៀល រយៈពេល៦ខែ នៃប្រាក់បៀវត្សប្រចាំខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ៕


(Video)៖ ក្រសួងសុខាភិបាលប្រកាសថាមិនមានអ្នកឆ្លងជំងឺកូវីដថ្មីទេ ខណៈមានអ្នកជាសះស្បើយចំនួន៣នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយកើនដល់៥៣នាក់ហើយ!

លោកបណ្ឌិត ទី នរិន្ទ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩

ពោធិ៍សាត់៖ លោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ និងសហការី លោក គង់ សារាជ ប្រធានគណៈកម្មការទី ៩ ព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ ដល់បងប្អូនប្រជាជនក្រីក្រនៅឃុំលាច គ្រួសារក្រីក្រចំនួន ៩គ្រួសារ និងក្រុមការងារជាងស្ថាបនាស្ពាន ៨គ្រួសារ។
នៅក្នុងពិធីសួរសុខទុក្ខ សំណេះសំណាលនេះដែរ លោកប្រធាន បានផ្ដាំផ្ញើទៅបងប្អូន ប្រជាជនទាំងអស់សូមចូលរួមទប់ស្តាត់ ការពារការរីករាលដាលនៃជំងឺឆ្លងនេះ ដោយត្រូវអនុវត្តឲ្យបានជាប់លាប់អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សា សុខភាពផ្ទាល់ខ្លួន សមាជិកក្រុមគ្រួសាររបស់បងប្អូនឲ្យបានល្អ ក៏ដូចជាសហគមន៍ ដែលបងប្អូនរស់នៅ ដោយត្រូវប្រើប្រាស់ក្រមា ឬម៉ាសឲ្យបានត្រឹមត្រូវ ត្រូវលាងដៃនឹងសាប៊ូឲ្យបានស្អាតបាតញឹកញាប់។
លោកបានបន្តថា ក្នុងករណីដែលបងប្អូនមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ឬមានការសង្ស័យ សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ១១៥ មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ឬអាជ្ញាធរដែនដីជាដើម។ ក្នុងពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមរបស់ក្រុមការងារស្រុក ឃុំ និងអាជ្ញាធរដែនដីផងដែរ។

លោកប្រធាន និងក្រុមការងារ ក៏បានឧបត្ថម្ភជូនបងប្អូនប្រជាជននូវគ្រឿងឧបភោគ-បរិភោគដែលក្នុងមួយគ្រួសារទទួលបាន ៖ អង្ករចំនួន ២៥គីឡូក្រាម មីជាតិ ០២កេស ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០២យួរ ត្រីខកំប៉ុង ០២យួរ ទឹក ដោះគោខាប់ ០៦កំប៉ុង សាប៊ូលាងដៃ ០៥ដុំ ក្រមា ០១ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀលថែមទៀតផង៕



ក្រសួងសុខាភិបាលប្រកាសថាមិនមានអ្នកឆ្លងជំងឺកូវីដថ្មីទេ ខណៈមានអ្នកជាសះស្បើយចំនួន៣នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយកើនដល់៥៣នាក់ហើយ!

នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។

សូមជម្រាបផងដែរថា អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦១នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើបុណ្យសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ៕