Monday, April 06, 2020

លោកផាន់ ចាន់ធុល ដឹកនាំក្រុមការងារបន្តផ្សព្វផ្សាយវិធានការបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ និងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារមានជីវភាពខ្វះខាត

ប៉ៃលិន៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារបានបន្តចុះសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១០៣គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។
លោក ផាន់ ចាន់ធុល បានលើកឡើង ថា ដោយសារការព្រួយបារម្ភចំពោះជម្ងឺកូវីត-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិទទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋខ្លះអត់ការងារធ្វើ ហើយពលរដ្ឋខ្លះទៀត ដែលធ្វើជាពលករ នៅក្រៅប្រទេសត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសាររបស់ពួកគាត់។
ជាក់ស្តែងក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់ពួកគាត់នៅតាមខ្នងផ្ទះហើយបើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើនដើម្បីបង្កើនជីវភាពឱ្យបានធូធារជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត ១៩។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានក្រើនរំលឹកដល់អជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុសអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកសាលាក្រៅ ដែលបានទទួលអំណោយស្បៀងពីក្រុមការងារ គណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន មានចំនួន ១០៣គ្រួសារ ក្នុងនោះឃុំសាលាក្រៅ ចំនួន២៧គ្រួសារ និងឃុំស្ទឹងត្រង់ ចំនួន៧៦គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី១យួរ ផងដែរ៕



No comments:

Post a Comment