Tuesday, October 08, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំគណៈប្រតិភូចិននូវ ៣ចំណុចសំខាន់ៗ ដើម្បីពង្រីកវិស័យវិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះសេដ្ឋកិច្ចកើនឡើង

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ លោក បានស្វាគមន៍ដល់សមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ។ លោក ក៏បានមានប្រសាសន៍រៀបរាប់អំពីទំនាក់ទំនងដែលមានជាយូរលង់ណាស់មកហើយរវាងកម្ពុជានិងចិន ជាពិសេសលោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់យកនយោបាយចិនតែមួយ ដែលគោលនយោបាយចិនតែមួយនេះគឺកម្ពុជាបានចាប់ផ្តើមតាំងពីសម័យសម្ដេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ មកម៉្លេះ។
ក្នុងកិច្ចប្រជុំនេះគឺសហគ្រិនដែលមកពីប្រទេសចិនគឺមកពីបណ្ដាខេត្តផ្សេងៗនៃប្រទេសចិនសុទ្ធតែអ្នកវិនិយោគសំខាន់ៗ ដែលគាត់មកសិក្សាអំពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងអ្វីដែលកន្លងមកនេះលោកបានស្នើទៅថ្នាក់ដឹកនាំចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង នៅក្នុង៣ចំណុចសំខាន់៖
ទី១) សូមឱ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត វិនិយោគនៅកម្ពុជា ទោះបីជាមានការបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជាក៏ដោយ គឺលោកនាយករដ្ឋមន្រ្តីស្នើសុំឱ្យចិននៅតែបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀត
ទី២) លោក បានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឱ្យពាណិជ្ជករ អ្នកវិនិយោគចិនថ្មីរបស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី
ទី៣) លោក បានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឱ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ប្រាប់ពីមូលហេតុដែលរាជរដ្ឋាភិបាលបានលុបចោលនូវ online casino លើប្រទេសកម្ពុជា គឺលោកបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ដែលមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ។ កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើមដែលអាចធ្វើប៉ះពាល់ដល់សង្គម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារ។ លោក ក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើចំណុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គ ឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
បច្ចុប្បន្ននេះ យើងនៅមានសក្តានុពលជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះយើងមានរួចទៅហើយនៅតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន និងចិន អាស៊ាន តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន ចិន ដែលយើងគួរតែមើលនៅសក្តានុពលដែលអាចនាំចេញផលិតផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិន។ ក្នុងកិច្ចពិភាក្សានេះ លោកនាយករដ្ឋមន្រ្តី បានជំរុញឱ្យសហគ្រិនចិនមកវិនិយោគមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយកុំមានការភ័យព្រួយចំពោះចំណុចណានៅប្រទេសកម្ពុជាឱ្យសោះដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ៕




សូមទស្សនាវីដេអូបទយកការណ៍ ស្តីពី ការបាត់បង់សន្តិភាពស្មើនឹងការដើរថយក្រោយ៥០ ឆ្នាំ!



សូមទស្សនាវីដេអូបទយកការណ៍ ស្តីពី ការបាត់បង់សន្តិភាពស្មើនឹងការដើរថយក្រោយ៥០ ឆ្នាំ!
មានរយៈពេល១៧នាទី១៧វិនាទី

ពិធីសម្ពោធអណ្ដូងទឹកស្នប់ថ្មី ជាជំនួយរបស់អង្គការស៊ីប៊ីអិនកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣ឃុំក្នុងស្រុកសំបូរ

ក្រចេះ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងស្នប់ទឹកថ្មីចំនួន១៧អណ្តូង ដែលជាជំនួយរបស់អង្គការស៊ីប៊ីអិនកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំអូរគ្រៀង ឃុំក្បាលដំរី និងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ពិធីនេះបានរៀបចំឡើងនៅសាលាបឋមសិក្សាទួលទ្រាំង ឃុំអូរគ្រៀង ស្រុកសំបូរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកសំបូរ តំណាងអង្គការស៊ីប៊ីអិនកម្ពុជា លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។
បន្ទាប់ពីលោក សូម សារិត អភិបាលស្រុកសំបូរ ធ្វើកិច្ចស្វាគមន៍ និងរាយការណ៏ពីសកម្មភាពនៃការអភិវឌ្ឍមូលដ្ឋានឃុំស្រុករួចមក លោក នៅ រតនា តំណាងអង្គការស៊ី ប៊ីអិនកម្ពុជា បានបញ្ជាក់ថា អង្គការស៊ីប៊ីអិនកម្ពុជា បានចាប់ដៃអភិវឌ្ឍមូលដ្ឋានជាមួយអាជ្ញាធរខេត្តក្រចេះ តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន ក្នុងគោលដៅធំចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការរស់នៅរបស់ប្រជាជនកម្ពុជាបានល្អប្រសើឡើងតាមរយៈនៃការខិតខំផ្ដល់ជំនួយសង្រ្គោះបន្ទាន់ និងយកតចិត្តទុដាក់ចំពោះភាពក្រីក្រ ផ្ដល់ការពិនិត្យ និងព្យាបាលជម្ងឺ ព្រមទាំងផ្ដល់ការអប់រំផងដែរ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអង្គការស៊ីប៊ីអិន កម្ពុជាដែលបានអភិវឌ្ឍ និងជួយគិតគូរសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទឹកដីខេត្តក្រចេះនេះ ហើយបញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់សម្រាប់ជីវិតរស់នៅ របស់មនុស្សគ្រប់រូប ហើយត្រូវបានគិតគួរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលជានិច្ចកាលតែងតែបានគិតគួរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខការលំបាកគ្រប់បែបយ៉ាងដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការបក្សនយោបាយអ្វីឡើយ។
ជាពិសេសគឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់រងទុក្ខវេទនាដល់បាត់បង់ជីវិតដោយពុំបានដឹងនោះឡើយ គឺសំដៅធ្វើយ៉ាងណាឲ្យប្រជាជន មានសុខភាពល្អ និងមានជីវភាពកាន់ល្អប្រសើរ ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឈានឡើងជាលំដាប់ មិនត្រឹមតែប៉ុណ្ណោះបានដឹកនាំឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពយ៉ាងពេញលេញសម្រាប់ជូនប្រជាជនកម្ពុជាយើង ។
លោក វ៉ា ថន បានសំណូមពរដល់បងប្អូនត្រូវជំរុញឲ្យកូនចៅទៅសាលារៀនបានគ្រប់ៗគ្នាហើយត្រូវចេះថែរក្សាសុខភាព ក្នុងការរស់នៅប្រកបដោយមានអនាម័យ និងបរិស្ថានល្អ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរអោយបានត្រឹមត្រូវ ចេះមានការប្រុងប្រយ័ត្នខ្ពស់បង្ការកុំអោយកើតមានគ្រោះអគ្គីភ័យកើតឡើង ជាពិសេសបច្ចុប្បន្នអ្វីដែលយើងកំពុងព្រួយបារម្មណ៏គឺបញ្ហាគ្រោះធម្មជាតិផ្សេងៗ៕






កិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការពារសន្តិសុខ ក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ

កណ្ដាល៖ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់របស់ខ្លួនឲ្យបានល្អប្រសើរ ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលប្រព្រឹត្តទៅនាថ្ងៃទី១២-១៣ ខែតុលា នាសប្តាហ៍ខាងមុខនេះ សំដៅធ្វើឲ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន ផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
នេះជាការលើកឡើងរបស់លោក នៃ ចារី អភិបាលរងខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំគណៈកម្មការ រៀបចំពិធីប្រណាំងអុំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល។
អភិបាលរងខេត្ត បានណែនាំឲ្យគណៈបញ្ជាការឯកភាព ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ត្រូវរៀបចំផែនការការពាររបស់ខ្លួន ឲ្យបានច្បាស់លាស់។ ត្រូវយកចិត្តទុកដាក់លើកិច្ចការពារ សន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីតាំងសំខាន់ៗ។
ក្នុងពិធីដែលបានកំណត់លើប្លង់ ជាពិសេសកម្លាំងត្រូវត្រៀមកម្លាំង ជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះនៅតាមដងផ្លូវសំខាន់ៗ ត្រូវរៀបចំកន្លែងសម្រាប់ចតយានយន្ត ឲ្យមានរបៀបរៀបរយល្អ។
ដោយឡែក សម្រាប់សណ្ដាប់ធ្នាប់នៅក្នុងទឹក លោកអភិបាលរងខេត្ត បានស្នើឲ្យអនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់ ត្រូវត្រៀមអ៊ូប័រសម្រាប់ជួយសង្គ្រោះ នៅពេលមានគ្រោះថ្នាក់ផ្សេងៗនៅក្នុងពេលប្រណាំងទូក ត្រូវយកចិត្តទុកដាក់លើការរៀបចំសាឡុងបាញ់កាំជ្រួចនៅទីតាំងដែលមានសុវត្ថិភាពខ្ពស់។
ក្រៅពីនេះ លោកក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ត្រូវចូលរួមសហការគ្នា ដើម្បីធ្វើឲ្យពិធីនេះប្រព្រឹត្ត ទៅបានជោគជ័យ។
សូមជម្រាបថា ពិធីប្រណាំងទូកឆ្នាំនេះ មានទូក៦៣ចូលរួម ក្នុងនោះមានទូកផ្កាចា១៨ទូក ទូកនារី២ទូក ទូកអន្តរជាតិ១៩ទូក និងទូកង២៦ទូក។ រីឯមានកងកម្លាំងថែរក្សាសណ្ដាប់ធ្នាប់ មាន៦១៩នាក់, ស្តង់ពេទ្យ៤ស្តង់ និងរថយន្តសង្គ្រោះ៤គ្រឿង។ ត្រៀមប្រទីបតូចៗ៦,០០០ប្រទីប ប្រទីបធំ-មធ្យម៦ប្រទីប និងគោម១០០គោម មានការបាញ់កាំជ្រួច និងមានស្តង់ពិពណ៌ទំនិញ១៥០ស្តង់ផងដែរ ៕






រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់នាវាចរទេសចរណ៍ទាំងអស់ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់

ដើម្បីធានាឲ្យភ្ញៀវមានសុវត្ថិភាព និងភាពសប្បាយរីករាយ, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានកំណត់ឲ្យម្ចាស់ការណូតទេសចរណ៍ទាំងអស់ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែរៀបចំជលយាន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយមានការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរ ជាដើម។


ថ្លែងក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងការណូតទេសចរណ៍នៅរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា ការកំណត់ឲ្យម្ចាស់កាណូត ទេសចរណ៍មានឧបករណ៍ការពារសុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យអ្នកទេសចរទំាងអស់ដែលជិះទូកកម្សាន្តមានភាពកក់ក្តៅ និងសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយកើតឡើង។


អភិបាលរាជធានីផ្នំពេញ បានបញ្ជាក់ថា ក្រៅពីការកំណត់ឲ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ ម្ចាស់ជលយាន្តទេសចរណ៍ទំាងនោះត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់ផែតែមួយ ដែលសាលារាជធានី ភ្នំពេញ នឹងរៀបចំជូនស្ថិតបរិវេណច្រាំងទន្លេនៃ សួនច្បារខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាលរាជធានីបន្តថា នេះជាការរៀបចំការណូតទេសចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ ងាយស្រួលគ្រប់គ្រង ដែលមិនបង្កផលប៉ៈពាល់ដល់ភ្ញៀវទេសចរនិង សណ្តាប់ធា្នប់សាធារណៈ។


លោកបន្តថា «ឥលូវត្រូវមានសេចក្តីណែនាំមន្ទីរទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះ ត្រូវលាបពណ៌យ៉ាងម៉េចអោយដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយមានឡាយសិនត្រឹមត្រូវ មិនត្រូវចេះតែអោយបើកទេ ពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គិសភ័យ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ»។


ប្រធានសមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញ បានឯកភាពទទួលយកការគោល ការណ៍នេះដើម្បីធានាឲ្យភ្ញៀវដែលជិះទូកកម្សាន្តតាមដងទន្លេសាបមានសុវត្ថិភាពខ្ពស់។


សូមបញ្ជាក់ថា ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំង៦២ទូក ត្រូវចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ៕





ចម្រៀង ៖ ថ្ងៃ9វិច្ឆិកា ពិធីពិសាអំបុកខ្មែរ"

វីដេអូ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅក្រុមឧទ្ទាម សម រង្ស៊ី ឲ្យមកស្រុកខ្មែរឲ្យលឿន កុំចាំដល់ថ្ងៃ៩ វិច្ឆិកា

ទេសរដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ស្តីពី ការតភ្ជាប់វប្បធម៌ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

អារ៉ាប់រួម៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ចាប់ពីថ្ងៃទី៦ ដល់ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសសហភាពអារ៉ាប់រួម។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមទិសស្លោក «ធ្វើការតភ្ជាប់វប្បធម៌ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច» និងមានការយាងចូលរួមជាអធិបបើកដោយព្រះអង្គម្ចាស់អាប៊ូដាប៊ី និងមានការចូលរួមពីរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន និងប្រតិភូជាង ៥,០០០នាក់មកពីប្រទេសជាសមាជិក១២១ និងស្តង់តាំងពិព័រណ៍ជាង២០០។
កិច្ចប្រជុំនេះ មានការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការអនុវត្តល្អបំផុត បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ របស់ប្រទេសនានានៅក្នុងពិភពលោក ក្នុងវិស័យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងការដឹកជញ្ជូន សម្រាប់យកទៅពិចារណាក្នុងការបង្កើតគោលនយោបាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលរួមថ្លែងសុន្ទរកថាស្តីពីប្រព័ន្ធដឹកជញ្ជូនអនាគត និងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍការដឹកជញ្ជូនពហុប្រភេទ និងគម្រោងស្តារ និងអភិវឌ្ឍផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាផងដែរ ៕






ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី០៨ ខែតុលានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង
សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖