Wednesday, November 15, 2017

ក្រសួងមហាផ្ទៃ ប្រកាសលុបឈ្មោះគណបក្សចំនួន៩ចេញពីបញ្ជីគណបក្សនយោបាយ

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោកឧបនា​យករដ្ឋមន្រ្តី  ស ខេង បានចេញសេចក្តីប្រកាសស្តីពីការលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយចំនួន៩ចេញពីបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃតាមសាលដីការបស់តុលាការកំពូល។

សូមអានប្រកាសរបស់ក្រសួងមហាផ្ទៃខាងក្រោម៖



លោក ថោង ខុន ជំរុញក្រុមការងារពន្លឿនកិច្ចការត្រៀមរៀបចំបុណ្យសមុទ្រនេះឱ្យរួចរាល់ មុនថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧

កែប ៖ នៅសល់រយៈពេលតែ ៣៨ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ នៅខេត្តកែប ឆ្នាំ២០១៧ នឹងឈានមកដល់ក្នុងនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការដើម្បី ត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧ ក៏បានដាក់អនុសាសន៍ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធពន្លឿនកិច្ចការនានា ឱ្យបានចប់រួចរាល់មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។

ការជំរុញពន្លឿនកិច្ចការត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ ត្រៀមរៀប ចំបុណ្យសមុទ្រ នៅសាលាខេត្តកែប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក កែន សត្ថា អភិបាលខេត្តកែប នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពិធីបុណ្យសមុទ្រត្រូវបានប្រារព្ធឡើងចំនួន៥លើក រួចមកហើយ ហើយការប្រារព្ធឡើងជាថ្មីនៅខេត្តកែបនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ បច្ចុប្បន្ន គឺអនាគត» និរន្តរភាពទេសចរណ៍ដើម្បីការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំនោះ លោក ថោង ខុន បានបន្តជំរុញ និងបន្តដាក់ចេញនូវផែនការមួយចំនួនសំដៅពន្លឿនការត្រៀមរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ក្នុងនោះរួមមាន៖

១ អាជ្ញាធរខេត្តត្រូវពន្លឿនការរៀបចំកែលម្អសោភណ្ឌភាពក្រុងកែបឱ្យបានស្អាត រៀបចំបង្គន់អនាម័យ សាធារណៈ បង្គន់ចល័តឱ្យបានគ្រប់គ្រាន់ និងត្រូវសម្អាតអនាម័យជាប្រចាំ។ ត្រូវជំរុញរៀបចំហេដ្ឋារចនា សម្ព័ន្ធនានាក្នុងខេត្ត ឱ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់រៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។ ២ ចុះអប់រំ បណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា និងបញ្ហាអនាម័យដល់អាជីវករ និងប្រជាពល រដ្ឋ ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ឱ្យបាន ពេញចិត្ត ជាពិសេស សេវាម្ហូបអាហារ និងកន្លែងស្នាក់នៅ។ គ្រប់ភោជនីយដ្ឋានទាំងអស់ មិនត្រូវឱ្យភ្ញៀវ បោះសំរាមចោលក្រោម តុនោះឡើយ។ ៣ ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឱ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួន ឱ្យបានស្អាត សម្រាប់ជួលឱ្យភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួម ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ចូលស្នាក់ នៅ សំដៅទាញផលចំណេញឱ្យបានដល់ដៃប្រជាពលរដ្ឋផ្ទាល់។ ៤ ត្រូវរៀបចំអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីបម្រើ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកចូលរួមក្នុងពិធីបុណ្យ សមុទ្រ ឆ្នាំ២០១៧ ឱ្យបានច្រើនកុះករ។ ៥ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ពិព័រណ៌ភ្លើង សួនភ្លើងក្រោមទឹក ការបង្ហាញសិល្បៈភ្លើងរាំ ការតាំងពិព័រណ៌ផលិតផលទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាពកីឡា ការបោះតង់ និងកម្មវិធីសម្អាតឆ្នេរឱ្យបានល្អ និងអញ្ជើញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងខេត្តជាសម្ព័ន្ធមិត្តចូលរួម សម្តែងផងដែរ។ ចំពោះកម្មវិធីកីឡានេះទៀតសោត ត្រូវរៀបចំប្រភេទកីឡាលើទឹក និងលើឆ្នេរឱ្យបានច្រើន ដូចជា ទូកក្តោង ម៉ូតូទឹក និងត្រូវរៀបចំព្យុហយាត្រាឱ្យបានល្អ។ ៦ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។ ៧៖ ត្រៀម រថយន្តសង្គ្រោះ ត្រៀមស្ដង់ពេទ្យប្រចាំការ និងត្រៀមអ្នកសង្គ្រោះបឋមឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមជួយ សង្គ្រោះជនរងគ្រោះដោយប្រការណាមួយ ក្នុងឱកាសពិធីបុណ្យសមុទ្រ។ ៨ ត្រូវរៀបចំឱ្យមានបញ្ជរព័ត៌មាន បង្ហាញប្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីពេលវេលា និងទីកន្លែងរៀបចំកម្មវិធីកម្សាន្តនីមួយៗ រៀបចំ ឱ្យមានស្ដង់កម្លាំងប្រចាំការ។ ៩ ត្រូវរៀបចំបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីជួយដើរសម្អាតបរិស្ថាន ក៏ដូច ជាជួយរើសសំរាមក្នុងឱកាសបុណ្យសមុទ្រ ដើម្បីបង្ហាញ និងដាស់ស្មារតីដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យភ្ញាក់រឭកពីបញ្ហាសំរាមនេះ។

លោក ថោង ខុន បានឱ្យដឹងថា មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធក៏ត្រូវពន្លឿនការរៀបចំរមណីយដ្ឋាន ទេសចរណ៍នានា កែលម្អសោភណ្ឌភាពនៅតាមដងផ្លូវ និងក្នុងទីធ្លាសាធារណៈនានា ចំណែកសហគមន៍ ទេសចរណ៍ ក៏ត្រូវត្រៀមលក្ខណៈឱ្យបានទាន់ពេលវេលា ដើម្បីទទួលទេសចរឱ្យបានល្អផងដែរ។
តាមរយៈការរៀបចំពីធីបុណ្យសមុទ្រនេះ លោកថោង ខុន ចង់ជំរុញឱ្យខេត្តកែប ជាខេត្តគំរូក្នុងការធ្វើឱ្យទីក្រុង មានភាពស្អាត និងបៃតង ស្របតាមស្ដង់ដារអាស៊ាន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ ទេសចរក្នុងតំបន់ ក៏ដូចជាទេសចរនៅជុំវិញពិភពលោកផងដែរ។

សូមរម្លឹកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណជាង ៥០ម៉ឺននាក់ និងទទួលបាន ជោគជ័យយ៉ាងធំធេង។

នាព្រឹកនេះផងដែរ គណៈកម្មការអន្តរក្រសួងដើម្បីត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧ ដែលមានលោក ថោង ខុន ជាប្រធាន រួមជាមួយថ្នាក់ដឹកនាំដទៃទៀត ក៏បានដឹកនាំក្រុមការងារ និងកងកម្លាំងសមត្ថកិច្ចចុះ ត្រួតពិនិត្យទីតាំងរៀប ចំបុណ្យសមុទ្រជាក់ស្ដែង នៅតាមឆ្នេរសមុទ្រ និងតាមដងផ្លូវសាធារណៈ នៃខេត្តកែប ៕





រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធវេទិកា​ផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់របស់​ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី២ ​នៅស្រុកជលគិរី​

កំពង់ឆ្នាំង៖ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ សហគមន៍ និងអង្គការសង្គមស៊ីវិលសរុប១៧៦នាក់ ក្នុងនោះមានស្រី្ត២៣។

នៅក្នុងឱកាសនោះ លោកស្រី ដោក សុទ្ធា បានថ្លែងថា ដើម្បីលើកកំពស់ការផ្ដល់សេវា និងការធ្វើឲ្យចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាខេត្ត ត្រូវសហការជាមួយក្រុង និងក្រុមប្រឹក្សាស្រុកក្នុងខេត្ត ដើម្បីពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ ក្នុងគោលបំណងឆ្លើយតបតម្រូវការចាំបាច់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងត្រូវធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយគ្នាលើមុខងារ និងភារកិច្ចមួយ ឬច្រើន និងបញ្ហានានា ដែលមានការពាក់ព័ន្ធគ្នា។

លោកស្រីប្រធានក្រុមប្រឹក្សាខេត្តបានបន្ដថា ដោយបានទទួលនូវការធ្វើប្រតិភូកម្មអំណាចក្នុងនាមរាជរដ្ឋាភិបាល ដើម្បីផ្ដល់ការគាំទ្រ និងត្រួតពិនិត្យនិត្យានុកូលភាពលើសេចក្ដីសម្រេច និងសកម្មភាពរបស់រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ដើម្បីធានាថារដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់បំពេញមុខងារ និងភារកិច្ចដែលបានប្រគល់ ឬបានធ្វើប្រតិភូកម្មស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកស្រីក៏បានបញ្ជាក់ជូនថា អង្គវេទិកាឆ្នាំនេះជាលើកទី៤ ដែលក្រុមប្រឹក្សាខេត្តអាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាក្រុង ស្រុក ឃុំ និងសង្កាត់ ចាប់តាំងពីត្រូវបានបោះឆ្នោតជ្រើសតាំង និងប្រកាសចូលតំណែង កាលពីខែមិថុនា ឆ្នាំ២០១៤មក។

នៅក្នុងវេទិកានោះដែរ ក៏មានការលើកឡើងជាសំណួរ សំណូមពរដើម្បីឲ្យដោះស្រាយ មាន ១៤ចំណុច ស្រាយបំភ្លឺបាន៧ចំណុច និងមិនទាន់បានស្រាយបំភ្លឺចំនួន៧ចំណុច។ ចំណុចដែលមិនទាន់ស្រាយបំភ្លឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរជំនាញទទួលយកដើម្បីប្រជុំពិភាក្សាដោះស្រាយបន្ដទៀត៕


គណៈបញ្ជាការឯកភាពស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ បើក​កិច្ច​ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ ដើម្បី​បំ​រើសេចក្តី​សុខ​ជូន​ប្រជាពលរដ្ឋ

នៅ​រសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលស្រុកទ្រាំងបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ក្រោមអធិបតីភាព លោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និង លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងមានការចូលរួមពីអភិបាលរងស្រុក មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោកមេឃុំ ជំទប់ទី១ ជំទប់ទី២ ទាំង១៤ឃុំ ប្រធាន អនុប្រធានភូមិ និង មន្ត្រីគ្រប់ការិយាល័យចំណុះអោយសាលាស្រុកទាំងអស់សរុប ២៧៦នាក់ ស្រី ៣២នាក់។
កិច្ចប្រជុំនេះធ្វើឡើងនៅអគារដ្ឋបាលស្រុកទ្រាំង ដោយផ្តោតសំខាន់លើការងារដូចខាងក្រោម៖
១.ផ្សព្វផ្សាយពីសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជា
២.ពង្រឹង និងបង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាព ក្នុងមូលដ្ឋាន
៣.ផ្សព្វផ្សាយដល់បងប្អូនដែលបម្រើការងារនៅរោងចក្រឱ្យបានយល់ដឹងពីផលប៉ះពាល់នៃការធ្វើបាតុកម្ម និងពន្យល់ណែនាំកុំអោយចាញ់បោកជនអគិតមួយចំនួនដែលញុះញង់បងប្អូនទៅចូលរួមធ្វើបាតុកម្មដោយខុសច្បាប់ និង​
៤.ផ្សព្វផ្សាយ លិខិតរបស់សាលាខេត្ត ពាក់ពន្ធ័នឹងការធ្វើអនាម័យបរិស្ថានជាតិ៕



តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនមន្រ្តីចូលនិវត្តន៍ដល់លំនៅដ្ឋានក្នុងស្រុកកំពង់ត្រឡាច

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណេីរដោយលោកស្រី​ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងសហការីបានចុះ សួរសុខទុក្ខនិងនាំយកអំណោយជូនអ្នកគ្រូ អ៊ុក ណាលី មន្រ្តីចូលនិវត្តន៍ដល់លំនៅដ្ឋានភូមិសាលាលេខ៥ឃុំអូរឬស្សីស្រុកំពង់ត្រឡាច។
មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី ​កែ ច័ន្ទមុនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំ​កំ​ពូល​របស់​គណបក្ស​ប្រជាជនកម្ពុជាកន្លងមកដែល​តែងតែបានគិតគូរពីសុខទុក្ខ និងជួយសំរួលការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជាពិសេសមិនដែលភ្លេចគុណបំណាច់របស់បងប្អូនដែលមានគុណសម្បត្តិចំពោះជាតិដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
លោកស្រី កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់អ្នកគ្រូ អ៊ុក ណាលី អោយខិតខំថែទាំសុខភាពអោយបានល្អ ដោយរស់នៅស្អាត ហូបស្អាត និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយពីគ្រឿងញៀននិងសូមចូលរួមគោរពចរាចរណ៍ទាំងអសគ្នា។ ក្នុងឱកាសនោះ លោកស្រី កែ ច័ន្ទមុនីបានឧបត្ថម្ភថវិកា៥៣ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់អ្នកគ្រូ អ៊ុក ណាលី ផងដែរ៕


ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃណែនាំដល់អភិបាលរងខេត្តដែលទើបតែងតាំងថ្មីខិតខំអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនទៅមុខជាបន្តទៀត

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ ។ សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន អនុរដ្ឋលេខធិការ អគ្គនាយក អគ្គនាយ​ករង នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកឧត្ដមសេនីយ៍ស្នងការ​នគរ​បាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយ​រៀង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព​លទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណជាង ៣០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការ​គ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​ចតុ​កោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈបានល្អប្រសើរ នាពេលកន្លងមក ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាខេត្តបានយ៉ាងល្អប្រសើរផងដែរ តួយ៉ាងអគារ​សាលប្រជុំរបស់រដ្ឋបាលខេត្ត ដែលបានកាត់ខ្សែបូរសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅ​មុន​នេះ​បន្ដិច ជាដើម ។
ទន្ទឹមនេះ លោករដ្ឋលេខាធិការ ក៏ថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាល​រងខេត្តដែលទើបទទួលបាននូវការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន ធ្វើឱ្យ​ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ដោយ​ឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្កា ទប់ស្កាត់ និងបង្រ្កាបឱ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់​ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ៕





ទស្សនវិភាគ៖ ប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើគ្រឹះអធិបតេយ្យភាពជាតិគឺត្រូវតែគ្មានក្រុមបំផ្លាញជាតិ បម្រើបរទេស

បទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ទទួលស្គាល់របបនយោបាយកម្ពុជា គឺប្រជាធិបតេយ្យសេរីពហុបក្ស ភ្ជាប់ជាមួយនឹងការធានាយ៉ាងមុតមាំនូវឯករាជ្យអធិបតេយ្យភាពជាតិ។ វិចារណៈវិទ្យានៃស្មារតីនេះ គឺមិនអនុញ្ញាតឱ្យចលករនយោ បាយក្រោមការបង្គាប់បញ្ជាពីបរទេស មកជ្រកក្រោមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជាបានឡើយ ទោះជាបុគ្គលក្តី ឬជាក្រុមនយោបាយក្តី។

ក្នុងន័យនេះ គឺការប្រកួតប្រជែងនយោបាយលើទីលានប្រជាធិបតេយ្យ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ហើយត្រូវឈរលើគោលការណ៍អធិបតេយ្យភាព ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ក្នុងការកំណត់ជោគវាសនាប្រទេសជាតិកម្ពុជាដោយខ្លួនឯង។ ច្បាប់ត្រូវបានហាមឃាត់បុគ្គលអ្នកនយោបាយខ្មែរ ឬគណបក្ស ដែលស្ថិតក្រោមបញ្ជាបរទេសប៉ុនប៉ងផ្លាស់ប្តូរតាមបែបផ្តួលរំលំ ឬបដិវត្តន៍ពណ៌ ក៏ដូចជា ប្រកាន់យកនយោបាយឱ្យបរទេសដាក់សម្ពាធមកលើរដ្ឋាភិបាលស្របច្បាប់ ដោយច្បាប់ចាត់ទុកថាជាអំពើក្បត់ជាតិ ក្បត់ប្រជាជន បំផ្លាញផលប្រយោជន៍ជាតិ និងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

រាជរដ្ឋាភិបាល មាននីត្យានុកូលភាពបំពេញកាតព្វកិច្ចការពារឯករាជ្យអធិបតេយ្យភាពជាតិ ដោយទប់ស្កាត់បុគ្គលបរទេស ឬអង្គការបរទេស ឬក៏រដ្ឋាភិបាលបរទេស ផ្អែកលើគោលការណ៍មិនអាចរំលោភបាននូវឯករាជ្យអធិបតេយ្យជាតិ ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ របបប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើមូលដ្ឋានគ្រឹះនៃអធិបតេយ្យភាពជាតិ មានន័យថាជាប្រជាធិបតេយ្យពិតសម្រាប់កម្ពុជា ក្នុងមោទនភាពជាតិខ្មែររស់ក្រោមដំបូលសន្តិភាព និងអភិវឌ្ឍន៍ជាជំហានៗ ស្របតាមល័ក្ខខ័ណ្ឌពិសេស និងកម្រិតរីកចម្រើនជាក់ស្តែងរបស់ប្រ​ទេសជាតិ និងប្រជាជន។

ដូច្នេះក្រុមអ្នកនយោបាយក្បត់ជាតិ បម្រើផលប្រយោជន៍បរទេស មិនអាចរាប់បញ្ចូលជាកម្លាំងចលកររបស់ជាតិខ្មែរបានទេ។ ចាប់ពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដំណើរការអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យសេរីរបស់កម្ពុជា ឈានចូលដល់ការសំអាតក្រុមនយោបាយក្បត់ជាតិចេញពីប្រព័ន្ធពហុបក្ស សំដៅចាក់គ្រឹះឯករាជ្យអធិបតេយ្យជាតិឱ្យកាន់តែរឹងមាំ៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក អ៊ិត សំ​ហេង​ ជួបពិភាក្សា​ការងារ​​ជា​មួយ​នាយកប្រតិបត្តិ ACT

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអនុញ្ញាតឱ្យលោក Frank Hoffer នាយកប្រតិបត្តិACT (Action Collaboration Transformation សកម្មភាព កិច្ចសហការ ការផ្លាស់ប្តូរ) ដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Frank Hoffer បានសំដែងនូវក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ព្រោះវាស្របទៅនឹងសកម្មភាពកន្លងមក ក៏ដូចផែនការទៅអនាគត ដែល ACT គ្រោងនឹងបន្តការងាររបស់ខ្លួននៅកម្ពុជា។

ភាគីទាំងពីរបានផ្លាស់ប្តូរនូវព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាវឌ្ឍនភាព ដែលបានវិវត្តន៍រីកចំរើននៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ដោយផ្តោតលើទស្សនៈរួមគ្នា ក្នុងការធានាឱ្យបាននូវនិរន្តរភាពឧស្សាហកម្មកាត់ដេរសំលៀកបំពាក់នៅកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តរៀងៗខ្លួន ដែលយុទ្ធសាស្រ្តទាំងនោះ សុទ្ធតែមានគោលដៅរួមគ្នា គឹសំដៅធ្វើយ៉ាងណាឱ្យអ្នកបញ្ជាទិញយីហោល្បីៗអន្តរជាតិ នៅតែបន្តបង្កើនការបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជា អាស្រ័យដោយគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងអនុវត្ត បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការចង់បានរបស់ACT អ្នកបញ្ជាទិញអន្តរជាតិ និងសហជីពពិភពលោក (IndustriALL Global Union)។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនពង្រឹង ភាពជាដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ផ្អែកតាមមតិរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលលើកឡើងថា ភាពជោគជ័យរបស់យើងអាចសម្រេចទៅបាន លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសកម្ម និងប្រកបដោយន័យស្ថាបនា ដោយយើងប្រើប្រាស់យន្តការត្រីភាគី បូក បូក (Tripartite Mechanism ++)។

លោករដ្ឋមន្រ្តី អ៊ិត សំ​ហេង​ បានផ្តល់គាំទ្រ និងលើកទឹកចិត្តដល់គម្រោងរបស់ ACT ដែលគ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការបស់ខ្លួននៅកម្ពុជា ក្នុងការបេ្តជ្ញាធានាថាការបញ្ជាទិញទំនិញពីកម្ពុជា ជួយសម្រួលដល់ការដោះស្រាយទូទាត់ប្រាក់ឈ្នួលសមរម្យ បង្កើតយន្តការនានា ភ្ជាប់ការអនុវត្តការបញ្ជាទិញទៅនឹងការចរចាអនុសញ្ញារួម ដើម្បីធ្វើអោយម្ចាស់សហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌនានានៃកិច្ចសន្យាស្តីពីប្រាក់ឈ្នួល និងលក្ខខណ្ឌការងារដែលបានឯកភាព។ ទន្ទឹមនឹងនេះ ACT នឹងធ្វើការជាមួយសហគ្រាសនានាដើម្បីបង្កើត និងធ្វើអោយប្រសើរឡើងនូវស្តង់ដា និងប្រព័ន្ធផលិតកម្ម ដូចជាប្រសិទ្ធភាពធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងប្រាក់ឈ្នួល ជម្រុញឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័សក្នុងផ្នែកផលិតភាព និងទំនើបកម្មឧស្សាហកម្ម ដែលមានការទទួលស្គាល់ថាសុវត្ថិភាពអាជីវកម្ម និងការប្តេជ្ញាចិត្តរបស់ប្រទេសផលិត និងម្ចាស់សហគ្រាសនានា គឺជាកត្តាយ៉ាងសំខាន់សម្រាប់ការទូទាត់ប្រាក់ឈ្នួលសមរម្យ។

សូមបញ្ជាក់ថា ACT គឺជាកិច្ចព្រមព្រៀងបង្កើតថ្មីមួយរវាងយីហោផលិតផលអន្តរជាតិ និងអាជីវករលក់រាយ និងសហជីពពាណិជ្ជកម្ម ដើម្បីផ្លាស់ប្តូរឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌ និងដើម្បីសម្រេចបាននូវប្រាក់ឈ្នួលសមរម្យសម្រាប់ កម្មករកម្មការិនីតាមរយៈការចរចារអនុសញ្ញារួមក្នុងវិស័យឧស្សាហកម្មទាំងមូលភ្ជាប់ទៅនឹងការអនុវត្តការបញ្ជាទិញ៕





មេដឹកនាំអាស៊ាន ចាត់ទុកថា សាធារណរដ្ឋកូរ៉េគឺជាដៃគូពាណិជ្ជកម្មធំ​ទី២​របស់​អាស៊ាន និងជាប្រទេសដែលមកបណ្តាក់ទុនទី២​នៅអាស៊ាន

កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី១៩ ។ កិច្ចប្រជុំនេះមានការអញ្ជើញ​ចូលរួមពីសំណាក់មេដឹកនាំអាស៊ានទាំង១០ប្រទេស រួមទាំងប្រធានាធិបតីសាធា​រណរដ្ឋកូរ៉េផងដែរ។ នេះបើយោងតាមការបង្ហោះផ្សាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំអាស៊ាន សាធារណរដ្ឋកូរ៉េ បានធ្វើការកត់សម្គាល់រួមគ្នាពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងការអនុវត្ត ផែនការសកម្មភាពនៃសេចក្តីប្រកាសរួមក្នុងភាពជាដៃគូសម្រាប់ឆ្នាំ២០១៦ និង ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើបញ្ហានៅឧបទ្វីកូរ៉េ ពិសេសការបាញ់មីស៊ីលលើកទី ៦ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ មានក្តីបារម្ភជាច្រើន។ មេដឹកនាំអាស៊ាន បានស្នើឱ្យកូរ៉េខាងជើង ត្រូវតែអនុវត្តន៍ឱ្យបានពេញលេញចំពោះសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

មេដឹកនាំអាស៊ានក៏បានចាត់ទុកថា សាធារណរដ្ឋកូរ៉េគឺជាដៃគូពាណិជ្ជកម្មធំទី២របស់អាស៊ាន និងជាប្រទេសដែលមកបណ្តាក់ទុនទី២នៅអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន កូរ៉េ បានសម្តែង​នូវការវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលអាស៊ាន កូរ៉េ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគក្នុងបណ្តាប្រទេសអាស៊ាន ការជំរុញទេសចរណ៍ ជា​ពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ បានសម្តែងនូវការស្វាគមន៍ចំពោះការរីកចម្រើន របស់អាស៊ាននាពេលកន្លងមក ពិសេសការឈានឆ្ពោះ​ទៅសម្រេចសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគម្លាតនៃការតភ្ជាប់ក្នុងតំបន់។

ប្រមុខរដ្ឋាភិបាល អាស៊ាន បានស្វាគមន៍ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ចំពោះអាស៊ាន។ មេដឹកនាំអាស៊ាន កូរ៉េ ក៏បានចាត់ទុកថាឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌របស់អាស៊ាន កូរ៉េ ក្នុងការរួមចំណែកដល់ការពង្រឹង វប្បធម៌ អាស៊ាន កូរ៉េ ពិសេសការបង្កើតផ្ទះវប្បធម៌នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ ពេលនោះគឺជាលើកទី១ ដែលកូរ៉េ បានបង្កើតឡើងនូវផ្ទះវប្បធម៌ជាលើកដំបូងរបស់ខ្លួនផងដែរ៕







អាស៊ាន ចិន នឹងបង្កើតជាគោលដៅពាណិជ្ជកម្ម ១ទ្រីលានដុល្លារអាមេរិក និងធ្វើការវិនិយោគទៅមកក្នុងទំហំទឹកប្រាក់១៥០ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២០

នៅសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី២០ ដោយមានការយាង និងអញ្ជើញចូលរួមពី មេដឹកនាំប្រទេសអាស៊ានទាំង១០ រួមទាំងលោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធា​រណរដ្ឋប្រជាមានិតចិនផងដែរ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេស​ប៊ុក​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន ចិន បានគាំទ្ររួមគ្នាក្នុងការរៀបចំខួបលើកទី១៥ ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន និងការដាក់ចេញនូវចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន ឆ្នាំ២០៣០ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិន នៅឆ្នាំ២០១៨ ព្រមទាំងស្វាគមន៍សំណើកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃនវានុវត្តន៍ អាស៊ាន ចិន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានធ្វើការកត់សម្គាល់ដោយការពេញចិត្តថា ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មសរុប ៣៦៨ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៦ និងបានស្វាគមន៍ចំពោះការបង្កើតកម្រិតនៃកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន ចិន ក្នុងគោលបំណងសម្រេចបាននូវគោលដៅពាណិជ្ជកម្មចំនួន ១ទ្រីលានដុល្លារអាមេរិក និងការវិនិយោគទៅមកស្មើនឹងទំហំទឹកប្រាក់ចំនួន១៥០ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានឯកភាពគ្នា លើកទឹកចិត្តឱ្យមានអ្នកជំនួញចិនបន្ថែមទៀតនៅអាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា នៅក្នុងផ្នែកផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសខ្នាតតូច និងមធ្យមថាមពល និងទេសចរណ៍។ នៅក្នុងកិច្ច​ប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានធ្វើការគាំទ្រនូវសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើរពុករលួយ។

លោក លី ខឺឈាង បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះខួប៥០ឆ្នាំរបស់អាស៊ាន និងបានសន្យថានិងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ និងបណ្តាប្រទេសអាស៊ាន។ មេដឹកនាំអា​ស៊ានបានសន្យារួមគ្នាក្នុងការតភ្ជាប់អាស៊ាន ចិន លើការតភ្ជាប់លើគ្រប់វិស័យទាំងអស់ ពិសេស​ការ​សម្រួលទេសចរណ៍ចិន អាស៊ានឱ្យកាន់តែទ្វេរឡើងថែមទៀត។ មេដឹកនាំអាស៊ាន ចិន បានចាត់ទុកថាឆ្នាំ ២០១៧នេះ គឺជាឆ្នាំទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ទាំងពីរ។ មេដឹក​នាំ​អាស៊ាន ចិន ក៏បានឯកភាពគ្នាក្នុងការកំណត់យកឆ្នាំ២០១៨ នៃឆ្នាំអាស៊ានចិន ក្នុងការបង្កើតនូវស្នាដៃថ្មី៕






អាមេរិកកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងវេណេស៊ុយអេឡា តែត្រូវរុស្ស៊ី ចិន អេហ្ស៊ីប និងបូឡាវី ធ្វើពហិកា!

រុស្ស៊ី ចិន អេហ្ស៊ីប និងបូឡាវី បានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំក្រៅផ្លូវការមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកស្តីពីបញ្ហានៅវេណេស៊ុយអេឡា ដោយលើកឡើងថាស្ថាប័នដែលមានសមាជិកចំនួន ១៥ប្រទេសនេះ មិនគួរលូកដៃចូលពាក់ព័ន្ធក្នុងស្ថានការណ៍ផ្ទៃក្នុង របស់ប្រទេសអាមេរិកឡាទីននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

«បញ្ហានេះគឺជាការចូលជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា»។ នេះបើតាមសម្តីរបស់អ្នកតំណាងអចិន្រ្តៃយ៍រុស្ស៊ីប្រចាំនៅ UN លោក Vassily Nebenzia ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ហើយលោក Nebenzia បានបន្ថែមថា លោកសង្ឃឹមថាប្រទេស​វេណេស៊ុយអេឡា នឹងអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ដោយសន្តិវិធី ដោយពុំចាំបាច់មានការអន្តរាគមន៍ពីខាងក្រៅឡើយ។ ជុំវិញការធ្វើពហិកានេះ ឯកអគ្គរដ្ឋទូតអាមេរិកនៅ UN លោក​ស្រី Nikki Haley បាននិយាយថា «ការដែលរដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានខិតខំព្យាយាមធ្វើឲ្យគេគ្រប់គ្នាមិនបង្ហាញខ្លួន នៅក្នុងកិច្ចប្រជុំមួយបែបនេះ បានស្តែងឱ្យឃើញថា វេណេស៊ុយអេឡាពិតជាមានកំហុសមែន»។

គួរបញ្ជាក់ថា វេណេស៊ុយអេឡាកំពុងតែរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយរដ្ឋា​ភិបាលប្រធានាធិបតី លោក Nicolas Maduro បានចាត់វិធានការធ្ងន់ៗមិនញញើតដៃ ទៅ​លើគណបក្សប្រឆាំង ដោយមានទាំងការចាប់ដាក់គុក និងដាក់បម្រាមមិនឱ្យមេដឹកនាំក៏ដូចជាសកម្មជនប្រឆាំងជាច្រើននាក់ចូលបំពេញការងារថែមទៀត។ ក្រៅពីនេះ មនុស្សជាច្រើននាក់ក៏បានស្លាប់ផងដែរនៅក្នុងអំពើហិង្សាចាប់តាំងតែពីបក្សប្រឆាំងបានដឹកនាំសកម្ម​ភាពតវ៉ាទ្រង់​ទ្រាយធំជាបន្តបន្ទាប់ កាលពីខែមេសា ឆ្នាំ២០១៧នេះ ដោយក្រុមបាតុករបាននិយាយថា វិបត្តិនេះ​ទាមទារឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនកាលកំណត់ ដែលពួកគេជឿជាក់ថា លោក Maduro នឹងមិនទទួលជោគជ័យនោះឡើយ៕

ប្រភព៖ Fresh News