Wednesday, November 15, 2017

រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក អ៊ិត សំ​ហេង​ ជួបពិភាក្សា​ការងារ​​ជា​មួយ​នាយកប្រតិបត្តិ ACT

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអនុញ្ញាតឱ្យលោក Frank Hoffer នាយកប្រតិបត្តិACT (Action Collaboration Transformation សកម្មភាព កិច្ចសហការ ការផ្លាស់ប្តូរ) ដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Frank Hoffer បានសំដែងនូវក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ព្រោះវាស្របទៅនឹងសកម្មភាពកន្លងមក ក៏ដូចផែនការទៅអនាគត ដែល ACT គ្រោងនឹងបន្តការងាររបស់ខ្លួននៅកម្ពុជា។

ភាគីទាំងពីរបានផ្លាស់ប្តូរនូវព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាវឌ្ឍនភាព ដែលបានវិវត្តន៍រីកចំរើននៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ដោយផ្តោតលើទស្សនៈរួមគ្នា ក្នុងការធានាឱ្យបាននូវនិរន្តរភាពឧស្សាហកម្មកាត់ដេរសំលៀកបំពាក់នៅកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តរៀងៗខ្លួន ដែលយុទ្ធសាស្រ្តទាំងនោះ សុទ្ធតែមានគោលដៅរួមគ្នា គឹសំដៅធ្វើយ៉ាងណាឱ្យអ្នកបញ្ជាទិញយីហោល្បីៗអន្តរជាតិ នៅតែបន្តបង្កើនការបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជា អាស្រ័យដោយគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងអនុវត្ត បានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការចង់បានរបស់ACT អ្នកបញ្ជាទិញអន្តរជាតិ និងសហជីពពិភពលោក (IndustriALL Global Union)។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនពង្រឹង ភាពជាដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ផ្អែកតាមមតិរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលលើកឡើងថា ភាពជោគជ័យរបស់យើងអាចសម្រេចទៅបាន លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធចូលរួមយ៉ាងសកម្ម និងប្រកបដោយន័យស្ថាបនា ដោយយើងប្រើប្រាស់យន្តការត្រីភាគី បូក បូក (Tripartite Mechanism ++)។

លោករដ្ឋមន្រ្តី អ៊ិត សំ​ហេង​ បានផ្តល់គាំទ្រ និងលើកទឹកចិត្តដល់គម្រោងរបស់ ACT ដែលគ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការបស់ខ្លួននៅកម្ពុជា ក្នុងការបេ្តជ្ញាធានាថាការបញ្ជាទិញទំនិញពីកម្ពុជា ជួយសម្រួលដល់ការដោះស្រាយទូទាត់ប្រាក់ឈ្នួលសមរម្យ បង្កើតយន្តការនានា ភ្ជាប់ការអនុវត្តការបញ្ជាទិញទៅនឹងការចរចាអនុសញ្ញារួម ដើម្បីធ្វើអោយម្ចាស់សហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌនានានៃកិច្ចសន្យាស្តីពីប្រាក់ឈ្នួល និងលក្ខខណ្ឌការងារដែលបានឯកភាព។ ទន្ទឹមនឹងនេះ ACT នឹងធ្វើការជាមួយសហគ្រាសនានាដើម្បីបង្កើត និងធ្វើអោយប្រសើរឡើងនូវស្តង់ដា និងប្រព័ន្ធផលិតកម្ម ដូចជាប្រសិទ្ធភាពធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងប្រាក់ឈ្នួល ជម្រុញឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័សក្នុងផ្នែកផលិតភាព និងទំនើបកម្មឧស្សាហកម្ម ដែលមានការទទួលស្គាល់ថាសុវត្ថិភាពអាជីវកម្ម និងការប្តេជ្ញាចិត្តរបស់ប្រទេសផលិត និងម្ចាស់សហគ្រាសនានា គឺជាកត្តាយ៉ាងសំខាន់សម្រាប់ការទូទាត់ប្រាក់ឈ្នួលសមរម្យ។

សូមបញ្ជាក់ថា ACT គឺជាកិច្ចព្រមព្រៀងបង្កើតថ្មីមួយរវាងយីហោផលិតផលអន្តរជាតិ និងអាជីវករលក់រាយ និងសហជីពពាណិជ្ជកម្ម ដើម្បីផ្លាស់ប្តូរឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌ និងដើម្បីសម្រេចបាននូវប្រាក់ឈ្នួលសមរម្យសម្រាប់ កម្មករកម្មការិនីតាមរយៈការចរចារអនុសញ្ញារួមក្នុងវិស័យឧស្សាហកម្មទាំងមូលភ្ជាប់ទៅនឹងការអនុវត្តការបញ្ជាទិញ៕





No comments:

Post a Comment