Wednesday, November 15, 2017

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃណែនាំដល់អភិបាលរងខេត្តដែលទើបតែងតាំងថ្មីខិតខំអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនទៅមុខជាបន្តទៀត

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ ។ សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន អនុរដ្ឋលេខធិការ អគ្គនាយក អគ្គនាយ​ករង នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកឧត្ដមសេនីយ៍ស្នងការ​នគរ​បាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយ​រៀង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព​លទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណជាង ៣០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការ​គ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​ចតុ​កោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈបានល្អប្រសើរ នាពេលកន្លងមក ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាខេត្តបានយ៉ាងល្អប្រសើរផងដែរ តួយ៉ាងអគារ​សាលប្រជុំរបស់រដ្ឋបាលខេត្ត ដែលបានកាត់ខ្សែបូរសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅ​មុន​នេះ​បន្ដិច ជាដើម ។
ទន្ទឹមនេះ លោករដ្ឋលេខាធិការ ក៏ថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាល​រងខេត្តដែលទើបទទួលបាននូវការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន ធ្វើឱ្យ​ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ដោយ​ឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្កា ទប់ស្កាត់ និងបង្រ្កាបឱ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់​ធ្នាប់​ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ៕





No comments:

Post a Comment