Wednesday, November 15, 2017

អាស៊ាន ចិន នឹងបង្កើតជាគោលដៅពាណិជ្ជកម្ម ១ទ្រីលានដុល្លារអាមេរិក និងធ្វើការវិនិយោគទៅមកក្នុងទំហំទឹកប្រាក់១៥០ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២០

នៅសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ចិន លើកទី២០ ដោយមានការយាង និងអញ្ជើញចូលរួមពី មេដឹកនាំប្រទេសអាស៊ានទាំង១០ រួមទាំងលោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធា​រណរដ្ឋប្រជាមានិតចិនផងដែរ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេស​ប៊ុក​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្តាមេដឹកនាំនៃប្រទេសអាស៊ាន ចិន បានគាំទ្ររួមគ្នាក្នុងការរៀបចំខួបលើកទី១៥ ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន និងការដាក់ចេញនូវចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន ឆ្នាំ២០៣០ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិន នៅឆ្នាំ២០១៨ ព្រមទាំងស្វាគមន៍សំណើកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃនវានុវត្តន៍ អាស៊ាន ចិន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានធ្វើការកត់សម្គាល់ដោយការពេញចិត្តថា ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មសរុប ៣៦៨ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៦ និងបានស្វាគមន៍ចំពោះការបង្កើតកម្រិតនៃកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន ចិន ក្នុងគោលបំណងសម្រេចបាននូវគោលដៅពាណិជ្ជកម្មចំនួន ១ទ្រីលានដុល្លារអាមេរិក និងការវិនិយោគទៅមកស្មើនឹងទំហំទឹកប្រាក់ចំនួន១៥០ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានឯកភាពគ្នា លើកទឹកចិត្តឱ្យមានអ្នកជំនួញចិនបន្ថែមទៀតនៅអាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា នៅក្នុងផ្នែកផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសខ្នាតតូច និងមធ្យមថាមពល និងទេសចរណ៍។ នៅក្នុងកិច្ច​ប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានធ្វើការគាំទ្រនូវសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើរពុករលួយ។

លោក លី ខឺឈាង បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះខួប៥០ឆ្នាំរបស់អាស៊ាន និងបានសន្យថានិងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ និងបណ្តាប្រទេសអាស៊ាន។ មេដឹកនាំអា​ស៊ានបានសន្យារួមគ្នាក្នុងការតភ្ជាប់អាស៊ាន ចិន លើការតភ្ជាប់លើគ្រប់វិស័យទាំងអស់ ពិសេស​ការ​សម្រួលទេសចរណ៍ចិន អាស៊ានឱ្យកាន់តែទ្វេរឡើងថែមទៀត។ មេដឹកនាំអាស៊ាន ចិន បានចាត់ទុកថាឆ្នាំ ២០១៧នេះ គឺជាឆ្នាំទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ទាំងពីរ។ មេដឹក​នាំ​អាស៊ាន ចិន ក៏បានឯកភាពគ្នាក្នុងការកំណត់យកឆ្នាំ២០១៨ នៃឆ្នាំអាស៊ានចិន ក្នុងការបង្កើតនូវស្នាដៃថ្មី៕






No comments:

Post a Comment