Wednesday, November 15, 2017

លោក ថោង ខុន ជំរុញក្រុមការងារពន្លឿនកិច្ចការត្រៀមរៀបចំបុណ្យសមុទ្រនេះឱ្យរួចរាល់ មុនថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧

កែប ៖ នៅសល់រយៈពេលតែ ៣៨ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ នៅខេត្តកែប ឆ្នាំ២០១៧ នឹងឈានមកដល់ក្នុងនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការដើម្បី ត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧ ក៏បានដាក់អនុសាសន៍ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធពន្លឿនកិច្ចការនានា ឱ្យបានចប់រួចរាល់មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។

ការជំរុញពន្លឿនកិច្ចការត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ ត្រៀមរៀប ចំបុណ្យសមុទ្រ នៅសាលាខេត្តកែប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក កែន សត្ថា អភិបាលខេត្តកែប នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពិធីបុណ្យសមុទ្រត្រូវបានប្រារព្ធឡើងចំនួន៥លើក រួចមកហើយ ហើយការប្រារព្ធឡើងជាថ្មីនៅខេត្តកែបនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ បច្ចុប្បន្ន គឺអនាគត» និរន្តរភាពទេសចរណ៍ដើម្បីការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំនោះ លោក ថោង ខុន បានបន្តជំរុញ និងបន្តដាក់ចេញនូវផែនការមួយចំនួនសំដៅពន្លឿនការត្រៀមរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ក្នុងនោះរួមមាន៖

១ អាជ្ញាធរខេត្តត្រូវពន្លឿនការរៀបចំកែលម្អសោភណ្ឌភាពក្រុងកែបឱ្យបានស្អាត រៀបចំបង្គន់អនាម័យ សាធារណៈ បង្គន់ចល័តឱ្យបានគ្រប់គ្រាន់ និងត្រូវសម្អាតអនាម័យជាប្រចាំ។ ត្រូវជំរុញរៀបចំហេដ្ឋារចនា សម្ព័ន្ធនានាក្នុងខេត្ត ឱ្យបានរួចរាល់ទាន់ពេលវេលា សម្រាប់រៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។ ២ ចុះអប់រំ បណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា និងបញ្ហាអនាម័យដល់អាជីវករ និងប្រជាពល រដ្ឋ ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ឱ្យបាន ពេញចិត្ត ជាពិសេស សេវាម្ហូបអាហារ និងកន្លែងស្នាក់នៅ។ គ្រប់ភោជនីយដ្ឋានទាំងអស់ មិនត្រូវឱ្យភ្ញៀវ បោះសំរាមចោលក្រោម តុនោះឡើយ។ ៣ ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឱ្យរៀបចំ និងតុបតែងគេហដ្ឋានរបស់ខ្លួន ឱ្យបានស្អាត សម្រាប់ជួលឱ្យភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួម ពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ចូលស្នាក់ នៅ សំដៅទាញផលចំណេញឱ្យបានដល់ដៃប្រជាពលរដ្ឋផ្ទាល់។ ៤ ត្រូវរៀបចំអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីបម្រើ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកចូលរួមក្នុងពិធីបុណ្យ សមុទ្រ ឆ្នាំ២០១៧ ឱ្យបានច្រើនកុះករ។ ៥ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ពិព័រណ៌ភ្លើង សួនភ្លើងក្រោមទឹក ការបង្ហាញសិល្បៈភ្លើងរាំ ការតាំងពិព័រណ៌ផលិតផលទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាពកីឡា ការបោះតង់ និងកម្មវិធីសម្អាតឆ្នេរឱ្យបានល្អ និងអញ្ជើញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងខេត្តជាសម្ព័ន្ធមិត្តចូលរួម សម្តែងផងដែរ។ ចំពោះកម្មវិធីកីឡានេះទៀតសោត ត្រូវរៀបចំប្រភេទកីឡាលើទឹក និងលើឆ្នេរឱ្យបានច្រើន ដូចជា ទូកក្តោង ម៉ូតូទឹក និងត្រូវរៀបចំព្យុហយាត្រាឱ្យបានល្អ។ ៦ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។ ៧៖ ត្រៀម រថយន្តសង្គ្រោះ ត្រៀមស្ដង់ពេទ្យប្រចាំការ និងត្រៀមអ្នកសង្គ្រោះបឋមឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមជួយ សង្គ្រោះជនរងគ្រោះដោយប្រការណាមួយ ក្នុងឱកាសពិធីបុណ្យសមុទ្រ។ ៨ ត្រូវរៀបចំឱ្យមានបញ្ជរព័ត៌មាន បង្ហាញប្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីពេលវេលា និងទីកន្លែងរៀបចំកម្មវិធីកម្សាន្តនីមួយៗ រៀបចំ ឱ្យមានស្ដង់កម្លាំងប្រចាំការ។ ៩ ត្រូវរៀបចំបង្កើតក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីជួយដើរសម្អាតបរិស្ថាន ក៏ដូច ជាជួយរើសសំរាមក្នុងឱកាសបុណ្យសមុទ្រ ដើម្បីបង្ហាញ និងដាស់ស្មារតីដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យភ្ញាក់រឭកពីបញ្ហាសំរាមនេះ។

លោក ថោង ខុន បានឱ្យដឹងថា មន្ទីរ-អង្គភាព និងភាគីពាក់ព័ន្ធក៏ត្រូវពន្លឿនការរៀបចំរមណីយដ្ឋាន ទេសចរណ៍នានា កែលម្អសោភណ្ឌភាពនៅតាមដងផ្លូវ និងក្នុងទីធ្លាសាធារណៈនានា ចំណែកសហគមន៍ ទេសចរណ៍ ក៏ត្រូវត្រៀមលក្ខណៈឱ្យបានទាន់ពេលវេលា ដើម្បីទទួលទេសចរឱ្យបានល្អផងដែរ។
តាមរយៈការរៀបចំពីធីបុណ្យសមុទ្រនេះ លោកថោង ខុន ចង់ជំរុញឱ្យខេត្តកែប ជាខេត្តគំរូក្នុងការធ្វើឱ្យទីក្រុង មានភាពស្អាត និងបៃតង ស្របតាមស្ដង់ដារអាស៊ាន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ ទេសចរក្នុងតំបន់ ក៏ដូចជាទេសចរនៅជុំវិញពិភពលោកផងដែរ។

សូមរម្លឹកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណជាង ៥០ម៉ឺននាក់ និងទទួលបាន ជោគជ័យយ៉ាងធំធេង។

នាព្រឹកនេះផងដែរ គណៈកម្មការអន្តរក្រសួងដើម្បីត្រៀមរៀបចំបុណ្យសមុទ្រ ឆ្នាំ២០១៧ ដែលមានលោក ថោង ខុន ជាប្រធាន រួមជាមួយថ្នាក់ដឹកនាំដទៃទៀត ក៏បានដឹកនាំក្រុមការងារ និងកងកម្លាំងសមត្ថកិច្ចចុះ ត្រួតពិនិត្យទីតាំងរៀប ចំបុណ្យសមុទ្រជាក់ស្ដែង នៅតាមឆ្នេរសមុទ្រ និងតាមដងផ្លូវសាធារណៈ នៃខេត្តកែប ៕





No comments:

Post a Comment