Wednesday, November 15, 2017

អាមេរិកកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងវេណេស៊ុយអេឡា តែត្រូវរុស្ស៊ី ចិន អេហ្ស៊ីប និងបូឡាវី ធ្វើពហិកា!

រុស្ស៊ី ចិន អេហ្ស៊ីប និងបូឡាវី បានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំក្រៅផ្លូវការមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកស្តីពីបញ្ហានៅវេណេស៊ុយអេឡា ដោយលើកឡើងថាស្ថាប័នដែលមានសមាជិកចំនួន ១៥ប្រទេសនេះ មិនគួរលូកដៃចូលពាក់ព័ន្ធក្នុងស្ថានការណ៍ផ្ទៃក្នុង របស់ប្រទេសអាមេរិកឡាទីននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

«បញ្ហានេះគឺជាការចូលជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា»។ នេះបើតាមសម្តីរបស់អ្នកតំណាងអចិន្រ្តៃយ៍រុស្ស៊ីប្រចាំនៅ UN លោក Vassily Nebenzia ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ហើយលោក Nebenzia បានបន្ថែមថា លោកសង្ឃឹមថាប្រទេស​វេណេស៊ុយអេឡា នឹងអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ដោយសន្តិវិធី ដោយពុំចាំបាច់មានការអន្តរាគមន៍ពីខាងក្រៅឡើយ។ ជុំវិញការធ្វើពហិកានេះ ឯកអគ្គរដ្ឋទូតអាមេរិកនៅ UN លោក​ស្រី Nikki Haley បាននិយាយថា «ការដែលរដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានខិតខំព្យាយាមធ្វើឲ្យគេគ្រប់គ្នាមិនបង្ហាញខ្លួន នៅក្នុងកិច្ចប្រជុំមួយបែបនេះ បានស្តែងឱ្យឃើញថា វេណេស៊ុយអេឡាពិតជាមានកំហុសមែន»។

គួរបញ្ជាក់ថា វេណេស៊ុយអេឡាកំពុងតែរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយរដ្ឋា​ភិបាលប្រធានាធិបតី លោក Nicolas Maduro បានចាត់វិធានការធ្ងន់ៗមិនញញើតដៃ ទៅ​លើគណបក្សប្រឆាំង ដោយមានទាំងការចាប់ដាក់គុក និងដាក់បម្រាមមិនឱ្យមេដឹកនាំក៏ដូចជាសកម្មជនប្រឆាំងជាច្រើននាក់ចូលបំពេញការងារថែមទៀត។ ក្រៅពីនេះ មនុស្សជាច្រើននាក់ក៏បានស្លាប់ផងដែរនៅក្នុងអំពើហិង្សាចាប់តាំងតែពីបក្សប្រឆាំងបានដឹកនាំសកម្ម​ភាពតវ៉ាទ្រង់​ទ្រាយធំជាបន្តបន្ទាប់ កាលពីខែមេសា ឆ្នាំ២០១៧នេះ ដោយក្រុមបាតុករបាននិយាយថា វិបត្តិនេះ​ទាមទារឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនកាលកំណត់ ដែលពួកគេជឿជាក់ថា លោក Maduro នឹងមិនទទួលជោគជ័យនោះឡើយ៕

ប្រភព៖ Fresh News




No comments:

Post a Comment