Friday, July 14, 2023

(វីដេអូ) សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨”

 CNV:

  • ឯកឧត្តម ហ្សាក់ស៍ ប៉េឡេ (H.E. Jacques Pellet) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំ​ព្រះរាជាណាចក្រកម្ពុជា
  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១​ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨ ដែលខ្ញុំ​បាន​ប្រកាស​ ជាសាធារណៈ​អំពីការសម្រេចចិត្តសាងសង់​វិមាន​នេះឡើងវិញ ក្នុងសន្និសីទ​សារព័ត៌មាន​រួមគ្នាមួយ​នៅវិមានអេលីហ្សេ  (Elysée) ជាមួយឯកឧត្តម  អេមម៉ានូអែល ម៉ាក្រុង  (H.E. Emmanuel  Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា។

ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរ។

​ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​បាន​ស្នើមកខ្ញុំ​ ដើម្បី​សាងសង់​វិមាន​នេះឡើងវិញនៅលើទីតាំង​​ដដែល ដោយយកតាម​លំនាំ​ដើម​របស់លោក ប៉ូល ឌុយក្វាំង (Paul Ducuing) ដែលជាអ្នករចនា​វិមាន​នេះ កាលពីឆ្នាំ១៩២៥។ ការសាងសង់​វិមាន​នេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែល​ជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។

ជាការពិត ប្រជាជាតិខ្មែរមានប្រវត្តិដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបារាំង និងខ្មែរតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់​​របស់បារាំងលើវិស័យចំនួន ៥ គឺទ័ពជើងទឹក ទ័ពជើងគោក រដ្ឋបាល ការទូត និងបញ្ញវន្ត។ សាមគ្គីភាពបារាំង-ខ្មែរកាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញទៅមក ពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឆ្នាំ ១៩១៤។ នៅដើមឆ្នាំ​១៩១៦ រាជការបារាំងបានអំពាវនាវរកអ្នកស្ម័គ្រចិត្តខ្មែរ ដើម្បីចូលរួមជាមួយកងទ័ពបារាំង ធ្វើសង្រ្គាមប្រឆាំងពួកអាល្លឺម៉ង់  ហើយបានចេញព្រះរាជប្រកាសជាច្រើន ដែលបានបិទផ្សាយនៅគ្រប់ភូមិស្រុកក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមបារាំង-អាល្លឺម៉ង់ ព្រះសង្ឃខ្មែរក៏បាននិមន្តចូលរួមផងដែរ ចំណែកព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានយាងទៅជ្រើសរើសអ្នកស្ម័គ្រចិត្តជាទាហានប្រយុទ្ធ និងទាហានជាងចំនួន ២ លើក បានចំនួន ៥១៦ នាក់ ចេញពីខេត្តព្រៃវែង ខេត្តបាភ្នំ ខេត្តពារាំង ខេត្តស៊ីធរកណ្តាល ខេត្តល្វាឯម ខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក​។ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានបញ្ចូនអ្នកអង្គម្ចាស់មួយចំនួនទៅច្បាំងនៅប្រទេសបារាំង ពេលនោះ មានអ្នកអង្គម្ចាស់ ២ អង្គ បានសុគតនៅក្នុងសង្រ្គាម ហើយបានបង្កើតជាកម្លាំងចលករ ធ្វើឱ្យប្រជារាស្ត្រខ្មែរជាច្រើននាក់បានយកតម្រាប់តាមព្រះអង្គដោយស្ម័គ្រចិត្តចូលធ្វើទាហានប្រយុទ្ធ និងទាហានជាង នៅក្នុងសង្គ្រាមនោះដែរ។ ស្មារតីកិច្ចសហប្រតិបត្តិការ បារាំង-ខ្មែរនាពេលនោះកាន់តែស្អិតរមួត កម្ពុជាបានខិតខំបង្កបង្កើនផលស្រូវ ពោត ល្ង និងភោគផលកសិកម្មផ្សេងទៀត ដើម្បីបញ្ជូនទៅជួយឧបត្ថម្ភប្រទេសបារាំង ដែល​កំពុងត្រូវការស្បៀងអាហារជាបន្ទាន់ក្នុងសង្រ្គាម ៥០ ខែ រវាងបារាំង និងអាល្លឺម៉ង់។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ  ជាពិសេស​ការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់​ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែបប្រជាធិបតេយ្យ តាម​រយៈការអនុវត្តនយោបាយ​ការបរទេស​ដោយឯករាជ្យ ផ្អែក​លើច្បាប់ និង​ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈ​កម្ពុជាជាប្រធានអាស៊ាន។ ពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២  និងកីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ​ប្រកប​ដោយ​ជោគជ័យ​ត្រចះត្រចង់ ដោយបានផ្សព្វ​ផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៅទូទាំងតំបន់ និងពិភពលោក ជាពិសេសបង្ហាញអំពីសក្តានុពល និងកិត្យានុភាពកម្ពុជា ក្នុងការរៀបចំពិធីជាលក្ខណៈអន្តរជាតិបានពេញលេញ ប្រកប​ដោយថាមពល និងមានសុវត្ថិភាពនៅក្នុងបាវចនា “កីឡារស់ក្នុងសន្តិភាព” “សន្តិភាពដើម្បីទាំងអស់គ្នាទាំងអស់គ្នា ដើម្បីសន្តិភាព”។

ជាងនេះទៀត  រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ​ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះបណ្តាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់​ប្រវត្តិសាស្រ្ត និងទីតាំង​បុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី​ និងអរិយធម៌ ជា​មួយនឹងការការពារ​ ការអភិរក្ស និងការ​ស្ថាបនា​ឡើងវិញនូវរូបសំណាកបដិមា ឬសំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ។ ដោយឡែកពេលនេះ រាជរដ្ឋាភិបាល​សម្រេចបានការ​សាងសង់ឡើងវិញនូវ  “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១​ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨”  ដែលបាន​សាងសង់ដោយ​អាណាព្យាបាល បារាំង​កាលពី​ឆ្នាំ​១៩២៥ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង​ ក្នុងរាជធានីភ្នំពេញ ហើយដែលស្ថាបត្យកម្មនេះ ត្រូវបានបំផ្លាញចោលដោយ​របបកម្ពុជា​ប្រជាធិបតេយ្យ​នៅអំឡុង​ឆ្នាំ១៩៧៥។

ជាមួយនេះ ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធ​​យុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨ នាក់​ ដែល​បាន​ពលីជីវិត​ក្នុង​សង្រ្គាម​លោក ចន្លោះពីឆ្នាំ​១៩១៦ ដល់ឆ្នាំ​១៩១៨ គឺជាការ​ដាស់​តឿន​កុលបុត្រខ្មែរ​ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ​ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែល​ជាគុណតម្លៃ​សកលនៃមនុស្សជាតិ​ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បី​ទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែង​ច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិយើង។

ក្នុងនាមរាជរដ្ឋាភិបាល  ខ្ញុំសូមប្រគល់​សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូន​រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង ​និង​ថែរក្សា​ហើយវិមាន​នេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ ជាមួយនេះ  ខ្ញុំ​ក៏បានផ្តល់​ការអនុញ្ញាត​ជូន​​ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការ​ប្រើប្រាស់​វិមាន​នេះ ដើម្បី​រៀបចំពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​​ ថ្ងៃ​បញ្ចប់​សង្រ្គាម​លោកលើកទី១ និងពិធីផ្សេងៗទៀតផងដែរ។

[ចាប់ផ្ដើមអត្ថាធិប្បាយ]

សង្ឃឹមថា ឯកឧត្ដម ហ្សាក់ស៍ ប៉េឡេ ជួយទាក់ទាញទេសចរណ៍របស់បារាំង ហើយឲ្យពួកគេមកកាន់ទីនេះ ដើម្បីដាក់ផ្កាគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបូជាជីវិតកាលពីសង្រ្គាមលោកលើកទី១។ ហើយនេះគឺជាចំណុចល្អនៃទំនាក់ទំនងរបស់យើង ដែលជាផ្នែកមួយនៃទំនាក់ទំនងប្រជាជន និងប្រជាជន។

[បញ្ចប់អត្ថាធិប្បាយ]

មុននឹងបញ្ចប់ ខ្ញុំ​សុំយកឱកាសនេះ អំពាវនាវ​បងប្អូនជនរួមជាតិសូម​អញ្ជើញទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោ​បាយ និងមេដឹកនាំប្រទេស ដែលបងប្អូនស្រឡាញ់ពេញចិត្ត និងជឿជាក់ ថាពិតជាគណបក្សដែលដឹកនាំធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត។  ​

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសឱ្យប្រើប្រាស់​ជាផ្លូវការ​ នូវវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១​ ពីឆ្នាំ១៩១៤​ ដល់​ឆ្នាំ១៩១៨ ខ្ញុំសូម​​ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួលបាន​នូវ​ពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕

បទអត្ថាធិប្បាយ៖ បទឧក្រិដ្ឋដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅប្រទេសឡាវ កាលពីមុនមិនគួរចម្លងម្តងទៀតទៅក្នុងវិបត្តិអ៊ុយក្រែនទេ


(ប៉េកាំង)៖ នៅរដូវក្តៅឆ្នាំនេះ នៅពេលដែលសិស្សានុសិស្សនៃប្រទេសឡាវបានជិះរថភ្លើងល្បឿនលឿន"Lan cang"នៃផ្លូវដែកចិន-ឡាវដោយបានទទួលអារម្មណ៍ពីភាពសប្បាយរីករាយនៃ "ការគយគនទេសភាពដ៏ស្រស់ត្រកាលតាមរថភ្លើង" ពួកគេប្រហែលនឹកស្មានមិនដល់ថា ដើម្បីសាងសង់ផ្លូវដែកចិន-ឡាវ ភាគីម៉ៅការសាងសង់គ្រាន់តែបោះសម្អាត គ្រាប់បែកចង្កោមរបស់អាមេរិកដែលបន្សល់ទុក នៅតាមបណ្តោយផ្លូវដែកក៏បានចំណាយរយៈពេលជាងពីរឆ្នាំដែរ។

សូមបញ្ជាក់ថា គ្រាប់បែកចង្កោមទាំងនេះត្រូវបានទម្លាក់តាមអាកាស ទៅលើប្រទេសឡាវដោយកងទ័ពអាមេរិក ក្នុងអំឡុងពេលសង្គ្រាមវៀតណាម ។ នាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា នឹងបន្ថែមការផ្តល់ជំនួយយោធាក្នុងតម្លៃ ៨០០ លានដុល្លារអាមេរិកដល់អ៊ុយក្រែន ក្នុងនោះក៏បូករួមទាំងគ្រាប់បែកចង្កោម ដែលអាចបង្ករបួសស្នាមនិងប្រល័យជីវិតរបស់ មនុស្សយ៉ាងខ្លាំងដែលត្រូវបានដាក់បញ្ជូល ក្នុងប្រភេទហាមឃាត់តាមផ្លូវច្បាប់អាមេរិកផងដែរ ប្រការនេះបានធ្វើឱ្យអ្នងផងទាំងពួងនឹករលឹក ពីប្រវត្តិសាស្ត្រសង្រ្គាមនៅកាលនោះម្តងទៀត។

គួររំលឹកថា ក្នុងអំឡុងពេលសង្រ្គាមវៀតណាមចាប់ពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៧៣ អាមេរិកបានទម្លាក់តាមអាកាស នូវគ្រាប់បែកចង្កោមជាច្រើនទៅលើភាគខាងត្បូងនៃប្រទេសវៀតណាម និងភាគខាងកើតនៃប្រទេសឡាវនិងកម្ពុជា ។ ក្នុងនោះ ប្រទេសឡាវគឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីគ្រាប់បែកចង្កោម។

យោងតាមទិន្នន័យស្ថិតិរបស់ក្រសួងការពារជាតិអាមេរិកបានបង្ហាញឱ្យឃើញថា ក្នុងអំឡុងពេលសង្គ្រាមវៀតណាម កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែក ទៅលើប្រទេសឡាវចំនួន ៥៨០,០០០ លើកដោយប្រើប្រាស់គ្រាប់បែកសរុបជាង ២ លានតោន ក្នុងនោះក៏បូករួមទាំងគ្រាប់បែកចង្កោមផងដែរ ។ នៅប្រទេសឡាវ ប្រហែលមានគ្រាប់បែកចង្កោម របស់កងទ័ពអាមេរិកចំនួន ៨០ លានគ្រាប់នៅមិនទាន់ផ្ទុះនៅឡើយ ។ គិតតាំងពីបញ្ចប់សង្គ្រាមមក គ្រាប់បែកដែលនៅមិនទាន់ផ្ទុះគ្រាន់តែមិនដល់ ១ ភាគរយប៉ុណ្ណោះត្រូវបានបោសសម្អាត ដែលគិតមកដល់បច្ចុប្បន្នបានបណ្តាលឱ្យជនស៊ីវិលប្រហែល ២ ម៉ឺននាក់ស្លាប់បាត់បង់ជីវិតនិងជនស៊ីវិលជាច្រើននាក់រងរបួស ។ អ្នកជំនាញខាងគ្រឿងសព្វាវុធបានថ្លែងថា ប្រហែលនៅត្រូវចំណាយរយៈពេល១០០ឆ្នាំទៀត ទើបអាចបោសសម្អាតយ៉ាងជ្រះស្រឡះ នូវគ្រាប់បែកដែលនៅមិនទាន់ផ្ទុះនៅក្នុងប្រទេសឡាវ។

មិនត្រឹមតែនៅប្រទេសឡាវប៉ុណ្ណោះទេ ។ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ អាមេរិកបានប្រើប្រាស់គ្រាប់បែកចង្កោម ដោយទ្រង់ទ្រាយធំនៅក្នុងសង្គ្រាមជាច្រើន ដូចជា សង្រ្គាមកូសូវ៉ូនិងសង្រ្គាមអ៊ីរ៉ាក់ជាដើម ។ ហេតុនេះហើយ កងទ័ពអង្គាការណាតូបោះ ប្រចាំនៅតំបន់កូសូវ៉ូបានត្អូញត្អែរឥតឈប់ឈរ ចំពោះការនឿយស្រាំងខ្លួនក្នុងការបោះសម្អាត "គ្រាប់បែកដែលនៅមិនទាន់ផ្ទុះ"ទាំងនេះ ។ តាមសិ្ថតិមិនពេញលេញឱ្យដឹងថា បន្ទាប់ពីគ្រាប់បែកចង្កោមត្រូវប្រសូតឡើងមក វាបានបណ្តាលឱ្យជនស៊ីវិលប្រហែលពី ៥ ម៉ឺន ៦ ពាន់នាក់ដល់ ៨ ម៉ឺន ៦ ពាន់នាក់ស្លាប់បាត់បង់ជីវិត ហើយអ្នកស្លាប់ជាង ៩០ ភាគរយជាជនស៊ីវិល ក្នុងនោះមានភាគច្រើនជាអនីតិជន ។

អំពីបញ្ហាប្រើប្រាស់គ្រាប់បែកចង្កោម អាកប្បកិរិយារបស់អាមេរិកគឺ និយាយផ្សេងធ្វើផ្សឹង ។ កាលពីឆ្នាំ ២០០៨ រដ្ឋាភិបាលអាមេរិកធ្លាប់ធ្វើពាក្យសន្យាថា ធានាជាក់លាក់ឱ្យកងទ័ពអាមេរិកមិនប្រើប្រាស់គ្រាប់បែកចង្កោមទៀតទេ ហើយបាន"បិទនិងស្តុកទុក"គ្រាប់បែកចង្កោមទាំងអស់ ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ គ្រាប់រំសេវដែលបានផ្តល់ដល់អ៊ុយក្រែននេះ គឺជាគ្រាប់បែកចង្កោមដែលបានផលិតកាលពីជាង ៤០ ឆ្នាំមុននិងត្រូវ"បិទនិងស្តុកទុក"កាលពី ១៥ ឆ្នាំមុន។

ដូចគ្នានេះដែរ ប្រការដែលមានភាពផ្ទុយគ្នានោះគឺ កាលពីមួយឆ្នាំមុន លោកស្រី Jen Psaki លេខាធិការព័ត៌មាននៃសេតវិមាន កាលនោះបានថ្លែងថា ប្រសិនបើប្រើប្រាស់គ្រាប់បែកចង្កោម នោះ ប្រហែលនឹងប្រព្រឹត្តិបទឧក្រិដ្ឋសង្គ្រាម ។ មួយឆ្នាំក្រោយមក សហរដ្ឋអាមេរិកបានក្លាយជាគោលដៅដែលត្រូវរងការថ្កោលទោសរបស់ខ្លួន នោះ សូមសួរថា នៅចំពោះមុខផលប្រយោជន៍ផ្ទាល់ខ្លួន របស់អាមេរិក តើគុណធម៌និងភាពអៀនខ្មាសមានតម្លៃប៉ុន្មាន?

វិទ្យុមិត្តភាពកម្ពុជាចិន







សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៤

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូសន្ទនា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៤

សេចក្ដីប្រកាសព័ត៌មាន៖ https://bit.ly/44IE8hl


Press Release on Outcomes of the ASEAN Post Ministerial Conference 10+1 Sessions with Dialogue Partners and the 24th ASEAN Plus Three Foreign Ministers’ Meeting 

Press Release: https://bit.ly/3JVIWbj



សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រារព្ធខួបលើកទី៣០ ថ្ងៃបង្កើតកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣)។

ពិធីនេះត្រូវបានធ្វើឡើងនៅក្នុងទីតាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ, មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបថា កងរាជអាវុធហត្ថ ជាភាសាបារាំងគឺ Gendarme ឬ Gendarmerie (The word gendarme comes from the Old French gens d’armes, meaning men-at-arms) មានន័យថា បុរសប្រដាប់ដោយអាវុធ។

កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅក្នុងរបបសង្គមរាស្ត្រនិយម តាមព្រះរាជក្រឹត្យលេខ ៤៤៦SN និង៤៤៧SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយមានឈ្មោះថា កងរាជអាវុធហត្ថខ្មែរ «GENDARMERIE ROYALE KHMERE» អក្សរកាត់ «GRK»។ ដោយសារការវិវត្តនៃរបបនយោបាយកងរាជអាវុធហត្ថខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា កងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១ ក្នុងរបបសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧១។

កងអាវុធហត្ថជាតិ ត្រូវបានលុបបំបាត់ចោល ដូចស្ថាប័នផ្សេងៗដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធា ដែលធ្វើកិច្ចការខាងត្រួតត្រា បទបញ្ជា និងពិនិត្យវិន័យសណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។

នៅក្នុងគ្រាអនុវត្តនយោបាយបង្រួបបង្រួមជាតិ នាំដល់ការបង្រួបបង្រួមកងទ័ព នៃបណ្តាភាគីជម្លោះឲ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះហើយត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ព័ន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន ក៏មានកងអាវុធហត្ថផងដែរ ហេតុដូចនេះហើយ បានជារាជរដ្ឋាភិបាលចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ។ នៅពេលនោះ តួនាទីភារកិច្ចរបស់កងអាវុធហត្ថត្រឹមតែតម្រួតយោធាប៉ុណ្ណោះ គឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព និងបទល្មើសយោធា។

យោងតាមសំណូមពរភារកិច្ចក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹង ការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ច និងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រា បានពង្រីកវិសាលភាពតួនាទី ភារកិច្ច កងរាជអាវុធហត្ថបន្ថែម។ អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើងវិញ ដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ពន្ធទូទៅ នៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។

បេសកកម្មរបស់កងរាជអាវុធហត្ថ មានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ៖

*១៖ រ៉ាប់រងសកម្ម ភាពខាងប៉ូលិសរដ្ឋបាល៖ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ សង្គម និងជួយ សង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ កងរាជអាវុធហត្ថរ៉ាប់រងឲ្យមានការគោរពច្បាប់ និងបទបញ្ជាទាំងឡាយ។

*២៖ រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ៖ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌នៅពេលដែលទទួលបាននីតិសម្បទា តាមក្រមនីតិវិធីព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ ពិនិត្យបទល្មើសព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាចឃាត់ខ្លួនបុគ្គលដែល ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ជាធរមាន។

*៣៖ បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា៖ ទទួលបន្ទុករក្សាសុវត្ថិភាព បំពេញតួនាទីជាកងកិត្តិយស ការពារទីតាំងយោធា និងកិច្ចការប៉ូលិសយោធានៅក្នុង និងក្រៅទីតាំងកងទ័ព។

*៤៖ ផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់។

កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ច ជាពិសេសក្រោមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។

នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអ្នកដឹកនាំមួយរូបដែលមានទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួមពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕


គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសទាត់ចោលទាំងស្រុងនូវការផ្សាយព័ត៌មានប្រឌិត ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ពាក់ព័ន្ធនឹងកិច្ចការព្រំដែន



គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុងនូវការចេញផ្សាយ តាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនិងរាជរដ្ឋាភិបាល ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ គ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការធ្វើអោយបាត់បង់ទឹកដី ក៏ដូចជាការបណ្តោយអោយមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើអោយប្រជាពលរដ្ឋបាត់បង់ដីស្រែចំការ។ល។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាជាមួយនឹងប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើបានត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

សូមភ្ជាប់មកជាមួយនូវសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដូចខាងក្រោម៖





ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

 

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) នឹងអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។ 

នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានអនុញ្ញាតឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានប្រកាសជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការអនុវត្តជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។ 

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថាបត្យកម្មសហរចនាបថ ដោយរួមបញ្ចូលនូវផ្នត់គំនិតស្ថាបត្យកម្មបុរាណខ្មែរជាច្រើនសម័យកាល តាំងពីសម័យអង្គរដល់សម័យក្រោយអង្គរ។ ចំណុចពិសេសបំផុតនោះគឺ វិមាននេះមានទស្សនៈមួយភាគធំដូចគ្នាទៅនឹងប្រាសាទនាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។

លោបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាននេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាពដ៏ហានក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្មដ៏រឹងមាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។

និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យក្រុមគ្រួសារយុទ្ធជនដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយក៏ជាការរៀបចំឱ្យសមនឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។

វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ។