Tuesday, June 13, 2017

ប្រជាជន Puerto Ricans បោះឆ្នោតប្រជាមតិសម្រាប់ឯករាជ្យភាពរបស់ប្រទេស

អភិបាលក្រុង Puerto Rico បានប្រកាសថា ប្រជាជនបានបោះឆ្នោតគាំទ្រច្រើនលើសលុបនៅក្នុងការធ្វើប្រជាមតិមួយដែលមិនត្រូវតែគោរពថា Puerto Rico ជាទឹកដីរបស់អាមេរិក ដែលប្រជាមតិនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងស្ថានភាពដែល Puerto Rico មានវិបត្តិ សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យមានមនុស្សចាកចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីកោះនេះទៅរស់នៅដីគោកអាមេរិក។
អភិបាលក្រុងលោក Ricardo Rossello បាននិយាយដោយប្រកាសពីជ័យជម្នះថា   «ចាប់ពីថ្ងៃនេះតទៅ រដ្ឋាភិបាលសហព័ន្ធមិនអាចព្រងើយកន្តើយទៅនឹងសំឡេងភាគច្រើនរបស់ពលរដ្ឋអាមេរិកដែលរស់នៅ Puerto Rico បានទេ»។ «វាជាការផ្ទុយគ្នាខ្លាំងសម្រាប់អាមេរិក ដែលទាមទារឱ្យមានប្រជាធិបតេយ្យនៅតាមប្រទេសជាច្រើននៅក្នុងពិភពលោក ហើយមិនឆ្លើយតបទៅនឹងសិទ្ធិស្របច្បាប់ចំពោះការសម្រេចចិត្តខ្លួនឯងដែលត្រូវបានធ្វើឡើងនៅថ្ងៃនេះនៅក្នុងទឹកដីអាមេរិកនៃកោះ Puerto Rico »។
ទោះបីជាយ៉ាងណាក៏ដោយ សភាអាមេរិកមានការលើកឡើងចុងក្រោយក្នុងការផ្លាស់ប្តូរស្ថានភាពនយោបាយណាមួយរបស់កោះនេះ។ មនុស្សជិតពាក់កណ្តាលលាននាក់បានបោះឆ្នោតឱ្យមានឯករាជ្យភាព ជាង ៧,៦០០ នាក់បោះឆ្នោតឱ្យមានឯករាជ្យភាព និងសេរីជាងនេះ ហើយជិត ៦,៧០០ នាក់ចង់ឱ្យស្ថានភាពទឹកដីនេះនៅដូចសព្វថ្ងៃ។ អត្រាចូលរួមក្នុងការបោះឆ្នោតប្រជាមតិនេះមានតែ​ ២៣ ភាគរយដែលមានអ្នកចុះឈ្មោះបោះឆ្នោតប្រហែល ២,២៦ លាននាក់ ដែលនាំឱ្យមានអ្នកជំទាស់ទៅលើសុពលភាពនៃការបោះឆ្នោតមួយដែលមានភាគីជាច្រើនបានធ្វើពហិការ។ វាគឺជាការបោះឆ្នោតដែលមានការចូលរួម ដែលមានកម្រិតទាបជាងគេបំផុតនៅក្នុង Puerto Rico ចាប់តាំងពីឆ្នាំ ១៩៦៧ នេះបើយោងតាមលោក Carlos Vargas Ramos ជាអ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលការសិក្សាសម្រាប់ Puerto Rican នៅឯមហាវិទ្យាល័យ Hunter នៅទីក្រុង New York។
គណបក្សប្រឆាំងដ៏ធំនៅ Puerto Rico បានច្រានចោលលទ្ធផលគាំទ្រឱ្យមានឯករាជ្យភាពនៃប្រទេសនេះ។ សមាជិកគណបក្សមួយរូបលោក Anibal Jose Torres បាននិយាយថា «ការចូលរួមតិចតួចជាការបញ្ជូនសារយ៉ាងច្បាស់មួយថា ប្រជាជនបដិសេធការធ្វើប្រជាមតិនេះតាមរយៈពហិការចំពោះព្រឹត្តិការណ៍ដែលមិនសំខាន់នោះ» ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Rossello បានសន្យាថា នឹងជំរុញទៅមុខជាមួយនឹងការស្វែងរកការដឹកនាំរបស់គាត់សម្រាប់ឱ្យមានឯករាជ្យភាព ដែលជាយុទ្ធនាការដ៏កំពូលរបស់គាត់ដែលបានសន្យា។ គាត់បាននិយាយថា «នៅក្នុងប្រជាធិបតេយ្យបែបណាក៏ដោយ ឆន្ទៈដែលបានសំដែងតាមរយៈការគាំទ្រភាគច្រើន ដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជានិច្ចជាកាលតែងតែកើតមានឡើង»។ «ប្រជាជន Puerto Rico បានបោះឆ្នោតឱ្យមានឯករាជ្យភាព»។
 ក្នុងចំណោមអ្នកដែលមានសង្ឃឹមទាំងនោះគឺ លោក Jose Alvarez ដែលជាអ្នកជំនួញមានអាយុ ៦១ ឆ្នាំបានសង្ឃឹមថា  Puerto Rico នឹងក្លាយទៅជារដ្ឋមួយ។ គាត់បាននិយាយថា «ឥឡូវនេះគឺជាពេលវេលាសមស្របដើម្បីធ្វើវា»។ «យើងបានចំណាយពេលជាច្រើនឆ្នាំក្នុងការធ្វើការលើគំរូសេដ្ឋកិច្ចសង្គមមួយ ដែលមិនបានផ្ដល់ចម្លើយឱ្យយើង»។ មនុស្សជាច្រើនជឿថា ស្ថានភាពទឹកដីកោះមួយនេះបានរួមចំណែកដល់ការធ្លាក់ចុះសេដ្ឋកិច្ចរយៈពេល ១០ ឆ្នាំរបស់ខ្លួន ដែលបានជំរុញឱ្យមនុស្សជិតពាក់កណ្តាលលាននាក់នៅ Puerto Rican រត់ទៅដីគោកសហរដ្ឋអាមេរិក ហើយបង្កឱ្យមាននូវកង្វល់ដ៏ធំធេងដោយសារតែមានការខ្ចីប្រាក់ជាច្រើនទស្សវត្សរ៍ និងការលុបបំបាត់ការលើកទឹកចិត្តការបង់ពន្ធឱ្យសហព័ន្ធ។
 លោកស្រី Maria Quinones មានអាយុ ៦៦ ឆ្នាំបាននិយាយថា លោកស្រីបានបោះឆ្នោតបែបប្រជាមតិនេះជាលើកដំបូង នេះជាលើកទីប្រាំហើយដែលនិយាយពីស្ថានភាព Puerto Rico ។ លោកស្រីបាននិយាយថា «យើងចាំបាច់ត្រូវបោះឆ្នោតដោយសារតែកិច្ចការជាច្រើនដំណើរការទៅមិនបានល្អ»។ «ប្រសិនបើយើងជារដ្ឋមួយយើងនឹងមានសិទ្ធិដូចគ្នា»៕

(ប្រភព: Al Jazeera ចុះថ្ងៃទី១២ ខែមិថុនា​​ ឆ្នាំ២០១៧)


លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារ ធ្លាក់ពីលើដើមត្នោត

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារ ធ្លាក់ពីលើដើមត្នោតឈ្មោះ ឡុង ប៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិពងទឹក ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត សព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។
នាឱកាសនោះដែរ លោកស្រី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកស្រីតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺ ទីទ័លក្រ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាព និងរស់នៅប្រកបដោយអនាម័យល្អ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធ ២កេស មី ១កេស ក្រមា១ សារុង១ មុង១ ភួយ១ និងថវិកាមួយចំនួនផងដែរ៕



គ្រប់សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលុបបំបាត់អំពើខុសឆ្គង ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថាគ្រប់សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលុបបំបាត់អំពើខុសឆ្គង ដែល​នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការ ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្តសៀមរាប។
ជាកិច្ចចាប់ផ្តើម លោក ឃឹម ប៊ុនសុង បានពាំនាំការសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ។
នៅក្នុងឱកាសនោះផងដែរ អភិបាលខេត្តសៀមរាប ក៏បានកោតសសើរ ពីការខិតខំយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ធានាបានសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ មិនឱ្យមានកើតនូវអំពើហិង្សាអ្វីឡើយនាពេលកន្លងមកនេះ។

លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា គ្រប់សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវលុបបំបាត់អំពើខុសឆ្គង ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដើមី្បធានាបាននូវភាពរស់នៅសុខសាន្ត និរន្តរភាពការងារ ការផ្តល់សេវាដើម្បីបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និងបន្តអភិវឌ្ឍន៍ភូមិ ឃុំ របស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត៕







តើអាស៊ានគួរតែឆ្លើយតបរបៀបណាទៅនឹងការគំរាមរបស់កូរ៉េខាងជើង?

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មា​ខែ​ថ្មីៗនេះ កូរ៉េខាង​ជើង​បាន​បង្កើន​ភាព​តាន​តឹង​ និង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រាប់បញ្ចូល​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ផង។ ទោះបីជា​​អាស៊ាន​មានការ​ព្រួយ​បារម្ភ​នឹង​ការគំរាម​នេះ​ ដោយ​សារតែ​មាន​ផល​វិបាក​ខាង​សន្តិសុខ​ដ៏ធ្ងន់​​សម្រាប់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​កាន់តែ​ធំ​ក៏​ដោយ ក៏​ខ្លួន​គួរតែ​ប្រុង​​ប្រយ័ត្ន​អំពីការងារ​របស់ខ្លួន​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ឲ្យ​ខូច​ទំនុក​ចិត្ត ​និង​ភាព​ពាក់​ព័ន្ធ​របស់ខ្លួន​​លើ​វិបត្តិ​កូរ៉េខាង​ជើង។​
នៅ​ក្នុង​លិខិត​មួយ​ទៅកាន់​អគ្គលេខាធិការ​អាស៊ាន​ចុះ​ថ្ងៃទី ២៣ ខែ​កុម្ភៈ​ ឆ្នាំ ២០១៧ រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​លោក Ri Yong-Ho បាន​បង្ហាញ​ “ការ​រំពឹង​ទុក​ របស់​គាត់​ថា អាស៊ាន ដែល​ភ្ជាប់​សារៈ​សំខាន់​ដ៏ធំ​ទៅ​នឹង​សន្តិភាព​ និង​ស្ថិរភាពតំបន់​នោះ នឹង​លើក​ឡើង​​អំពីបញ្ហា​ការ​ធ្វើ​សម​យុទ្ធ​យោធារួម​គ្នា​រវាង​អាមេរិក​ និង​កូរ៉េខាង​ត្បូង​នៅ​បណ្តាសន្និសីទ​អាស៊ាន”។  គាត់​បាន​បន្ថែម​ថា អាស៊ាន​គួរ​តែ​​ប្រកាន់ជំហរ​យុត្តិធម៌ ​និង​ដើរតួនាទី​កាន់តែ​សកម្ម​នៅ​ក្នុងការ​ការពារ​សន្តិភាព ​និង​សុវត្ថិ​ភាពនៃ​ឧបទ្វីបកូរ៉េ។​
នៅ​ខែ​មេសា ឆ្នាំ ២០១៧ ក្នុង​ពេល​កិច្ច​ប្រជុំ​លើកទី ៣០ របស់​អាស៊ាន​នៅ​ហ្វីលីពីន អាស៊ាន​ ជា​ជំនួសវិញ បាន​សម្តែង​​ការ​ព្រួយ​បារម្ភ​ខ្លាំង ​​និង​ជំរុញ​ឲ្យ​កូរ៉េខាង​ជើង​​គោរពតាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​លើ​កម្មវិធី​អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការ​ឆ្លើយ​តប​ម៉ឺង​ម៉ាត់​របស់​អាស៊ាន​​ទៅ​កាន់កូរ៉េខាង​ជើង​នោះ​ បាន​បង្ហាញពី​ការ​មូល​មតិ​គ្នា​ជា​អន្តរជាតិ​ប្រឆាំង​នឹង​សកម្ម​ភាព​​របស់​កូរ៉េខាង​ជើង។ វា​ក៏ជា​ជំហរ​អព្យាក្រឹត្យ​ផង​ដែរ​ដែល​ជៀស​វាង​ការ​កាន់ជើង​​ភាគី​ណា​មួយ​ដែល​ពាក់ព័ន្ធ​ក្នុង​វិបត្តិនោះ រាប់បញ្ចូលទាំង​ចិន​ ឬ​សហរដ្ឋ​អាមេរិក​ផង។ ជំហរ​របស់​អាស៊ាន​​មិន​បាន​មើល​ស្រាល​លើ​សមត្ថភាព​របស់​អង្គការ​នោះ​​ក្នុងការ​រួម​ចំណែក​ដល់​ដំណោះ​ស្រាយ​ក្នុង​វិបត្តិ​នោះ ហើយ​ក៏​មិន​​​យល់​ច្រឡំ​​អំពី​គោល​បំណង​ ដែល​មាន​ស្រាប់​របស់ខ្លួន​ក្នុង​នាមជា​វេទិកា​ដើម្បី​ជួយ​បង្កើត​​សន្តិសុខ​នៅ​ក្នុង​តំបន់នោះដែរ។
អ្នក​ស្រាវ​ជ្រាវ​លោក Shawn Ho និងSarah Teo បាន​សរសេរថា “អាស៊ាន​គួរ​តែ​ពង្រឹង​​ទំនុក​ចិត្ត​ខាង​សន្តិសុខ​ក្នុង​តំបន់​របស់ខ្លួន​ដោយការ​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​ទៅ​នឹង​កត្តាប្រឈម​នៅ​ក្នុង​ឧបទ្វីបកូរ៉េ”។ មូល​ហេតុនោះគឺ “ដោយ​សារតែ​​សារៈ​សំខាន់​ខាង​ផ្នែក​សន្តិសុខ​របស់​ឧបទ្វីកូរ៉េ​ចំពោះ​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ប្រសិន​បើ​អាស៊ាន​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​នៅ​ក្នុង​ឧបទ្វីប​កូរ៉េខាង​នោះ ភាព​ពាក់ព័ន្ធនិង​សារៈ​សំខាន់​របស់​អាស៊ាន​ចំពោះ​មហាអំណាច​ធំ​ទាំង​ពីរ​គួរ​តែ​លើក​កំពស់”។
ទឡ្ហីករណ៍​នេះ​បាន​បង្កើន​សារៈ​សំខាន់​សម្រាប់​អាស៊ាន​ក្នុងការ​ជំរុញ​អាមេរិក​ឲ្យ​បន្ត​ចូល​រួម​ជា​មួយ​តំបន់​អាស៊ី​អាគ្នេយ៍។ អាមេរិកគួរ​តែ​ធ្វើ​បែបនេះ​​តាម​រយៈ​​វេទិការ​តំបន់​ដែល​មាន​ស្រាប់​ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ស្ថានប័ន​ពហុភាគី​របស់​អាស៊ាន ជាជាង​​សើរើ​រចនាសម្ព័ន្ធ​ដែល​បាន​បង្កើត​ឡើង​រួច​នេះ នៅពេល​ដោះស្រាយ​បញ្ហា​សន្តិសុខ​ និង​ភូមិសាស្ត្រ​នយោ​បាយ។ ប៉ុន្តែ ឧបទ្វីបកូរ៉េ​មិន​អាច​ជា​ផ្លូវ​សមរម្យ​សម្រាប់​ទំនាក់ទំនង​រវាងអាស៊ាន ​និង​អាមេរិក​ទេ ដូច្នេះ​​ទឡ្ហីករណ៍​នេះ​អាច​បង្ករ​ឲ្យ​មាន​បញ្ហា​ដោយ​មូលហេតុ​ចំនួន​ពីរ។
ទីមួយ​ វា​មិន​ច្បាស់​ថា តើ​អាស៊ាន​បង្ហាញភាព​ពាក់ព័ន្ធ​របស់ខ្លួន​ដោយ​របៀប​ណា​នោះទេ​ជា​មួយ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ការ​ដោះ​ស្រាយ​ការគំរាម​របស់​កូរ៉េខាងជើង នៅពេល​អាស៊ាន​បាន​ប្រឈម​មុខ​រួច​ទៅ​ហើយ​​អំពី​បញ្ហា​ភូមិសាស្ត្រ​នយោ​បាយ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់នោះ។ នៅពេល​អាស៊ាន​មិន​អាច​ឈាន​ដល់​ការ​មូល​មតិ​គ្នា​ទៅ​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ធំៗ​ ដូច​ជា​រឿង​សមុទ្រចិន​ខាង​ត្បូង​នោះ គេ​មិន​ច្បាស់​ទេថា តើ​អាស៊ាន​នឹង​មាន​ភាព​ពាក់​ព័ន្ធ​ដោយ​របៀប​ណា​ជា​មួយ​អាមេរិក​ក្នុងការ​ដោះស្រាយ​វិបត្តិ​ឧបទ្វីបកូរ៉េ ដោយ​មិន​បាន​បង្ហាញ​ពី​សមត្ថភាព​ដំបូង​របស់​​ខ្លួន​​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ។​
បញ្ហាទីពីរ​នោះគឺថា អាស៊ាន​អាច​បែក​បាក់​រវាង​ចិន​ និង​អាមេរិក​។ ក្នុង​ពេល​កិច្ច​ប្រជុំ​នាពេល​ថ្មីៗ​នៅថ្ងៃទី ៤ ខែ​ឧសភា​ ឆ្នាំ ២០១៧ នោះ​​នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន​ រដ្ឋ​មន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បាន​ផ្ញើសារ​ទៅ​កាន់រដ្ឋ​មន្ត្រីការបរទេស​អាស៊ាន​ថា វ៉ាស៊ីនតោន​ចង់​ចូល​រួម​ជា​មួយ​តំបន់​អាស៊ី​អាគ្នេយ៍​នៅពេល​គាត់​លើក​ឡើង​អាស៊ាន​ថា ជា​ដៃគូ​សំខាន់​របស់​អាមេរិក។ លោក Tillerson ក៏​ជំរុញ​ឲ្យ​អាស៊ាន​ដាក់​សម្ពាធ​​កូរ៉េខាង​ជើង​ តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ទំនាក់ទំនង​របស់​ទីក្រុង​ព្យុង​យ៉ាង​​ជា​មួយ​អាស៊ាន​និង​ទប់​ស្កាត់​លំហូរ​ប្រាក់​របស់​ប្រទេស​ពី​តំបន់​អាស៊ី​អាគ្នេយ៍។​
ប៉ុន្តែ​ ប្រសិន​បើ​អាស៊ាន​គោរពតាម​សំណើរ​របស់​អាមេរិក​ក្នុងការ​ថ្កោល​ទោស​សកម្មភាព​កូរ៉ខាង​ជើង​ ចិន​អាច​យល់​រឿង​នេះ​ថា ជា​ចេតនា​របស់​វ៉ាស៊ីនតោន​ក្នុងការ​ធ្វើ​​ឲ្យ​ស្មុគ​ស្មាញ​ដល់​ភាព​ស្រួច​ស្រាវ​ចំពោះវិបត្តិ​​នៅ​ឧបទ្វីបកូរ៉េ​ ដែល​អាស៊ាន​មិន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់។​ ការ​ឯកភាព​ផ្ទៃក្នុង​របស់​អាស៊ាន​​ក៏​អាច​រង​ផល​ប៉ះពាល់​ដោយ​អវិជ្ជមាន​ ប្រសិន​បើ​ខ្លួន​នឹង​ចូល​រួម​ពាក់​ព័ន្ធ​ក្នុង​វិបត្តិ​ឧប​ទ្វីប​នោះ។ មាន​សញ្ញា​បង្ហាញ​រួច​ហើយ​ថា រដ្ឋ​សមាជិក​ខ្លះ​​​ទោរទន់​ទៅ​រក​ចិន​ជាង ក្នុង​ខណៈ​សមាជិក​ផ្សេង​ទៀត​​​​ងាកទៅ​រក​អាមេរិក។ ប្រសិន​បើ​អាស៊ាន​មានភាព​លម្អៀង​​អំពី​ការគំរាម​​កូរ៉េខាង​ជើង នេះ​អាច​ពង្រីក​ភាព​ប្រះ​ឆារ​​នៅ​ក្នុង​អាស៊ាន​កាន់តែ​ធំ។​
ដូច្នេះ ប្រសិន​បើ​អាស៊ាន​មាន​បំណង​​បង្ហាញ​ភាព​ពាក់ព័ន្ធ​របស់ខ្លួន​អំពី​ការគំរាម​របស់​កូរ៉េ​ខាង​ជើង​នោះ អាស៊ាន​គយរ​តែ​​មើល​ថា តើ​ខ្លួន​​អាច​មាន​សមត្ថភាព​​​ក្នុងការ​ផ្តល់​ដំណោះ​ស្រាយ​គួរ​ឲ្យ​ជឿជាក់​​ចំពោះ​វិបត្តិ​នោះ និង​ជៀស​វាង​​ការលម្អៀង​ទៅ​រក​ចិន​ ឬ​អាមេរិកដែរឬអត់។​ ក្នុង​ពេល​កិច្ច​ប្រជុំ​​វេទិ​កា​​តំបន់​អាស៊ាន​ អាស៊ាន​​អាច​​ផ្តល់​សញ្ញា​ប្រាប់​កូរ៉េខាង​ជើងថា ប្រទេស​នោះ​គួរ​តែ​បញ្ចៀស​អកប្បកិរិយា​​ញួសញង់​របស់ខ្លួន ប៉ុន្តែ​លើស​ពី​នេះ​ទៀត មិន​មាន​កម្លាំង​ច្រើន​ដែល​អាស៊ាន​អាច​ធ្វើ​បាន​ដើម្បី​ដាក់​សម្ពាធ​កូរ៉េខាង​ជើង​​ឲ្យ​ផ្លាស់ប្តូរ​ផ្លូវ​ដើរ​របស់ខ្លួន​នោះទេ។ នៅ​អតីតកាល អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នានោះ​លើ​​ភាព​គ្រោះថ្នាក់​របស់​កូរ៉េខាង​ជើង​ ហើយ​កូរ៉េខាង​ជើង​មិន​បានគោរព​វា​ទេ ដោយ​បន្ត​​​កម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់ខ្លួន​ដោយ​គ្មាន​ការ​ញញើត។​
នេះ​មិន​មែន​បង្អាប់​​អំពី​សារៈ​សំខាន់​របស់​អាស៊ាន​ក្នុង​នាម​ជា​ស្ថាប័ន​តំបន់​នោះទេ។ ជា​ការ​ពិត ក្នុង​ប៉ុន្មាន​ទសវត្សរ៍ចុង​ក្រោយ​នេះ អាស៊ាន​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ជម្លោះ​នៅ​ក្នុង​តំបន់​តាម​រយៈ​​ការ​ចរចា ការ​ពិគ្រោះយោបល់ និង​ការ​មូល​មតិគ្នា។ គេ​អាច​មើល​ឃើញថា បទដ្ឋាន​អាស៊ាន​អាច​មាន​ឥទ្ធិពល​កាន់តែ​ធំ​លើ​សន្តិសុខ​នៅ​តំបន់​អាស៊ាន​ប៉ាស៊ីហ្វិក។ វេទិកាតំបន់​អាស៊ាន​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៤ សម្រាប់​អាស៊ាន ​និង​អ្នក​ទទួល​ខុសត្រូវ​​ខាង​ក្រៅ​ក្នុងការ​ពិភាក្សា​​បញ្ហា​សន្តិសុខ​ និង​លើក​កម្ពស់​វិធានការ​សហប្រតិបត្តិការ​ដើម្បី​លើក​កម្ពស់​សន្តិភាព ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់។​ ប៉ុន្តែ​វេទិការ​នោះ​មិន​មាន​បំណង​​ក្នុង​ការ​ផ្តល់​និង​អនុវត្ត​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ទេ ដូច្នេះ​អាស៊ាន​នៅ​មាន​កម្រិត​ក្នុង​ការ​ផ្តល់​អនុសាសន៍​ផ្តល់​ទំនុក​ចិត្ត​​ដល់​អាមេរិក​ និង​ចិន​លើ​វិបត្តិ​​ឧបទ្វី​ប​កូរ៉េនោះទេ។ ក្នុង​រយៈ​ពេល​យូរ អាស៊ាន​គួរ​តែ​ផ្តោត​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ខ្លួន​​លើ​ការ​បង្កើត​សហគមន៍​អាស៊ាន​ដើម្បី​ពន្លឿន​កម្លាំង​​ វិធានការ​​ក្នុងការ​លើក​កម្ពស់​​ការ​ពិគ្រោះ​យោប់​សន្តិភាព​​លើ​បញ្ហា​សន្តិសុខ​និង​ដំណោះ​ស្រាយ​ជា​សមូហភាព​សម្រាប់​ការ​ទប់​ស្កាត់​និង​ដំណោះ​ស្រាយ​ជម្លោះ។
ទន្ទឹម​គ្នា​នោះដែរ អាស៊ាន​គួរ​តែ​បន្ត​លើក​ឡើង​ច្បាស់​ថា កូរ៉េខាង​ជើងគួរ​តែ​​​បោះបង់​ចោល​​សកម្ម​ភាព​កម្រោល​របស់ខ្លួន​ ហើយ​ថា ភាគីពាក់​ព័ន្ធ​ទាំង​អស់​គួរ​តែ​ជៀសវាង​​រាល់​ការ​ញួសញង់​បន្ថែម​ទៀត៕

(ប្រភព៖ East Asia Forum ចុះថ្ងៃ១២ ខែមិថុនា​ ​ឆ្នាំ២០១៧)


កុមារ និងយុវជនខេត្តរតនៈគិរីក៏ដូចជាទូទាំងកម្ពុជាក្រោមម្លប់សន្តិភាព ទទួលបានការលើកកម្ពស់សិទ្ធិសេរីភាព និងឱកាសសិក្សាគ្រប់រូបភាព

នៅថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៧នេះ លោក​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងថា កុមារ​ និងយុវជនខេត្តរតនៈគិរី​ ក៏ដូចជាទូទាំងកម្ពុជាក្រោមម្លប់សន្តិភាព​ ទទួលបានការលើកកម្ពស់សិទ្ធិសេរីភាព​ និងឱកាសសិក្សាគ្រប់រូបភាព​។ លោកអភិបាលខេត្ត បានថ្លែងដូចនេះក្នុងពិធីសំ​ណេះសំណាលទៅកាន់លោកគ្រូ​ អ្នកគ្រូ​ សិស្សា​នុសិស្ស​ ប្រមាណជាង២,០០០​ នាក់​ ក្នុងពិធីអបអរសាទរខួបលើកទី៦៨​ ទិវាកុមារអន្តរជាតិ​ ០១​ មិថុនា​ ខួបលើកទី១៦​ ទិវាពិភពលោក​ប្រឆាំងពលកម្មកុមារ១២​ មិថុនា​ និងទិវាកុមារកម្ពុជា​ ឆ្នាំ២០១៧។

លោកអភិបាលខេត្តរតនៈគិរី​  បានបញ្ជាក់ថា​ កុមារ​ និងយុវជនគ្រប់ជនជាតិនៅក្នុងខេត្តរតនៈគិរី​ និយាយរួមនៅទូទាំងប្រទេសកម្ពុជា​ ដែលកំពុងតែជ្រកក្រោមម្លប់សន្តិភាព​ ទទួលបានការលើកកម្ពស់សិទ្ធិសេរីភាព​ និងឱកាសសិក្សាគ្រប់រូបភាព​ ក្នុងនោះឱកាសនៃការសិក្សារៀនសូត្រ​ មានលក្ខណៈទូលំទូលាយ​ និងសំបូរបែប​ ។​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានលោក ហ៊ុន សែន​ ជានាយករដ្ឋមន្ត្រី​ កុមារកម្ពុជាទទួលបានការយកចិត្តទុក​ដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈគោលនយោបាយយុទ្ធសាស្ត្រ​ និងកំណែទម្រង់វិស័យអប់រំ​ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព​។​

លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ​ អ្នកគ្រូទាំងអស់ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់កម្រិត​ និងសូមឱ្យបន្តការខិតខំប្រឹងប្រែង​ សហការជាមួយអាណាព្យាបាលសិស្ស​ អប់រំ​ លើកកម្ពស់សីលធម៌​  ការគោរពច្បាប់ផ្សេងៗ ដើម្បីឱ្យកុមារគ្រប់រូបក្លាយជាធនធានបន្តវេនប្រកបដោយគុណភាព​ និងសីលធម៌​ក្នុងការអភិវឌ្ឍប្រទេស​៕






Facebook ត្រូវការឱ្យបើកចំហថែមទៀត អំពីឥទ្ធិពលរបស់ខ្លួនទៅលើប្រជាធិបតេយ្យ

Facebook និង Twitter បានក្លាយទៅជាសមរភូមិបោះឆ្នោតដ៏ធំក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៧ ។ នៅទីនេះគឺថា យុទ្ធនាការនោះមានឥទ្ធិពលដើម្បីឈ្នះ ឬក៏ចាញ់។ ជាពិសេសអ្នកបោះឆ្នោតវ័យក្មេងបែរទៅប្រើប្រាស់ព័ត៌មានសង្គមជាប្រភពព័ត៌មាន និងជាដំណឹងនយោ បាយដ៏សំខាន់របស់ពួកគេ។ ដោយមានការព្រួយបារម្ភរួមជាមួយនឹងព័ត៌មានជាច្រើនបានកត់សម្គាល់ថា គណបក្សនយោបាយនានា បានប្រើប្រាស់បច្ចេកទេសដ៏មានចម្រូងចម្រាស់ផ្តោតទៅលើគោលដៅ ដើម្បីចាប់យកចំនួនប្រជាសាស្ត្រដ៏ចម្បងដែលប្រើប្រាស់សាររបស់ខ្លួន។ តាមរយៈការស្រាវ ជ្រាវឯករាជ្យថា តើបណ្តាញព័ត៌មានមួយផ្នែកៗទាំងនេះត្រូវបានប្រើប្រាស់ដោយតួអង្គនយោ បាយយ៉ាងដូចម្តេចក្នុងអំឡុងពេលការបោះឆ្នោត ដែលមានសារៈសំខាន់ក្នុងគោលបំណងដើម្បីផ្តល់ឱ្យមានការប្រកួតស្មើភាពគ្នា ហើយដើម្បីអនុញ្ញាតឱ្យអ្នកបោះឆ្នោតយល់អំពីរបៀបប្រើដើម្បីឱ្យមានឥទ្ធិពលទៅលើទស្សនៈរបស់ខ្លួន។
Twitter ផ្តល់សម្រាប់អ្នកស្រាវជ្រាវបានតែ ១% នៃទិន្នន័យប្រចាំថ្ងៃរបស់ខ្លួនតាមរយៈ API ។ វិទ្យាស្ថានអ៊ីនធឺណែតនៅ Oxford បានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីស៊ើបអង្កេតការសន្ទនាផ្នែកនយោបាយទៅកម្មវិធីនយោបាយ មុនការបោះឆ្នោតជាតិនៃចក្រភពអង់គ្លេស។ យើងបានពិនិត្យមើលការប្រើប្រាស់នៃការចែកចាយព័ត៌មាននយោបាយ ក៏ដូចជាការផ្សព្វ ផ្សាយព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់នៅលើព័ត៌មានសង្គម។ តាមទិន្នន័យរបស់យើងបង្ហាញឱ្យឃើញថា ការសន្ទនារបស់គណបក្សការងារនៅតាម Twitter បានកើនឡើងគ្រប់ពេល និងគ្របដណ្តប់ទៅលើលំហូរព័ត៌មានដែលទាក់ទងនឹងការបោះឆ្នោតស្តីពីកម្មវិធីនយោបាយ។ គណបក្សការងារគឺមានលំហូរព័ត៌មានប្រមាណ ៦២% ប្រៀបធៀបទៅនឹងគណបក្សអភិរក្សនិយម ១៧%។ តាមទិន្នន័យដែលដកស្រង់ដោយក្លឹបប្រជាធិបតេយ្យបានបង្ហាញថា បេក្ខភាពការងារ ៨៨% បានចុះឈ្មោះ ប្រៀបធៀបទៅនឹង ៧៣% នៃបេក្ខភាពអភិរក្សនិយម។ តាមការកត់សម្គាល់ថ្មីៗបំផុតរបស់យើងបង្ហាញថា គ្រាន់តែប៉ុន្មានថ្ងៃមុនការបោះឆ្នោតមានគណនី Twitter ជាង ៥០០ មានលំហូរព័ត៌មានតាមស្ថានភាពនេះច្រើនជាងពីរដងប្រៀបទៅនឹងដើមខែឧសភា។ សំខាន់ជាងនេះនោះគឺ ភាគច្រើនបំផុតនៃប្រតិបត្តិការ Twitter ទាំងនេះគឺទាក់ទងទៅនឹងការចែកចាយអំពីព័ត៌មានដែលទាក់ ទងទៅនឹងគណបក្សនយោបាយធំទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយមានភស្តុតាងមួយទៀតដែលបង្ហាញឱ្យឃើញថា ព័ត៌មានខ្លះមានទំនោរផ្តោតទៅលើបណ្តាញព័ត៌មានតាម Facebook ហើយមានសកម្មភាពបែបចម្រូងចម្រាស់ មិនមែននៅតាមបណ្តាញ Twitter នោះទេ ដោយសារតែមានចំនួនជាងពាក់កណ្តាលនៃប្រជាជនអង់គ្លេសប្រើប្រាស់ Facebook អញ្ចឹងកម្មវិធីនយោបាយដែលបានធ្វើឡើងតាមក្រុមហ៊ុនព័ត៌មានបែបប្រពៃណីគ្រាន់តែជាការដេកយល់សប្តិតែប៉ុណ្ណោះ។ វាមិនដូច Twitter និង Facebook មិនបានផ្ដល់ឱ្យទទួលបាននូវទិន្នន័យសម្រាប់ការសិក្សាស្រាវជ្រាវបាន។ យើងប្រហែលមិនបានយល់ឱ្យបានពេញលេញអំពីឥទ្ធិពលចេញពី​ Facebook នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៧ យើងបានអំពាវនាវដល់ក្រុមហ៊ុនឱ្យកាន់តែជាសមាជិកមានការទទួលខុសត្រូវអំពីការបោះឆ្នោតនាពេលអនាគត។ មានវិធី Facebook បីយ៉ាងដែលកាន់តែមានតម្លាភាពថែមទៀតនោះ។
ទីមួយ យើងទាមទារឱ្យក្រុមហ៊ុន Facebook បង្ហាញឱ្យឃើញតើគណបក្សនយោបាយណាមួយដែលអាចទិញទិន្នន័យពីអ្នកប្រើប្រាស់បាន ដែលអនុញ្ញាតឱ្យពួកគេធ្វើការវិភាគផ្នែកណាមួយនោះរបស់ប្រជាសាស្ត្រ។ បណ្តាញព័ត៌មានសង្គមត្រូវទទួលស្គាល់តួនាទីរបស់ខ្លួនថា ជាអ្នកផ្តល់ព័ត៌មានដ៏មានឥទ្ធិពល។
ទីពីរ ក្រុមហ៊ុន Facebook គួរតែធ្វើការបន្ថែមទៀតដើម្បីជួយដល់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យមើលការប៉ុនប៉ងជ្រៀតជ្រែកពីតួអង្គបរទេសណាមួយ។ នេះជាភាពប្រឈមថ្មីៗដែលរាំងស្ទះដល់ការឈានទៅដល់ការទទួលយកព័ត៌មាន ដែលរាំងខ្ទប់ការចែកចាយទៅដល់អ្នកបញ្ចេញឥទ្ធិពលដ៏ខ្លាំងរបស់ពួកបរទេស។
នៅចុងបញ្ចប់ ការកើនឡើងនូវផលដែលកើតចេញពីសម័យបច្ចេកវិទ្យានៅក្នុងក្របខណ្ឌនយោបាយត្រូវតែលើកយកមកដោះស្រាយ។ ព្រឹត្តិការណ៍នយោបាយថ្មីៗនៅក្នុង ប្រជាធិបតេយ្យលោកខាងលិចបានបែងចែកអ្នកបោះឆ្នោត ស្ថានភាពនេះវាទាក់ទងទៅនឹងបទពិសោធន៍ជាក់ស្តែងនៅតាមព័ត៌មានសង្គម ដែលគ្រាន់តែធ្វើឲ្យស្ថានភាពនេះមានចល​នាតែប៉ុណ្ណោះ។ យើងទាំងអស់កំពុងតែជួបប្រទះនូវបទពិសោធន៍នៃទស្សនៈខ្វែងយោបល់គ្នានៅក្នុងពិភពលោកនេះ ដែលគ្រាន់តែកើតចេញពីទស្សនៈផ្សេងៗពីគ្នាតែប៉ុណ្ណោះ។ Facebook ត្រូវតែធ្វើកិច្ចការបន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យមាននូវការបញ្ចេញការសន្ទនាបែបទស្សនៈនយោបាយ។
បណ្តាញព័ត៌មានសង្គមត្រូវឱ្យមានភាពចាស់ទុំ តាមរយៈការបង្ហាញអត្តសញ្ញាណថា ជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយ ហើយទទួលស្គាល់តួនាទីរបស់ពួកគេថា ជាអ្នកផ្តល់ព័ត៌មានសំខាន់។ បន្ថែមលើនេះទៀតនោះ Facebook គួរតែធ្វើបន្ថែមទៀត ដើម្បីសហការជាមួយមន្ត្រីបោះឆ្នោត ក្រុមអង្គការសង្គមស៊ីវិល និងអ្នកស្រាវជ្រាវដើម្បីអនុញ្ញាតឱ្យមានការត្រួតពិនិត្យសម​រម្យទៅលើយុទ្ធនាការ និងការផ្សព្វផ្សាយព័ត៌មានបែបនយោបាយតាមអនឡាញ។
ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត Twitter ជំរុញឱ្យមាននូវការសន្ទនាការបោះឆ្នោតច្រើនយ៉ាង ដែលយើងរំពឹងថា នឹងទទួលបានចេញពីការស្រាវជ្រាវរបស់យើងលើកមុន។ អ្នកប្រើប្រាស់ចែករំលែកព័ត៌មានដែលមានគុណភាពល្អភាគច្រើន រួមផ្សំជាមួយនឹងព័ត៌មានផ្នែកតូចតាចណាមួយនៅក្នុងព័ត៌មានធំៗទាំងនោះ។ នៅលើទំព័រ Facebook ការធ្វើដូច្នេះអាចត្រូវបានគេមើលឃើញថា មានអត្ថបទខុសៗគ្នា ដែលយើងមិនអាចដឹងបាន៕
(ប្រភព: The Guardian ចុះថ្ងៃទី១២ ខែមិថុនា​​ ឆ្នាំ២០១៧)


(សូមទស្សនាវីដេអូ) មេភូមិស្វ័យប្រកាសបក្សសង្គ្រោះជាតិហ៊ានក្លែងឯកសារសាធារណៈ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ស្ត្រីមេម៉ាយទីទ័លក្រខ្លាំង ទទួលបានផ្ទះមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅថ្ងៃទី១៣ ខែមិថុនា  ឆ្នាំ២០១៧នេះ ផ្ទះមនុស្សធម៌ទី១៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនអ៊ុំស្រី សោម រ៉ង់  អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រខ្លាំង ត្រូវមើលថែទាំកូនប្រុសពិការគមខ្នងផង រស់នៅភូមិខ្សាច់  ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។ ផ្ទះមនុស្សធម៌នេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់ពីឈើតម្កល់លើជើងតាង កម្ពស់ពីដី ១,៦ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ។
នៅក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុក​ដាក់​គិតគូរចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំ​នឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី ក៏បានសំណូមពរឱ្យសម្អាត ថែរក្សាផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើលថែកូនឱ្យគាត់សុខភាពល្អ។ នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
អំណោយសង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ ទូរទស្សន៍១ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួនផងដែរ ។ ក្នុងនោះដែរលោក អៀម សូវៀត ជាម្ចាស់ភោជនីយដ្ឋាន កោះកេរ្តិ៍ ក្រុងសៀម​រាប បានឧបត្ថម្ភ នូវទូរទស្សន៍ ២១អ៊ិញ ១គ្រឿង ភួយ២ កន្សែងពោះគោ ២ ផងដែរ ។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមពិធីក៏ទទួលបានថវិកាមួយចំនួនសម្រាប់កំដរដៃផងដែរ៕







ចិន៖ របាយការណ៍យោធាអាមេរិកត្រូវបានជំរុញឡើងដោយយកលំនាំតាមបែបសង្រ្គាមត្រជាក់

រដ្ឋាភិបាលទីក្រុងប៉េកាំងបានរិះគន់របាយការណ៍មួយ ដែលចេញផ្សាយដោយមន្ទីរបញ្ចកោ​ណនៅសប្តាហ៍នេះ ដែលវាយតម្លៃពីសមត្ថភាពយោធារបស់ចិន ដោយចោទប្រកាន់ថា អាមេរិកបានបំភ្លៃការពិត។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងកាលពី​ថ្ងៃព្រហស្ប​តិ៍នេះ អំពីរបាយការណ៍អំណាចយោធាចិនឆ្នាំ ២០១៧ របស់ក្រសួងការពារចិនប៉ុ​ន្មាន​ថ្ងៃមុនចេញផ្សាយប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ មន្ទីរបញ្ចកោណបានវិភាគអំពីកំណែទម្រង់​រចនាសម្ព័ន្ធយ៉ាងធំនៃយោធាចិន ដែលធ្វើឡើងក្រោមការដឹកនាំរបស់លោក Xi Jinping ហើយ​បានចោទប្រកាន់ចិនថា បានពង្រីកឥទ្ធិពលកងទ័ពរបស់ខ្លួននៅក្នុងតំបន់ដែនទឹកមានជម្លោះ ព្រំដែនទឹក និងព្រំដែនដីគោករបស់ខ្លួន។ អាមេរិកក៏បានរិះគន់ចិនដែរថា បានលួចយកបច្ចេក​វិទ្យាបរទេស និងគាំទ្រដល់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយចំនួនផងដែរ។ លោកស្រី​ Hua បានចាត់ទុករបាយការណ៍របស់អាមេរិកនេះថា “ពោរពេញដោយបញ្ហា លំអៀង និងបង្កប់​ដោយគំនិតបែបសង្រ្គាមត្រជាក់” ដែលផ្ទុយពីការពិត។ លោកស្រីក៏បានអំពាវនាវឱ្យអាមេរិក បញ្ឈប់ការចេញនូវការវាយតម្លៃដូច្នោះទៀតទៅ។

យោងតាមសុន្ទរកថារបស់លោកស្រី Hua បានឱ្យដឹងថា “យើងសង្ឃឹមថា អ្នកដែលចេញពីយោ​ធា​អាមេរិកគួរបោះបង់គំនិតបែបសង្រ្គាមត្រជាក់នេះចេញ ហើយសម្លឹងមើលការអភិវឌ្ឍរបស់ចិនវិញ​។ លោកស្រី Hua បានអះអាងថា ប្រទេសលោកស្រីពុំមានកំហុសក្នុងការអភិវឌ្ឍសមត្ថភាពយោ​ធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងខាងកើតនោះទេ ពីព្រោះ វាគឺជាទឹកដីរបស់ចិន។ ការទាមទារទឹកដីដ៏ធំរបស់ចិននេះមានជម្លោះជាមួយនឹងប្រទេសក្នុងតំបន់មួយចំនួន ហើយរបា​យ​ការណ៍របស់មន្ទីរបញ្ចកោណបានលើកឡើងថា ចិនបានដាក់ពង្រាយឆ្មាំការពារសមុទ្រ កងទ័ព​ជើងទឹក និងទូកនេសាទជាច្រើនជាទៀតទាត់ដើម្បីទាមទារតំបន់ទាំងនោះ។ លោកស្រី​ Hua ក៏​បានលើកឡើងអំពីការបង្កើនសមត្ថភាពយោធារបស់អាមេរិកនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិកផងដែរ រួមមានយន្តហោះចម្បាំងចំនួនពីរគ្រឿង ព្រមទាំងពង្រីកតួនាទីកងទ័ពជើងទឹកនៅក្នុងតំបន់នេះផង​ដែរ។ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានពង្រីកវត្តមានយោធារបស់ខ្លួន ដើម្បីឆ្លើយតបទៅ​នឹងការលើកឡើងរបស់កូរ៉េខាងជើង ដែលថានឹងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦។ លោក Trump បានអំពាវនាវឱ្យចិនធ្វើការគ្រប់គ្រងស្ថានការណ៍នេះ លើកូរ៉េខាងជើង ដែលជាសម្ព័ន្ធ​មិត្តជាយូរមកហើយរបស់ខ្លួនផងដែរ។

 ដើម្បីទប់ទល់ទៅនឹងការសន្និដ្ឋានរបស់អាមេរិក ដែលថា ចិនបាន និងកំពុងពង្រីកអំណាច​យោធារប​ស់ខ្លួន ដោយការបង្កើតមូលដ្ឋានបរទេសទីមួយនៅក្នុងប្រទេស Djibouti ជិតឈូងសមុទ្រយុទ្ធ​សាស្រ្ត Aden ហើយកំពុងរៀបចំផែនការបង្កើតមូលដ្ឋានទីពីរនៅប្រទេស Pakistan ដែរ។ ពាក់​ព័ន្ធនឹងបញ្ហានេះ លោកស្រី​ Hua បានលើកឡើងអំពីមូលដ្ឋានយោធាអាមេរិកទូទាំងពិភពលោក។ នៅឆ្នាំ ២០១៥ អាមេរិកត្រូវបានគេប៉ាន់ស្មានថា មានមូលដ្ឋានយោធានៅបរទេសប្រ​មាណជា ៨០០ កន្លែងទូទាំងពិភពលោក។

លោកស្រី Hua បានរិះគន់អំពី “ការមិនទទួលខុសត្រូវ” នៃរបាយការណ៍របស់មន្ទីរបញ្ចកោណ នៅ​ពេលដែលសួរអំពីបញ្ហានេះ។ លោកស្រីបានការពារថា ចិនមានការតាំងចិត្តដើម្បីរក្សាសន្តិភាព និងច្រានចោលរបាយការណ៍របស់យោធាអាមេរិក ដែលបានលើកឡើងនេះ។ លោកស្រីបន្ត​ថា “ចិនបានដើរតាមផ្លូវសន្តិភាព ប្រកាន់ភ្ជាប់គោលនយោបាយការពារជាតិមួយ ដែលនៅតែមានគោលដៅរក្សាសន្តិភាព និងស្ថិរភាពនៅ អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត”។ ការការពារជាតិ​របស់ចិន គឺមានគោលបំណងប្រកាន់ភ្ជាប់នូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាសិទ្ធិស្របច្បាប់របស់ចិន៕

(ប្រភព : Newsweek ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧)



ក្រុម​ប្រឹក្សាភិ​បាលនៃមន្ទីរ​ពេទ្យគន្ធ​បុប្ផា ផ្ញើសា​រលិខិតថ្លែ​ងអំណរគុ​ណដល់​កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជាថវិកា១លានដុល្លារអាមេរិកចំពោះមន្ទីរពេទ្យគន្ធបុប្ផា

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យគន្ធបុប្ផា បានផ្ញើសារលិខិតថ្លែងអំណរគុណលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជាថវិកា១លានដុល្លារអាមេរិក ចំពោះមន្ទីរពេទ្យគន្ធបុប្ផា។

ក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យគន្ធបុប្ផាបានធានាអះអាងថា ថវិកានេះបានជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា ក៏ជួយការពារកុមារឱ្យរួចផុតអំពីពិការភាព បានយ៉ាងច្រើន៕




ក្រសួ​ងអប់រំ បើក​សិក្ខាសា​លាផ្សព្វ​ផ្សា​យស្ដីអំពី កម្ម​វិធីសមមូ​លអប់រំ​មូលដ្ឋា​នតាមប្រព័ន្ធបច្ចេកវិទ្យា BEEP

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី មានប្រារព្ធពិធីបើកសិក្ខាសាលាស្ដីអំពី ICT-Based basic Education Equivalency Program ក្រោមអធិបតីភាពរបស់លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមាន លោក លោកស្រីគណៈកម្មការបច្ចេកទេសរៀបចំកម្មវិធី BEEP
ដោយកម្មវិធីនេះសហការរៀបចំ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ។
ក្នុងកម្មវិធីបើកសិក្ខាសាលា លោកស្រីបានមាន ប្រសាសន៍ថា កម្មវិធីនេះគឺជាកូនសោគន្លឹះមួយក្នុងការទាក់ទាញដល់យុវជនទាំងអស់ ដែលបោះបង់ការសិក្សា មានលទ្ធភាពបន្តការសិក្សាជាថ្មីម្ដងទៀត ហើយយើងអាចស្រូបទាញកម្លាំងពលកម្មដែលមានសមត្ថភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតកាន់តែល្អប្រសើរឡើង៕




ទម្រាំបានមកដល់ពេលនេះ កម្ពុជា បានឆ្លងកាត់នូវការលំបាកវេទនាជាច្រើន

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនូវទស្សនៈផ្ទាល់ខ្លួនរបស់លោកពាក់ព័ន្ធនឹងការរីកចម្រើនរបស់សង្គមកម្ពុជានាពេលបច្ចុប្បន្ន។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពី «ការពិតដែលយុវជន យុវតីបានដឹង និងឃើញច្បាស់នឹងភ្នែកសព្វថ្ងៃគឺ៖ ១– នៅពេលដែលយុវជនធំដឹងក្តី គឺបានឃើញកម្ពុជា រីកចម្រើនស្រស់ស្អាតទៅមុខឥតឈប់ឈរ។ ២– នៅពេលដែលយុវជនធំដឹងក្តី គឺមានសាលារៀននៅគ្រប់ទីកន្លែងពីទីក្រុងដល់ជនបទ។ ៣– នៅពេលដែលយុវជនធំដឹងក្តី គឺឃើញកម្ពុជាមានសុខសន្តិភាព ទន្ទឹមនឹងបានឃើញប្រទេសមួយចំនួន កំពុងកើតមានសង្រ្គាម ដែលយុវជនបានបាត់បង់ឱកាសគ្រប់យ៉ាង។ ៤– នៅពេលដែលយុវជនធំដឹងក្តី គឺបានឃើញសម្តេចតេជោ ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ ដែលបានខិតខំដឹកនាំកសាងអភិវឌ្ឍន៍កម្ពុជារហូតរីកចម្រើន ហើយសម្តេចតេជោ តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ទាំងអស់នេះហើយ ដែលយុវជន យុវតីកម្ពុជា ទូទាំងប្រទេសមាន ភាពកក់ក្តៅ និងជឿទុកចិត្តលើការដឹកនាំរបស់លោកតែម្នាក់ប៉ុណ្ណោះក្នុងការថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ៕


សិក្ខាសាលាថ្នាក់ជាតិស្តីពី “ការទប់ស្កាត់ការធ្វើពាណិជ្ជកម្មសារធាតុគីមី និងសំណល់ខុសច្បាប់នៅកម្ពុជា”

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាថ្នាក់ជាតិស្តីពី “ការទប់ស្កាត់ការធ្វើពាណិជ្ជកម្មសារធាតុគីមី និងសំណល់ខុសច្បាប់នៅកម្ពុជា” ដែលបាននឹងប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមិថុនា ឆ្នាំ២០១៧។
ពិធីបើកសិក្ខាសាលាក៏មានការចូលរួមដោយលោក Andy Raine មន្រ្តីច្បាប់ និងលោក Huib Van Westen ទីប្រឹក្សា និងជាអ្នកសម្របសម្រួលបណ្តាញថ្នាក់តំបន់ទទួលបន្ទុកសារធាតុគីមីនិងសំណល់ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ និងមានសិក្ខាកាមចូលរួមចំនួន ៥០រូប ដែលមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលឧបត្ថម្ភដោយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ក្រោមកិច្ចសហការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន។
សិក្ខាសាលានេះមានគោលបំណងកសាងសមត្ថភាពដល់មន្រ្តីអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មសារធាតុគីមី និងសំណល់ខុសច្បាប់ និងផ្តល់សិក្ខាកាមនូវបទពិសោធន៍ និងការអនុវត្តផ្ទាល់ក្នុងការត្រួតពិនិត្យឯកសារគយលើទំនិញដែលមានហានិភ័យខ្ពស់៕




គណៈប្រតិភូ មកពី២២ ប្រទេសក្នុងទ្វីបអាស៊ី ចុះទៅស្វែងយល់ក្រុងបាត់ដំបង ដែលត្រៀម ដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈប្រតិភូមកពី២២ប្រទេស ក្នុងទ្វីបអាស៊ី ដឹកនាំដោយក្រសួងទេសចរណ៍ បានទៅបំពេញទស្សនកិច្ចស្វែងយល់បន្ថែមទៀត នៅក្រុងបាត់ដំបង គ្រាដែលរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបញ្ចូលទីក្រុងបាត់ដំបង ជាទីក្រុងស្អាត ក្នុងចំណោមខេត្តទំាង៣ ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកក្នុងពេលឆាប់ៗ នាពេលខាងមុខនេះ។
ក្នុងដំណើរទស្សនកិច្ចនេះដែរដឹកនាំដោយលោក ថុក សុខុម ប្រធាននាយកដ្ឋានកិច្ចការសហប្រតិបត្តិការអន្តរជាតិអាស៊ាន នៃក្រសួងទេចរណ៍ លោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង តំណាងលោក ងួន រតនៈ អភិបាលរងខេត្ត និងមានចូលរួមពីក្រុមជំនាញការ UNESCO អ្នកសង្កេតការណ៍អន្តរជាតិ ពីប្រទេសអឺរ៉ុបមួយចំនួន អមដំណើរដោយមន្រ្តីជំនាញពាក់ព័ន្ទក្នុងខេត្ត គោលបំណងដើរទស្សនាកន្លែងសំខាន់ៗ អគារបុរាណនានា និងមានកិច្ចជួបប្រជុំនៅសាលាខេត្តនៅពេលរៀលផងដែរ។
លោក ថុក សុខុម បានប្រាប់ឲ្យដឹងថា ប្រតិភូទាំង២២ប្រទេស ក្នុងទ្វីបអាស៊ី មកទស្សនកិច្ចនាថ្ងៃនេះ ដោយប្រតិភូបានកំណត់គោលដៅទី១៖ ខេត្តសៀមរាប គោលដៅទី២៖ ខេត្តបាត់ដំបង និងទី៣៖ ខេត្តព្រះសីហនុ។
សូមជម្រាបថា ខេត្តទាំង៣នេះ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍បណ្តុំទៅដោយ ភ្ញៀវទេចរចំរុះជាតិសាសន៍ តែងតែមកទស្សនាយ៉ាងច្រើនកោះករ បង្កើនកម្រិតជីវភាពប្រជាពលរដ្ឋក្នុតំបន់ និងបានជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ និងក្នុងតំបន់ផងដែរ។
បើតាមលោក ថុក សុខុម ដោយឡែកខេត្តបាត់ដំបង មានសក្តានុពលខ្លាំង ជាខេត្តប្រវត្តិសាស្រ្តយូរលង់មកហើយ ក្នុងថ្ងៃនេះប្រតិភូទាំងអស់ និងដើរគ្រប់ទីកន្លែងដែល នៅសេសសល់ ពីសម័យបុរាណនានា មានដូចជា វត្តអារាម ផ្ទះបុរាណ សាលាខេត្តជំនាន់បារាំង និងកន្លែងផ្សេងជាច្រើនទៀត ដែលបន្សល់ពីបុរាណកាល៕




អង្គការ​ស្បៀងអា​ហារ​ពិភពលោក សន្យាបន្ត​ជួយលើកកម្ពស់​ជីវភាព រស់​នៅរ​បស់ប្រជាពលរដ្ឋកម្ពុជា

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែមិថុនា ២០១៧ ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា លោក ជីអាន់ភ្ជែត្រូ បូឌីញូ ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជាបានមានប្រសាសន៍ថា អង្គការស្បៀងអាហារពិភពលោកនឹងបន្តជួយដល់ប្រទេសកម្ពុជាបន្តទៀត ជាពិសេស នឹងជួយរៀបចំគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀងឆ្នាំ២០១៩-២០២៣ នៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ជីអាន់ ភ្ជែត្រូ បូឌីញូ បានឲ្យដឹងថា លោកនឹងត្រូវបញ្ចប់បេសកកម្មនៅកម្ពុជានៅចុងខែមិថុនា ២០១៧នេះ។ លោក ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដែលតែងតែសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធិជាមួយអង្គការស្បៀងអាហារពិភពលោក និងអង្គការពាក់ព័ន្ធដ៏ទៃទៀតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងការបង្កើតចេញនូវយុទ្ធសាស្ត្រផ្សេងៗ និងបានជួយឲ្យបេសកកម្មរបស់លោកនៅកម្ពុជាទទួលបានលទ្ធផលល្អ។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលើការងារសន្តិសុខស្បៀង និងអាហាររូបត្ថម្ភនាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោក ជីអាន់ភ្ជែត្រូ បូឌីញូ ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវលទ្ធផលជាច្រើន លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមចំណែកដល់ការកែលំអជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន តែងតែតម្កល់ទុកសុខភាពរបស់ប្រជាជន គឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស និងវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
សូមជម្រាបផងដែរថា កត្តាទាំងនេះបានជំរុញឲ្យក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដែលជាសេនាធិការបស់រាជរដ្ឋាភិបាលដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជួយសម្របសម្រួល និងដឹកនាំអនុវត្តលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងអង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍនានា ក្នុងគោលដៅធ្វើយ៉ាងណាឲ្យវិស័យស្បៀង និងកង្វះអាហាររូបត្ថម្ភនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បាញ់ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យមានសមធម៌ យុត្តិធម៌ក្នុងសង្គម និងលើកកម្ពស់សុខភាពមាតា និងទារកតាមរយៈការកែទម្រង់លើគ្រប់វិស័យ ទាំងវិស័យច្បាប់ ប្រព័ន្ធតុលាការហិរញ្ញវត្ថុមុខងារសាធារណៈ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងបរិបទសង្គមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចយើងបានឃើញការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងមានកំណើនខ្ពស់ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ៕



មេភូមិស្វ័យប្រកាសបក្សសង្គ្រោះជាតិហ៊ានក្លែងឯកសារសាធារណៈត្រូវសមត្ថកិច្ចចាប់ខ្លួន

នរណាថាសកម្មជនបក្សសង្គ្រោះជាតិមិនឃ្លានអំណាច!? បុរសវ័យចំណាស់ម្នាក់ដែលមកពី គណបក្សសង្គ្រោះជាតិ អះអាងដោយខ្លួនឯងថាជាមេភូមិ និងចាត់ចែងការងារជំនួសមេភូមិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតកម្ពុជាថ្មីនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។ ការប្រកាសខ្លួន និងហ៊ានចុះហត្ថលេខាដោយតាំងខ្លួនជាមេភូមិថ្មី ភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបងរបស់វ័យចំណាស់រូបនេះ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃ ៤ មិថុនា បក្សសង្គ្រោះជាតិមានសំឡេងនាំមុខ ប៉ុន្តែគ.ជ.ប. មិនទាន់ប្រកាសលទ្ធផលជផ្លូវការ ក្រុមប្រឹក្សាឃុំថ្មីក៏មិនទាន់ប្រកាសសុពលភាព ហើយមេភូមិថ្មីក៏មិនទាន់ត្រូវបានរៀបចំ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ រួម នាង ភេទប្រុស អាយុ ៧៣ ឆ្នាំ ជាមេភូមិមានសុពលភាពរបស់ភូមិអន្លង់ល្វា លើកឡើងថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៧ មានប្រជាពលរដ្ឋម្នាក់ដែលធ្វើការនៅព្រំដែនខ្មែរថៃ មានជំងឺនិងបានមកផ្ទះឪពុកឯស្រុកកំណើត ព្រមទាំងបានទៅឱ្យមណ្ឌលសុខភាពព្យាបាល ប៉ុន្តែដោយសារតែខ្លួនមានជីវភាពក្រីក្រ គ្រូពេទ្យក៏បានឱ្យសៀវភៅមួយក្បាលឱ្យទៅបំពេញដើម្បីឱ្យលោកមេភូមិបញ្ជាក់ថាពិជាជនក្រីក្រមែន។ មិនជួបមេភូមិ អ្នកភូមិជិតខាងក៏បានចង្អុលថាទៅផ្ទះមេភូមិថ្មីទៅ ព្រោះគេទើបជាប់ឆ្នោត រួចខ្លួនក៏បានដើរទៅ គឺនៅពេលនោះហើយដែលលោកមេភូមិថ្មី តែងតាំងខ្លួនឯងដោយគ្មានប្រកាសណាមួយនោះ បានសរសេរលើសៀវភៅនោះបញ្ជាក់ថាពិតជាជនក្រីក្រពិតប្រាកដមែន ដោយលិខិតនេះចេញឱ្យសាមីខ្លួនយកទៅប្រើប្រាស់តាមតែអាចប្រើបានព្រមទាំងបានចុះហត្ថលេខាទៀតផង។
ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈនេះ សមត្ថកិច្ចក៏បានចុះទៅនាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរព្រមទាំងបានរៀបចំបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ យោងតាមច្បាប់ ករណីក្លែងឯកសារសាធារណៈ អាចជាប់ពន្ធនាគារចាប់ពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។ ថាហើយថាទៀត! កុំចេះតែជ្រួលជ្រើម ស្តាប់មេស៊ីសង តែជ្រួលជ្រើម មានតែទៅសំរានក្នុងមន្ទីរឃុំឃាំង! ចាំមើលៗ ធនធានមនុស្សរបៀបនេះមានប៉ុន្មាននាក់ទៀត?
ដោយ៖ ចៅ ចាក់ស្មុក

ទស្សនវិភាគ៖ តើ សម រង្ស៊ី ចង់វិលត្រឡប់មកកម្ពុជាវិញក្នុងឋានៈជាអ្វី?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ដែលបាននិងកំពុងរត់គេចខ្លួនពីសាលក្រមតុលាការ បានបង្ហើរសម្តីតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងជំនួបជាមួយសកម្មជននិងអ្នកគាំទ្ររបស់ខ្លួននៅប្រទេសបារាំង និងចុងក្រោយនៅប្រទេសកាណាដាថា ខ្លួននឹងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញនៅអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ សម រង្ស៊ី បានលើកឡើងថា ការបោះឆ្នោតជាតិត្រូវតែមាន រូបសម រង្ស៊ី ជាដាច់ខាត ព្រោះរូបលោកជាគូរប្រកួតតែមួយគត់តទល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ តើ សម រង្ស៊ី ប្រកាសចូលមកកម្ពុជានៅក្នុងនាមអ្វី?

១-ចូលមកកម្ពុជាក្នុងនាមជាអ្នកទោស៖ បច្ចុប្បន្ននេះ សម រង្ស៊ី បានជាប់ជំពាក់នឹងសំណុំរឿងក្តីជាច្រើននៅតុលាការ ហើយសំណុំរឿងខ្លះបានបញ្ចប់ដោយសម រង្ស៊ី ត្រូវបានរកឃើញមានពិរុទ្ធភាពចំពោះទង្វើល្មើសច្បាប់របស់ខ្លួន។ សម រង្ស៊ី បានរត់គេចចេញពីអំណាចសាលក្រមតុលាការ។ ប្រសិនបើ សម រង្ស៊ី វិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ គ្មាននរណាឃាត់ឡើយ ហើយជាមួយគ្នានេះ ពន្ធនាគារនៅរង់ចាំស្វាគមន៍ សម រង្ស៊ី ជានិច្ចពោលគឺ ២៤ ម៉ោងលើ ២៤ ម៉ោង។ ពន្ធនាគារ និងខ្នោះរង់ចាំស្វាគមន៍ សម រង្ស៊ី ព្រោះទោសដែល សម រង្ស៊ី មាននៅពេលនេះ មិនទាន់មានការលើកលែងទោសឡើយ ហើយការលើកលែងទោសទាល់តែមានព្រះរាជលើកលែងទោសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយោងតាមច្បាប់ត្រូវធ្វើឡើងក្រោមការក្រាបបង្គំទូលថ្វាយស្នើសុំពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីការវាយតម្លៃពីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែ នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយថា សម្តេចនឹងមិនស្នើសុំឱ្យលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ឡើយព្រោះសម្តេចឆ្អែតហើយជាមួយ សម រង្ស៊ី។ សម្តេចបានជួយ សម រង្ស៊ី ច្រើនណាស់មកហើយ នាពេលកន្លងទៅ ប៉ុន្តែសម រង្ស៊ី បានតបស្នងមកវិញនូវទោស។ ដូច្នេះ បើ សម រង្ស៊ី ចង់ វិលចូលមកកម្ពុជាគឺក្នុងនាមជាអ្នកទោស មិនមែនទទួលដោយកម្រាលព្រំក្រហម និងកម្រងផ្កាឡើយ ប៉ុន្តែជាមួយខ្នោះនិងច្រវ៉ាក់ដំរីនៅពន្ធនាគារ។

២-កឹម សុខា ក្នុងក្រសែភ្នែក សម រង្ស៊ី គ្មានទម្ងន់ដើម្បីប្រកួតប្រជែង៖ សម រង្ស៊ី បានអះអាងថា មានតែខ្លួនទេដែលជាគូប្រកួតតែមួយគត់ប្រឈមជាមួយសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះនៅ ក្នុងក្រសែភ្នែករបស់ សម រង្ស៊ី កឹម សុខា មិនមានគីឡូធ្ងន់អាចប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានឡើយ។ ដូច្នេះ តើ សម រង្ស៊ី ចង់វិលត្រឡប់មកកម្ពុជាវិញក្នុងនាមជាអ្វីជាប្រធានគណបក្សសង្គ្រោះជាតិឬយ៉ាងណាក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សម រង្ស៊ី ហាក់ដូចជាព្យាយាមបង្ហាញខ្លួន និងធ្វើសកម្មភាពជាប្រធានគណបក្សសង្គ្រោះជាតិពិតប្រាកដ ទោះបីជា សម រង្ស៊ី បានលាលែងពីប្រធានគណបក្សយ៉ាងណាក្តី។ ចុះ កឹម សុខា ដែលបច្ចុប្បន្នជាមេបក្សសង្គ្រោះជាតិជាអ្វីទៅវិញបើ សម រង្ស៊ី ជាអ្នកចាត់ចែងលើការងារបក្ស និងព្យាយាមក្នុងការរក្សាឥទ្ធិពលជាមេបក្ស គឺ កឹម សុខា គ្រាន់តែមានតួនាទីជាប្រធានបក្សទីងមោងតែប៉ុណ្ណោះ។ សំណួរអាចចោទសួរថា តើ កឹម សុខា ដែលទទួលបានពរជ័យពីទេវតាឡើងមក គ្រប់គ្រងបក្សនៅពេលនេះ សុខចិត្តចុះចេញពីប្រធានបក្ស និងលើកតំណែងនេះដាក់លើជើងពានប្រគល់ឱ្យ សម រង្ស៊ីទេ ខណៈខ្លួនបានព្យាយាមតស៊ូជាយូរមកហើយដើម្បីលេបយកបក្សសង្គ្រោះជាតិទាំងមូលដើម្បីបានតំណែងប្រធានបក្សឈរបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ប៉ុន្តែក្តីសុបិន្តនេះ កំពុងត្រូវបានគំរាមកំហែងដោយ សម រង្ស៊ី។

ដូច្នេះ ការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជា បើអាចចូលមកបានគឺក្នុងនាមអ្នកទោសដែលត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែ រាស្ត្រវាយតម្លៃថា សម រង្ស៊ី មិនហ៊ានចូលស្រុកឡើយព្រោះជាមនុស្សខ្លាចគុក។ ម្យ៉ាងទៀត ប្រជារាស្ត្រក៏បានដឹងហើយថា ទោះសម រង្ស៊ី និង កឹម សុខា រួមគ្នា ក៏មិនអាចប្រកួតប្រជែងជាមួយបេក្ខភាពសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានឡើយ។ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ខែមិថុនា ឆ្នាំ ២០១៧ នេះបានបង្ហាញថា ការបោះឆ្នោតនេះមានលក្ខណៈដូចគ្នាទៅនឹងការបោះឆ្នលតជ្រើសតាំងតំណាងរាស្ត្ររួចស្រេចទៅហើយ។ តាមសំឡេងឆ្នោតដែលគណបក្សប្រជាជនម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅឆ្នាំ ២០១៧ នេះ គឺមានចំនួនជាង ៣,៥ លានសំឡេង បានកើនឡើងចំនួន ៣ សែនសំឡេងធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣ និងបើគណនាជាអាសនៈសម្រាប់តំណាងរាស្ត្រក្នុងក្របខណ្ឌថ្មីចំនួនតំណាងរាស្ត្រ ១២៥ រូប គឺគណបក្សប្រជាជនកម្ពុជានឹងទទួលបាន ៧១ អាសនៈ ចំណែក គណបក្សប្រឆាំងបានត្រឹម ៥៤ អាសនៈប៉ុណ្ណោះ។ មូលដ្ឋានដ៏រឹងមាំនេះ នឹងនាំគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការឆ្នោតសកលឆ្នាំ ២០១៨ និងបន្តដឹកនាំស្ថាប័នកំពូលៗរបស់ កម្ពុជាបន្តទៀត និងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជាទាំងមូល។
ដោយ៖ ចៅ ចាក់ស្មុក

កាក​បាទ​ក្រហម​កម្ពុជាឧប​ត្ថម្ភថវិកា ១លា​នដុល្លារ ជូន​មូលនិធិគ​ន្ធបុប្ផា​ ជាលើកទី៦

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា $1.000.000 (មួយលានដុល្លារអាមេរិក) ជាលើកទី៦ ជូនមូលនិធិគន្ធបុប្ផា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីសោមនស្សរីករាយ និងការកោតសរសើរពីសំណាក់ លោកស្រីន រ៉ានី ហ៊ុនសែន ប្រធានជូនចំពោះគណៈប្រតិភូ ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរ ពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះឆ្លងទន្លេ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់ ឱ្យរួចផុតពីសេចក្តីស្លាប់ និងពិការភាព។ ជាមួយគ្នានោះ លោកស្រី ក៏បានពាំនាំប្រសាសន៍ លោកស្រីន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខចំពោះលោក បេអាត រិចនឺ ដែលបានកំពុងសម្រាក ក្រោយការព្យាបាលជំងឺ និងបួងសួង លោកឆាប់បានជាសះស្បើយ ផ្តល់ជាកម្លាំងចិត្ត ដល់ការបន្តទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីកុមារកម្ពុជា។
ជាកិច្ចឆ្លើយតប លោកវេជ្ជ. ដេនីស ឡូរ៉ង់ (Denis LAURENT) ប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា និងលោកស្រី យក់ សម្បត្តិ អគ្គនាយិការដ្ឋបាលនិងហិរញ្ញវត្ថុ ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំងគណៈប្រតិភូ បានថ្លែងអំណរគុណដល់សណ្តានចិត្តរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលនៅតែបន្តជួយឧបត្ថម្ភគាំទ្រថវិកា ១លានដុល្លារ បាន ៦ឆ្នាំ ជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១២រៀងមក ដើម្បីលើកទឹកចិត្តដល់បុគ្គលិកទាំងអស់បន្តនូវការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគាំទ្រកាន់តែច្រើនពីសំណាក់ជាតិ និងអន្តរជាតិ ជាពិសេសចំពោះប្រជាជនកម្ពុជាឱ្យមានទំនុកចិត្តក្នុងការនាំកូនៗរបស់ខ្លួនមកព្យាបាល៕




(សូមទស្សនាវីដេអូ) គំនិតរវេីរវាយរលាយដូចអំបិលត្រូវទឹក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ច និងសង្គមដែលអាច ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ច និងសង្គមដែលអាចជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីទេស​ចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌលើកទី១ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិ​ក​ភ័ណ្ឌ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វិស័យទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ច និងសង្គមដែលអាចជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ រួមចំណែកកាត់បន្ថយការកើនឡើងនៃកំដៅផែនដី ប្រកបដោយប្រសិទ្ធភាព និងត្រូវបានចាត់ទុកថាជាវិស័យ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់នូវការធ្វើសមាហរណកម្មតំបន់ផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ ទន្ទឹមនឹងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ដែលកម្ពុជាមាន។ ការព្យាករណ៍សម្រាប់ឆ្នាំ២០១៧ កម្ពុជា នឹងទទួលបានភ្ញៀវទេស​ចរណ៍អន្តរជាតិប្រមាណ ៥លាន៥សែននាក់ និងនៅឆ្នាំ២០២០ កម្ពុជា រំពឹងទុកថា នឹងមានកើនឡើងនូវភ្ញៀវទេសចរណ៍ដល់៧លាននាក់ដែលនឹងផ្តល់ប្រាក់ចំណូលសរុបប្រមាណ៥ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ៨០ម៉ឺនកន្លែង៕






ទេសាភិបា​លធនា​គារជាតិ ណែនាំបុគ្គលិក​ធនាគារសា​ខាខេត្តសៀមរា​ប ឲ្យពង្រឹ​ងស្មារតីយកចិត្តទុកដាក់លើ​ការងារ ដើម្បីអភិវឌ្ឍប្រព័ន្ធធនាគារឲ្យកាន់តែរីកចម្រើន

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានណែនាំបុគ្គលិកធនាគារជាតិសាខាខេត្តសៀមរាបទាំងអស់ ឲ្យពង្រឹងស្មារតីយកចិត្តទុកដាក់ លើការងារបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធធនាគារឲ្យកាន់តែរីចម្រើន។

ការណែនាំនេះត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកបានចុះជួបសំណេះសំណាលជាមួយបុគ្គលិកធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប ដើម្បីពិនិត្យអំពីស្ថានភាពទូទៅ និងប្រតិបត្តិការនៃធនាគារ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនាគារឲ្យកាន់តែរីកចម្រើន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
នាឱកាសនេះលោកនាយកសាខា បានរាយការណ៍ស្តីអំពីស្ថានភាពទូទៅនៃប្រតិបត្តិការរបស់សាខា និងស្ថានភាពប្រព័ន្ធធនាគារនៅក្នុងខេត្តទាំងមូលជាពិសេសនៅឆមាសទី១ ឆ្នាំ២០១៧នេះ។

លោកទេសាភិបាល ក៏បានផ្ដល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើមួយចំនួនដល់មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប ឱ្យចេះគោរពពិន័យការងារ បទបញ្ជាផ្ទៃក្នុង គោរពតាមលក្ខន្តិកៈមន្ត្រី-បុគ្គលិក និងពង្រឹងស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការងារ ត្រូវតាមដានគ្រប់ប្រតិបត្តិការប្រព័ន្ធធនាគារទាំងមូល ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែករក្សាស្ថិរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារនៅខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕



(សូមទស្សនាវីដេអូ) តើគណបក្សសង្គ្រោះជាតិចង់បង្កើតរដ្ឋនៅក្នុងរដ្ឋ?

លិខិតចៅចាក់ស្មុក៖ តើគណបក្សសង្គ្រោះជាតិចង់បង្កើតរដ្ឋនៅក្នុងរដ្ឋ?

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៧ សម រង្ស៊ី ដែល លែងជាប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែបាននិយាយនិងធ្វើសកម្មភាពក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងនិយាយដោយផ្ទាល់ជាមួយប្រទេសម្ចាស់ជំនួយឱ្យផ្តល់ថវិកាមកជួយឃុំសង្កាត់ដែលគ្រប់គ្រងដោយគណបក្ស​សង្គ្រោះជាតិតែម្តង មិនចាំបាច់ឆ្លងកាត់តាមរយៈរាជរដ្ឋាភិបាលកម្ពុជាឡើយ។ តើហេតុអ្វីបានសម រង្ស៊ី ហ៊ាននិយាយដូច្នេះ? តើទណ្ឌិតរូបនេះមានបានពិនិត្យមើលច្បាប់ស្តីពីការគ្រប់​គ្រងរដ្ឋបាលឃុំសង្កាត់ដែរឬទេ? ឬមួយទណ្ឌិត សម រង្ស៊ី មានចេតនាយកឃុំសង្កាត់ដែលខ្លួនឈ្នះ និងទទួលបានការគ្រប់គ្រងឃុំសង្កាត់ទាំងនោះទៅធ្វើជាតំបន់អបគមន៍ ឬចង់បង្កើតរដ្ឋនៅក្នុងរដ្ឋ?

ទណ្ឌិតសម រង្ស៊ី គួរយល់ថា យោងតាមច្បាប់ ឃុំសង្កាត់គ្រប់គ្រងកិច្ចការមូលដ្ឋានរបស់ខ្លួនដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជ ក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។ រដ្ឋបាលឃុំសង្កាត់មានតួនាទីពីរប្រភេទគឺ៖ ១-តួនាទីបម្រើកិច្ចការមូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ឃុំសង្កាត់ និងប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន។ ២-តួនាទីជាភ្នាក់ងារតំណាងរដ្ឋក្រោមការចាត់តាំងឬការប្រគល់អំណាចរបស់អាជ្ញាធររដ្ឋ។ មាត្រា ៥៨ ក្នុងករណីក្រុមប្រឹក្សាឃុំសង្កាត់ណាធ្វើ សកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងនយោបាយរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវសម្រេចរំសាយក្រុមប្រឹក្សាឃុំសង្កាត់នោះជាបន្ទាន់ ហើយត្រូវធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះឡើងវិញ ទៅតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់នេះ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់។ លើសពីនេះទៀត ទណ្ឌិត សម រង្ស៊ី ក៏ត្រូវដឹងផងដែរថា មាត្រា ៨០ ចែងថា ឃុំសង្កាត់គ្មានសិទ្ធិខ្ចីប្រាក់បានឡើយ។ ឃុំសង្កាត់មិនអាចធានារ៉ាប់រងចំពោះការខ្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុណាមួយឡើយ។

ដូច្នេះអ្វីដែលទណ្ឌិត សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកគឺជាការនិយាយដោយមិនមើលច្បាប់ និងជាការស្រមើស្រម៉ៃក្នុងភាពងងឹតងងុល និងកំពុងជួញស្បែកគោទទឹកប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៊ី មិនអាចបង្កើតរដ្ឋនៅក្នុងរដ្ឋឡើយ ហើយគ្រប់ឃុំសង្កាត់ទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើអ្វីៗស្របតាមរដ្ឋធម្មនុញ្ញច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធនានាមិនអាចរំលោភច្បាប់បានឡើយ។ បើគ្រាន់តែនិយាយដើម្បីចំណេញនយោយបាយទេ ទណ្ឌិត​សម រង្ស៊ី គួរ កុំព្យាយាមនាំរឿងដាក់ខ្លួន និងបក្សខ្លួន!

ដោយ៖ ចៅ ចាក់ស្មុក


លិខិតមិត្តអ្នកអាន៖ គ្មានពេលដែល CNRP រត់តាមទាន់ CPP ឡើយ!

នៅឆ្នាំ២០១៣ CNRP បានឡើងដល់ចំណុចកំពូលបំផុតរបស់ខ្លួនរួចហើយ ហើយបន្ទាប់មក និងតទៅមុខទៀត CNRP បាននិងកំពុងតែរមៀលធ្លាក់ចុះជាក់ស្តែងគឺយោងតាមលទ្ធផលនៃ ការបោះឆ្នោតឆ្នាំ២០១៣ គេបានគណនាឃើញថា នៅទូទាំងប្រទេស CPP ឈ្នះនាំមុខចំនួន ១០២០ (៦២.៤៦%) ឃុំ សង្កាត់ រីឯ CNRP នាំមុខចំនួន ៦១២ (៣៧.៤៨%) ឃុំ សង្កាត់។ តែនៅឆ្នាំ២០១៧នេះ CPP បានកើនពី១០២០ ដល់ប្រមាណ ១១៥៨ (៧០%) ឃុំ សង្កាត់ រីឯ CNRP បានធ្លាក់ពី ៦១២ (៣៧.៤៨%) មកដល់ប្រមាណ ៤៨៧ (៣០%) ឃុំ សង្កាត់ (រមៀលធ្លាក់ពី ៣៧.៤៨% មក ៣០%)។
ចាប់ចេញដំណើរពីឆ្នាំ២០១៣ CPP មានសំឡេងគាំទ្រចំនួន ៣ ២៣៥ ៩៦៩ (ស្មើ ៤៨.៨៣%) ដល់ឆ្នាំ២០១៧ CPP មានសំឡេងគាំទ្រប្រមាណជាង ៣លាន ៥សែននាក់ (ស្មើ៥១%)។ រីឯ CNRP វិញ ឆ្នាំ២០១៣ មានសំឡេងគាំទ្រ ២ ៩៤៦ ១៧៦ (ស្មើ៤៤.៤៦%) ដល់ឆ្នាំ២០១៧ មានសំឡេងគាំទ្រប្រមាណ ៣លាន សូន្យសែនជាង (ស្មើ៤៤%)។ ដូច្នេះមកដល់ឆ្នាំ ២០១៧ នេះ CPP បានរត់លើស CNRP ប្រមាណ ៥០ម៉ឺនសំឡេង (ដែលកាលពីឆ្នាំ២០១៣ លើស ២៨៩ ៧៩៣សំឡេង)។
បើយើងនិយាយពីកំណើនសំឡេងពីឆ្នាំ២០១៣ ដល់២០១៧ ជាលេខមូលគឺ CPP កើនបាន ៣០​ម៉ឺនសំឡេង រីឯ CNRP កើនបាន១០ម៉ឺនសំឡេង។ ដូច្នេះ CPP កើនលើស៣ដង។ បើគណនាលទ្ធផលឆ្នាំ២០១៧ ជាអាសនៈតំណាងរាស្រ្តវិញ CPP បាន៧១អាសនៈ (កើនលើសឆ្នាំ​២០១៣ បីអាសនៈ) រីឯ CNRP បាន៥៤ អាសនៈ (ថយពីឆ្នាំ២០១៣មួយអាសនៈ)។
លទ្ធផលបោះឆ្នោតឆ្នាំ២០១៧ នឹងនាំឱ្យ CPP ទទួលបានកៅអីភាគច្រើនដាច់ខាតនៅព្រឹទ្ធ​ស​ភាដែល CPP នឹងបន្តដឹកនាំគ្រប់គ្រងស្ថាប័នព្រឹទ្ធសភាតទៅទៀត។ ចំណុចខាងលើគឺជាមូលដ្ឋាន​ដែលបញ្ជាក់ថា CPP នឹងបន្តទទួលបានជ័យជម្នះធំធេងនៅឆ្នាំ២០១៨ទៀត៕