Tuesday, June 13, 2017

អង្គការ​ស្បៀងអា​ហារ​ពិភពលោក សន្យាបន្ត​ជួយលើកកម្ពស់​ជីវភាព រស់​នៅរ​បស់ប្រជាពលរដ្ឋកម្ពុជា

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែមិថុនា ២០១៧ ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា លោក ជីអាន់ភ្ជែត្រូ បូឌីញូ ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជាបានមានប្រសាសន៍ថា អង្គការស្បៀងអាហារពិភពលោកនឹងបន្តជួយដល់ប្រទេសកម្ពុជាបន្តទៀត ជាពិសេស នឹងជួយរៀបចំគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀងឆ្នាំ២០១៩-២០២៣ នៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ជីអាន់ ភ្ជែត្រូ បូឌីញូ បានឲ្យដឹងថា លោកនឹងត្រូវបញ្ចប់បេសកកម្មនៅកម្ពុជានៅចុងខែមិថុនា ២០១៧នេះ។ លោក ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដែលតែងតែសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធិជាមួយអង្គការស្បៀងអាហារពិភពលោក និងអង្គការពាក់ព័ន្ធដ៏ទៃទៀតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងការបង្កើតចេញនូវយុទ្ធសាស្ត្រផ្សេងៗ និងបានជួយឲ្យបេសកកម្មរបស់លោកនៅកម្ពុជាទទួលបានលទ្ធផលល្អ។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលើការងារសន្តិសុខស្បៀង និងអាហាររូបត្ថម្ភនាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោក ជីអាន់ភ្ជែត្រូ បូឌីញូ ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវលទ្ធផលជាច្រើន លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមចំណែកដល់ការកែលំអជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន តែងតែតម្កល់ទុកសុខភាពរបស់ប្រជាជន គឺជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស និងវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
សូមជម្រាបផងដែរថា កត្តាទាំងនេះបានជំរុញឲ្យក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដែលជាសេនាធិការបស់រាជរដ្ឋាភិបាលដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជួយសម្របសម្រួល និងដឹកនាំអនុវត្តលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងអង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍនានា ក្នុងគោលដៅធ្វើយ៉ាងណាឲ្យវិស័យស្បៀង និងកង្វះអាហាររូបត្ថម្ភនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បាញ់ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យមានសមធម៌ យុត្តិធម៌ក្នុងសង្គម និងលើកកម្ពស់សុខភាពមាតា និងទារកតាមរយៈការកែទម្រង់លើគ្រប់វិស័យ ទាំងវិស័យច្បាប់ ប្រព័ន្ធតុលាការហិរញ្ញវត្ថុមុខងារសាធារណៈ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងបរិបទសង្គមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចយើងបានឃើញការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងមានកំណើនខ្ពស់ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ៕



No comments:

Post a Comment