Tuesday, October 17, 2017

រដ្ឋមន្រ្តីបរិស្ថាន ស្នើឱ្យCEO ម៉ាស្ទ័រក្លឹបបង្កើតពានរង្វាន់សម្រាប់អាជីវកម្មគិតគូរពីបរិស្ថាន

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យប្រធានCEO ម៉ាស្ទ័រក្លឹបបង្កើតពាន់សម្រាប់ការប្រកួតប្រជែងក្រុមហ៊ុនដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន។ ការថ្លែងយ៉ាងដូចនេះរបស់លោក សាយ សំអាល់ គឺធ្វើឡើងក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីចែកពានរង្វាន់របស់CEO ម៉ាស្ទ័រក្លឹបកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក សាយ សំអាល់ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយចំនួនកំពុងតែយកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់បរិស្ថានដោយបង្កើតយន្តការដើម្បីសំអាតភាពកខ្វក់ ហើយក្រុមហ៊ុនមួយចំនួនផ្សេងទៀតក៏បាន និងកំពុងបន្តយកចិត្តទុកដាក់លើវិស័យដ៏សំខាន់មួយនេះដែលគួរតែកោតសរសើរ។
លោក សាយ សំអាល់ បានលើកឡើងថា ៖“ឆ្នាំ២០១៨ CEO គួរតែពិចារណាទៅលើអាជីវកម្មដែលយកចិត្តទុកដាក់លើវិស័យបរិស្ថានព្រោះក្រុមហ៊ុនជាច្រើនបានយកចិត្តទុកដាក់លើវិស័យនេះ”។
ការស្នើឡើងរបស់លោក សាយ សំអាល់ គឺធ្វើឡើងនៅពេលដែលសង្គមកម្ពុជាបានឈានដល់របត់ថ្មីមួយដែលគិតគូរពីវិស័យបចេញនូវកិច្ចការងារជាច្រើនដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនាពេលច្ចុប្បន្ន និងបញ្ជៀបចំណេះដឹងដល់ប្រជាពលរដ្ឋជាទូទៅ ដូចជាការសម្រួលរចនាសម្ព័ន្ធស្ថាប័ន ការលើកទឹកចិត្តមន្ត្រីរាជការ និងការបណ្តុះបណ្តាលបន្ថែមជាដើម។
ក្នុងពិធីចែកពានរង្វាន់ដល់ម្ចាស់អាជីវកម្មប្រមាណ៥០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះសហគ្រិននារីដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដែលជាការបង្ហាញឱ្យឃើញពីរបត់ថ្មីរបស់សង្គមកម្ពុជា ដែលស្ត្រីជាមេផ្ទះផង និងជាអ្នករកស៊ី ម្ចាស់ក្រុមហ៊ុនដ៏ចំណានផង។ ទន្ទឹងនឹងនេះ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖ “ពាណិជ្ជករទាំងអស់ពិតជាអនាគតនៃកម្ពុជា ដើម្បីនាំនាវាកម្ពុជាទៅកាន់ត្រើយសុភមង្គល”៕






បទវិភាគ៖ គណបក្សសង្គ្រោះជាតិអាចរលាយមុនពេលគេរំលាយ!

ពេលនេះ ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកាន់តែបែកបាក់ ហើយមន្ត្រីគណបក្សនេះផ្តើមមិនទុក​ចិត្តគ្នាកាន់តែខ្លាំងឡើងៗជាលំដាប់ដែលក្រុមអ្នកវិភាគប្រមើលឃើញថាគណបក្សនេះអាចរលាយមុនគេរំលាយទៅទៀត។ ការមិនទុកចិត្តគ្នាដែលបានលេចឡើងចុងក្រោយនេះគឺ៖

ទី១៖ តំណាងរាស្ត្រដែលរត់ទៅក្រៅប្រទេស និងអ្នកនៅក្នុងប្រទេសបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងធ្វើឱ្យផ្ទៃក្នុងគណ បក្សនេះវ៉ល់ដូចបូសហៀបនឹងធ្លាយ។ អ្នកនៅក្នុងស្រុកបានអំពាវនាវឱ្យអ្នករត់ទៅក្រៅស្រុកវិលត្រឡប់មកវិញដោយពួកគេអះអាងថាបើមានរឿងអ្វីបន្តិចអាងរត់ចោលស្រុកមិនអាចធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើគណបក្សសង្គ្រោះជាតិបានទេ។ អ្នកខ្លះបានហៅតំណាងរាស្ត្ររត់ចោលស្រុកទាំងនោះថាមានចរិតមាន់សម្លដូចលោក សម រង្ស៊ី។ កាលពីពេលថ្មីៗកន្លងទៅនេះកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ធ្លាប់បានរិះគន់ជាសាធារណៈចំពោះតំណាងរាស្ត្របក្សសង្គ្រោះជាតិដែលអាងរត់ថាជាមនុស្សកំសាក។ កឹម ម​នោវិទ្យា ចំអកដោយខឹងសម្បារថាពេលឪពុកនាងមានបញ្ហារកតែមនុស្ស ១០ នាក់ជួយតវ៉ាមិនបានផងព្រោះសម្បូរតែអ្នករត់ចោលស្រុក។

ប៉ុន្តែការរិះគន់របស់ កឹម មនោវិទ្យា និងការអំពាវនាវរបស់មន្ត្រីបក្សនៅក្នុងស្រុកឱ្យអ្នករត់ចោលស្រុកវិលត្រឡប់មកវិញបណ្តាលឱ្យអ្នករត់ចោលស្រុកខឹងសម្បារយ៉ាងខ្លាំង។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានឆ្លើយតបពីក្រៅប្រទេសថាអ្នកនៅក្នុងស្រុកមិនបានការអ្វីទេពីព្រោះពួកគេមិនអាចធ្វើអ្វីបានមិនហ៊ាននិយាយខ្លាចគេចាប់ខ្លួន។ លោក អេង ឆៃអ៊ាង បន្តថាមានតែចេញទៅក្រៅស្រុកទេទើបអាចមានលទ្ធភាពធ្វើការងារបានច្រើនដើ​ម្បីជួយគណបក្ស។ ប៉ុន្តែ ក្រុមអ្នកវិភាគឯករាជ្យផ្កាប់មុខទៅរកគណបក្សសង្គ្រោះជាតិវិញក៏បានឌឺដងដាក់អ្នករត់ចោលស្រុកដែរថាបើរូបគេជាតំណាងរាស្ត្របក្សសង្គ្រោះជាតិវិញ ពួកគេមិនរត់ចោលស្រុកដូចលោក សម រង្ស៊ី និងតំណាងរាស្ត្រកំសាកទាំងនោះឡើយ។ រីឯសកម្មជន និងអ្នកគាំទ្រនៅក្នុងប្រទេសវិញ ក៏ខឹងសម្បារនឹងតំណាងរាស្ត្រដ៏កំសាករបស់ខ្លួនយ៉ាងខ្លាំងណាស់ដែរ។ ពួកគេអះអាងថា បើមានតែតំណាងរាស្ត្រមាន់សម្លបែបនេះមិនដឹងជាបានអ្វីទីពឹងទេ។ នេះសបញ្ជាក់ថា ការបែកបាក់មានទាំងរវាងមន្ត្រីជាន់ខ្ពស់គ្នាឯងរវាងក្រុមអ្នកវិភាគកាន់ជើងបក្សសង្គ្រោះជាតិ និងសកម្មជនព្រមទាំងអ្នកគាំទ្រផងដែរ។ ពេលនេះ ពួកគេកំពុងវិលវល់ មួយទៅលិច មួយទៅកើត មួយទៅឆ្វេង មួយទៅស្តាំ លែងដឹងទិសតំបន់ប្រៀបដូចត្រីពុល។ នេះជាសញ្ញាដ៏គ្រោះថ្នាក់មួយសម្រាប់គណបក្សសង្គ្រោះជាតិ។

ទី២៖ សញ្ញាដ៏គ្រោះថ្នាក់មួយទៀតនៃការបែកបាក់ផ្ទៃក្នុងបក្សសង្គ្រោះជាតិគឺអ្នករត់ចោលស្រុកផ្តើមលែងទុកចិត្តអ្នកនៅក្នុងស្រុកយ៉ាងខ្លាំងដោយពួកគេបារម្ភថាអ្នកនៅក្នុងស្រុកអាចនាំគ្នាក្បត់បក្សហើយឃុបឃិតគ្នាដកលោក កឹម សុខា ចេញពីតំណែងប្រធានក្រោមលេសថា កុំឱ្យគេរំលាយបក្ស។ បន្ទាប់មក ក៏តែងតាំងអ្នកណាម្នាក់ធ្វើប្រធានជំនួសលោក កឹម សុខា ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ។ អ្នកដែលគេសង្ស័យជាងគេនោះគឺលោក សុន ឆ័យ និងក្រុមរបស់គាត់។  ហេតុដែលពួកគេសង្ស័យលើលោក សុន ឆ័យ គឺដោយសារកន្លងទៅ លោក សុន ឆ័យ ធ្លាប់ធ្វើឱ្យលោកស្រី មួរ សុខហួរ ដែលជាអនុប្រធាបក្សបាក់មុខម្តងហើយតាមរយៈការកែតម្រូវសម្តីលោកស្រី មួរ សុខហួរ ដែលនិយាយថា គណបក្សសង្គ្រោះជាតិនឹងធ្វើពហិការមិនចូលរួមបោះឆ្នោតបើមិនដោះលែងលោក កឹម សុខា។ អនុប្រធានបក្សរូបនេះនិយាយមិនទាំងបានប៉ុន្មានម៉ោងផង លោក សុន ឆ័យ បានធ្វើសន្និសីទកាសែតកែតម្រូវថាពាក្យសម្តីលោកស្រី មួរ សុខហួរ ជាទស្សនៈបុគ្គលដែលមិនបានពិគ្រោះជាមួយគណៈអចិន្ត្រៃយ៍បក្សទេ។ លោក សុន ឆ័យ បានកែតម្រូវនៅចំពោះមុខលោកស្រី មួរ សុខហួរ ថា គណបក្សសង្គ្រោះជាតិនឹងចូលរួមបោះឆ្នោត។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោក សុន ឆ័យ ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានដែរថា គណបក្សបក្សសង្គ្រោះជាតិនឹងប្តូរប្រធានថ្មីនៅពេលណាដែលតុលាការផ្តន្ទាទោសលោក កឹម សុខា។ ការអះអាងរបស់លោក សុន ឆ័យ ក៏ផ្ទុយពីអ្វីដែលលោកស្រី មួរ សុខហួរ ប្រកាសកាលពីថ្មីដែរថា គណបក្សសង្គ្រោះជាតិនឹងមិនប្តូរប្រធានទៀតទេទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ឥឡូវនេះ មន្ត្រីបក្សនៅក្រៅប្រទេសបានសង្ស័យលោក សុន ឆ័យ កាន់តែខ្លាំងហើយពីព្រោះលោក សុន ឆ័យ ដែលនៅក្នុងប្រទេសចេញមុខមាត់ច្រើន ហើយនិយាយបែបសម្របសម្រួលជាមួយបក្សកាន់អំណាច និងតែងតែនិយាយបញ្ច្រាសឱ្យអនុប្រធានរបស់ខ្លួនគឺលោកស្រី មួរ សុខហួរ ជានិច្ច  ។ ពួកគេសង្ស័យថា លោក សុន ឆ័យ អាចនឹងឡើងធ្វើប្រធានបក្សជំនួសលោក កឹម សុខា ហើយត្រូវរ៉ូវជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រុមអ្នករត់ចោលស្រុកក៏មិនទុកចិត្តលោក កឹម សុខា ដែរ ដោយពួកគេសង្ស័យថា លោក កឹម សុខា អាចនៅតែជាកូនអុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល។ ពួកគេសង្ស័យថា មិនយូរមិនឆាប់លោក កឹម សុខា អាចនឹងត្រូវគេដោះលែងវិញក្រោយពេលគណបក្សសង្គ្រោះជាតិរលាយ ឬក៏ត្រូវគេរំលាយចោល។

ក្នុងស្ថានភាពបែកបាក់យ៉ាងជ្រាលជ្រៅបែបនេះ ក្រុមអ្នកវិភាគនៅកម្ពុជា និងនៅក្រៅស្រុកបានប្រមើលឃើញថាបក្សសង្គ្រោះជាតិទំនងជាអាចត្រូវរលាយខ្លួនឯងមុនគេរំលាយទៅទៀត ពីព្រោះពេលនេះផ្ទៃក្នុងគណបក្សនេះកាន់តែវ៉ល់ខ្លាំងពេញបន្ទុកប្រៀបដូចបូសកំពុងរកកលនឹងធ្លាយយ៉ាងដូច្នេះដែរ។ ពេលនេះ មន្ត្រីបក្សសង្គ្រោះជាតិលែងទុកចិត្តគ្នាអស់ហើយ ចេះតែសង្ស័យគ្នាថា ក្បត់បក្សហើយមិនដឹងថាអ្នកណាក្បត់អ្នកណា។ ក្នុងស្ថានភាពបាត់ទំនុកចិត្តគ្នាទាំងស្រុងបែបនេះ ពួកគេនៅបែកខ្ញែកគ្នាដូចគោបែកហ្វូង ខណៈដែលសកម្មជនអ្នកគាំទ្រកំពុងបាក់ទឹកចិត្តនិងអស់សង្ឃឹមយ៉ាងខ្លាំងដូចកូនទាហ៊ានបាក់ទ័ព។ ពេលនេះជំរុំព្រះអាទិត្យពិតជាកំពុងក្តៅខ្លាំងដែលអាចផ្ទុះឆេះក្នុងពេលដ៏ខ្លីខាងមុខហើយក្លាយទៅជាផេះមុនពេលតុលាការវិនិច្ឆ័យយលើបណ្តឹងរំលាយបក្សនេះទៅទៀត៕

ដោយ៖ សូរ គងជ័យ