Wednesday, June 19, 2019

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ផុតអាណត្តិប្រចាំកម្ពុជា គូសបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងខ្លាំង

នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួប លោក Ingo Karsten អគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបាន ចប់អណត្តិបេសកកម្មការងារនៅកម្ពុជា។ នៅក្នុងជំនួបនោះ លោក Ingo Karsten បានគោរពជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកពេញចិត្តខ្លាំងបំផុតចំពោះបេសកកម្មការទូតនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកមានការនឹករឭកប្រទេសកម្ពុជាយ៉ាងខ្លាំង ហើយសង្ឃឹមថា ថ្ងៃណាមួយលោកនឹងមកលេងប្រទេសកម្ពុជាសារជាថ្មីមិនខាន។
លោក Ingo Karsten បានសង្កេតឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ។ លោក បានសំដែងនូវការរីករាយដែលបានឃើញ ការអភិវឌ្ឍនេះកាន់តែរឹងមាំ ហើយ លោកក៏មានមោទនភាពក្នុងនាមជាអគ្គរដ្ឋទូតដែលបានចូលរួមចំណែកធ្វើការជាមួយកម្ពុជាជាដៃគូដ៏ល្អក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានោះដែរលោក Ingo Karsten បានបញ្ជាក់ជូនថា កំណែទម្រង់វិនិយោគនិងពាណិជ្ជកម្មកន្លងទៅថ្មីៗដែលបានកាត់ចេញនូវការបង់ថ្លៃមួយចំនួន គឺបានទាក់ទាញ និងធ្វើអោយអ្នកវិនិយោគអាល្លឺម៉ង់ជាច្រើនមានការពេញចិត្តក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់ លោក Ingo Karsten ដែលបានបំពេញបេសកកម្មការទូតដ៏មានសារៈសំខាន់នៅកម្ពុជា។ លោក ក៏បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមិនជ្រៀតចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនីមួយៗ។ លោក បានបញ្ជាក់ផងដែរថា កត្តាសំខាន់បំផុតដែលបានជំរុញដល់ល្បឿននៃការអភិវឌ្ឍប្រទេសជាតិគឺដោយសារសន្តិភាព និងស្ថិរភាពនយោបាយ។
ទន្ទឹមនឹងនោះគឺលោក បានកំណត់យុទ្ធសាស្ត្រ២សំខាន់បន្ថែមគឺ ទី១ កែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ និងទី២ កែប្រែតំបន់ព្រំដែនឲ្យទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាពអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងអស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ដែលតែងតែជួយដល់កម្ពុជាកន្លងមក ដូចជាការជួយលើវិស័យដោះមីនតាមរយៈអង្គការHalo Trust ដែលជួយកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាពលរដ្ឋ និងបានជួយស្តារនូវដីធ្លីជាច្រើនដើម្បីពលរដ្ឋមានឱកាសបានបង្កបង្កើនផលដំណាំកសិកម្មគ្រប់ប្រភេទ និងអភិវឌ្ឍនលំនៅដ្ឋានបានរីកចម្រើននៅតាមបណ្តាខេត្តនានា។
ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលអាល្លឺម៉ង់បានចូលរួមជួយពង្រឹងដល់លទ្ធិប្រជាធិបតេយ្យ ជំរុញដល់ការអភិវឌ្ឍន៍ជនបទ រួមទាំងវិស័យអប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ដែលនេះបានបង្ហាញអោយឃើញពីសណ្តានចិត្ត និងជាមិត្តល្អ និងជាដៃគូដ៏ល្អរបស់របស់កម្ពុជា។

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរដល់ លោក Ingo Karsten និងផ្ញើសេចក្តីនឹករឮកនិងសួរសុខទុក្ខដល់ លោកស្រីអធិការបតីអាល្លឺម៉ង់ (Angela Merkel, Chancellor of Germany) ហើយក៏បានស្នើសុំឲ្យភាគីអាល្លឺម៉ង់បន្តជួយដល់កម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន ដូចជាតាមរយៈមជ្ឈមណ្ឌលដោះមីនអាស៊ានដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នៅទីក្រុងបាងកក

តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖




គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានឹងប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងអន្តរសភាអាស៊ាន (អាយប៉ា) ដែលជាជំនួបកំពូលរវាងប្រធានអាស៊ាន និងប្រធានអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖



លិខិតចៅចាក់ស្មុក៖ សម រង្ស៊ី អស់លក្ខណ៍ ជាមេបោកប្រាស់ភូតកុហក

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវសាលដីការបស់តុលាការបារាំងដែលបានសម្រេចឱ្យលោក សម រង្ស៊ី ចាញ់ក្តីលោក ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ ប៉ុន្តែបែរជាលោក សម រង្ស៊ី យកមកក្រឡៃកុហកបោកប្រាស់ថា គេមិនហ៊ានប្តឹងទៅតុលាការបារាំង ហើយតុលាការបារាំងបានកាត់ក្តីឱ្យខ្លួនឈ្នះទៅវិញ។
ខាងក្រោមនេះគឺជាសំណេររបស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលត្រូវបានគេបង្ហោះផ្សាយនៅក្នុងទំព័រហ្វេស៊បុករបស់ចៅចាក់ស្មុក៖ «នេះជាសាលក្រម និងសាលដីការបស់សាលាដំបូងបារាំង នៅឆ្នាំ២០០៩ និងសាលដីការបស់សាលាឧទ្ធរណ៍ នៅឆ្នាំ២០១០ និងសាលដីកាតុលាការកំពូលបារាំង នៅឆ្នាំ២០១១ អំពីការកាត់អោយ សម រង្ស៊ី បរិហាកេរ្តិ៍ ឈ្មោះ ហោ ណាំហុង ពិតមែន តែតុលាការកំពូលបានកាត់ថា សម រង្ស៊ី បានបរិហាកេរ្តិ៍ ហោ ណាំហុង ក៏ប៉ុន្ដែ បានអភ័យទោសអោយសម រង្ស៊ី ដោយ «សុទ្ធចិត្ត»។ លោក ហោ ណាំហុង ជឿថាប្រជាជនយើងទាំងអស់ស្គាល់នូវក្រយ៉ៅក្រឡិចក្រឡុចភូតកុហករបស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានបង្ហោះតាមហ្វេសប៊ុករបស់ខ្លួន ថាខ្ញុំមិនហ៊ានប្ដឹងខ្លួន នៅប្រទេសបារាំង បានចាញ់ខ្លួន។ នេះជាធាតុពិតនៃជនពុំមានសីលធម៌ទាល់តែសោះ តាមពិតតុលាការដំបូងបារាំង នៅឆ្នាំ២០០៩ កាត់អោយ សម រង្ស៊ី បរិហាកេរ្តិ៍ខ្ញុំ។ នៅឆ្នាំ២០១០ តុលាការឧទ្ធរណ៍បារាំង ក៏បញ្ជាក់ថា សម រង្ស៊ី បានបរិហាកេរ្តិ៍ខ្ញុំទៀត។ នៅឆ្នាំ២០១១ តុលាការកំពូលបារាំងបានបញ្ជាក់ «លក្ខណៈបរិហាកេរ្តិ៍លោក ហោ ណាំហុង តែបានអភ័យទោស សម រង្ស៊ី ដោយសុទ្ធចិត្ត» ប៉ុន្ដែដោយមនុស្សនេះជាមេបោកប្រាស់ភូតកុហក ហ៊ាននិយាយថា «លោក ហោ ណាំហុង ចាញ់ក្ដីលោក សម រង្ស៊ី នៅប្រទេសបារាំង» ក្នុងហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៧ មិថុនា ២០១៩។
សូមផ្សាយជាសាធារណៈនូវសាលក្រម និងសាលដីកាទាំងអស់របស់តុលាការបារាំង ជាភាសាខ្មែរ ភាសាបារាំង និងភាសាអង់គ្លេស ដូចមានភ្ជាប់ជាមួយនេះ។ កន្លងមកខ្ញុំក៏បានប្ដឹង សម រង្ស៊ី នៅតុលាការខ្មែរយើង ពីបទ បរិហាកេរ្ដិ៍ និងញុះញង់។ តុលាការខ្មែរបានផ្ដន្ទាទោស សម រង្ស៊ី។ ដូចនេះ តុលាការខ្មែរ និង តុលាការបារាំង សុទ្ធតែកាត់ ដោយផ្អែកលើមូលដ្ឋានច្បាប់ដូចគ្នា»៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញចូលគាល់ថ្វាយព្រះពរ សម្តេចម៉ែ នៅព្រះបរមរាជវាំង

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញចូលគាល់ថ្វាយព្រះពរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា នៅព្រះបរមរាជវាំង។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា សូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕









សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងប្រគេនចង្ហាន់ព្រះសង្ឃចំននួន៧អង្គ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ

សៀមរាប៖ នៅថ្ងៃអង្គារទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៣ យាងចូល៨៤ព្រះវស្សា នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ ក្រោមអធិបតីភាព លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ព្រះសង្ឃចំននួន៧អង្គ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះមាន៖ ចាស់ជរាគ្មាទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយរោគអេដស៍ ស្ត្រីមេម៉ាយ និងជនក្រីក្រមានកូនច្រើន ចំនួន៨៤គ្រួសារ មកពីឃុំទាំង៤ នៃស្រុកអង្គរធំ ខេត្តសៀមរាប។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌។ សូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។
លោកស្រី ក៏បានបន្តថាដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេស បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នករស់នៅជាមួយមេរោគអេដស៍ និងទុរគតជននានា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំថែទាំសុខភាព និងប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នាឱកាសនេះដែរ លោកស្រី ក៏បានធ្វើការអប់រំផ្សព្វផ្សាយអំពីវិធីសាស្ត្រដើម្បីបញ្ចៀសខ្លួសពីគ្រោះថ្នាក់ដោយប្រធានស័កណាមួយ ដូចខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងផ្គររន្ទះជាដើម។ លោកជំទាវក៏បានសំណូមពរ សូមបងមេត្តាជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅជិតខាងគ្នា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១យួរ អង្ករ ៣០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល៕