Tuesday, August 24, 2021

វិភាគអន្តរជាតិ៖ តើការដោះដៃពីអាហ្វហ្កានីស្ថាន នឹងជួយឱ្យសហរដ្ឋអាមេរិកខ្ទប់ឥទ្ធិពលចិន ឬ?



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រប់ទិសទីក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខណៈការសម្រេចចិត្តដកខ្លួន ចេញពីអាហ្វហ្កានីស្ថានបានបង្កឱ្យមានភាពចលាចល និងការសង្ស័យជាច្រើនពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះសម្ព័ន្ធមិត្តខ្លួនឯង។ នៅក្នុងសហរដ្ឋអាមេរិក ប្រជាប្រិយភាព របស់លោក បៃដិនបានធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីលោកស្បថចូលកាន់តំណែងមក មិនមែនដោយសារការសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្កានីស្ថាននោះទេ តែមកពីរបៀបដោះស្រាយបញ្ហារបស់លោក។

នៅលើឆាកអន្តរជាតិវិញ លោក បៃដិនក៏មិនបានទទួលការគាំទ្រច្រើននោះដែរ ដោយសូម្បីតែក្នុងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយ។ ជាឧទាហរណ៍ ប្រជាជនអង់គ្លេសជាងពាក់កណ្ដាលជឿថាការសម្រេចចិត្តដកខ្លួនចេញពីអាហ្វហ្កានីស្ថានរបស់លោក បៃដិនគឺជា «ទង្វើខុសឆ្គង» ស្របពេលសម្ព័ន្ធមិត្តអាមេរិកនៅអាស៊ីនំាគ្នា សង្ស័យពីការប្ដេជ្ញាចិត្តរបស់អាមេរិក នៅចំពោះមុខការកើនឡើងយ៉ាងឆាប់រហ័សនៃឥទ្ធិពលចិន។

បើតាមក្រុមអ្នកជំនាញជាច្រើន រួមទាំងក្រុមមន្ត្រីអាមេរិកក្រោមរដ្ឋបាលលោក បៃដិន ការដកខ្លួនចេញពីអាហ្វហ្កានីស្ថានគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រងាកមកផ្ដោតសំខាន់លើ តំបន់អាស៊ី ជាពិសេសគឺចិនតែម្ដង ហើយដើម្បីអាចធ្វើបែបនេះបាន អាមេរិកត្រូវតែដកខ្លួនចេញពីតំបន់មួយចំនួនដូចជាមជ្ឈិមបូព៌ាជាដើម ដែលបច្ចុប្បន្នលែងសូវសំខាន់ សម្រាប់ប្រយោជន៍ជាតិអាមេរិក។ សហរដ្ឋអាមេរិកបានចំណាយលុយជិត ២ទ្រីលានដុល្លារលើសង្រ្គាមនៅអាហ្វហ្កានីស្ថានរយៈពេលជាង២០ឆ្នាំមកនេះ ហើយដោយរវល់តែ ជាប់ដៃក្នុងសង្រ្គាម វាបានផ្ដល់ឱកាសឱ្យចិនពង្រីកឥទ្ធិពលកាន់តែធំឡើងយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក។ ដូច្នេះថាតើការសម្រេចចិត្តបោះបង់ចោលអាហ្វហ្កានីស្ថាន ពិតជាអាចជួយឱ្យអាមេរិកផ្ដោតអារម្មណ៍ ឬចំណេញដល់យុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនដែរឬ?

វាមានហេតុផលចំនួន៣ ដែលយើងត្រូវស្វែងយល់៖

ដំបូងគេបំផុតនោះ គឺគេត្រូវចងចាំថាការសម្រេចចិត្តរបស់អាមេរិកដកខ្លួនចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែដើម្បី យុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនតែមួយមុខដូចដែលរដ្ឋបាលលោក បៃដិន តែងតែអះអាងនោះទេ។ ពោលគឺវាក៏មានជាប់ពាក់ព័ន្ធនឹងនយោបាយនៅក្នុងស្រុកផងដែរ។ ពិតមែនទៅ ប្រជាជនអាមេរិកខ្លួនឯងធុញទ្រាន់នឹងសង្រ្គាមជាយូរណាស់មកហើយ ជាពិសេសគឺសង្រ្គាមមិនចេះចប់ដូចជានៅអាហ្វហ្កានីស្ថាន ហើយគំនិតចង់បញ្ចប់សង្រ្គាមនេះក៏៏ទទួលបាន ការគាំទ្រពីអ្នកនយោបាយអាមេរិកទាំងមាននិន្នាការជឿនលឿននិយម និងអភិរក្សនិយមដែរ។ រឿងមួយដែលអាចយកមកបញ្ជាក់បាន នោះគឺទាំងលោក បារ៉ាក់ អូបាម៉ា,លោក ដូណាល់ ត្រាំ រួមទាំងលោក ចូ បៃដិន អាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបាន ក៏ដោយសារតែគោលជំហរប្រឆាំងនឹងសង្រ្គាមរបស់ពួកគេដែរ។ ដូច្នេះប្រសិនបើ និន្ននាការប្រឆាំងសង្រ្គាម និងការលូកដៃក្នុងសង្រ្គាម បន្តមានឥទ្ធិពលក្នុងសហរដ្ឋអាមេរិកនៅពេលអនាគត នោះការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានប្រហែលជានឹង មិនអាចជួយឱ្យអាមេរិកផ្ដោតអារម្មណ៍ប្រកួតប្រជែងជាមួយចិននោះទេ ជាពិសេសនៅក្នុងករណីដែលការប្រកួតប្រជែង មានន័យថាទាល់តែធ្វើសង្រ្គាមជាមួយចិន។

ទី២, ការដកកងទ័ពយ៉ាងតក់ក្រហល់ ដោយបង្កឱ្យមានភាពចលាចលនៅអាហ្វហ្កានីស្ថាន បានបំផ្លាញរូបភាព និងទំនុកចិត្តចំពោះអាមេរិកនៅលើឆាកអន្តរជាតិមិនតិចនោះទេ បើទោះជាក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបដិសេធការអះអាងបែបនេះក៏ដោយ។ មជ្ឈដ្ឋានជាច្រើនក្នុងសហរដ្ឋអាមេរិកជឿជាក់ថាគេមិនអាចយកតៃវ៉ាន់, ជប៉ុន ឬកូរ៉េខាងត្បូងទៅប្រដូចនឹងអាហ្វហ្កានីស្ថានឡើយ តែតាមពិតសម្ព័ន្ធមិត្តទាំងបីនេះសុទ្ធតែសង្ស័យរួចទៅហើយចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិក។ ភាពចលាចលបច្ចុប្បន្ននៅរដ្ឋធានីកាប៊ុល បានបង្ហាញថាសហដ្ឋអាមេរិកអសមត្ថភាព ទាំងខាងយោធា និងបេសកកម្មការទូត ព្រមទាំងមានភាពអត្មានិយមដោយគិតតែប្រយោជន៍ខ្លួនឯងជាជាងសិទ្ធិមនុស្ស និងការអភិវឌ្ឍរបស់អាហ្វហ្កានីស្ថាន។ វាអាចទៅរួចថា ២ ឬ ៣ ខែក្រោយ មនុស្សនឹងបំភ្លេចព្រឹត្តិការណ៍នៅកាប៊ុល តែវាមិនអាចជួយអាមេរិកក្នុងការបញ្ជូនសារទៅកាន់សម្ព័ន្ធមិត្តពីការប្ដេជ្ញាចិត្តខ្ទប់ឥទ្ធិពលចិននោះទេ ពីព្រោះមេរៀននៅអាហ្វហ្កានីស្ថាន នឹងកាន់តែធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកចាប់ផ្ដើមសួរខ្លួនឯងថា «តើពួកគេសំខាន់ចំពោះប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ដែរឬទេ?» ប្រវត្តិសាស្ត្រ រួមទាំងអ្វីដែលបានកើតឡើងនៅអាហ្វហ្កានីស្ថានបានប្រាប់យើងថាប្រយោជន៍ជាតិរបស់ប្រទេសមួយ តែងតែ ផ្លាស់ទៅតាមកាលៈទេសៈ។ ជាក់ស្ដែង អាមេរិកធ្លាប់ចាត់ទុកអាហ្វហ្កានីស្ថានមានសារៈសំខាន់បំផុតចំពោះប្រយោជន៍ជាតិរបស់ខ្លួនក្រោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះគឺជួយទប់ស្កាត់កុំឱ្យមានការវាយប្រហារភេរវកម្មប្រឆាំងនឹងអាមេរិក តែនៅចុងបញ្ចប់អាហ្វហ្កានីស្ថានបែរជាអស់តម្លៃ ហើយអាមេរិកដកទ័ពចេញមិនស្ដាយ ស្រណោះដោយទុកឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដួលរលំក្រោមដៃតាលីបង់។

ហេតុផលទី៣, ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដកខ្លួនចេញពីអាហ្វហ្កានីស្ថាន ប្រៀបបានដូចជាការបើកទ្វារភូមិសាស្ត្រនយោបាយថ្មីមួយ សម្រាប់ឱ្យចិនបញ្ជៀបឥទ្ធិពល នៅក្នុងតំបន់អាស៊ីកណ្ដាល និងតំបន់មជ្ឈិមបូព៌ា។ ចិននឹងទទួលបានផលចំណេញយ៉ាងធំនៅក្នុងតំបន់អាស៊ីកណ្ដាល និងតំបន់មជ្ឈិមបូព៌ា ខណៈឥទ្ធិពលអាមេរិកនៅក្នុងតំបន់ ទាំងនេះនៅតែបន្តថយចុះ។ បណ្ដាប្រទេសជាច្រើនដូចជារុស្ស៊ី, អ៉ីរ៉ង់, ប៉ាគីស្ថាន, និងបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រអាចនឹងកាន់តែស្វាគមន៍ការចូលរួមចំណែក យ៉ាងសកម្មរបស់ចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវជាដើម។ មិនតែប៉ុណ្ណោះ វានៅតែមានការសង្ស័យដែរថាតើបណ្ដាប្រទេសអាស៊ីខាងកើតដូចជា ជប៉ុន ឬកូរ៉េខាងត្បូង អាចនឹងចូលរួមអស់ពីចិត្តពីថ្លើម នៅក្នុងយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនរបស់សហរដ្ឋអាមេរិកដែរ ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា ភ្លាមៗ គេមិនអាចដឹងឱ្យប្រាកដថាការដួលរលំរបស់អាហ្វហ្កានីស្ថានធ្វើឱ្យអាមេរិកខាត ឬក៏ចំណេញប៉ុនណានោះទេ។ ប៉ុន្តែអ្វីដែលគេអាចដឹងបាន នោះគឺថា ភាពចលាចលនៅអាកាសយានដ្ឋានរដ្ឋធានីកាប៊ុលសព្វថ្ងៃ នឹងធ្វើឱ្យសម្ព័ន្ធមិត្តទាំងអស់មើលសហរដ្ឋអាមេរិកក្នុងក្រសែភ្នែកប្រុងប្រយ័ត្នជាងមុន ដោយចាប់ផ្ដើមគិតក្នុងចិត្តថា ពួកគេមិនអាចបន្តពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិកបានដែរឬទេ ដូចដែលលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen លើកឡើងថាតៃវ៉ាន់ត្រូវតែរឹងមាំដោយខ្លួនឯង ជាជាង ពឹងលើអ្នកដទៃ៕

ប្រភព៖ Diplomat (ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១)
ដោយ : fresh news





រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្ត

កំពត៖ នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានបើកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអាជ្ញាធរក្រុង ស្រុកទាំង៩ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ ។

តាមរបាយការណ៍លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត មានអាយុ១៨ ឆ្នាំឡើង គិតចាប់ពីថ្ងៃទី០២ ខែ មីនា ដល់ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ សម្រេចលទ្ធផលជាចំនួនសរុប ២៣០,៨៧៩នាក់ នៃប្រជាជនគោលដៅ ៤៩០,៥៩៥នាក់  គិតជាអត្រាគ្រប់ដណ្ដប់អ្នកមានភាពស៉ាំ នៃចំនួនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង៩ ស្មើនឹង៤៧ភាគរយ។ រីឯចំនួនអ្នកដែលបានចាក់ដូសទី៣ឬដូសជំរុញមានចំនួន៥,២៤៤នាក់ ចំណែកចំនួនប្រជាពលរដ្ឋមិនទាន់បានចាក់ចំនួន២៦១,៤៦៣នាក់ ។

លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍លើកបញ្ជាក់ថា បញ្ហាការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាការងារសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល តែងតែបានខិតខំយកចិត្តទុកដាក់ ស្វែងរក វ៉ាក់សាំង ដើម្បីយកមកចាក់និងជំរុញការចាក់ឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នានិងមិនមានការរើសអើង ។

កិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដែលរដ្ឋបាលខេត្តកំពតត្រូវតែជំរុញការតាមដាននិងធ្វើស្ថិតិបូកសរុប នូវចំនួនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងរួចហើយ និងចំនួនអ្នកដែលមិនទាន់បានទួលវ៉ាក់សាំងនូវចំនួនទិន្នន័យពិតប្រាកដជាក់លាក់ ដើម្បីរាយការណ៍ទៅថ្នាក់ជាតិ ពិសេស តាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីបន្តជំរុញការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ក្នុងការឆ្លើយតប ទៅតាមផែនការ គ្រោងទុករបស់រាជរដ្ឋាភិបាល ត្រូវចាក់ជូនប្រជាពលរដ្ឋឲ្យបានយ៉ាងតិច១០លាននាក់ ។

លោក ជាវ តាយ អភិបាលខេត្ត ក៏បាន ណែនាំជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញ ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ កៀរគរលើកទឹកចិត្តប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់ពេលបច្ចុប្បន្ននេះឱ្យបានគ្រប់គ្នា ៕



មនុស្សជំនិតបំផុតរបស់ កឹម សុខា ទម្លាយអាថ៌កំបាំងស៊ីជម្រៅ១២ចំណុចដែលបង្ហាញថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»

(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញមុខទម្លាយអាថ៌កំបាំងស៊ីជម្រៅ ចំនួន១២ចំណុចច្បាស់ៗដែលបញ្ជាក់ថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»។

ការបង្ហាញហេតុផលនេះបានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានព្យាយាមទាញលោក កឹម សុខា ឱ្យពាក់ព័ន្ធទៅនឹងផែនការខ្លួនជាបន្តបន្ទាប់ ដោយបានប្រើប្រាស់ភាសាថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ»។

លោក មុត ចន្ថា មនុស្សជំនិតបំផុតរបស់លោក កឹម សុខា បានលើកឡើងនិងទម្លាយតាមបណ្តាញសង្គម Facebook ជាមួយខ្លឹមសារយ៉ាងស៊ីជម្រៅ ទាំងស្រុងដូចខាងក្រោម៖

«យើងស្តាប់ឮជាហូរហែរហូតមកដល់ពេលនេះដែល លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានអះអាងតែម្ខាងថា “សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ”។ កាលបើបានស្តាប់ទៅហាក់ពិរោះ និងមានអត្ថន័យបញ្ជាក់ពីភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែធាតុពិតផ្ទុយស្រឡះ។ តាមពិតវាគ្រាន់តែសម្ដីផ្លែល្វា ដើម្បីបញ្ឆោត និងបំភាន់មហាជនឱ្យយល់ច្រឡំ ក្នុងចេតនាកេងប្រវ័ញ្ចប្រយោជន៍ពី និងដាក់បន្ទុកលើជនរងគ្រោះ គឺលោក កឹម សុខា ទៅវិញទេ»។

បើតាម លោក មុត ចន្ថា, ហេតុផលជាក់លាក់មួយចំនួនអាចបញ្ជាក់ជាអាទិ៍ថា លោក សម រង្ស៉ី និង លោក កឹម សុខា មិនអាចក្លាយជាមនុស្សតែមួយបានមានដូចជា៖

១៖ លោក សម រង្ស៉ី បានបង្កើតអ្វីដែលហៅថា «ចលនាសង្រ្គោះជាតិ» នៅឆ្នាំ២០១៨ ដែលបានផ្តាច់ខ្លួនចេញពីបុព្វហេតុរបស់គណបក្សសង្រ្គោះជាតិ ព្រោះចលនានេះជាអង្គការចាត់តាំងនយោបាយខុសច្បាប់មួយដែលត្រូវបានចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់។ ខណៈដែលអង្គការចាត់នេះមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងអាចធ្វើការជាមួយ គាត់មិនអាចបន្តប្រើប្រាស់ឈ្មោះចលនានេះ តទៅទៀត ដើម្បីធ្វើសកម្មភាពឡើយ។ ក្នុងន័យនេះ លោក សម រង្ស៉ី បានបោះបង់ចោលលោក កឹម សុខា ទៅដឹកនាំចលនានយោបាយមួយផ្សេងទៀត។

២៖ ដោយសារមូលហេតុទី១នេះ លោក សម រង្ស៉ី ក៏បានងាកមកដណ្តើមយកតួនាទីជាមេដឹកនាំនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ដោយលើកបន្តុបខ្លួនគាត់ជា«ប្រធានស្តីទី» នៅខែធ្នូ ឆ្នាំ២០១៨ ដោយរំលោភបំពានលក្ខន្តិកៈបក្សដែលជាច្បាប់កំពូលរបស់គណបក្សសង្រ្គោះជាតិ ខណៈដែលលោក កឹម សុខា ជាប្រធានគណបក្ស កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង។ នេះជាអំពើអគុណធម៌យ៉ាងធំបំផុតចំពោះដៃគូនយោបាយ ដែលបានកើតចេញពីការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២។

៣៖ លោក សម រង្ស៉ី បានប្រមាថការលះបង់របស់ លោក កឹម សុខា ដោយបានបន្ទាបបន្ថោកថា«ការជាប់គុកឥតប្រយោជន៍» ដែលទង្វើនេះបង្ហាញឱ្យឃើញថាពាក្យស្លោករបស់គាត់ៈ «សម រង្ស៉ី និង កឹម សុខា គឺជាមនុស្សតែមួយ» គឺជាអំពើកុហក និងបំភ័ន្ត ។

៤៖ លោក សម រង្ស៉ី បានប្រើប្រាស់តួនាទីលើកបន្តុបដោយខ្លួនឯង ប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូបានលោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្លែងថ្កោលទោសនៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ថាជាអំពើបំពានគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់។ អំពើខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិនេះ គឺផ្ទុយស្រឡះពីគោលជំហរនយោបាយរបស់លោក កឹម សុខា និងគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ (មាត្រា៥ និងមាត្រា៨ នៃលក្ខន្តិកៈគណបក្ស)។

៥៖ លោក សម រង្ស៉ី បានរៀបចំផែនការមាតុភូមិនិវត្តវិលចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបើកយុទ្ធនាការរ៉ៃអង្គៀសប្រាក់បានរហូតជាង ៣០ម៉ឺនដុល្លារអាមេរិក។ ប្រសិនជាផែនការមាតុភូមិនិវត្តរបស់គាត់គ្រោងធ្វើឡើងដោយសន្តិវិធី នោះមិនត្រូវបានគេចាត់ទុកជាអំពើផ្ទុយនឹងច្បាប់ឡើយ ហើយក៏អាចត្រូវបានគេកោតសរសើរគាត់ជាមនុស្សក្លាហានដែលហ៊ានមកតទល់តាមផ្លូវច្បាប់ និងតាមផ្លូវប្រជាធិបតេយ្យ។
ប៉ុន្តែគាត់បានប្រកាសក្តែងៗថាគាត់ចូលមកប្រទេសកម្ពុជាវិញ ដើម្បីចាប់ខ្លួន សម្តេច ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ដែលស្មើនឹងការផ្តួលរំលំរដ្ឋាភិបាលមួយ ដែលត្រូវបានថ្កោលទោសពីមជ្ឈដ្ឋានសមាជិកសហគមន៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសមហាអំណាចផងដែរ ដែលប្រទេសទាំងនោះមិនអាចគាំទ្រអំពើហិង្សា និងសកម្មភាពណាដែលរំលោភបំពានច្បាប់នៃរដ្ឋអធិបតេយ្យឡើយ។ គ្រាន់តែគាត់ប្រកាសបែបនេះ មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានយល់ច្បាស់ពីបំណងរបស់គាត់ គឺគាត់មិនមានភាពក្លាហានហ៊ានវិលចូលប្រទេសប្រទេសវិញឡើយ ទោះបីគាត់ខិតខំរៀបចំឈុតឆាកសម្តែង ដោយការអូសវាល្លីសដើរចូលព្រលានយន្តហោះនៅទីក្រុងប៉ារីស ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បដិសេធថាមិនបានលក់សំបុត្រយន្តហោះឱ្យគាត់ «សម រង្ស៉ី» ហើយរដ្ឋាភិបាលថៃក៏បានប្រកាសស្កាត់មុនថា មិនអនុញ្ញាតឱ្យគាត់ចូលប្រទេសរបស់គេដែលជាប្រទេសគោលដៅ ដែលគាត់បានប្រកាសថានឹងដើរចូលប្រទេសកម្ពុជាជាមួយពលករចំណាកស្រុកខ្មែរ តាមច្រកព្រំដែនប៉ោយប៉ែត បើតាមការអះអាងរបស់គាត់។

ជាលទ្ធផលបានមកពីអំពើកុហក និងបំភ័ន្តរបស់គាត់ បាននាំឱ្យសកម្មជននិងអ្នកគាំទ្រមិនបានគិតដល់ចាញ់កល្បរាប់រយនាក់ត្រូវប្រឈមមុខនឹងវិធានការច្បាប់និងតុលាការ និងមួយចំនួនត្រូវចាប់និងឃុំខ្លួន ហើយនិងរយនាក់ទៀតបានរត់គេចខ្លួនទៅក្រៅប្រទេស។ ទង្វើនេះបានប្រឆាំងនឹងគោលការណ៍រួម រវាងលោក សម រង្ស៉ី និង កឹម សុខា ជាពិសេស មាត្រា៥ និងមាត្រា៨ នៃលល្ខន្តិកៈគណបក្ស។

៦៖ ម្តងហើយម្តងទៀត លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ព និងកម្លាំងប្រដាប់អាវុធបែរចុងកាណុងកាំភ្លើង ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអំពើនេះត្រូវបានគេចាត់ទុកជាអំពើហិង្សារំលោភបំពានទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស មាត្រា៨ កថាខណ្ឌទី៤ នៃលក្ខន្តិកៈគណបក្ស ស្តីពីគោលនយោបាយអហិង្សា។ ការអំពាវនាវនេះបានរុញច្រានឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិឃ្លាតឆ្ងាយបន្តិចម្តងៗ ក្នុងការស្វែងរកដំណោះស្រាយស្តារលទ្ធិប្រជាធិបតេយ្យ និងបើកឱ្យមានលំហនយោបាយទូលំទូលាយឡើងវិញ ព្រោះសមាជិកសហគមន៍អន្តរមិនអាចធ្វើការជាមួយ ឬគាំទ្រអ្នកនយោបាយខ្មែរណាដែលនិយមអំពើហិង្សា (advocacy for violence) និងសកម្មភាពបំពានច្បាប់នៃរដ្ឋអធិបតេយ្យមួយបានឡើយ។

៧៖ លោក សម រង្ស៉ី បានធ្វើការប្រមាថមកលើអង្គព្រះមហាក្សត្រ ម្តងហើយម្តងទៀតដែលជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញដែលចែងថាៈ «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ (មាត្រា៧ កថាខណ្ឌទី៣)»។ ជាលទ្ធផល លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ និងប្រឈមនឹងបណ្តឹងអាជ្ញាជាបន្តទៀត។ គាត់បានចោទអង្គព្រះមហាក្សត្រថាមិនបានធ្វើអ្វីជួយប្រជាពលរដ្ឋដែលរងទុក្ខលំបាក ប៉ុន្តែគាត់ភ្លេចគិតថាខ្លួនគាត់ជាសមាជិកមួយរូប នៃគណៈកម្មាធិការអចិន្រ្តយ៍រៀបរៀងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលគាត់បានគាំទ្រឱ្យដាក់បញ្ចូលប្បញ្ញត្តិមួយទៅក្នុងរដ្ឋធម្មនុញ្ញ គឺ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ (មាត្រា៧ កថាខណ្ឌទី១)»។ ប៉ុន្តែនៅពេលនេះបែរជាគាត់មកបន្ទោសថាព្រះមហាក្សត្រគ្មានអំណាចអ្វីទាំងអស់។ លក្ខន្តិកៈរបស់អតីតគណបក្សសង្រ្គោះជាតិកំណត់គោលនយោបាយគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ក៏ដូចជាច្បាប់ ស្តីពីគណបក្សនយោបាយ។ ទង្វើនេះដើរផ្ទុយពីគោលជំហរនយោបាយរបស់លោក កឹម សុខា ដែលតែងតែគោរពបដិបត្តិច្បាប់យ៉ាងខ្ជាប់ខ្ជួន ទោះក្នុងស្ថានភាពណា ។

៨៖ លោក សម រង្ស៉ី បានប្រកាសឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ ឱ្យដូចអ្វីដែលគណបក្សសម្ព័ន្ធជាតិដើមបីប្រជាធិបតេយ្យនៅភូមាដូច្នោះដែរ ដែលត្រូវបានចាត់ទុកជាអំពើរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពីគណបក្សនយោបាយ។ លោក កឹម សុខា តាមរយៈមេធាវី បានបដិសេធមិនគាំទ្រ មិនជាប់ពាក់ព័ន្ធ មិនចូលរួម ឬមិននៅពីក្រោយការប្រកាសលោក សម រង្ស៉ី។ នេះបង្ហាញយ៉ាងច្បាស់ថាគោលជំហររបស់លោក កឹម សុខា ខុសពីលោក សម រង្ស៉ី ដែលលោក កឹម សុខា មានបំណងស្វែងរកដំណោះស្រាយរវាងខ្មែរនិងខ្មែរដោយស្របតាមច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ ។

៩៖ អ្វីដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការបែងចែកនិងការរើសអើងនោះ ចាប់តាំងតែពីលោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងថ្លុង នៅខែកញ្ញា ឆ្នាំ២០១៨ ដើម្បីមកឃុំនៅក្នុងផ្ទះ និងរហូតតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួន នៅខែវិច្ឆិកា ឆ្នាំ២០១៩ និងរហូតមកដល់ពេលនេះ គ្មានអ្នកនយោបាយ ឬសកម្មជននៃកូតាគណបក្សសមរង្ស៉ី ណាម្នាក់ បានមកសួរសុខទុក្ខ ឬមកសម្តែងការនឹកឭក ឬសម្តែងការគួរសមចំពោះលោក កឹម សុខា នៅផ្ទះរបស់គាត់ ម្តងណាឡើយ។ ពួកគេខ្លះមិនគ្រាន់អគុណធម៌និងមិនចាត់ទុកលោក កឹម សុខា ជាមេដឹកនាំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានវាយប្រហារ និងជេរប្រមាថមកលើលោក កឹម សុខា ថែមទៀត។ បន្ទាប់ពីលោក សម រង្ស៉ី បានដណ្តើមយកតួនាទីជាប្រធានស្តីទីដោយខុសច្បាប់ នៅខែធ្នូ ឆ្នាំ២០១៨ គាត់បានបង្កើតឱ្យមានក្រុមឆ្កែញីមួយក្រុមក្នុងក្របខ័ណ្ឌចលនាស្រ្តី នៃគណបក្សសង្រ្គោះជាតិក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O) បើកយុទ្ធនាការជេរនិងប្រមាថមកលើលោក កឹម សុខា យ៉ាងក្លៀវក្លាបំផុត ហើយលោក សម រង្ស៉ី ថែមទាំងបានប្រគល់ប័ណ្ណសរសើរលើកទឹកចិត្តដល់ក្រុមឆ្កែញីនេះទៀងផង។ នេះជាចរិតចាប់ដៃជាន់ជើងរបស់លោក សម រង្ស៉ី មកលើលោក កឹម សុខា។

១០៖ លោក សម រង្ស៉ី បានឈរពីក្រោយយ៉ាងរឹងមាំចំពោះការបំបែកកម្លាំងគាំទ្រអតីតគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស តាមរយៈការបង្កើតឡើងនូវចលនាសង្រ្គោះជាតិដែលត្រូវបានចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់, បង្កើតឡើងនូវគណបក្សសង្រ្គោះជាតិក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O), កែប្រែរចនាសម្ព័ន្ធនិងដកដោះដូរមនុស្សក្នុងរចនាសម្ព័ន្ធដឹកនាំនៅក្រៅប្រទេស ដូចជានៅអាមេរិក អឺរ៉ុប និងនៅកូរ៉េខាងត្បូង។ លោក សម រង្ស៉ី បានបំបែកបំបាក់ចលនាយុវជនជាពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាពីរ ដោយគាត់បានគាំទ្រក្រុមថ្មីមួយទៀតដែលដឹកនាំដោយ «អាសង្ហា»។ ចាប់តាំងពីលោក សម រង្ស៉ី បានដណ្តើមយកតួនាទីជាប្រធានស្តីទីដោយខុសច្បាប់មក គាត់មិនបានធ្វើអ្វីឱ្យមានការបង្រួបបង្រួមបក្សម្តងណាឡើយ គឺមានតែបំបែក និងបំបែកឱ្យខ្ទេច តាមរយៈការដកមនុស្សរបស់គណបក្សសិទ្ធិមនុស្សចេញ ដាក់មនុស្សបក្សសមរង្ស៉ីជំនួសវិញ គឺជាយុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រងកម្លាំងតែម្នាក់ឯង ។

១១៖ ភស្តុតាងថ្មីពីរថែមទៀត គឺលោក សម រង្ស៉ី បានបើកភ្លើងខៀវឱ្យគណបក្សភ្លើងទៀន អតីតគណបក្សសមរង្ស៉ី ត្រៀមធ្វើសមាជបក្ស ដើម្បីកែប្រែរចនាសម្ព័ន្ធ និងផ្លាស់ប្តូរអ្នកដឹកនាំ ខណៈដែលគណបក្សនេះគ្រាន់តែជាបក្សចាំផ្ទះ បន្ទាប់ពីរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅខែកក្កដា ឆ្នាំ២០១២។ មនុស្សជំនិតរបស់លោក សម រង្ស៉ី គឺលោក ជា គឹមលី ខ្មែរ-អាមេរិកកាំង ដែលជាប្រធានគណបក្សសង្រ្គោះជាតិ អាមេរិកខាងជើង-អាមេរិកកាំង (CNRP-A) ដើរចលនាកៀរគរកម្លាំងពី អតីតគណបក្សសង្រ្គោះជាតិឱ្យមកគាំទ្រគណបក្សភ្លើងទៀន និងខ្លួនគាត់ត្រៀមខ្លួនមកចូលរួមដឹកនាំបក្សភ្លើងទៀន។ ស្របពេលជាមួយគ្នា លោក សម រង្ស៉ី បានប្រលេងលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ឱ្យរៀបចំយុទ្ធសាស្រ្តនិងផែនការបង្កើតគណបក្សថ្មីមួយទៀត គឺ «គណបក្សបេះដូងជាតិ» នៅក្នុងប្រទេស ដើម្បីអូសទាញកម្លាំងអតីតគណបក្សសង្រ្គោះជាតិ ក្នុងទិសដៅទប់ទល់ជាមួយគណបក្សនយោបាយទើបបង្កើតថ្មី បន្ទាប់មកយករចនាសម្ព័ន្ធ និងកម្លាំងរបស់គណបក្សបេះដូងជាតិទៅបូកបញ្ចូលជាមួយគណបក្សភ្លើងទៀន សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។

១២៖ លោក សម រង្ស៉ី និងគូកន បានប្រមូលលុយអតីតគណបក្សសង្រ្គោះជាតិ និងលុយគម្រោងទូរទស្សន៍ព្រះអាទិត្យ លានដុល្លារ ទៅបាត់ឈឹង។ ស្របពេលជាមួយគ្នា លុយមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ ជាង $30ម៉ឺន និងលុយលក់ប័ណ្ណនាឡិកាដៃជាង $20ម៉ឺន ក៏បាត់ស្ងាត់ឈឹង។ លុយទាំងនេះអាចត្រូវបានយកទៅចែកគ្នាចាយ និងមួយចំណែកត្រូវបានគេដាក់ការសង្ស័យថាទុកត្រៀមបម្រុងផ្គត់ផ្គង់ដល់គណបក្សបេះជាតិ និងគណបក្សភ្លើងទៀន។

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមទៀតថា សរុបមកវិញ អ្វីដែលលោក សម រង្ស៉ី បានធ្វើនិងកំពុងបន្តធ្វើ គឺផ្ទុយពីគោលការណ៍និងគោលនយោបាយរួម នៃសម្ព័ន្ធភាពនៅមុនបង្កើតគណបក្សសង្រ្គោះជាតិ និងផ្ទុយពីគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៉ី និងមនុស្សជិតស្និទ្ធរបស់គាត់មិនបានផ្តល់នូវតម្លៃនៃការលះបង់និងការធ្វើពលិកម្មរបស់លោក កឹម សុខា ម្តងណាឡើយ ហើយថែមទាំងប្រមាថបន្ថែមទៀត។ សកម្មភាពបំពានច្បាប់ ទោះបីច្បាប់នោះមានចរិតបែបណាក៏នៅតែជាច្បាប់ របស់លោក សម រង្ស៉ី គឺជាការទទួលខុសត្រូវជាលក្ខណៈបុគ្គល។ មនុស្សពីរអ្នកអាចស្បថគោរពគោលការណ៍រួមតែមួយ ប៉ុន្តែបើសិនម្នាក់ណារំលោភលើគោលការណ៍រួមនោះ ម្នាក់នោះបានបែកចេញរួចទៅហើយ។
មនុស្សពីរនាក់សន្យាគ្នាគោរពច្បាប់ ប៉ុន្តែម្នាក់បានរំលោភល្មើសនឹងច្បាប់ ដូច្នេះម្នាក់ក្លាយជាទណ្ឌិត។ លើសពីនេះទៀត ស្របតាមកត្តានិងច្បាប់ធម្មជាតិ មនុស្សពីរនាក់មិនអាចរលាយចូលគ្នាក្លាយទៅជាមនុស្សតែមួយបានទេ ដូច្នេះពាក្យស្លោកនេះ គឺជាការបំភ័ន្តភ្នែក-ត្រចៀក។ ពាក្យស្លោកនេះបង្កប់ដោយចេតនាខ្មៅកខ្វក់ ដើម្បីអូសទាញនិងភ្ជាប់លោក កឹម សុខា ជាមួយអំពើខុសច្បាប់ផ្សេង ដែលលោក សម រង្ស៉ី បានប្រព្រឹត្តឡើង និងបំភ័ន្តឱ្យមានយល់ច្រឡំថាលោក កឹម សុខា គាំទ្រ ចូលរួម និងនៅពីក្រោយផែនការផ្សេងៗនិងសង្រ្គាមវោហារសាស្រ្តស្រួចស្រាល់របស់លោក សម រង្ស៉ី។ លោក កឹម សុខា បានព្យាយាមបដិសេធជាច្រើនលើកតាមរយៈមេធាវី ប៉ុន្តែទាំងលោក សម រង្ស៉ី និងលោក អេង ឆៃអ៊ាង មិនព្រមទទួលយកការបដិសេធទាំងនេះ ដោយលើកហេតុផលខ្លួនឯងថា «មិនមែនជាសំដីនិងចេតនារបស់លោក កឹម សុខា ព្រោះថាលោក កឹម សុខា កំពុងស្ថិតនៅជាចំណាប់ខ្មាំង»៕


 

លោក ទូ សាវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

កោះកុង÷ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកកោះកុង។

ក្នុងនោះ លោកអភិបាលរងខេត្ត បានសូមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ជម្រុញការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាពិសេសរាយការណ៍ជាប្រចាំអំពីអ្នកពាក់ព័ន្ធ និងអ្នកជំងឺត្រូវធ្វើសំណាករហ័ស និងធ្វើចត្តាឡីស័កឱ្យបានសមស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។

មួយវិញទៀតត្រូវទប់ស្កាត់រាល់ការឆ្លងដែនគ្រប់ច្រកមកពីប្រទេសថៃតាមទូកនេសាទទាំងអស់ ក្នុងនោះក៏ត្រូវទប់ស្កាត់ និងរាយការណ៍បន្ទាន់អំពីបងប្អូនដែលបានចូលមកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវ រឺយកសំណាកកុំឱ្យមានការឆ្លងបន្ត ក្នុងករណីពួកគាត់បានឆ្លងជំងឺកូវីដ-១៩។

សុំអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ និងបន្តផ្សព្វផ្សាយឱ្យពួកគាត់ឱ្យមកចាក់វ៉ាក់សាំង ដើម្បីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នឹងរៀបចំយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅពេលខាងមុខ ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចាក់ដូសទី១ នៅខេត្តកោះកុង៕