Friday, January 05, 2018

ស្បៃបៃតងនិងគ្រាប់ពូជបន្លែប្រាំពីរប្រភេទត្រូវបានប្រគល់ជូនសហគមន៍ចំនួន២នៅស្រុកសណ្តាន់ខេត្តកំពង់ធំ

កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងបរិស្ថាន បានរៀបចំពិធីចែកគ្រាប់ពូជបន្លែ និងស្បៃបៃតង ជូនសហគមន៍ការពារធម្មជាតិជាំធ្លក និងស្ករក្រូច ៦៤២គ្រួសារ ស្ថិតនៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សុខន រិទ្ធិគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការសហការជាមួយមន្ទីរបរិស្ថានខេត្ត ព្រមទំាង​មានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរអង្គភាព  ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ៦០០​នាក់។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែយកចិត្តទុកដាក់ទៅលើដាំដំណាំបន្លែដែលគ្មានជាតិគីមីដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនឲ្យកាន់តែល្អប្រសើរឡើង និងធានាសុវត្ថិភាព ក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អ។ លោកបានបញ្ជាក់ថា សុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់រូបដែលត្រូវតែធ្វើការយកចិត្តទុកដាក់បំផុត ព្រោះបើយើងមានសុខភាពល្អ នោះយើ​ងជាមនុស្សដែលទ្រព្យសម្បត្តិមហាសាលតែបើសុខភាពមិនល្អហើយវាធ្វើឱ្យបាត់បង់គ្រប់យ៉ាង។

ក្នុងនោះលោកអភិបាលខេត្តកំពង់ធំ អំពាវនាវឱ្យបងប្អូនទំាងអស់ចូលរួមថែរក្សាព្រៃសហគមន៍នេះ ដើម្បីជាផលប្រយោជន៍សម្រាប់ដល់បងប្អូនដែលទទួលផលពីអនុផលព្រៃសហគមន៍នេះ ដោយមិនត្រូវឱ្យជនណាម្នាក់ ឆ្លៀតឱកាសទាញយកផលប្រយោជន៍ផ្សេងៗពីព្រៃសហគ​មន៍ ដូចជាការកាប់ដីព្រៃនេះធ្វើជាកម្មសិទ្ធិឯកជន ឬលក់ទៅឱ្យឈ្មួញជាដាច់ខាត។ ទន្ទឹមនោះដែរ លោកបានផ្តាំផ្ញើរដល់បងប្អូន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនត្រូវចូលរួមគ្នាគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា ជាពិសេសអ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នាដើម្បីសុវត្ថិភាពខ្លួនឯងនិងចំពោះអ្នកដែលជាទីស្រឡាញ់ផងដែរ។

លោក សុខន រិទ្ធិគុណ បានមានប្រសាសន៍លើកឡើងថា ការចែកគ្រាប់ពូជបន្លែ និងស្បៃបៃ​តងនេះ ជាលើកទី២ សម្រាប់ប្រជាពលរដ្ឋសហគមន៍ឃុំងននេះ ដូច្នេះសូមបងប្អូនប្រជាកសិ​ក​រទំាងអស់ត្រូវទុកដាក់គ្រាប់ពូជបន្លែនេះឱ្យបានត្រឹមត្រូវ មិនត្រូវយកទៅទុកចោលនាំឱ្យខូចគុណភាព ឬយកទៅលក់នៅលើទីផ្សារឡើយ។ ជាមួយគ្នានោះដែរ លោក បានជំរុញដល់ប្រជាកសិករទំាងអស់ ត្រូវនាំធ្វើការដាំដុះគ្រាប់ពូជបន្លែនេះ ទៅតាមលក្ខណៈបច្ចេកទេសកសិ​កម្មឱ្យបានគ្រប់ៗគ្នា ព្រោះវាអាចធ្វើឲ្យជីវភាពបងប្អូនអាចរកប្រាក់ចំណូលនិងជួយសម្រួលដល់ជីវភាពប្រជាកសិករនៅតាមសហគមន៍ឱ្យមានជីវភាពធូធារច្រើនជាងមុន ក្នុងនោះ ១គ្រួសារទទួលបាន ១). គ្រាប់ស្ពៃក្រញាញ់ ១កំប៉ុង ២). គ្រាប់ស្ពៃខ្មៅ ២កំប៉ុង ៣). គ្រាប់ស្ពៃចង្កឹះ ២កំប៉ុង ៤). គ្រាប់សណ្តែកគួរ ២កំប៉ុង ៥). គ្រាប់ឆៃថាវ ១កំប៉ុង ៦). គ្រាប់ត្រកួន ១គីឡូ​ក្រាម ៧) គ្រាប់ត្រសក់ ៣កញ្ចប់ និងស្បៃបៃតង ១ដុំ។

បន្ទាប់មក លោកអភិបាលខេត្តនិងលោករដ្ឋលេខាធិការ រួមទាំងក្រុមការងារ បានបន្តដំណើរទៅទស្សនាការចិញ្ចឹមសត្វ និងដំណាំរបស់ប្រជាកសិករដែលបានធ្វើការដាំដុះកន្លងមក៕





ប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯករីករាយចំពោះការរីកចម្រើនកម្រិតជីវភាពនាពេលបច្ចុប្បន្ន

ភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៅភូមិធម្មជាតិរុនតាឯក ដែលស្ថិតក្នុង​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបរបរនៅទីនោះ មានការសាទរ និងកំពុងរស់នៅដោយភាពសប្បាយរីករាយ ជាមួយសមិទ្ធផលដែលពួកគេកំពុងទទួលបាន។ កម្រិតជីវភាពនៅទីនោះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា ពិសេសគឺអាចរកចំណូលចូលគ្រួសារបានគ្រប់គ្រាន់ ធ្វើឱ្យកម្រិ​តជីវភាពរបស់ពួកគេមានភាពធូរធារជាលំដាប់។ ដើម្បីឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើនទៅបាន អាជ្ញាធរជាតិអប្សរាមានគោលដៅចំនួន២ ក្នុងនោះរួមមាន ការអភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្ម។ សម្រាប់ការងារកសិកម្មនាពេលបច្ចុប្បន្ន អាចនិយាយបានថា ភូមិធម្មជាតិរុនតាឯក កំពុងជោគជ័យលើវិស័យមួយនេះ ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននិងកំពុងទទួលផលពីវិស័យមួយនេះផងដែរ។

បើក្រឡេកមើលវិស័យកសិកម្ម បច្ចុប្បន្នអ្នកភូមិធម្មជាតិរុនតាឯក កំពុងទាញចំណូលបានច្រើនគួរសម ពីដំណាំម្រុំ។ មានប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ កំពុងដាំម្រុំ ដែលមានក្រុមហ៊ុនមួយជាអ្នកទទួលទិញ និងផ្តល់បច្ចេកទេស។ ម្ចាស់ក្រុមហ៊ុន អេស ភី អិល អ៊ី (S.P.L.E) លោក អ៊ឹង តុងអៀង មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់លោកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុន ដើម្បីទទួលទិញផលិតផលម្រុំពីប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯក។ លោកបញ្ជាក់ថា ខាងភាគីជប៉ុន មុននឹងសម្រេចទទួលទិញផលិតផលម្រុំនេះ ពួកគេបានយកដីពីភូមិទៅពិសោធន៍ ដោយពិនិត្យរកសារធាតុគីមីចំនួនប្រមាណ ២៤០មុខ និងចុងក្រោយបានបង្ហាញថា ដីនៅទីនេះ គ្មានសារធាតុគ្រោះថ្នាក់ណាមួយដែលប៉ះពាល់ដល់សុខភាពឡើយ ទើបពួកគេសម្រេចទទួលផលិតផលពីយើង។

លោក បន្ថែមថា ក្រុមហ៊ុន MWSO របស់ជប៉ុន បានទទួលទិញផលិតផលម្រុំពីអ្នកភូមិក្នុងមួយខែចំនួន ១០តោនម្រុំស្រស់ ដែលស្មើនឹង ១តោនក្រោយពេលសម្ងួត។ លោកបន្ថែមទៀតថា គោលបំណងសំខាន់ ដែលក្រុមហ៊ុនរបស់លោក មកវិនិយោគនៅភូមិធម្មជាតិរុនតាឯកនេះ ព្រោះថា ដើម្បីរួមចំណែកអភិវឌ្ឍកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ហើយមួយទៀត ដីនៅតំបន់នេះមានភាពអំណោយផលច្រើនសម្រាប់ដំណាំរុក្ខជាតិម្រុំ។  ក្រៅពីនេះ ក្រុមហ៊ុនក៏បានផ្តល់បច្ចេកទេសដាំដុះ រួមនឹងដើមទុនកម្រិតទាបគ្មានការប្រាក់ សម្រាប់ប្រជាពលរដ្ឋ ផងដែរ។ ហើយបច្ចុប្បន្ននេះទៀត ក្រុមហ៊ុន អិស ភី អិល អ៊ី កំពុងសាកល្បងដាំដំណាំសណ្តែកផ្កាយ ជាមួយពលរដ្ឋ ១៨គ្រួសារ ដែលមានសហគមន៍កសិកម្មកម្ពុជាជាអ្នកបង្រៀនបច្ចេកទេស និងទទួលទិញផ្តាច់មុខ។

កសិករអ្នកស្រី ទិត្យ អ៊ុច ដែលបាននិងកំពុងទទួលផលពីដំណាំម្រុំ បានឱ្យដឹងថា អ្នកស្រីមានភាពរីករាយ ទៅនឹងអ្វីដែលគ្រួសារអ្នកស្រីកំពុងទទួលបាន។ អ្នកស្រីបន្តថា អ្នកស្រីដាំម្រុំបានមួយឆ្នាំហើយ ហើយក្នុងមួយខែអាចរកចំណូលបានប្រមាណ ៣០០ដុល្លារ។ អ្នកស្រី ទិត្យ អ៊ុច បានរម្លឹកពីការមករស់នៅក្នុងភូមិធម្មជាតិរុនតាឯកកាលពី៧ឆ្នាំមុន ដែលអ្នកស្រីថា មានភាពលំបាកបន្តិច តែសព្វថ្ងៃអ្នកស្រីមិនចង់ទៅណាទេ ព្រោះមុខរបរនៅទីនេះ អាចឱ្យគ្រួសារអ្នកស្រីដែលមានកូន៣នាក់ក្នុងបន្ទុក រស់នៅបានស្រួល និងមានការមើលខុសត្រូវពីអ្នកជំនាញកសិកម្មដែលបានបណ្តុះបណ្តាលរបស់អាជ្ញាធរជាតិអប្សរានិងមានការផ្តល់ទុនសម្រាប់ការ​ងារកសិកម្មផ្សេងៗផងដែរ។

ចំណែកអ្នកស្រី ស៊ត់ សាលី ជាស្រ្តីមេម៉ាយ មានកូន៣នាក់ ក៏កំពុងរីករាយចំពោះសមិទ្ធផលដំណាំម្រុំនេះផងដែរ។ អ្នកស្រីថា ខ្លួនបានតស៊ូប្រឹងប្រែងចិញ្ចឹមកូនតែម្នាក់ឯង និងបានក្រុមការងារក្នុងគម្រោងភូមិធម្មជាតិរុនតាឯក ខ្នះខ្នែងជួយសព្វបែបគ្រប់យ៉ាង ទើបបានមកដល់សព្វថ្ងៃនេះ ហើយអ្នកស្រីក៏មិនចង់ទៅណាទៀតដែរ ព្រោះស្រឡាញ់ការរស់នៅនៅទីនេះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំស្រឡាញ់ទីនេះ ពីមុនខ្ញុំមានប្តី រហូតដល់អត់ប្តី ខ្ញុំនៅតែតស៊ូដែរ ខ្ញុំអត់ចង់ទៅណាទៀតទេ ខ្ញុំស្រឡាញ់ដីខ្ញុំ សូម្បីតែដីចម្ការខ្ញុំរាល់ថ្ងៃអត់បានទៅតែមួយថ្ងៃ ក៏ខ្ញុំនឹកដែរ នឹករបស់របររបស់យើង តែដាំហើយគឺចង់ថែទាំឱ្យល្អ»។

លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក មានប្រសាសន៍ថា ទាក់ទងនឹងដំណាំម្រុំ សព្វថ្ងៃមានគ្រួសារប្រមាណ ៣០ កំពុងចូលរួមដាំដុះ នៅលើផ្ទៃដីជិត ១០ហិកតា។ រាល់គ្រួសារនីមួយៗ អាចរកចំណូលបានពី ១០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយខែ ទៅតាមផ្ទៃដីដែលពួកគេដាំដុះ។ លោកបានបន្ថែមថា បច្ចុប្បន្នគម្រោងនេះ មានប្រជាជនជាង ១០០គ្រួសារកំពុងរស់នៅ ដោយខ្លះដាំដំណាំម្រុំ សណ្តែក​ផ្កាយ ចិញ្ចឹមមាន់ ទា និងដាំបន្លែធម្មជាតិ។ល។

តាមការបញ្ជាក់របស់លោកប្រធានគម្រោង គោលដៅទៅខាងមុខរបស់អាជ្ញាធរជាតិអប្សរា គឺរៀបចំប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាកម្រិតជីវភាពរបស់ប្រជាព​លរដ្ឋកំពុងរស់នៅ និងគ្រួសារបន្ថែមទៀត ដែលគ្រោងនឹងមករស់នៅទីនេះ។ លោកបាន បញ្ជាក់ថា គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺរៀងរាល់ឆ្នាំយកប្រជាពលរដ្ឋប្រមាណ១០០គ្រួ​សារចូលមករស់នៅដើម្បីបំពេញនៅក្នុងគម្រោងទីមួយរបស់ខ្លួន ដែលត្រូវការប្រមាណ ៨០០គ្រួសារ។

គួររំឭកថា ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ ដោយសារកំណើនយ៉ាងឆាប់រហ័សក្នុងតំបន់បេតិកភណ្ឌមួយនេះ។ បច្ចុប្បន្នមានគ្រួសារចំនួន ១០៣ហើយ ដែលត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្ម។ ផ្ទៃដីសរុបនៃភូមិនេះមានចំនួន ១០១២ហិកតា ហើយគ្រោងនឹងពង្រីកបន្ថែមទៀតនាពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិនេះរួមមាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ហើយភូមិនេះមានបឹងធម្មជាតិដ៏ធំមួយ គឺបឹងជាលា ដែលអាចស្តុកទឹកបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើវិស័យកសិកម្មជាដើម៕






អភិបាលខេត្តស្វាយរៀងចុះពិនិត្យទីតាំងតារាងបាល់ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង សម្រាប់ត្រៀមរៀបចំប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល

ស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយករងវិទ្យាល័យស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យទីតាំងតារាងបាល់ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង ដែលជាទីតាំងគ្រោងនឹងប្រើប្រាស់សម្រាប់ត្រៀមរៀបចំ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនាដើម ខែឧសភា ឆ្នាំ២០១៨ខាងមុខ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះនឹងត្រូវប្រព្រឹត្តទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកពីប្រវត្តិអាពាហ៍ពិពាហ៍ដ៏ជូរចត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

នៅថ្ងៃទី៥ ខែមករា​ ឆ្នាំ២០១៨នេះ ជាថ្ងៃខួប៤២ឆ្នាំនៃថ្ងៃរៀបអាពាហ៍ពិពាហ៍របស់លោកនា​យករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ» ។ លោកបានបន្ថែមថាដោយថ្ងៃនេះជាខួប ៤២ ឆ្នាំនៃថ្ងៃរៀបការរបស់លោក (៥ មករា ១៩៧៦-៥ មករា ២០១៨) លោកសូមផ្សាយឡើងវិញនូវអត្ថបទដែលបានសរសេរកាលពីឆ្នាំ ២០១៦ ដែលជាខួប៤០ឆ្នាំនៃថ្ងៃរៀបការរបស់លោកនិងភរិយា។

អង្គភាពព័ត៌មាន Grand News សូមជូនប្រវត្តិរឿង «គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០១៥ ជាខួប ៤០ ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់ខ្ញុំ និងភរិយា (៥មករា១៩៧៦-៥មករា២០១៦)។ បើនិយាយពីជីវិតប្តីប្រពន្ធ វាជារឿងធម្មតាខ្លាំងណាស់សំរាប់ជីវិតមនុស្សទូទៅ តែសំរាប់ខ្ញុំនិងភរិយាវាជារឿងមិនធម្មតា ពេលខ្លះខ្ញុំគិតថាចម្លែករហូតចាត់ទុកថាទេវតាផ្សំផ្គុំ ឬគូព្រេងទៀតផង។ ខ្ញុំគួរចាប់ផ្តើមពីចំណុចថា តើខ្ញុំនិងភរិយាស្គាល់គ្នានិងជួបគ្នាដោយរបៀបណា? គ្រូទស្សទាយតែងតែទោះទាយឱ្យខ្ញុំថា គូរព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹកហូរ ជារបៀបនិយាយនៃអ្នកដែលរស់នៅតាមដងទន្លេមេគង្គមានន័យថា ភរិយាខ្ញុំនឹងមានទីលំនៅ នៅក្រោមចរន្តទឹកហូរ តែផ្ទុយទៅវិញភរិយាខ្ញុំបែរជាមានទីលំនៅលើចរន្តទឹកហូរទៅវិញ។ ប្រៀបធៀបភូមិសាស្រ្តនៃភូមិ ពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលជាភូមិកំណើតរបស់ខ្ញុំ និង ភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ដែលជាភូមិកំណើតរបស់ភរិយាខ្ញុំនៅម្ខាងទន្លេម្នាក់ឃើញថា ភូមិខ្ញុំនៅក្រោមខ្សែទឹកនៃភូមិភរិយាខ្ញុំ៣ទៅ៥គីឡូម៉ែត្រឯណោះ។

ពេលនេះខ្ញុំនិយាយដល់រឿងរ៉ាវដែលបានកើតក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ នៅប្រ​មាណដើមឆ្នាំ១៩៧៣អង្គភាពរបស់ខ្ញុំត្រូវបានបញ្ជូនចេញពីស្រុកមេមត់ទៅកាន់ស្រុកត្បូងឃ្មុំតាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំ ថ្មពេជ្រ ឃុំស្រែសៀម។ល។ បន្ទា​ប់ពីបានប្រយុទ្ឋនៅលើសមរភូមិជាច្រើនតាមផ្លូវជាតិលេខ៧ ក្នុងចន្លោះស្រុកស្នួលខេត្តក្រចេះមកស្រុកមេមត់និងស្រុកពញ្ញាក្រែកខេត្តកំពង់ចាម ដែលពួកខ្ញុំប្រយុទ្ធភាគច្រើនជាមួយកងទ័ពឈ្លានពានវៀតណាមខាងត្បូងនិងកងពេលខ្លះជាមួយកងទ័ពអាមេរិក និង វៀតណាមខាងត្បូង សំខាន់ក្នុងឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៧១។ ពេលនោះខ្ញុំទើបអាយុបាន២១ឆ្នាំ។ ឯភរិយាខ្ញុំទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំនិងភរិយារបស់ខ្ញុំមិនដែលស្គាល់គ្នាទាល់តែសោះ កុំថាឡើយមុខមាត់សូម្បីតែឈ្មោះក៏មិនដែលស្គាល់ឬឮផង។ ល្ងាចថ្ងៃមួយនៅពេលដែលខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំ ស្រាប់តែយុទ្ធជនរបស់ខ្ញុំម្នាក់ដែលទើបនឹងចេញពីព្យាបាលជម្ងឺនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាមកប្រាប់ខ្ញុំថា សោផ្តាំសួរសុខទុក្ខ។ អ្នកតាមដងទន្លេពាក្យ (​​​គឺជាបងថ្លៃស្រី) ខ្ញុំមិនតបតឬសួរនាំអ្វីទាំងអស់ និងឱ្យយុទ្ធជនរូបនេះជួយចិត្តផ្លែចេកព្រោះត្រូវធ្វើសម្លរប្រហើរផ្លែចេក។ ស្អែកឡើងមានយុទ្ធជនផ្សេងដែលទើបចេញពីមន្ទីរពេទ្យស្រុកក្រូចឆ្មានិយាយរឿងនេះដូចគ្នា និងជាបន្តបន្ទាប់មានយុទ្ធជន កម្មាភិបាលកាន់តែច្រើន និយាយពាក្យសោផ្ដាំសួរសុខទុក្ខ។ ចំណែកខាងភរិយាខ្ញុំក៏បានទទួលពាក្យពីយុទ្ធជនរបស់ខ្ញុំវិញថា មេបញ្ជាការរបស់ខ្ញុំផ្ដាំសួរសុខទុក្ខ អ្នកគ្រូពេទ្យរហូតយុទ្ធជនខ្លះហ៊ានប្រើពាក្យសោឬបងថ្លៃ ដែលពាក្យនេះបានធ្វើឱ្យ អ្នកគ្រូពេទ្យក្រមុំខឹងនិងខ្ញុំយ៉ាងខ្លាំង។

នេះជាល្បែងផ្សំផ្គុំដ៏មានគ្រោះថ្នាក់សំរាប់វិន័យកងទ័ពនាពេលនោះ ប្រសិនបើយើងមិនមានការយោគយល់ពីមេបញ្ជាការរបស់យើងទេនោះ។ ជាកុសលល្អ ខ្ញុំតែងមានមេបញ្ជាការប្រ​កបដោយមេត្តាធម៌ ក្នុងនោះមានម្នាក់ឈ្មោះសុក សារឿន បច្ចុប្បន្នជាឧត្តមសេនីយទោ និងជាមេបញ្ជាការរងយោធភូមិភាគទី៤ គាត់ជាមនុស្សសំខាន់ម្នាក់ដែលដឹងរឿងរ៉ាវក្នុងទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ ឯខ្ញុំក៏ដឹងរឿងរ៉ាវគាត់ច្រើនដែរ ក្នុងរឿងគាត់ជាកម្លោះចាស់ចង់បានប្រពន្ធក្មេង។

ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ មានការប្រយុទ្ធទ្រង់ទ្រាយធំមួយដើម្បីអបអរសាទរខួបលើកទី៣ នៃថ្ងៃបង្កើតរណសិរ្សរួបរួមជាតិកម្ពុជាដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ ។ ពួកយើងបានវាយបន្ទាយទន្លេបិទដែលអង្គភាពរបស់ខ្ញុំក្រោមបញ្ជាររបស់បងប្រុស សុក សារឿន ត្រូវវាយពីទិសខាងជើង ដែលពេលនេះគឺជាតំបន់គល់ស្ពានគីស្យូណា។ យើងចាញ់ធ្ងន់ធ្ងររហូតបាក់ទ័ព។ យុទ្ធជនមួយចំនួនពលីជីវិត មួយចំនួនទៀតត្រូវរបួសដែលបងប្អូនទាំងនោះត្រូវបញ្ជូនមកព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកក្រូចឆ្មា ដែលជាមន្ទីរពេទ្យកំពុងមានបញ្ហាជាមួយខ្ញុំ។

សូមបញ្ជាក់ថា ការប្រយុទ្ធយប់ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ១៩៧៣ គឺជាលើកដំបូងហើយ ដែលខ្ញុំវាយជាមួយកងទ័ពខ្មែរគ្នាឯងតាមនយោបាយខ្មែរូបនីយកម្មសង្គ្រាមនៅកម្ពុជា បន្ទាប់ពីអាមេរិកនិងវៀតណាមខាងត្បូងដកកងទ័ពថ្មើរជើងចេញពីកម្ពុជា តែនៅបន្តវាយកម្ពុជាតាមកងទ័ពជើងអាកាស។ ការប្រយុទ្ឋរាប់សិបលើកមុនៗគឺវាយជាមួយកងទ័ពឈ្លានពានអាមេរិក ពិសេ​សគឺកងទ័ពវៀតណាមខាងត្បូងដែលបោះទ័ពតាមផ្លូវជាតិលេខ៧ ម្ដុំ ស្អំ អំពុកក្រែក។ល។ នៅពេលកម្មាភិបាលយុទ្ធជនមួយចំនួនកំពុងសម្រាកព្យាបាលរបួស និងជម្ងឺនៅក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មា ក្នុងឋានៈជាមេបញ្ជាការរបស់ពួកគេ ខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេ។ ពេលចូលដល់មន្ទីរពេទ្យដែលនៅជាប់និងមាត់ទន្លេមេគង្គ ខ្ញុំដើរសួរសុខទុក្ខយុទ្ឋមិត្តដែលសម្រាកនៅមន្ទីរពេទ្យទាំងអស់ ដោយមាននំអន្សមចេកចែកជូន២ម្នាក់ស្មើៗគ្នាដោយគ្មានការរើសអើងអង្គភាព។ ចុងក្រោយទើបខ្ញុំទៅសួរសុខទុក្ខសំឡាញ់ខ្ញុំម្នាក់ដែលរបួសជើងទាំងសងខាង ដែលខ្ញុំបានអូសផងលីផងយកចេញពីសមរភូមិនាព្រឹកថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៧៣។

សំឡាញ់ម្នាក់នេះកំសត់កម្រជាមួយគ្នាតាំងពីសមរភូមិទី១ វាយទ័ពអាមេរិក និងវៀតណាមខាងត្បូងនៅស្រុកស្នួលខេត្តក្រចេះ ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០ ដែលជាថ្ងៃដំបូងនៃការចូលមកកាន់កាប់ផ្លូវជាតិលេខ៧ ពីសំណាក់កងទ័ពឈ្លានពាន។ គាត់គឺជាមនុស្សកំប្លែងស្ងួត សំឡាញ់ខ្ញុំមិនត្អូញត្អែរជាមួយមុខរបួសគាត់ទេ គាត់បែរជានិយាយមកកាន់ខ្ញុំថា បូណាល់ (ហ៊ុន បូណាល់ ជាឈ្មោះដើមរបស់ខ្ញុំ និងហៅក្រៅថា «សែន» ពេលនោះខ្លះហៅ «សែន» ខ្លះហៅ «បូណាល់») គ្រូពេទ្យ «រ៉ានី» ពិតជាស្អាត។ បើឯងមិនត្រូវការទេទុកឱ្យអញដណ្តឹងយកតែប្រ​ហែលជាទៅមិនរួចទេបើអញខ្មៅយ៉ាងនេះដូចក្អែកពាំពងមាន់ ហើយព្រោះរ៉ានីសស្អាតណាស់។ ពេលឮឈ្មោះ «រានី» ខ្ញុំក៏សួរថា «រ៉ានីហ្នឹងជាអ្នកណាគេ?» សំឡាញ់ខ្ញុំឆ្លើយភ្លាមថា ក្រែងនារីដែលឯងស្រឡាញ់នោះអី បន្តិចទៀតគាត់មកលាងរបួសឱ្យអញហើយ ចាំជួបគ្នានៅហ្នឹងហើយ។ ខ្ញុំជេរសំឡាញ់ខ្ញុំថាអាឆ្កួត។ ដោយប្រញ៉ាប់ឆ្លងទន្លេពីឃុំក្រូចឆ្មា ដែលជាទីតាំងមន្ទីរពេទ្យទៅឃុំពាមកោះស្នាដើម្បីសួរសុខទុក្ខឳពុក ម្តាយ ក្រុមគ្រួសារដែលបែកគ្នាជាង៣ឆ្នាំមកហើយនោះ ខ្ញុំក៏ប្រញ៉ាប់ចាកចេញពីមន្ទីរពេទ្យដោយមិនទាន់ស្គាល់មុខរ៉ានីយ៉ាងណាផង ហើយក៏មិនចង់ស្គាល់ដែរ ព្រោះខ្លាចមានរឿង។ នេះលើកទីមួយហើយដែលខ្ញុំស្គាល់ឈ្មោះនារីម្នាក់ ដែលក្រោយមកបានក្លាយជាភរិយាខ្ញុំរយះពេល៤០កន្លងមកនេះ។

ហេតុតែនិស្ស័យ ខំប្រឹងគេចវេស ទោះខ្ញុំត្រូវរបួសភ្លៅដោយអំបែងគ្រាប់ផ្លោងក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ១៩៧៣ ក៏ខ្ញុំមិនមកព្យាបាលនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាដែរខ្លាចជួបមុខរ៉ានីនេះ។ តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ធ្វើឱយខ្ញុំរងក្តីអាម៉ាស់ប្រឈមនិងបញ្ហាវិន័យកាន់តែខ្លាំង។ ចំណែកខាងរ៉ានីវិញកាន់តែធ្ងន់ធ្ងរជាងខ្ញុំទៅទៀត ព្រោះនាងជាមនុស្សស្រី បើមិនរងខាងវិន័យទេក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។ មនុស្សប្រុស ស្រី២នាក់ហើយសុទ្ធតែក្រមុំកម្លោះដូចគ្នាមិនដែលស្គាល់គ្នាតែមានការគិតដូចគ្នា គឺខ្ញុំបានស្នើរសុំមេបញ្ជាការរបស់ខ្ញុំបង សុខ សារឿន ដើម្បីទៅជួបដោះស្រាយផ្ទាល់នៅស្រុកក្រូចឆ្មា។ ប្រហែល២ថ្ងៃក្រោយរ៉ានីបានផ្តាំតាមអ្នកទទួលខុសត្រូវពេទ្យនៅសមរភូមិឱ្យខ្ញុំប្រញ៉ាប់ទៅកាន់ស្រុកក្រូចឆ្មាដើម្បីដោះស្រាយការយល់ច្រឡំនេះ។

ខ្ញុំទទួលបានព័ត៌មានពេលព្រឹក ពេលរសៀលខ្ញុំជួបបង សុក សារឿន មេបញ្ជាការរបស់ខ្ញុំ​សុំគាត់ឱ្យជូនខ្ញុំទៅស្រុកក្រូចឆ្មានាពេលល្ងាចនោះតែម្ដង។ ដោយយល់ចិត្តនាយទាហ៊ានថ្នាក់ក្រោមដែលជួយការងារគាត់យ៉ាងច្រើនលើការងារ ហើយប្រហែលជាគាត់កំពុងស្វែងយល់ចិត្តនិងសាច់ញាតិនារីម្នាក់ដែលគាត់ស្រឡាញ់ផងដែរនោះ បង សុក សារឿន ក៏សំរេចចិត្តភ្លាមហើយចេញដំណើរភ្លាម ដែលដើមឡើយទាំងគាត់ទាំងខ្ញុំគិតថានឹងត្រឡប់មកវិញទាំងយប់។

ពួកយើងចេញដំណើរម៉ោងប្រហែលជិត៣ល្ងាច ពីឃុំបឹងព្រួលស្រុកពាមជីលាំង ទៅឃុំក្រូចឆ្មា ស្រុកក្រូចឆ្មាដោយម៉ូតូហុងដា CL90។ សុំបញ្ជាក់ថា ក្រោយឆ្នាំ១៩៧០ តំបន់រំដោះនាខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គគឺជាផ្នែកមួយនៃភូមិភាគបូព៌ាទិស២០៣ តំបន់ដែលខ្ញុំរស់នៅគឺតំបន់២១ ដែលនៅខាងជើងផ្លូវជាតិលេខ៧។ រីឯខាងត្បូងផ្លូវជាតិលេខ៧ គឺជាតំបន់២០​។​ ខេត្តកំពង់ចាមត្រើយខាងលិចជាភូមិភាគ៣០៤ ដោយយកទន្លេមេគង្គ ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ២០៣ និង ៣០៤។ សំរាប់តំបន់២១ បានបង្កើតស្រុក២បន្ថែម គឺស្រុកទឹកជ្រៅនិងស្រុកពាមជីលាំង ក្នុងឆ្នាំ១៩៧៣។ ក្រោយមកទៀតបង្កើតស្រុកមួយទៀតមានឈ្មោះថាស្រុកត្រមូង។ ឃុំបឹងព្រួលដែលខ្ញុំចេញដំណើរទៅកាន់ស្រុកក្រូចឆ្មាស្ថិតក្នុងស្រុកពាមជីលាំងដែលត្រូវធ្វើដំណើរប្រមាណ២ម៉ោង ទើបដល់មន្ទីរពេទ្យដែលមានទីតាំងនៅឃុំក្រូចឆ្មាដែលពួកយើងទៅដល់ទីនោះមុនម៉ោង ៥ល្ងាច។

ភ្នែកខ្ញុំប្រឹងរកមើលតើនារីមួយណាទៅឈ្មោះរ៉ានី ប៉ុន្តែមិនឃើញសោះ ប្រហែលកន្លះម៉ោងក្រោយមកទើបថ្នាក់ដឹកនាំមន្ទីរពេទ្យនិងសង្គមកិច្ចស្រុកបានអញ្ជើញយើងហូបបាយ។ ខ្ញុំអត់ស្គាល់គ្រូពេទ្យជានារីនៅមន្ទីរពេទ្យស្រុកក្រូចឆ្មាទេ គ្រូពេទ្យលើកបាយសម្លរមក ខ្ញុំលួចមើលមុខនិងខ្សឹបសួរប្រធានមន្ទីរពេទ្យថាតើមួយណាឈ្មោះរ៉ានី ប្រធានមន្ទីរគ្រវីក្បាលថាអត់មាននៅទីនេះទេ។ ក្រោយបាយរួច ខ្ញុំបានសុំមេបញ្ជាការរបស់ខ្ញុំទៅសួរសុខទុក្ខបងជីដូនមួយរបស់ខ្ញុំដែលនៅមិនឆ្ងាយពីមន្ទីរពេទ្យ។

ម៉ោងប្រមាណ ៧ យប់ ខ្ញុំបានវិលត្រឡប់មកវិញ។ ខ្ញុំឡើងទៅលើផ្ទះឃើញនារីម្នាក់កំពុងអង្គុ​យមុខចង្កៀងប្រេងកាតដែលខ្ញុំមើលទៅសុទ្ធតែជាវេជ្ជបញ្ជាសំរាប់ព្យាបាលឱ្យអ្នកជម្ងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរទៅកាន់នារីនោះថា បងស្រី តើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅមាត់ទន្លេហើយ។ មិនអស់ចិត្តខ្ញុំក៏សួរគាត់មួយសំនួរទៀតថា តើនារីឈ្មោះរ៉ានី ពេលនេះនៅឯណា? ចម្លើយតបដោ​យសុភាពថា រ៉ានីទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេប​ញ្ជា​ការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នាពេ​ល​ដែលគាត់ទៅប្រចាំការនៅសមរភូមិ ខ្ញុំក៏សួរគាត់ថា នារីឈ្មោះរ៉ានីពេលនេះនៅឯណា? បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល១០ឆ្នាំឆ្លើយតបថានារីដែលសែនឯងសួរលើផ្ទះអម្បាញ់មិញនោះហើយជារ៉ានី។ បន្ទាប់ពីដឹងថានារីដែលធ្លាប់មានបញ្ហាជាមួយខ្ញុំជាយូរមកហើយហ៊ានភូតខ្ញុំនៅពេលនេះទៀតធ្វើឱ្យខ្ញុំកាន់តែខឹង។ ពេលនេះរឿងចាស់រឿងថ្មីត្រូវតែទូ​ទាត់បញ្ជីនៅយប់នេះ (តាមពិតខ្ញុំមើលមុខរ៉ានីអត់ច្បាស់ទេ ដោយមើលពីក្រោយព្រោះរ៉ានីកំពុងសរសេរដោយពន្លឺចង្កៀងប្រេងកាត)។

ម៉ោង៨យប់ ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាននិងអនុប្រធានមន្ទីរពេទ្យស្រុក សាម៉ីខ្លួនខាងស្រីគឺរ៉ានី និងមិត្តស្រីរបស់គាត់ម្នាក់ទៀតដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំមានមេបញ្ជាការខ្ញុំនិងរូបខ្ញុំជាសាម៉ីខ្លួន។ មន្ទីរពេទ្យបានក្រាលកន្ទេលក្រហម២ និងចង្កៀងប្រេងកាត២ ដែលយើងអង្គុយទល់មុខគ្នា ខ្ញុំអង្គុយបត់ជើង មេបញ្ជាការខ្ញុំអង្គុយពេនភ្នែន។ នៅពេលអង្គុយរួចហើយ យុវនារី២នាក់បានមកដល់ ហើយអង្គុយបត់ជើង ពេលនោះខ្ញុំចាំមិនច្បាស់ថា មួយណាជារ៉ានីក្នុងចំណោមយុវនារីទាំង២នាក់នោះ ព្រោះពេលខ្ញុំសួរពីក្បាលព្រលប់ខ្ញុំមិនបានឃើញមុខគេច្បាស់ទេ។ បន្តិចក្រោយមកទើបខ្ញុំបានស្គាល់រ៉ានីច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ខ្ញុំមានការសោកស្តាយ ហើយគិតក្នុងចិត្តថាប្រសិនបើដឹងថានាងស្អាតយ៉ាងនេះ មិនចាំបាច់មកដោះស្រាយធ្វើអ្វី សុំស្តីដណ្តឹងយកធ្វើជាប្រពន្ទតែម្តងជាល្អជាង។ ខ្ញុំស្តាយដោយធ្លាប់ជេរស្តីឱ្យយុទ្ឋជនដែលជួយផ្សំផ្គុំខ្ញុំជាមួយរ៉ានី លើសពីនេះខ្ញុំក៏ធ្លាប់លួចជេររ៉ានីដែរ ពិសេសក្រោយពេលប្រជុំម្តងៗដែលថ្នាក់លើនិយាយបញ្ឆិតបញ្ឆៀងរឿងសីលធម៌ដែលធ្វើឱ្យខ្ញុំឈឺចិត្ត។ ឃើញភ្លាមស្រឡាញ់ភ្លាម រឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកម្លោះរបស់ខ្ញុំ។ តើត្រូវស្រោចស្រង់សភាពការណ៍បែបណា? ផែនការពីក្បាលព្រលប់ចង់ទូទាត់បញ្ជីរទាំងចាស់ទាំងថ្មីត្រូវបានជំនួសដោយពាក្យសុំទោសជំនួសយុទ្ធជននិងប្អូនស្រីខ្ញុំ២នាក់ ដែលធ្លាប់បានហៅរ៉ានីថាជាបងថ្លៃ ដែលធ្វើឱ្យរ៉ានីខូចឈ្មោះ។ ដោយពុំមានចំណងស្នេហ៌ជាមួយនារីណានៅឡើយ ខ្ញុំគិតក្នុងចិត្តថាត្រូវតែយករ៉ានីមកធ្វើជាភរិយាឱ្យបាន។ អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមទទួលយកខ្ញុំជាស្វាមីឬទេ? និងថា តើរ៉ានី មានបុរស់ណាក្នុងចិត្តនាងហើយឬនៅ?។

នៅយប់នោះ ខ្ញុំក្លាយជាមនុស្សដែលចេះនិយាយភូតដោយប្រាប់មេបញ្ជាការខ្ញុំថាម៉ូតូយើងម៉ាស៊ីនដើរមិនស្រួល អាគុយក៏មិនសូវកាន់ភ្លើង ធ្វើដំណើរទាំងយប់អាចខូចតាមផ្លូវ។ គាប់ជួនពេលនោះម៉ោងជិត១០យប់ទៅហើយ មេបញ្ជាការខ្ញុំក៏យល់ព្រមដោយសុំប្រធានមន្ទីរពេទ្យសម្រាកមួយយប់។ មន្ទីរពេទ្យក៏រៀបចំភ្លាមៗឱ្យយើងទាំង២នាក់សម្រាកនៅលើផ្ទះដែលយើងប្រជុំដោះស្រាយនោះតែម្ដង។ មិននឹកស្មានដល់ថាផ្ទះដែលយើងសម្រាកនេះ ជាផ្ទះដែលរ៉ានី និងមិត្តនារីរបស់គាត់សម្រាក និងធ្វើការនៅក្នុងផ្ទះនេះដែរ។ រឿងទៅហួសពីនោះ គឺរ៉ានីបានយកភួយ២មកឱ្យមេបញ្ជាការខ្ញុំ។ មេបញ្ជាការខ្ញុំយកភួយ១ ពណ៌ផ្កាឈូក ហើយប្រគល់ឱ្យខ្ញុំភួយពណ៌ខៀវ ដែលក្រោយរៀបការទើបដឹងថាភួយដែលខ្ញុំដណ្តប់ជាភួយភរិយាខ្ញុំ ដែលពេលនោះយើងបានដណ្ដប់ភួយគ្រូពេទ្យក្រមុំ ហើយទុកឱ្យពួកគាត់ដណ្តប់មុង។ តើនេះជាការរៀប​ចំរបស់ទេវតាឬ?

មេឃមិនទាន់ភ្លឺច្បាស់ផង ខ្ញុំឮសម្លេងបុកអង្ករ ខ្ញុំខំអើតមើលឃើញរ៉ានី និងមិត្តរបស់គាត់ឈ្មោះ​ខេមរា កំពុងបុកអង្ករ ។ មេបញ្ជាការខ្ញុំប្រាប់ឱ្យខ្ញុំរៀបចំម៉ូតូដើម្បីចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបន់ឱ្យតែម៉ូតូខូចដើម្បីបាននិយាយជាមួយរ៉ានី តែវាមិនតាមចិត្តចង់របស់យើងទេ គឺធាក់តែមួយជើងម៉ូតូឆេះភ្លាម។ ខ្ញុំខំរកវិធីឡើងចុះផ្ទះបាន២ដង មុនចេញដំណើរដោយចុងក្រោយខ្ញុំបានហៅរ៉ានីថាបងម្តងទៀត ដោយប្រើពាក្យថាលាហើយបងស្រី។ នេះជាទម្លាប់របស់ខ្ញុំមិនដែលហៅថាអូន ឬមិត្តនារីនោះឡើយ គឺមានតែបងស្រី មីង អុំស្រី យាយ សំរាប់ប្រើជាមួយមនុស្សស្រី ព្រោះឆ្នាំ១៩៧៤ ខ្ញុំទើបមានអាយុ២២ឆ្នាំនៅឡើយ។ (ខ្ញុំសុំបញ្ជាក់ថា ពេលវេលានៃការដោះស្រាយនេះប្រព្រឹត្តឡើងនៅដើមខែ មិនា ឆ្នាំ១៩៧៤)។ ការដែលខ្ញុំស្រឡាញ់រ៉ានី គឺជារឿងពិត ហើយការដែលរ៉ានីស្រឡាញ់ខ្ញុំឬអត់ជាបញ្ហាដែលត្រូវរកវិធីដោះស្រាយ។ ក្ដីស្រឡាញ់ទៅលើនារីម្នាក់កើតមានជាលើកដំបូងសំរាប់ជីវិតខ្ញុំ តែទោះជាយ៉ាងណាក៏ខ្ញុំមិនភ្លេ​ចពីតួនាទីនិងភារកិច្ចខ្ញុំដែរ។

ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ១៩៧៤ ជាថ្ងៃចូលឆ្នាំខ្មែរ។ ខ្ញុំបានឆ្លៀតពេលទៅលេងស្រុកក្រូចឆ្មាក្នុងបំណងទៅរករ៉ានីដោយយកលេសថាទៅសួរសុខទុក្ខយុទ្ធជនដែលកំពុងព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ មិនបានឃើញរ៉ានីទេ ហើយក៏មិនហ៊ានសួររកថែមទៀតផង។ ខ្ញុំជិះម៉ូតូចេញពីមន្ទីរពេទ្យទាំងអស់សង្ឃឹម។ យើងត្រូវបន្តដំណើរទៅកាន់ឃុំរកាខ្នុរ ដើម្បីនាំមិត្តខ្ញុំម្នាក់ទៅសួរសុខទុក្ខឪពុកម្តាយដែលជាស្រុកកំណើតរបស់គាត់។ នៅពេលដែលខ្ញុំកំពុងធ្វើដំណើរបានប្រហែល២គីឡូម៉ែត្រក៏ជួបរ៉ានីកំពុងជិះកង់ម្នាក់ឯងតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូ រ៉ានីក៏ឈប់កង់។ យើងសួរសុខទុក្ខគ្នាដោយពាក្យគួរសមប្រហែល៣នាទីប៉ុណ្ណោះ ហើយក៏លាគ្នាធ្វើដំណើរទៅតាមផ្លូវ រៀងៗខ្លួន។ ទាំងខ្ញុំ ទាំងរ៉ានី គឺមិនបានបង្ហាញកាយវិការណាមួយខុសពីការធ្លាប់ជួបស្គាល់គ្នាពីមុននោះទេ។

នៅខែ សីហា ឆ្នាំ១៩៧៤ ខ្ញុំត្រូវស្វែងយល់ឱ្យបានទាំងពីខាងថ្នាក់ដឹកនាំរបស់ខ្ញុំ ទាំងពីខាងរ៉ានី ដោយខ្ញុំបានធ្វើសំណើរសុំរៀបការជាមួយរ៉ានី ។ ចម្លើយដែលខ្ញុំទទួលបានពីមេបញ្ជាការរបស់ខ្ញុំគឺយល់ព្រម តែត្រូវរង់ចាំរំដោះប្រទេសពីរបបលន់នល់អោយហើយសិន។ ឯចម្លើយពីរ៉ានីគឺឆ្លើយតបតាមអ្នកនាំពាក្យគាត់ថាស្រេចលើម៉ែឪ។ ចម្លើយទាំង២នេះផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងសំរាប់ខ្ញុំ។ ស្ត្រីខ្មែរ៩៨ភាគរយហើយដែលឆ្លើយថាស្រេចលើម៉ែឪ ឬចាស់ទុំ គឺមានន័យថាយល់ព្រមហើយ។ នៅខែ តុលា ឆ្នាំ១៩៧៤ ខ្ញុំបានជួបរ៉ានីដោយចៃដន្យបំផុតនៅផ្សារពាមជី​លាំង។ តែជាអកុសលដោយសារមិត្តខ្ញុំម្នាក់ស្រវឹងស្រាហើយហៅរ៉ានីថាសោ (បងថ្លៃ)។ រ៉ានីមិនខឹងទេ តែធ្វើដូចមិនឮ។ តែសំរាប់ខ្ញុំគឺខ្ញុំខ្មាស់រ៉ានី ដូចនេះខ្ញុំត្រូវយកកង់ជិះឌុបមិត្តខ្ញុំម្នាក់នេះចេញទៅផ្ទះមួយទៀតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្សារទាំងកណ្តាលភ្លៀងធ្លាក់។ ទុកមិត្តខ្ញុំរួចហើយខ្ញុំជិះកង់កាត់ភ្លៀងមករករ៉ានីវិញ។ តែគួរឱ្យហួសចិត្តរថយន្តដឹកក្រុមគ្រូពេទ្យបានចេញទៅបាត់អស់ហើយ។

ចាប់តាំងពីពេលនោះមករហូតខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមិនដែលបានជួបរ៉ានីទៀតទេ ទោះបីមានឱកាសក៏ដោយ។ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មាដែលជារបួសលើកទី៤របស់ខ្ញុំ។ ពេលនោះខ្ញុំគិតថានឹងបានរ៉ានីមើលថែព្យាបាលរបួសឱ្យខ្ញុំ។ តែផ្ទុយទៅវិញមន្ទីរពរទ្យសមរភូមិមុខបានរៀបចំវះយកអំបែងគ្រាប់ចេញ និងបន្តព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅឃុំបឹងព្រួលស្រុកពាមជីលាំង។ នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់ សន្លប់រហូតដល់ថ្ងៃទី ២១ ខែ មេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួនគឺភ្នែកឆ្វេងរបស់ខ្ញុំបានខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល១០ម៉ែត្រតែប៉ុណ្ណោះ។ នៅពេលនោះខ្ញុំក៏បានដឹងថា ភ្នំពេញនិងប្រទេសទាំងមូលត្រូវបានរំដោះពីរបបបរិវារអាមេរិក។ ពាក្យស្រឡាញ់និងថែទាំដូចកែវភ្នែកសំរាប់ខ្ញុំ គឺនិយាយលែងបានហើយ ព្រោះខ្ញុំបានបាត់បង់កែវភ្នែកខ្លួនឯងរួចទៅហើយ។

តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពិភពលោកបានប្រែប្រួលអស់ ប្រជាជនត្រូវជំលៀសចេញពីទីក្រុង ធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួនឯងផ្ទាល់ក្លាយជាជនពិការ ហើយអ្វីដែលឈឺចាប់បំផុតគឺព័ត៌​មានដែលថារ៉ានី បានរៀបការរួចហើយជាមួយកម្មាភិបាលមកពីភូមិភាគ។ ខ្ញុំខឹងរ៉ានី ខ្លាំងណាស់ ខ្ញុំដៀលនាងទាំងនិយាយខ្លាំងៗទាំងក្នុងចិត្តដៀលសព្វគ្រប់ទាំងអស់តាមចិត្តខ្ញុំចង់។ នេះជាកំហុសរបស់ខ្ញុំដែលទទួលព័ត៌មានខុស តែខ្ញុំលែងហ៊ានស្រឡាញ់រ៉ានី ទៀតហើយ ម្យ៉ា​ងគឺខ្ញុំបានធ្វើជ្រុលជ្រួសលើនាង ប្រមាថមាក់ងាយនាង និងម្យ៉ាងទៀតខ្ញុំមិនចង់នាំការលំបា​កឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំបានធ្លាក់ខ្លួនពិការបាត់បង់សម្រស់ពីធម្មជាតិទៅហើយ។ មន្ទីរពេទ្យសមរភូមិបានបញ្ជូនរូបខ្ញុំទៅកាន់មន្ទីរពេទ្យភូមិភាគ ដែលស្ថិតនៅ ឃុំ រកាខ្នុរ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រ ពីផ្ទះដែលជាភូមិកំណើតរបស់រ៉ានី។ ពេលនោះរ៉ានី បានផ្លាស់ពីមន្ទីរពេទ្យស្រុក ដែលមានទីតាំងនៅឃុំក្រូចឆ្មា ទៅធ្វើជាប្រធានមន្ទីរពេទ្យស្រុកមួយកន្លែងទៀតនៅ ឃុំឈូក ស្រុកក្រូចឆ្មា។ ក្នុងអំឡុងខែ កក្កដា ឆ្នាំ១៩៧៥ ប្រហែលជាម៉ោង ៣:00 រសៀល ខ្ញុំហាក់ដូចសុបិន្តទាំងថ្ងៃ ដោយបានឃើញរ៉ានី ទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខខ្ញុំ ដោយមានមាន់៣ក្បាលផ្ញើរឱយខ្ញុំផង។ រ៉ានីបានសួរនាំពីអាការៈរបួស និង ជម្ងឺរបស់ខ្ញុំ ដោយសំដីទន់ភ្លន់និងការលើកទឹកចិត្ត។ ពេលរ៉ានីលាត្រឡប់មកវិញ ខ្ញុំបានជូនដំណើរដល់ផ្លូវ ខ្ញុំគិតថារ៉ានីមិនប្រកាន់ខឹងនិង ខ្ញុំទេ ហើយក៏មិនស្អប់ខ្ពើមនូវជនពិការដូចខ្ញុំនេះដែរ។

ខ្ញុំត្រូវប្រឹងប្រែងសារជាថ្មី សំរាប់ខ្ញុំ និង រ៉ានី ព្រមទាំងឪពុកម្តាយរ៉ានី មិនមានអ្វីជាឧបសគ្គទេ។ តែអង្គការទើបជាឧបសគ្គពិតប្រាកដ។ នៅពេលនោះរ៉ានីត្រូវអង្គការបង្ខំឱ្យរៀបការជាមួយបុរ​សផ្សេង តែនាងប្រកែកដាច់ខាត។ រីឯរូបខ្ញុំ ក៏ត្រូវអង្គការផ្សំផ្គុំជាមួយនារីផ្សេង តែខ្ញុំក៏ប្រកែកដែរ។ ខ្ញុំត្រូវលើកសំណើរសុំរៀបការជាមួយរ៉ានីសារជាថ្មីទៅកាន់ប្រធានយោធាតំបន់។ នៅពេលនោះប្រធានយោធាតំបន់បានធ្វើលិខិតមួយឱ្យខ្ញុំយកទៅជួបគណះស្រុកក្រូចឆ្មា។ នៅក្នុងអំឡុ​ង ខែ តុលា ឆ្នាំ ១៩៧៥ ទាំងតំបន់ទាំងស្រុក ទាំងរ៉ានី ដែលជាសាម៉ីខ្លួនយល់ព្រមអស់ហើយរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ទាំងមុនពេលរង់ចាំនិងពេលកំពុងរង់ចាំទាំងខ្ញុំ និងទាំង រ៉ានី គឺត្រូវប្រឈមនឹងការលំបាកខ្លាំងណាស់។ ការប្រកែកមិនព្រមរៀបការតាមការរៀបចំរបស់អង្គការអាចគ្រោះថ្នាក់ដល់ជីវិត។ រីឯរូបខ្ញុំក្រៅពីព្យាបាលរបួស ការងារសំខាន់របស់ខ្ញុំគឺរៀបចំកម្លាំងសម្ងាត់ដើម្បីវាយអង្គការ ដែលបាននឹងកំពុងកាប់សម្លាប់ប្រជាជន ទោះពេលនោះមិនទាន់ធ្ងន់ធ្ងរក្តី។

នៅថ្ងៃទី២ ខែ មករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំដែលបោះទីតាំ​ងនៅភូមិកោះថ្មរ ឃុំ ទន្លូង ស្រុកត្រមូង នាពេលនោះ និងជាស្រុកមេមត់នាពេលបច្ចុប្បន្នដើ​ម្បី​មកជួបជុំនៅមន្ទីរតំបន់ដែលមានទីតាំងនៅស្រុកតំបែរដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ នៅពេលនោះ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង តើគេរៀបការរបៀបម៉េច? មកដល់មន្ទីរតំបន់ រ៉ានីនៅស្រុកក្រូចឆ្មាឯណោះ ហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់លើ​នៅចិត្តធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី៣ មករា ទៅថ្ងៃទី ៥ ខែ មករាវិញ និងចាត់ឱ្យប្រធានមន្ទីរតំបន់ទៅទទួលយករ៉ានី ពីស្រុកក្រូចឆ្មាមកកាន់ស្រុកតំបែរ។ រ៉ានីអត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូនហើយក៏គ្មានមិត្តភ័ក្រមកកំដរដែរ គឺក្បាលតែមួយត្រម៉ង់ត្រម៉ោចម្នាក់ឯង។ រីឯចំណែករូបខ្ញុំវិញក៏មិនមានឪពុកម្តាយ ឬបងប្អូនចូលរួមរៀបការដូចរ៉ានីដែរ គឺក្បាលតែ២នាក់ប្តីប្រពន្ធ។ តែខ្ញុំគ្រាន់បើជាងរ៉ានីបន្តិច ដោយមានមិត្តរួមអាវុធត្រូវបានគណៈតំបន់អញ្ជើញឱ្យមកចូលរួមជាភ្ញៀវ។ រ៉ានីបានមកដល់ស្រុកតំបែរនៅល្ងាចថ្ងៃ៣ មករា។

នៅថ្ងៃទី៤ ខែ មករា ខ្ញុំប្រញ៉ាប់ទៅជួបរ៉ានី។ នៅពេលនោះរ៉ានីកំពុងស្ថិតនៅជុំគ្នាជាមួយនារី១​២​នាក់ផ្សេងទៀត និងយុទ្ធជនពិការ១២នាក់ដែរ។ ពេលនោះហើយទើបខ្ញុំដឹងថាការរៀបការត្រូវធ្វើជាមួយគ្នាជាក្រុមក្នុងពេលតែមួយគឺមានចំនួន ១៣គូ ។ ចំពោះគូខ្ញុំគឺមានលេខរៀងទី១៣។ នៅល្ងាចថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៩៧៦ខ្ញុំត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកតំបែរមកកាន់ ភូមិច្រាប នៃស្រុកត្បូងឃ្មុំដែលជាកន្លែងត្រូវរៀបការ។ នៅថ្ងៃទី ៥ ខែ មករាឆ្នាំ១៩៧៦ ត្រូវនិង ថ្ងៃច័ន្ទ ៤ កើត ខែបុស្ស ឆ្នាំ រោង អដ្ឋស័ក ពុទ្ឋសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំនិងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន១២គូរផ្សេងទៀត ដែលមានខ្ញុំ និងភរិយាខ្ញុំជាគូរទី១៣។ នៅម៉ោងប្រមាណ ៨:00 ព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។

ឯកូនក្រមុំមាន១៣ រូប អង្គុយនៅកៅអីជួរមុខ និងកូនកម្លោះ១៣រូប អង្គុយនៅពីក្រោយកូនក្រមុំដែលជាគូរបស់ខ្លួន។ សូមកុំច្រឡំកៅអីដែលយើងអង្គុយមិនមែនជាកៅអីធម្មតាទេ តែជាកៅអីក្មេងរៀនដែលយកមកតម្រៀបឱ្យកូនកម្លោះកូនក្រមុំអង្គុយក្នុងពេលរៀបការ។ ជាការចាប់ផ្តើមគណៈចាត់តាំងបានឱ្យមនុស្ស១នាក់អានប្រវត្តិរូបខាងស្រី និងខាងប្រុសម្នាក់ម្ដងៗទាំង២៦នាក់។ ខ្ញុំបានត្រឹមតែមើលខ្នង និង ករ៉ានី ពីក្រោយដែលក្នុងចិត្តអាណិតអនាគតភរិ​យាដែលមិនគួរលះបង់មកយកខ្ញុំជាជនពិការ មករៀបការអត់ឪពុកម្តាយ អត់បងប្អូនសាច់ញា​តិបែបនេះសោះ។ ចំពោះរូបខ្ញុំក៏តូចចិត្តអាណិតខ្លួនឯង អាណិតដល់គូផ្សេងទៀតដែលពិការធ្ងន់ធ្ងរជាងខ្ញុំទៅទៀត។ ហើយគូប្តីប្រពន្ធរបស់ពួកគេត្រូវអង្គការផ្សំផ្គុំឱ្យខុសពីគូខ្ញុំដែលបានស្ដីដណ្តឹងមុននឹងមានចិត្តស្រឡាញ់គ្នាមុនរៀបការថ្ងៃនេះ។ កម្មវិធីបានចាប់ផ្តើម បន្ទាប់ពីអានប្រវត្តិរូបចប់គឺដល់កម្មវិធីដែលគណៈអធិបតីសួរសំណួរមកកាន់កូនក្រមុំ និងកូនកម្លោះឱ្យឆ្លើ​យមួយគូម្ដងៗ ដោយសួរកូនក្រមុំមុននិងសួរកូនកម្លោះជាក្រោយ។ ១២គូឆ្លើយចប់ដល់វេនខ្ញុំជាគូទី១៣ រ៉ានី ឆ្លើយសំណួរបានយ៉ាងល្អទាំង២សំណួរ។ ក្នុងចំណោម ១២ គូមុន គឺតែ១សំណួរម្នាក់ប៉ុណ្ណោះគឺដល់ រ៉ានី២ សំណួរ។ ចំណែកខ្ញុំឡើងដល់៣សំណួរ។ សំណួរដែលខ្ញុំចងចាំជាងគេគឺ (តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយទៅជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?)។ នេះជាសំណួរតម្រង់ទៅរក រ៉ានី ដែលមានស្បែកស និងជាគ្រួសារអ្នកធូរធារដែលរស់តាមដងទន្លេមេគង្គ។ បន្ទាប់ពីសួរសំណួរសាម៉ីខ្លួនទាំង២៦រូបចប់ហើយ គណៈអធិបតីក៏បានសួរទៅចាស់ទុំដែលបានអញ្ជើញចូលរួមដែលអ្នកសួរហៅថាសាក្សី។ ចាស់ទុំ២នាក់បានឡើងនិយាយក្នុងនោះមាន លោកបង ជុំ ហ៊ល អតីតមេបញ្ជការខ្ញុំ ឡើងនិយាយដោយប្រើពាក្យថាសមរម្យហើយ និងបានជូនពរដល់ពួកយើង។ (លោក ជុំ ហ៊ល ក្រោយឆ្នាំ១៩៧៩ ធ្វើជាអភិបាលក្រុងព្រះសីហនុរហូតឆ្នាំ១៩៩៣ ទើបចូលនិវត្តន៏ និង ទទួលមរណៈភាពនៅឆ្នាំ ២០១៤)។

នៅម៉ោងប្រមាណ ២:00 រសៀល កម្មវិធីមិនទាន់បញ្ចប់ទេ។ ពួកយើងឃ្លានបាយ ស្រេកទឹកតែមិនហ៊ានមាត់ករអ្វីទាំងអស់។ ម្តងនេះដល់វេនគណៈអធិបតីស្រោចទឹកនិងឱ្យពរជ័យ ដោយផ្តើមពីទស្សនៈសភាពការណ៍ដែលរៀបរាប់ពីសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ និងអន្តរជាតិ ដោយជេរពួកសេរីនិយម សូវៀត និងវៀតណាមមួយឆ្អែត ទើបចូលមកសភាពការ​ណ៍កម្ពុជាដែលផ្តោតធំលើការងារនយោបាយ សតិអារម្មណ៍ ការវាយកំទេចគាស់រំលើងវណ្ណៈជិះជាន់ កំចាត់ចោលកម្មសិទ្ធិសួនតួទាំងទ្រព្យសម្បតិ្ត ទាំងមនោសញ្ចតនា បោសសំអាតពួកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង…។ល។ ច្រើនណាស់ចាំមិនអស់ទេនូវពាក្យបណ្តាសាររបស់ប្រធានគណៈអធិបតីដែលប្រើពេលជាង១ម៉ោង។ ពិធីផ្សំផ្គំត្រូវបានបញ្ចប់នៅម៉ោង៣ និង៣០នាទីល្ងាច ដោយប្រើពេល៧ម៉ោងកន្លះ និង ដោយគ្មានឈប់សម្រាក។ នៅម៉ោងប្រហែលជា៤:00 ល្ងាច យើងហូបបាយជុំគ្នាទាំងប្តីប្រពន្ធ ទាំងភ្ញៀវចូលរួម ដោយអង្គុយបាយលើស្ពក។ រ៉ានី បានក្លាយជាភរិយាខ្ញុំជាផ្លូវការហើយ តែខ្ញុំនៅតែមិនទាន់ហ៊ាននិយាយរកនាងនៅឡើយ។ នៅពេលបាយ រ៉ានី បានដួសបាយឱ្យខ្ញុំ និងជួយដួសបាយឱ្យយុទ្ធជនពិការដៃម្នាក់ទៀត ព្រោះប្រពន្ធគាត់នៅអៀន។ កំពុងតែហូបបាយ មានកម្មាភិបាលតំបន់មកប្រាប់ពីផ្ទះដែលគូនីមួយៗត្រូវសម្រាក។ ចំពោះអ្នកពិការជើងគឺនៅផ្ទះផ្ទាល់ដី រីឯអ្នកមិនពិការជើងគឺនៅផ្ទះខ្ពស់។ ហូបបាយរួចខ្ញុំប្រាប់ប្រពន្ធខ្ញុំថា ខ្ញុំទៅយកបាឡូទៅផ្ទះសម្រាកមុន សុំទៅយក អីវ៉ាន់ទៅតាមក្រោយ។ ប្រពន្ធឆ្លើយថា ចាស៎។ អត់ទាន់ហ៊ាននិយាយពាក្យ បង អូននៅឡើយ។ នេះមិនមែនជាព្រះថោងតោងស្បៃទេ តែជាព្រះថោងស្វែងរកផ្ទះនៅក្រោយពេលរៀបការ។

ស្ត្រីម្ចាស់ផ្ទះដែលខ្ញុំត្រូវសម្រាកបានទទួលខ្ញុំដោយរាក់ទាក់ហើយប្រាប់ខ្ញុំថា ផ្ទះនេះគាត់មិនបាននៅតាំងពីឆ្នាំ១៩៧១ មកម៉្លេះព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ តែផ្ទះនេះអុំសំអាតប៉ុន្មានថ្ងៃមកហើយ ព្រោះប្រធានភូមិមកខ្ចីសំរាប់ឱ្យក្មួយៗទើបរៀបការសម្រាក។ ខ្ញុំក៏សួរទៅគាត់វិញថា តើអុំនៅឯណា? គាត់ចង្អុលទៅផ្ទះតូចក្បែរនោះនៅផ្ទាល់ដីមានទាំងលេណដ្ឋានការពារផង។ នៅពេលខ្ញុំកំពុងនិយាយ ស្រាប់តែឃើញប្តីប្រពន្ធគូ ទី១២ បណ្តើរគ្នាមកដល់ ខ្ញុំសួរថា ហែម និង វណ្ណា សម្រាកនៅផ្ទះណា? គាត់ឆ្លើយថាផ្ទះណឹងដែរ។ ខ្ញុំពិតជាហួសចិត្តផ្ទះតូចមួយផ្សំដំណេកដល់ទៅ២គូរ (គូរទី១២ ប្តីឈ្មោះ ហែម និង ប្រពន្ទឈ្មោះ វណ្ណា)។ យើងឡើងទៅលើផ្ទះទាំងអស់គ្នា។ នៅលើផ្ទះមានគ្រែមួយ មានមុង តែគ្មានវាំងននទេ។ ហែមប្រាប់ខ្ញុំថា បងសែន ឯងសម្រាកលើគ្រែចុះ ឯខ្ញុំចងវាំងនននៅក្បែរទ្វារ។ ខ្ញុំសួរគាត់វិញថាបានវាំងននពីណាមក? ហែមឆ្លើយថា អង្គការចែកឱ្យតាំងពីនៅមន្ទីរតំបន់ចុះបងឯងអត់ទាន់បានទទួលទេឬអី? ខ្ញុំគ្រវីក្បាលនិងឆ្លើយថាអត់ទេ។ ហែមក៏ជួយប្រាប់ទៅអ្នកទទួលខុសត្រូវដើម្បីសុំវាំងននឱយខ្ញុំ។

ខ្ញុំរង់ចាំប្រពន្ធខ្ញុំតែមិនឃើញមកសោះ ដោយសារនាងនៅជាប់និយាយលេងជាមួយម្ចាស់ផ្ទះដែលនាងសម្រាកកាលពីយប់មិញ។ ខ្ញុំងូតទឹកមុននិងបានរៀបចំកន្លែងសម្រាកឱ្យហើយ។ ពេលនេះខ្ញុំបានដោះសម្លៀកបំពាក់ខ្មៅ ស្លៀកឯកសណ្ឋានកងទ័ពវិញហើយ។ សុំបញ្ជាក់ថាពេលស្ថិតនៅក្នុងពិធីគេតម្រូវឱ្យកូនកម្លោះស្លៀកខោខ្មៅ ពាក់អាវខ្មៅដៃវែង រីឯកូនក្រមុំស្លៀកសំពត់ខ្មៅនិងពាក់អាវខ្មៅដៃវែង គឺមិនអនុញ្ញាតឱ្យស្លៀកពាក់ខុសពីនេះឡើយ។ ភរិយាខ្ញុំ និងរូបខ្ញុំមិនបានទទួលអ្វីផ្សេងក្រៅពីរបស់របរផ្ទល់ខ្លួនដែលធ្លាប់មាននោះទេ ក្រោយពីបានរៀបការរួចហើយ។ អ្វីដែលខ្ញុំទទួលបានគឺរូបរ៉ានី និងអ្វីដែលរ៉ានីបានទទួលគឺរូបខ្ញុំ។ យើងមិនចង់បានអ្វីខុសពីនេះឡើយ។ ក្បែរក្បាលព្រលប់ខ្ញុំឃើញរ៉ានីឱបបាឡូមកដល់ ខ្ញុំក៏ទៅទទួលយកបាឡូពីនាងឡើងលើផ្ទះ។ រ៉ានីបានសួរខ្ញុំថា បងមានក្រមាទេ ខ្ញុំសុំខ្ចីផ្លាស់មុជទឹក។ ខ្ញុំថាមាន ក្រមាខ្ញុំទទឹកស្រាប់ ខ្ញុំក៏ដើរទៅយកក្រមាឱ្យប្រពន្ឋជាទីស្រឡាញ់របស់ខ្ញុំដែលទើបហៅខ្ញុំថា “បង” ដែលពាក្យនេះខ្ញុំរង់ចាំជាយូរមកហើយ។ អំពើរបស់អង្គការថ្ងៃនេះក៏ជាផ្នែកដ៏សំខាន់មួយទៀតជំរុញលើកទឹកចិត្តឱ្យខ្ញុំតស៊ូដើម្បីផ្តួលរំលំរបបអត់ប្រពៃណី និងគ្មានសាសនានេះ។ ថ្ងៃនេះវានិយាយពីបោសសំអាតពួកបង្កប់ស៊ីរូងផ្ទៃក្នុង វានិយាយត្រូវព្រោះខ្ញុំជាមេពួកបង្កប់នេះតែម្តង។ ងាកមកនិយាយពីភរិយាខ្ញុំវិញ ខ្ញុំអាណិតនាងណាស់ មិនគួរមករងកម្មជាមួយមនុស្សពិការដូចរូបខ្ញុំនេះទេ មករៀបការដោយគ្មានឪពុកម្តាយ និងបងប្អូនញាតិមិត្តកំដរ។ ការអា​ណិតធ្វើឱយខ្ញុំយល់ពីនាងកាន់តែច្បាស់ថា នាងទទួលយកខ្ញុំដោយសុទ្ឋចិត្តមិនប្រកាន់រើសអើងចំពោះជនពិការឡើយ។

ឆ្លងផុតរាត្រីផ្សំដំណេក៥ មករា ១៩៧៦ លុះព្រឹកឡើងមន្ទីរយោធាតំបន់បានយករឺម៉កម៉ូតូមកដឹកពួកយើងទៅអង្គភាពវិញ។ យើងអត់បានទទួលទានអ្វីទាំងអស់ក៏នាំគ្នាចេញដំណើរទៅ។ អ្នករួមដំណើរមានប្តីប្រពន្ធខ្ញុំ២នាក់ គូទី១២ ហែម និង វណ្ណា២នាក់ ជំនួយការសេនាធិការយោធាតំបន់ឈ្មោះ សុជាតិ ១នាក់ និងអ្នកជិះម៉ូតូជាប្រធានមន្ទីរយោធាតំបន់:ឈ្មោះស៊ីថា។ ចេញពីភូមិច្រាបមិនបានប៉ុន្មានផងម៉ូតូក៏វាបែកកង់ ពួកយើងប្រឹងរុញទាំងម៉ូតូទាំងរឺម៉កមកប៉ះកង់នៅផ្សារសួង ទំរាំរកកន្លែងប៉ះកង់បាន និងប៉ះកង់រួចគឺម៉ោងប្រហែល ១១:00 ថ្ងៃត្រង់ទៅហើយ។ ពួកយើងមិនខ្វល់ពីការឃ្លានទេ គឺត្រូវរូតរះចេញដំណើរភ្លាមដើម្បីទៅដល់ទីបញ្ជាការយោធាតំបន់ដែលបោះទីតាំងនៅចំការដូង ភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ។
កំណាត់ផ្លូវជាតិលេខ៧ កាលពីពេលនោះគឺខូចខាតស្ទើរអស់ហើយមិនអាចធ្វើដំណើរបានលឿនទេ។ យើងចេញពីផ្សារសួងបានមិនទាន់ដល់១០គីឡូម៉ែត្រផង កង់រឺម៉កខាងក៏ឆ្វេងធ្លាយទៀត តែយើងអាចនៅសប់បញ្ចូលខ្សល់ធ្វើដំណើរបាន។ ដំបូងសប់១ដងអាចធ្វើដំណើរបានប្រហែល១គីឡូម៉ែត្រ ជាបន្តបន្ទាប់សប់បញ្ចូលខ្យល់លែងចូល។ ខ្ញុំប្រាប់ស៊ីថានិងសុជាតិ ដែលអ្នកទាំង២នាក់សុទ្ឋតែជាអតីតយុទ្ឋជននិងកូនសិស្សខ្ញុំលើការងារផែនទីថា ទុករឺម៉កផ្ញើប្រជាជននៅទីនេះ ស៊ីថានិងសុជាតិប្រញ៉ាប់ជិះម៉ូតូទៅចំការដូងយកកង់ម៉ូតូមកដូរ បើមិនទាន់យប់នេះទេចាំស្អែកចាំមកវិញ។ ឯពួកខ្ញុំដើរទៅមុខបន្តិចទៀតចាំសុំអ្នកភូមិសម្រាកមួយយប់សិន។ រុញរឺម៉កមកដាក់ទុកតាមភ្លឺស្រែរួចហើយ ស៊ីថា និង សុជាតិក៏ជិះម៉ូតូចេញទៅបាត់។ រីឯពួកខ្ញុំ៤នាក់ធ្វើដំណើរដោយថ្មើរជើងទៅដល់ភូមិតាហៀវ ស្រុក ពញ្ញាក្រែក ដែលនៅជាប់ផ្លូវលេខ៧ហើយចូលទៅក្នុងភូមិនោះដើម្បីសុំសម្រាក។ លោកពូអ្នកម៉ីងម្ចាស់ផ្ទះទទួលពួកយើងរាក់ទាក់ខ្លាំងណាស់ តែគាត់មិនទាន់ហ៊ានឱ្យយើងសម្រាកទេ គឺរង់ចាំសុំការអនុញ្ញាតពីប្រធានភូមិសិន។ ខ្ញុំក៏មិនបានប្រាប់ពួកគាត់ថាខ្ញុំជាមេបញ្ជការកងទព័ដែរ កាំភ្លើងខ្លីរបស់ខ្ញុំសៀតនៅចង្កេះមើលមិនឃើញទេ។ យើងត្រូវរង់ចាំព្រោះប្រធានភូមិទៅបោកស្រូវមិនទាន់ត្រឡប់មកវិញ។ នៅពេលប្រធានភូមិមកដល់មេឃក៏ចាប់ផ្តើមងងិតហើយ គាត់ជួយពួកយើងភ្លាមដោយឱ្យអង្ករ៤កំប៉ុងមកម្ចាស់ផ្ទះដាំឱ្យយើងទទួលទាន។ តាំងពីព្រលឹមរហូតយប់ប្រហែល១៣ម៉ោង ទើបយើងបានហូបបាយ។ ហើយបើគិតពីពេលបាយនៅរៀបការពីម៉ោង៤ល្ងាចថ្ងៃ៥ មករា រហូ​តម៉ោង៨យ ប់ថ្ងៃ ៦ មករានេះមានរយះពេល២៨ម៉ោង ទើបយើងបានបាយ។ ខ្ញុំស្រក់ទឹកភ្នែ​កអាណិតប្រពន្ឋខ្ញុំខ្លាំងណាស់ តែទឹកភ្នែកនេះមិនឱ្យប្រពន្ឋខ្ញុំដឹងទេ។

ពេលយប់ម្ចាស់ផ្ចះរៀបចំឱ្យពួកខ្ញុំដេកប្រុសដោយប្រុស ស្រីដោយស្រី ខ្ញុំបានសុំម្ចាស់ផ្ទះដើម្បីបានដេកជាមួយភរិយាខ្ញុំ រីឯ ហៀម ជាមួយប្រពន្ឋគេ តែម្ចាស់ផ្ទះបានឆ្លើយតបដោយការសុំទោសព្រោះខ្លាចក្មួយៗជម្រត់គ្នាមិនមែនជាប្តីប្រពន្ឋពិតប្រាកដ។ ពួកខ្ញុំគ្មានជំរើសអ្វីក្រៅតែពីទទួលយកតាមការរៀបចំរបស់ម្ចាស់ផ្ទះ ដើម្បីកុំឱ្យគាត់លំបាកដោយសារយើង។ ពេលព្រឹកឡើងម៉ូតូបានមកទទួលយើងទៅកាន់ទីបញ្ជាការយោធាតំបន់ ខ្ញុំត្រូវបំពេញកិច្ចការតាំងពីពេលទៅដល់រហូតពេលយប់ តែនៅទីនេះមិនមានបញ្ហាអ្វីទេ។ ប្រធានយោធាតំបន់ឈ្មោះ អួង ឯក មានអធ្យាស្រ័យល្អ។ នេះជារាត្រីទី៣ត្រូវនឹងថ្ងៃ ៧ មករា។ ថ្ងៃទី៨មករា ម៉ូតូមន្ទីរយោធាតំបន់បានជូនប្តី ប្រពន្ធខ្ញុំទៅកាន់ទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទង្លូង ស្រុកត្រមូងនាពេលនោះ។ ពេលទៅដល់កម្មាភិបាល និង យុទ្ឋជនដែលធ្លាប់បានលេងល្បែងផ្សំផ្គុំខ្ញុំជាមួយប្រពន្ធកាលពីឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ បាននាំគ្នាមកអបអរផង និង បង្អាប់ខ្ញុំផង។ ប្តីប្រពន្ធយើងបានរស់នៅជាមួយគ្នាពីថ្ងៃទី ៨ ខែ មករា បន្ទាប់ពីបានរៀបការនៅថ្ងៃ៥មករា ដែលត្រូវដើរដេកនៅទីកន្លែងខុសៗគ្នា។ ភាពរីករាយមានត្រឹមតែ៤ថ្ងៃប៉ុណ្ណោះសំរាប់ប្តីប្រពន្ឋរបស់ខ្ញុំ។

ថ្ងៃទី១២ ខែ មករា ឆ្នាំ ១៩៧៦ បទបញ្ជាបន្ទាន់ឱ្យភរិយាខ្ញុំចេញដំណើរទៅមន្ទីរពេទ្យដែលមានទីតាំងនៅវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាពេលនោះគឺស្រុកពញ្ញាក្រែក។ នាពេលនេះហើយបន្ទាប់ទៅត្រូវទៅលើកប្រព័ន្ធភ្លឺស្រែនៅភូមិខ្នារ ស្រុកត្បូងឃ្មុំ។ ទឹកភ្នែកខ្ញុំហូរទៀតហើយ នៅពេលដែលគេដឹកប្រពន្ឋខ្ញុំចេញទៅ សូម្បីតែខ្ញុំជាប្តីក៏គ្មានសិទ្ឋិ និងជូនដំណើរនាងដែរ។ តើនេះជាចម្លើយដែលឆ្លើយនិងសំណួរដែលអង្គការសួរខ្ញុំថា តើសមមិត្តមានលទ្ឋភាពកសាងភរិយាឱ្យក្លាយជាវណ្ណៈអធន វណ្ណៈកម្មាជីពបានឬទេ?៕

(នៅមានបន្ត)





អគាររដ្ឋបាលមន្ទីរព័ត៌មាន អគារវិទ្យុ ទូរទស្សន៍ និងស្ថានីយ៍វិទ្យុជាតិខេត្តមណ្ឌលគិរី FM 97.00 MHZ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌ​លគិរី បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលមន្ទីរព័ត៌មាន អគារវិទ្យុ ទូរទស្សន៍ និងស្ថានីយ៍វិទ្យុជាតិខេត្តមណ្ឌលគិរី FM 97.00 MHZ នៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសុក្រ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាន៍ថា វិទ្យុជាតិខេត្តមណ្ឌលគិរី ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាវិទ្យុជាតិទី១៩ បន្ទាប់ពីវិទ្យុនៅភ្នំពេញ ដែលមានជិត១០០វិទ្យុ និងមានតាមបណ្តាខេត្តមានវិទ្យុជាតិជាង២០វិទ្យុទៀត ដែលមានទីតាំងផ្ទាល់។ ​  លោកបានបញ្ជាក់ថា ការបង្កើតវិទ្យុជាតិក្នុងខេត្តមណ្ឌលគិរី ដើម្បីងាយស្រួលក្នុងការដឹងដំណឹងរបស់ខេត្ត ព្រោះវិទ្យុជាតិផ្សាយទូទៅរួម ក្នុងការងាយស្រួលជូនដំណឹងគ្នាទៅវិញទៅមក និងធ្វើការទាក់ទងគ្នា និងដោះស្រាយបញ្ហាដែលមានផ្ទាល់នៅក្នុងខេត្ត។ ​

លោក ខៀវ កាញារីទ្ធ បានបន្ថែមទៀតថា  ពិតមែនតែសព្វថ្ងៃនេះប្រជាជនមួយចំនួនប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក ប៉ុន្តែ ពួកគាត់ក៏មិនអាចមើលហ្វេសប៊ុករាប់ម៉ោងនោះទេ ដូច្នេះវិទ្យុជាតិ គឺជាចំណងទាក់ទងមួយ និងជាស្ពានមួយរវាងរដ្ឋបាល និងប្រជាជន ដែលមានថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរបស់ខ្លួន។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រធានមន្ទីរ និងមន្រ្តី នៃមន្ទីរព័ត៌មានខេត្ត ត្រូវសហការជាមួយវិទ្យុជិតខាងដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នា ជាពិសេសត្រូវយកដំណឹងទាន់ហេតុការណ៍ឱ្យបានដូចជាគ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ និងការណែនាំរបស់ថ្នាក់ដឹកនាំខេត្តនីមួយៗ។

លោក ស្វាយ សំអ៊ាង  បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ក៏ដូចជាការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានក្នុងការគិតគូរអំពីការសាងសង់អគាររដ្ឋបាលមន្ទីរ អគារវិទ្យុ ទូរទស្សន៍ និងស្ថានីយ៍វិទ្យុជាតិ​ខេត្តមណ្ឌ​លគិរី FM ៩៧.០០MHZ​ នេះឡើង ដែលទាំងអស់នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តមណ្ឌលគិរីធ្វើឱ្យមុខមាត់របស់ខេត្តមានកែប្រែបន្តិចម្តងៗ និងមានការវិវឌ្ឍន៍រីកចម្រើនឈាន​ឡើងគួរជាទីមោទនៈ។ ម្យ៉ាងទៀត ដើម្បីចូលរួមក្នុងការលើកកម្ពស់វិស័យសារព័ត៌មានឱ្យមានការរីកចម្រើនឈានឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តមណ្ឌលគិរី និងប្រទេសជាតិឲ្យមានការរីកចម្រើន។

តាមការលើកឡើងរបស់ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី លោក សុន សារឿន បានបញ្ជាក់ថា មន្ទីរបានសាងសង់អគាររដ្ឋបាលចំនួន០១ខ្នង ទំហំ២២ ម៉ែត្រ គុណ ១៣ម៉ែត្រ ខ្នងបុក៣ម៉ែត្រ គុណ៦ម៉ែត្រ អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍០១ខ្នង កម្ពស់០២ ជាន់ ទំហំ២២ ម៉ែត្រ គុណ១០,៥ម៉ែត្រ ខ្នងបុក៤ម៉ែត្រ គុណ៦ម៉ែត្រ និងរបងបានប្រវែង២៥០ម៉ែត្រ និងបានបុកខួង អណ្តូងទឹកជំរៅ៦០ម៉ែត្រ ចំនួន០១អណ្តូង ដោយចំ​ណាយថវិកាអស់២.២០០$  ដែលជាថវិកាផ្ទាល់ខ្លួន របស់លោកប្រធានមន្ទីរ។ លោកប្រធានមន្ទីរ ព័ត៌មានខេត្ត បានបន្ថែមថា វិទ្យុជាតិខេត្តមណ្ឌលគិរី FM 97.00 MHZ ចាប់ផ្តើមដំឡើងនៅថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយក្រុមបច្ចេកទេសក្រុមហ៊ុនវៀតណាម សហការជាមួយបច្ចេកទេសវិទ្យុជាតិ និងមន្រ្តីមន្ទីរព័ត៌មានខេត្ត ហើយចាប់ផ្តើមផ្សាយសាក់ល្បងចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះ។ លោកបានឱ្យដឹងទៀតថា ចំពោះស្ថានីយ៍វិទ្យុ និងទូរទស្សន៍នៅក្នុងខេត្តមាន០៩ទីតាំងរួមមាន៖ -ស្ថានីយ៍ទូរទស្សន៍បាយ័ន និងអាស៊ីអាគ្នេយ៍ ផ្សាយបន្ត ស្ថិតនៅក្រុងសែនមនោរម្យ ចំនួនពីរទីតាំង -ស្ថានីយ៍វិទ្យុបាយ័ន FM 93.00 MHZ ផ្សាយបន្ត ស្ថិតនៅលើភ្នំដោះក្រមុំ ក្រុងសែនមនោរម្យ -ស្ថានីយ៍វិទ្យុសុខ សាន្តមនោរម្យ FM 96.5 MHZ ផ្សាយផ្ទាល់ ស្ថិតនៅក្រុងសែនមនោរម្យ និងស្ថានីយ៍វិទ្យុជាតិខេត្តមណ្ឌលគិរី FM 97.00 MHZ ផ្សាយផ្ទាល់ចេញពីមន្ទីរព័ត៌មានខេត្ត ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ រួមទាំង មានស្ថានីយ៍ទូរទស្សន៍ខ្សែកាបចំនួន០៤ទីតាំងនៅក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកកោះញែក​៕






មានផ្លូវ​មានក្តីសង្ឃឹម​ ផ្លូវគឺជាសរសៃឈាម​នៃសេដ្ឋកិច្ច​

សៀមរាប៖ លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ដែលមានប្រវែង ១៧៦០ម៉ែត្រ នៅការដ្ឋានសាងសង់ផ្លូវនៅចំណុចកែងនរា ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

ផ្លូវមួយខ្សែនេះ ស្ថិតក្នុងភូមិថ្នល់លោក ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ហើយផ្លូវនេះនៅក្រោមក្របខណ្ឌគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋានសហគមន៍ គ្រោងឃុំស្ពានត្នោត ដែលមានអ្នកចូលរួម ៨៦នាក់ ស្រី១៦នាក់។

ផ្លូវនេះដែរ គឺបានជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗតាមកតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកក៏សូមអំពាវនាវដល់ក្រុមហ៊ុនដែលបានចូលដឹកទំនិញលើផ្លូវនេះ កុំអោយលើសទម្ងន់ ជៀសវាងមានការខូចខាត នាំអោយពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕




លោក កែវ រ៉េមី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុ​ស្សកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកអង្គប្រជុំអន្តរក្រសួងដើម្បីផ្សព្វផ្សាយ​សេ​ចក្ដី​ស​ម្រេច​របស់​រដ្ឋាភិបាល​ លេខ​ ១១៤សសរ​ ចុះថ្ងៃទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ ស្តីពី​ការបង្កើត​ក្រុមការ​ងារ​អន្តរ​ក្រសួង​ដឹក​នាំ​ការងារការសរសេរ​របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ ជូនអង្គការ​សហប្រជាជាតិ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

លោក កែវ រ៉េមី បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ លោកបន្ថែមថា ការបង្កើតក្រុមការងារទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅតាមក្រសួងនីមួយៗនេះមានសារៈសំខាន់ខ្លាំងណាស់ពោលគឺដើម្បីប្រសិទ្ធភាពការងារសិទ្ធិមនុស្សនៅតាមក្រសួងស្ថាប័នដើម្បីសរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។

លោក កែវ រ៉េមី ក៏បានសង្កត់ធ្ងន់ថា ក្រសួងសាមីនីមួយៗអាចកំណត់សមាសភាពនៅក្នុងក្រុមការងារអាស្រ័យទៅលើការងារជាក់ស្តែង ទៅតាមទំហំការងាររបស់ក្រសួងខ្លួន។ លោកបានបន្ថែមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលផងដែរដើម្បីប្រសិទ្ធភាពនៃការសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ៕




(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ប្រជាពលរដ្ឋទូទៅឃើញកម្ពុជារីក ចម្រើនទៅមុខជា រៀងរាល់ថ្ងៃ ខុសពីអ្នកដែលមើលកម្ពុជាបញ្ច្រាស់ថ្ងៃ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការផលិតវីដេអូបង្រៀន និងរៀន គណិតវិទ្យា និងភាសាខ្មែរថ្នាក់ទី១១ និងថ្នាក់ទី១២

នៅព្រឹកថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គការ School Aid Japan បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការផលិតវីដេអូបង្រៀន និងរៀនមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរថ្នាក់ទី១១ និងថ្នាក់ទី១២ ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គការSchool Aid Japan នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងក្នុងបំណងឱ្យមានការទទួលស្គាល់ជាផ្លូវការ និងបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ School Aid Japan ដើម្បីគាំទ្រការផលិតឌីវីឌី (DVD) មុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរថ្នាក់ទី១១ និងថ្នាក់ទី១២ ដើម្បីពង្រឹងសកម្មភាពរបស់គ្រូមធ្យមសិក្សានៅតាមជនបទ និងការសិក្សារបស់សិស្ស៕




ខេត្តបាត់ដំបង​ រៀបចំពិធី​ក្រុងពិលី​ បញ្ចុះបឋមសិលា​ សាងសង់​អគារសាលាឃុំជ្រៃ​

បាត់ដំបង៖ នៅថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពិលី បញ្ចុះបឋមសិលា សាងសង់អគារសាលាឃុំជ្រៃ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងភរិយា។ ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក អ៊ុក គឹមលេក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីតាំងសាលាឃុំចាស់ ស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ សមិទ្ធផលថ្មីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសាធារណៈ ឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដើម្បីបន្តវឌ្ឍនៈភាព នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ៕



សាលាខេត្តកំពង់ឆ្នាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល

នាព្រឹកថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ នៅសាលាខេត្តកំពង់ឆ្នាំងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៨-២០២០) និងការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧-២០១៩) ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង លោកស្រី តុង ណារី សមាជិកាក្រុមប្រឹក្សាខេត្ត លោក អម សុភា នាយករដ្ឋបាលសាលាខេត្ដ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត អភិបាល អភិបាលរង នាយរដ្ឋបាល ក្រុង ស្រុក អង្គការ សមាគ​ម និង​ស្ថាប័ននានា​ចូលរួមនាឱកាសនោះផងដែរ៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ប្រជាពលរដ្ឋទូទៅឃើញកម្ពុជារីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ ខុសពីអ្នកដែលមើលកម្ពុជាបញ្ច្រាស់ថ្ងៃ

នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤២ឆ្នាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយថ្លែងអំណរគុណចំពោះជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរលោក និងភរិយា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា ជនរួមជាតិនៅក្នុងទូទាំងប្រទេស បានឃើញច្បាស់ពីការរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ពីព្រោះមានអ្នកធ្វើពិត ច្រើនជាងអ្នកដែលអង្គុយចាំថា និងអ្នកដែលមើលកម្ពុជាបញ្ច្រាស់ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនូវរូបភាពអមដោយសារថា «រូបថតនេះគឺខ្ញុំឡើងទៅលើអគារវឌ្ឍនៈ មើលពីការអភិវឌ្ឍន៍នៃរាជធានីភ្នំពេញ។ ខ្ញុំ និងបងប្អូនជនរួមជាតិដែលរស់នៅក្នុងប្រទេស គឺបានឃើញច្បាស់ពីការរីកចម្រើនពិតប្រាកដរបស់កម្ពុជា។ ប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខលឿនជានិច្ច ព្រោះយើងមានអ្នកធ្វើពិតប្រាកដ ច្រើនជាងអ្នកអង្គុយថា និងអ្នកមើលកម្ពុជាបញ្ច្រាស់ថ្ងៃ»។

លោកបានបន្ថែមថា «ថ្ងៃទី ៥ មករា ២០១៨ នេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំរបស់ខ្ញុំផងដែរ។ សូមអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរខ្ញុំ និងភរិយាជាទីស្រឡាញ់បំផុតរបស់ខ្ញុំ នៅក្នុងថ្ងៃដ៏ពិសេសបំផុតរបស់ខ្ញុំថ្ងៃនេះ!»៕


សហភាពអឺរ៉ុបនឹងនៅតែ​អាចរស់បាន​​ និងនៅតែ​​បន្តភាពរឹងមាំ​ បើទោះបីជា​ចក្រភពអង់គ្លេស​ចាកចេញក៏ដោយ​

ប្រធានការិយាល័យនយោបាយបរទេសរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធ ថា សហភាពអឺរ៉ុបនឹងនៅតែរស់បាន ហើយបន្តភាពរឹងមាំរបស់ខ្លួន បើទោះបីជាមានការចាកចេញរបស់ចក្រភពអង់គ្លេសក៏ដោយ។

លោកស្រី Federica Mogherini  បានមានប្រសាសន៍អំឡុងពេលទស្សនកិច្ចរបស់គាត់រយៈពេលពីរថ្ងៃទៅកាន់ប្រទេសគុយបា ថា «មានមនុស្សជាច្រើនជឿថា ការធ្វើប្រជាមតិនៅចក្រភពអង់គ្លេស (ស្តីពីការចាកចេញពីសហភាពអឺរ៉ុប) នោះ នឹងក្លាយទៅជាការចាប់ផ្តើមនៃទីចុងបញ្ចប់របស់សហភាពអឺរ៉ុប»។

លោកស្រីមានប្រសាសន៍ថា «ខ្ញុំមានទស្សនៈវិជ្ជមានច្រើនណាស់ ទៅលើការពិតថា សហភាពអឺរ៉ុបមិនត្រឹមតែបន្តរស់បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំរឹងមាំទៀតផង»។

លោកស្រីបានមានប្រសាសន៍ថា «ពិភពលោកត្រូវការសហភាពនៅរឹងមាំ ហើយវានៅរឹងមាំអញ្ចឹងមែន ហើយនេះគឺជាអ្វីដែលយើងនឹងធ្វើ»។

ការពីខែមិថុនា ឆ្នាំ២០១៦ មានការបោះឆ្នោតនៅអង់គ្លេស ៥២ ទល់នឹង ៤៨ ភាគរយ ដែលគាំទ្រការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ធ្វើឱ្យពួកគេក្លាយទៅជាប្រទេសទីមួយ ដែលចាកចេញពីប្លុកនេះ។

អង់គ្លេសបានចាប់ផ្តើមនូវអ្វីដែលគេរំពឹងទុកថា នឹងមានការចរចាដ៏លំបាករយៈពេលពីរឆ្នាំ នៅក្នុងនីតិវិធីជាផ្លូវការមួយ តាមរយៈការជូនដំណឹងឱ្យដឹងដល់ប្រធានសហភាពអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ២០១៧ អំពីការចាកចេញពីប្លុកនេះ។

ការចរចារវាងរដ្ឋាភិបាលអង់គ្លេស និងសហភាពអឺរ៉ុបកំពុងតែដំណើរការទៅមុខ ទាក់ទងទៅនឹងផ្នែកពាណិជ្ជកម្ម និងសន្តិសុខ នៅពេលដែលអង់គ្លេសរៀបចំខ្លួនចាកចេញពីអឺរ៉ុបនៅខែមិថុនា ឆ្នាំ២០១៩៕

ប្រភព : AFP ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨

អភិបាលខេត្តក្រចេះអញ្ជើញបិទការប្រកួតកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជយ័ជំនះ ៧មករា

នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោក សរ ចំរុង អភិបាលខេត្តក្រចេះ និងលោក ប៉ាន់ខែម ប៊ុនថន ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជយ័ជំនះ (៧មករា១៩៧៩-៧មករា២០១៨) ដោយមានក្រុមកីឡាខេត្ដក្រចេះចំនួន១៦ក្រុម ចូលរួមប្រកួតដណ្ដើមពានរង្វាន់៧មករា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយក្រុមយុវជនសម្ព័ន្ធស្រឡាញ់សន្តិភាព រដ្ឋបាលខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត។

ពិធីបិទការប្រកួតបាល់ទាត់នោះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី យុវជនប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព យុវជន​ក១៥៧ និងក្រុមកីឡាករប្រមាណ២០០នាក់។ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ ប្អូនក្មួយៗយុវជនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលផ្ទុយខុសពីនិតិវិធីច្បាប់ ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ ដើម្បីក្លាយជាធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនោះផងដែរ លោក ក៏បានអញ្ជើញផ្ដល់ជ័យលាភីដល់ក្រុមកីឡាករដែលទទួលបានជ័យជំនះ និងឧបត្ថមថវិកាមួយចំនួនដូចជា៖ -លេខ១ ទទួលបានពានរង្វាន់១ និងថវិកាចំនួន១,៦០០,០០០រៀល -លេខ២ ទទួលបានមេដាយ និងថវិកាចំនួន១,២០០,០០០រៀល -លេខ៣ ទទួលបានមេដាយ និងថវិកាចំនួន១,​០០០,០០០រៀល និងក្រុមកីឡាដែរមិនទទួលបានជ័យជំនះទទួលបានថវិកាចំនួន២០០,០០០រៀលផងដែរ៕





ខេត្តក្រចេះ​ រៀបចំពិធី​ប្រកាស​ផ្ទេរភារកិច្ច​ចូលកាន់​មុខតំណែងថ្មី​អភិបាល​រងក្រុងក្រចេះ​ ចំនួន០២រូប​

ក្រចេះ ៖ នៅថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលក្រុងក្រចេះ ខេត្តក្រចេះ បានរៀបចំប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ចអភិបាលរងក្រុងក្រចេះ ចំនួន០២រូប ក្រោមអធិបតីភាពលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។

អភិបាលរងក្រុងក្រចេះ ដែលទើបផ្ទេរភារកិច្ចថ្មី ចំនួន០២រូបនោះរួមមាន៖ ១-លោក ម៉ែន វណ្ណា ឋានន្តរស័កិ្តវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងស្រុកស្នួល ទៅកាន់មុខតំណែងជាអភិបាលរងក្រុងក្រចេះ។ ២-លោកស្រី ខៀវ សុផៃ ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរងស្រុកស្នួល ទៅកាន់មុខតំណែងជាអភិបាលរងក្រុងក្រចេះ។

ក្នុងពិធីនេះ លោកអភិបាលរងខេត្ត ក៏បានណែនាំ និងផ្តាំផ្ញើដល់លោកអភិបាលក្រុង និងអភិបាលរងក្រុងដែលទើបផ្ទេរភារកិច្ចថ្មី ក្នុងដែនសមត្ថកិច្ច រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃក្រុងក្រចេះ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាព រួមមាន ៖

-ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ។

-បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទាំងក្រុងក្រចេះ ដោយជម្រុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង០៩ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានសស្រាក់សស្រាំទូទាំងក្រុង។

-មន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មើភាព។

-ត្រូវបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈ និងជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ សំដៅរួមគ្នាធានាឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យទូទាំងក្រុង។

-បន្តជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដោយឡែកចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្រ្តីជំនាញនានា មន្រ្តីសាលាក្រុង ក្រុមប្រឹក្សាសង្កាត់។
-បន្តយកចិត្តទុកដាក់រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យការប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ការគ្រប់គ្រងការសាងសង់សំណង់នានា និងសុវត្ថិភាពអោយកាន់តែល្អប្រសើរថែមទៀត។

-ពង្រឹងឡើងវិញអំពីការអនុវត្តតួនាទី ភារកិច្ច របស់ការិយាល័យនានាចំណុះសាលាក្រុង ឲ្យមន្រ្តីរាជការមានវត្តមានគ្រប់ៗរូប ដើម្បីរួមគ្នាបំពេញការងារឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត និងត្រូវបន្តយកចិត្តទុកដាក់សហការជាមួយទីចាត់ការនានាចំណុះសាលាខេត្ត ដើម្បីធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាក្រុងឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ៕





ជានិច្ចជាកាលកាកបាទក្រហមកម្ពុជានៅជាប់ជាមួយបងប្អូនរងគ្រោះគ្រប់ទីកន្លែង

សៀមរាប៖ នៅព្រឹកថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៨ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត និង សហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនគ្រួសារខ្វះខាតស្បៀង ចំនួន ១៣១គ្រួសារមកពី៥ភូមិ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្ត សៀមរាប រងគ្រោះទឹកជនលិចស្រូវវស្សារបស់ពួកគាត់ ហើយរលួយមួយភាគធំ ។

មានប្រសាសន៍នាឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក ដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ។ លោកស្រី ក៏បានបញ្ជាក់ថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុក ដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”»។

លោកស្រី ក៏បានសម្តែងនូវការអាណិត អាសូរ ព្រមទាំងសូមការអភ័យទោសពីបងប្អូនផងដែរ ក្នុងភាពយឺតយ៉ាវនេះផងដែរ។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សានូវសុខភាព អនាម័យ ព្រមទាំងធ្វើការ ដាំដុះនូវដំណាំរួមផំ្ស ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ បញ្ហាភ្លើង ផ្សែង ដោយរដូវនេះជារដូវរំហើយ ព្រមទាំងស្ងួត ដែលងាយនឹងរងគ្រោះជាយថាហេតុទៀតផង ហើយនៅ ពេលមានបញ្ហាសុខភាព សូមអញ្ជើញទៅមណ្ឌលសុខភាពនៅក្នុងមូលដ្ឋានខ្លួនផងដែរ ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ -អង្ករ២៥គីឡូក្រាម -មី១កេស -ទឹកត្រី១យួរ -ប្រេងឆា១ដប និងថវិកា៤ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី និង ប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ដែលបានសាសង់ សម្រេចលទ្ធផលបាន ៩០ភាគរយ ។ ក្នុងនោះលោកស្រីក៏បានធ្វើការក្រើនរំលឹក និង ជំរុញដល់អ្នកម៉ៅការសាងសង់ ដើមី្បពន្លឿនការសាងសង់ឲ្យបានឆាប់រួចរាល់ និង ត្រូវយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសក្នុងការសាងសង់ ឲ្យបានត្រូវតាមស្តង់ដារ បទដ្ឋាននៃសំណង់ ក្នុងការធានាបានគុណភាពប្រើប្រាស់បានយូរអង្វែងផងដែរ៕



រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨

កណ្តាល៖ នារសៀល ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនោះក៏មានសមាសភាពអញ្ជើញចូលរួមពីប្រធានគ.ក.ស.ក ខេត្ត, លោកស្រីអភិបាលរងខេត្ត, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក លេខាធិការដ្ឋានខេត្ត ក្រុមការងារទាំង៦ និងក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សរុបចំនួន ៧៦នាក់ផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី ពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់ គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោកអភិបាលខេត្ត បានលើកឡើងពីចំណុចខ្លាំងដែលធ្វើឱ្យការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្សមានដំណើរការល្អនិងផ្តល់នូវមតិណែនាំបន្ថែមដូចជា៖ ត្រូវពិនិត្យមើលយន្តការទៅលើរចនាសម្ព័ន្ធគ្រប់ថ្នាក់ ពិនិត្យទៅលើប្រព័ន្ធនីតិវីធីនៃការអនុវត្តគោលនយោបាយនៃការជួញដូរ ត្រូវមានផែនការសកម្មភាពស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន ត្រូវប្រើមធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដែលជំរុញឱ្យផែនការសកម្មភាពអនុវត្តមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕






ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៣ រោជ ខែបុស្យ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២ ក្រោមអធិបតីភាពលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័នរដ្ឋពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើការពិភាក្សាលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៨ ។

កិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន០៦ រួមមាន៖
ទី១- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។
ទី២- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ។
ទី៣- ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ។
ទី៤- ពិនិត្យ និងអនុម័តលើសំណើសុំបង្កើតការិយាល័យគ្រប់គ្រងឆ្នេរសមុទ្រចំណុះឲ្យទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ។
ទី៥- ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត, គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, គណៈកម្មាធិការលទ្ធកម្ម, គណៈកម្មាធិការសម្របសម្រួលបច្ចេក ទេស, គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត, គណៈកម្មាធិ ការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
និងទី៦. បញ្ហាផ្សេងៗ ។

ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានកោតសរសើរមន្ត្រីតាមមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានអនុវត្តការងារឆ្នាំ២០១៧ ទទួលបានលទ្ធផលល្អ តាមតួនាទី ភារកិច្ចរៀងៗខ្លួន រក្សាបាននូវសុខសន្តិសុខ សុវត្ថិ ភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងបានជំរុញការអនុវត្តការងារឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ពិសេសការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព ប្រសិទ្ធភាព លុបបំបាត់បាតុភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកទទួលយកសេវាសាធា រណនៅតាមឃុំ សង្កាត់នានា ក្នុងខេត្តព្រះសីហនុ និងការចូលរួមអភិវឌ្ឍន៍ខេត្តព្រះ សីហនុ មានការរីកចម្រើន ។

ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក៏បានជំរុញឱ្យគ្រប់ផ្នែក ត្រូវខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសការរៀបចំកែលម្អសោភ័ណភាព អនាម័យ បរិស្ថាន តាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ ថ្វីត្បិតតែពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ -២០១៨ថ្មីៗនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត មានការកើនឡើងជាងឆ្នាំ២០១៦ ក៏ដោយក៏ត្រូវតែបន្តការអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ០៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបទបញ្ជារបស់ក្រសួងមហាផ្ទៃដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតាមសហគមន៍៕