Friday, January 05, 2018

បទអត្ថាធិប្បាយ៖ ៧មករា ជាមាតាទីពីរដែលបានផ្តល់កំណើតដល់ប្រជាជន និងជាតិមាតុភូមិកម្ពុជាទាំងមូល

គុកឥតជញ្ជាំង គឺជាពាក្យមួយដែលបងប្អូនប្រជាជនខ្មែរដែលមានវ័យលើសពីពាក់កណ្តាលនៃជីវិត បានយល់ដឹងដល់អន្ថ័យសំដៅដល់របបកម្ពុជាប្រជាធិបតេយ្យដែលមានតែឈ្មោះ គឺជារបបប្រល័យពូជសាសន៍ខ្មែរក្រហមយ៉ាងប្រាកដ។ លទ្ធផលនៃរបបខ្មៅងងឹតនោះ បានឆក់យកជីវិត ខ្មែរអស់ជាងបីលាននាក់ទាំងក្មេង ទាំងចាស់ ដោយគ្មានមូលហេតុ និងគ្មានក្តីមេត្តា ហើយប្រព័ន្ធសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងមូលត្រូវបានកំទេចចោលស្ទើរគ្មានសល់។ សិទិ្ធសេរីភាពជាមូលដ្ឋាន និងភាពថ្លៃថ្នូរជាមនុសុ្សត្រូវបានបំបាត់​ទាំងស្រុង។ តើអ្វីទៅជាមាតាទីពីរ នៃអ្នកផ្តល់កំណើតដល់ប្រជាជន និងជាតិមាតុភូមិកម្ពុជា? តើនេះមិនមែនជាការសង្គ្រោះជាតិពិតប្រាកដទេឬ?តើរណសិរ្យសាមគ្គីសង្រ្គោះជាតិជានរណា?

ថ្ងៃ​១៧ មេសា ឆ្នាំ១៩៧០ គឺជាថ្ងៃដែលពួកឥតសាសនាចូលកាន់កាប់អំណាច ដែលខ្មែរគ្រប់គ្នាបានដឹងថា ជារបបកម្ពុជាប្រជាធិបតេយ្យ។ ការដឹកនាំក្នុងរបបនេះ គឺគ្មានទេ សិទ្ធិសេរីជាមូលដ្ឋានរបស់មនុស្ស ហើយកម្មសិទ្ធិគ្រប់យ៉ាងរបស់ប្រជាជនខ្មែរម្នាក់ៗត្រូវបានអង្គការដកហូត។ ការដឹកនាំទាំងមូលរបស់របបកម្ពុជាប្រជាធិបតេយ្យត្រូវសម្រេចដោយអង្គការដែលមានតែឈ្មោះ គ្មានច្បាប់ គ្មានតុលាការ។ បន្ទាប់ពីបានជោគ​ជ័យក្តាប់អំណាចក្នុងឆ្នាំ១៩៧៥ គឺ ទាំងប្រជាជនទូទៅ ក៏ដូចកម្មាភិបាលរបស់ខ្មែរក្រហមមួយចំនួនធំ គឺ មិនតិចជាង៣លាននាក់ ត្រូវបានរបបនេះកាប់សម្លាប់យ៉ាងសាហាវ។

ក្នុងតថភាពមួយមុនថ្ងៃនៃបុព្វហេតុជោគជ័យជាប្រវត្តិសាស្រ្តនៃថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺមិនមែនបាន​​កើតឡើងដោយចៃដន្យនោះទេ តែនោះ ជាជោគជ័យមួយផ្តើមចេញពីការយកអាយុជីវិតធ្វើពលិកម្ម និងមានការគិតគូរយ៉ាងយកចិត្តទុកដាក់ ប្រកដដោយគ្រោះថ្នាក់បំផុតរបស់វរជនទាំងប្រាំនាក់ ដែលក្នុងនោះ មានលោក ហ៊ុន សែន ជាប្រមុខដឹកនាំ។ វរជនទាំងប្រាំ បានមើលឃើញពីភាពមហន្តរាយយ៉ាងធ្ងន់ធ្ងរកើតចេញពីការកាប់សម្លាប់របស់របបកម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនខ្លួនជារៀងរាល់ថ្ងៃ និងមើលឃើញនូវគ្រោះថ្នាក់ដល់ជាតិ និងប្រជាជនទាំងមូល ដែលបានជំរុញអោយវរជនទាំងប្រាំនាក់ ក្នុងពេលនោះ ត្រូវសម្រេចចិត្តចាកចេញពីខ្មែរក្រហមប្រកបដោយមហាគ្រោះថ្នាក់ ក្នុងអំឡុងឆ្នាំ១៩៧៧ ហើយបានបង្កើតអោយមានកំលាំង​​តស៊ូប្រដាប់អាវុធនៃរណសិរ្យសាមគ្គីសង្រ្គោះជាតិមួយក្នុងទឹកដីវៀតណាម ដោយមានការជួយជ្រោម​ជ្រែង​ដោយក្តីមេត្តារបស់រដ្ឋាភិបាលនៃប្រទេសវៀតណាមផងនោះ ទើបចលនាតស៊ូទាំងអស់បានរួបរួមជាកំលាំងរួមចុងក្រោយហៅថា រណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលបានដឹកនាំផ្ទាល់ដោយលោក ហ៊ុន សែន ដើម្បីវាយរំលំរបបកម្ពុជាប្រជាធិបតេ​យ្យ និងបានរំដោះប្រជាជន និងប្រជាជាតិទាំងមូលពីការកាប់សម្លាប់នៃរបបនេះ បានទាំងស្រុង នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ហើយជាភ័ព្វសំណាង គឺ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានមហាជនខ្មែរទាំងមូលបានចាត់ទុកថា ជាយុគ្គនៃពន្លឺសេរីភាពសព្វបែបយ៉ាង បានជះសញ្ជែងសញ្ជាំងមកលើប្រទេស​កម្ពុជាសារជាថ្មីឡើងវិញ។ ខ្មែរគ្រប់រូបបានហៅថ្ងៃ៧ មករា ថាជាមាតាទីពីរ ដែលបានផ្តល់កំណើតនៃជីវិតរស់ឡើងវិញ គឺជីវិតត្រូវបានគេចផុតពីការកាប់សម្លាប់ ជីវិតដែលរបបកម្ពុជាប្រជាធិបតេយ្យបានដកហូតសិទិ្ធសេរីសព្វបែបយ៉ាងរបស់មនុស្ស។

ជាការពិតប្រសិនបើគ្មាន ៧ មករា គឺគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គ្មាន៧មករា គឺគ្មានរបបរាជានិយមទីពីរ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ហើយគ្មាន ៧មករា គឺគ្មានសន្តិភាព និងការអភិវឌ្ឍបានដល់សព្វថ្ងៃនេះទេ។ ៧មករា ជាគ្រឹះនៃការបង្រួបបង្រួមជាតិ ការឯកភាពជាតិទាំងមូល និងបាននាំយករបបប្រជាធិបតេយ្យសេរីពហុបក្ស សិទិ្ធសេរីភាពជាមូលដ្ឋានរបស់មនុស្ស  និងភាពថ្លៃថ្នូរជាមនុស្ស ពិសេស ផ្តល់នូវភាពឥស្សរភាព វិបុលភាព    និងការរីកចម្រើនជូនដល់ប្រជាជន និងជាតិមាតុភូមិកម្ពុជាឡើងវិញ។

ឆ្លងកាត់ការតស៊ូពីបាតដៃទទេ និងការដឹកនាំរបស់លោក ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ ក្នុងនោះកម្ពុជាបានក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្នុងក្របខណ្ឌនៃអង្កការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងទ័ពមនុស្សធម៌ទៅកាន់បណ្តាប្រទេសនានាក្នុងពិភពលោកក្នុងកិច្ចការមនុស្សធម៌ ហើយកម្ពុជាក៏បានដើរតួរយ៉ាងសំខាន់កិច្ចការខាងវប្បធម៌ក្នុងក្របខណ្ឌនៃអង្កយូណេស្កូ និងក្របខណ្ឌអន្តរជាតិដទៃទៀត។ល។

ប្រជាជនកម្ពុជាគ្រប់រូបបានសាទចំពោះសន្តិភាព និងការអភិវឌ្ឍ ដែលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានប្រែក្លាយប្រទេសដ៏ក្រីក្រមួយមកជាប្រទេសដែលមានកំរិតប្រាក់ចំណូលមធ្យមកំរិតទាប ហើយ​​បានរំដោះភាពក្រីក្ររបស់ប្រជាជនពី១០០% ពីឆ្នាំ១៩៧៩ ធ្លាក់មកសល់ត្រឹមប្រហែល១០%ក្នុងឆ្នាំ២០១៧ ក្នុងកំរិតកំណើនសេដ្ឋកិច្ចប្រហែល៧%ក្នុងឆ្នាំ២០១៧។ មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច គឺក្រៅពីការយកចិត្តទុកដាក់លើវិស័យកសិកម្មជាអាទិភាព គឺនៅមានវិស័យឧស្សាហកម្ម ទេសចរណ៍ និងសំណង់បានដើរតួរយ៉ាងសំខាន់ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបពីមួយឆ្នាំទៅមួយឆ្នាំ។ ធនធានមនុស្សកំពុងត្រូវបានបណ្តុះបណ្តាលលើវិជ្ជាជីវគ្រប់វិស័យ គួបផ្សំនឹងការសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក៏រិតតែបានបង្ករលក្ខណៈពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលអោយបានរីកចំរើនយ៉ាងប្រាកដនាពេលអនាគត៕

ដោយ៖ ឡុង បុរិតា



No comments:

Post a Comment