រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាន៍ថា វិទ្យុជាតិខេត្តមណ្ឌលគិរី ដែលដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាវិទ្យុជាតិទី១៩ បន្ទាប់ពីវិទ្យុនៅភ្នំពេញ ដែលមានជិត១០០វិទ្យុ និងមានតាមបណ្តាខេត្តមានវិទ្យុជាតិជាង២០វិទ្យុទៀត ដែលមានទីតាំងផ្ទាល់។ លោកបានបញ្ជាក់ថា ការបង្កើតវិទ្យុជាតិក្នុងខេត្តមណ្ឌលគិរី ដើម្បីងាយស្រួលក្នុងការដឹងដំណឹងរបស់ខេត្ត ព្រោះវិទ្យុជាតិផ្សាយទូទៅរួម ក្នុងការងាយស្រួលជូនដំណឹងគ្នាទៅវិញទៅមក និងធ្វើការទាក់ទងគ្នា និងដោះស្រាយបញ្ហាដែលមានផ្ទាល់នៅក្នុងខេត្ត។
លោក ខៀវ កាញារីទ្ធ បានបន្ថែមទៀតថា ពិតមែនតែសព្វថ្ងៃនេះប្រជាជនមួយចំនួនប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក ប៉ុន្តែ ពួកគាត់ក៏មិនអាចមើលហ្វេសប៊ុករាប់ម៉ោងនោះទេ ដូច្នេះវិទ្យុជាតិ គឺជាចំណងទាក់ទងមួយ និងជាស្ពានមួយរវាងរដ្ឋបាល និងប្រជាជន ដែលមានថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរបស់ខ្លួន។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រធានមន្ទីរ និងមន្រ្តី នៃមន្ទីរព័ត៌មានខេត្ត ត្រូវសហការជាមួយវិទ្យុជិតខាងដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នា ជាពិសេសត្រូវយកដំណឹងទាន់ហេតុការណ៍ឱ្យបានដូចជាគ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ និងការណែនាំរបស់ថ្នាក់ដឹកនាំខេត្តនីមួយៗ។
លោក ស្វាយ សំអ៊ាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ក៏ដូចជាការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានក្នុងការគិតគូរអំពីការសាងសង់អគាររដ្ឋបាលមន្ទីរ អគារវិទ្យុ ទូរទស្សន៍ និងស្ថានីយ៍វិទ្យុជាតិខេត្តមណ្ឌលគិរី FM ៩៧.០០MHZ នេះឡើង ដែលទាំងអស់នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តមណ្ឌលគិរីធ្វើឱ្យមុខមាត់របស់ខេត្តមានកែប្រែបន្តិចម្តងៗ និងមានការវិវឌ្ឍន៍រីកចម្រើនឈានឡើងគួរជាទីមោទនៈ។ ម្យ៉ាងទៀត ដើម្បីចូលរួមក្នុងការលើកកម្ពស់វិស័យសារព័ត៌មានឱ្យមានការរីកចម្រើនឈានឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តមណ្ឌលគិរី និងប្រទេសជាតិឲ្យមានការរីកចម្រើន។
តាមការលើកឡើងរបស់ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី លោក សុន សារឿន បានបញ្ជាក់ថា មន្ទីរបានសាងសង់អគាររដ្ឋបាលចំនួន០១ខ្នង ទំហំ២២ ម៉ែត្រ គុណ ១៣ម៉ែត្រ ខ្នងបុក៣ម៉ែត្រ គុណ៦ម៉ែត្រ អគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍០១ខ្នង កម្ពស់០២ ជាន់ ទំហំ២២ ម៉ែត្រ គុណ១០,៥ម៉ែត្រ ខ្នងបុក៤ម៉ែត្រ គុណ៦ម៉ែត្រ និងរបងបានប្រវែង២៥០ម៉ែត្រ និងបានបុកខួង អណ្តូងទឹកជំរៅ៦០ម៉ែត្រ ចំនួន០១អណ្តូង ដោយចំណាយថវិកាអស់២.២០០$ ដែលជាថវិកាផ្ទាល់ខ្លួន របស់លោកប្រធានមន្ទីរ។ លោកប្រធានមន្ទីរ ព័ត៌មានខេត្ត បានបន្ថែមថា វិទ្យុជាតិខេត្តមណ្ឌលគិរី FM 97.00 MHZ ចាប់ផ្តើមដំឡើងនៅថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយក្រុមបច្ចេកទេសក្រុមហ៊ុនវៀតណាម សហការជាមួយបច្ចេកទេសវិទ្យុជាតិ និងមន្រ្តីមន្ទីរព័ត៌មានខេត្ត ហើយចាប់ផ្តើមផ្សាយសាក់ល្បងចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះ។ លោកបានឱ្យដឹងទៀតថា ចំពោះស្ថានីយ៍វិទ្យុ និងទូរទស្សន៍នៅក្នុងខេត្តមាន០៩ទីតាំងរួមមាន៖ -ស្ថានីយ៍ទូរទស្សន៍បាយ័ន និងអាស៊ីអាគ្នេយ៍ ផ្សាយបន្ត ស្ថិតនៅក្រុងសែនមនោរម្យ ចំនួនពីរទីតាំង -ស្ថានីយ៍វិទ្យុបាយ័ន FM 93.00 MHZ ផ្សាយបន្ត ស្ថិតនៅលើភ្នំដោះក្រមុំ ក្រុងសែនមនោរម្យ -ស្ថានីយ៍វិទ្យុសុខ សាន្តមនោរម្យ FM 96.5 MHZ ផ្សាយផ្ទាល់ ស្ថិតនៅក្រុងសែនមនោរម្យ និងស្ថានីយ៍វិទ្យុជាតិខេត្តមណ្ឌលគិរី FM 97.00 MHZ ផ្សាយផ្ទាល់ចេញពីមន្ទីរព័ត៌មានខេត្ត ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ រួមទាំង មានស្ថានីយ៍ទូរទស្សន៍ខ្សែកាបចំនួន០៤ទីតាំងនៅក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកកោះញែក៕

No comments:
Post a Comment