Friday, January 05, 2018

អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខកម្មការិនីរោងចក្រដែលទើបសំរាលកូនចំនួន៥រូប និងផ្តល់ថវិកាព្រមទាំងឃីតម្នាក់មួយកញ្ចប់

ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ឆ្នាំ រកា ពស ២០៥៦១ត្រូវនឹងថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខកម្មការិនីរោងចក្រចំនួន៥នាក់ ដែលទើបសំរាលកូនរួច។ ជាមួយគ្នានោះលោក យន្ត មីន ក៏បាននាំមកជាមួយនូវថវិកា និងឃីតមួយកញ្ចប់ដើម្បីជួយសំរួលការលំបាកខ្លះៗរបស់ពួកគាត់ផងដែរ។

នាឱកាសនោះដែរ លោក យន្ត មីន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា និងបានណែនាំអោយបងប្អូនត្រូវចេះថែរក្សាសុខភាពអោយបានល្អ។ លោក យន្ត មីន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិយើង អោយមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ជាងនេះទៀតបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែយកចិត្តទុកដាក់ជាខ្លាំង ចំពោះសុខទុក្ខកម្មករកម្មការិនី រួមនឹងជីវភាពរបស់បងប្អូនផងដែរ ដើម្បីធ្វើយ៉ាងណាអោយស្ថានភាពបងប្អូនកម្មករមានភាពប្រសើរឡើង ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

សូមបញ្ជាក់ថា ក្នុងចំណោមកម្មកការិនីទើបសំរាលកូនខ្ចីទាំង៥នាក់នោះ មាន៤នាក់កំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយម្នាក់ៗទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថវិកាបន្ថែម ១០ ម៉ឺនរៀល ឃីតមួយកញ្ចប់ថែមទៀត របស់កាកបាទក្រហមខេត្តព្រះសីហនុ។ ដោយឡែកកម្មការិនីម្នាក់ទៀតសំរាកនៅផ្ទះ មានទីតាំងនៅចំណុច (ឃ្លាំងលើ) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ លោក យន្ត មីន បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកទៅជូនដល់ផ្ទះតែម្តង៕





No comments:

Post a Comment