Friday, January 05, 2018

វិចារណកថា៖ ៧ មករា ១៩៧៩-២០១៨ សច្ចៈភាពនៃប្រវត្តិសាស្ត្រ

ថ្ងៃ​៧ ខែមករា​ ឆ្នាំ​២០១៨​ ឆ្នាំ​​នេះ ​គឺ​ជាខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​ នៃ​ទិវា​ជ័យ​ជំនះ​លើ​របប​​ប្រល័យ​ពូជសាស​ន៍​​​ខ្មែរ​​​ក្រហម​​​​ដ៏សែន​​ឈឺចាប់​​ដែល​មិនអាច​ធ្វើ​ឱ្យ​ប្រជាជន​​កម្ពុជា​​បំភ្លេច​​បាន​​ជា​ដាច់​ខាត​។​ ថ្វីត្បិត​​តែ​​មហាជ័យ​ជំនះ​ ៧​មករា​ ១៩៧៩​​ បាន​​ឈាន​មក​ដល់​ខួប​លើក​ទី​៣​៩​ឆ្នាំ​ទៅហើយ​​ក្តី​ ក៏​​ទំព័រ​​​ប្រវត្តិសាស្ត្រ​នេះនៅតែ​​​ស្ថិត​​នៅ​​​ដិត​ជាប់​​ក្នុង​​​ដួង​ចិត្ត​​ប្រជា​ជន​​​ ជា​ពិសេស​​​យុវជន​ និង​​​យុវតី​​កម្ពុជា​​​ ជានិច្ច ​​ហើយ​​ព្រឹត្តិការណ៍​​នេះ​ហាក់​បី​ដូច​ជា​នៅ​ថ្មី​ៗ​​មិន​អាច​​បំភ្លេច​​បាន​ឡើយ​​​។​

ក្នុង​​កាលៈទេសៈ​ ដែល​ប្រទេ​ស​ជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យ​​​ពូជសាសន៍ ប៉ុល ពត​ ពី​ឆ្នាំ​១៩៧៥ ដល់​​ឆ្នាំ​១៩៧៩​ គឺ​មាន​តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​​ប្រជាជនកម្ពុជា​​ និង​​យុទ្ធមិត្ត​​ដ៏ស្មោះ​ត្រង់​​របស់​បក្ស​​​ប៉ុណ្ណោះ​ ដែល​បាន​ក្រោក​ឈរ​ឡើង​​តស៊ូ​ ប្រយុទ្ធ​​​យ៉ាង​អង់អាច​ក្លាហាន​ប្រកប​ដោយ​វីរៈភាព​បំផុត​ ដើម្បី​​​ផ្តួល​​រំលំ​​របប​​​យង់​ឃ្នង​​​នេះ​ឲ្យ​វិនាស​សាប​សូន្យ​ពី​មាតុភូមិ​​កម្ពុជា​​​ ហើយ​​​នាំ​​មក​​នូវ​ឯករាជ្យ​ សេរីភាព​ សន្តិភាព​ និង​​ការ​រស់​ឡើង​​​វិញ​ដល់​ប្រជាជន​​កម្ពុជា​​​​។

នៅពេល​ដែល​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ ​បាន​ស្ថិតក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់​បំផុតបែបនេះ​​ លោក​ ហ៊ុន​ សែន​ និង​យុទ្ធមិត្ត​របស់​គាត់​បានសម្រេច​ចិត្ត​លះបង់​ជីវិត​ធ្វើ​ជាដើមទុន​ ដើម្បី​សង្គ្រោះជាតិ​ ដោយ​​ធ្វើ​ការ​ភៀស​ខ្លួន​ទៅ​ប្រទេស​​វៀត​ណាម​​ នៅ​ថ្ងៃ​ទី២០​ ខែមិថុនា​ ឆ្នាំ​១៩៧៧ វេលា​ម៉ោង​​​ប្រមាណ​៩​អធ្រាត​​ និង​​សុំជំនួយ​យោធា​ពី​ប្រទេស​វៀតណាម​ ដើម្បី​ប្រមូល​កម្លាំង​ធ្វើ​ការ​ប្រយុទ្ធ​ តស៊ូ​ ប្រឆាំង​នឹង​របប​ប្រល័យ​​ពូជសាសន៍​​វិញ​​ ដោយ​យក​ស្រុក​​មេមត់​​ក្នុងខេត្ត​កំពង់ចាម​ និង​ស្រុក​ស្នួល​ក្នុង​ខេត្ត​ក្រចេះ​ ធ្វើ​ជាមូលដ្ឋាន​តស៊ូ​ប្រដាប់​​អាវុធ​​ដំបូង​​បំផុត​​។​

នៅឆ្នាំ១៩៧៨ លោក ហ៊ុន សែន​ បាន​ធ្វើការ​ជ្រើស​រើស​កង​ទ័ព​ដើម្បីកសាង​កងកម្លាំង​ប្រដាប់​អាវុធ​ ហើយ​នយោបាយ​ជ្រើសរើស​កង​ទ័ព​នៅពេល​នោះ​ត្រូវ​បាន​ប្រជាជន​ចូល​រួម​យ៉ាង​សកម្ម​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​កង​ទ័ព​វៀតណាម​ផង​ដែរ​។​ ភាព​រីក​ធំធាត់​ យ៉ាង​ឆាប់​រហ័ស​នៃ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​នៅពេល​នោះ​ បាន​ផ្តល់​ឱ្យ​លោក​ ហ៊ុន សែន​ លោក ហេង សំរិន និង​លោក ជា ស៊ីម​ បាន​ក្លាយ​ជា​មគ្គុទេស​​នៃ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​​​ជាតិ​កម្ពុជា​ នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​​រំដោះ​​ប្រទេស​​យ៉ាង​ពិត​ប្រាកដ​។​ ជា​មួយនិង​ការ​ខិតខំ​របស់​កម្មា​ភិបាល​ និង​យុទ្ធជន​កម្ពុជា​ និង​ដោយមាន​ជំនួយ​ឧបត្ថម្ភគ្រប់​យ៉ាង​ពី​សំណាក់​មិត្ត​វៀតណាម​នោះ​ កង​កម្លាំង​ប្រដាប់​​​អាវុធជាផ្លូវ​ការ​​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅថ្ងៃ​ទី១២​ ខែ​ឧសភា​ ឆ្នាំ១៩៧៨​ ​ដែល​មាន​​ឈ្មោះ​ថា​ «កងកម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​»។​ សភាព​ការណ៍​បាន​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​ ហើយ​ស្រប​ពេល​ដែល​មាន​ការ​កសាង​​កម្លាំង​ប្រដាប់​អាវុធ​ និង​កម្លាំង​ទាំង​នោះ​ត្រៀម​​បញ្ជូន​​ទៅ​​ផ្ទៃ​​ក្នុង​ប្រទេស​ ​​ក៏មាន​ការ​ងើប​ឡើង​បះបោរ​របស់​កងទ័ព និង​​ប្រជាជន​នៅភូមិភាគ​បូព៌ា​ដែល​ដឹក​នាំ​ដោយ​លោក ហេង សំរិន និង​លោក ជា ស៊ីម​ ផង​ដែរ​ ទើប​ធ្វើ​ឱ្យ​កង​កម្លាំង​រួម​គ្នា​នោះ​ដណ្តើម​កាន់​កាប់​ស្រុក​ មេមត់ និង​ស្រុក​ ស្នួល​ បាន​ទាំង​ស្រុង​។ ក្រោយ​ពី​មាន​ការ​រួបរួម​កម្លាំង​គ្នា​រវាង​ក្រុម​លោក ហ៊ុន សែន ហេង សំរិន និង​លោក ជា ស៊ីម មក​ កងកម្លាំង​ប្រដាប់​អាវុធ​រួម​គ្នា​មួយ​ដែល​មាន​អង្គការ​ចាត់​តាំង​ត្រឹម​ត្រូវ​ បាន​បង្កើត​ឡើង​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ១៩៧៨​ នៅតំបន់​រំដោះ​នៃ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​។​ ដោយ​សារ​កំហឹង​បះបោរ​របស់​ប្រជាជន​​ជាមួយ​​របប​ប្រល័យ​​ពូជសាសន៍ផង​​ ការ​វាយ​លុក​ពី​កង​កម្លាំង​ចម្រុះ​នៃ​រណសិរ្ស​សាម​គ្គីសង្គ្រោះជាតិ​កម្ពុជា​ និង​ការ​ជួយ​អន្តរាគមន៍​ពី​កង​ទ័ព​វៀតណាម​ផង លោក ហ៊ុន សែន​ បាន​មើល​ឃើញ​​យ៉ាង​ច្បាស់​អំពី​លទ្ធភាព​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ក្នុង​អំឡុង​ពេល​​​យ៉ាង​យូរ​បំផុត​ត្រឹម​១ឆ្នាំ​ប៉ុណ្ណោះ​។​ លោក​ ហ៊ុន សែន​ មាន​ជំនឿយ៉ាង​មុតមាំថា​ កម្ពុជា​នឹងអាច​រំដោះ​បាន​នៅ​ដើម​ឆ្នាំ​១៩៧៩។ ជាការពិត​ នៅថ្ងៃ​ទី៧ ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​។​

​          មហា​ជ័យ​​​ជំនះ​​ ៧​មករា​ ១៩៧៩​ បាន​​សង្គ្រោះ​ជាតិ​​ និង​ប្រជាពលរដ្ឋ​ឲ្យ​​រស់​​ឡើង​​វិញ​​ទាន់​ពេល​វេលា​ ហើយ​បាន​​​​​​ដណ្តើម​​​​ម​ក​ជូន​ប្រជាពលរដ្ឋ​​​វិញ​​នូវ​​សិទ្ធិ​សេរីភាព​​គ្រប់​យ៉ាង​​ជាពិសេស​សិទ្ធិ​រស់​រាន​​មាន​​​ជីវិត​របស់​ប្រជាពលរដ្ឋ​​ និង​បាន​​​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។​​ ប្រជា​ពលរដ្ឋ​​ទាំង​អស់​​នៅ​តែ​ចងចាំ​ជានិច្ច​​ថា​ ថ្ងៃ​៧ មករា​ គឺ​ជាថ្ងៃ​កំណើត​ទី​២​ របស់​ខ្លួន​។​

រយៈពេល​ ៣៩​ឆ្នាំ​​កន្លង​មក​នេះ​ ដោយ​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​ និង​ត្រូវ​រ៉ាប់​រង​នូវ​ផល​វិបាក​​យ៉ាង​​ធ្ងន់​ធ្ងរ​ដោយ​​​​សង្គ្រាម​ស៊ីវិល​ និង​របបប្រល័យ​ពូជសាសន៍​បាន​បន្សល់​ទុក​ ព្រម​ទាំង​ការ​ប្រឈម​នឹ​ង​វិបត្តិ​សេដ្ឋ​កិច្ច​សកល​​ និង​​​​ការ​ជ្រៀតជ្រែកពីបរទេស​មួយចំនួន​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​​​​ផង​នោះ​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ដែល​ដឹក​នាំ​​ដោយ​​​​គណបក្ស​ប្រជាជន​​កម្ពុជា​ បាន​​ខិត​ខំ​​ប្រឹង​ប្រែង​ជំនះ​នូវ​រាល់​ឧបសគ្គ​ ជ្រោង​ខ្ពស់​​នូវ​ជំហរ​​​មហា​សាមគ្គីជាតិ​​​​​ បង្រួប​​​បង្រួម​ជាតិ​ ឆ្លង​កាត់​​ពី​ដំណាក់​កាល​​រីក​ចម្រើន​មួយ​ ទៅ​​ដំណាក់​កាល​រីក​ចម្រើន​មួយ​ទៀត​ជាបន្ត​បន្ទាប់ ​​ឈាន​ទៅ​​​សម្រេច​បាន​​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​​យ៉ាង​ច្រើន​ឥត​គណនា​​​​ជូន​​​ជាតិ​​ មាតុភូមិ​​។​

​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​​ខិត​ខំ​ស្តារ​ កសាង​ និ​ង​​​អភិវឌ្ឍ​ប្រទេស​ពី​​បាត​ដៃ​ទទេ​ រហូត​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ រួម​ទាំង​​​ដំណើរ​ការ​​លទ្ធិ​ប្រជា​ធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ការ​អភិវឌ្ឍ​​​​សេដ្ឋកិច្ច​ជាតិ​​ឲ្យ​​មាន​​កំណើន​ជារៀង​រាល់​ឆ្នាំ​ ជាពិសេស​​ការ​ធានា​​បាន​​នូវ​ស្ថេរភាព​​នយោ​បាយ​ សន្តិសុខ​ទូទាំង​​​ផ្ទៃ​ប្រទេស​ ការ​​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ និង​ការ​រស់​នៅ​ក្រោម​ដំបូល​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​មាន​​​ព្រះ​មហា​ក្សត្រ​​គ្រង​​រាជ្យ​សម្បត្តិ​។​

ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​តែ​ចង​ចាំ និង​ដឹង​គុណ​​យ៉ាង​ច្បាស់​ថា​ ៧​មករា​ គឺ​ជាថ្ងៃ​ដ៏​វិសេស​​វិសាល​​​មិន​អាច​បំភ្លេច​​​បាន​ឡើយ​​។​ គ្មាន​ថ្ងៃ​ ៧ មករា គឺ​គ្មាន​ជី​វិត​មក​ដល់​ពេល​នេះ​ គ្មាន​ថ្ងៃ​ ៧ មករា​ គឺ​គ្មាន​ការ​បង្រួប​បង្រួម​ជាតិ​ គ្មាន​​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​បារីស​ ២៣ តុលា ១៩៩១​​​​ គ្មាន​គណបក្សនយោបាយ​ចូល​រួម​ការ​ប្រកួត​​ប្រជែង​ គ្មាន​​​ការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ និង​គ្មាន​ការ​សម្តែង​មតិ​ដោយ​សេរី​ ដូច​បច្ចុប្បន្ន​ឡើយ​។​ មានន័យ​ថា​ គណបក្ស​​ប្រជាជន​កម្ពុជា​ បាន​នាំ​មក​នូវ​ការ​លើក​កម្ពស់​តម្លៃ​សិទ្ធិមនុស្ស​ ផ្តល់​សិទ្ធិ​ពេញ​លេញ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​​​ការ​ប្រកាន់​យក​នូវ​ជំនឿ​សាសនា​ ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​ និង​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​បញ្ចេញ​​មតិ​ សិទ្ធិ​នយោ​បាយ​ និង​បាន​​​ផ្តល់​អំណាច​សម្រាប់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​​តំណាង​​​របស់​​​ខ្លួន​ ដែល​​ប្រព្រឹត្តិ​ទៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ជាទៀង​ទាត់​។​​ ប្រជាពលរដ្ឋ​គ្រប់​រូប​ក៏​មាន​សិទ្ធិ​ដោយ​ផ្ទាល់​ និង​ដោយ​​ប្រយោល​ ក្នុង​ការ​ជ្រើស​រើសក្រុមប្រឹក្សា​ ឃុំ​-សង្កាត់​ សមាជិកព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ខណ្ឌ​ ស្រុក​ ថែម​ទៀត។​ ជាង​នេះ​ទៀត​ ថ្ងៃ​ ៧​មករា​ បាន​ផ្តល់​ឱកាស​ដល់​ រាជរដ្ឋាភិបាល​​ក្នុង​ការ​ផ្តល់​សេរីភាព​​យ៉ាង​ទូលាយ​ដល់​សង្គម​ស៊ី​វិល​ប្រមាណ​ជាង​៣ពាន់​ បាន​ធ្វើ​សកម្មភាព​​យ៉ាង​សកម្ម​នៅក្នុង​សង្គម​។​ ប្រជាពលរដ្ឋ​​ក៏​ទទួល​បាន​នូវ​សិទ្ធិ​ទទួល​​​ព័ត៌មាន​ តាម​រយៈ​វិទ្យុ ទូរ​ទស្ស​ន៍​ សារព័ត៌មាន​ និង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​សង្គម( Face Book You Tube Google Twitter, etc.) ​តាម​បែប​ទំនើប​ទៀត​ផង​។​ និ​យាយឲ្យ​ងាយ​ស្តាប់​ជាងនេះ​ បើ​គ្មាន​ថ្ងៃ​រំដោះ​ ៧មករា​ ឆ្នាំ​១៩៧៩ទេ​នោះ​ យុវជន​ យុវនារី​សម័យ​ថ្មី​យើង​ ក៏​មិន​បាន​ស្គាល់​នូវ​អ្វី​ដែល​ហៅ​ថា​​​ Facebook, youtube, Google Twitter, etc. នោះដែរ​ ហើយ​​ក៏​គ្មាន​ស្គាល់​អ្វី​ទៅ​ជា​ នំ​ហ៊ឺម​ប៊ើហ្គឺ​ នំភីហ្សា​ ហាង​កាហ្វេ​ទំនើបៗ​ សម្ភារៈ​ទាន់​​សម័យ​​ និ​ង​ជា​ពិសេស​​ទៅ​ទៀត​​នោះ​​គឺ​​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រឡាញ់ ( Valentine Day ) បុណ្យ​គ្រីស្ត​ម៉ើស​ ( Christmas Day ) បុណ្យ​ចូលឆ្នាំសកល (Count-down) …….ជាដើម​នោះដែរ​។​​

ម្យ៉ាង​ទៀត​ បើ​គ្មាន​ថ្ងៃ​ ៧ មករា​ ក៏​គ្មាន​សមិទ្ធផ​ល​ដ៏ច្រើន​សន្ធឹក​សន្ធាប់ដូចជា​ ស្ពាន​ ផ្លូវ​ថ្នល់​ សាលារៀន​​ មន្ទីរពេទ្យ​ វត្ត​អារាម​ ។ល។​ នោះ​ដែរ។​​ ក្នុង​រយៈ​ពេល​ ៣៩​ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​ជីវភាព​​សម្បូរ​សប្បាយ​ មាន​ចំណី​អាហារ​ហូប​ចុក​​គ្រប់​គ្រាន់​ ទី​ជម្រក​​​សមរម្យ​ និង​ការ​ប្រកប​របរ​ទទួល​ទាន​តាម​បែប​ទី​ផ្សារ​សេរី​ ហើយ​​​​ជាពិសេស​​កម្ពុជា​​បាន​ធ្វើ​សមាហរណ៌​កម្ម​​ទៅ​ក្នុង​តំបន់​អាស៊ាន​ និង​សកល​លោក​​ ​ ដែល​ធ្វើ​ឲ្យ​កិត្យា​នុភាព​របស់​​ជាតិ​ បាន​ឈាន​ដល់​ភាព​ស្មើ​មុខ​មាត់​គ្នា​ ទាំង​កិច្ចការ​ទូត​​ និង​នយោបាយ​ លើ​ឆាក​អន្តរជាតិ​​ និង​​ក្នុង​តំបន់​។​ ជា​មួយ​​​គ្នា​នេះ កម្ពុជាក៏​​បាន​ចូល​ជា​សមា​ជិក​អង្គ​ការ​ពា​ណិជ្ជ​កម្ម​ពិភព​លោក និង​អង្គ​ការ​អន្តរ​ជាតិ​​ផ្សេង​ៗ​​ទៀត និង​បាន​ចូល​​​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​បំ​ពេញ​បេ​សក​កម្ម​ថែ​រក្សា​សន្តិ​ភាព ​នៅ​ប្រ​ទេស​មួយ​​ចំ​នួន​​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​​។​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ​​ធំៗ​​ ​ប្រកប​​ដោយ​​​​​សុវត្ថិភាព​ និង​ទទួល​បាន​ជោគជ័យ​​គួរជាទី​មោទនៈ និង​ទទួល​បាន​ការ​កោត​សសើរ​​ពី​​បណ្តា​ប្រទេស​​ជាមិត្ត​​ទាំង​​​​នៅ​អាស៊ី​ និង​អឺរ៉ុបទៀត​ផង​​​។

​​​ជា​ស្នាដៃ​ដ៏លេច​ធ្លោ​រ​​នោះ​ គឺ​រាជរដ្ឋាភិបាលក្នុង​អាណត្តិ​ទី៥​នេះ​​​ មាន​សមត្ថភាព​គ្រប់​គ្រាន់ក្នុង​ការ​ថែ​រក្សា​បាន​​នូវ​​​សុខ​សន្តិភាព​ ស្ថេរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍគួរ​ជាទីមោទនៈ​។​ក្រោមការ​ដឹកនាំ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​មាន​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ជា​​ប្រមុខ​​​ក្នុង​សករាជ​ថ្មី​នៃការអភិវឌ្ឍនេះ បានធ្វើ​ឲ្យ​ប្រទេស​​កម្ពុជា​​អភិវឌ្ឍ​​​ខ្លួន​ចេញ​ពី​ប្រទេស​​​ដែល​​​មានចំណូល​តិចតួច​ ទៅជា​ប្រទេស​ដែល​​មាន​ប្រាក់​ចំណូល​​មធ្យម​​​កម្រិត​ទាប​ ហើយ​នឹង​​បន្ត​ប្រឹង​ប្រែង​សម្រេច​ឱ្យបានក្លាយ​ជាប្រទេស​ដែល​មាន​ចំណូល​​មធ្យម​​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០​​​ខាងមុខ ​ជាក់​ជា​មិន​ខាន​ ខណៈ​​ដែល​បច្ចុប្បន្ន​នេះតាមការព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវ​ត្ថុ​បានបង្ហាញថា ចំណូល​សរុប​​​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ (GDP per Capita)​​ មាន​ក្នុង​រង្វង់ ១៤២២​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៧ កន្លងមក​នេះ​។​​ ដូច្នេះ​ ៧មករា ១៩៧៩ គឺពិត​ជា​បាន​នាំមក​ជូន​ប្រជាជន និង​ប្រទេស​ជាតិ​​​​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​ឥតគណនា​ និង​​នៅ​​តែ​បន្ត​នូវ​ភាព​រីកចម្រើន​នេះ​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅអនាគត​​ ហើយ​នេះ​​គឺ​​ពិត​​ជា​មោទន​ភាព​​​​របស់​​​ប្រជា​ជន​   ក​ម្ពុជា​​យ៉ាង​ពិត​ប្រាកដ ដែល​​រូប​សញ្ញា​ទេវតា​បាច​ផ្កា នៃ​គណ​បក្ស​​ប្រជាជន​កម្ពុជា​ គឺ​ជា​និមិត្ត​រូប​នៃ​ការ​អភិវឌ្ឍជាតិ​ និង​​សច្ចៈភាព​នៃ​​ប្រវត្តិសាស្ត្រ​ ដែល​មិនអាចកាត់​ថ្លៃ​បាន​។​

ជារួម​ បើ​ទោះ​បី​ជា​​ទិវា​ថ្ងៃ​មហា​ជ័យ​ជំនះ​ ៧ មករា​ បាន​ឈាន​មក​ដល់​ខួប​លើក​ទី​​ ៣៩​​​ឆ្នាំ​ ​​ទៅ​ហើយ​ក្តី​ ក៏​ប្រជា​ពលរដ្ឋ​​​ខ្មែរ​​​ទូទាំង​​ប្រទេស​ នៅ​តែ​ដឹង​គុណ​ជានិច្ច​ថា​​​ជាថ្ងៃ​កំណើត​​ទី​២​របស់​​ខ្លួន​ និង​នៅ​តែ​ចងចាំ​ក្នុង​ដួង​ចិត្ត​ជាអមតៈ​​ ព្រោះ​បើ​គ្មាន​ថ្ងៃ​ ៧ មករា​ ១៩៧៩​ទេ​ ពេល​នោះ​ជាតិ​ខ្មែរ​​​ពិត​ជា​​បាត់​ឈ្មោះ​នៅក្នុង​ផែន​ទី​ពិភព​​លោក​ជា​មិន​​​ខាន​​​។

ដូច្នេះ​ ជន​អគតិ​ដែល​រមិល​គុណ​ មិន​ទទួល​​ស្គាល់​​​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​ ថាជាថ្ងៃ​នៃ​កា​រ​​​​​រស់​ឡើង​​វិញរបស់​ខ្លួន​​ទេ​​នោះ​ គឺ​ជា​ជំពូក​​មនុស្ស​ដែល​ក្បត់​នឹង​មនសិកា ជា​ជន​ដែល​មិន​​ទទួល​ស្គាល់​​នូវ​សច្ចៈភាពនៃ​​ប្រវត្តិសាស្ត្រ​។ អាច​និយាយ​​បាន​ម្យ៉ាង​ទៀត​ថា​ ដោយ​សារ​តែ​មហិច្ឆតា​​អំណាច​ និង​នយោបាយ​ ពួក​គេ​ថែម​ទាំងហ៊ាន​និយាយ​បំភ្លៃ​ ​មួល​បង្កាច់ និង​ចោទប្រកាន់​ ថា​ជាថ្ងៃ​ឈ្លាន​ពាន​របស់​កង​ទ័ព​​វៀត​ណាម​​ទៅវិញ​​ ​បើ​ទោះ​បី​ជា​ឪពុក​ ម្តាយ​ បងប្អូន​ កូន​ក្មួយ​ មាមីង​ ជីដូន​ ជីតា​ និង​ញាតិ​មិត្ត​របស់​ពួក​គេ​ត្រូវ​បានកាប់​​សម្លាប់​យ៉ាង​វេទនា​ ដោយ​ការ​វាយ​នឹង​ត្បូង​ចប​ អារក​នឹង​​​ធាង​​ត្នោត​​ បាញ់​សម្លាប់​ ទម្លាក់​ក្នុង​រណ្តៅ​តែមួយ​ រាប់​រយ​ រាប់​ពាន់​នាក់​ក៏ដោយ​។​ ក្រុម​មនុស្ស​ដែល​ពុំ​បាន​រួម​ចំណែក​​​ក្នុង​​ចលនា​រំដោះ​ជាតិ​ រំដោះ​ទឹក​ដី​ មួយ​ចំនួន​តូច​នោះ​ ពួក​គេ​បែរ​ជា​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើការ​រិះគន់​ ជេរ​ប្រមាថ​​ ញុះញង់​ បង្ក​អសន្តិសុខ​សង្គម​ ​យ៉ាង​ងងើល​ និង​អសីលធម៌​ទៅ​វិញ​។​ ពួក​គេ​ភ្លេច​គិត​​ថា​ ការ​ដែល​ពួក​គេ​បាន​ធ្វើ​​​នយោបាយ​ និង​​ធ្វើ​សកម្មភាព​ប្រឆាំង​​នឹង​រាជ​រដ្ឋាភិបាល​​ដោយ​​សេរី​ ក្នុង​ពេល​បច្ចុប្បន្ន​​នេះ​ គឺ​ដោយ​សារ​គុណ​បំណាច់​​នៃ​ថ្ងៃ​ ៧ មករា​ នេះ​ឡើយ៕​​

ដោយ៖ សួន ចំរើន

No comments:

Post a Comment