Wednesday, February 05, 2020

សម្តេចតេជោ ហ៊ុន សែន រីករាយនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីជួបមេដឹកនាំកំពូលៗចិនដែលអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ មិនឲ្យឆ្លងជំងឺកូរ៉ូណាឡើយ

(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិនមកកាន់កម្ពុជាវិញ ក្រោយពេលបញ្ចប់ជំនួបរវាងមេដឹកនាំកំពូលៗរបស់ចិននោះ សម្តេចបានបង្ហោះសារបង្ហាញនូវក្តីរីករាយ និងកក់ក្តៅក្នុងចិត្ត ដែលមេដឹកនាំរបស់ចិន បានអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលនៅទីក្រុងវូហាន មិនឲ្យឆ្លងនូវជំងឺរលាកសួត បង្កដោយវីរុសកូរ៉ណាឡើយ។
ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏នៅតែបង្ហាញនូវអារម្មណ៍សោកស្តាយ ដែលមិនបានជួបជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ដោយផ្ទាល់ ប៉ុន្តែសម្តេចសង្ឃឹមថា នឹងបានជួបនៅពេលខាងមុខ។
សម្តេចតេជោក៏បានណែនាំដល់និស្សិតដែលកំពុងស្នាក់នៅប្រទេសចិន ថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅទីក្រុងប៉េកាំងពេលនេះ ធាតុអាកាសត្រជាក់ធ្លាក់ទឹកកក ប៉ុន្តែសុខភាពខ្ញុំ គឺល្អរឹងមាំ។ នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូចាកចេញពីទីក្រុងប៉េកាំង ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាល។ ខ្ញុំពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំងក្រោយ ពីបានជួបពិភាក្សាការងារជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិន ក្នុងការមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងវូហាន ខេត្ត ហ៊ូប៉ីនេះតែម្តង។ ដូច្នេះសូមក្មួយៗទាំងអស់មានទំនុកចិត្ត ហើយត្រូវមានជំនឿ និងសង្ឃឹមចំពោះវិធានការទប់ស្កាត់ មិនអោយជំងឺឆ្លងនេះរីករាលដាល មកដល់កន្លែងសុវត្ថិភាពរបស់កូនក្មួយ ដែលកំពុងរស់នៅ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ពូសោកស្តាយដែលមិនបានទៅជួប កូនក្មួយដោយផ្ទាល់ ប៉ុន្តែពូសូមអរគុណ កូនក្មួយនិស្សិតនៅវូហានទាំងអស់ ដែលបានផ្ញើសារ និងឃ្លីបវីដេអូសម្តែងនូវការគោរពស្រឡាញ់នឹករឮក និងការព្រួយបារម្ភ ចំពោះសុវត្ថិភាពពូដែលគ្រោង ទៅសួរសុខទុក្ខក្មួយៗនៅទីនោះ។ ទោះបីពេលនេះពូមិនបានទៅ ប៉ុន្តែពូសង្ឃឹមថានឹងបានជួបក្មួយៗ នៅពេលខាងមុខណាមួយមិនខាន។ សូមក្មួយៗថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំ របស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។
សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសសូមចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺឆ្លងកូរ៉ូណានេះផងដែរ»៕















សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

នៅល្ងាចថ្ងៃទី០៥​ កុម្ភៈ​ ដដែលនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញជួបពិភាក្សាជាមួយ​ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន​ នៅទីក្រុងប៉េកាំង​ ប្រទេសចិន។ នៅក្នុងជំនួបនេះដែរ​ ឯកឧត្តម​ ប្រធានាធិបតី បានជម្រាបសម្ដេចថា​ ឯកឧត្ដម​ ពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀតនៅទីក្រុងប៉េកាំង។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។



លោកប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន ឯកឧត្តមពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា សម្តេចពិតជាអរគុណលោកប្រធានាធិបតី ដែលបានទទួលសម្តេចក្នុងពេលវេលាដ៏ខ្លី ហើយសម្តេចបានគូសបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនមាន៣ចំណុច៖ ទី១. បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ, ទី២. ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន និងទី៣. បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រ
ធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មុននេះសម្តេចបានចាប់ដៃ ឯកឧត្តម លី ខឺឈាង បើទោះបីជាឯកឧត្តម ទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។ សម្តេចតេជោ គូសបញ្ជាក់ថា សម្តេចមិនពាក់ម៉ាស់ទេ បើពាក់ម៉ាស់មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀនយោបាយជោគវាសនារួមគ្នា។ សម្តេចតេជោ បានបន្ថែមថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅឯកឧត្តមប្រធានាធិបតីចិនថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភពលោក។ សម្តេចតេជោ បានស្នើរដ្ឋាភិបាលចិន បន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជា ជាពិសេសរោងចក្ររបស់ចិននៅកម្ពុជា ឱ្យបន្តដំណើរការ ដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។
សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យមានការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឯកឧត្តមប្រធានាធិបតីចិន ពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជានៅក្នុងប្រទេសចិន។ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោ បានស្នើឱ្យបង្កើនល្បឿនចរចាទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចិន តែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពាណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា នៅខែមីនា ខាងមុខនេះ សម្តេចនឹងសម្ពោធផ្លូវដែលមានប្រវែងជាង ៣០០គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោមកម្ចីរបស់ចិន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់វិញ សម្តេចបានគូសបញ្ជាក់ដែរថា កន្លងមកនេះ គឺកម្ពុជាបានបិទជាស្ថាពរនូវល្បែងភ្នាល់តាមអនឡាញ ក្នុងគោលដៅពង្រឹងសន្តិសុខ លុបបំបាត់ឧក្រិដ្ឋកម្មមួយចំនួននៅកម្ពុជា ហើយក៏អាចជួយដល់ប្រទេសចិនផងដែរ។ ជាថ្មីម្តងទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធានាធិបតីចិន និងប្រជាពលរដ្ឋចិន ដែលតែងតែគាំទ្រប្រទេសកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ស្មោះត្រង់របស់ប្រជាជនចិន ហើយនឹងបន្តជោគវាសនាតែមួយជាមួយគ្នា។
ឯកឧត្តម ប្រធានាធិបតីចិន បានឆ្លើយតបថា ឯកឧត្តមសូមថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។ លោកប្រធានាធិបតីបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំនេះ ពលរដ្ឋចិនតែងតែជួបនូវឧបសគ្គជាច្រើន ហើយចុងក្រោយនេះពលរដ្ឋចិនមានភាពក្លាហានប្រឈមមុខជាមួយគ្រោះថ្នាក់ដែលមិនអាចចៀសវាងបាន តែក៏អាចដោះស្រាយបញ្ហានោះបាន។
ឯកឧត្តមបន្តថា ក្រោយពេលមេរោគបានផ្ទុះឡើង គណបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំ ហើយក៏បានដាក់ចេញចំណាត់ខ្ពស់ និងម៉ត់ចត់បំផុតលើបញ្ហានេះ និងបានឯកភាពគ្នាដាក់ផលប្រយោជន៍ប្រជាជនចិន ជាអាទិភាពខ្ពស់។
ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និងច្បាស់លាស់ទេ ជំងឺនេះអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។ ឯកឧត្តមប្រធានាធិបតីបន្តថា កន្លងមកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ។ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន បានទទួលការគាំទ្រ និងអបអរសាទរពីអង្គការសុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ។ ឯកឧត្តម ប្រធានាធិបតី បានឱ្យដឹងថា ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅខេត្តហូប៉ី មានប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។ ដោយសារតែមានចំណាត់ការច្បាស់លាស់ និមានប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា ការភ័យខ្លាច គឺជាបញ្ហាដ៏ធំ តាមពិតអត្រាឆ្លងជំងឺនេះ មានកម្រិតទាបបំផុត ធៀបជាមួយជំងឺផ្សេងៗទៀត។ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា តាមការស្រាវជ្រាវជំងឺនេះ អាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឱ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។
ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃថា ជំងឺនេះគ្រាន់តែជាជំងឺមួយស្ថិតក្នុងអន្តរកាលប៉ុណ្ណោះ។ លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ដែរថា កាលពីប៉ុន្មានឆ្នាំមុន ចិន ក៏បានជួបប្រទះជាមួយជំងឺ «សា» ផងដែរ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលចិន មានជំងឺលើសមត្ថភាពក្នុងការដោះស្រាយ និងកម្ចាត់ជំងឺនេះ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងថា លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មាននិស្សិតកម្ពុជាកំពុងនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន នឹងយកចិត្តទុកដាក់លើពលរដ្ឋ និងនិស្សិតចិន ដូចជាប្រជាពលរដ្ឋ និងកូនចៅរបស់ប្រជាពលរដ្ឋចិន។
ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា កម្ពុជា ជាមិត្តស្មោះត្រង់របស់ចិន។ លោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។ ឯកឧត្តមប្រធានាធិបតី ក៏បានអរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពេលណាក៏បាន ហើយលោកប្រធានាធិបតី អាចជួបសម្តេចតេជោច្រើនដង និងញឹកញាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។
ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហាញការសរសើរដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការនេះ។
ឯកឧត្តមប្រធានាធិបតី បានអះអាងថា ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។ លោកប្រធានាស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។ លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។
ជាចុងក្រោយប្រធានាធិបតីចិន បានអញ្ជើញសម្តេចតេជោ ឱ្យបំពេញទស្សនកិច្ចនៅចិនក្នុងពេលសមស្របណាមួយនាពេលក្រោយបន្ថែមទៀត៕












សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន

នៅរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹង​ ឯកឧត្តម លី ខឺ ឈាំង ​(Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។



ក្នុងជំនូបពិភាក្សានោះ ឯកឧត្តម លី ខឺ ឈាំង បានបញ្ជាក់ថា រដ្ឋាភិបាលចិន និងប្រជាជនចិន កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូរ៉ូណា។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន មានជំនឿយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺកូរ៉ូណានេះ ហើយចិននឹងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ប្រជាជនចិន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទស្សនកិច្ចនៅពេលនេះ គឺបានបង្ហាញអំពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំបាកនេះ ពិសេសគឺបង្ហាញអំពីជំនឿចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅប្រទេសចិន។ ទស្សនកិច្ចនៅពេលនេះ ក៏ដើម្បីលុបបំបាត់នៃការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិនក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នឹងចូលរួមសុខរួមទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ។ សម្ដេចតេជោ អរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេសចិន គ្រាដែលរដ្ឋាភិបាលចិន បានចាត់វិធានការមួយចំនួនដើម្បីជួយដល់និស្សិតកម្ពុជា។ សម្ដេចបានបញ្ជាក់ថា អ្វីដែលសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្ដេចបានចាត់ទុកថាបញ្ហាជំងឺកូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ មានអ្នកខ្លះចោទប្រកាន់ថារាជរដ្ឋាភិបាល ថាបានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិនទៅវិញ តែការលើកឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅប្រទេសចិន។ សម្ដេចតេជោមិនអាចរត់ចេញពីអ្វីដែលកំពុងកើតឡើងនេះបានទេ ប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋចិន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏លើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធទៅនឹងសហភាពអឺរ៉ុប ដែលគ្រោងនឹងចេញនូវសេចក្តីសម្រេចរបស់ខ្លួននាពាក់កណ្ដាលខែកុម្ភៈនេះ។ ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ សម្ដេចតេជោបានស្នើឱ្យរដ្ឋាភិបាលចិន ជួយជំរុញ វិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជម្រុញការគៀងគរវិនិយោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន។ សម្ដេចតេជោ បានបញ្ជាក់ជូននាយករដ្ឋមន្ត្រីចិនថា ការបិទល្បែងអនឡាញនៅកម្ពុជាគឺដើម្បីធ្វើយ៉ាងណា ធានាសន្តិសុខជាតិរបស់កម្ពុជា នឹងចូលរួមប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងល្បែងអនឡាញផងដែរ។
ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ចិនយកចិត្តទុកដាក់ខ្លាំងចំពោះទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីចិនធ្វើអ្វីៗដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅទីនោះកុំឲ្យមានការភ័យខ្លាច។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងប្រជាពលរដ្ឋចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគថ្មី ហើយសង្ឃឹមជឿជាក់ថា ចិននឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយនេះប្រកបដោយជោគជ័យ។
ចិននឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន ហើយ ចិននឹងបន្តការគាំទ្រ គៀងគរវិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់៕











សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី អញ្ជើញ​ចាកចេញ​ពីទីក្រុង​សេអ៊ួល សាធារណ​រដ្ឋកូរ៉េ ក្នុងដំណើរឆ្ពោះ​មកកាន់​រដ្ឋធានី ប៉េកាំង​សាធារណ​រដ្ឋប្រជាមានិតចិន

បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ នៃការអញ្ជើញចូលរួមកិច្ច ប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ២០២០ របស់អង្គការ​សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ួល សាធា​រណ​រដ្ឋ​កូរ៉េ រយៈពេល៣ថ្ងៃ ប្រកបដោយល​ទ្ធផល​ដ៏ត្រចះ​ត្រចង់រួ​ចមក​កាលពីវេលាម៉ោង១៤និង៣០ នាទី ម៉ោង​នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើ ដំណើរ​ចាកចេញពីទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ក្នុងដំណើរឆ្ពោះមកកាន់រដ្ឋធានី ប៉េកាំង សាធា​រណរដ្ឋប្រជាមានិតចិន ដើម្បីជួប​សន្ទនាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលចិន ដែល ទាក់ទិនទៅការ​ផ្ទុះឡើងនូវប្រភេទជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ណាវីរ៉ុស នៅទីក្រុងប៉េកាំង​ប្រទេសចិន​។



នៅអាកាសយានដ្ឋានអ​ន្តរជាតិសេអ៊ួល វត្តមាននៃ​ការ​អញ្ជើញ​ជូន​ដំណើរសម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី និងគណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា រួមមាន ឯកឧត្តមអគ្គនាយក​ពិធី​ការ ក្រសូង​ការ​​បរ​ទេសកូរ៉េ ប្រធាន​អង្គការ​សហព័ន្ធសន្តិភាពសកល ប្រចាំអាស៊ីប៉ាស៊ីហ្វីក លោក​ជំទាវ ឃួន សុដារី អនុ​ប្រធាន​រដ្ឋសភា នៃព្រះ​រាជាណាច​ក្រកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ អគ្គរាជទូត​វិសាមញ និងពេញ សមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រម​ទាំងវត្តមាន ឯកឧត្តម លោកជំទាវ ឥស្សរ​ជនជាន់ខ្ពស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងឥស្សរជន​ការទូត របស់​ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋកូរ៉េ ជាច្រើនរូប។
បន្ទាប់ពីបាន​ធ្វើដំណើរចាកចេញពីទិក្រុងសេអ៊ួល ដែលបានចំណាយ​ពេលប្រមាណ ២ម៉ោង​និង​២០នាទី យន្តហោះពិសេស​របស់ព្រះរាជា​ណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើ ការចុះ​ចត​នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៥និង​១៥នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន ត្រូវនិងម៉ោង១៤និង១៥នាទី ម៉ោង នៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
វត្តមាន​នៃការអញ្ជើញដល់​របស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ត្រូវបាន​ការធ្វើ​គារវកិច្ចស្វា​គមន៍យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និងជារដ្ឋមន្រ្តការ​បរទេសចិន លោក​ជំទាវ ខែក កែវម៉ាលី ស៊ីសូដា ឯកអគ្គរាជ​ទូតវិសាមញ និង​ពេញសមត្ថភាព របស់ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណ​រដ្ឋប្រជា​មានិតចិន ព្រម​ទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលចិន និងឥស្ស​រជនការ​ទូត របស់​ព្រះ​រាជា​ណាចក្រកម្ពុជា​ប្រចាំសាធា​រណរដ្ឋប្រជា​មានិត​ចិន ជាច្រើនរូប។
ក្រោមអាកាសធាតុ​ដក ៤អង្សាសេ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំ ណើរ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើការសន្ទនាគ្នា ប្រកប​ដោយ​ភាព​កក់​ក្តៅ ពិសេសទាក់ទិនទៅ និងទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធា​រណ​រដ្ឋប្រជាមានិតចិន ដែលកំពុងមាន​ការរីក​ចម្រើនឥត​ឈាប់ឈរពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។ ឯកឧត្តម វ៉ា យី មានប្រសាសន៍ជំរាប​ជូនសម្តេច​តេជោនាយករដ្ឋមន្រ្តី ពីស្ថានភាព​ក្នុងប្រ​ទេស​ចិន​នា​ពេល​បច្ចុប្បន្ន ពិសេសក្រោយ​ពេល ដែលមានការ​ផ្ទុះឡើង នូវប្រភេទ​ជំងឺផ្លូវ​ដង្ហើម​កូរ៉ណា វីរ៉ុស នៅទី​ក្រុង​វ៉ូហាន ខេត្តហ៊ូប៉ី កាលពីពេលថ្មីៗកន្លងទៅ។ នៅចំពោះមុខ​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី ឯកឧត្តម​ទីប្រឹក្សារដ្ឋ និងជា​រដ្ឋមន្រ្តីការ​បរទេសចិន បានថ្លែងនូវអំណរ​គុណយ៉ាងជ្រាល​ជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ដែលជាឥ​ស្សរជនកំ​ពូល​របស់ពិភពលោក ដែលបាន អញ្ជើញ​មក​កាន់​រដ្ឋធានីប៉េកាំង ស្របពេល ដែលប្រទេស​ចិនកំពុង​រងឥទ្ធិពល នៃការផ្ទុះ​ឡើង​នៃជំងឺ ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីកូរ៉ណា​វីរ៉ុស នៅទីក្រុងវ៉ូហាន ខេត្តហ៊ូប៉ី។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានសំ​ដែង​នូវភា​ពរីករាយក្នុងការឆ្លើយតបទៅ​និងឯកឧត្តមទីប្រឹក្សារដ្ឋ និង​ជារដ្ឋ​មន្រ្តីការ​បរទេសចិន ពីឆន្ទៈ​នៃ​ការគោរពស្រឡាញ់មិត្តភក្តី ដែលជួបប្រទះ​នូវការ​លំបាក់ និងក្តីគោរពស្រឡាញ់ចំពោះប្រជាជនចិន ជាបងប្អូននៃយើង។
សូមបញ្ជាក់ថា នៅរដ្ឋធានីប៉េកាំង សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងជួបសន្ទនា ដោយផ្ទាល់​ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាមានិតចិន មុនពេល​ដែលសម្តេចតេ​ជោអញ្ជើញនិវត្តន៍ មកកាន់ព្រះរាជាណាចក្រ កម្ពុជា នាយប់ថ្ងៃទី៥កុម្ភៈនេះ៕