Wednesday, February 05, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យប្រធានាធិបតីកូរ៉េ គាំទ្រការពង្រឹងការវិនិយោគលើវិស័យកសិកម្ម និងជំរុញការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញទៅកាន់កូរ៉េ

នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិក្សាការងារជាមួយលោក មូន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ក្នុងជំនួ​បនោះ លោក មូន ជេអ៊ីន បានស្វាគមន៍ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរីករាយដែ​លបានជួបជាមួយលោកនៅពេលនេះ។ លោក ក៏បានបួងសួងសូមឲ្យសុខភាពម្ដាយក្មេករបស់លោកនាយករដ្ឋមន្រ្តី បានធូរនឹងជាសះស្បើយឆាប់ខាងមុខនេះ។ លោកប្រធានាធិបតីកូរ៉េ បា​ន​បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន បានដំណើរការទៅដោយជោគជ័យ និងបានអរគុ​ណចំពោះការផ្ដួចផ្ដើមគំនិតនៅ​​ក្នុងការរៀបចំកិច្ចប្រជុំលើកដំបូង ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ​​។ លោក បានគូសបញ្ជាក់ថា យើងបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរប​ស់លោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ចំពោះគំនិតផ្ដួចផ្ដើមនេះ។
ពាក់ព័ន្ធជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លោកប្រធានាធិបតី បានគូសបញ្ជាក់ថា ទំ​នា​ក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតមួយចាស់ទុំ និងបានបញ្ចប់កិច្ចព្រមព្រៀងពាក់ព័​ន្ធ​ជាមួយនឹងការផ្តល់ជំនួយផ្នែកច្បាប់ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។ លោក រីករាយចំពោះដំណើរការនៃទំនាក់ទំន​ងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ។ លោក បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្ដល់ការគាំទ្រយ៉ាងសកម្មចំពោះការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអា​ស៊ី​អឺរ៉ុបនៅកម្ពុជានៅចុងឆ្នាំនេះ។ លោកសង្ឃឹមថា កម្ពុជានឹងគាំទ្រកិច្ចប្រជុំពាក់ព័ន្ធនៃកំណើនសេដ្ឋកិច្ចបៃតងដែលនឹងរៀបចំនៅប្រទេសកូរ៉េនៅចុងឆ្នាំនេះផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណរដ្ឋាភិបាលកូរ៉េដែលបានអ​ញ្ជើញ​លោកមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ពិភពលោកនេះ។ លោក បានបញ្ជាក់ដែរថា ទំ​នា​ក់ទំនងរវាងប្រទេសទាំងពីរបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដែ​លរដ្ឋាភិបាលកូរ៉េបានផ្ដល់ដល់កម្ពុជា។ លោក ក៏បានអរគុណផងដែរចំពោះការយល់របស់ប្រ​ធានាធិបតីកូរ៉េចំពោះអវត្តមានរបស់លោកក្នុងការចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ កាលពីខែវិច្ឆិកា ២០១៩កន្លងទៅនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយទៅជាទំនាក់ទំនងស៊ីជម្រៅ ពេញលេញ ក្រោយពីការបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ និងមានកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសទាំងពីរដែលបានចុះជាមួយគ្នាដើម្បីពង្រឹងទំនាក់ទំន​ង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក ពិតជារីករាយដែលបានឃើញកិច្ចព្រមព្រៀ​​​ងការមិនយកពន្ធត្រួតគ្នាដែលត្រូវបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៩ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកវិនិយោគប្រទេសទាំងពីរក្នុងការបណ្ដាក់ទុនរកស៊ី​។ លោក បានបញ្ជាក់ថា ការកែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោ​គ ហើយលោកសង្ឃឹមថា លោកប្រធានាធិបតី នឹងជួយជំរុញឲ្យអ្នកវិនិយោគិនកូរ៉េបន្តមកដាក់ទុនវិនិយោគនៅកម្ពុជា។ លោក បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ បា​​នបន្តកើនឡើងនៅឆ្នាំ២០១៩ កន្លងទៅ ក្នុងន័យនេះ លោកចង់ឃើញឲ្យមានការនាំចេញផ​លិតផលរបស់កម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ ហើយកម្ពុជាបាននាំស្វាយស្រស់ទៅកាន់ទីផ្សារកូរ៉េ កាលពីដើមឆ្នាំកន្លងទៅ ដែលក្នុងនេះ លោក បានបង្ហាញការត្រេកអរចំពោះការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារកូរ៉េ។ លោកចង់ឃើញការបន្តធ្វើកិច្ចសហប្រតិបត្តិការប​ន្ថែមទៀ​ត​លើវិស័យកសិកម្ម នៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតី ជួយគាំទ្រក្នុងការពង្រឹងការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជំរុញការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញមកកាន់កូរ៉េផងដែរ។ លោក ក៏ស្នើឲ្យកូរ៉េប​ន្តកិច្ចព្រមព្រៀងចាស់ពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រ​ជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងន័យនេះ លោក ចង់ឃើញកិច្ចសហប្រតិបត្តិការរវា​ងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
ពាក់ព័ន្ធជាមួយនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណដ​ល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយក្នុងការផ្ដល់ឥណទានដល់កម្ពុជាជាពិសេសចាប់ពីឆ្នាំ២០១​៩ ដល់២០២០ មានការកើនឡើងពី៣៥០ ទៅ៧០០ លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងជួយក្នុងការតភ្ជាប់នឹងពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាពីខេត្តមួយទៅខេត្តមួយដូចជាផ្លូវជាតិលេខ២២ និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ផងដែរ។
ពាក់ព័ន្ធជាមួយនឹងបញ្ហាធនធានមនុស្ស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលកូរ៉េដែលបានផ្ដល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា។ លោកអរគុណដល់កូរ៉េដែ​លបានផ្ដល់ការគាំទ្រចំពោះពលករកម្ពុជានៅធ្វើការនៅកូរ៉េ។ លោក ក៏បានស្នើឱ្យមានជំរុញកិ​ច្ចព្រមព្រៀងពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មក្នុងការបន្តពង្រឹង និងពង្រីកវិស័យពាណិជ្ជកម្មរ​វា​ងប្រទេសទាំងពីរឲ្យកាន់តែធំថែមទៀត។ លោក ក៏ចង់ឃើញសាធារណរដ្ឋកូរ៉េជួយសាងសង់ស្ពានដែលធ្វើឡើងដោយសាធារណរដ្ឋកូរ៉ ជាពិសេសស្ពានឆ្លងកាត់ទន្លេមេគង្គ ត្បិតបច្ចុ​ប្បន្នកម្ពុជា មានស្ពានមិត្តភាពកម្ពុជា ចិន ស្ពានមិត្តភាពកម្ពុជា ជប៉ុន។ លោក បានស្នើឲ្យរដ្ឋាភិបាលកូរ៉េ ពិចារណាក្នុងការជួយការកសាងស្ពាននៅពេលខាងមុខផងដែរ។
លោកប្រធានាធិបតី បានបញ្ជាក់ថា លោកពិតជារីករាយដែលកូរ៉េបានបង្កើតមជ្ឈមណ្ឌលកសិ​កម្មនៅកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋកូរ៉េកាន់តែរីករាយជាមួយនឹងផលិតផលផ្លែស្វាយពីប្រទេសក​ម្ពុ​ជា និងទិន្នផលផលិតផលផ្សេងទៀតពីកម្ពុជាផងដែរ។ លោក បានបញ្ជាក់ផងដែរថា ភាគីទាំ​ងពីរមានឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជាបន្ថែមទៀត។ លោក បានបញ្ជាក់ថា នឹងខិតខំជំរុញឲ្យវិនិយោគិន និងក្រុមហ៊ុនកូរ៉េមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើននិងការចាប់យកឱកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាផងដែរ។
លោកប្រធានាធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់គោលការណ៍៣ របស់រដ្ឋាភិបាលកូរ៉េ ជាពិសេសក្នុងការធ្វើយ៉ាងណា ប្រែក្លាយជាឧបទ្វីបកូរ៉េ ទៅជាឧបទ្វីប ដែ​លមានសន្តិភាព ហើយសង្ឃឹមថា វឌ្ឍនភាពនៃឧបទ្វីបកូរ៉េនឹងបន្តដំណើរការទៅមុខទៀត។ កូរ៉េនឹងរៀបចំនូវកិច្ចប្រជុំកំពូលស្តីពីកំណើនបៃតងនៅចុងឆ្នាំ២០២០។ ពាក់ព័ន្ធជាមួយបញ្ហាពលករ រដ្ឋាភិបាលកូរ៉េ អរគុណដល់កម្ពុជា ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េ និងបន្តការយកចិត្តទុកដាក់ចំពោះពលកររបស់កម្ពុជា។ ពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍ ភាគីទាំងពីរបានជំរុញអនុវត្តទៅលើអនុស្សារណៈដែលបានចុះកាលពីឆ្នាំ២០០៦ និងបញ្ជាក់ថាយើងនឹងបន្តធ្វើការជាមួយគ្នាបន្ថែមទៀតនៅពេលខាងមុខ៕




No comments:

Post a Comment