Thursday, March 31, 2022

វិភាគអន្តរជាតិ៖ នៅក្រោយសង្រ្គាមអ៊ុយក្រែន, រុស្ស៊ីនឹងកាន់តែបែរមករកអាស៊ី


(វ៉ាស៊ីនតោន)៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនហាក់ដូចជាមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់នោះទេ បើទោះជារុស្ស៊ីបានសន្យាកាត់បន្ថយ សកម្មភាពយោធារបស់ខ្លួនដើម្បីបង្កើនទំនុកចិត្ត និងសម្រួលដល់កិច្ចចរចាសន្តិភាពជាមួយទីក្រុងកៀវក៏ដោយ។ ខណៈសង្រ្គាមនៅតែបន្ត អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏កាន់តែបង្កើនការដាក់សម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលនេះបាន និងកំពុងរុញឱ្យទំនាក់ទំនង រវាងរុស្ស៊ី និងលោកខាងលិចកាន់តែជិតដើរដល់ផ្លូវបំបែក ពិបាកនឹងបកក្រោយមកវិញ បើទោះជាសង្រ្គាមអ៊ុយក្រែនបិទបញ្ចប់ក៏ដោយ។


ដោយសារតែសង្រ្គាមអ៊ុយក្រែន ប្រទេសអឺរ៉ុបរួមមានទាំងអាល្លឺម៉ង់បានចាប់ផ្ដើមពិចារណា និងសន្យាដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗរបស់ខ្លួន ក្នុងការកាត់បន្ថយការពឹងផ្អែកលើការទិញថាមពលពីមូស្គូ ដើម្បីកុំឱ្យវិមានក្រឹមឡាំងយកវាមកប្រើជាអាវុធគំរាមពួកគេទៅថ្ងៃក្រោយ។ ប៉ុន្តែបើតាម ក្រុមអ្នកជំនាញ ក្នុងរយៈពេលខ្លី ឬមធ្យម អឺរ៉ុបមិនអាចរកអ្នកផ្គត់ផ្គង់ឧស្ម័នជំនួសរុស្ស៊ីបានឡើយ រីឯរុស្ស៊ីវិញ ក៏ដឹងច្បាស់ដែរថាអំណេះតទៅ ខ្លួនមិន អាចផ្តោតតែទៅលើការនាំចេញថាមពលទៅកាន់តែទីផ្សារអឺរ៉ុបនោះទេ ដោយមូស្គូត្រូវ «ធ្វើពិពិធកម្មទីផ្សារ» របស់ខ្លួន ហើយទីផ្សារមួយដ៏មាន សក្ដានុពលនោះគឺ «តំបន់អាស៊ី» តែម្ដង។


មែនទែនទៅ រុស្ស៊ីបានងាកមកផ្តោតខ្លាំងលើតំបន់អាស៊ី ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះរួចស្រេចទៅហើយ ពោលគឺទោះជាមិនមានសង្រ្គាម នៅអ៊ុយក្រែន ក៏រុស្ស៊ីនៅតែបែរមករកទីផ្សារអាស៊ីដែរ។ បច្ចុប្បន្ន រុស្ស៊ីបានប្រកាសដកខ្លួនចេញពី «ក្រុមប្រឹក្សាអឺរ៉ុប» ក្រោយពេលអឺរ៉ុបចូលរួមជាមួយ អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងខ្លួន។ តែគួរឱ្យភ្ញាក់ផ្អើល នៅឯការបោះឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិ គេសង្កេតឃើញថា ប្រទេសអាស៊ីភាគច្រើន, មជ្ឈិមបូព៌ា និងនៅអាហ្រ្វិកមិនបានថ្កោលទោស ឬចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ីនោះឡើយ ស្របពេលជប៉ុន និងអូស្ត្រាលី បានថ្កោលទោស និងចូលរួមក្នុងការដាក់ទណ្ឌកម្ម។


ផ្ទុយទៅវិញ មហាយក្សអាស៊ីដូចជា ចិន និងឥណ្ឌា បានបោះឆ្នោតអនុបវាទដោយមិនថ្កោលទោស ហើយក៏មិនដាក់ទណ្ឌកម្មលើរុស្ស៊ីដែរ។ ចិន និងឥណ្ឌា គឺជាសត្រូវជម្លោះព្រំដែននឹងគ្នា ហើយការមានជំហរដូចគ្នានេះមិនមែនមានន័យថាពួកគេត្រូវរ៉ូវគ្នានោះទេ តែគឺដោយសារមាន​ផលប្រយោជន៍ និងហេតុផលផ្ទាល់ខ្លួនដែលត្រូវធ្វើដូច្នេះ។


ក្រៅតែពីទំនាក់ទំនងយោធា, ចិន និងឥណ្ឌា គឺសុទ្ធសឹងតែត្រូវការប្រេង និងឧស្ម័នពីរុស្ស៊ី ហើយគួបផ្សំរុស្ស៊ីកំពុងជាប់ទណ្ឌកម្ម ប្រទេសទាំង២ នេះអាចនឹងចាប់យកឱកាសទិញប្រេង ឬឧស្ម័នពីរុស្ស៊ីក្នុងតម្លៃថោក ក្រោមការលក់បញ្ចុះតម្លៃ។ ដោយឡែក សូម្បីតែថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ក៏បានបដិសេធលើកការហៅទូរស័ព្ទជាមួយលោក ចូ បៃដិនដែរ តែបែរជាបានពិភាក្សាគ្នាជាច្រើនលើក ជាមួយលោក ពូទីន ជុំវិញការកំណត់តម្លៃនាំចេញប្រេងទៅកាន់ប្រទេសចិន ដោយគិតជាប្រាក់យ័នទៀតផង។


នៅមុនរុស្ស៊ីសម្រេចចិត្តឈ្លានពានអ៊ុយក្រែន, ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ីបានកើនឡើងរួចទៅហើយ ដូច្នេះនៅក្នុងបរិបទដែលអឺរ៉ុប កំពុងបង្កើនការដាក់សម្ពាធ និងទណ្ឌកម្ម ហើយលុយរូប្លិ៍របស់រុស្ស៊ីលែងត្រូវបានទទួលស្វាគមន៍ដោយប្រទេសលោកខាងលិច វានឹងកាន់តែធ្វើឱ្យរុស្ស៊ី ពង្រឹងការធ្វើសមារណកម្មជាមួយអាស៊ី ជាពិសេសគឺបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយចិន។ តែព្រមពេលជាមួយគ្នា រុស្ស៊ីនឹងកាន់តែ ពឹងផ្អែកលើទីផ្សារចិនរឹតតែខ្លាំង ហើយក្នុងនោះទៀតសោត ប្រព័ន្ធទូទាត់ថវិកាចិន UnionPay ATM រួមទាំងការធ្វើសមាហរណកម្មនៃប្រព័ន្ធទូទាត់ អន្តរធនាគារ Chinese Cross-Border Interbank Payment System ក៏នឹងកាន់តែត្រូវបានពន្លឿនផងដែរ។


បើនិយាយពីវិស័យថាមពលវិញ, រុស្ស៊ីបានបង្កើនការនាំចេញថាមពលទៅកាន់ប្រទេសចិន ចាប់តាំងពីការក្រសោបយកតំបន់គ្រមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ មកម្ល៉េះ និងបានឯកភាពលើការសាងសង់បំពង់បង្ហូរឧស្ម័នដោយផ្ទាល់ឆ្ពោះទៅកាន់ប្រទេសចិន ហើយខណៈអាល្លឺម៉ង់ផ្អាកគម្រោង បំពង់ឧស្ម័ន Nord Stream 2 ផងនោះ មូស្គូនឹងពន្លឿនការបញ្ចប់ការសាងសង់បំពង់ឧស្ម័នជាមួយចិនដែលទើបតែបានព្រមព្រៀងបង្កើនការទិញ ប្រេងពីក្រុមហ៊ុនរុស្ស៊ី Rosneft។


គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការបង្កើនទំនាក់ទំនងពាណិជកម្មទ្វេភាគីជាមួយចិន នឹងក្លាយជាការត្រួសត្រាយផ្លូវមួយសម្រាប់រុស្ស៊ីក្នុងការធ្វើ សមាហរណកម្មជាមួយអាស៊ី។ តែទោះជាបែបនេះក្ដី ប្រជាជនរុស្ស៊ីប្រហែលជានឹងនៅតែចាត់ទុកខ្លួនជាមហាអំណាចអឺរ៉ុប គ្រាន់តែរដ្ឋរបស់ពួកគេ នឹងដើរតួនាទីដូចជាមហាអំណាចអាស៊ីដែរ ហើយភូមិសាស្ត្ររបស់ពួកគេនឹងកាន់តែមានទំនាក់ទំនងខ្លាំងជាមួយអនាគតអាស៊ី៕


ប្រភព៖ Foreign Policy (ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News



បទវិភាគ ៖ អតីតបុគ្គលិកណាហ្កាវើលទាំង១១រូបដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មិនអនុវត្តតាមការសន្យាក្នុងចេតនាបង្ករឿងឲ្យកាន់តែធំ និងស្មុគស្មាញ (Video)

 

បទវិភាគ "អតីតបុគ្គលិកណាហ្កាវើលទាំង១១រូបដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មិនអនុវត្តតាមការសន្យាក្នុងចេតនាបង្ករឿងឲ្យកាន់តែធំ និងស្មុគស្មាញ"

វិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៏ និងក្រុមហ៊ុនណាហ្កាវើលដ៏ នៅមិនទាន់បានបិទបញ្ចប់នៅឡើយ គឺចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នទោះបីជាមានការព្យាយាមដោះស្រាយតាមនីតិវិធីពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ក៏ដោយ។ វិវាទការងារដ៏រាំរ៉ៃនេះចេះតែឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃរហូតឈានដល់ការចាប់ខ្លួនមេដឹកនាំបាតុករចំនួន១១នាក់ដោយរាប់ពីចុងខែធ្នូ ឆ្នាំ២០២១មក ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។


សកម្មភាពបាតុកម្ម ដែលបាតុករហៅខ្លួនឯងថាជាកូដករនោះគឺបានឆ្លងផុតបន្ទាត់ក្រហមទៅជាអំពើល្មើសនឹងច្បាប់រួចស្រេចទៅហើយ នេះក៏ជាមូលហេតុដែលនាំឲ្យមានការចាប់ខ្លួនផងដែរ។ សកម្មភាពល្មើសច្បាប់មានជាអាថ៌៖ 

 ទី១.សកម្មភាពតវ៉ានេះមិនមែនជាកូដកម្មនោះទេ ព្រោះតាមន័យច្បាប់ កូដកម្មគឺការតវ៉ារបស់បុគ្គលិកមួយក្រុមដែលព្រមព្រៀងគ្នាតវ៉ាក្នុងសហគ្រាស រឺក្រុមហ៊ុនដែលខ្លួនកំពុងបំពេញការងារ តែជាក់ស្តែងការតវ៉ារបស់អតីតបុគ្គលិកណាហ្កាវើលគឺធ្វើនៅតាមទីសាធារណៈ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ។


 ទី២ បាតុកម្មខុសបានវិវត្តខ្លួនរហូតមានការប្រើវោហាសាសន៍វាយប្រហារ ប្រមាថមកលើអាជ្ញាធរ ញុះញង់ឲ្យបាតុករចូលរួមកាន់តែមានកំហឹង។

ទី៣ បាតុកម្មនេះមានការរៀបចំយុទ្ធសាស្ត្រទុកជាមុនដើម្បីប្រឆាំងនឹងអាជ្ញាធរ រួមមានការរុញឲ្យស្រ្តីមានផ្ទៃពោះ និងកុមារឲ្យមកនៅជួរមុខប្រឈមនឹងអាជ្ញាធរ ការប្រកាសរបស់មេបាតុករចង់ឲ្យសមត្ថកិច្ចចាប់ខ្លួន។

ទី៤ ការរៀបចំផែនការបិទផ្លូវចូលអគារឯកជនរំខានដល់អាជីវកម្ម មិនឲ្យបុគ្គលិកផ្សេងទៀតចូលធ្វើការងារ ជាពិសេសគម្រោងរំខានដល់ប្រជាពលរដ្ឋដែលកំពុងអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកលក្នុងខែធ្នូឆ្នាំ២០២១។

ទី៥ ការល្មើសនឹងវិធានសុខាភិបាលដោយមិនសហការយកសំណាកជំងឺកូវីដ19


រហូតមកដល់ថ្ងៃទី១២ និងទី១៥ ខែមិនាឆ្នាំ២០២១ អតីតបុគ្គលិកណាហ្កាវើលមួយចំនួន ដែលកំពុងឃុំខ្លួន បានសរសេរលិខិតមករដ្ឋមន្ត្រីក្រសួងការងារដោយសន្យា និងអំពាវនាវថា៖

-បុគ្គលិក និងកម្មករដែលកំពុងធ្វើបាតុកម្មមិនទាន់ចូលធ្វើការងារវិញ សូមចូលធ្វើការងារទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍នៅកន្លែងធ្វើការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

-ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្កាវើលដ៏បានបញ្ឈប់ សូមនៅផ្ទះរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយាកាសឲ្យយើងខ្ញុំចរចាជាមួយក្រុមហ៊ុនណាហ្កាវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនបងប្អូន។

-ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយនិងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករដែលក្រុមហ៊ុនណាហ្កាវើលបានបញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារសូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឲ្យពួកយើងខ្ញុំបាននៅក្រៅឃុំជាបណ្តោះអាសន្នចូលរួមទៅដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសន្យាថាសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តឲ្យបានម៉ឹងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនប្រមូលផ្តុំការតវ៉ា រឺដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិឡើយ។


បន្ទាប់ពីមានការសន្យាជាលាយលក្ខណ៍អក្សរ និងផ្តិតមេដៃខាងលើ នៅថ្ងៃទី១៦មិនា ឆ្នាំ២០២២ អតីតបុគ្គលិកណាហ្កាវើលដ៏មួយចំនួនដែលបានឃុំខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីឲ្យពួកគេធ្វើតាមការសន្យាដើម្បីបញ្ចប់វិវាទការងារដ៏រាំរ៉ៃរវាងក្រុមហ៊ុនណាហ្កាវើលដ៏ និងអតីតបុគ្គលិកដែលតវ៉ាទាំងអស់។ 


ជាលទ្ធផល មិនបានដូចការគិតទុករបស់អាជ្ញាធរក្នុងចេតនាដោះស្រាយវិវាទការងារនេះទេ មេដឹកនាំសហជីពដែលបានដោះលែងឲ្យនៅក្រៅឃុំទាំងនោះមិនបានចូលខ្លួនមកដោះស្រាយតាមការអញ្ជើញជាបន្តបន្ទាប់របស់អាជ្ញាធរនោះឡើយ ជាងនេះទៅទៀតមេសហជីពទាំងនោះថែមទាំងប្រមូលគ្នីគ្នាធ្វើបាតុកម្មដដែល បើទោះជាមានការហាមធ្វើបាតុកម្មពីរដ្ឋបាលរាជធានីភ្នំពេញក៏ដោយ។ 


ក្រោយបានដោះលែងឲ្យនៅក្រៅឃុំ មេដឹកនាំសហជីពទាំងនោះបានញុះញង់បំភិតបំភ័យបុគ្គលិកដែលកំពុងនៅធ្វើការងារដោយផ្សព្វផ្សាយព័ត៌មានមិនពិតថា នឹងមានការបញ្ឈប់បុគ្គលិកជាង៦០០នាក់បន្ថែមទៀត។ នៅក្នុងចេតនាបង្ករឿងឲ្យកាន់តែស្មុកស្មាញ មេសហជីពដែលទទួលការបណ្តុះបណ្តាលពីក្រៅប្រទេសទាំងនេះបានបន្ថែមលក្ខខណ្ឌដែលក្រុមហ៊ុនណាហ្កាវើលដ៏មិនអាចទទួលយកបាន គឺការទាមទារឲ្យបុគ្គលិកជាង២០០នាក់ដែលក្រុមហ៊ុនបញ្ឈប់ចូលធ្វើការងារវិញ ជាថ្នូរនឹងបុគ្គលិក៣០០នាក់កំពុងធ្វើការងារនឹងឈប់។


នៅក្នុងវិវាទការងារបែបនេះ បើនិយាយឲ្យសាមញ្ញ បើថៅកែមិនពេញចិត្តបុគ្គលិកណាម្នាក់ ថៅកែមានសិទ្ធិបញ្ឈប់ដោយមិនបាច់ជូនដំណឹងជាមុនដោយគ្រាន់តែបង់លុយអត្ថប្រយោជន៍ផ្សាងៗដែលច្បាប់កំណត់បូករួមនិងប្រាក់ខែ។ បុគ្គលិកដែលថៅកែដេញចេញពីការងារគ្មានសិទ្ធិដាក់លក្ខខណ្ឌទៅថៅកែវិញនោះទេ។ ដូចគ្នាដែរក្នុងករណីវិវាទការងារក្រមហ៊ុនណាហ្កាវើលដ៍នេះ សហជីព ឬបុគ្គលិកក្រុមហ៊ុនគ្មាន សិទ្ធិ ឬអភ័យឯកសិទ្ធិទៅដាក់លក្ខខណ្ឌជាមួយថៅកែក្រុមហ៊ុននោះទេ។


ដោយ យ៉ង វិសេស មន្ត្រីអង្គការក្រៅរដ្ឋាភិបាល



លិខិតរបស់មន្ត្រីសហជីព៖ ហេតុអ្វីអតីតបុគ្គលិក NAGAWORLD ១១នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន?

គិតចាប់ពីខែមិថុនា ឆ្នាំ២០២១ រហូតដល់បច្ចប្បន្ននេះ គឺជិតមួយឆ្នាំហើយដែលក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន NAGAWORLD នៅតែបន្តដឹកនាំធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌការងារផ្សេងៗពីក្រុមហ៊ុន។ បើតាមព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់កន្លងមកនេះបង្ហាញថា ការដោះស្រាយវិវាទការងារដែលកើតចេញពីការកាត់បន្ថយបុគ្គលិកចំនួនជាង១៣០០នាក់ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច បានជួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ និងព្យាយាមផ្សះផ្សារភាគីទាំងពីរសរុប ៩លើករួចមកហើយ បន្ថែមពីលើនេះក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានចេញសេចក្តីសម្រេច ផងដែរក៏ប៉ុន្តែក្រុមបាតុករនៅតែមិនព្រមទទួលយកដំណោះស្រាយតាមផ្លូវច្បាប់ គឺយកបាតុកម្មជាត្រីមុខ រហូតដល់មានការចាប់ខ្លួន និងដោះលែងជាបណ្តោះអាសន្ន មេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមរបស់ពួកគេសរុប ១១នាក់ ជាមួយលក្ខខណ្ឌដែលពួកគេបានធ្វើកិច្ចសន្យាដើម្បីចូលរួមដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុន NAGAWORLD ដើម្បីបញ្ចប់ជម្លោះ។ 


បើបញ្ហាវិវាទការងារនេះបានកើតឡើងដោយសារការកាត់បន្ថយបុគ្គលិកជាង ១៣០០នាក់ តើបុគ្គលិកក្រុមហ៊ុន NAGAWORLD ទាំងនោះមានជំហរយ៉ាងណារហូតដល់បច្ចុប្បន្ននេះ? នៅថ្ងៃក្រុមហ៊ុនរំសាយបុគ្គលិក គឺបុគ្គលិកភាគច្រើនមិនតវ៉ាអ្វីឡើយ ដោយយល់ព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ដោយមើលឃើញថាក្រុមហ៊ុនពិតជាជួបវិបត្តិគ្មានភ្ញៀវ ដោយសារជំងឺកូវីដ១៩ មែន គឺមានតែអតីតបុគ្គលិកចំនួនជាង ៣០០នាក់ប៉ុណ្ណោះដែលធ្វើបាតុកម្មតវ៉ានៅមុខក្រុមហ៊ុន ហើយបន្ទាប់ពីមានការទទួលយកសំណងជាបន្តបន្ទាប់ គឺចំនួនបាតុករបានថយចុះ ដែលចំនួនចុងក្រោយថ្មីៗនេះគឺនៅសល់ប្រមាណតែជាង ២០០នាក់ប៉ុណ្ណោះដែលនៅបន្តធ្វើបាតុកម្ម។ អ្នកតវ៉ា ២០០នាក់នេះក៏ក្រុមហ៊ុនបានផ្ញើប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារចូលក្នុងកុងធនាគាររបស់ពួកគេរួចរាល់ផងដែរ។

 

និយាយពីអតីតបុគ្គលិកដែលបានធ្វើបាតុកម្មតវ៉ាចំនួនជាង ៣០០នាក់នោះវិញ ឃើញថាចាប់ពីថ្ងៃដំបូងនៃការតវ៉ា គឺចាប់ផ្តើមពីការឈរស្រែកកាន់បដានៅមុខក្រុមហ៊ុន រហូតដល់បិទផ្លូវដឹកទំនិញចេញចូលរបស់ក្រុមហ៊ុន រារាំងបុគ្គលិកដែលនៅសេសសល់ជាង ៦ពាន់នាក់មិនឱ្យចូលធ្វើការ និងរារាំងអតិថិជនក្រុមហ៊ុន។ ដោយសារក្រុមហ៊ុនមានសិទ្ធិក្នុងការកាត់បន្ថយបុគ្គលិកស្របតាមច្បាប់ មិនអាចបំពេញលក្ខខណ្ឌរបស់បុគ្គលិកដែលទាមទារឱ្យពួកគេចូលធ្វើការវិញនោះ ក្រុមបាតុករបានបង្កើនសកម្មភាពតវ៉ារបស់ខ្លួន ដោយនាំគ្នាស្រែកវាយប្រហារប្រមាថលើសមត្ថកិច្ច ប្រើប្រាស់ស្ត្រីមានផ្ទៃពោះ និងកុមារឈរនៅជួរមុខបាតុកម្ម ហើយមេបាតុករបានប្រកាសត្រៀមខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទៀតផង។ ក្នុងយប់ថ្ងៃឆ្លងឆ្នាំសាកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ជាពេលដែលប្រជាពលរដ្ឋខ្មែរទៅដើរលេងកំសាន្តនៅតំបន់នោះ ពួកគេកាន់តែពង្រីកសកម្មភាពតវ៉ាឱ្យកាន់តែធំថែមទៀត។


ការតវ៉ានេះក្លាយជាការបាតុកម្មខុសច្បាប់ នៅពេលដែលភាគីទាំងសងខាងចូលខ្លួនទៅចរចារជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយក្នុងអំឡុងពេលនោះច្បាប់មិនអនុញ្ញាតិឱ្យមានការតវ៉ាតាមទីធ្លាសាធារណៈទៀតឡើយ គឺរង់ចាំដំណោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តុលាការក៏បានសម្រេចហាមឃាត់ការធ្វើបាតុកម្មរបស់កម្មករនយោជិតទាំងនោះផងដែរ ដោយបានកំណត់ថា កម្មករនយោជិតដែលបន្តធ្វើបាតុកម្មផ្ទុយនឹងខ្លឹមសារនៃសេចក្តីសម្រេចនេះ ត្រូវកំណត់ថាជាបាតុកម្មខុសច្បាប់ និងត្រូវចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មតវ៉ាដដែល។ 


សមត្ថកិច្ចថែមទាំងបានយកដីការសម្រេចស្តីពីការហាមឃាត់ការធ្វើបាតុកម្ម ទៅអានបញ្ជាក់ជូនដល់មុខក្រុមបាតុករ ហើយមេដឹកនាំក៏បានចុះហត្ថលេខាទទួលដីកាសម្រេចនោះផងដែរ ក៏ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មខុសច្បាប់ដដែល។ ដោយការពិនិត្យផ្លូវច្បាប់យ៉ាងល្អិតល្អន់ បូករួមនឹងភ័ស្តុតាងជាក់ស្តែងមានគ្រប់គ្រាន់ បាតុករមួយចំនួនត្រូវបានចាប់ខ្លួន ហើយនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចក៏បានចាត់វិធានការតាមច្បាប់ចំពោះមេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមរបស់ពួកគេ ដោយត្រូវបានសាលាដំបូងរាជាធានីភ្នំពេញ សម្រេចឃុំខ្លួន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ 


ចុះហេតុអ្វីបានជាតុលាការ សម្រេចដោះលែងមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ទាំង ១១នាក់ ដែលជាអតីតបុគ្គលិកក្រុមហ៊ុន NAGAWORLD ដាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទៅវិញ?


បន្ទាប់ពីការចាប់ខ្លួនក្រុមមេដឹកនាំបាតុកម្មខុសច្បាប់ហើយ ដើម្បីបើកច្រកដល់ការដោះស្រាយបញ្ចប់វិវាទការងារនូវក្នុងក្រុមហ៊ុន NAGAWORLD និងដោយមើលឃើញពីឆន្ទៈរបស់មេសហជីពមានចេតនាចង់សម្របសម្រួលដោះស្រាយបញ្ហា ដោយបានធ្វើកិច្ចសន្យាបញ្ជាក់ផង ទើបតុលាការបានសម្រេចដោះលែងបុគ្គលទាំងនោះជាបណ្តោះអាសន្ន។ ក្នុងកិច្ចសន្យាធ្វើឡើងនៅថ្ងៃទី១២ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយមានស្នាមមេដៃមេសហជីពឈ្មោះ ឈឹម ស៊ីថរ និងក្រុមខ្លួនដទៃទៀត មួយច្បាប់ម្នាក់ បានសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសក្រសួងការងារ មេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឱ្យនាង និងក្រុមរបស់នាង បាននៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីធ្វើជាប្រតិភូតំណាងបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយបញ្ហាដែលនោះសេសសល់ទាំងនោះ ដោយមានខ្លឹមសារថា៖

•  មិនធ្វើការប្រមូលផ្តុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិទៀតឡើយ

•  អំពាវនាវដល់បុគ្គលិកដែលក្រុមហ៊ុនមិនបានកាត់បន្ថយ ហើយកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការវិញទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

•  ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ដើម្បីបង្កបរិយាកាសសម្រាប់យើងខ្ញុំចរចារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។


ប៉ុន្តែជាការគួរឱ្យសោកស្តាយបន្ទាប់ពីតុលាការសម្រេចឱ្យមានការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃទី១៦ ខែមីនា បែជាមេសហជីពមិនគោរពតាមកិច្ចសន្យា ដោយអះអាងតាមបណ្តាសាព័ត៌មានក្រៅស្រុកថា ពួកគេមិនចូលតុចរចាដើម្បីរកដំណោះស្រាយវិវាទទេ ដរាបណាតុលាការមិនដោះលែងសមាជិកសហជីព ៣នាក់ទៀត ហើយក្រុមនេះនៅតែចិញ្ចឹមចិត្តញុះញង់កម្មករដែលនៅសេសសល់ប្រមាណ ១០០ ទៅ ២០០នាក់ ឱ្យបន្តធ្វើបាតុកម្មអណាធិបតេយ្យខុសច្បាប់ដដែល ជាមួយនឹងការទាមទារលក្ខខណ្ឌដែលខុសពីគោលការណ៍ច្បាប់ និងមិនអាចទទួលយកបានពីសំណាក់ភាគីក្រុមហ៊ុន ជាពិសេសគឺសកម្មភាពរបស់ពួកគេបានប្រាស់ចាកពីកិច្ចសន្យាទាំងស្រុង ដែលបានធានាអះអាងជូនទៅតុលាការដើម្បីសុំសិទ្ធិនៅក្រៅឃុំជាបណ្តោះអាសន្ន។


ការទាមទារលក្ខខណ្ឌថ្មីៗជាបន្តបន្ទាប់ ក្រោយចេញពីពន្ធនាគារបែបនេះ នឹងមិនអាចដោះស្រាយបញ្ហាបានទេ ផ្ទុយទៅវិញវាគឺជាការដុតកំដៅបញ្ហាឱ្យឆេះក្តៅឡើងវិញ។ បញ្ហាវិវាទការងារក្រុមហ៊ុន NAGAWORLD នេះគប្បីមានការយោគយល់គ្នា ដោយសុច្ចរិតពីគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ។ ប្រសិនជាមេដឹកនាំសហជីពគោរពទៅតាមកិច្ចសន្យារបស់ពួកគេខាងលើ បូកជាមួយការយល់ព្រមដោះស្រាយជាបន្តបន្ទាប់ពីក្រុមហ៊ុន NAGAWORLD ដោយការសម្របសម្រួលពីក្រុមប្រឹក្សាអាជ្ញាកណ្តាល យើងរំពឹងថាវិវាទក្នុងក្រុមហ៊ុននេះ នឹងដោះស្រាយដោយរលូន មិនមានភាពអាណាធិបតេយ្យដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែយើងបានមើលឃើញថាឬសគល់ដែលនាំឱ្យមានដល់សព្វថ្ងៃនេះ គឺការបំពានកិច្ចសន្យាពីសំណាក់ក្រុមបាតុករ និងការមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលពីសំណាក់ក្រុមបាតុករខុសច្បាប់៕


ដោយ៖ លោក ជុំ សុភ័គ មន្ត្រីសហជីព



វីដេអូ÷ ទស្សនៈមិត្តអ្នកអាន÷ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ដែលឈានដល់ការបញ្ចប់ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍

 

ផ្សាយបន្តផ្ទាល់៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

 

សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ ត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។



ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖

* ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។

* ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

* ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។

គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង ២លាននាក់។ របាយការណ៍ ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានជាង ២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង ៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ ២លានគ្រឿង។

កំណើនយានយន្ត កំណើនចរាចរណ៍នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាដើមនៅចំណុចប្រសព្វ ដែលមានការកកស្ទះចរាចរណ៍ខ្លាំង។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាសស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។

តាមរយៈស្ពានអាកាស និងផ្លូវក្រោមដី បានជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងថវិកាផងដែរ។ សមិទ្ធផលទាំងអស់នេះ បានបង្ហាញនូវការប្តេជ្ញាចិត្តមុតមាំ ការប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហារស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេសជាតិ៕