Tuesday, April 04, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ថ្ងៃទី០៤ មេសា ជាថ្ងៃចាប់ផ្តើមផ្លាស់ប្តូរជីវភាពពីជនស៊ីវិល ទៅជាអ្នកចូលរួមរំដោះជាតិ

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០៤ មេសា ជាថ្ងៃចាប់ផ្តើមផ្លាស់ប្តូរជីវភាពពីជនស៊ីវិល ទៅជាអ្នកចូលរួមរំដោះជាតិ។ លោក បាន​ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំ​ណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែល​ទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី០៤ ខែ​មេសា ពុំមែនជាថ្ងៃកំណើតពិតប្រាកដរបស់លោកទេ តែជាថ្ងៃនៃការចាប់ផ្តើមផ្លាស់ប្តូរជីវភាព ពីជនស៊ីវិលទៅកាន់ក្របខណ្ឌជាអ្នកចូលរួមរំដោះជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ដែលបង្កើតឡើងនូវសង្រ្គាម និងការឈ្លានពានរបស់បរទេស។ នៅថ្ងៃទី០៤ នេះ យុវជនប្រមាណ៣០០នាក់ បានចូលទៅក្នុងព្រៃម៉ាក់គី ពេលដែលមាន​ការ​ចុះ​ឈ្មោះនោះ គេសួរថា កើតនៅថ្ងៃអី ខែអី ដោយសារមិនដឹងថ្ងៃខែកើត ទើបលោកនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន យកថ្ងៃចុះឈ្មោះចូលព្រៃម៉ាក់គីគឺថ្ងៃទី០៤ ខែ០៤ ឆ្នាំ១៩៧០ ហើយយក​ថ្ងៃទី០៤ ខែ០៤ ឆ្នាំ១៩៥២ ធ្វើជាថ្ងៃកំណើត៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពហុកីឡដ្ឋានជាតិថ្មីមួយនេះ គឺដើម្បីត្រៀមទុកជាកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពហុកីឡ​ដ្ឋានជាតិថ្មីមួយនេះ គឺដើម្បីត្រៀមទុកជាកន្លែងប្រកួតកីឡាស៊ីហ្គេម (SEA GAMES) នៅឆ្នាំ ២០២៣។ លោក បាន​ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំ​ណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែល​ទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វិស័យកីឡាត្រូវបានបំផ្លាញបាត់បង់ស្ទើរទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ ស្រប​ពេល​ដែលវិស័យកីឡាយើងមានការរីកចម្រើន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់កីឡាករ កីឡាការនីទាំងអស់ត្រូវពង្រឹងសម្ថភាពបន្ថែមទៀត ខណៈយើងមានពហុកីឡ​ដ្ឋាន​ជាតិដ៏ទំនើបមួយនេះ គឺត្រូវហ្វឹកហាត់ជំនាញកីឡាគ្រប់ប្រភេទ ពិសេសកីឡាសម្រាប់ត្រៀម​ចូលរួមប្រកួតកីឡាស៊ីហេ្គម (SEA GAEMS) ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋ និងកីឡាករ កីឡាការនីចំពោះការយឺតយាវក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហេ្គម (SEA GAME) ដោយសារប្រទេសយើងបានឆ្លងកាត់សង្រ្គាមជាច្រើនដំណាក់កាល ហើយក្រោយពីរំដោះប្រទេសជាតិបានពីរបបប្រល័យពូជសាសន៍ គឺយើងផ្តោតលើការខិតខំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសស្ពាន និងផ្លូវថ្នល់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ដូចដែលយើងបានដឹងហើយ គ្រាន់តែ​ចំណាយដើម្បីរៀបចំកីឡាមួយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គរហូតដល់ទៅ៣ ៤ ឬ៥​ឯណោះ ហេតុនេះ បានជាលោក មិនទាន់ហ៊ានសុំមិត្តចិន គឺសុំឱ្យជួយកសាងផ្លូវ និងស្ពាន​ទៅវិញ។ លោក ហ៊ុន សែន ក៏សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង ជាពិសេសកីឡាករ កីឡា​ការិនីរបស់យើង មិនបន្តុះបង្អាប់ពីការអសមត្ថភាពរបស់លោក ឬគណបក្សប្រជាជនកម្ពុជា​ដែលដឹកនាំរាជរដ្ឋាភិបាលទៅលើបញ្ហាស៊ីហ្គេមឡើយ ដោយសារតែតម្រូវការពិតប្រាកដ​របស់​ប្រជាជនគឺទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងជីវភាព​គ្រួ​សារ បន្ទាប់ពីប្រទេសនេះ បានឆ្លងកាត់នូវសង្រ្គាមក៏ដូចជាអំពើប្រល័យពូជសាសន៍នោះ៕



ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៦ ឆ្នាំ ឈានចូល ៦៧ឆ្នាំ

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ ​ខួបកំណើត​គម្រប់ ​៦៦ឆ្នាំ ​ឈាន​ចូល ​៦៧ឆ្នាំ ​របស់​លោក ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ ​នៅ​ថ្ងៃទី០៤ ​ខែមេសា ​ឆ្នាំ២០១៧ ​នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដោយសូមប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានវិរភាពដ៏ឧត្តុង្គឧត្តម គុណបំណាច់ដ៏ថ្លៃថ្លា និងជាអគ្គមគ្គទេសក៏ និងការអភិវឌ្ឍន៍ជាតិរីកចម្រើនគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
នៅក្នុងសារលិខិតរបស់ព្រះមហាក្សត្រ, ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រជារាស្រ្តកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហប្ញទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុដ៏ឧត្តុងឧត្តមនេះ ខ្ញុំសូមសម្តែងនូវការសរសើរដ៏កក់ក្តៅ និងសូមផ្តល់ការគាំទ្រជានិច្ចរាល់កិច្ចខិតខំប្រឹងប្រែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា និងសូមពរសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

 ខាងក្រោមជាសារលិខិតជូនពររបស់ព្រះមហាក្សត្រ ផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើត៖


ក្រសួងពាណិជ្ជកម្ម បង្ហាញតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយ តាមបណ្តាស្ថានីយ៍នានានៅកម្ពុជា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយ៍ប្រេង ទូទាំងប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយ ចាប់ពីថ្ងៃនេះ​ ដល់ថ្ងៃទី១១ ខែមេសា មានដូចជា៖

១-តម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី ៣,៥៥០រៀលក្នុង១លីត្រ
២-តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣,៦៥០រៀលក្នុង១លីត្រ
៣-តម្លៃម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៣០០រៀលក្នុង១លីត្រ៕

លោក សុខ ឥសាន គូសបញ្ជាក់ពី នីតិរដ្ឋ និងមនោសញ្ចេតនា

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បានបញ្ជាក់ ជូនសាធារណជនឱ្យបានយល់ច្បាស់ពីពាក្យថា នីតិរដ្ឋ និងមនោស​ញ្ចេត​នា ដើម្បីកុំឱ្យមានការយល់ច្រឡំ។
លោក សុខ ឥសាន បានបញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ នេះ ជារបត់នយោបាយថ្មី ដែលយើងទាំងអស់គ្នាចង់បាន។ បើចង់បានយ៉ាងដូច្នេះហើយ ចាំបាច់ត្រូវ តែនាំគ្នា គោរពនិងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាពង្រឹងនីតិរដ្ឋ ។ តាមផ្លូវអាណាចក្រ ឬផ្លូវរដ្ឋ អ្នកប្រព្រឹត្តខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺទទួលទោសទៅតាមទំហំបទល្មើសដែលបានប្រព្រឹត្ត ។ បើតាមផ្លូវពុទ្ធចក្រ ឬផ្លូវធម៌ អ្នកណាធ្វើអំពើបាប ត្រូវទទួលបាបកម្ម  បើធ្វើអំពើល្អ ឬអំពើជាកុសល នឹងទទួលបានបុណ្យ ។
លោកសុខ ឥសាន ក៏បានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រាជរដ្ឋភិបាល តែងតែមានសន្តានចិត្តល្អ បន្ធូរបន្ថយទោសឱ្យទណ្ឌិត និងសុំព្រះរាជទានលើកលែងទោសឱ្យទណ្ឌិតណាដែលបានភ្ញាក់រលឹកកែប្រែខ្លួន ។ នេះបង្ហាញពីមនោសញ្ចេតនាក្នុងនាមជាអ្នកដឹកនាំប្រទេស ដែលតែងតែមានព្រហ្មវិហារធម៌ចំពោះប្រជាជនទូទៅ ។ ក៏ប៉ុន្តែ ការស្នើសុំព្រះរាជទោសពីព្រះមហាក្សត្រមិនអាចធ្វើទាំងអស់បានទេ ។ បើពុំដូច្នោះទេ មិនអាចហៅថានីតិរដ្ឋបានឡើយ។ នេះមិនមែនជួយកែប្រែមនុស្សទេ តែផ្ទុយទៅវិញគឺជាការជំរុញឱ្យមនុស្សចូលចិត្តប្រព្រឹត្តខុសច្បាប់ ដែលផ្ទុយពីការពង្រឹងនីតិរដ្ឋ។ ដូច្នេះ បន្ធូរបន្ថយទោសមួយចំនួន និងលើកលែងទោសមួយចំនួន។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ ចាំបាច់ត្រូវអប់រំឱ្យមនុស្សគ្រប់រូប ត្រូវចេះគោរពច្បាប់ ចៀសវាងការប្រព្រឹត្តល្មើសច្បាប់ ទៅ នោះប្រទេសយើងក្លាយទៅជាប្រទេសនីតិរដ្ឋ ហើយវានឹងគ្មានការលំបាកក្នុងការអំពាវនាវឱ្យមានការអធ្យាស្រ័យ លើកលែងទោស ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះទេ។
លោក សុខ ឥសាន ក៏បានសង្កត់ធ្ងន់ថា គេមិនអាចយកមនោសញ្ចេតនាលុបលើនីតិរដ្ឋបានឡើយ។ បើមិនដូច្នេះទេ ប្រទេសនឹងក្លាយទៅជា អនុវត្តវប្បធម៌នីទណ្ឌភាព  ហើយត្រូវគេបរិហារថាជាប្រទេសអនាធិបតេយ្យជាមិនខាន៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់

នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន (ទឹកប្រាក់ប្រមាណ ១៥៧ លានដុល្លារ) និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោលើផ្ទៃដីទំហំ៨៥ហិចតា។

មណ្ឌលកីឡាដែលសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះមាន អាងហែលទឹកកម្រិតអន្តរជាតិ និងសាលសម្រាប់ប្រកួតកីឡា។ អាងហែលទឹកគឺមានចំនួន ៣ គឺអាងកំដៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និងអាងលោតទឹក ។ កន្លែងអង្គុយទស្សនាហែលទឹកមានចំណុះ ៣,០០០នាក់ ។ ចំពោះអគារសម្រាប់ប្រកួតកីឡាក្នុងសាលមានកន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធ និងកីឡាផ្សេងៗទៀតដូចជាបាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះ និងប្រភេទកីឡានានាជាច្រើនទៀត ។ ដោយឡែក អគារធំដែលត្រូវបុកគ្រឹះ កសាងបន្តនោះ មានចំណុះ៥៥,០០០នាក់ និង កន្លែងបម្រុង៥,០០០កន្លែង ព្រមទាំងប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុណាមួយ។
នេះជាសិម្ធិផលជាតិថ្មីដែលកើតមាននៅក្នុងប្រទេសយើងក្រោមដំបូលសុខសន្តិភាព។ ទីនេះមិនត្រឹមតែជាកន្លែងហាត់លេងកីឡា ឬប្រកួតកីឡានោះទេ តែក៏ជាកន្លែងអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តផងដែរ៕






ទស្សនៈស្រ្តីលើគណបក្សនយោបាយ២!

ជាដំបូង នាងខ្ញុំសូមអរគុណដល់បណ្តាញព័ត៌មាន ដែលទទួលយកអត្ថបទរបស់នាងខ្ញុំយកទៅចុះផ្សាយដើម្បីបង្ហាញជូនសាធារណជនខ្មែរជ្រាបពីការសង្កេតរបស់នារីម្នាក់ ដែលជាភរិយានៃមន្ត្រីខ្មែរក្នុងស្ថានទូតបរទេសមួយនៅក្រុងភ្នំពេញ អំពីដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។ នាងខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយមានកូនប្រុសស្រីដល់ទៅ៣នាក់កំពុងសិក្សានៅវិទ្យាល័យ និងអនុវិទ្យាល័យមួយ។ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ជាមេផ្ទះដែលចូលចិត្តតាមសង្កេតសម្តីនិងចរឹតរបស់មនុស្សនេះ នាងខ្ញុំបានសង្កេតទៅលើអ្នកនយោបាយនៅក្នុងគណបក្សជាច្រើននាពេលកន្លងមក។ ថ្ងៃនេះ នាងខ្ញុំសូមចែករំលែកនូវការសង្កេតឃើញ៥ ចំណុចរបស់នាងខ្ញុំ។

ការសង្កេតទី១៖ ប្រសិនជាយើងក្រឡេកមើលភាពល្អឥតខ្ចោះនៃអ្នកនយោបាយនៅកម្ពុជាគឺ នាងខ្ញុំរកអ្នកដែលល្អឥតខ្ចោះមិនទាន់បាននៅឡើយ។ ប៉ុន្តែបើនិយាយពីអ្នកដែលមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវចំពោះមហាជននោះ នាងខ្ញុំមានអារម្មណ៍ថាអ្នកនយោបាយនៃគណបក្សកាន់អំណាចមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវលើចំណុចខ្វះខាត ឬចំណុចប្រឈមរបស់ខ្លួនជាងគណបក្សសង្រ្គោះជាតិ។ គណបក្សកាន់អំណាចមិននិយាយតែអ្វីដែលជាភាពល្អឥតខ្ចោះរបស់ខ្លួននោះទេ គណបក្សនេះក៏ទទួលស្គាល់ការខ្វះខាត និងចំណុចប្រឈមដែលនៅមានផងដែរ។ ប្រជាពលរដ្ឋ និស្សិត និងអ្នកសិក្សាស្រាវជ្រាវរកបាននូវករណីនេះនៅគ្រប់ឯកសារផ្លូវការនានា ដូចជាផែនការយុទ្ធសាស្ត្រ ឬផែនការសកម្មភាពរបស់វិស័យ ឬស្ថាប័ន ឬអង្គភាពនីមួយៗ។ ប្រមុខរាជរដ្ឋាភិបាលផ្ទាល់ក៏ធ្លាប់សំណូមពរដល់ប្រជាពលរដ្ឋកុំឱ្យខឹងគោទៅវាយរទេះ ដែលតាមភាសានេះគឺលោកទទួលស្គាល់ថាអាចនៅមានការខ្វះខាតខ្លះ ដែលលោកនឹងចាត់វិធានការបន្ថែមដើម្បីលុបបំបាត់ភាពអសកម្មនោះ ចៀសវាងប្រជាពលរដ្ឋខឹងបុគ្គលមួយក្រុមតូចនោះបែរជាទៅបោះឆ្នោតឱ្យគណបក្សដទៃ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់សេរីភាពដល់បណ្តាញព័ត៌មានក្នុងការរិះគន់ចំៗលើបុគ្គល និងស្ថាប័នមួយចំនួនដែលបំពេញការងារមិនទាន់គ្រប់ជ្រុងជ្រោយ ហើយក៏បានចាត់វិធានការចំពោះបុគ្គល ឬស្ថាប័នដែលខ្វះខាតទាំងនោះ។ ផ្ទុយទៅវិញប្រសិនជាយើងក្រឡេកមើលមនុស្សសំខាន់ៗនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាឯកសារផ្លូវការនានារបស់គណបក្សនេះ គេកម្រឃើញមានការនិយាយសរសើរពីអំពើល្អ ឬចំនុចអភិវឌ្ឍន៍ដែលគណបក្សកាន់អំណាចបានផ្តល់ជូនសង្គមណាស់។ សូម្បីតែផ្លូវថ្នល់និងស្ពានដែលធ្វើឱ្យមន្ត្រីគណបក្សសង្រ្គោះជាតិមានលទ្ធភាពជិះរថយន្តចុះដល់ជនបទ ក៏មន្ត្រីគណបក្សនេះមិនបានពោលសរសើរថាគ្រាន់បើជាងមុននោះឡើយ។ គណបក្សសង្រ្គោះជាតិតែងតែលើកអំពីចំណុចអវិជ្ជមានរបស់មន្ត្រីនៃគណបក្សកាន់អំណាចថាពុករលួយ បក្ខពួក គ្រួសារនិយម។ល។ ក្នុងខណៈពេលដែលខ្លួនតម្រូវឱ្យសមាជិកខ្លួនបង់លុយស្រស់ៗ រីឯមូលនិធិគណបក្សក៏មិនមានរបាយការណ៍អ្វីជាក់លាក់ ហើយមន្ត្រីកំពូលរបស់គណបក្សច្រើនតែជាសាច់ញាតិប្រពន្ធកូននឹងគ្នាស្ទើរតែទាំងអស់។ ពេលខ្លះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិខ្វះសេចក្តីក្លាហានរហូតខិតខំបដិសេធរឿងពិតរបស់ខ្លួនដែលកំពុងឈ្លក់វង្វេងនឹងល្បែង ឬលួចក្បត់ចិត្តប្រពន្ធកូនទៀត។

សង្កេតទី២៖ ប្រសិនជាយើងក្រឡេកមើលសមត្ថភាពរបស់អ្នកដឹកនាំគណបក្ស និងទីប្រឹក្សារបស់គណបក្សក៏ហាក់ដូចជាមានភាពខុសគ្នាឆ្ងាយ។ អ្វីដែលជាទិដ្ឋភាពច្បាប់ ឬមូលដ្ឋានដែលគណបក្សកាន់អំណាចមាននៅក្នុងដៃគឺមានភាពច្បាស់លាស់ ហើយត្រឹមត្រូវ ដែលធ្វើឱ្យអ្នកច្បាប់គណបក្សសង្រ្គោះជាតិពិបាកនឹងបដិសេធ ហើយសូម្បីតែអ្នកច្បាប់អន្តរជាតិ ក៏ពិបាកនឹងទប់ទល់ជាមួយនឹងអ្នកច្បាប់ ឬមន្ត្រីរបស់គណបក្សកាន់អំណាចដែរ ដូចជាការរៀបចំយុទ្ធសាស្ត្រដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងការតទល់ជាមួយថៃនៅក្នុងតុលាការអន្តរជាតិជាដើម។ នៅពេលថ្មីៗនេះ មហាជនមួយចំនួនគិតថាការចេញលិខិតរបស់ក្រសួងមហាផ្ទៃទៅគណបក្សសង្រ្គោះជាតិអំពីសមាជវិសាមញ្ញរបស់ គណបក្សសង្រ្គោះជាតិ គឺមានចេតនារំខានគណបក្សមួយនេះ។ ប៉ុន្តែប្រសិនជាប្រជាពលរដ្ឋធ្វើចិត្តឱ្យហ្នឹង ហើយដកដង្ហើមឱ្យបានវែងៗសញ្ជឹងសួរខ្លួនឯងបន្តិចថាតើ ប្រសិនជាថ្នាក់ដឹកនាំ និងអ្នកច្បាប់ ក៏ដូចជាអ្នកយុទ្ធសាស្ត្ររបស់គណបក្សសង្រ្គោះជាតិមានការគិតគូរគ្រប់ជ្រុងជ្រោយនោះ តើក្រសួងមហាផ្ទៃមានចន្លោះប្រហោងណាត្រូវទៅសួរកើតនោះ? នាងខ្ញុំជឿថាហេតុការណ៍នេះគឺកើតចេញពីភាពខ្ជីខ្ជានឹងការងារ ឬមើលងាយនឹងការងារ ហើយខ្វះការ សិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងសម្រេចថាធ្វើអ្វីមួយ។ បើសូម្បីតែលក្ខន្តិកៈ និងច្បាប់ខ្មែរ ដែលសរសេរជាភាសាខ្មែរ មនុស្សសំខាន់ៗនៃគណបក្សសង្រ្គោះជាតិមើលមិនគ្រប់ជ្រុងជ្រោយផង តើថៃ្ងក្រោយពួកគាត់អាចទៅតតាំងប្រឆាំងជាមួយបរទេសតាមផ្លូវការទូត និងច្បាប់យ៉ាងម៉េចទៅ? ការទម្លាប់ធ្វើការងារដោយខ្ជីខ្ជាគឺមិនមែនជាលក្ខណសម្បត្តិរបស់ក្រុមអ្នកនយោបាយ ដែលមានក្តីស្រមៃចង់ដឹកនាំប្រទេសនោះឡើយ។

សង្កេតទី៣៖ ផ្តើមចេញពីភាពខ្ជីរខ្ជានឹងការងារនេះ នាងខ្ញុំក៏មិនយល់ថាហេតុអ្វីបានជាគណបក្សសង្រ្គោះជាតិដាក់គោលការណ៍ឱ្យបេក្ខជនក្រុមប្រឹក្សាឃុំត្រូវបង់ប្រាក់ជាថ្នូរនឹងការបានឈរឈ្មោះ ព្រមទាំងត្រូវកាត់ប្រាក់ខែចំនួន ៥០% ទៀតដើម្បីយកមកទ្រទ្រង់គណបក្សប្រសិនជាជាប់ឆ្នោត? តើនេះជាការសម្រេចរបស់គណៈកម្មាធិការនាយកឬ? តើវាមានសង្គតភាពនឹងអ្វីដែលគណបក្សតែងតែលើកឡើងនោះទេ? កន្លងមកគណបក្សសង្រ្គោះជាតិតែងតែលើកឡើងថាជីវភាពប្រជាជន ជាពិសេសសមាជិកគណបក្សរបស់ខ្លួនក្រីក្រណាស់ រកព្រឹកខ្វះល្ងាច រីឯប្រាក់ខែក្រុមប្រឹក្សាឃុំសង្កាត់នាពេលបច្ចុប្បន្ន ក៏ដូចជាឆ្នាំក្រោយនេះចាយមិនគ្រាន់ទេ! បើនិយាយថាប្រជាពលរដ្ឋនិងសមាជិកខ្លួនក្រ ហេតុដូចម្តេចក៏តម្រូវឱ្យគ្នាបង់លុយទើបបញ្ចូលឈ្មោះក្នុងបញ្ជីបេក្ខជន? បើនិយាយថាប្រាក់ខែរបស់ក្រុមប្រឹក្សាឃុំសង្កាត់ចាយមិនគ្រាន់ ហេតុដូចម្តេចបានជាត្រូវកាត់ប្រាក់ខែក្រុមប្រឹក្សាឃុំអស់៥០%ទៀត? វាមិនឡូហ្សីកសោះ! បើដូច្នោះមែនតើគ្នាបានអីចិញ្ចឹម និងទ្រទ្រង់គ្រួសារ? ឬមួយគណបក្សសង្រ្គោះជាតិគិតថាក្រោយពេលបោះឆ្នោតមេឃុំ ឬចៅសង្កាត់របស់ខ្លួនអាចទារសេវាក្រៅបន្ថែមពីរាស្រ្ត? នាងខ្ញុំមិនយល់តើថវិកា ដែលសមាជិកនៅក្រៅប្រទេសប្រមូលបានកន្លងមកទៅណាម្តេចក៏មិនយកមកប្រើប្រាស់? នាងខ្ញុំសង្ឃឹមថាការកំណត់ឱ្យបង់លុយ និងកាត់លុយនេះជាគំនិតរបស់ឯកឧត្តម យឹម សុវណ្ណ តែម្នាក់ឯងទៅចុះ។ បើដូច្នោះមែនគណបក្សគួរមានវិធានការជាមួយគាត់ ប្រសើរជាងទុកចន្លោះប្រហោងឱ្យសមាជិកគណបក្សដែលខឹងសម្បារនឹងគាត់ផ្ទុះការតវ៉ា ហើយក្លាយទៅជាភ្លើងចំបើងដែលអាចឱ្យគេផ្លុំហៅខ្យល់បន្ថែម។

សង្កេតទី៤៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺរើសថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបម្រើរាស្ត្រទៅតាមទំហំថវិកា និងធនធានដែលថ្នាក់ជាតិបានកំណត់ក្នុងច្បាប់ថវិកាប្រចាំឆ្នាំ ពោលក្រុមប្រឹក្សាឃុំសង្កាត់ពុំមានសិទ្ធិក្នុងការកំណត់ទំហំថវិកាសម្រាប់ឃុំសង្កាត់របស់ខ្លួននោះទេ។ ដូច្នេះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ មិនទាក់ទងនឹងគោលនយោបាយកំណត់ទំហំថវិកាដែលត្រូវទម្លាក់ទៅឱ្យឃុំសង្កាត់នីមួយៗនោះឡើយ។ ប៉ុន្តែក្នុងគោល នយោបាយបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ គណបក្សសង្រ្គោះជាតិបែរជាមានកំណត់ទំហំទឹកប្រាក់ដែលត្រូវផ្តល់ឱ្យឃុំសង្កាត់នីមួយៗទៅវិញ។ វាគួរតែជាគោលនយោបាយពេលបោះឆ្នោតសកលនាឆ្នាំ២០១៨ទើបជាការត្រឹមត្រូវ។ ការ កំណត់គោលនយោបាយនេះគឺ អាចបង្ហាញឱ្យឃើញពីចេតនាអាក្រក់របស់គណបក្សសង្រ្គោះជាតិក្នុងការបោករាស្ត្រ ឬក៏អាចជាការបង្ហាញឱ្យឃើញពីអសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលមិនចេះបែងចែកថាអ្វីជាគោលនយោបាយថ្នាក់ជាតិ និងអ្វីដែលជាគោលនយោបាយថ្នាក់ក្រោមជាតិ។

ដោយសារពេលវេលា នាងខ្ញុំសូមបង្ហាញត្រឹមការសង្កេតទាំង៤នេះ រួមផ្សំនឹងការសង្កេតទី៥ចុងក្រោយរបស់នាងខ្ញុំដែលផ្អែកលើបទពិសោធន៍នៃជីវិតថា “បើអ្នកនយោបាយម្នាក់មិនមានសេចក្តីស្មោះត្រង់ គោរពកិច្ចសន្យាចំណងអាពាហ៍ពិពាហ៍និងស្រឡាញ់ប្រពន្ធកូនរបស់ខ្លួនឯងផង តើធ្វើម៉េចអ្នកនោះមានសេចក្តីស្មោះត្រង់ គោរពការសន្យា និងផ្តល់ក្តីស្រឡាញ់ដល់រាស្ត្រដែលជាអ្នកក្រៅទៅ?”
នាងខ្ញុំមិនដឹងថាតើមិត្តភក្តនៃគ្រួសារនាងខ្ញុំនៅក្នុងក្រុម CamPro ឬ ProCam អាចមើលឃើញដូចការសង្កេតទាំង៥របស់នាងខ្ញុំដែរឬទេ? ជាពិសេសម្ចាស់សំណេរនៅក្រៅប្រទេស និងអ្នកដែលគណបក្សប្រជាជនបានបណ្តេញចេញពីបក្ស និងអ្នកដែលទទួលប្រាក់ខែរបស់ USAID ហើយដឹកមុខក្នុងការបញ្ចេញមតិបែបទាញក្តីសន្និដ្ឋានមុនផ្តល់ហេតុផលនៅក្នុងក្រុម?

ដោយ៖ បុទុមពេជ្រ ស្រ្តីថ្មីលើវិថីដងប៉ាកា


(Video inside) កិច្ចសម្ភាសន៍ពិសេសសារព័ត៌មានល្បីរបស់រុស្ស៊ី៖ «អាមេរិកជាអ្នកទទួលខុសត្រូវ លើគ្រាប់បែកដែលបានទម្លាក់លើកម្ពុជា ហើយខ្មែរក្រហមក៏ជារបប ដែលអាមេរិកបានរួមចំណែកបង្កើតឡើងដែរ!»

(អាមេរិក)៖ មកទល់ពេលបច្ចុប្បន្នវាមានរយៈពេលប្រមាណ៤០ឆ្នាំហើយ ចាប់តាំងពីពេលដែល​សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់​​បែកច្រើនសន្ធឹកសន្ធាប់ទៅលើ​ប្រទេស​​កម្ពុជា ដែលជាលទ្ធផល​បានសម្លាប់ជីវិតមនុស្សមនុស្សរាប់សែននាក់។ ដោយ​ឡែក​ខណៈ​ពេល​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បែរ​ជា​កំពុង​ដាក់​​សម្ពាធ​​ឲ្យ​​កម្ពុជាសងបំណុលជាប្រាក់កម្ចីចំនួន ៥០០លានដុល្លារកាលពីសម័យ​សង្រ្គាម​វៀតណាម ដែលត្រូវបានប្រគល់ទៅឲ្យ​រដ្ឋា​ភិបាល​​មិន​​ស្រប​​ច្បាប់​របស់​កម្ពុជា​​នាសម័យនោះ ដោយរដ្ឋបាលអតីតប្រធានាធិបតីលោក Richard Nixon ដើម្បីជួយអាមេរិកក្នុង​ការ​​ប្រយុទ្ធ​​​ត​​ទល់​ជា​មួយ​​រដ្ឋាភិបាល​កុម្មុ​យនិស្ត​​វៀតណាមខាងជើងទៅវិញ។ នេះ​បើ​តាម​ការ​ចេញ​​ផ្សាយ​​ដោយ​​សារ​​ព័ត៌​មាន​រុស្ស៊ី Russia Today (RT) ចេញផ្សាយថ្មីៗនេះ។

លោក Robert Freeman អ្នកនិពន្ធសៀវភៅ «Vietnam: The Best One-Hour History» បានចូលរួមក្នុងបទសម្ភាសន៍មួយជាមួយ ភ្នាក់ងារ​​សារព័ត៌​មាន RT ប្រចាំនៅសហរដ្ឋអាមេរិកអ្នកនាង Ashlee Banks ដើម្បីជជែកពិភាក្សាជុំវិញបញ្ហានេះ។​

ពិធីការិនីអ្នកនាង Ashlee Banks បានលើកជាសំណួរថា៖ «តើលោកមានការឆ្លើយតបយ៉ាងណា ចំពោះបញ្ហានៃការទាមទារ​ឲ្យសងប្រាក់​បំណុលនេះ»?

លោក Robert Freeman «ពុំមានមន្ទិលសង្ស័យនោះឡើយថា ជាប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក​ បានបង្កការបំផ្លិចបំផ្លាញ​ក្នុងទ្រង់ទ្រាយដ៏​​​សែន​ធំ​មហិមា ចំពោះសង្គមកម្ពុជាហើយដូច​ដែលអ្នកបាន​លើកឡើង ពួកគេបានទម្លាក់គ្រាប់បែកចំនួន ៥០០,០០០តោន ទៅលើប្រទេសកម្ពុជា​ជា​ហេតុ​បណ្តាលឲ្យមនុស្ស​ប្រហែលជាពីរលាននាក់​បាត់បង់ជីវិត។ ជុំវិញការទាមទារ​ឲ្យសងបំណុលនេះ គឺដូចជាការ​ដែលខ្ញុំយក​ញ​ញួរ​​ទៅ​សំពងក្បាល​អ្នក តែនៅពេលនោះដង​ញញួរក៏បានបាក់ ដូច្នេះខ្ញុំក៏​បានប្តឹងអ្នកថា ជាអ្នកធ្វើឲ្យបាក់ដង​ញញួរ​របស់ខ្ញុំ»។

ពិធីព័ត៌មានអ្នកនាង Ashlee Banks «ជាក់ស្តែង​មានន័យថា​ វាមិនសមហេតុ​សមផល​នោះឡើយ។ មួយវិញទៀត តើអ្នកយល់ថា​សហរដ្ឋអាមេរិក​​គឺជា​អ្នក​ទទួលខុសត្រូវ​មួយផ្នែកដែរ ឬទេ ចំពោះការ​កើតមានឡើង​នៃរបបប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ដែលបានសម្លាប់​ជីវិតប្រជាជន​​ស្លូត​ត្រង់​ជាងពីរលាននាក់ នៅជំរុំពលកម្មដែលគេស្គាល់ថា​ ជាវាលពិឃាតនោះ?» លោក Robert Freeman អះអាងថា «របបខ្មែរ​ក្រហម​ប្រហែលជា​ពុំអាចកើត​មានឡើងនោះទេ បើសិនជាមិនមែនដោយសារតែសហរដ្ឋអាមេរិក»។

លោកប្រធានាធិបតី Richard Nixon បានឡើងកាន់​អំណាចកាល​ពីឆ្នាំ១៩៦៩ ហើយលោកបាន​សន្យាថា​ នឹងស្វែងរក​ផែនការ​ដើម្បីបញ្ចប់​​សង្រ្គាម​នៅ​​វៀត​ណាម។ ភ្លាមៗក្រោយ​មកលោក Nixon បានចាប់ផ្តើម​ទម្លាក់គ្រាប់បែក​ដោយខុសច្បាប់​ទៅលើប្រទេស​កម្ពុជា នៅតាមតំបន់​ជាប់ព្រំ​ប្រទល់​ប្រទេស​វៀតណាម ពីព្រោះតែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានប្រើប្រាស់កម្ពុជា ធ្វើជាកន្លែងសម្រាប់បើកការវាយប្រហារ​ទៅ​លើ​វៀត​ណាមខាងត្បូង។ លោក Richard Nixon បានបន្តការទម្លាក់គ្រាប់បែកខុសច្បាប់នេះ រហូតទាល់តែវាត្រូវបានលាតត្រដាងកាលពី​ឆ្នាំ​១៩៧៣។

នៅមុនការទម្លាក់​គ្រាប់បែកនេះ ពួកខ្មែរក្រហម​គ្រាន់តែ​ជាក្រុមកុម្មុយនីស្តមួយចង្កោម​តូចតែ​ប៉ុណ្ណោះ ប៉ុន្តែពួកគេ​បានប្រើប្រាស់​ទង្វើ​នេះ​របស់សហរដ្ឋអាមេរិក​ធ្វើជាឈ្នាន់ ដើម្បីកែន​សមាជិក​បន្ថែមយ៉ាងច្រើន​សន្ធឹកសន្ធាប់។ ក្នុងឆ្នាំ១៩៧៣ នៅពេល​ដែល​សហរដ្ឋអាមេរិក​បានចាក​ចេញពី​វៀតណាម ពួកខ្មែរក្រហម​មានគ្នីគ្នា​មិនក្រោម ១០០,០០០នាក់​នោះទេ ហើយ​ដល់ឆ្នាំ១៩៧៥​ ពួកគេ​ក៏បានផ្តួលរំលំ​​របបដឹកនាំ​លោក លន់ ណុល ដែលជាអាយ៉ង​របស់អាមេរិក និងចាប់ផ្តើម​ការអនុវត្តន៍​នូវអ្វីដូចដែល​អ្នកបាន​រៀបរាប់គឺ «របប​វាល​ពិ​ឃាត»។

ពួកគេបានដើរប្រមូល​ជនទាំងឡាយ​ ដែលទទួលឥទ្ធិពល​គ្រប់ប្រភេទ​ពីប្រទេស​លោកខាងលិច រួមមាន​អ្នកប្រាជ្ញ គ្រូបង្រៀន វេជ្ជបណ្ឌិត និង​វិស្វករជាដើម ហើយបញ្ជូន​ពួកគេចេញពី​ទីក្រុងទៅកាន់​ទីជនបទ​ ដែលជាវាលពិឃាត​រួចកម្ចាត់ចោល។ យោងតាមទិន្នន័យ​ពីរបាយការណ៍​​របស់អង្គការ​សហប្រជាជាតិ ពួកខ្មែរក្រហម​បានសម្លាប់ជីវិត​មនុស្សប្រមាណពីរលាននាក់ ដែលគឺជា​របបប្រល័យពូជសាសន៍​ដ៏ធំជាងគេ​បង្អស់​នៅក្នុង​ប្រវត្តិសាស្រ្ត​សម័យទំនើប ហើយប្រាកដ​ណាស់សហរដ្ឋអាមេរិក​​មានការពាក់ព័ន្ធ​ដោយផ្ទាល់៕

សូមស្តាប់កិច្ចសម្ភាសន៍រវាងពិធីព័ត៌មានអ្នកនាង Ashlee Banks ជាមួយលោក Robert Freeman: