Tuesday, April 04, 2017

ទស្សនៈស្រ្តីលើគណបក្សនយោបាយ២!

ជាដំបូង នាងខ្ញុំសូមអរគុណដល់បណ្តាញព័ត៌មាន ដែលទទួលយកអត្ថបទរបស់នាងខ្ញុំយកទៅចុះផ្សាយដើម្បីបង្ហាញជូនសាធារណជនខ្មែរជ្រាបពីការសង្កេតរបស់នារីម្នាក់ ដែលជាភរិយានៃមន្ត្រីខ្មែរក្នុងស្ថានទូតបរទេសមួយនៅក្រុងភ្នំពេញ អំពីដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។ នាងខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយមានកូនប្រុសស្រីដល់ទៅ៣នាក់កំពុងសិក្សានៅវិទ្យាល័យ និងអនុវិទ្យាល័យមួយ។ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ជាមេផ្ទះដែលចូលចិត្តតាមសង្កេតសម្តីនិងចរឹតរបស់មនុស្សនេះ នាងខ្ញុំបានសង្កេតទៅលើអ្នកនយោបាយនៅក្នុងគណបក្សជាច្រើននាពេលកន្លងមក។ ថ្ងៃនេះ នាងខ្ញុំសូមចែករំលែកនូវការសង្កេតឃើញ៥ ចំណុចរបស់នាងខ្ញុំ។

ការសង្កេតទី១៖ ប្រសិនជាយើងក្រឡេកមើលភាពល្អឥតខ្ចោះនៃអ្នកនយោបាយនៅកម្ពុជាគឺ នាងខ្ញុំរកអ្នកដែលល្អឥតខ្ចោះមិនទាន់បាននៅឡើយ។ ប៉ុន្តែបើនិយាយពីអ្នកដែលមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវចំពោះមហាជននោះ នាងខ្ញុំមានអារម្មណ៍ថាអ្នកនយោបាយនៃគណបក្សកាន់អំណាចមានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវលើចំណុចខ្វះខាត ឬចំណុចប្រឈមរបស់ខ្លួនជាងគណបក្សសង្រ្គោះជាតិ។ គណបក្សកាន់អំណាចមិននិយាយតែអ្វីដែលជាភាពល្អឥតខ្ចោះរបស់ខ្លួននោះទេ គណបក្សនេះក៏ទទួលស្គាល់ការខ្វះខាត និងចំណុចប្រឈមដែលនៅមានផងដែរ។ ប្រជាពលរដ្ឋ និស្សិត និងអ្នកសិក្សាស្រាវជ្រាវរកបាននូវករណីនេះនៅគ្រប់ឯកសារផ្លូវការនានា ដូចជាផែនការយុទ្ធសាស្ត្រ ឬផែនការសកម្មភាពរបស់វិស័យ ឬស្ថាប័ន ឬអង្គភាពនីមួយៗ។ ប្រមុខរាជរដ្ឋាភិបាលផ្ទាល់ក៏ធ្លាប់សំណូមពរដល់ប្រជាពលរដ្ឋកុំឱ្យខឹងគោទៅវាយរទេះ ដែលតាមភាសានេះគឺលោកទទួលស្គាល់ថាអាចនៅមានការខ្វះខាតខ្លះ ដែលលោកនឹងចាត់វិធានការបន្ថែមដើម្បីលុបបំបាត់ភាពអសកម្មនោះ ចៀសវាងប្រជាពលរដ្ឋខឹងបុគ្គលមួយក្រុមតូចនោះបែរជាទៅបោះឆ្នោតឱ្យគណបក្សដទៃ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់សេរីភាពដល់បណ្តាញព័ត៌មានក្នុងការរិះគន់ចំៗលើបុគ្គល និងស្ថាប័នមួយចំនួនដែលបំពេញការងារមិនទាន់គ្រប់ជ្រុងជ្រោយ ហើយក៏បានចាត់វិធានការចំពោះបុគ្គល ឬស្ថាប័នដែលខ្វះខាតទាំងនោះ។ ផ្ទុយទៅវិញប្រសិនជាយើងក្រឡេកមើលមនុស្សសំខាន់ៗនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាឯកសារផ្លូវការនានារបស់គណបក្សនេះ គេកម្រឃើញមានការនិយាយសរសើរពីអំពើល្អ ឬចំនុចអភិវឌ្ឍន៍ដែលគណបក្សកាន់អំណាចបានផ្តល់ជូនសង្គមណាស់។ សូម្បីតែផ្លូវថ្នល់និងស្ពានដែលធ្វើឱ្យមន្ត្រីគណបក្សសង្រ្គោះជាតិមានលទ្ធភាពជិះរថយន្តចុះដល់ជនបទ ក៏មន្ត្រីគណបក្សនេះមិនបានពោលសរសើរថាគ្រាន់បើជាងមុននោះឡើយ។ គណបក្សសង្រ្គោះជាតិតែងតែលើកអំពីចំណុចអវិជ្ជមានរបស់មន្ត្រីនៃគណបក្សកាន់អំណាចថាពុករលួយ បក្ខពួក គ្រួសារនិយម។ល។ ក្នុងខណៈពេលដែលខ្លួនតម្រូវឱ្យសមាជិកខ្លួនបង់លុយស្រស់ៗ រីឯមូលនិធិគណបក្សក៏មិនមានរបាយការណ៍អ្វីជាក់លាក់ ហើយមន្ត្រីកំពូលរបស់គណបក្សច្រើនតែជាសាច់ញាតិប្រពន្ធកូននឹងគ្នាស្ទើរតែទាំងអស់។ ពេលខ្លះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិខ្វះសេចក្តីក្លាហានរហូតខិតខំបដិសេធរឿងពិតរបស់ខ្លួនដែលកំពុងឈ្លក់វង្វេងនឹងល្បែង ឬលួចក្បត់ចិត្តប្រពន្ធកូនទៀត។

សង្កេតទី២៖ ប្រសិនជាយើងក្រឡេកមើលសមត្ថភាពរបស់អ្នកដឹកនាំគណបក្ស និងទីប្រឹក្សារបស់គណបក្សក៏ហាក់ដូចជាមានភាពខុសគ្នាឆ្ងាយ។ អ្វីដែលជាទិដ្ឋភាពច្បាប់ ឬមូលដ្ឋានដែលគណបក្សកាន់អំណាចមាននៅក្នុងដៃគឺមានភាពច្បាស់លាស់ ហើយត្រឹមត្រូវ ដែលធ្វើឱ្យអ្នកច្បាប់គណបក្សសង្រ្គោះជាតិពិបាកនឹងបដិសេធ ហើយសូម្បីតែអ្នកច្បាប់អន្តរជាតិ ក៏ពិបាកនឹងទប់ទល់ជាមួយនឹងអ្នកច្បាប់ ឬមន្ត្រីរបស់គណបក្សកាន់អំណាចដែរ ដូចជាការរៀបចំយុទ្ធសាស្ត្រដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងការតទល់ជាមួយថៃនៅក្នុងតុលាការអន្តរជាតិជាដើម។ នៅពេលថ្មីៗនេះ មហាជនមួយចំនួនគិតថាការចេញលិខិតរបស់ក្រសួងមហាផ្ទៃទៅគណបក្សសង្រ្គោះជាតិអំពីសមាជវិសាមញ្ញរបស់ គណបក្សសង្រ្គោះជាតិ គឺមានចេតនារំខានគណបក្សមួយនេះ។ ប៉ុន្តែប្រសិនជាប្រជាពលរដ្ឋធ្វើចិត្តឱ្យហ្នឹង ហើយដកដង្ហើមឱ្យបានវែងៗសញ្ជឹងសួរខ្លួនឯងបន្តិចថាតើ ប្រសិនជាថ្នាក់ដឹកនាំ និងអ្នកច្បាប់ ក៏ដូចជាអ្នកយុទ្ធសាស្ត្ររបស់គណបក្សសង្រ្គោះជាតិមានការគិតគូរគ្រប់ជ្រុងជ្រោយនោះ តើក្រសួងមហាផ្ទៃមានចន្លោះប្រហោងណាត្រូវទៅសួរកើតនោះ? នាងខ្ញុំជឿថាហេតុការណ៍នេះគឺកើតចេញពីភាពខ្ជីខ្ជានឹងការងារ ឬមើលងាយនឹងការងារ ហើយខ្វះការ សិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់មុននឹងសម្រេចថាធ្វើអ្វីមួយ។ បើសូម្បីតែលក្ខន្តិកៈ និងច្បាប់ខ្មែរ ដែលសរសេរជាភាសាខ្មែរ មនុស្សសំខាន់ៗនៃគណបក្សសង្រ្គោះជាតិមើលមិនគ្រប់ជ្រុងជ្រោយផង តើថៃ្ងក្រោយពួកគាត់អាចទៅតតាំងប្រឆាំងជាមួយបរទេសតាមផ្លូវការទូត និងច្បាប់យ៉ាងម៉េចទៅ? ការទម្លាប់ធ្វើការងារដោយខ្ជីខ្ជាគឺមិនមែនជាលក្ខណសម្បត្តិរបស់ក្រុមអ្នកនយោបាយ ដែលមានក្តីស្រមៃចង់ដឹកនាំប្រទេសនោះឡើយ។

សង្កេតទី៣៖ ផ្តើមចេញពីភាពខ្ជីរខ្ជានឹងការងារនេះ នាងខ្ញុំក៏មិនយល់ថាហេតុអ្វីបានជាគណបក្សសង្រ្គោះជាតិដាក់គោលការណ៍ឱ្យបេក្ខជនក្រុមប្រឹក្សាឃុំត្រូវបង់ប្រាក់ជាថ្នូរនឹងការបានឈរឈ្មោះ ព្រមទាំងត្រូវកាត់ប្រាក់ខែចំនួន ៥០% ទៀតដើម្បីយកមកទ្រទ្រង់គណបក្សប្រសិនជាជាប់ឆ្នោត? តើនេះជាការសម្រេចរបស់គណៈកម្មាធិការនាយកឬ? តើវាមានសង្គតភាពនឹងអ្វីដែលគណបក្សតែងតែលើកឡើងនោះទេ? កន្លងមកគណបក្សសង្រ្គោះជាតិតែងតែលើកឡើងថាជីវភាពប្រជាជន ជាពិសេសសមាជិកគណបក្សរបស់ខ្លួនក្រីក្រណាស់ រកព្រឹកខ្វះល្ងាច រីឯប្រាក់ខែក្រុមប្រឹក្សាឃុំសង្កាត់នាពេលបច្ចុប្បន្ន ក៏ដូចជាឆ្នាំក្រោយនេះចាយមិនគ្រាន់ទេ! បើនិយាយថាប្រជាពលរដ្ឋនិងសមាជិកខ្លួនក្រ ហេតុដូចម្តេចក៏តម្រូវឱ្យគ្នាបង់លុយទើបបញ្ចូលឈ្មោះក្នុងបញ្ជីបេក្ខជន? បើនិយាយថាប្រាក់ខែរបស់ក្រុមប្រឹក្សាឃុំសង្កាត់ចាយមិនគ្រាន់ ហេតុដូចម្តេចបានជាត្រូវកាត់ប្រាក់ខែក្រុមប្រឹក្សាឃុំអស់៥០%ទៀត? វាមិនឡូហ្សីកសោះ! បើដូច្នោះមែនតើគ្នាបានអីចិញ្ចឹម និងទ្រទ្រង់គ្រួសារ? ឬមួយគណបក្សសង្រ្គោះជាតិគិតថាក្រោយពេលបោះឆ្នោតមេឃុំ ឬចៅសង្កាត់របស់ខ្លួនអាចទារសេវាក្រៅបន្ថែមពីរាស្រ្ត? នាងខ្ញុំមិនយល់តើថវិកា ដែលសមាជិកនៅក្រៅប្រទេសប្រមូលបានកន្លងមកទៅណាម្តេចក៏មិនយកមកប្រើប្រាស់? នាងខ្ញុំសង្ឃឹមថាការកំណត់ឱ្យបង់លុយ និងកាត់លុយនេះជាគំនិតរបស់ឯកឧត្តម យឹម សុវណ្ណ តែម្នាក់ឯងទៅចុះ។ បើដូច្នោះមែនគណបក្សគួរមានវិធានការជាមួយគាត់ ប្រសើរជាងទុកចន្លោះប្រហោងឱ្យសមាជិកគណបក្សដែលខឹងសម្បារនឹងគាត់ផ្ទុះការតវ៉ា ហើយក្លាយទៅជាភ្លើងចំបើងដែលអាចឱ្យគេផ្លុំហៅខ្យល់បន្ថែម។

សង្កេតទី៤៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គឺរើសថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីបម្រើរាស្ត្រទៅតាមទំហំថវិកា និងធនធានដែលថ្នាក់ជាតិបានកំណត់ក្នុងច្បាប់ថវិកាប្រចាំឆ្នាំ ពោលក្រុមប្រឹក្សាឃុំសង្កាត់ពុំមានសិទ្ធិក្នុងការកំណត់ទំហំថវិកាសម្រាប់ឃុំសង្កាត់របស់ខ្លួននោះទេ។ ដូច្នេះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ មិនទាក់ទងនឹងគោលនយោបាយកំណត់ទំហំថវិកាដែលត្រូវទម្លាក់ទៅឱ្យឃុំសង្កាត់នីមួយៗនោះឡើយ។ ប៉ុន្តែក្នុងគោល នយោបាយបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ គណបក្សសង្រ្គោះជាតិបែរជាមានកំណត់ទំហំទឹកប្រាក់ដែលត្រូវផ្តល់ឱ្យឃុំសង្កាត់នីមួយៗទៅវិញ។ វាគួរតែជាគោលនយោបាយពេលបោះឆ្នោតសកលនាឆ្នាំ២០១៨ទើបជាការត្រឹមត្រូវ។ ការ កំណត់គោលនយោបាយនេះគឺ អាចបង្ហាញឱ្យឃើញពីចេតនាអាក្រក់របស់គណបក្សសង្រ្គោះជាតិក្នុងការបោករាស្ត្រ ឬក៏អាចជាការបង្ហាញឱ្យឃើញពីអសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលមិនចេះបែងចែកថាអ្វីជាគោលនយោបាយថ្នាក់ជាតិ និងអ្វីដែលជាគោលនយោបាយថ្នាក់ក្រោមជាតិ។

ដោយសារពេលវេលា នាងខ្ញុំសូមបង្ហាញត្រឹមការសង្កេតទាំង៤នេះ រួមផ្សំនឹងការសង្កេតទី៥ចុងក្រោយរបស់នាងខ្ញុំដែលផ្អែកលើបទពិសោធន៍នៃជីវិតថា “បើអ្នកនយោបាយម្នាក់មិនមានសេចក្តីស្មោះត្រង់ គោរពកិច្ចសន្យាចំណងអាពាហ៍ពិពាហ៍និងស្រឡាញ់ប្រពន្ធកូនរបស់ខ្លួនឯងផង តើធ្វើម៉េចអ្នកនោះមានសេចក្តីស្មោះត្រង់ គោរពការសន្យា និងផ្តល់ក្តីស្រឡាញ់ដល់រាស្ត្រដែលជាអ្នកក្រៅទៅ?”
នាងខ្ញុំមិនដឹងថាតើមិត្តភក្តនៃគ្រួសារនាងខ្ញុំនៅក្នុងក្រុម CamPro ឬ ProCam អាចមើលឃើញដូចការសង្កេតទាំង៥របស់នាងខ្ញុំដែរឬទេ? ជាពិសេសម្ចាស់សំណេរនៅក្រៅប្រទេស និងអ្នកដែលគណបក្សប្រជាជនបានបណ្តេញចេញពីបក្ស និងអ្នកដែលទទួលប្រាក់ខែរបស់ USAID ហើយដឹកមុខក្នុងការបញ្ចេញមតិបែបទាញក្តីសន្និដ្ឋានមុនផ្តល់ហេតុផលនៅក្នុងក្រុម?

ដោយ៖ បុទុមពេជ្រ ស្រ្តីថ្មីលើវិថីដងប៉ាកា


No comments:

Post a Comment