Friday, March 31, 2017

រដ្ឋមន្ត្រី​ក្រសួង​ការបរទេសក​ម្ពុជាទទួល​ជួបពិភាក្សា​ការងារជាមួយអ​នុរដ្ឋមន្ត្រីកា​របរទេ​សរុស្ស៊ី

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បានទទួលជួបពិភាក្សាការងារជាមួយលោក Igor Morgulov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នាទីស្តីការក្រសួងការបរទេសរាជធានីភ្នំពេញ។
ក្រោយបញ្ចប់ជំនួប លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះគឺជាការពិគ្រោះផ្នែកនយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្រោមក្របខណ្ឌនៃអនុស្សារណៈដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ។ ភាគីកម្ពុជាបានរៀបរាប់ពីស្ថានភាពនយោបាយនៅកម្ពុជាជាពិសេសការត្រៀមរៀបចំការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ ហើយក៏លើកឡើងពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសខាងវិស័យសេដ្ឋកិច្ច ព្រមទាំងជជែកអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជានិងរុស្ស៊ី ដោយគូសបញ្ជាក់ពីការរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងរុស្ស៊ី។

សូមជម្រាបផងដែរថា កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសតាមដានចំពោះការអនុវត្តលើឯកសារចំនួន២៣ ដែលកម្ពុជានិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងរួចមកហើយនោះ ដោយក្នុងនោះ ភាគីទាំងពីរបានសង្កេតឃើញថា មានការអនុវត្តល្អប្រសើរ។ លោកបានរម្លឹកថា ឯកសារទាំងនេះត្រូវបានចុះហត្ថលេខាក្នុងពេល លោករដ្ឋមន្ត្រីកម្ពុជាអញ្ជើញទៅបំពេញទស្សននៅរុស្ស៊ី និងនាយករដ្ឋមន្ត្រីរុស្ស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅចន្លោះពីឆ្នាំ២០១៥ ដល់ ២០១៦។
លោក អ៊ុច បូរិទ្ធ បានបន្តទៀតថា កម្ពុជា និងរុស្ស៊ីក៏ត្រៀមនឹងចុះហត្ថលេខាលើឯកសារចំនួន៨បន្ថែមទៀតផងដែរ ពោលគឺក្នុងឱកាសកិច្ចប្រជុំលើកទី១០នៃគណកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នៅក្នុងខែកក្តដា ឬខែសីហា ២០១៧ នៅក្រុងមូស្គូ ដោយរួមមានដូចជា អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យយុវជនការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ថាមពលអាតូមិកដើម្បីទិសដៅសន្តិភាព ខាងផ្នែកយោធា ការការពារកម្មសិទ្ធិបញ្ញា និង ស្តីពីពិធីសារក្នុងកិច្ចសហការរវាងក្រសួងការបរទេសកម្ពុជា-រុស្ស៊ី ប៉ុន្តែចំនួនឯកសានៃការចុះហត្ថលេខាអាចនឹងមានបន្ថែមទៀត ដោយពេលនេះកំពុងតែពិភាក្សាបន្ត។
ក្នុងជំនួបនោះ ភាគីកម្ពុជាបានស្នើឱ្យភាគីរុស្ស៊ីពិនិត្យលទ្ធភាពក្នុងជួយជំរុញការវិនិយោគដើម្បីកែលម្អ ឡើងវិញ នូវមន្ទីរពេទ្យខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) នៅរាជធានីភ្នំពេញ ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ កែលម្អគឺសំដៅលើការអភិវឌ្ឍទាំងផ្នែកបច្ចេកទេសព្យាបាល និង ធនធានវេជ្ជបណ្ឌិតជាដើមដោយភាគីរុស្ស៊ីបញ្ជាក់ថា រីករាយក្នុងការជំរុញការងារនេះ៕



រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល​កម្ពុជា​ប្រកាស​បើក​សន្និបាត​ការងារកំចាត់​រោគរ​បេង ​ឆ្នាំ២០១៦ ទូទាំងប្រទេសលើកទី២២

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី ៣០ មីនា ២០១៧នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកសន្និបាតការងារកំចាត់រោគរបេង ឆ្នាំ២០១៦ ទូទាំងប្រទេសលើកទី២២ នាទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីតំណាងក្រសួងមន្ទីរពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដីរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលសរុបចំនួនប្រហែល ៤០០ នាក់។
លោករដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ចុះធ្វើការងារស្រាវជ្រាវ សកម្មរកអ្នកជំងឺរបេង ឱ្យឃើញអស់នៅតាមសហគមន៍ ហើយសូមឱ្យទីប្រឹក្សា ឬជំនាញការបរទេស ជួយធ្វើការងារនៅតាមមូលដ្ឋាន ជាជាងការផ្តល់យោបល់ច្រើន ដែលមិនបានដឹងពិតប្រាកដថា មានកិច្ចការអ្វីខ្លះ ដែលចាំបាច់ត្រូវធ្វើនៅមូលដ្ឋាន។ លោកក៏បានផ្តល់អនុសាសន៍ណែនាំសម្រាប់ការអនុវត្ត ការសម្រេចបាននូវគោលដៅសហសវត្សរ៍ក្នុងការប្រយុទ្ធនឹងជំងឺរបេង តែត្រូវបន្តការខិតខំបន្ថែមទៀត ក្នុងការលុបបំបាត់ជំងឺរបេងនៅឆ្នាំ២០៣០។ ការអប់រំអំពីវិធានការពារជំងឺរបេង និងត្រូវចុះស្រាវជ្រាវសកម្ម រកអ្នកជំងឺរបេងនៅតាមសហគមន៍ និងទីប្រមូលផ្តុំប្រជាជនដូចជាវត្តអារ៉ាម និងរោងចក្រសហគ្រាសជាដើម ដើម្បីធ្វើរោគវិនិឆ្ឆ័យឱ្យបានលឿន ហើយក៏ឆាប់ទទួលបានការព្យាបាលរហ័ស ហើយក៏កាត់បន្ថយការចម្លងរបេងបានល្អ ។ ការងារកម្ចាត់រោគរបេង ជាកិច្ចការដែលត្រូវចុះដល់មូលដ្ឋាន និងសកម្មរស់រវើក ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ឲ្យបានមុនឆ្នាំ២០៣០។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលបានកម្ពុជា បានបន្ថែមថវិកា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលអាចឱ្យយើងជំរុញការងាររកអ្នកជំងឺ និងព្យាបាលរបេង កាន់តែសកម្មថែមទៀត។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវតែរស់រវើក មិនត្រូវរងចាំថ្នាក់ជាតិទៀតទេ ហើយធ្វើផែនការសកម្មភាពឲ្យបានច្បាស់លាស់ តាមបែបបទវិមជ្ឈការនិងសហវិមជ្ឍការរបស់រាជរដ្ឋាភិបាល។ សំដែងការកោតសរសើរ ដល់គ្រូពេទ្យដែលបម្រើការផ្តល់សេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងលើកទឹកចិត្តឲ្យនិសិត្សឯកទេស នៅសាកលវិទ្យាល័យ ចូលរួមសកម្មភាពស្វែងរកអ្នកជំងឺរបេង នៅតាមមូលដ្ឋានរបស់យើង បើឃើញហើយផ្តល់ថ្នាំឱ្យគាត់លេបភ្លាមៗ។
លោកម៉ម ប៊ុមហេង បានស្នើឱ្យតាមដានការព្យាបាលអ្នកជំងឺរបេង ចៀសវាងបញ្ហាស៊ាំឱសថរបេង និងអប់រំពីរបៀបព្យាបាលព្រមទាំងតាមដានការលេបថ្នាំរបស់អ្នកជំងឺនិង សូមអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន ជួយពិនិត្យកន្លែងផលិតស្រាដែលធ្វើឲ្យពុល ដែលធ្លាប់កើតមានកន្លងមក និងអប់រំជំរុញការអនុវត្តអនាម័យចំណីអាហារល្អ ចៀសវាងការពុលចំណីអាហារ។ ប្រើប្រាស់មូលនិធិសមធម៌ ដើម្បីជួយដល់ប្រាជនក្រីក្រ ក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ បើគ្មានមូលនិធិសមធម៌ទេនោះ ហើយជាជនក្រីក្រមែននោះ គឺត្រូវលើកលែងការបង់ថ្លៃ៕


លោក យឹម សុវណ្ណ ផ្ញើលិខិតជូនលោក ឧបនាយករដ្ឋមន្ត្រី ស ខេង ស្តីអំពីការរៀបចំកែសម្រួលរបស់ CNRP ក្រោយពេលដែលលក្ខន្តិកៈគណបក្សត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់

យោងលើលិខិតមួយច្បាប់របស់ លោក យឹម សុវណ្ណ តំណាងគណបក្សសង្គ្រោះជាតិ ផ្ញើជូន លោក ឧបនាយករដ្ឋមន្ត្រី ស ខេង គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សខ្លួនបានផ្ញើជូននូវលក្ខន្តិកៈដែលបានធ្វើវិសោធនកម្មដោយសមាជវិសាមញ្ញលើប្រការ ៤៥ និងប្រការ ៤៧ កាលពីថ្ងៃទី០២ ខែមីនា កន្លងមក ជូនទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រួចហើយ នេះបើយោងតាមលិខិតដែលចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ បានបន្ថែមទៀតថា ចំពោះករណីដែលក្រសួងមហាផ្ទៃមិនទាន់យល់ស្របគ្នា គណបក្សសង្គ្រោះជាតិ នឹងរៀបចំកែសម្រួលក្រោយពេលលក្ខន្តិកៈគណបក្សត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

សូមអានខ្លឹមសារលិខិតរបស់លោក យឹម សុវណ្ណ៖





លោក ហ៊ុន សែន ផ្ញើសារជូនពរប្រជាពលរដ្ឋក្នុងឪកាសចូលឆ្នាំ និងអំពាវនាវឱ្យប្រជាពររដ្ឋទៅចូលរួមបោះឆ្នោតឃុំសង្កាត់កុំបីខាន

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរសារខ្លីមួយដែលទាក់ទងនឹងការចូលរួមបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ និងការជូនពរក្នុងរដូវចូលឆ្នាំខាងមុននេះ ដែលខាងក្រោមនេះជាសាររបស់លោក៖
រដូវចូលឆ្នាំគឺកាន់តែខិតចូលមកកៀកហើយ ទន្ទឹមនឹងការបោះឆ្នោតឃុំសង្កាត់ ក៏នៅមិនឆ្ងាយប៉ុន្មានដែរ។ ប្រទេសជាតិយើងក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រួមជាមួយកំណើនសេដ្ឋកិច្ច ៧.៧% ដែលធ្វើឱ្យកម្ពុជាបានងើបស្មើមុខមាត់ជាមួយអន្តរជាតិ។
ប្រទេសជាតិរីកចម្រើនទៅបាន ព្រោះយើងមានប្រជាពលរដ្ឋដែលមានការយល់ដឹង ហើយបានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ជាពិសេសគឺការចូលរួមថែរក្សា ការពារសន្តិភាពដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់កម្ពុជាយើង។ សូមប្រជាពលរដ្ឋ និងយុវជនដែលបានចុះឈ្មោះបោះឆ្នោត ហើយត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ នេះកុំបីខាន។

សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ៕


ទស្សនៈ៖ ផឹក​កាហ្វេបំបាត់​ការឈឺ​ចាប់​វគ្គ​៥​

វគ្គនេះមុននឹងចាប់ផ្ដើមបរិយាយបន្ត អា សម សូមសរសើរដល់វីរភាពបង យឹម សុវណ្ណ អ្នកស្មោះស្ម័គ្រឯកឧត្តមប្រធានដែលបានចេញមុខការពារបេក្ខភាពក្រុមប្រឹក្សារបស់បក្សយើង មិនឱ្យគេរុះរើបានដោយស្រួលនោះទេ។
អា សម ឮថារាល់ថ្ងៃបង សុវណ្ណ វិលមុខចង់វង្វេងដោយសារខំប្រឹងការពារកម្លាំងចាស់របស់ឯកឧត្តមប្រធាន ដែលបច្ចុប្បន្នក្រុមលោកប្រធាន កឹម សុខា កំពុងយកលេសដោះដូរគ្រប់ឃុំ អា សម ខ្ញុំអាណិតបង សុវណ្ណ មានតែសរសេរសាច់រឿងការពិតឱ្យបងប្អូនយើងតស៊ូកុំបាក់ទឹកចិត្ត កុំឱ្យក្រុមខាងគេដែលកំពុងឡើងចាងបានចិត្តធ្វើអីមិនគិតដល់អារម្មណ៍បងប្អូនយើង។ ម្ដងម្នាក់ទេអាក្អូន អែងចាំមើល ឱ្យតែឯកឧត្តមប្រធានមកកាន់តំណែងវិញ ក្រុមអាអែបអបអស់អែងត្រៀមបង្វិចឱ្យហើយទៅ។ អា សម ឆ្ងល់ដែរកម្លាំងយើងពីមុនច្រើនណាស់ដល់ពេលក្រុមគេមានអំណាច លែងឃើញមានអ្នកខ្លាំងណាចេញមុខមកការពារគ្នាសោះ មានតែបង សុវណ្ណ ម្នាក់ឯងរត់ចង់អង្វែង ហើយជាក់ស្ដែងករណីនៅខេត្តមួយចំនួនដូចជា៖
១-នៅភ្នំពេញនេះ បងស្រីម្នាក់ទាក់ទងមកបង សុវណ្ណ រហូតរឿងក្រុម សួន រីដា ដកគាត់ចេញពីមុនគាត់គឺជាក្រុមប្រឹក្សាចាស់ តែដល់ពេលបិទបញ្ជីដំបូងគេរុញគាត់ដល់លេខ៧ លេខដែលមិនអាចជាប់បាន ហើយបងស្រីគាត់ខឹងខ្លាំងណាស់ អន់ចិត្តត្រង់ប្រឹងមកយូរហើយ ចុងក្រោយចាញ់បោកគេ។ គាត់រត់មករកបង សុវណ្ណ ឱ្យជួយ តែវាយឺតពេលអស់ហើយ ព្រោះគេបិទបញ្ជីតែរឿងហួសចិត្តរឿងហ្នឹង បង សុវណ្ណ ធ្លាប់ប្រាប់ខាងក្រុមប្រតិបត្តិឱ្យដោះស្រាយ តែក្រុមហ្នឹងអាងខ្នង សួន រីដា មិនខ្វល់អីទាំងអស់ ដល់ចឹងទៅបង សុវណ្ណ ប្រាប់បងស្រីឱ្យទ្រាំសិនទៅ ព្រោះគាត់មិនដឹងត្រូវធ្វើយ៉ាងណាដែរឥឡូវហ្នឹង។
២-ចំណែកឯនៅស្វាយរៀងក៏មិនធម្មតាដែរ ជំទប់ឃុំត្រពាំងស្តៅ ស្រុករមាសហែក បានត្អូញត្អែរប្រាប់បង យឹម សុវណ្ណ ថាស្រុករមាសហែក ខេត្តស្វាយរៀង មានបេក្ខភាពក្រុមប្រឹក្សាជាច្រើនចង់ធ្វើបក្សប្រហារ ព្រោះតែមានការដកជំទប់ទៅបោះចោលអស់រលីងហើយ ដោយសារការបោះឆ្នោតមានភាពមិនប្រក្រតី។ ហើយអ្នកដែលបង្កភាពមិនប្រក្រតី គឺក្រុមលោកប្រធាន កឹម សុខា តែម្ដង បងប្រុសម្នាក់នោះបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្តឹង ៣ដងហើយ ប៉ុន្តែរហូតមកពេលនេះមិនមានដំណោះស្រាយនោះទេ ដោយក្រុមលោកប្រធាន កឹម សុខា លួចស៊ីលុយរាប់ពាន់ដុល្លារស្ងាត់ៗ មិនព្រមដោះស្រាយ។ មិនតែប៉ុណ្ណោះ ខ្លួនគេបានដាក់ញត្តិមានស្នាមមេដៃ ៣០០-៤០០នាក់ ទៅឱ្យខេត្ត ប៉ុន្តែលទ្ធផលមិនមានការដោះស្រាយនោះដែរ ។ បងប្រុសនោះបន្ថែមទៀតថា ខ្លួនធ្លាប់បានទូរសព្ទទៅជំទប់ទី១ ឱ្យរាយការណ៍ប្រាប់បង យឹម សុវណ្ណ ថា ម៉ៅ វិបុល បានរៀបចំគម្រោងបោះឆ្នោតនៅឃុំត្រពាំងស្តៅ ដើម្បីទម្លាក់ជំទប់ចោលទាំងអស់ ទង្វើនេះមិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះទេ ព្រោះនៅមូលដ្ឋានសកម្មជនមានការស្រុះស្រួលគ្នាល្អប្រសើរណាស់ ប៉ុន្តែក្រុមលោកប្រធានថ្មី បែរជាមិនយល់ពីជម្រៅចិត្តរបស់មូលដ្ឋានច្បាស់លាស់ ទើបធ្វើឱ្យមានផលប៉ះពាល់ខ្លាំង។ គ្រានោះបង យឹម សុវណ្ណ គ្មានពាក្យនិយាយ ក្រៅតែពោលថាខ្លួនក៏មានការពិបាក និងតឹងចិត្តដែរ ហើយលទ្ធផលបោះឆ្នោតក៏បានចេញរួច គ.ជ.ប ក៏បានបិទបញ្ជីថែមទៀត មិនដឹងដោះស្រាយផ្លូវណា។
កាន់តែនិយាយរឹតតែក្ដៅចិត្ត មនុស្សមួយគំនរ បែរជាទុកការងារឱ្យធ្លាក់លើបង សុវណ្ណ អ្នកទូលតែម្នាក់ឯង តើនៅសង្ឃឹមអីទៅប្រជែងជាមួយបក្សប្រជាជនកម្ពុជាទៅលោកអើយ៕
ដោយ៖ ស៊ុត សម



ក្នុងត្រីមាសទី០១នេះ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសំណើសុំសាងសង់សំណង់តូចតាចនិងជួសជុលផ្ទះ ជូនអ្នកស្រុកអង្គរជាង១២០ករណី

អង្គរជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក ហើយក៏ជាតំបន់ដែលរក្សានូវទំនៀមទម្លាប់ប្រពៃណីផ្ទាល់របស់អ្នកស្រុក ព្រមទាំងជាតំបន់ដែលគ្របដណ្តប់ដោយព្រៃព្រឹក្សា ស្ទឹង បឹងបួ និងសម្បត្តិធម្មជាតិដ៏ល្អប្រពៃ។ការធ្វើឲ្យមានសុខដុមនីយកម្មនឹងគ្នា អាជ្ញាធរជាតិអប្សរាតែងប្រកាន់ភ្ជាប់នូវគោលការណ៍អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្សដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ស៊ីសង្វាក់គ្នារវាងធម្មជាតិ ប្រាង្គប្រាសាទនិងអ្នកស្រុក ពោលគឺរវាង បរិស្ថាន វប្បធម៌ និងសហគមន៍ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយតាមរយៈសកម្មភាពអភិវឌ្ឃន៍តំបន់ដោយសហការជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធនានានិងជាមួយប្រជាពលរដ្ឋ។
តាមរយៈសកម្មភាពខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាទាំងអស់នេះ បានធ្វើឲ្យតំបន់អង្គរក្លាយទៅជាគំរូក្នុងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍សម្រាប់ប្រជាជាតិដទៃទៀតលើសកលលោក ហើយជាងនេះទៅទៀត វាក៏បានជួយលើកតម្កើនតម្លៃអង្គរឲ្យកាន់តែលេចធ្លោឡើងជាសកលថែមទៀត និងបានក្លាយទៅជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ។ក្នុងបរិបទនេះហើយបានជាអាជ្ញាធរជាតិអប្សរាត្រូវតែឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំសាងសង់សំណង់តូចតាច និងអនុញ្ញាតជូនពួកគាត់ភ្លាមៗនៅនឹងកន្លែង ដើម្បីជួយសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។
ទន្ទឹមគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បានចុះផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានយល់សំដៅធ្វើយ៉ាងណាដើម្បីឲ្យបេតិកភណ្ឌនេះគង់វង្សដល់កូនចៅជំនាន់ក្រោយ។ លើសពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ កិច្ចការសង្គម កិច្ចការសាសនា និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះតាមរយៈនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកចែកជូនដល់ស្រ្តីទើបឆ្លងទន្លេជាដើម។
អឿន សំអុន អនុប្រធានលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថាក្នុងខែមីនានេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងអនុញ្ញាតសំណើសុំសាងសង់សំណង់តូចតាចនិងជួសជុលផ្ទះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់បានចំនួន១២១ករណី និងចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន៣៩៩គ្រួសារ។ ជាមួយគ្នានេះដែរ ក្រុមការងារនេះក៏បានអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋបានចំនួន១០ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៥៩៤នាក់ ដើម្បីឲ្យពួកគាត់ចូលរួមជួយក្នុងកិច្ចការថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌ។

ក្រៅពីនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាក៏បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដោយនាំយកថវិការបស់អាជ្ញាធរជាតិអប្សរាចំនួន២លានរៀល ទៅឧបត្ថម្ភលោក ឈួន ឯម មេឃុំស្វាយចេកដែលរងគ្រោះដោយភ្លើងឆេះផ្ទះ , ថវិកាចំនួន១លានរៀលទៅឧបត្ថម្ភការសាងសង់សាលាឆទាននៅឃុំបាគង, ស័ង្កសីចំនួន២០ជួយជនក្រីក្រនិងបច្ច័យចំនួន ២ ៥៣៥ ០០០ រៀលទៀត ទៅចូលរួមពិធីបុណ្យឆ្លងកុដិថ្មីនៅវត្តរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ៕





លោក ហេង សំរិន អនុញ្ញាតអនុប្រធានសភាប្រជាជនចិន ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានទទួលជួប លោក ឆិន ចាងហ្ស៊ី (MR. Chen Changzhi) អនុប្រធានសភាតំណាងប្រជាជនចិន នៅវិមានរដ្ឋសភា។
លោក ឆិន ចាងហ្ស៊ី ពេលនេះ កំពុងដឹកនាំគណៈប្រតិភូមួយចំនួន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងសភាប្រទេសទាំងពីរ ក៏ដូចជារឹតចំណង កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរផងដែរ៕

សមាជិកសភាថ្មី ជំនួសលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជានរណា?

 លោក ជា វ៉ាន់ដេត ជានរណា?​
លោក ជា វ៉ាន់​ដេត អាយុ៤៦ឆ្នាំ បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច មកពីប្រទេសរុស្សី (អតីតសហភាពសូវៀត) នៅឆ្នាំ ១៩៩៧ ហើយនៅឆ្នាំ២០១៥ កន្លងទៅនេះ លោកបានបន្តយកបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធុរកិច្ចមួយទៀត ពីសាកលវិទ្យាល័យ NTU នៅសឹង្ហបុរី សហការជាមួយសាកលវិទ្យាល័យ UC Berkeley នៅសហរដ្ឋ​អាមេរិក។
ក្រោយពីត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩៧ ពីប្រទេសរុស្សី លោក ជា វ៉ាន់ដេត បានឆ្លៀតពេលធ្វើជាសាស្រ្តាចារ្យបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញអស់រយ:ពេល៥ឆ្នាំ រហូតដល់ឆ្នាំ ២០០២ ។
ទន្ទឹមពេលជាមួយនឹងការបង្រៀនដល់និស្សិតខ្មែរ លោក វ៉ាន់ដេត បានចូលបម្រើការនៅ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយផ្តើមការងារជាសមាជិក​ក្រុមជំនួយការ របស់លោក សុខ អាន ដែលពេលនោះ លោកជាសហរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ។
បន្ទាប់ពីធ្វើការនៅទីស្តីការបាន២ឆ្នាំ លោក វ៉ាន់ដេត ទទួលបានតួនាទីជាប្រធានការិយាល័យសេដ្ឋកិច្ច នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី ហើយបន្ទាប់មកទៀតជាអនុប្រធាននាយកដ្ឋាន រួចជាប្រធានខុទ្ទកាល័យរបស់ឧបនាយករដ្ឋមន្រ្តី សុខ អាន និងចុង​ក្រោយជាទីប្រឹក្សារាជរដ្ឋាភិបាលចាប់ពីឆ្នាំ២០១៣ រហូតដល់ពេលក្លាយជាតំណាងរាស្រ្ត ។ លោក វ៉ាន់ដេត ក៏ជាសមាជិកគណៈ​កម្មាធិការកណ្តាល របស់គណបក្សប្រជាជន។
លោក វ៉ាន់ដេត ត្រូវបានសហការីវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការចូលរួមធ្វើកិច្ចការជាច្រើននៅទីស្តីការគណរដ្ឋមន្រ្តី ក្នុងនោះរួមទាំងការដឹកនាំ ក្រុមការងារតាក់តែងសៀវភៅស ស្តីពីការបោះឆ្នោតសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ និងដឹកនាំបកប្រែសាលដីកាតុលាការ ក្រុងឡាអេ ស្តីពីជម្លោះប្រាសាទព្រះវិហារមកជាភាសាខ្មែរដើម្បីធ្វើការផ្សព្វផ្សាយ។
ទាក់ទងនឹងវិស័យអប់រំវិញ លោក វ៉ាន់ដេត តែងតំណាលប្រាប់មិត្តភ័ក្រ្ត​ថា លោកត្រូវតបស្នងសងគុណដល់សង្គមជាតិវិញ ជាពិសេស សម័យរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង អ្នកដែលបញ្ជូនរូបលោកទៅសិក្សានៅក្រៅប្រទេស។ ដោយសារឆន្ទៈនេះហើយ ទើបលោកសម្រេចចិត្តបង្កើតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាសាកលវិទ្យាល័យមួយដែលមានគុណភាពខ្ពស់ ស្តង់ដារបស់អាមេរិកដើម្បីចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់ និងពិភពលោកឲ្យស្របតាម កំណែទម្រង់វិស័យអប់រំរបស់កម្ពុជា៕