Friday, March 31, 2017

ទស្សនៈ៖ ផឹក​កាហ្វេបំបាត់​ការឈឺ​ចាប់​វគ្គ​៥​

វគ្គនេះមុននឹងចាប់ផ្ដើមបរិយាយបន្ត អា សម សូមសរសើរដល់វីរភាពបង យឹម សុវណ្ណ អ្នកស្មោះស្ម័គ្រឯកឧត្តមប្រធានដែលបានចេញមុខការពារបេក្ខភាពក្រុមប្រឹក្សារបស់បក្សយើង មិនឱ្យគេរុះរើបានដោយស្រួលនោះទេ។
អា សម ឮថារាល់ថ្ងៃបង សុវណ្ណ វិលមុខចង់វង្វេងដោយសារខំប្រឹងការពារកម្លាំងចាស់របស់ឯកឧត្តមប្រធាន ដែលបច្ចុប្បន្នក្រុមលោកប្រធាន កឹម សុខា កំពុងយកលេសដោះដូរគ្រប់ឃុំ អា សម ខ្ញុំអាណិតបង សុវណ្ណ មានតែសរសេរសាច់រឿងការពិតឱ្យបងប្អូនយើងតស៊ូកុំបាក់ទឹកចិត្ត កុំឱ្យក្រុមខាងគេដែលកំពុងឡើងចាងបានចិត្តធ្វើអីមិនគិតដល់អារម្មណ៍បងប្អូនយើង។ ម្ដងម្នាក់ទេអាក្អូន អែងចាំមើល ឱ្យតែឯកឧត្តមប្រធានមកកាន់តំណែងវិញ ក្រុមអាអែបអបអស់អែងត្រៀមបង្វិចឱ្យហើយទៅ។ អា សម ឆ្ងល់ដែរកម្លាំងយើងពីមុនច្រើនណាស់ដល់ពេលក្រុមគេមានអំណាច លែងឃើញមានអ្នកខ្លាំងណាចេញមុខមកការពារគ្នាសោះ មានតែបង សុវណ្ណ ម្នាក់ឯងរត់ចង់អង្វែង ហើយជាក់ស្ដែងករណីនៅខេត្តមួយចំនួនដូចជា៖
១-នៅភ្នំពេញនេះ បងស្រីម្នាក់ទាក់ទងមកបង សុវណ្ណ រហូតរឿងក្រុម សួន រីដា ដកគាត់ចេញពីមុនគាត់គឺជាក្រុមប្រឹក្សាចាស់ តែដល់ពេលបិទបញ្ជីដំបូងគេរុញគាត់ដល់លេខ៧ លេខដែលមិនអាចជាប់បាន ហើយបងស្រីគាត់ខឹងខ្លាំងណាស់ អន់ចិត្តត្រង់ប្រឹងមកយូរហើយ ចុងក្រោយចាញ់បោកគេ។ គាត់រត់មករកបង សុវណ្ណ ឱ្យជួយ តែវាយឺតពេលអស់ហើយ ព្រោះគេបិទបញ្ជីតែរឿងហួសចិត្តរឿងហ្នឹង បង សុវណ្ណ ធ្លាប់ប្រាប់ខាងក្រុមប្រតិបត្តិឱ្យដោះស្រាយ តែក្រុមហ្នឹងអាងខ្នង សួន រីដា មិនខ្វល់អីទាំងអស់ ដល់ចឹងទៅបង សុវណ្ណ ប្រាប់បងស្រីឱ្យទ្រាំសិនទៅ ព្រោះគាត់មិនដឹងត្រូវធ្វើយ៉ាងណាដែរឥឡូវហ្នឹង។
២-ចំណែកឯនៅស្វាយរៀងក៏មិនធម្មតាដែរ ជំទប់ឃុំត្រពាំងស្តៅ ស្រុករមាសហែក បានត្អូញត្អែរប្រាប់បង យឹម សុវណ្ណ ថាស្រុករមាសហែក ខេត្តស្វាយរៀង មានបេក្ខភាពក្រុមប្រឹក្សាជាច្រើនចង់ធ្វើបក្សប្រហារ ព្រោះតែមានការដកជំទប់ទៅបោះចោលអស់រលីងហើយ ដោយសារការបោះឆ្នោតមានភាពមិនប្រក្រតី។ ហើយអ្នកដែលបង្កភាពមិនប្រក្រតី គឺក្រុមលោកប្រធាន កឹម សុខា តែម្ដង បងប្រុសម្នាក់នោះបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្តឹង ៣ដងហើយ ប៉ុន្តែរហូតមកពេលនេះមិនមានដំណោះស្រាយនោះទេ ដោយក្រុមលោកប្រធាន កឹម សុខា លួចស៊ីលុយរាប់ពាន់ដុល្លារស្ងាត់ៗ មិនព្រមដោះស្រាយ។ មិនតែប៉ុណ្ណោះ ខ្លួនគេបានដាក់ញត្តិមានស្នាមមេដៃ ៣០០-៤០០នាក់ ទៅឱ្យខេត្ត ប៉ុន្តែលទ្ធផលមិនមានការដោះស្រាយនោះដែរ ។ បងប្រុសនោះបន្ថែមទៀតថា ខ្លួនធ្លាប់បានទូរសព្ទទៅជំទប់ទី១ ឱ្យរាយការណ៍ប្រាប់បង យឹម សុវណ្ណ ថា ម៉ៅ វិបុល បានរៀបចំគម្រោងបោះឆ្នោតនៅឃុំត្រពាំងស្តៅ ដើម្បីទម្លាក់ជំទប់ចោលទាំងអស់ ទង្វើនេះមិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះទេ ព្រោះនៅមូលដ្ឋានសកម្មជនមានការស្រុះស្រួលគ្នាល្អប្រសើរណាស់ ប៉ុន្តែក្រុមលោកប្រធានថ្មី បែរជាមិនយល់ពីជម្រៅចិត្តរបស់មូលដ្ឋានច្បាស់លាស់ ទើបធ្វើឱ្យមានផលប៉ះពាល់ខ្លាំង។ គ្រានោះបង យឹម សុវណ្ណ គ្មានពាក្យនិយាយ ក្រៅតែពោលថាខ្លួនក៏មានការពិបាក និងតឹងចិត្តដែរ ហើយលទ្ធផលបោះឆ្នោតក៏បានចេញរួច គ.ជ.ប ក៏បានបិទបញ្ជីថែមទៀត មិនដឹងដោះស្រាយផ្លូវណា។
កាន់តែនិយាយរឹតតែក្ដៅចិត្ត មនុស្សមួយគំនរ បែរជាទុកការងារឱ្យធ្លាក់លើបង សុវណ្ណ អ្នកទូលតែម្នាក់ឯង តើនៅសង្ឃឹមអីទៅប្រជែងជាមួយបក្សប្រជាជនកម្ពុជាទៅលោកអើយ៕
ដោយ៖ ស៊ុត សម



No comments:

Post a Comment