Friday, March 31, 2017

រដ្ឋមន្ត្រី​ក្រសួង​ការបរទេសក​ម្ពុជាទទួល​ជួបពិភាក្សា​ការងារជាមួយអ​នុរដ្ឋមន្ត្រីកា​របរទេ​សរុស្ស៊ី

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បានទទួលជួបពិភាក្សាការងារជាមួយលោក Igor Morgulov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នាទីស្តីការក្រសួងការបរទេសរាជធានីភ្នំពេញ។
ក្រោយបញ្ចប់ជំនួប លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះគឺជាការពិគ្រោះផ្នែកនយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្រោមក្របខណ្ឌនៃអនុស្សារណៈដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ។ ភាគីកម្ពុជាបានរៀបរាប់ពីស្ថានភាពនយោបាយនៅកម្ពុជាជាពិសេសការត្រៀមរៀបចំការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខ ហើយក៏លើកឡើងពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសខាងវិស័យសេដ្ឋកិច្ច ព្រមទាំងជជែកអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជានិងរុស្ស៊ី ដោយគូសបញ្ជាក់ពីការរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងរុស្ស៊ី។

សូមជម្រាបផងដែរថា កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសតាមដានចំពោះការអនុវត្តលើឯកសារចំនួន២៣ ដែលកម្ពុជានិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងរួចមកហើយនោះ ដោយក្នុងនោះ ភាគីទាំងពីរបានសង្កេតឃើញថា មានការអនុវត្តល្អប្រសើរ។ លោកបានរម្លឹកថា ឯកសារទាំងនេះត្រូវបានចុះហត្ថលេខាក្នុងពេល លោករដ្ឋមន្ត្រីកម្ពុជាអញ្ជើញទៅបំពេញទស្សននៅរុស្ស៊ី និងនាយករដ្ឋមន្ត្រីរុស្ស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅចន្លោះពីឆ្នាំ២០១៥ ដល់ ២០១៦។
លោក អ៊ុច បូរិទ្ធ បានបន្តទៀតថា កម្ពុជា និងរុស្ស៊ីក៏ត្រៀមនឹងចុះហត្ថលេខាលើឯកសារចំនួន៨បន្ថែមទៀតផងដែរ ពោលគឺក្នុងឱកាសកិច្ចប្រជុំលើកទី១០នៃគណកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នៅក្នុងខែកក្តដា ឬខែសីហា ២០១៧ នៅក្រុងមូស្គូ ដោយរួមមានដូចជា អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យយុវជនការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ថាមពលអាតូមិកដើម្បីទិសដៅសន្តិភាព ខាងផ្នែកយោធា ការការពារកម្មសិទ្ធិបញ្ញា និង ស្តីពីពិធីសារក្នុងកិច្ចសហការរវាងក្រសួងការបរទេសកម្ពុជា-រុស្ស៊ី ប៉ុន្តែចំនួនឯកសានៃការចុះហត្ថលេខាអាចនឹងមានបន្ថែមទៀត ដោយពេលនេះកំពុងតែពិភាក្សាបន្ត។
ក្នុងជំនួបនោះ ភាគីកម្ពុជាបានស្នើឱ្យភាគីរុស្ស៊ីពិនិត្យលទ្ធភាពក្នុងជួយជំរុញការវិនិយោគដើម្បីកែលម្អ ឡើងវិញ នូវមន្ទីរពេទ្យខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) នៅរាជធានីភ្នំពេញ ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ កែលម្អគឺសំដៅលើការអភិវឌ្ឍទាំងផ្នែកបច្ចេកទេសព្យាបាល និង ធនធានវេជ្ជបណ្ឌិតជាដើមដោយភាគីរុស្ស៊ីបញ្ជាក់ថា រីករាយក្នុងការជំរុញការងារនេះ៕



No comments:

Post a Comment