Friday, March 31, 2017

រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល​កម្ពុជា​ប្រកាស​បើក​សន្និបាត​ការងារកំចាត់​រោគរ​បេង ​ឆ្នាំ២០១៦ ទូទាំងប្រទេសលើកទី២២

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី ៣០ មីនា ២០១៧នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកសន្និបាតការងារកំចាត់រោគរបេង ឆ្នាំ២០១៦ ទូទាំងប្រទេសលើកទី២២ នាទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីតំណាងក្រសួងមន្ទីរពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដីរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលសរុបចំនួនប្រហែល ៤០០ នាក់។
លោករដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ចុះធ្វើការងារស្រាវជ្រាវ សកម្មរកអ្នកជំងឺរបេង ឱ្យឃើញអស់នៅតាមសហគមន៍ ហើយសូមឱ្យទីប្រឹក្សា ឬជំនាញការបរទេស ជួយធ្វើការងារនៅតាមមូលដ្ឋាន ជាជាងការផ្តល់យោបល់ច្រើន ដែលមិនបានដឹងពិតប្រាកដថា មានកិច្ចការអ្វីខ្លះ ដែលចាំបាច់ត្រូវធ្វើនៅមូលដ្ឋាន។ លោកក៏បានផ្តល់អនុសាសន៍ណែនាំសម្រាប់ការអនុវត្ត ការសម្រេចបាននូវគោលដៅសហសវត្សរ៍ក្នុងការប្រយុទ្ធនឹងជំងឺរបេង តែត្រូវបន្តការខិតខំបន្ថែមទៀត ក្នុងការលុបបំបាត់ជំងឺរបេងនៅឆ្នាំ២០៣០។ ការអប់រំអំពីវិធានការពារជំងឺរបេង និងត្រូវចុះស្រាវជ្រាវសកម្ម រកអ្នកជំងឺរបេងនៅតាមសហគមន៍ និងទីប្រមូលផ្តុំប្រជាជនដូចជាវត្តអារ៉ាម និងរោងចក្រសហគ្រាសជាដើម ដើម្បីធ្វើរោគវិនិឆ្ឆ័យឱ្យបានលឿន ហើយក៏ឆាប់ទទួលបានការព្យាបាលរហ័ស ហើយក៏កាត់បន្ថយការចម្លងរបេងបានល្អ ។ ការងារកម្ចាត់រោគរបេង ជាកិច្ចការដែលត្រូវចុះដល់មូលដ្ឋាន និងសកម្មរស់រវើក ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ឲ្យបានមុនឆ្នាំ២០៣០។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាលបានកម្ពុជា បានបន្ថែមថវិកា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលអាចឱ្យយើងជំរុញការងាររកអ្នកជំងឺ និងព្យាបាលរបេង កាន់តែសកម្មថែមទៀត។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវតែរស់រវើក មិនត្រូវរងចាំថ្នាក់ជាតិទៀតទេ ហើយធ្វើផែនការសកម្មភាពឲ្យបានច្បាស់លាស់ តាមបែបបទវិមជ្ឈការនិងសហវិមជ្ឍការរបស់រាជរដ្ឋាភិបាល។ សំដែងការកោតសរសើរ ដល់គ្រូពេទ្យដែលបម្រើការផ្តល់សេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងលើកទឹកចិត្តឲ្យនិសិត្សឯកទេស នៅសាកលវិទ្យាល័យ ចូលរួមសកម្មភាពស្វែងរកអ្នកជំងឺរបេង នៅតាមមូលដ្ឋានរបស់យើង បើឃើញហើយផ្តល់ថ្នាំឱ្យគាត់លេបភ្លាមៗ។
លោកម៉ម ប៊ុមហេង បានស្នើឱ្យតាមដានការព្យាបាលអ្នកជំងឺរបេង ចៀសវាងបញ្ហាស៊ាំឱសថរបេង និងអប់រំពីរបៀបព្យាបាលព្រមទាំងតាមដានការលេបថ្នាំរបស់អ្នកជំងឺនិង សូមអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន ជួយពិនិត្យកន្លែងផលិតស្រាដែលធ្វើឲ្យពុល ដែលធ្លាប់កើតមានកន្លងមក និងអប់រំជំរុញការអនុវត្តអនាម័យចំណីអាហារល្អ ចៀសវាងការពុលចំណីអាហារ។ ប្រើប្រាស់មូលនិធិសមធម៌ ដើម្បីជួយដល់ប្រាជនក្រីក្រ ក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ បើគ្មានមូលនិធិសមធម៌ទេនោះ ហើយជាជនក្រីក្រមែននោះ គឺត្រូវលើកលែងការបង់ថ្លៃ៕


No comments:

Post a Comment