Wednesday, November 08, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ (ចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣)


 ជូនលោក David Whitehouse៖

១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះ ក៏ដោយ។ 

២. ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្មឹនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត  ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។ 

៣. ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ ។ 

៤. ផ្ទុយទៅវិញ ខ្ញុំក៏ដូចអ្នកសិក្សាស្រាវជ្រាវដទៃទៀតដែរ តែងពេញចិត្តនូវការផ្តល់វាយតម្លៃ ផ្តល់មតិ ចំពោះសមិទ្ធផលការងាររបស់យើង, ជាពិសេស ពីសំណាក់អ្នកដែលមានសមត្ថភាពជំនាញ រួមទាំងអ្នកសិក្សាអ្នកស្រាវជ្រាវដទៃទៀតផងដែរ ។ តាមពិតទៅ, ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍និងបានស្នើសុំមកខ្ញុំ ដែលក្នុងនោះ រួមមានទាំងអ្នកសិក្សាស្រាវជ្រាវផងដែរ ។ 

លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។ 

៥. ដូច្នេះ, ខ្ញុំសូមឆ្លៀតឱកាសនេះ ចែករំលែកនូវសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាសាធារណៈ នាពេលនេះ ដើម្បីឱ្យលោក និងអ្នកដែលមានចំណាប់អារម្មណ៍ដទៃទៀត អានស្នាដៃសិក្សាទាំងនេះ ដែលខ្ញុំបានសរសេរ និងបញ្ចប់កាលពីជាង ២១ ឆ្នាំ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង ១៦ ឆ្នាំមុន (ថ្នាក់បណ្ឌិត) មកម៉្លេះ ។ 

៦. សូមជូនពរលោក និងរីករាយអាននិក្ខេបបទរបស់ខ្ញុំ។

Response to Mr. David Whitehouse’s open letter to me regarding his request for my PhD Thesis (Published in the Diplomat magazine, dated November 08, 2023) : 

Dear Mr. David Whitehouse, 

1. I appreciate your interest in obtaining a copy of my PhD thesis, though I am not sure about your motive for seeking this academic work. 

2. I am sorry to hear that you have had difficulty in obtaining a copy from the University of Bristol. I do not know what is the rule of the University regarding giving out students’ works, such as my thesis. To the best of my memory, I have never requested Bristol University to keep my thesis confidential. 

3. There is no reason for me to keep my thesis strictly confidential. It is after all an academic work, which has resulted from many years of research and analysis works, regular consultations with my supervisor, Professor Jonathan Temple; as well as thesis defense in front of a panel of professors to get the final approval. 

4. On the contrary, I, just like any academic researcher, would welcome very any feedback given to my works especially from qualified persons, including other academics and researchers. In fact, I have given out my thesis to a number of people in the past, including academics and researchers, who requested it. 

It would be the same for you, if you had requested directly to me earlier.  

5. I would like to take this opportunity to share my theses, both Master’s and PhD’s, publicly, so that you and also anyone who maybe interested to read these works, which I wrote 22 years and 15years ago, respectively. 

6. I wish all the best and Happy Reading.


https://t.me/KhmerUnityOfficial/43524

 

Download (PDF, 332KB)

Download (PDF, 3.34MB)

ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសរំលឹកខួបអនុវស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ “៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣”

 


នៅថ្ងៃទី  ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ ( វិច្ឆិកា ១៩៥៣ -  វិច្ឆិកា ២០២៣)







ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំគណៈប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ឱកាសទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ


 នារសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ហើយបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរព្រះវិញ្ញាណក្ខន្ធ នៅសិលាចារឹកព្រះរាជបណ្តាំ នៅសួនព្រះបរមរតនកោដ្ឋ ខាងមុខព្រះបរមរាជវាំង 













សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ លី ឈាវមីង មេបញ្ជាការកងទ័ពជើងគោកចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ លី ឈាវមីង (General Li Qiaoming) មេបញ្ជាការកងទ័ពជើងគោកចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះដែរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ លី ឈាវមីង។


ក្នុងជំនួបនេះ សមភាគីទាំងពីរ បានបង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងក្នុងប្រវត្តិសាស្រ្តជាង ២,០០០ឆ្នាំ រវាងកម្ពុជា-ចិន ក៏ដូចជាការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៨ ដែលជាស្នាព្រះហស្ថ និងស្នាដៃដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតរបស់ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ ដែលត្រូវបានពូនជ្រុំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។


គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ លី ឈាវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ក្នុងប្រវត្តិសាស្រ្តទំនាក់ទំនងកងទ័ពជើងគោកប្រទេសទាំងពីរ ដែលការណ៍នេះ នឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕








បទវិចារណកថា៖ មោទកភាពជាតិអាចរក្សាបានដោយសារ ឯករាជ្យភាព សន្តិភាព និង​ការអភិវឌ្ឍ



ថ្ងៃស្អែក គឺជាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចង​ចាំ​បានថាជាថ្ងៃដែលកម្ពុជាបានទទួលឯករាជ្យភាព ពីនឹមអាណានិគមនិយមបារាំង ប៉ុន្តែ​សូម​កុំ​ភ្លេចមោទកភាពជាតិរបស់កម្ពុជា ក៏ត្រូវការមានសន្តិភាព និងការអភិវឌ្ឍផងដែរ។

សង្គមមួយដែលមានមោទកភាពជាតិ និងវឌ្ឍនភាពសង្គមជានិរន្តន៍បាន គឺត្រូវ​ការ​ជា​ចាំ​បាច់​នូវ​មូល​បទទាំងបីនេះ គឺ​ឯករាជ្យភាព សន្តិភាព និង ការអភិវឌ្ឍ ដូច្នេះ​យើង​ទាំង​អស់​គ្នាត្រូវ​តែយក​ចិត្ត​ទុកដាក់ និងត្រូវធ្វើយ៉ាងណាពូនជ្រុំក៏ដូចជា​ថែរក្សាមូល​បទទាំង​បីឱ្យ​បន្ត​មាន​នៅក្នុង​សង្គ​មកម្ពុជា​ជានិច្ច។

ឯករាជ្យភាព សន្តិភាព និង ការអភិវឌ្ឍ នេះ គឺត្រូវការគ្នាទៅវិញទៅមក មិនអាចអត់​មួយ​ណា​បានឡើយ ។ នៅក្នុងដំណើរវិវត្តន៍ទៅមុខរបស់សង្គមមនុស្ស ការបាត់បង់ឬ​ក៏អន់ថយ​នៅចំណុច​ណា​មួយ នៃមូលបទទាំងបី គឺពិតជាប៉ះពាល់ដល់តម្លៃ និងមូលដ្ឋាននៅក្នុងការ​ទ្រទ្រង់​មោទកភាព​ជាតិ​នៅថ្ងៃអនាគតជាមិនខាន។

ជាការពិត ប្រសិនបើកម្ពុជាមិនទទួលបាន​ឯករាជ្យពេញលេញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ នោះទេ ក៏គ្មានជាតិសាសន៍ និងអត្តសញ្ញាណជាតិខ្មែរមកដល់​បច្ចុប្បន្ននេះឡើយ ដូច្នេះការ​ដែល​យើង​ជួបជុំគ្នា រម្លឹកខួប៧០ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលជាស្នាព្រហស្ថ និងព្រះ​រាជ​បូជ​នីយ​កិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជារឿងដែលយើងត្រូវតែធ្វើនៅក្នុងនាមជាកុលបុត្រខ្មែរ ជាម្ចាស់​ជោគ​វាសនានៃព្រះរាជាណាចក្រកម្ពុជា។

​ព្រឹត្តិការណ៍នេះ បង្ហាញពីសមត្ថភាព និងថាមពល ដែលពលរដ្ឋកម្ពុជា​អាចមាន​សមត្ថភាព​ដណ្តើម​បានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជា ​ក្រោយពេល​ដែលបានបាត់បង់នូវឥស្សរភាព តាំងតែពីថ្ងៃទី១១ ខែ​សីហា ឆ្នាំ​​១៨៦៣ មកនោះ​។

ព្រឹត្តិការណ៍ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ គឺជាសក្ខីភាពនៃវីរភាពរបស់កុលបត្រខ្មែរ លើអាណា​និគម​និយម​បារាំង ប៉ុន្តែឥស្សរភាពនេះបានស្រអាប់ជាបន្តបន្ទាប់ប្រមាណជាជិត ៣ទស្សវត្សរ៍ ដោយសារ​យើងមិនទុកចិត្តគ្នា ហើយនាំគ្នាធ្វើឱ្យសន្តិភាពមានភាពរង្គោះរង្គើ ប្រទេសធ្លាក់​នៅក្នុង​ភ្នក់​ភ្លើងសង្រ្គាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ​រហូតដល់ធ្លាក់​ខ្លួននៅ​ក្នុង​របបវាលពិឃាត ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ​១៩៧៩ និងការ​បែក​បាក់​ទឹកដីជាដុំ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើបកម្ពុជាមានសន្តិភាពពេញបរិបូណ៍ ។​

ក្រោយពេលដែលមានឯករាជ្យ មានសន្តិភាពនេះហើយ ទើបបាន​ជាចរន្ត​នៃការ​អភិវឌ្ឍ​កម្ពុជា​មាន​សន្ទុះ​ឡើងយ៉ាងឆាប់រហ័ស និងបន្តកើតមានជាបន្តបន្ទាប់ ហើយ​ប្រាក់ចំណូល​មធ្យម​សម្រាប់​​ពលរដ្ឋ​ម្នាក់ៗ​ រំពឹងថានឹងឡើងពី ១ ៩១៧​ដុល្លារ នៅឆ្នាំ២០២៣ ទៅដល់​២ ០៧១ ដុល្លារ​នៅឆ្នាំ២០២៤ ខណៈដែលទុនបម្រុងអន្តរជាតិកើនឡើងពី ១៩ ៤៣៧ ដុល្លារ​ទៅដល់ ២១ ២៨៥ លានដុល្លារ រីឯអតិផរណា ស្ថិតនៅក្នុងរង្វង់ត្រឹមតែ ២,៥​ភាគរយ ខណៈដែល​នៅប្រទេស​មួយ​ចំនួន សូម្បីតែប្រទេសមហាអំណាចក៏លើសនេះ២ដងឯណោះក៏មាន។

សមិទ្ធផលចាប់តាំងពីមានសន្តិភាពរហូតមកដល់ពេលនេះ នៅមានច្រើនថែមទៀត ជាពិសេស​គឺ​ហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្តជាស្ពាន និងផ្លូវថ្នល់ អាកាសយានដ្ឋាន គឺសុទ្ធតែកសាងថ្មី មិនមែន​កម្ពុជា​បន្ត​រស់នៅក្នុងកេរ្តិ៍ដំណែលពីមុនឡើយ។ សំណង់អគារខ្ពស់ៗ កើតមាន​មិនត្រឹម​តែនៅ​រាជធានី​ភ្នំពេញ និង​ខេត្តព្រះសីហនុនោះទេ គឺនៅតាមខេត្តនានា ក៏កំពុងតែរីកដុះដាលជាច្រើនផងដែរ​។ កម្រិតជីវភាព ក៏ដូចជាស្តង់ដារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការប្រែប្រួល​គួរ​ជាទី​កត់​សម្គាល់ ហើយសក្ខីភាពនេះគឺយើងបាន​ឃើញនៅក្នុងអំឡុងពេលនៃ​ការរីករាល​ដាល​នៃ​មេរោគកូវីដ១៩ ខណៈដែលប្រទេសជាច្រើនមានអ្នកជំងឺគ្មានកន្លែងសម្រាក តែកម្ពុជា អាចទ្រទ្រង់​សភាព​ការណ៍បាន ហើយនៅពេលនេះនៅសល់មូលនិធិ ដែលអាចបម្លែង​ទៅជាមន្ទីរ​ពេទ្យ​ឯកទេស និងសាងសង់មន្ទីរពេទ្យប្រមាណមួយម៉ឺនគ្រែ សម្រាប់ត្រៀមផងដែរ។​

សរុបមកវិញ​សូមឱ្យស្មារតីនៃឯករាជ្យជាតិ​បន្តស្ថិតស្ថេរ ប៉ុន្តែកុំភ្លេចបន្តពូនជ្រុំ និងថែទាំ ព្រម​ទាំង​ការ​ពារឱ្យបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដូច្នេះក្នុងករណី​បាត់​បង់​មូល​បទ​ណា​មួយ តម្លៃនៃមោទកភាពជាតិនឹងប្រែប្រួលទៅតាមនោះ ហើយកិត្យានុភាព និងកិត្តិ​នាម​ជាតិ​ក៏នឹង​ស្រអាប់ផងដែរ៕

ប្រភព៖ AKP


 

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ


នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព។


គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីសំខាន់ៗដូចជា៖ ដឹកនាំគាំទ្រ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ, រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, រៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធី កែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល។ គណៈកម្មាធិការនេះ ក៏មានតួនាទីលើកសំណើជូនរាជរដ្ឋាភិបាល អនុម័តលើគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងផែនការសកម្មភាពបម្រើឱ្យការកែទម្រង់ រដ្ឋបាលសាធារណៈជាដើម។


នៅក្នុងនីតិកាលថ្មីនេះ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ រាជរដ្ឋបាល បានសម្រេចរៀបចំព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានចំនួន ២១មាត្រា។ ព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈដែលកែសម្រួលថ្មីនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។


ចំណុចសំខាន់ៗដែលបានកែសម្រួល គឺសមាសភាពរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈមានបន្ថែមប្រធាន អនុគណៈកម្មាធិការ ទាំង៤ នៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនិងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យសមស្របតាមប្រភេទ និងទំហំការងារដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវទទួលបន្ទុក។


អនុគណៈកម្មាធិការទាំង៤ រួមមាន៖ ១) អនុគណៈកម្មាធិការ បរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រី៕











សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាហ្សា នឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេលើពិភពលោក


សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះផ្សាយនូវសារមួយ នៅលើបណ្តាញសង្គម Facebook និង Chanel Telegarm ផ្លូវការរបស់សម្តេច ដោយសម្តេចបានគូសបញ្ជាក់ថា ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាហ្សា នឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ សម្តេចតេជោ បានបន្តថា កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា តែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយគាត់បានថ្លែងថា នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង។ 


សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមថា ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។


សម្តេចតេជោ ក៏បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ ជាមួយគ្នានេះដែរ សម្តេច ក៏បានអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្រ្ទីបទាំងមូល៕

កម្ពុជា ស្នើភាគីចិនបញ្ជូនអ្នកជំនាញឲ្យសិក្សាពីគម្រោង ព្រែកជីកហ្វូណនតេជោ ឲ្យបានបញ្ចប់ឆាប់រហ័ស


ភ្នំពេញ÷ ក្នុងឱកាសខួប១ឆ្នាំការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ភាគីចិនបញ្ជូនអ្នកជំនាញឲ្យសិក្សាពីគម្រោង ព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបញ្ចប់បានឆាប់រហ័ស។


នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពង់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វ៉ិនធាន ឯកអគ្គរាជទូតចិនប្រជាកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចាវ យ៉ុង (Zhou Yong) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។


ឯកឧត្តមឧបនួករដ្ឋមន្រ្តី មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបាន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។


នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម វ៉ាង វិនធៀនអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។


បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងថា គម្រោងសំខាន់ៗផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សា ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ៕ ដោយ ÷ ឧត្តម