Saturday, September 25, 2021

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្ររបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦

ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា បានគាំទ្ររបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ(WPS) ដែលនឹងធ្វើសមាហរណកម្មនៃទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា។



ក្នុងសុន្ទរកថា ថ្លែទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព។ កម្ពុជាសូមបញ្ជាក់ជាថ្មី អំពីជំហរដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានរួមចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧ ៥០០នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗ នៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិ ហើយកងកម្លាំងរបស់យើងមួយចំនួនបានធ្វើពលីកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស្លូតត្រង់។


លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្ដួចផ្ដើមរក្សាសន្តិភាពបូក (A4P+) របស់ឯកឧត្ដមអគ្គលេខាធិការ។ ជាមួយគ្នានេះ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារនូវអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប។ អង្គការនេះត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង។

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថាក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយថា កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក។ កម្ពុជានឹងបន្តជំរុញកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និងសុខដុម ជាមួយនឹងការការពារដល់ពលករចំណាកស្រុក របៀបវារៈការអភិវឌ្ឍ ដែលមានភាពបៃតង និងបរិយាប័ន្ន ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យ៕

ដោយ ជឹម ណារី

សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៦

 សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៦

ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១






Phnom Penh (FN), Sep. 25 – Below is Cambodian prime minister Hun Sen’s remarks at the high-level General Debate of the 76th Session of the United Nations General Assembly (76th UNGA) under the theme “Building resilience through hope – to recover from COVID19, rebuild sustainably, respond to the needs of the planet, respects the right of people, and revitalise the United Nations”, on 25 September 2021, in New York.

Read in full below.








សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសភាពការណ៍នៃជំងឺកូវីដ-១៩ និងការផ្អាកនូវការប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (មានវីដេអូ)

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញមកសូមការយោគយល់ពីជនរួមជាតិ ចំពោះការសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរក្សាអាយុជីវិតឱ្យបាន គឺជារឿងដ៏សំខាន់បំផុត ហើយការរក្សាជីវិតបាន នឹងមិនខ្វះពេលវេលាសម្រាប់ធ្វើបុណ្យទាននោះឡើយ។


តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាហានិភ័យខ្ពស់ណាស់ ប្រសិនបើបន្តមានការជួបជុំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបន្តទៅទៀត ខណៈអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១០ម៉ឺននាក់ និងអ្នកស្លាប់មានរហូតដល់ជាង ២ពាន់នាក់។ មិនតែប៉ុណ្ណោះមេរោគបំប្លែងដែលតា កំពុងរាតត្បាតកាន់តែខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន ខណៈដែលការកាន់បិណ្ឌរយៈពេលពីរថ្ងៃកន្លងទៅ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើងនូវជំងឺកូវីដ១៩ គួរឱ្យកត់សម្គាល់នោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាមេដឹកនាំមួយរូប សម្តេចមិនអាចឈរឱបដៃមើលភាពមហន្តរាយដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ពិតជាមិនអាចឱបដៃឈរមើលការឆ្លង និងឈានទៅដល់ការស្លាប់របស់ប្រជាជនយើងដោយសារការធ្វេសប្រហែសនោះទេ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចពិតជាចង់ធ្វើបុណ្យធ្វើទាន តែបើពិធីនេះធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋមិនអាចធ្វើទៅបាននោះឡើយ។ សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបានមិនខ្វះពេលធ្វើបុណ្យទាននោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «បញ្ហាមានធ្ងន់មានស្រាល តែបញ្ហាអាយុជីវិត និងសុខភាពប្រជាជនជាបញ្ហាអាទិភាពខ្ពស់បំផុត។ ការពារជីវិតបាន មានពេលវេលាច្រើនណាស់ ដើម្បីនឹងធ្វើបុណ្យធ្វើទានតទៅទៀត ប្រសិនបើយើងស្លាប់ដោយសារកូវីដ១៩ គឺយើងគ្មានឱកាសធ្វើបុណ្យទេ។ ទំនួញប្រែតពេលភ្ជុំ គឺពិតជាធ្វើឱ្យយើងចង់ទៅវត្ត តែបើទៅវត្តដើម្បីនាំជំងឺ ឬនាំជំងឺទៅវត្តអារាម វាមិនមែនជាជម្រើសដ៏ល្អនោះទេ»។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការយោគយល់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «សង្ឃឹមថា សម្តេច ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទរបស់យើងមានការយោគយល់ដល់ការលំបាករបស់ខ្ញុំព្រះករុណាខ្ញុំក្នុងការសម្រេចចិត្តធ្វើបែបនេះ ដើម្បីធានាដល់ជីវិតប្រជាជនយើង»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា បានសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីរកឃើញមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងទីអារាមមួយចំនួន។ ក្នុងសារសំឡេងនាព្រឹកមិញនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនឱ្យកាត់ផ្តាច់ការនាំចង្ហាន់ ឬទេយ្យទាន របស់ប្រជាពុទ្ធបរិស័ទទៅទីអារាមនោះទេ តែត្រូវសហការជាមួយអាជ្ញាធរក្នុងយកចង្ហាន់ ឬទេយ្យទាននោះទៅទីអារាម ដើម្បីការពារការចម្លង និងរីករាលដាលជំងឺកូវីដ១៩។

សម្តេចតេជោ សង្ឃឹមថា អាជ្ញាធរគ្រប់ផ្នែកនឹងសហការគ្នារិះរកវិធីសហការជាមួយប្រជាពុទ្ធបរិស័ទ ដើម្បីធានាថា ព្រះសង្ឃទទួលបានចង្ហាន់ និងទេយ្យទានក្នុងដំណាក់កាលដ៏លំបាកនេះ។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការឈប់សម្រាក និងការធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺនៅរក្សាដដែល តែក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមវិធានរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

ក្នុងសារសំឡេងព្រឹកថ្ងៃនេះ សម្តេចតេជោ ក៏បានឆ្លៀតបញ្ជាក់ផងដែរថា ចំពោះចម្ងល់មួយចំនួនថា ហេតុអ្វីចាក់វ៉ាក់សាំង បានច្រើនហើយ នៅតែមិនអាចទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ១៩?

សម្តេចតេជោ បានបញ្ជាក់លើចំណុចនេះយ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនថា ដូចដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយ វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់តែ។ វ៉ាក់សាំងគ្រាន់តែកាត់បន្ថយនូវការឆ្លង ហើយនៅពេលឆ្លងរួចហើយ កាត់បន្ថយមិនឱ្យមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ។ ប៉ុន្តែវិធានការសុខាភិបាលទៅវិញទេ ដែលជាវិធានការត្រូវប្រកាន់យក ដែលយើងច្រើននិយាយដោយសាមញ្ញថា [៣ការពារ ៣កុំ]»៕