Tuesday, May 11, 2021

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២-១៨ ខែឧសភា, ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

 ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែឧភា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុង១សប្តាហ៍ទៅមុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិតមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តខាងកើត ជាប់ប្រទេសវៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា ៕



រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវី-១៩ ចំនួន២១

 កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវី-១៩ ចំនួន២១ (ជាកម្មករ កម្មការិនី រោងចក្រ លីឈាងខប ស្រុកបាធាយ១២នាក់ ស្រុកកងមាស៧នាក់ និងស្រុកចំការលើ ០២នាក់ ) ក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១៕

សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖





ប្រជាពលរដ្ឋ២០០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទទួលបានស្បៀងពីសប្បុរសជន

 ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ (COVID-19) ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសជួយសម្រួលការលំបាក ជាមួយអាជ្ញាធរសង្កាត់បឹងសាឡាង ក្នុងការឧបត្ថម្ភ ចែកជូនពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ ដោយការឆ្លងកូវីដ១៩ ក្នុងភូមិសាស្រ្តតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

លោក អ៊ឹង វណ្ណារិទ្ធិ ប្រធានក្រុមហ៊ុន ជីវ៉ាយ ម៉ាស៊ីនដេរ ខូអិលធីឌី (Gvai Sewing Machine Co.,Ltd) នាំចូលម៉ាស៊ីនដេរស្វ័យប្រវត្តិ សំរាប់ឧស្សាហ៍កម្មកាត់ដេរ និង ជាអគ្គនាយកក្រុមហ៊ុន ហ្រ្គេតវ៉ាយគ្លូបលគ្រេឌីង ខូអិលធីឌី (Great Vai Global Trading Co.,Ltd) នាំចូលផលិតផល ប្រេងរំអិលម៉ាក ជឺលូ (GERLU) ផ្តាច់មុខពីប្រទេសអារ៉ាប់ (UAE) និងប្រេងជំនួយម៉ាក កាតាឃ្លីន(CATACLEAN) មកពីចក្រភពអង់គ្លេស (UK) បានឧបត្ថម្ភស្បៀងមួយចំនួន។

ស្បៀងទាំងនោះ រួមមាន៖ អង្ករផ្កាខ្ញី៥តោន, ឆៃប៉ូវផ្អែម ចំនួន២០០គីឡូក្រាម, ទឹកត្រីចំនួន១,២០០ដប, អាហារបំប៉នចំនួន២០០កំប៉ុង, ម៉ាសការពារចំនួន ២៥,០០០ម៉ាស ចែកជូនដល់ពលរដ្ឋប្រមាណ ២០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម, ឆៃពៅផ្អែម១គីឡូក្រាម, ទឹកត្រី៦ដប, ម៉ាស១ប្រអប់, អាហារបំប៉នចំនួន១កំប៉ុង។

ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅអាគារក្រុមហ៊ុន ជីវ៉ាយ ម៉ាស៊ីនដេរ (Gvai Sewing Machine Co.,Ltd) ក្នុងសង្កាត់បិងសាឡាង ក្រោមវត្តមានលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក, លោក កែវ សុភា អភិបាលរងខណ្ឌ, លោកចៅសង្កាត់បឹងសាឡាងនិងលោក អ៊ឹង វណ្ណារិទ្ធិ ប្រធានក្រុមហ៊ុន ជីវ៉ាយ ម៉ាស៊ីនដេរ ខូអិលធីឌី (Gvai Sewing Machine Co.,Ltd) និងជាអគ្គនាយក ក្រុមហ៊ុន ហ្រ្គេតវ៉ាយគ្លូបលគ្រេឌីង ខូអិលធីឌី (Great Vai Global Trading Co.,Ltd) និងក្រុមគ្រួសារ បុគ្គលិក។

អំណោយជាស្បៀងសង្គ្រោះបន្ទាន់ ខាងលើនេះ ត្រូវបានអាជ្ញាធរសង្កាត់ បិងសាឡាង ដឹកយកទៅចែកជូនបន្តភ្លាមៗជូនពលរដ្ឋទាំង២០០គ្រួសារ ដែលរងចាំនៅសាលាសង្កាត់បឹងសឡាង នាព្រឹកថ្ងៃដដែលនោះដែរ។

អាជ្ញាសង្កាត់ ក៏ដូចជាប្រជាពលរដ្ឋ បានបង្ហាញក្តីត្រេកអរ និងអរគុណចំពោះក្រុមហ៊ុនខាងលើ ដែលរួមសុខរួមទុក្ខ ជាមួយអាជ្ញាធរដែនដី ដែលខ្លួនមានអាជីវកម្មតាំងនៅ ពិសេសក្តីអាណិតអាសូ និងគិតគូពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តតំបន់ក្រហម ដោយសារតែការចម្លង នៃមេរោគកូវីដ១៩ ពាក់ព័ន្ធនឹងព្រិត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមកដល់ថ្ងៃនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយនោះទេ។

គួររំលឹកផងថា កាលពីអំឡុងសប្តាហ៍ទី៤ នៃខែកុម្ភៈ កន្លងមកនេះ ក្រុមហ៊ុន ហ្រ្គេត វ៉ាយ គ្លូបល ត្រេឌីង និងក្រុមហ៊ុនជីវ៉ាយម៉ាស៊ីនដេរ ធ្លាប់បានចូលរួមសហការ ជាមួយអាជ្ញាធរខណ្ឌទួលគោក ដោយធ្វើសកម្មភាពជាមួយអាជ្ញាធរសង្កាត់ផ្សារដើមគរ និងគណៈកម្មការផ្សារដើមគរ ចុះចែកម៉ាស អាល់កុល របាំងមុខ ចែកជូនដោយ ឥតគិតថ្លៃ ដល់សាធារណៈជន និងអ្នកដំណើរទូទៅ ដែលធ្វើដំណើរឆ្លងកាត់មហាវិថីម៉ៅសេទុង ចំណុចក្រោមស្ពានអាកាស និងស្តុបថ្មើជើង ផ្សារដើមគរ ក៏ដូចជាអាជីវករ អ្នកលក់ដូរ ជុំវិញផ្សារដើមគរ និងផ្សារនាគមាស និងប្រជាពលរដ្ឋ ដែលជាប្រជាសហគមន៍ ក្នុងសង្កាត់ផ្សារដើមគរ មួយចំនួនទៀតផងដែរ៕




រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ត្រង់ចំណុចទួលស្វាយ ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ

 រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ត្រង់ចំណុចទួលស្វាយ ភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការសម្រចជាថ្មី បន្ទាប់ពីរកឃើញមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ រស់នៅក្នុងទីតាំងខាងលើនេះ ។

សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងនៅខាងក្រោម៖





ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម» ខណ្ឌឬស្សីកែវចំនួន៨០០បន្ទប់ ទទួលបានការបញ្ចុះតម្លៃ៥០ភាគរយ ពីម្ចាស់បន្ទប់លោកឧញ៉ា ស្រី ស៉ីណា

 (ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ ថា ចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលស្នាក់នៅផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ។

ការបញ្ជាក់របស់លោក ជា ពិសី បានធ្វើឡើង បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានសំណូមពរឱ្យជួយបញ្ចុះតម្លៃផ្ទះជួល និងបន្ទប់ជួលពីប្រជាពលរដ្ឋ និងកម្មករកម្មការិនី ពិសេសទទួលបានការឯកភាពទាំងស្រុង លើការបន្ធូបន្ថយ ថ្លៃផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ពីម្ចាស់បន្ទប់លោកឧញ៉ា ស្រី ស៉ីណា ស្ថិតនៅក្នុងផ្សារសុភមង្គល «តំបន់ក្រហម» ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ថា ដើម្បីរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងបន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ និងកម្មករកម្មការិនីស្នាក់នៅផ្ទះជួល និងបន្ទប់ជួល តាមរយះរដ្ឋបាលខណ្ឌ, លោកឧញ៉ា ស្រី ស៉ីណា ដែលជាម្ចាស់បានឯកភាពទាំងស្រុង ក្នុងការបន្ធូបន្ថយបញ្ចុះតម្លៃផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» មកនៅត្រឹម ៥០% ប៉ុណ្ណោះចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ៕





(វីដេអូ)៖ ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់ បញ្ចប់ត្រឹមទាយាទចុងក្រោយ!

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដាក់ភ្លើងស្តុបត្រង់ចំណុចផ្លូវបំបែកស្គន់និងចុះស្រាវជ្រាវកម្មករ-កម្មការិនីពាក់ព័ន្ធនឹងអ្នកកើតជម្ងឺកូវីដ១៩ នៅក្នុងរោងចក្រ លី ឈាងខប

កំពង់ចាម៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទាន់ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ទៅលើកម្មការិនី ចំនួន៧នាក់នៅក្នុងរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។ 


នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា បន្ទាប់ពីការរកឃើញករណីវិជ្ជមាន លើកម្មការិនី ចំនួន៧នាក់ ហើយរកឃើញកម្មករ-កម្មការិនី ប្រមាណជាជាង ២០០នាក់ ជាអ្នកប៉ះពាល់ដោយផ្ទាល់នៅក្នុងរោងចក្រ លី ឈាងខប។ យើងត្រូវយកអ្នកពាក់ព័ន្ធទាំងអស់នោះដើម្បីនាំមកធ្វើតេស្ត និងពិនិត្យសំណាករកមេរោគងឺកូវីដ១៩ និងបាននាំពួកគាត់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងស្រុកបាធាយ តែម្ដង ក្រៅពីនោះរោងចក្រ លី ឈាងខប ត្រូវបានសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្នសិន។ លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា ចំពោះភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយមានកម្មករ-កម្មការិនីចំនួន៦នាក់ ដែលវិជ្ជមានកូវីដ-១៩ ពួកគាត់មានលំនៅដ្ឋាន នៅភូមិនោះ ហេតុដូច្នេះអាជ្ញាធរខេត្តត្រូវសម្រេចបិទខ្ទប់ភូមិនោះផងដែរ។  


ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលទីតាំង ដើម្បីតម្លើងភ្លើងស្តុបចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៦ បំបែកទៅខេត្តកំពង់ធំ ចំណុចខាងមុខវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលនឹងធ្វើការដំឡើងនៅពេលឆាប់ៗខាងមុខ។ 


តាមការគូសបញ្ជាក់របស់អភិបាលខេត្តកំពង់ចាមបានឲ្យដឹងផងដែរថា នៅលើផ្លូវជាតិលេខ៦ A ស្ថិតនៅ ចំណុចផ្លូវបំបែក ខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំដាក់ភ្លើងសញ្ញាចរាចរណ៍ដើម្បីរួមចំណែកកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍តាមការស្នើសុំ របស់អាជ្ញាធរខេត្តកំពង់ចាម ហើយភ្លើងសញ្ញាសារាចរណ៍នោះ នឹងរៀបចំដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕





នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោក ឃួង ស្រេង ត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

 ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមការងារចាក់វាក់សាំង ក្រសួងការពារជាតិជាច្រើនរូបទៀត កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅនេះ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើង ដោយក្រុមគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោកសំអាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ដែលតំបន់ក្រហមនេះ មាន៤ភូមិ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រួមមានភូមិលេខ១៤ ភូមិលេខ១៦, ភូមិលេខ១៧ និងភូមិលេខ១០។ ប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់បឹងសាឡាង ដែលមានស្មគ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ហើយពេលមកចាក់វាក់សាំងត្រូវអនុវត្តនូវវិធានការ « ៣ការពារ និង ៣កុំ ជានិច្ច»។

លោក ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាងនេះ គឺធ្វើឡើងក្រោយមានការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញមកកាន់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក បានបន្តថា តាមការគិតគូរយ៉ាងយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់តំបន់ក្រហម ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នោះ នឹងទទួលបានការចាក់វ៉ាក់សាំងឆាប់ៗនេះផងដែរ ព្រោះគោលបំណងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

តាមរបាយការណ៍ ក្រុមការងារចាក់វាក់សាំងរបស់ក្រសួងការពារជាតិ គិតត្រឹមនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតំបន់ក្រហមបានចំនួន ៣៥១,៥៣៧នាក់៕






ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវី-១៩ថ្មីចំនួន៤៨០នាក់ នឹងមានអ្នកស្លាប់ ៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩

 ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការសរុបស្ថានភាពជំងឺកូវីដ-១៩។ 

សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមាន មានអ្នកឆ្លងសុរបចំនួន ២០,២២៣នាក់  អ្នកឆ្លងថ្មីចំនួន៤៨០នាក់ អ្នកស្លាប់ថ្មី៥នាក់ ហើយអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនរហូតដល់១៣១នាក់ នៅទូទាំងប្រទេស៕




ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស នឹងដឹកមកដល់កម្ពុជា

 វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។

វ៉ាក់សាំងកូវីដ១៩ ត្រូវបានគេមើលឃើញថា ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះប្រជាពលរដ្ឋជាង ១.៨លាននាក់ហើយ បានចាក់វ៉ាក់សាំង។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា នឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ។

សម្រាប់ឆ្នាំ២០២១នេះ នឹងមានវ៉ាក់សាំងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែឧសភា វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូសទៀត។ បើតាមលោកនាយករដ្ឋមន្រ្ដី បញ្ជាក់កន្លងទៅ ក្នុងខែឧសភា នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងសរុបរហូត ១លាន ៥សែនដូស។ ដោយឡែកខែមិថុនា មានចំនួន ៣លានដូស, ខែកក្កដា ២លានដូស, ខែសីហា ១លានដូស។

កម្ពុជាបានក្លាយជាប្រទេសចំណាត់ថ្នាក់លេខ២ នៅអាស៊ាន បន្ទាប់ពីសិង្ហបុរី ជាប្រទេសចាក់វ៉ាក់សាំងបានលឿន និងបានច្រើនជូនប្រជាពលរដ្ឋ។ តាមរយៈវត្តមានវ៉ាក់សាំងនេះ នឹងជួយឱ្យកម្ពុជា អាចសម្រេចបាននូវផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលគ្រោងចាក់ពលរដ្ឋឱ្យបានជាង ១០លាននាក់ត្រឹមឆមាសទី១ ឆ្នាំ២០២២ ជាមួយការរំពឹងថា នឹងទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញ ៕