Tuesday, May 11, 2021

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោក ឃួង ស្រេង ត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

 ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមការងារចាក់វាក់សាំង ក្រសួងការពារជាតិជាច្រើនរូបទៀត កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅនេះ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើង ដោយក្រុមគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោកសំអាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ដែលតំបន់ក្រហមនេះ មាន៤ភូមិ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រួមមានភូមិលេខ១៤ ភូមិលេខ១៦, ភូមិលេខ១៧ និងភូមិលេខ១០។ ប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់បឹងសាឡាង ដែលមានស្មគ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ហើយពេលមកចាក់វាក់សាំងត្រូវអនុវត្តនូវវិធានការ « ៣ការពារ និង ៣កុំ ជានិច្ច»។

លោក ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាងនេះ គឺធ្វើឡើងក្រោយមានការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញមកកាន់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក បានបន្តថា តាមការគិតគូរយ៉ាងយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់តំបន់ក្រហម ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នោះ នឹងទទួលបានការចាក់វ៉ាក់សាំងឆាប់ៗនេះផងដែរ ព្រោះគោលបំណងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

តាមរបាយការណ៍ ក្រុមការងារចាក់វាក់សាំងរបស់ក្រសួងការពារជាតិ គិតត្រឹមនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតំបន់ក្រហមបានចំនួន ៣៥១,៥៣៧នាក់៕






No comments:

Post a Comment