Tuesday, May 11, 2021

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដាក់ភ្លើងស្តុបត្រង់ចំណុចផ្លូវបំបែកស្គន់និងចុះស្រាវជ្រាវកម្មករ-កម្មការិនីពាក់ព័ន្ធនឹងអ្នកកើតជម្ងឺកូវីដ១៩ នៅក្នុងរោងចក្រ លី ឈាងខប

កំពង់ចាម៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យបន្ទាន់ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ទៅលើកម្មការិនី ចំនួន៧នាក់នៅក្នុងរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។ 


នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា បន្ទាប់ពីការរកឃើញករណីវិជ្ជមាន លើកម្មការិនី ចំនួន៧នាក់ ហើយរកឃើញកម្មករ-កម្មការិនី ប្រមាណជាជាង ២០០នាក់ ជាអ្នកប៉ះពាល់ដោយផ្ទាល់នៅក្នុងរោងចក្រ លី ឈាងខប។ យើងត្រូវយកអ្នកពាក់ព័ន្ធទាំងអស់នោះដើម្បីនាំមកធ្វើតេស្ត និងពិនិត្យសំណាករកមេរោគងឺកូវីដ១៩ និងបាននាំពួកគាត់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងស្រុកបាធាយ តែម្ដង ក្រៅពីនោះរោងចក្រ លី ឈាងខប ត្រូវបានសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្នសិន។ លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា ចំពោះភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយមានកម្មករ-កម្មការិនីចំនួន៦នាក់ ដែលវិជ្ជមានកូវីដ-១៩ ពួកគាត់មានលំនៅដ្ឋាន នៅភូមិនោះ ហេតុដូច្នេះអាជ្ញាធរខេត្តត្រូវសម្រេចបិទខ្ទប់ភូមិនោះផងដែរ។  


ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលទីតាំង ដើម្បីតម្លើងភ្លើងស្តុបចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៦ បំបែកទៅខេត្តកំពង់ធំ ចំណុចខាងមុខវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលនឹងធ្វើការដំឡើងនៅពេលឆាប់ៗខាងមុខ។ 


តាមការគូសបញ្ជាក់របស់អភិបាលខេត្តកំពង់ចាមបានឲ្យដឹងផងដែរថា នៅលើផ្លូវជាតិលេខ៦ A ស្ថិតនៅ ចំណុចផ្លូវបំបែក ខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំដាក់ភ្លើងសញ្ញាចរាចរណ៍ដើម្បីរួមចំណែកកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍តាមការស្នើសុំ របស់អាជ្ញាធរខេត្តកំពង់ចាម ហើយភ្លើងសញ្ញាសារាចរណ៍នោះ នឹងរៀបចំដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕





No comments:

Post a Comment