Wednesday, July 31, 2019

លិខិតមិត្តអ្នកអាន៖ អាមេរិកចោទកម្ពុជានិងចិនដើម្បីបិទបាំងផែនការសម្ងាត់របស់ខ្លួនជាមួយស្រីល័ង្កានិងអូស្ត្រាលី!

យប់មិញ ពេលខ្ញុំឃើញកាសែតបរទេស២គឺ South China Morning Post និង The Business Insider Australia ចេញផ្សាយនូវអត្ថបទអំពីការបែកធ្លាយនូវកិច្ចព្រមព្រៀងសម្ងាត់ក្នុងការដាក់ និងពង្រីកវត្តមានយោធាជើងទឹកអាមេរិកនៅក្នុងប្រទេសស្រីល័ង្កានិងអូស្ត្រាលី ខ្ញុំពិតជាជឿថា ទេវតាពិតជាមានភ្នែកមែន និងតាមការពារអ្នករងគ្រោះដោយអំពើអយុត្តិធម៌ហើយផ្តន្ទាអ្នក ប្រ​ព្រឹត្តទង្វើអាក្រក់ដែលពោរពេញដោយពុតត្បុតមែន។ ប្រទេសកម្ពុជានិងប្រជាជនខ្មែរយើងពិតជាមានបារមីតាមជួយការពារថែរក្សាយ៉ាងពិតប្រាកដ។ ល្បែងឆ្ពិនភ្នែកដ៏អាក្រក់ «ស្វាស៊ីបាយរួចលាបមាត់ពពែ» ដោយសុខចិត្តទម្លាក់កំហុសលើអ្នកដទៃដើម្បីបិទបាំងផែនការសម្ងាត់ដ៏ធំរ​ប​ស់ខ្លួនត្រូវបានវែកមុខនិងបកអាក្រាតជាសាធារណៈអោយគេបានដឹងលឺខ្ទរខ្ទារពេញពិភពលោ​កហើយ។
«យោធាសហរដ្ឋអាមេរិកគ្រោងនឹងពង្រីកផែនការធ្វើនាវាចរថ្មីជាសម្ងាត់ដែលមានទឹកប្រាក់ 305 លានដុល្លារនៅប្រទេសអូស្ត្រាលី ប៉ុន្តែគ្មាននរណាម្នាក់ចង់និយាយអំពីរឿងនេះនោះទេ» នេះគឺជាចំណងជើងនៃអត្ថបទរបស់កាសែតអនឡាញ The Business Insider Australia ដែលចេញផ្សាយកាលពីថ្ងៃទី ៣០ កក្កដានេះ។ យោងតាមខ្លឹមសារនៃកាសែតនេះ ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាចំណាយថវិកា 305.9 លានដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹកនៅ Darwin ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី។ ប្រ​ភពដដែលក៏បានឲ្យដឹងថា យោងតាមសេចក្តីព្រាងច្បាប់របស់សភាអាមេរិកដែលទូរទស្សន៍អូស្ត្រាលី ABC ទទួលបាន គឺទឹកប្រាក់ចំនួន 211.5 ដុល្លារអាមេរិកត្រូវបានគេគ្រោងសម្រាប់សា​ងសង់មូលដ្ឋានកងទ័ពជើងទឹកអាមេរីកនៅរដ្ឋធានីភាគខាងជើងនៃប្រទេសអូស្ត្រាលីដោយនៅរង់ចាំតែការអនុម័តយល់ព្រមពីសមាជិកសភាអាមេរិកតែប៉ុណ្ណោះ។
សេចក្តីព្រាងច្បាប់ដដែលនេះ ក៏បានបញ្ជាក់ថា សំណង់យោធាត្រូវបានសាងសង់នៅចំណុចជុំវិញមហាសមុទ្រប៉ាស៊ីហ្វិករួមទាំងនៅកោះ Guam និង ជប៉ុន។ គំរោង Darwin គឺជាគំរោងដែ​លថ្លៃជាងគេលំដាប់ទី2 នៅក្នុងច្បាប់នេះបន្ទាប់ពីគំរោង Guam ដែលមានតំលៃខ្ពស់ជាងបន្តិចគឺ 327 លានដុល្លារ។ គម្រោង នេះបានកើតឡើងនៅពេលដែលភាពតានតឹងរវាងប្រទេសម​ហាអំណាចពិភពលោក ទាំងពីរនៅសមុទ្រចិនខាងត្បូងនិងប៉ាស៊ីហ្វិកកាន់តែរីកធំឡើងៗ។
កាលពីសប្តាហ៍មុន នាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់មួយថ្ងៃបន្ទាប់ពីប្រទេសចិនបានព្រមានថា ខ្លួននឹងប្រើកងកម្លាំងដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ប្រសិនបើគម្រោង Darwin នេះត្រូវបានអនុម័ត នេះគឺជាគម្រោងអភិវឌ្ឍយោធាដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិកនៅប្រទេសអូស្ត្រាលីនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាបែបនេះ​ក្តី ក៏អាជ្ញាធរនៃប្រទេសទាំង២គឺ អាមេរិក និងអូស្ត្រាលីស្ទាក់ស្ទើរក្នុងការនិយាយអំពីគ​ម្រោងសម្ងាត់នេះ។
ទោះជាយ៉ាងណា គម្រោង Darwin បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងវិស័យការពារជាតិដែលមានតម្លៃ 2ពាន់លានដុល្លារដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅភាគខាងជើងអូស្ត្រាលី។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះរួមមាន ដែនអាកាស កន្លែងស្នាក់នៅនិងកន្លែងហ្វឹកហាត់។ សហរដ្ឋអាមេរិកក៏កំពុងតែផ្តល់មូលនិធិដល់គម្រោង មួយនៅ Geraldton នៅភាគខាងលិចអូស្ត្រាលីហើយកាលពីឆ្នាំមុនក៏បានបញ្ជូនកងម៉ារីនអាមេរិកជាង 1,500 នាក់ ដែលជាការដោះដូរ កងកម្លាំងជើងទឹកអាមេរិកដ៏ធំបំផុតមិនធ្លាប់មាននៅអូស្ត្រាលី​។ សហរដ្ឋអាមេរិកក៏បានធ្វើប្រតិបត្តិការណ៍ Pine Gap រួចទៅហើយដែលជាមូលដ្ឋានស៊ើប​កា​រណ៍ដ៏សម្ងាត់របស់ខ្លួននៅ Alice Springs ហើយក៍នៅ មានកិច្ចព្រមព្រៀងជា មួយរដ្ឋាភិបាលអូស្រ្តាលីក្នុងការ ប្រើប្រាស់ មូលដ្ឋានទ័ពអាកាសអូស្ត្រាលី RAAF ថែមទៀត។
បញ្ហានេះវាបានកើតឡើងមិនដល់មួយសប្តាហ៍ទេបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិង អូ​ស្រ្តាលី បានសម្តែងការព្រួយបារម្ភចំពោះព័ត៌មានដែលថា មានកិច្ចព្រមព្រៀងសម្ងាត់រវាងប្រ​ទេសកម្ពុជានិងចិន ដែលនឹងអនុញ្ញាតឱ្យយោធាចិនចូលទៅប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជានៅជិតក្រុងព្រះសីហនុ។ ឥឡូវនេះ ក៏បែរជាមាន ការលេចធ្លាយមកថា គឺកងទ័ពអាមេរិកនិងអូស្ត្រាលីខ្លួនឯងឯណោះទៅវិញទេដែលបានចុះកិច្ចព្រមព្រៀងសម្ងាត់របស់ខ្លួន។ ព័ត៌មានដែលចុះផ្សាយដោយគេហទំព័រ The Business Insider Australia គឺជាពន្លឺដែលទម្លុះទម្លាយភាពមន្ទិលសង្ស័យទាំងឡាយជុំវិញការបង្កើតនិងប្រឌិតព័ត៌មានថា កម្ពុជានិងចិន បានចុះហត្ថលេខាសម្ងាត់ដែលអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេ​ត្តព្រះសីហនុ។
ព័ត៌មានមិនពិតនេះ ត្រូវបានភាគីកម្ពុជានិងចិន បដិសេធជាផ្លូវការរួចហើយ។ ហើយអាជ្ញាធរកម្ពុជាថែមទាំងបាននាំក្រុមអ្នកកាសែតជាតិនិងអន្តរជាតិអោយទៅពិនិត្យដល់ កន្លែងជាក់ស្តែងទៀតផង។ ប៉ុន្តែ ក៏នៅមានអ្នកជឿលើ ព័ត៌មានប្រឌិតនេះ ហើយបន្ដដាក់ការសង្ស័យចោទប្រកាន់មកលើកម្ពុជានិងចិនពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ មជ្ឈដ្ឋានក្រុមប្រឆាំងបម្រើបរទេសក៏នៅ តែបន្តយកបញ្ហាមិនពិត ដែលគេប្រឌិតឡើងនេះធ្វើជាប្រធានបទនៃការឃោសនាបង្ខូចបង្កាច់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ​ដែលដូចដែលប្រជាជនបារាំងតែងតែ និយាយថា « Qui se resemble, s’assemble » « ឆ្នាំ​ងណាគ្របហ្នឹង »។ ប៉ុន្តែ ក្រោយពីបានអានអត្ថបទរបស់កាសែតបរទេសទាំង២នេះ ខ្ញុំពិតជាអាចយល់បានយ៉ាង ច្បាស់ហើយថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកបង្កើតព័ត៌មានក្លែងក្លាយនេះឡើង។ ចម្លើយដ៏សាមញ្ញនិងងាយយល់បំផុតនោះ គឺដើម្បីបង្វែរសភាពការណ៍ឲ្យសាធារណៈមតិជាតិនិងអន្តរជាតិ ងាកមក ចាប់អារម្មណ៍លើ កម្ពុជានិងចិនដើម្បីបិទបាំងផែនការស​ម្ងាត់ដ៏ធំរបស់ខ្លួនជាមួយអូស្ត្រាលីនិងស្រីល័ង្កា។
ប៉ុន្តែ ពាក្យចាស់បូរាណ ពោលថា «ដំរីស្លាប់មិនអាចយកចង្អេបាំងបានឡើយ រឺ ក្រដាស់ក៏មិនអាចខ្ចប់ភ្លើងបានដែរ » ពោលគឺ ការពិតនៅតែជាការពិត។ ទីបំផុត ល្បិចកលទុច្ចរិតនេះត្រូវបានបំបែកដោយ សារព័ត៌មាន The Business Insider Australia និង South China Morning Post យ៉ាងទាន់ហន់បំផុត។ ម៉្យាងវិញទៀត ខ្ញុំក៏កាន់តែអាចវាយតំលៃបានកាន់តែច្បាស់ជាក់ស្តែងថែម ទៀតថា ការលើកឡើងច្រំដែលៗមិនចប់មិនហើយអំពីបញ្ហាថា កម្ពុជាគ្មានប្រជាធិប្បតេយ្យនិងសិទ្ធមនុស្សនិងការរំលាយអតីតបក្សប្រឆាំងគឺវាគ្មានអ្វីក្រៅតែយកធ្វើជាលេសដើ​ម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាផងហើយក៏ជាឈ្នាន់បំរើអោយផែនការក្នុងការបង្កើតបក្សអាយ៉ងរបស់ខ្លួនមួយនៅកម្ពុជាក្នុងគោលដៅបំរើអោយផលប្រយោជន៍ភូមិសាស្ត្រនយោ​បាយរបស់អាមេរីកតែប៉ុណ្ណោះ ។
ចុងក្រោយនេះ ដើម្បីជាផ្នែកមួយនៃការបង្វែរការចាប់អារម្មណ៍និងបន្លំភ្នែកសាធារណៈមតិ ស្ថា​នទូតអាមេរិកប្រចាំកម្ពុជា ក៏ទើបតែបានបង្កើតបញ្ហាថ្មីមួយទៀតនៅថ្ងៃ ៣០ កក្កដានេះដែរតាមរយៈការបញ្ចេញអត្ថបទវាយតម្លៃសភាពការណ៍បោះឆ្នោតនៅកម្ពុជាដែលផ្ទុយស្រឡះពីការពិត។ ការបង្កើតព័ត៌មានអកុសលជាបន្តបន្ទាប់អំពីកម្ពុជា ពិតជាមានបំណងច្បាស់លាស់ដោយប្រើប្រាស់យុទ្ធសាស្ត្រ កូរទឹកឲ្យល្អក់ដើម្បីបំពុលត្រី ឬនិយាយបែបផ្សេងគឺការ«ប្រើល្បិច ចោរស្រែកឲ្យគេចាប់ចោរ»។ ទោះយ៉ាងណា កម្ពុជាក៏មិនមែនជាត្រីក្នុងបឹងហើយក៏មិនបណ្តោ​យខ្លួនឲ្យគេវាយធ្វើបាបដោយចោទថាខ្លួនជាចោរនោះដែរ។ កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វ័យការពារដើម្បីរក្សាសុខសន្តិភាពនិង ដើម្បីជៀសផុតពីល្បែងហ្គេមស៊ីដាច់របស់បរទេស «Zero Sum Game»។
ពេលនេះ អាប៉ោងបើកគ្របហើយ។ ល្បែងហ្គេមក៏ល្មមអាចចប់ត្រឹមនេះដែរ។ សូមចងចាំថា ក្នុងយុគសម័យនេះ ប្រទេសណាក៏គិតពីប្រយោជន៍របស់ខ្លួនជាធំដែរ។ ក្នុងបរិបទពិភពលោ​កពហុប៉ូល ចង្ទុលបង្អែកក៏មានច្រើន មិនមែនមានតែមួយគត់ ដូចពីមុនទៀតទេ។ ដូច្នេះ កុំសូម្បីតែ ប្រយោជន៍របស់ខ្លួន សុខចិត្តមួលបង្កាច់ ជាន់ពន្លិចប្រទេសតូចតាច ព្រោះនយោបាយទុច្ច​រិតនិងទង្វើបែបនេះមិនខុសអ្វីពីការបាចអង្កាមបញ្ច្រាសខ្យល់នោះឡើយ។ បទពិសោធន៍ពីអ​តីតកាលនិងបទពិសោធន៍នៃពិភពលោកថ្មីៗ គឺជា មេរៀនគ្រប់គ្រាន់សម្រាប់កម្ពុជា។ ល្បិចចោ​ទ​ប្រកាន់អ្នកដទៃដើម្បីបិទបាំងផែនការទុច្ចរិតរបស់ខ្លួន យូររឺឆាប់វាគង់តែបែក ធ្លាយចេញមកនូវការពិតជាពិសេសក្នុងយុគ្គសម័យនៃសាកលភាវូបនីយកម្មនិងឌីហ្ស៊ីតាល់៕


ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ


សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អំពាវនាវដល់មន្រ្តីស្ថានទូតអាមេរិកគួរមានមនសិការវិជ្ជមាននៅក្នុងការបញ្ចេញសារនិងសេចក្តីថ្លែងការណ៍

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់មន្រ្តីស្ថានទូតអាមេរិកគួរមានមនសិការវិជ្ជមាននៅក្នុងការបញ្ចេញសារនិងសេចក្តីថ្លែងការណ៍ ដែលមានតម្លៃរួមចំណែកដល់ការថ្នាក់ថ្នមនិងការពង្រឹងពង្រីកទំនាក់ទំនងរយៈពេលវែងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖






សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍សម្រាប់កម្ពុជា

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលបង្គោលស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍សម្រាប់កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០ ដោយមិនគិតថ្លៃ ដើម្បីពង្រឹងជំនាញបច្ចេកវិទ្យាក្នុងឧស្សាហកម្ម ៤.០ ផ្នែកទេសចរណ៍ ដល់មន្ត្រីរាជការ បុគ្គលិក ប្រតិបត្តិករទេសចរណ៍ អ្នកសិក្សាផ្នែកទេសចរណ៍ ដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា ស្របតាមបរិបទបដិវត្តន៍សេដ្ឋកិច្ចឌីជីថល និងនិន្នាការនៃបច្ចេកវិទ្យាព័ត៌មានវិទ្យាបច្ចុប្បន្ន។
សិក្ខាសាលាសិក្សានេះ នឹងចាប់ផ្តើមពីថ្ងៃ១០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៩ ដល់ម៉ោង ៥និង៣០នាទី។ ក្រោយពេលបញ្ចប់វគ្គសិក្សា អ្នកចូលរួមនឹងទទួលបានវិញ្ញាបនប័ត្រ ការយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ ពិសេសក្នុងវិស័យទេសរណ៍ និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលគ្រប់អាជីវកម្មទាំងអស់ត្រូវការចាំបាច់ក្នុងការជំរុញការប្រតិបត្តិជាធាតុចូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ដោយទ្បែក គ្រប់ការធ្វើបទបង្ហាញ អាចចម្លងជា Soft Copies និងសន្លឹកកិច្ចការនានាពីគ្រូបាន។ កម្មវិធីសិក្សានឹងផ្តល់ជូនឥតគិតថ្លៃនូវ អាហារថ្ងៃត្រង់ និងអាហារសម្រន់៕

ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ Facebook សម្រុកនាំគ្នារិះគន់ស្ថានទូតអាមេរិក ដែលវាយតម្លៃមិនត្រឹមត្រូវអំពីការបោះឆ្នោតនៅកម្ពុជា

បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសរសេរវាយតម្លៃអំពីការបោះឆ្នោតនៅកម្ពុជា រយៈពេល១ឆ្នាំមកនេះ ដោយមិនត្រឹមត្រូវនោះ ប្រជាពលរដ្ឋខ្មែរ អ្នកលេង Facebook ជាច្រើន បាននាំគ្នាចូលទៅរិះគន់ស្ថានទូតអាមេរិក នៅលើទំព័រ Facebook។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួន ដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពី១ឆ្នាំមុននោះគឺ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ ប្រជាពលរដ្ឋកម្ពុជាទេ។ ស្ថានទូតនេះ បានយកឱកាសនេះ លើកឡើងអំពី អតីតគណបក្សប្រឆាំង ដែលត្រូវរំលាយចោលដោយតុលាការ ពាក់ព័ន្ធនឹងករណីក្បត់ជាតិ ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា។
អ្នកប្រើប្រាស់ Facebook ឈ្មោះ សុផានិត្យ ស្រលាញ់សន្តិភាព បានសរសេរថា៖ «មិនសេរី មិនយុត្តិធម៌ ចុះពេលខ្មែរក្រហមកាន់អំណាច លោកអាមេរិកនៅឯណា? ហើយចុះពេលដឹងថាខ្មែរក្រហមសំលាប់ពលរដ្ឋខ្មែរ មិចក៏អាមេរិចគាំទ្រខ្មែរក្រហមអោយអង្គុយនៅកៅអី អង្គការសហប្រជាជាតិ?
ដោយឡែកឈ្មោះ រាជាលី ធីតាពៅ បានសរសេរថា៖ «ទាល់តែអ្នកឈ្នះព្រមចាញ់់ ហើយឲ្យបក្សប្រឆាំងឈ្នះម្តង ទើបលោកទូតឯងថា ការបោះឆ្នោតហ្នឹងសេរី និងយុត្តិធម៌ បើមិនចឹងទេពួកឃ្លានអំណាច សម រង្ស៊ី ឡាំប៉ារាល់អាណត្តិដូចដែលឃើញចឹង ប្រទេសមហាអំណាចជាច្រើនគាំទ្រលទ្ធផលនេះ ខុសគេតែពួកអាមេរិកនេះឯង ឪវាបង្រៀនកូនឲ្យប្រឆាំងបែបចោរម្សៀតចឹង បានកូនចៅវាចោរម្សៀតចឹងដែរ។ សិទ្ធិបញ្ចេញមតិដែលគេផ្តល់ឲ្យ តែពួកប្រឆាំងវាប្រើដើម្បីជេរប្រមាថ ញុះញង់ ចោទលាបពណ៌លើអ្នកដទៃ លោកគួរបើកភ្នែកមើលហើយណែនាំពួកវាផង កុំឲ្យជាប់គុកច្រើនពេក»។
ជាមួយគ្នានេះ អ្នកលេងហ្វេសបុក ឈ្មោះ Ah Ka បានបញ្ចេញអារម្មណ៍ថា «ស្អប់ស្ថានទូតនេះមិនដែលមើលកម្ពុជាក្នុងផ្លូវល្អសោះ។ វាពិតជាមហាពិបាកខ្លាំងណាស់ទៅឬដែលអាមេរិកធ្វើជាមិត្តល្អរបស់កម្ពុជា? ពិបាកខ្លាំងណាស់មែនទេ 🇺🇸????????»។
សម្រាប់ Facebook ឈ្មោះ Peng Sokun បានសរសេរថា៖ «១ឆ្នាំ កន្លងផុតទៅហើយ ខ្ញុំសង្កេត ឃើញថាប្រទេសខ្ញុំ មានភាពស្ងប់ស្ងាត់ល្អ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍»។
រីឯ Sor Hengnang ក៏បានអះអាងដែរថា «ក្រោយការបោះឆ្នោត កន្លងផុតទៅ១ឆ្នាំនេះ ខ្ញុំសង្កេតឃើញថាប្រទេសខ្ញុំ មានភាពស្ងប់ស្ងាត់ល្អ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ឥតឈប់ឈរ»។
Facebook ឈ្មោះ Chheng BunThan បានបន្ទរទៀតថា៖ «បាទ….លោកបងទូតអាមេរិកកាំង បើលោកបងឯងមិននិយាយបែបណឹងទើបចម្លែក ហើយក៏គេមិនថាលោកបងឯងគរមិនចេះនិយាយនោះដែរ។ កម្ពុជា បានធ្វើការបោះឆ្នោតដោយជោគជ័យ កាលពីឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ការគ្មាននូវវត្តមានបក្សដែលជាកូនចៅរបស់លោកបង គឺជាភាពត្រឹមត្រូវបំផុតដែលកម្ពុជាបានកម្ចាត់ចោលនូវវិនាសកម្មរបស់ជាតិ និងប្រជាជនទាំងមូល។ សូមទូតអាមេរិក នៅឲ្យឆ្ងាយពីកិច្ចការផ្ទៃក្នុងនៃកម្ពុជា ហើយឲ្យយល់ពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងអាមេរិកផង លោកឯងហាក់បីដូចជាដើរហួសបន្ទាន់នៃអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យហើយ។ កម្ពុជាបានឆ្អែតទៅនឹងអតីតកាលជាច្រើនមកហើយ»។
អ្នកលេងហ្វេសបុក ម្នាក់ទៀតឈ្មោះ Chan Bo បានវាយប្រហារទៅកាន់ទូតអាមេរិក និងអតីតបក្សប្រឆាំងថា៖ បង្រៀនខ្មែរឱ្យខាំគ្នា និងចងអាឃាតគ្នា បើមិនរំលាយចោលទុកឱ្យឆេះប្រទេសជាថ្មីឫ ? ថ្លៃគ្រាប់បែកចាស់មិនទាន់ទូទាត់នៅឡើយទេណា អាទូត US …!!!»។
សម្រាប់ Facebook ឈ្មោះ Kongsun Tuon ក៏បានសរសេររិះគន់ដែរថា៖ «ឆ្ងល់សត្វច្រមុះវែងនេះដល់ហើយ វានៅចងកម្មពារជាមួយខ្មែរដល់កាលទៀត។ អីក៏ត្រឹមត្រូវម្លេះលោកឪប្រជាធិបតេយ្យ ការគាំទ្រអោយមេបក្យប្រឆាំងប្លន់អំណាចស្រស់ៗនៅវេនេស៊ុយអេឡាហ្នឹងបានត្រឹមត្រូវប្រជាជាធិបតេយ្យមែន? ទល់តែគេវឹកវរចលាចលពេញប្រទេសហ្នឹងហី បានប្រជាធិបតេយ្យសេរីដែលលោកឯងចង់បាននោះ? លោកអើយ មិនបាច់ដើរតួមកត្រឹមត្រូវអីទៀតទេ មាយាទនិងកន្ទុយលោកឯងយុវជនខ្មែរស្គាល់ច្បាស់ណាស់ឥលូវនោះ។ ដើម្បីចង់តែបានកូនអុករបស់ខ្លួនបានអំណាច ដើម្បីយកកម្ពុជាជាឈ្នាន់ក្នុងមហិច្ឆតាវិលមកគ្រប់គ្រង់អាស៊ីវិញ ចេះតែដើរបង្ខូចគេចេះ បង្ខូចគេចុះក្រោមរូបភាពសិទ្ធមនុស្ស ប្រជាធិបតេយ្យ!»។
អ្នកប្រើប្រាស់ Facebook ដទៃទៀតបានសរសេរថា «ប្រទេសមហាអំណាចមួយទាំងមូលតែនិយាយដូចឆ្កែ កុំធ្វើឡូយពេកអាមហាអំណាចដៃប្រលាក់ឈាម ចុះរឿងដែលលោកកឹមសុខាថាប្រទេសលោកឯងនៅពីក្រោយរឿងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះពួកឯងគិតយ៉ាណាដែរអាជើងកាង។
«លោកថា ពុំមានសេរីភាព និងយុត្តិធម៌ ហើយមិនបានតំណាងអោយឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា…! ចុះខ្ញុំក្នុងនាមខ្លួនខ្ញុំផ្ទាល់ដែលបានទៅបោះឆ្នោត តើខ្ញុំអាចឆ្លើយដោយផ្ទាល់ថា ខ្ញុំមានសេរីភាព និងយុត្តិធម៌ ហើយខ្ញុំគឺបានប្រើឆន្ទៈរបស់ខ្ញុំដើម្បីរើសមេដឹកនាំដែលខ្ញុំពេញចិត្ត ហើយនោះគឺមេដឹកនាំ គណ:បក្សប្រជាជនកម្ពុជា តើលោកទទួលយកបានទេ ព្រោះខ្ញុំក៏ជាពលរដ្ឋកម្ពុជាដែលមានសិទ្ធស្របច្បាប់ក្នុងការជ្រើសរើសមេដឹកនាំពោលគឺសិទ្ធទៅ បោះឆ្នោត….ដូច្នេះខ្ញុំសូមនិយាយថា សូមកុំនិយាយជំនួសខ្ញុំដែលជាពលរដ្ឋកម្ពុជា សូមនិយាយក្នុងនាមពលរដ្ឋអាមេរិចកាំងទៅសំរាប់លោក»។
«នេះគឺជាសារដែលមានចរិតឆ្កួតលីលា បំរើមហិចតាខ្មៅកខ្វក់របស់ខ្លួនឯង(អាមេរិក) យ៉ាងអាត្មានិយម។ ប្រជាពលរដ្ឋខ្មែរមិនត្រូវការការញុះញង់បែបនេះទេ។ ខ្ញុំមិនប្រឆាំងប្រជាជនអាមេរិកទេ តែបើទូតអាមេរិកនៅកម្ពុជានៅតែធ្វើបែបនេះ ខ្ញុំជាពលរដ្ឋម្នាក់ និងជាម្ចាស់ឆ្នោតម្នាក់ សូមប្រឆាំងដាច់ខាត។ វាជាសារមិនតំណាងឲ្យអ្នកភាគច្រើន តែទំនងបម្រើក្រុម១ក្តាប់តូច។ នេះឬជាប្រជាធិបតេយ្យបែបអាមេរិកកាំង? តើនេះឬជាគំរូប្រជាធិបតេយ្យដែល អាមេរិកបង្រៀនខ្មែរ? តើអាមេរិកមានចេតនាជួយកម្ពុជាពិតទេ? បើអាមេរិកចង់កម្ពុជាពិត សូមដាក់ក្រុមហ៊ុន Ford, Apple, Microsoft, intel មកកម្ពុជាមក ប្រជាជនកម្ពុជា រង់ចាំដោយសប្បាយរីករាយបំផុត កុំនាំតែការញុះញង់ ហើយនិយាយថា ស្រលាញ់កម្ពុជា តែទង្វើប្រកបដោយ វាចរិតខ្មៅងងឹតពីក្រោយអ៉ីចឹង។ សូមថ្កោលទោសសារនេះរបស់ទួតអាមេរិក»។ នេះបើតាមអ្នកប្រើប្រាស់ Facebook Comment នៅលើ page របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាបានរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ ដោយទទួលបាន ១២៥អាសនៈ នៅទូទាំងប្រទេស។
បណ្តាសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល ស្ថាប័ននានា រួមទាំងគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោតនេះ បានទទួលយកលទ្ធផលបោះឆ្នោត និងចាត់ទុកថា ការបោះឆ្នោតនេះ បានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ៕
ប្រភពព័ត៌មាន: Freshnew


អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍

វិស័យកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមរីកចម្រើននិងមានការស្រាវជ្រាវច្រើនបន្ទាប់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នជាតិ-អន្តរជាតិបានរកឃើញឡចំនួនជាង១០ទីតាំងនៅតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ និងបានស្រាវជ្រាវដឹងពីប្រភេទកុលាលភាជន៍ដែលផលិតនៅតាមឡនិងការប្រើប្រាស់នៅក្នុងតំបន់អង្គរ ក៏ប៉ុន្តែខ្មែរនៅពុំទាន់បានចងក្រងពាក្យបច្ចេកទេសទាក់ទងនឹងការហៅឈ្មោះកុលាលភាជន៍និងឡទាំងអស់នោះជាផ្លូវការនៅឡើយ។
ដូច្នេះហើយ ចាប់ពីថ្ងៃទី២៩ដល់៣១ ខែកក្កដា ឆ្នាំ២០១៩ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ បានអញ្ជើញស្ថាប័នជាតិមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិតសភា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិភ្នំពេញ អាជ្ញាធរជាតិព្រះវិហារ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីរៀបចំសិក្សាសាលាស្តីពី «ការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍»។
ទាក់ទងនឹងការពិភាក្សាគ្នាដើម្បីបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍នេះ លោក អ៊ា ដារិទ្ធ អ្នកជំនាញកុលាលភាជន៍បានឱ្យដឹងថា «កន្លងមកសាស្ត្រាចារ្យ Joyce White នៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិកបានបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍ជាភាសាងអង់គ្លេស ថៃ វៀតណាម ឡាវ ជប៉ុន ប៉ុន្តែមិនមានជាភាសាខ្មែរទេ»។
អ្នកជំនាញរូបនេះបន្តថា «វាមានប្រយោជន៍ណាស់ក្នុងការហៅកុលាលភាជន៍ខ្មែរឱ្យចំទៅនឹងពាក្យបច្ចេកទេស កុំឱ្យហៅខុសពាក្យ ហើយហៅផ្សេងគ្នាដោយមិនច្បាស់លាស់ ដើម្បីជាការលើកតម្លៃកុលាលភាជន៍ខ្មែរក្នុងតំបន់អាស៊ីអាគ្នេយ៍ ថាខ្មែរយើងចេះផលិតកុលាលភាជន៍រឹងតាំងពីសម័យអង្គរ មុនប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ តែគេបែរជាមានការប្រើប្រាស់ពាក្យបច្ចេកទេសហៅបានត្រឹមត្រូវ»។
លោក អ៊ា ដារិទ្ធ បន្តថា «បើយើងមិនកំណត់ឈ្មោះលើវត្ថុនោះទេ យើងមិនដឹងថាត្រូវហៅវត្ថុនោះយ៉ាងម៉េចទេ ឱ្យត្រូវនឹងមុខងារប្រើប្រាស់ ដូចជាខួចសម្រាប់ដាក់វត្ថុរាវ ឆ្នាំងសម្រាប់ចម្អិនអាហារជាដើម។ ចំពោះការហៅឈ្មោះនេះដែរ គឺយោងទៅលើមុខងារប្រើប្រាស់នៃប្រភេទភាជន៍បច្ចុប្បន្ន ហើយប្រៀបធៀបនឹងភាជន៍ដែលយើងរកឃើញពីអតីតកាល។ ម៉្យាងទៀត ជួនកាលនៅតំបន់អង្គរគេហៅភាជន៍នេះថាបែបនេះ តែតំបន់ផ្សេងគេហៅថាខុសពីនោះ។ ដូច្នេះ សិក្ខាសាលានេះក៏ផ្តោតការយកចិត្តទុកដាក់លើការហៅឈ្មោះពីតំបន់ផ្សេងៗគ្នាដែរ ដើម្បីរកឈ្មោះឱ្យបានច្រើន និងប្រើប្រាស់ត្រឹមត្រូវតាមបរិបទនៃវប្បធម៌របស់តំបន់នីមួយៗ។
សូមបញ្ចាក់ដែរថា រយៈពេលបីថ្ងៃនៃសិក្ខាសាលានេះ នឹងបង្រៀនអំពីការស្រាវជ្រាវកុលាលភាជន៍ខ្មែរ ពិភាក្សាគ្នាអំពីពាក្យបច្ចេកទេសនៃកុលាលភាជន៍ទាំងភាសាខ្មែរនិងអង់គ្លេស ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ ថតរូបឯកសារ បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការជួសជុល និងថែរក្សាវត្ថុបុរាណ ដើម្បីជាប្រយោជន៍ដល់អ្នកបំពេញការងារប្រចាំថ្ងៃនិងជាឯកសារដ៏មានសារៈសំខាន់សម្រាប់ការស្រាវជ្រាវទៅអនាគត។
សិក្ខាសាលានេះក៏ជាការអនុវត្តទៅតាមអនុសាសន៍របស់ឯកឧត្តម ប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការក្រសួងរប្បធម៌និងវិចិត្រសិល្បៈ ដែលជាតំណាងរបស់លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពេលបិទសិក្ខាសាលាអំពីការគ្រប់គ្រង អភិរក្ស និងជួសជុលកុលាលភាជន៍កាលពីឆ្នាំ២០១៧ ដែលរៀបចំដោយអាជ្ញាធរអប្សរានិងសាកលវិទ្យាល័យហាវ៉ៃនៃសហរដ្ឋអាមេរិក ៕



លិខិតចំហរជូនស្ថានទូតអាមេរិចប្រចាំកម្ពុជា៖ តើពាក្យសំដីរបស់ស្ថានទូតអាមេរិច បម្រើឱ្យក្រុមបរាជ័យធ្វើបដិវត្តពណ៌ឬ?

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលរកឯកអគ្គរដ្ឋទូតម្នាក់ធ្វើការមិនបានអស់រយៈពេលជាច្រើនខែមកហើយនោះ បានសរសេរសារដ៏ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មួយលើបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ថា ដោយបានរំលឹកនូវព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជាកាលពីមួយឆ្នាំមុន និងបានចោទប្រកាន់ថា ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។
ស្ថានទូតប្រទេសដែលចូលចិត្តធ្វើការងារមិនស្គាល់ដែនសមត្ថកិច្ចការងារខ្លួន និងជ្រៀតជ្រែកដែនអធិបតេយ្យភាពរបស់កម្ពុជាមួយនេះ បានហៅការបោះឆ្នោតកាលពីឆ្នាំកន្លងទៅនេះថា បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១មក។
ការលើកឡើងរបស់ស្ថានទូតដែលគ្មានក្បាលម៉ាស៊ីនចាត់ចែងការងារនេះ ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះសម្តីនេះប្រៀបដូចមនុស្សប្រឹងធ្មិចភ្នែកនៅកន្លែងភ្លឺ ហើយជារឿងគួរឱ្យអស់សំណើចណាស់ពីសំណាក់ពលរដ្ឋកម្ពុជា ជាពិសេសម្ចាស់ឆ្នោតដែលបានទៅចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ ពីព្រោះធ្វើដល់ស្ថានទូតមួយតំណាងឱ្យអាមេរិចទាំងមូលបែរជាសំដែងធ្វើឆោតវ៉ៃស្គរវ៉ៃប៉ោតបម្រើឱ្យបក្សប្រឆាំងដែលរលាយដោយច្បាប់បរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌ហើយមានទោសរត់ចោលស្រុកទៅវិញ។
តើស្ថានទូតនៃប្រទេសមហាអំណាចអាមេរិក មិនស្គាល់ពីច្បាប់ការទូត ឬដឹងហើយធ្វើពើជាមិនដឹង? ស្ថានទូតអាមេរិចអើយ កុំដើរតួរជាកម្ពុជាជាងកម្ពុជា ជាងប្រជាជនកម្ពុជា ជាងម្ចាស់ឆ្នោតដែលបានទៅបោះឆ្នោតប្រកបដោយភាពជឿជាក់!
ប្រជាជនកម្ពុជាគ្មានអ្នកណាទៅជឿអស់លោកទៀតទេ ប្រជាជនកម្ពុជាជាម្ចាស់វាសនាប្រទេសបានដឹង និងឃើញច្បាស់ណាស់ថា ប្រទេសកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពហុបក្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ភាពប្រកួតប្រជែងផ្នែកនយោបាយត្រូវបានពង្រីក ហើយការបោះឆ្នោតត្រូវបានគេរៀបចំធ្វើជាទៀងទាត់ ចាប់តាំងពី ឆ្នាំ១៩៩៣។
ថ្មីៗនេះប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលមាន ១២គណបក្ស បានចូលរួមការបោះឆ្នោត និងមានអ្នកបោះឆ្នោតចំនួន ៧,៨លាននាក់ ចុះឈ្មោះបោះឆ្នោត។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រទេសកម្ពុជា ក៏បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងបរិយាប័ន្ន ប្រកបដោយជោគជ័យ។
គណបក្សនយោបាយចំនួន២០ បានចូលរួមនៅក្នុងការបោះឆ្នោត។ នៅក្នុងការប្រៀបធៀបអត្រានៃអ្នកទៅបោះឆ្នោតបានកើនឡើង ទៅដល់ចំណុចកំពូលថ្មី រហូតដល់ ៨៣,២% បើប្រៀបធៀបទៅនឹងអាត្រាតែ ៥៥%ប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅឆ្នាំ២០១៦។ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីឆន្ទៈរបស់ប្រជាជន។
ជាការពិតនៅក្នុងការបោះឆ្នោតទាំងអស់នៅកម្ពុជា តែងតែមានអ្នកសង្កេតការណ៍អន្តរជាតិ រួមទាំងអ្នកសង្កេតការណ៍ដែលមកពីអាមេរិកផងដែរ។
ជាក់ស្តែងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលអាមេរិក បានហៅថា «មិនសេរី និងយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា» គឺមានអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៥៣៨រូប ដែលចូលរួមសង្កេតការណ៍ការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ មកពីអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អង្គការក្រុមប្រទេសនិយាយភាសាបារាំង (Assemlee Parlementaire de la Francophonie) សភាប្រជាជននៃសហព័ន្ធរុស្ស៉ី (Civic Chamber) អង្គការកិច្ច សហប្រតិបត្តិការសៀងហៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ីចលនា អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្ដរជាតិ អង្គការសភាអាស៊ី និងអង្គការអន្តរសភាអាស៊ាន។ ក្រៅពីនេះក៏មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានតាមដានយកព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍បានឯកភាពទាំងអស់គ្នាថា ការបោះឆ្នោតនេះគឺប្រកបដោយសន្តិវិធី សេរី និងយុត្តិធម៌ ព្រោះអ្នកសង្កេតការណ៍ទាំងនោះបានមកសង្កេតផ្ទាល់ មិនមែនអង្គុយចាំរិះគន់ដូចស្ថានទូតអាមេរិចនោះទេ។
សំណួរសាមញ្ញមួយនៅទីនេះ តើអ្នកណាដែលសាកសមជាងគេក្នុងការវិនិច្ឆ័យចំពោះការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា? អ្នកសង្កេតការណ៍អន្តរជាតិដែលចូលរួមការសង្កេតការណ៍ជាក់ស្តែង ឬអ្នកចាំថាមិនបានមើល?
ឈប់បាន ឈប់ទៅ កុំមកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា ឱ្យកម្ពុជារស់នៅបានសុខផង។ ការវាយតម្លៃការការបោះឆ្នោតជាតិ ខែកក្កដានៅកម្ពុជា ជាការបោះឆ្នោតមានកំហុសឆ្គង ហើយកោតតែប្រទេសមហាអំណាចមួយធ្វើទៅរួចដោយគ្មានការអៀនខ្មាស។
ប្រវត្តិសាស្រ្តកម្ពុជាពិតជាឆ្អែតឆ្អន់នឹងទង្វើរបស់អាមេរិកហើយ! ដោយសារតែអស់លោកចោទប្រកាន់គ្មានការពិតនេះហើយ អស់លោកអាមេរិកបានទម្លាក់គ្រាប់បែកជាង ៣លានតោនលើក្បាលខ្មែរ គ្មានសុំទោសខ្មែរមួយមាត់ ហើយឥឡូវបានតាមចងកម្មចងពារខ្មែរមិនឱ្យរស់បានសុខសន្តិភាពទៀត។ ប្រវត្តិសាស្ត្របានដឹងច្បាស់ណាស់ថា អាមេរិកមិនដែលសប្បាយចិត្តពេលខ្មែររីកចម្រើនទេ។
ម្យ៉ាងទៀតរហូតមកដល់ពេលនេះចាប់ពីថ្ងៃទី២៩ កក្កដា ២០១៨ គឺមានរយៈពេលមួយឆ្នាំហើយ មុនការបោះឆ្នោត ពេលបោះឆ្នោត ក្រោយពេលបោះឆ្នោត ប្រជាជនកម្ពុជាទទួលបានសន្តិភាព រស់នៅប្រកបដោយសេរីភាព សេដ្ឋកិច្ចជាតិកើនឡើង មិនគួរស្ថានទូតអាមេរិកមកមួលបង្កាច់កម្ពុជារំលឹកខួប១ឆ្នាំនៃការបោះឆ្នោតអីនោះទេ ចូលចិត្តចោទប្រកាន់តែរឿងប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាខែល ព្រោះកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា គឺសំលឹងទៅមុខដើម្បីអភិវឌ្ឍន៍ កសាងប្រទេស ប្រជាជនកម្ពុជាដែលជាម្ចាស់ជោគវាសនាប្រទេសជាតិត្រូវការសន្តិភាព និងរីកចម្រើនទៅមុខ។
ប្រទេសកម្ពុជាមានឆន្ទៈ ក្នុងការកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោល ការណ៍នៃទំនាក់ទំនងអន្ដរជាតិ រួមមានការមិនជ្រៀតជ្រែក ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ គ្នាទៅវិញទៅមក។ យើងក៏ត្រូវប្រកាន់ខ្ជាប់នូវតម្លៃជាសកលនៃភាពយុត្តិធម៌ បរិយាប័ន្ន និងការបើកចំហរ។
ស្ថានទូតអាមេរិកគួរមានយុត្តិធម៌ចំពោះកម្ពុជា ដោយយកសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ស្ថានទូតអាមេរិចដែលតំណាងអោយរដ្ឋបាលអាមេរិចឈប់លូកដៃកិច្ចការផ្ទៃក្នុងកម្ពុជា គួរក្សាទំនាក់ទំនងល្អដើម្បីផលប្រយោជន៏ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ដូចប្រសាសន៏សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងកាលពីថ្ងៃទី២៩ កក្កដា ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតតេជោថា ប្រធានាធិបតីអាមេរិច ដូណាល់ត្រាំ មិនល្ងង់ផ្តាច់ទំនាក់ទំនងជាមួយកម្ពុជានោះទេ ។
« រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាពុំបានចែងថា បោះឆ្នោតនៅកម្ពុជាត្រូវទទួលស្គាល់ពីបរទេសឡើយ » ៕


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន នៅថ្ងៃទី១ ខែសីហា ស្តីពី «សមិទ្ធផល ១ឆ្នាំ ក្រោយការបោះឆ្នោត»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នឹងរៀបចំសន្និសីទព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះស្តីពីអំពី «សមិទ្ធផល ១ឆ្នាំ ក្រោយការបោះឆ្នោត»។ នេះបើតាមសេចក្តីប្រកាសដែលទទួលបាន។
សន្និសីទនេះ នឹងធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ សន្និសីទនេះ គឺមានទិសដៅបង្ហាញជូនសាធារណជននូវសមិទ្ធផល ដែលរាជរដ្ឋាភិបាលអាណត្តិទី៦ សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖

កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរ

តួកគី៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសកម្ពុជា និងតួកគី។
យោងតាម Facebook លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានឱ្យដឹងថា នៅមុនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក Suleyman Soylu បានជួបពិភាក្សាទ្វេគ្នាភាគី ក្នុងបរិយាកាសប្រកបដោយមិត្តភាពយ៉ាងជិតស្និតបំផុត និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ក្រោយពីបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ លោក Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាធាណរដ្ឋតួកគី និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានអញ្ជើញមាន ប្រសាសន៍ទៅកាន់អង្គពិធី ដែលបានអញ្ជើញចូលរូមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ។
លោក Suleyman soylu បានលើកឡើងថា ក្រោយពីគោលការឯកភាពគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរមក កម្ពុជា និងតួកគី បានរៀបចំផ្លាស់ប្ដូរទស្សនកិច្ច ដែលជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ។
លោកថា ក្រោយទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូល និងទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី នាពេលនេះ នឹងធ្វើឲ្យការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់ខ្លាំងក្លា ជាក់ស្ដែងក្នុងកិច្ចប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង នាឱកាសទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងលទ្ធផលល្អ។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមុនពេលចុះហត្ថលេខានោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការងារប្រយុទ្ធប្រឆាំងភេវរកម្ម រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយបានឯកភាពគ្នាប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទាំងពីរនេះឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ព្រមទាំងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជានាឱកាសនេះ លោកបានបញ្ជាក់ថាគឺចំពេលនៃការប្រារព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាលើកទី១ដែរនៃទស្សនកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ។
បន្ទាប់មកលោកបានសម្ដែងសេចក្ដីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដែលបានចាត់វិធានការប្រឆាំងនឹងក្រុមភេរវកម្មហ្វេកតូនាពេលកន្លងមក ហើយថាភាគីទាំងពីរនឹងបន្តការងារយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតលើការងារប្រឆាំងភេរវកម្មនេះទៀត។
ក្រៅតែពីការចុះកិច្ចព្រមព្រៀងក្នុងវិស័យសន្តិសុខ ភាគីទាំងពីរក៏បានឯកភាពគ្នាប្ដេជ្ញាលើការពង្រឹងកិច្ចសហការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងាររក្សាសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងការគ្រប់គ្រងចរាចរណ៍ និងការផ្លាស់ប្ដូរបទពិសោធន៍លើការងារពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។
លោកក៏បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល នគរបាល មន្រ្តីសន្តិសុខ ឆ្មាំសមុទ្រ រួមទាំងកងរាជអាវុធហត្ថ ហើយថាតាមរយៈស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នាពេលខាងមុខនេះ ភាគីទាំងពីរនឹងជំរុញឲ្យមានការបណ្ដុះបណ្ដាលនគរបាលនៃប្រទេសទាំងពីរ។
ដោយឡែកនៅក្នុងកិច្ចប្រជុំទ្វេភាគីនោះដែរ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី ក៏បានជម្រាបជូនអង្គពិធីដែរថា ភាគីទាំងពីរបានពិភាក្សាគ្នាដែរ អំពីបញ្ហាតំបន់ និងពិភពលោក ក្នុងនោះក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីបណ្ដាញក្រុមភេរវកម្ម និងលំហូរជនទេសន្តប្រវេសន៍។ បន្ទាប់មក លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានថ្លែងអំណរគុណ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី ដែលបានអញ្ជើញលោក និងគណៈប្រតិភូមកបំពេញទស្សនកិច្ចនាឱកាសនេះ។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានចាត់ទុកការអញ្ជើញនេះ ថាជាការបញ្ជាក់ឲ្យឃើញពីបំណងដ៏ល្អរបស់លោករដ្ឋមន្រ្តី និងរដ្ឋាភិបាលតួកគី ក្នុងការលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយជារួម និងដោយឡែកពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងក្រសួងមហាផ្ទៃប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានមានប្រសាសន៍សម្ដែងការឯកភាពទាំងស្រុងទៅនឹងអ្វីដែលលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី បានមានប្រសាសន៍ថាអ្វីៗដែលភាគីទាំងពីរទទួលបាននៅថ្ងៃនេះ គឺដោយសារការត្រួសត្រាយពីថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ គឺលោកប្រធានាធិបតីតួកគី និងលោកនាយករដ្ឋមន្រ្តីកម្ពុជា។
នៅក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់សាធារណរដ្ឋតួកគី ទោះបីមានបញ្ហាផ្នែកសន្តិសុខ និងបញ្ហាដ៏ទៃទៀតជាច្រើនក្ដី ប៉ុន្តែក្រោមការដឹកនាំរបស់លោកប្រធានាធិបតី និងការចួលរួមអនុវត្តយ៉ាងសកម្មរបស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃដោយផ្ទាល់ តួកគីនៅតែរីកចម្រើន និងប្រកបដោយក្ដីសង្ឃឹម។
ដោយឡែក លោកក៏បានបង្ហាញការជឿជាក់ដែរថាក្រៅពីរាជរដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងកាន់តែមានការរីកចម្រើន ជាក់ស្ដែងនៅតួកគីសព្វថ្ងៃ មាននិស្សិតខ្មែរមកសិក្សាប្រមាណ៧០នាក់ ក្នុងនោះក៏មាននិស្សិតខ្មែរឥស្លាមដែរ ហើយលោកសង្ឃឹមថាចំនួននិស្សិតមកសិក្សានឹងមានការកើនឡើង។
ជាចុងបញ្ចប់លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានសម្ដែងការគាំទ្រចំពោះការលើកឡើងទាំងស្រុងរបស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី ពាក់ព័ន្ធនឹងកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងបានគូសបញ្ជាក់ថាអ្វីៗគឺភាគីទាំងពីរបានបង្ហាញឆន្ទៈអនុវត្តហើយ នៅឡើយតែការអនុវត្តជាក់ស្ដែងដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងសាធារណរដ្ឋតួកគី ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃនេះ ជាលទ្ធផលកើតចេញពីការឯកភាពគ្នារវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក រេជីប ថាយីប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ក្នុងឱកាសលោកអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគី កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ៕



តាមដីការបស់តុលាការ, ទណ្ឌិត សម រង្ស៉ី ត្រូវចូលបំភ្លឺនៅព្រឹកថ្ងៃនេះ លើករណីបណ្តឹងរបស់លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ប្តឹងពីបទញុះញង់

តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ត្រូវចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តបតាមបណ្តឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្តឹង លោក សម រង្ស៉ី អំពីបទញុះញង់។
ដីកាកោះហៅ លោក សម រង្ស៉ី ចូលបំភ្លឺបានចេញដោយ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក សម រង្ស៉ី មិនចូលបំភ្លឺតាមការកោះហៅនោះឡើយ ដោយសារតែលោក កំពុងរត់គេចខ្លួន នៅក្រៅប្រទេស រយៈពេលជាង៣ឆ្នាំមកហើយ។
សូមបញ្ជាក់ថា ក្រុមមេធាវីលោកឧបនាយករដ្ឋមន្រ្ដី ស ខេង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោក សម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី។
ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីលោកឧបនាយករដ្ឋមន្រ្ដី ស ខេង។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ការដាក់ពាក្យប្តឹង លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ទៅតុលាការនាថ្មីៗនេះ គឺជាបណ្តឹងលើកដំបូងរបស់លោក ក្នុង១ឆាកជីវិតនេះ។
លោកបានបញ្ជាក់ថា ការដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ីនេះ គឺជាការដាស់តឿនស្មារតីដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន ៕

អតីតសកម្មជនបក្សប្រឆាំងម្នាក់ ដែលប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Facebook ពេលនេះត្រូវបានចាប់ខ្លួន

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ បានឃាត់ខ្លួន អតីតសកម្មជនរបស់ អតីតគណបក្សប្រឆាំងម្នាក់ ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook។
បើតាមការបញ្ជាក់របស់លោក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំង ដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។

លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម។

រហូតមកដល់ពេលនេះ អតីតសកម្មជនបក្សប្រឆាំងខាងលើ កំពុងត្រូវបានសួរនាំ ដោយកម្លាំងសមត្ថកិច្ច ប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចនឹងបន្តចាត់វិធានការតាមនីតិវិធីច្បាប់៕


អាមេរិកកំពុងត្រៀមផែនការ «ពង្រីកមូលដ្ឋានទ័ពជើងទឹកនៅអូស្ត្រាលី» ប៉ុន្តែពុំមាននរណាម្នាក់ចង់និយាយពីរឿងនេះឡើយ

(កង់បេរ៉ា)៖ សហរដ្ឋអាមេរិកបានត្រៀមចាយលុយរហូតដល់ទៅជាង ៣០៥.៩លានដុល្លារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងទីក្រុងដរវីន (Darwin) របស់អូស្ត្រាលី ដើម្បីជាការបង្កើន វត្តមានយោធានៅក្នុងប្រទេសសម្ព័ន្ធមិត្តមួយនេះ ប៉ុន្តែមនុស្សមួយចំនួន ហាក់ដូចជាមិនចង់ពិភាក្សាពីរឿងនេះឡើយ ព្រោះទង្វើបែបនេះវាអាចជារឿងធម្មតាទៅហើយ សម្រាប់មហាអំណាចលេខ ១ លើលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Business Insider នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមសេចក្តីព្រាងមួយទៅកាន់សភាអាមេរិក ក្នុងចំណោមទឹកប្រាក់គំរោងខាងលើនេះ គឺប្រមាណ ២១១.៥លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការកសាងមូលដ្ឋានទ័ពជើងទឹក ស្ថិតនៅទីក្រុង Darwin ភាគខាងជើងអូស្ត្រាលីផ្ទាល់ ហើយដែលគំរោងនេះគឺកំពុងតែរង់ចាំការ អនុម័តពីសមាជិកសភាអាមេរិក។ យ៉ាងណាក៏ដោយផែនការល្អិតនៃគំរោងនេះ គឺត្រូវបានដឹងតិចតួចប៉ុណ្ណោះ ហើយវាក៏ត្រូវបានចាត់ទុកជាគំរោងដែលនឹងត្រូវចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ទីពីរផងដែរ ក្នុងចំណោមគំរោងផ្សេងៗទៀតរបស់អាមេរិកក្នុងការ បង្កើត មូលដ្ឋានទ័ពក្រៅប្រទេសបែបនេះ ប៉ុន្តែវានឹងក្លាយជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតមួយរបស់ យោធាអាមេរិកនៅក្នុងប្រទេសអូស្រ្តាលី ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ក្រៅពីគំរោងកសាងមូលដ្ឋានទ័ពជើងទឹកនៅអូស្ត្រាលីខាងលើនេះ គំរោងធំៗផ្សេងទៀតក៏ត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងផងដែរ ក្នុងនោះគឺសុទ្ធសឹងតែមូលដ្ឋាន ដែលនៅព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាកោះហ្គាំ (Guam) និងប្រទេសជប៉ុនផងដែរ។ គំរោងធំទី ១ របស់សហរដ្ឋអាមេរិកពីលើគំរោង កសាងមូលដ្ឋានទ័ពនៅទីក្រុង Darwin នោះគឺការកសាងមូលដ្ឋានយុទ្ធសាស្ត្រយោធារួម ដោយកោះហ្គាំ កូរ៉េខាងត្បូង និងជប៉ុន ចាត់ទុកជាតំបន់យុទ្ធសាស្ត្រភាគខាងជើង និងកោះតៃវ៉ាន់សម្រាប់ភាគខាងលិច ដែលនឹងត្រូវចំណាយ ៣២៧លានដុល្លារ។
គួរបញ្ជាក់ថា ផែនដីការដ៏ធំរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ គឺគ្មានអ្វីក្រៅពីការទប់ទល់ឥទ្ធិពលប្រទេសចិននោះឡើយ។ ដោយឡែកសហរដ្ឋអាមេរិក ក៏កំពុងមានគម្រោងមួយនៅទីក្រុង ជែរ៉ាល់តុន (Geraldton) ក្នុងរដ្ឋអូស្រ្តាលីខាងលិចផងដែរ ហើយកាលពីឆ្នាំមុនអាមេរិកទើបតែបានបញ្ជូនកងទ័ពម៉ារីនជាង ១,៥០០នាក់ មកកាន់មូលដ្ឋានជើងទឹករបស់ខ្លួន ថប់អេនដ៍ (Top End) នៅអូស្រ្តាលីថែមទៀត។ ក្រៅពីនេះ អាមេរិកមានមូលដ្ឋានស៊ើបការណ៍សម្ងាត់ ផាញហ្គេប (Pine Gap) នៅក្រុងអាលីស (Alice) និងមានកិច្ចព្រមព្រៀងឯទៀតៗជាមួយរដ្ឋាភិបាលអូស្រ្តាលី ដើម្បីប្រើប្រាស់បន្ទាយទ័ពអាកាសមួយចំនួនរបស់ប្រទេសអូស្រ្តាលី៕
ប្រភព៖ ចៅចាក់ស្មុក


Add caption





លិខិតមិត្តអ្នកអាន៖ «កម្ពុជាមិនស្ថិតក្រោមអាណានិគមន៍ បរទេសណាមួយឡើយ!»

(ភ្នំពេញ)៖ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំពិតជារង្គាសចិត្ត និងហួសចិត្តជាខ្លាំង ហើយក៏មិនអាចទទួលយកបានឡើយនៅពេលឃើញស្ថានទូតបរទេសមួយមកបំពានយ៉ាងកម្រោលម្តងហើយម្តងទៀតមកលើកម្ពុជាដោយតាំងខ្លួនជាបងធំ ឬជាអ្នកដាក់អាណានិគមន៍លើប្រទេសកម្ពុជា ហើយចង់ឲ្យកម្ពុជាធ្វើនេះ ធ្វើនោះតាមដែលខ្លួនចង់បាន។
សកម្មភាពដ៏ច្រងេងច្រងាងនេះពិតជាបានបំពានទាំងស្រុងទៅលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីទំនាក់ទំនងការទូតដែលមិនអនុញ្ញាតឲ្យប្រទេសមួយលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតដែលជាម្ចាស់ដែនដីនោះឡើយ។ លើសពីនេះ សកម្មភាពរបស់ស្ថានទូតមហាអំណាចមួយនេះក៏បានបំពាន និងមាក់ងាយយ៉ាងធ្ងន់ធ្ងរទៅលើឆន្ទៈរបស់ពលរដ្ឋខ្មែរជាង ៨៣% ដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាពិចារណាឡើងវិញអំពីទង្វើ និងសកម្មភាពខុសឆ្គងហួងហែងរបស់ខ្លួន និងបញ្ឈប់ជាបន្ទាន់នូវការបំពានសន្ធិសញ្ញាអន្តរជាតិ និងការបំពានទៅលើប្រទេសអធិបតេយ្យ។
ផ្ទុយពីការវាយតម្លៃរបស់ស្ថានទូតអាមេរិក ក្នុងនាមពលរដ្ធខ្មែរម្នាក់ ដែលបានទៅបោះឆ្នោតសំដែងឆន្ទៈដែរនោះ ខ្ញុំយល់ឃើញថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតមួយដ៏ល្អមិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ មក។ ខ្ញុំយល់ថា គឺជាការបោះឆ្នោតដែលអាចចាត់ទុកជានិមិត្តរូបនៃសុខសន្តិភាព និងភាពស្ងប់ស្ងាត់ដែលប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់បានយ៉ាងដូច្នេះតទៅមុខទៀត។ ភាពជានិមិត្តរូប នៃការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានដូចតទៅ៖
ទី១៖ ចំនួនអ្នកចូលរួមបោះឆ្នោតមានច្រើនលើសលប់គឺរហូតដល់ជាង៨៣% ដែលសូម្បីបណ្តាប្រទេសប្រជាធិបតេយ្យធំៗនៅលើលោករាប់ទាំងសហរដ្ឋអាមេរិកផង ក៏មិនអាចធ្វើបានដូចដែរ។ អត្រាដ៏ច្រើនលើសលប់នៃចំនួនអ្នកចូលរួមបោះឆ្នោតបានបង្ហាញឲ្យឃើញពីតម្លៃដ៏
ខ្ពស់ នៃការបោះឆ្នោតនេះ ដែលគ្មាននរណាអាចប្រកែកបាន និងបំពានបានឡើយ។
ទី២៖ គឺជាការបោះឆ្នោតដែលមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍យ៉ាងច្រើនកុះករ ហើយពួកគេ បានវាយតម្លៃថា ការបោះឆ្នោតនេះ មានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព គ្មានភាពមិនប្រក្រតីគួរឲ្យកត់សម្គាល់ឡើយជាពិសេសគឺគ្មានអំពើហឹង្សា គ្មានមនុស្សរងរបួសរឺស្លាប់បាត់បង់ជីវិត ។ ផ្ទុយទៅវិញការវាយតម្លៃរបស់អ្នកដែលមិនបានចូលសង្កេតការណ៍ ក៏គ្មានតម្លៃអ្វីទាំងអស់ពីព្រោះពួកគេមិនបានឃើញដោយផ្ទាល់ភ្នែកនូវដំណើរការបោះឆ្នោតនេះទាល់តែសោះ។
ទី៣៖ ក្រោយការបោះឆ្នោត ស្ថានការណ៍ទូទៅក្នុងប្រទេសមានលក្ខណៈល្អប្រសើរ គ្មានភាពវឹកវរ គ្មានអំពើហិង្សា គ្មានការភ័យខ្លាចអ្វីទាំងអស់។ ខុសផ្ទុយស្រឡះពីការបោះឆ្នោតលើកមុនៗ ដែលតែងធ្វើឲ្យពលរដ្ឋខ្មែរព្រួយបារម្ភ ប្រុងជើងការ និងវេចបង្វេច ទិញអង្ករ ត្រីងៀតប្រេងសាំងទុក ដកលុយចេញពីធនាគារ។ល។ ដោយការព្រួយបារម្ភពីចលាចល វឹកវរក្រោយការបោះឆ្នោត។
ទី៤៖ រយៈពេលពេញមួយឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរស្ទើរតែភ្លេចបាត់អស់ទៅហើយនូវអារម្មណ៍ភ័យខ្លាចពីព្រោះពួកគេ ពិតជាបាននិងកំពុងរស់នៅក្នុងសភាពស្ងប់ស្ងាត់ក្នុងប្រទេសមួយ ដែលពោរពេញដោយឱកាស នៃការវិនិយោគ ឱកាសការងារ និងការប្រកបមុខរបរគ្រប់បែបយ៉ាងដើម្បីបង្កើនជីវភាពរបស់ខ្លួន។
ទី៥៖ រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោតដោយបានដាក់ចេញនូវនយោបាយកំណែទម្រង់ស៊ីជម្រៅជាក់ស្តែងក្នុងន័យពង្រឹងឯករាជភាព អធិបតេយ្យភាពជាតិ និងបង្កើនជីវភាព របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន កម្មករ ជាដើម។ល។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏កំពុងទទួលបានផ្លែផ្កាផលប្រយោជន៍ពីគោលនយោបាយនេះ។
និយាយជារួម ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ គឺជាគំរូសម្រាប់ការបោះឆ្នោតក្រោយៗទៀតដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន។ ចុះហេតុដូចម្តេចបានជាស្ថានទូតសហរដ្ឋអាមេរិកបែរជាឈឺចិត្ត ស្អិតទ្រូង ទោរម្នេញ នឹងការបោះឆ្នោតដ៏ល្អបែបនេះទៅវិញ?
តាមការយល់ឃើញរបស់ខ្ញុំ ស្ថានទូតបរទេសមួយនេះ មានបំណងតែមួយគត់ គឺចង់ជួយឲ្យកូនជឹងរបស់ខ្លួនឲ្យបានឡើងកាន់អំណាច ដែលខ្លួនអាចប្រើប្រាស់បង្វិលក្បាលបានជាប្រយោជន៍បានដោយមិនបាច់ខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទៅឡើយ។ ម៉្យាងវិញទៀត ក៏ដោយហេតុតែមហិច្ឆតាភូមិសាស្ត្រនយោបាយ ស្ថានទូតអាមេរិកប្រចាំកម្ពុជាហ៊ានបំពានទាំងសន្ធិសញ្ញាអន្តរជាតិ បំពានអធិបតេយ្យភាពរបស់រដ្ឋអធិបតេយ្យមួយ ជាពិសេស គឺបំពានឆន្ទៈពលរដ្ឋខ្មែរម្ចាស់ឆ្នោតជាង ៨៣%។
ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមបញ្ជាក់ជូនស្ថានទូតអាមេរិកជាថ្មីម្តងទៀតថា យើងពិតជាមិនអាចទទួលយកបានឡើយនូវការបំពានរបស់អ្នកទាំងអម្បាលមាណ។ ការលូកដៃរបស់អ្នកចូលកិច្ចការផ្ទៃក្នុងកម្ពុជា វាគ្មានទម្ងន់មកលើកម្ពុជាឡើយហើយផ្ទុយទៅវិញ វាក៏កាន់តែធ្វើឱ្យប្រជាពលរដ្ធខ្មែរមើលឃើញ និងស្គាល់កាន់តែច្បាស់នូវមុខមាត់ពិតរបស់អាមេរិកក្នុងពេលបច្ចុប្បន្នបន្ថែមពីលើអ្វីដែលអាមេរិក បានធ្វើចំពោះប្រជាជនកម្ពុជានៅក្នុងអតីតកាល។
ជាចុងក្រោយ ខ្ញុំក៏សូមគូសបញ្ជាក់ប្រាប់អ្នកវិញឲ្យបានច្បាស់ថា កម្ពុជាពេលនេះមិនស្ថិតក្រោមអាណានិគមន៍របស់ប្រទេសណាមួយឡើយ តែ កម្ពុជា គឺជារដ្ឋអធិបតេយ្យដែលមានច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន មានសិទ្ធិស័្វយសម្រេចលើជោគវាសនារបស់ខ្លួនដោយខ្លួនឯង មិនស្តាប់តាមការ បញ្ជាបង្គាប់របស់បរទេសណាទាំងអស់ ៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ