Wednesday, July 31, 2019

អតីតសកម្មជនបក្សប្រឆាំងម្នាក់ ដែលប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Facebook ពេលនេះត្រូវបានចាប់ខ្លួន

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ បានឃាត់ខ្លួន អតីតសកម្មជនរបស់ អតីតគណបក្សប្រឆាំងម្នាក់ ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook។
បើតាមការបញ្ជាក់របស់លោក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំង ដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។

លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម។

រហូតមកដល់ពេលនេះ អតីតសកម្មជនបក្សប្រឆាំងខាងលើ កំពុងត្រូវបានសួរនាំ ដោយកម្លាំងសមត្ថកិច្ច ប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចនឹងបន្តចាត់វិធានការតាមនីតិវិធីច្បាប់៕


No comments:

Post a Comment