Wednesday, July 31, 2019

លិខិតមិត្តអ្នកអាន៖ «កម្ពុជាមិនស្ថិតក្រោមអាណានិគមន៍ បរទេសណាមួយឡើយ!»

(ភ្នំពេញ)៖ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំពិតជារង្គាសចិត្ត និងហួសចិត្តជាខ្លាំង ហើយក៏មិនអាចទទួលយកបានឡើយនៅពេលឃើញស្ថានទូតបរទេសមួយមកបំពានយ៉ាងកម្រោលម្តងហើយម្តងទៀតមកលើកម្ពុជាដោយតាំងខ្លួនជាបងធំ ឬជាអ្នកដាក់អាណានិគមន៍លើប្រទេសកម្ពុជា ហើយចង់ឲ្យកម្ពុជាធ្វើនេះ ធ្វើនោះតាមដែលខ្លួនចង់បាន។
សកម្មភាពដ៏ច្រងេងច្រងាងនេះពិតជាបានបំពានទាំងស្រុងទៅលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីទំនាក់ទំនងការទូតដែលមិនអនុញ្ញាតឲ្យប្រទេសមួយលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀតដែលជាម្ចាស់ដែនដីនោះឡើយ។ លើសពីនេះ សកម្មភាពរបស់ស្ថានទូតមហាអំណាចមួយនេះក៏បានបំពាន និងមាក់ងាយយ៉ាងធ្ងន់ធ្ងរទៅលើឆន្ទៈរបស់ពលរដ្ឋខ្មែរជាង ៨៣% ដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាពិចារណាឡើងវិញអំពីទង្វើ និងសកម្មភាពខុសឆ្គងហួងហែងរបស់ខ្លួន និងបញ្ឈប់ជាបន្ទាន់នូវការបំពានសន្ធិសញ្ញាអន្តរជាតិ និងការបំពានទៅលើប្រទេសអធិបតេយ្យ។
ផ្ទុយពីការវាយតម្លៃរបស់ស្ថានទូតអាមេរិក ក្នុងនាមពលរដ្ធខ្មែរម្នាក់ ដែលបានទៅបោះឆ្នោតសំដែងឆន្ទៈដែរនោះ ខ្ញុំយល់ឃើញថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតមួយដ៏ល្អមិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ មក។ ខ្ញុំយល់ថា គឺជាការបោះឆ្នោតដែលអាចចាត់ទុកជានិមិត្តរូបនៃសុខសន្តិភាព និងភាពស្ងប់ស្ងាត់ដែលប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់បានយ៉ាងដូច្នេះតទៅមុខទៀត។ ភាពជានិមិត្តរូប នៃការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានដូចតទៅ៖
ទី១៖ ចំនួនអ្នកចូលរួមបោះឆ្នោតមានច្រើនលើសលប់គឺរហូតដល់ជាង៨៣% ដែលសូម្បីបណ្តាប្រទេសប្រជាធិបតេយ្យធំៗនៅលើលោករាប់ទាំងសហរដ្ឋអាមេរិកផង ក៏មិនអាចធ្វើបានដូចដែរ។ អត្រាដ៏ច្រើនលើសលប់នៃចំនួនអ្នកចូលរួមបោះឆ្នោតបានបង្ហាញឲ្យឃើញពីតម្លៃដ៏
ខ្ពស់ នៃការបោះឆ្នោតនេះ ដែលគ្មាននរណាអាចប្រកែកបាន និងបំពានបានឡើយ។
ទី២៖ គឺជាការបោះឆ្នោតដែលមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍យ៉ាងច្រើនកុះករ ហើយពួកគេ បានវាយតម្លៃថា ការបោះឆ្នោតនេះ មានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព គ្មានភាពមិនប្រក្រតីគួរឲ្យកត់សម្គាល់ឡើយជាពិសេសគឺគ្មានអំពើហឹង្សា គ្មានមនុស្សរងរបួសរឺស្លាប់បាត់បង់ជីវិត ។ ផ្ទុយទៅវិញការវាយតម្លៃរបស់អ្នកដែលមិនបានចូលសង្កេតការណ៍ ក៏គ្មានតម្លៃអ្វីទាំងអស់ពីព្រោះពួកគេមិនបានឃើញដោយផ្ទាល់ភ្នែកនូវដំណើរការបោះឆ្នោតនេះទាល់តែសោះ។
ទី៣៖ ក្រោយការបោះឆ្នោត ស្ថានការណ៍ទូទៅក្នុងប្រទេសមានលក្ខណៈល្អប្រសើរ គ្មានភាពវឹកវរ គ្មានអំពើហិង្សា គ្មានការភ័យខ្លាចអ្វីទាំងអស់។ ខុសផ្ទុយស្រឡះពីការបោះឆ្នោតលើកមុនៗ ដែលតែងធ្វើឲ្យពលរដ្ឋខ្មែរព្រួយបារម្ភ ប្រុងជើងការ និងវេចបង្វេច ទិញអង្ករ ត្រីងៀតប្រេងសាំងទុក ដកលុយចេញពីធនាគារ។ល។ ដោយការព្រួយបារម្ភពីចលាចល វឹកវរក្រោយការបោះឆ្នោត។
ទី៤៖ រយៈពេលពេញមួយឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរស្ទើរតែភ្លេចបាត់អស់ទៅហើយនូវអារម្មណ៍ភ័យខ្លាចពីព្រោះពួកគេ ពិតជាបាននិងកំពុងរស់នៅក្នុងសភាពស្ងប់ស្ងាត់ក្នុងប្រទេសមួយ ដែលពោរពេញដោយឱកាស នៃការវិនិយោគ ឱកាសការងារ និងការប្រកបមុខរបរគ្រប់បែបយ៉ាងដើម្បីបង្កើនជីវភាពរបស់ខ្លួន។
ទី៥៖ រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោតដោយបានដាក់ចេញនូវនយោបាយកំណែទម្រង់ស៊ីជម្រៅជាក់ស្តែងក្នុងន័យពង្រឹងឯករាជភាព អធិបតេយ្យភាពជាតិ និងបង្កើនជីវភាព របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន កម្មករ ជាដើម។ល។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏កំពុងទទួលបានផ្លែផ្កាផលប្រយោជន៍ពីគោលនយោបាយនេះ។
និយាយជារួម ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ គឺជាគំរូសម្រាប់ការបោះឆ្នោតក្រោយៗទៀតដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន។ ចុះហេតុដូចម្តេចបានជាស្ថានទូតសហរដ្ឋអាមេរិកបែរជាឈឺចិត្ត ស្អិតទ្រូង ទោរម្នេញ នឹងការបោះឆ្នោតដ៏ល្អបែបនេះទៅវិញ?
តាមការយល់ឃើញរបស់ខ្ញុំ ស្ថានទូតបរទេសមួយនេះ មានបំណងតែមួយគត់ គឺចង់ជួយឲ្យកូនជឹងរបស់ខ្លួនឲ្យបានឡើងកាន់អំណាច ដែលខ្លួនអាចប្រើប្រាស់បង្វិលក្បាលបានជាប្រយោជន៍បានដោយមិនបាច់ខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទៅឡើយ។ ម៉្យាងវិញទៀត ក៏ដោយហេតុតែមហិច្ឆតាភូមិសាស្ត្រនយោបាយ ស្ថានទូតអាមេរិកប្រចាំកម្ពុជាហ៊ានបំពានទាំងសន្ធិសញ្ញាអន្តរជាតិ បំពានអធិបតេយ្យភាពរបស់រដ្ឋអធិបតេយ្យមួយ ជាពិសេស គឺបំពានឆន្ទៈពលរដ្ឋខ្មែរម្ចាស់ឆ្នោតជាង ៨៣%។
ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមបញ្ជាក់ជូនស្ថានទូតអាមេរិកជាថ្មីម្តងទៀតថា យើងពិតជាមិនអាចទទួលយកបានឡើយនូវការបំពានរបស់អ្នកទាំងអម្បាលមាណ។ ការលូកដៃរបស់អ្នកចូលកិច្ចការផ្ទៃក្នុងកម្ពុជា វាគ្មានទម្ងន់មកលើកម្ពុជាឡើយហើយផ្ទុយទៅវិញ វាក៏កាន់តែធ្វើឱ្យប្រជាពលរដ្ធខ្មែរមើលឃើញ និងស្គាល់កាន់តែច្បាស់នូវមុខមាត់ពិតរបស់អាមេរិកក្នុងពេលបច្ចុប្បន្នបន្ថែមពីលើអ្វីដែលអាមេរិក បានធ្វើចំពោះប្រជាជនកម្ពុជានៅក្នុងអតីតកាល។
ជាចុងក្រោយ ខ្ញុំក៏សូមគូសបញ្ជាក់ប្រាប់អ្នកវិញឲ្យបានច្បាស់ថា កម្ពុជាពេលនេះមិនស្ថិតក្រោមអាណានិគមន៍របស់ប្រទេសណាមួយឡើយ តែ កម្ពុជា គឺជារដ្ឋអធិបតេយ្យដែលមានច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន មានសិទ្ធិស័្វយសម្រេចលើជោគវាសនារបស់ខ្លួនដោយខ្លួនឯង មិនស្តាប់តាមការ បញ្ជាបង្គាប់របស់បរទេសណាទាំងអស់ ៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ






No comments:

Post a Comment