Wednesday, July 31, 2019

លិខិតមិត្តអ្នកអាន៖ អាមេរិកចោទកម្ពុជានិងចិនដើម្បីបិទបាំងផែនការសម្ងាត់របស់ខ្លួនជាមួយស្រីល័ង្កានិងអូស្ត្រាលី!

យប់មិញ ពេលខ្ញុំឃើញកាសែតបរទេស២គឺ South China Morning Post និង The Business Insider Australia ចេញផ្សាយនូវអត្ថបទអំពីការបែកធ្លាយនូវកិច្ចព្រមព្រៀងសម្ងាត់ក្នុងការដាក់ និងពង្រីកវត្តមានយោធាជើងទឹកអាមេរិកនៅក្នុងប្រទេសស្រីល័ង្កានិងអូស្ត្រាលី ខ្ញុំពិតជាជឿថា ទេវតាពិតជាមានភ្នែកមែន និងតាមការពារអ្នករងគ្រោះដោយអំពើអយុត្តិធម៌ហើយផ្តន្ទាអ្នក ប្រ​ព្រឹត្តទង្វើអាក្រក់ដែលពោរពេញដោយពុតត្បុតមែន។ ប្រទេសកម្ពុជានិងប្រជាជនខ្មែរយើងពិតជាមានបារមីតាមជួយការពារថែរក្សាយ៉ាងពិតប្រាកដ។ ល្បែងឆ្ពិនភ្នែកដ៏អាក្រក់ «ស្វាស៊ីបាយរួចលាបមាត់ពពែ» ដោយសុខចិត្តទម្លាក់កំហុសលើអ្នកដទៃដើម្បីបិទបាំងផែនការសម្ងាត់ដ៏ធំរ​ប​ស់ខ្លួនត្រូវបានវែកមុខនិងបកអាក្រាតជាសាធារណៈអោយគេបានដឹងលឺខ្ទរខ្ទារពេញពិភពលោ​កហើយ។
«យោធាសហរដ្ឋអាមេរិកគ្រោងនឹងពង្រីកផែនការធ្វើនាវាចរថ្មីជាសម្ងាត់ដែលមានទឹកប្រាក់ 305 លានដុល្លារនៅប្រទេសអូស្ត្រាលី ប៉ុន្តែគ្មាននរណាម្នាក់ចង់និយាយអំពីរឿងនេះនោះទេ» នេះគឺជាចំណងជើងនៃអត្ថបទរបស់កាសែតអនឡាញ The Business Insider Australia ដែលចេញផ្សាយកាលពីថ្ងៃទី ៣០ កក្កដានេះ។ យោងតាមខ្លឹមសារនៃកាសែតនេះ ក្រសួងការពារជាតិអាមេរិកកំពុងពិចារណាចំណាយថវិកា 305.9 លានដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹកនៅ Darwin ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី។ ប្រ​ភពដដែលក៏បានឲ្យដឹងថា យោងតាមសេចក្តីព្រាងច្បាប់របស់សភាអាមេរិកដែលទូរទស្សន៍អូស្ត្រាលី ABC ទទួលបាន គឺទឹកប្រាក់ចំនួន 211.5 ដុល្លារអាមេរិកត្រូវបានគេគ្រោងសម្រាប់សា​ងសង់មូលដ្ឋានកងទ័ពជើងទឹកអាមេរីកនៅរដ្ឋធានីភាគខាងជើងនៃប្រទេសអូស្ត្រាលីដោយនៅរង់ចាំតែការអនុម័តយល់ព្រមពីសមាជិកសភាអាមេរិកតែប៉ុណ្ណោះ។
សេចក្តីព្រាងច្បាប់ដដែលនេះ ក៏បានបញ្ជាក់ថា សំណង់យោធាត្រូវបានសាងសង់នៅចំណុចជុំវិញមហាសមុទ្រប៉ាស៊ីហ្វិករួមទាំងនៅកោះ Guam និង ជប៉ុន។ គំរោង Darwin គឺជាគំរោងដែ​លថ្លៃជាងគេលំដាប់ទី2 នៅក្នុងច្បាប់នេះបន្ទាប់ពីគំរោង Guam ដែលមានតំលៃខ្ពស់ជាងបន្តិចគឺ 327 លានដុល្លារ។ គម្រោង នេះបានកើតឡើងនៅពេលដែលភាពតានតឹងរវាងប្រទេសម​ហាអំណាចពិភពលោក ទាំងពីរនៅសមុទ្រចិនខាងត្បូងនិងប៉ាស៊ីហ្វិកកាន់តែរីកធំឡើងៗ។
កាលពីសប្តាហ៍មុន នាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់មួយថ្ងៃបន្ទាប់ពីប្រទេសចិនបានព្រមានថា ខ្លួននឹងប្រើកងកម្លាំងដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ប្រសិនបើគម្រោង Darwin នេះត្រូវបានអនុម័ត នេះគឺជាគម្រោងអភិវឌ្ឍយោធាដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិកនៅប្រទេសអូស្ត្រាលីនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាបែបនេះ​ក្តី ក៏អាជ្ញាធរនៃប្រទេសទាំង២គឺ អាមេរិក និងអូស្ត្រាលីស្ទាក់ស្ទើរក្នុងការនិយាយអំពីគ​ម្រោងសម្ងាត់នេះ។
ទោះជាយ៉ាងណា គម្រោង Darwin បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងវិស័យការពារជាតិដែលមានតម្លៃ 2ពាន់លានដុល្លារដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅភាគខាងជើងអូស្ត្រាលី។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះរួមមាន ដែនអាកាស កន្លែងស្នាក់នៅនិងកន្លែងហ្វឹកហាត់។ សហរដ្ឋអាមេរិកក៏កំពុងតែផ្តល់មូលនិធិដល់គម្រោង មួយនៅ Geraldton នៅភាគខាងលិចអូស្ត្រាលីហើយកាលពីឆ្នាំមុនក៏បានបញ្ជូនកងម៉ារីនអាមេរិកជាង 1,500 នាក់ ដែលជាការដោះដូរ កងកម្លាំងជើងទឹកអាមេរិកដ៏ធំបំផុតមិនធ្លាប់មាននៅអូស្ត្រាលី​។ សហរដ្ឋអាមេរិកក៏បានធ្វើប្រតិបត្តិការណ៍ Pine Gap រួចទៅហើយដែលជាមូលដ្ឋានស៊ើប​កា​រណ៍ដ៏សម្ងាត់របស់ខ្លួននៅ Alice Springs ហើយក៍នៅ មានកិច្ចព្រមព្រៀងជា មួយរដ្ឋាភិបាលអូស្រ្តាលីក្នុងការ ប្រើប្រាស់ មូលដ្ឋានទ័ពអាកាសអូស្ត្រាលី RAAF ថែមទៀត។
បញ្ហានេះវាបានកើតឡើងមិនដល់មួយសប្តាហ៍ទេបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិង អូ​ស្រ្តាលី បានសម្តែងការព្រួយបារម្ភចំពោះព័ត៌មានដែលថា មានកិច្ចព្រមព្រៀងសម្ងាត់រវាងប្រ​ទេសកម្ពុជានិងចិន ដែលនឹងអនុញ្ញាតឱ្យយោធាចិនចូលទៅប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជានៅជិតក្រុងព្រះសីហនុ។ ឥឡូវនេះ ក៏បែរជាមាន ការលេចធ្លាយមកថា គឺកងទ័ពអាមេរិកនិងអូស្ត្រាលីខ្លួនឯងឯណោះទៅវិញទេដែលបានចុះកិច្ចព្រមព្រៀងសម្ងាត់របស់ខ្លួន។ ព័ត៌មានដែលចុះផ្សាយដោយគេហទំព័រ The Business Insider Australia គឺជាពន្លឺដែលទម្លុះទម្លាយភាពមន្ទិលសង្ស័យទាំងឡាយជុំវិញការបង្កើតនិងប្រឌិតព័ត៌មានថា កម្ពុជានិងចិន បានចុះហត្ថលេខាសម្ងាត់ដែលអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេ​ត្តព្រះសីហនុ។
ព័ត៌មានមិនពិតនេះ ត្រូវបានភាគីកម្ពុជានិងចិន បដិសេធជាផ្លូវការរួចហើយ។ ហើយអាជ្ញាធរកម្ពុជាថែមទាំងបាននាំក្រុមអ្នកកាសែតជាតិនិងអន្តរជាតិអោយទៅពិនិត្យដល់ កន្លែងជាក់ស្តែងទៀតផង។ ប៉ុន្តែ ក៏នៅមានអ្នកជឿលើ ព័ត៌មានប្រឌិតនេះ ហើយបន្ដដាក់ការសង្ស័យចោទប្រកាន់មកលើកម្ពុជានិងចិនពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ មជ្ឈដ្ឋានក្រុមប្រឆាំងបម្រើបរទេសក៏នៅ តែបន្តយកបញ្ហាមិនពិត ដែលគេប្រឌិតឡើងនេះធ្វើជាប្រធានបទនៃការឃោសនាបង្ខូចបង្កាច់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដ​ដែលដូចដែលប្រជាជនបារាំងតែងតែ និយាយថា « Qui se resemble, s’assemble » « ឆ្នាំ​ងណាគ្របហ្នឹង »។ ប៉ុន្តែ ក្រោយពីបានអានអត្ថបទរបស់កាសែតបរទេសទាំង២នេះ ខ្ញុំពិតជាអាចយល់បានយ៉ាង ច្បាស់ហើយថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកបង្កើតព័ត៌មានក្លែងក្លាយនេះឡើង។ ចម្លើយដ៏សាមញ្ញនិងងាយយល់បំផុតនោះ គឺដើម្បីបង្វែរសភាពការណ៍ឲ្យសាធារណៈមតិជាតិនិងអន្តរជាតិ ងាកមក ចាប់អារម្មណ៍លើ កម្ពុជានិងចិនដើម្បីបិទបាំងផែនការស​ម្ងាត់ដ៏ធំរបស់ខ្លួនជាមួយអូស្ត្រាលីនិងស្រីល័ង្កា។
ប៉ុន្តែ ពាក្យចាស់បូរាណ ពោលថា «ដំរីស្លាប់មិនអាចយកចង្អេបាំងបានឡើយ រឺ ក្រដាស់ក៏មិនអាចខ្ចប់ភ្លើងបានដែរ » ពោលគឺ ការពិតនៅតែជាការពិត។ ទីបំផុត ល្បិចកលទុច្ចរិតនេះត្រូវបានបំបែកដោយ សារព័ត៌មាន The Business Insider Australia និង South China Morning Post យ៉ាងទាន់ហន់បំផុត។ ម៉្យាងវិញទៀត ខ្ញុំក៏កាន់តែអាចវាយតំលៃបានកាន់តែច្បាស់ជាក់ស្តែងថែម ទៀតថា ការលើកឡើងច្រំដែលៗមិនចប់មិនហើយអំពីបញ្ហាថា កម្ពុជាគ្មានប្រជាធិប្បតេយ្យនិងសិទ្ធមនុស្សនិងការរំលាយអតីតបក្សប្រឆាំងគឺវាគ្មានអ្វីក្រៅតែយកធ្វើជាលេសដើ​ម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាផងហើយក៏ជាឈ្នាន់បំរើអោយផែនការក្នុងការបង្កើតបក្សអាយ៉ងរបស់ខ្លួនមួយនៅកម្ពុជាក្នុងគោលដៅបំរើអោយផលប្រយោជន៍ភូមិសាស្ត្រនយោ​បាយរបស់អាមេរីកតែប៉ុណ្ណោះ ។
ចុងក្រោយនេះ ដើម្បីជាផ្នែកមួយនៃការបង្វែរការចាប់អារម្មណ៍និងបន្លំភ្នែកសាធារណៈមតិ ស្ថា​នទូតអាមេរិកប្រចាំកម្ពុជា ក៏ទើបតែបានបង្កើតបញ្ហាថ្មីមួយទៀតនៅថ្ងៃ ៣០ កក្កដានេះដែរតាមរយៈការបញ្ចេញអត្ថបទវាយតម្លៃសភាពការណ៍បោះឆ្នោតនៅកម្ពុជាដែលផ្ទុយស្រឡះពីការពិត។ ការបង្កើតព័ត៌មានអកុសលជាបន្តបន្ទាប់អំពីកម្ពុជា ពិតជាមានបំណងច្បាស់លាស់ដោយប្រើប្រាស់យុទ្ធសាស្ត្រ កូរទឹកឲ្យល្អក់ដើម្បីបំពុលត្រី ឬនិយាយបែបផ្សេងគឺការ«ប្រើល្បិច ចោរស្រែកឲ្យគេចាប់ចោរ»។ ទោះយ៉ាងណា កម្ពុជាក៏មិនមែនជាត្រីក្នុងបឹងហើយក៏មិនបណ្តោ​យខ្លួនឲ្យគេវាយធ្វើបាបដោយចោទថាខ្លួនជាចោរនោះដែរ។ កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វ័យការពារដើម្បីរក្សាសុខសន្តិភាពនិង ដើម្បីជៀសផុតពីល្បែងហ្គេមស៊ីដាច់របស់បរទេស «Zero Sum Game»។
ពេលនេះ អាប៉ោងបើកគ្របហើយ។ ល្បែងហ្គេមក៏ល្មមអាចចប់ត្រឹមនេះដែរ។ សូមចងចាំថា ក្នុងយុគសម័យនេះ ប្រទេសណាក៏គិតពីប្រយោជន៍របស់ខ្លួនជាធំដែរ។ ក្នុងបរិបទពិភពលោ​កពហុប៉ូល ចង្ទុលបង្អែកក៏មានច្រើន មិនមែនមានតែមួយគត់ ដូចពីមុនទៀតទេ។ ដូច្នេះ កុំសូម្បីតែ ប្រយោជន៍របស់ខ្លួន សុខចិត្តមួលបង្កាច់ ជាន់ពន្លិចប្រទេសតូចតាច ព្រោះនយោបាយទុច្ច​រិតនិងទង្វើបែបនេះមិនខុសអ្វីពីការបាចអង្កាមបញ្ច្រាសខ្យល់នោះឡើយ។ បទពិសោធន៍ពីអ​តីតកាលនិងបទពិសោធន៍នៃពិភពលោកថ្មីៗ គឺជា មេរៀនគ្រប់គ្រាន់សម្រាប់កម្ពុជា។ ល្បិចចោ​ទ​ប្រកាន់អ្នកដទៃដើម្បីបិទបាំងផែនការទុច្ចរិតរបស់ខ្លួន យូររឺឆាប់វាគង់តែបែក ធ្លាយចេញមកនូវការពិតជាពិសេសក្នុងយុគ្គសម័យនៃសាកលភាវូបនីយកម្មនិងឌីហ្ស៊ីតាល់៕


ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ


No comments:

Post a Comment