Thursday, January 18, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងសារជាថ្មីថាការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋភានឹងដំណើរការដូចការគ្រោងទុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្ដិ៍ ដែលថា​ការបោះឆ្នោត​នឹងមិនអាចធ្វើទៅបានប្រសិនបើមានភាពច្របូកច្របល់ ដែលលោកបានចាត់ទុកការផ្សាយនេះថា គ្មានការចេះដឹងទាល់តែសោះ។ លោកបានអះអាងថាការបោះឆ្នោតនឹងដំណើរការទៅមុខដូចការគ្រោងទុក។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្ស​ព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតនៅកម្ពុជា ទាំង​ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នៅតែបន្តទៅតាមកាលបរិច្ឆេទ​ ដូចការគ្រោងទុក គ្មានការប្រែប្រួលទោះមានរឿងអ្វីកើតឡើងក៏ដោយ។ លោកបន្ថែមថា ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ មិនត្រូវបានផ្លាស់ប្ដូរទេ គឺការបោះឆ្នោតនេះត្រូវបន្ដ និងជិតឈានដល់ដំ​ណាក់កាលនៃយុទ្ធនាការបោះឆ្នោតជ្រើសរើស​សមាជិកព្រឹទ្ធសភាហើយ ឯការបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឬការបោះឆ្នោតជ្រើ​សរើសសមាជិកសភា ក៏នឹងត្រូវបន្ដធ្វើតាមការគ្រោងទុកគ្មានការផ្លាស់ប្ដូរណាមួយកើតឡើងទេ បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះត្រូវតែធ្វើឱ្យខាងតែបាន។



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការកំណត់ច្បា​ស់លាស់មួយស្ដីពី​សភា មាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ ​លើកលែងតែរដ្ឋាភិបាលត្រូវរំលាយ២ដង ក្នុងរយៈពេល១២ខែ មានន័យថា ការបោះឆ្នោតនៅកម្ពុជាគឺមិនប្រគល់សិទ្ធិនោះ ទៅឱ្យនាយករដ្ឋមន្ដ្រី ដូចប្រទេសនានាទេ ក៏មិនថ្វាយទៅព្រះមហាក្ស​ត្រ ហើយក៏មិនឱ្យសភាខ្លួនឯងដែរ សភាខ្លួនឯងគ្មានសិទ្ធិរំលាយសភាខ្លួនឯងនោះទេ លើកលែងតែខ្លួនចង់រំលាយ ត្រូវរំលាយរដ្ឋាភិបាល២ដង។



គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា «ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់) ហើ​យការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថា ខ្ញុំនឹងលុបចោល ឬពន្យារការបោះឆ្នោតនាពេលខាងមុខ។ ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិ​ភាគផងដែរ»៕​







គ្រួសារសម្រាលបានកូនភ្លោះ ៣ នាក់ ក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានទទួលថវិកាពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា

តាកែវ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នេះ លោក ស្វាយ សុវណ្ណរិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ តំណាងរបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងក្រុមការងារ ចូលរួមដោយលោក ប៉ៅ ឈិន សមាជិកគណៈកម្មាធិការបក្សស្រុកបាទី លោកមេឃុំ ចាន់ សុខន និងក្រុមការងារផ្សេងទៀត បាននាំយកថវិកាផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រកម្រិតប្រភេទ១ ដែលសម្រាលបានកូនស្រីភ្លោះបីនាក់ ដែលមានទីលំនៅភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

សូមបញ្ជាក់ថានេះជាកំណើតកូនលើកទីបី បានប្រសូត្រ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដែលមានឪពុកឈ្មោះ ប៉ិច វន្នី អាយុ២៨ឆ្នាំ កម្មករសំណង់ និងម្ដាយឈ្មោះ ចែម សុខលី អាយុ២៥ឆ្នាំ កសិករ មានទីលំនៅភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ជាប្រភេទគ្រួសារក្រកម្រិត១ មានកូនទី១ឈ្មោះ ផន វណ្ណៈ ប្រុស អាយុ៧ឆ្នាំ, កូនទី២ឈ្មោះ ផន វ៉ាន់ណេត ប្រុស អាយុ៣ឆ្នាំ, ហើយកូនលើកទី៣ ប្រសូត្រនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង២៥នាទីព្រឹក។

នាឱកាសនោះផងដែរ លោក ស្វាយ សុវណ្ណរិទ្ធ បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ស្វាយ ស៊ីថា ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដល់គ្រួសារដែលប្រសូតបានកូនភ្លោះបីនាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ។ ថវិកាដែលផ្ដល់ជូនដល់ក្រុមគ្រួសារ រួមមានចំនួន ៤៧ ម៉ឺនរៀល និង ៣០ដុល្លារផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កត្តាសុខសនិ្តភាពធ្វើឱ្យកម្ពុជាកាន់តែមានឱកាស និងលទ្ធភាពខ្ពស់គិតគូរបន្ថែមលើការងារលើកកម្ពស់សុខុមាលភាពសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងស្មារតីនៃកំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍនៃសង្គមជាតិ កត្តាសុខសនិ្តភាពបានធ្វើឱ្យរាជរដ្ឋាភិបាលកាន់តែមានឱកាស និងលទ្ធភាពខ្ពស់ ចាប់ផ្តើមគិតគូរបន្ថែមលើការងារលើកកម្ពស់សុខុមាលភាពសង្គម ពិសេសការងារថែទាំមនុស្សចាស់ដើម្បីធ្វើឱ្យសង្គមខ្មែរកាន់តែមានយន្តការពេញលេញ ប្រទាក់ក្រឡា និងមានប្រព័ន្ធគាំពារសង្គមកាន់តែរឹងមាំដើម្បីរួមចំណែកធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្នព្រមទាំងស័ក្តិសមជាសង្គមមួយដែលឱ្យតម្លៃលើកតញ្ញុតាផងដែរ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងពេលពីរទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណជា៧,៧% ក្នុងមួយឆ្នាំ ហើយក៏សម្រេចបាននូវវឌ្ឍនភាពខ្ពស់ក្នុងការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ។ នេះជាដំណាក់កាលដ៏ល្អប្រសើរក្នុងស្មារតីសាមគ្គីជាតិ និងក្នុងខណៈដែលកម្ពុជាកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោកដែលធ្វើឱ្យកម្ពុជាមានឱកាសកាន់តែច្រើន និងបោះជំហានទៅមុខឆ្ពោះទៅរកការរីកចម្រើនរបស់ប្រជាជាតិខ្មែរយើងទាំងមូល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការធានារក្សាបាននូវសនិ្តភាព, សិ្ថរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំនេះ បានធ្វើឱ្យកម្ពុជាបន្តសម្រេចបានសមិទ្ធផលថ្មីៗទៀត ទាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនបានយ៉ាងល្អប្រសើរ៕





អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ត្រូវតែការពារសមិទ្ធផលសង្គមជាតិឲ្យបាន

នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ប្រកបដោយការឈឺចាប់ ទុក្ខវេទនា និងសោកនាដកម្មធ្ងន់ធ្ងររាប់មិនអស់ ដែលធ្វើឲ្យប្រជាជនកម្ពុជាចងចាំមិនភ្លេចហើយខិតខំកសាងនូវប្រវត្តិសាស្ត្រថ្មី ដែលចៀសផុតពីគ្រោះមហន្តរាយដូចពីអតីតកាល ។

លោក សុខ ឥសាន បានលើកឡើងទៀតថា ផ្អែកលើមូលដ្ឋាននេះ ដោយសារសមិទ្ធផលដែលមានសព្វថ្ងៃ ត្រូវរកបានដោយកម្រ និងលំបាកលំបិនចាំបាច់ត្រូវតែរួបរួមគ្នា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំថែរក្សាការពារឲ្យខានតែបាន ឲ្យបានគង់វង្សនិងគត់មត់ ដាច់ខាតមិនឲ្យក្រុមឧទ្ទាមក្នុងព្រៃ ក្រុមឧទ្ទាមក្នុងស្រុក និងក្រុមឧទ្ទាមក្រៅស្រុក មកបំផ្លិចបំផ្លាញបានជាដាច់ខាត ។ លោកបានសង្ងត់ធ្ងន់ថា ឧទ្ទាមណាក៏ដោយ ក្នុងព្រៃ ក្នុងស្រុក និងក្រៅស្រុក គឺជាឧទ្ទាមក្រៅច្បាប់ដូចគ្នាទាំងអស់ ចាំបាច់ត្រូវតែកម្ទេច កុំឲ្យងើបក្បាលបានជាដាច់ខាត៕


ប្រតិទិននៃការបោះឆ្នោតដ៏មមាញឹករបស់អាស៊ាន

តើយើងគួរគិតលើអ្វីខ្លះសម្រាប់អាស៊ាននៅឆ្នាំ ២០១៨ នេះ? លើវិស័យសេដ្ឋកិច្ច រូបភាពទាំងអស់នៅតែមិនច្បាស់លាស់ បើទោះបីជាកំណើននៃការនាំចេញ ទំនងជាបន្តកើតមានឡើង ដោយសារកំណើនតម្រូវការរបស់ពិភពលោកក៏ដោយ។ ក៏ប៉ុន្តែ អ្វីដែលច្បាស់នោះ គឺនយោបាយក្នុងស្រុកគឺថា នឹងទំនងជាមានឥទ្ធិពលលើបញ្ហាសំខាន់ៗទាំងអស់នេះ។

កាលវិភាគនៃការបោះឆ្នោតសម្រាប់អាស៊ានគឺមានភាពមមាញឹកខ្លាំងនៅក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដោយចាប់ផ្តើមចេញពីការបោះឆ្នោតនៅកម្ពុជានៅខែកក្កដា និងការបោះឆ្នោតព្រឹទ្ធសភាមួយខែក្រោយមក។ នាយករដ្ឋមន្រ្តីដែលកាន់តំណែងជាយូរមកហើយ លោក ហ៊ុន សែន បានបង្រ្កាបគណបក្សប្រឆាំង ដោយការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងរបស់កម្ពុជា CNRP ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ កត្តានេះបង្កការព្រួយបារម្ភថា កម្ពុជាកំពុងឆ្ពោះទៅរកផ្តាច់ការ។

ពិតប្រាកដ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនដែលមានភាពសេរី និងបើកចំហទូលំទូលាយទេ។ អ្នកមួយចំនួននិយាយថា ការបង្រ្កាបដែលមិនធ្លាប់មាននេះ គឺដើម្បីឆ្លើយតបទៅនឹងការស្ទង់មតិមួយដែលបង្ហាញថា គណបក្សកាន់អំណាចរបស់កម្ពុជា CPP នឹងចាញ់ CNRP នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ បុរសខ្លាំងរបស់កម្ពុជា​ទន្ទឹមនឹងនោះដែរបានរីករាយទៅនឹងការគាំទ្រពីប្រទេសចិន ក៏ប៉ុន្តែវាធ្វើឱ្យខូចទំនាក់ទំនងជាមួយអាមេរិក និងសហភាពអឺរ៉ុប។

សមាជិកព្រឹទ្ធសភាអាមេរិកលោក Ted Cruz បានចោទប្រកាន់លោក ហ៊ុន សែន​ ថា “កំពុងធ្វើឱ្យខូចខាតដល់អនាគតនៃទំនាក់ទំនង កម្ពុជា-អាមេរិក និងលទ្ធិប្រជាធិបតយេ្យនៅកម្ពុជា”។ សហភាពអឺរ៉ុបបានលុបចោលជំនួយ ៨ លានដុល្លារសម្រាប់ការបោះឆ្នោតរបស់កម្ពុជា ក៏ប៉ុន្តែ ចំនួននេះ វាតិចតួចណាស់ បើធៀបទៅនឹងជំនួយរាប់រយលានដុល្លារពីរដ្ឋាភិបាលទីក្រុងប៉េកាំង។

នៅម៉ាឡេស៊ី ការបោះឆ្នោតនឹងធ្វើឡើងនៅខែសីហា។ ការស្ទង់មតិបានលើកឡើងថា គណបក្សក្នុងរដ្ឋាភិបាលចម្រុះ ​Barisan Nasional (BN) អាចបាត់បង់ការគាំទ្រមួយចំនួន ក៏ប៉ុន្តែ ប្រធានបក្ស BN លោក Najib Razak ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ ២០០៩ មក នឹងទំនងជាប្រឈមទៅនឹងការបែកបាក់ជាមួយគណបក្សប្រឆាំងមួយនេះ ក៏ប៉ុន្តែនៅតែទំនងជាអាចធានាបានអាសនៈភាគច្រើនដដែ។

បើទោះបីជាមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិចំពោះរឿងអាស្រូវនៃក្រុមហ៊ុនអភិវឌ្ឍន៍យុទ្ធសាស្រ្តម៉ាឡេស៊ី 1Malaysia Development Berhad (1MDB) ដែលពាក់ព័ន្ធនឹងប្រាក់រាប់រយលានដុល្លារថា បានកេញជាផលប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ ក៏លោក Najib នៅតែទទួលបានផលប្រយោជន៍ពីក្បាលម៉ាស៊ីនបរិបាលកិច្ចនៃគណបក្ស Umno ដែរ។ វត្តមាននៃអតីតនាយករដ្ឋមន្រ្តី លោក Mahathir Mohamad ធ្វើជាមេដឹកនាំគណបក្សប្រឆាំងនោះ អាចមិនគ្រប់គ្រាន់ដើម្បីបំបែកកណ្តាប់ដៃរបស់ Mmno ទេ។ លោក Mahathir បច្ចុប្បន្នមានអាយុ ៩២ ឆ្នាំ​ហើយ។

នៅប្រទេសថៃ ការបោះឆ្នោតត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំនេះ។ ប្រសិន បើ ឬនៅពេលដែលការបោះឆ្នោតត្រូវបានធ្វើឡើង ក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួនអាចនឹងវិលត្រឡប់មកធ្វើការវិនិយោគឡើងវិញ។

ទន្ទឹមនឹងនោះដែរ ប្រជាជនជា ១៣០ លាននាក់ នៅឥណ្ឌូនេស៊ី នឹងធ្វើការបោះឆ្នោតក្នុងតំបន់នៅខែមិថុនា ដែលការបោះឆ្នោតនេះ គឺជាការវាយតម្លៃមួយសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែមេសាឆ្នាំក្រោយ។ ការបោះឆ្នោតនេះត្រូវបានគេរំពឹងថា ជាការសាកល្បងកម្លាំង និងអំណាចទល់នឹងអតីតឧត្តមសេនីយ៍ Prabowo។ អ្នកវិនិយោគ មានការព្រួយបារម្ភខ្លាំងអំពីលទ្ធិភាពនៃហានិភ័យក្នុងការបន្តគោលនយោបាយ ខណៈដែលគូប្រជែងរបស់លោក Widodo បានរិះគន់គោលនយោបាយសេដ្ឋកិច្ចរបស់គាត់ ដូចជាការស្វាគមន៍ការវិនិយោគរបស់ចិនជាដើម។

សំឡឹងទៅឆ្នាំ ២០១៩ ការបោះឆ្នោតនៅខែឧសភាគឺជាការបោះឆ្នោតសាកល្បងសម្រាប់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។ ការប្រឈមរបស់លោក Duterte គឺមានកម្រិតខ្ពស់ ខណៈដែលពាក់កណ្តាលនៃសមាជិកព្រឹទ្ធសភារបស់ហ្វីលីពីននឹងធ្វើការបោះឆ្នោតសម្រេចថា តើអាចបន្តការងារ ឬយ៉ាងណានោះ។ ខណៈដែលក្រុមការងាររបស់នាយករដ្ឋមន្រ្តីបានធ្វើការអភិវឌ្ឍន៍លើកំណែទម្រង់មួយចំនួន​នោះ ការងារជាច្រើននៅត្រូវរង់ចាំធ្វើ ជាពិសេស ការធ្វើសេរីភាវូបនីយកម្មលើការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ហ្វីលីពីនហាក់ដូចធ្វើដំណើរយឺតទាក់ទិននឹង FDI ក៏ការជំរុញឆ្ពោះទៅរកកំណែទម្រង់មិត្តភាពគឺ ”ទាមទារឱ្យទុននយោបាយជាសំខាន់”។

កុំភ្លេចប្រទេសភូមា ដែលនយោបាយក្នុងស្រុកកំពុងមានភាពចម្រូងចម្រាស។ បើទោះបី ជាភូមាមានការអភិវឌ្ឍន៍សេដ្ឋកិច្ចចេញពីចំណុចទាបបំផុតក៏ដោយ ក៏ភូមាបានក្លាយទៅជាប្រទេសមួយដែលពាក់ព័ន្ធទៅនឹងការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិច Rohingya នៅរដ្ឋ Rakhine។ ដោយមានបញ្ហានយោបាយក្នុងស្រុក លោកស្រី Aung San Suu Kyi ហាក់ដូចជាមានភាពមមាញឹកខ្លាំងណាស់ក្នុងការជំរុញគោលនយោបាយសេដ្ឋកិច្ចចម្បងៗឆ្ពោះទៅមុខ។

នយោបាយអាចជាសន្លឹកបៀរ៍របស់លោក Trump នៅឆ្នាំ ២០១៨ នេះ។ អ្នកវិនិយោគគួរកត់សម្គាល់ ថាការកើនឡើងរយៈពេលខ្លីចេញពីការបោះឆ្នោតមាននិន្នាការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច៕

ប្រភព : Bangkok Post ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា នឹងគ្មានការលុបចោលឬពន្យារការបោះឆ្នោត នាពេលខាងមុខនោះឡើយ

អភិបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តឥន្រ្ទីយ៍សំវរៈ

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ បានដឹកនាំសហការីប្រគេនជូននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យ ជូនព្រះសង្ឃនៅវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងការជួយគាំទ្រ សម្រាប់បេក្ខសមណសិស្ស និងគណៈមេប្រយោគ ដែលនិមន្តមកប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (សាលាបាលីរង) ចំនួន៥០០អង្គ។

ការប្រគេននូវគ្រឿងបរិភោគទាំងនេះ គឺជាការលើកស្ទួយ និងជួយគាំទ្រព្រះពុទ្ធសាសនា ក្នុងគោលបំណងចូលរួមអភិរក្ស និងជាការជួយសម្រួលដល់ការផ្គត់ផ្គង់នូវចង្ហាន់ ក្នុងរយៈពេល៣ថ្ងៃនៃការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (សាលាបាលីរង) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣-៤-៥ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩-២០ និង២១ ខែមករា ឆ្នាំ២០១៨ ដែលនិមន្តមកពីតាមបណ្តាក្រុងស្រុកទាំងប្រាំបី ក្នុងខេត្តកំពង់ធំ។ ក្នុងការចូលរួមចាប់នូវមគ្គផលនាឱកាសនោះ លោកអភិបាលខេត្ត បានប្រគេននូវអង្ករ១តោន មី២៤កេស ទឹកសុទ្ធ២០កេស ទឹកក្រូច១០កេស និងបច្ច័យ២លានរៀល ផងដែរ៕




(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា​ ការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មិនមានការផ្លាស់ប្តូរទេ

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំង្ងឺ ជូនប្រជាពលរដ្ឋ នៅឃុំគគីរ ស្រុករមាសហែក

ស្វាយរៀង៖ យោងតាមអនុសាសន៍របស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង លោក កែរ រដ្ឋា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាល បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ដោយសារគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិក ក្នុងបរិវេណវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ការពិនិត្យព្យាបាលជំងឺនេះ មានការចូលរួមពីក្រុមគ្រូពេទ្យចំនួន២៧នាក់ ដោយបានពិនិត្យ ព្យាបាលជម្ងឺទូទៅ កុមារ ជម្ងឺរមាស់ សើស្បែក សរុប៤១៦នាក់ ស្រី២៩៣នាក់។ ចំពោះឱសថមួយចំនួនបានទទួលពីក្រសួងសុខាភិបាល និងមួយចំនួនទៀត ទទួលបានពីការឧបត្ថម្ភរបស់ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។

លោក កែរ រដ្ឋា បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក។ លោក កែរ រដ្ឋា បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល បានដាក់ផែនការចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំគគីរ ក្នុងមួយខែម្តង រហូតដល់មណ្ឌលសុខភាពគគីរ បានសាងសង់រួចរាល់ជាស្ថាពរ ៕






កម្ពុជារៀបចំបញ្ជូនកងទ័ពមួកខៀវ ១៨៤នាក់ថ្មីទៀតទៅកាន់ ប្រទេសលីបង់

ទន្ទឹមនឹងការរៀបចំពិធីទទួលកងវិស្វកម្មលេខ៣៦៩ និងកងវិស្វកម្មលេខ៤៥៩ ដែលបានបញ្ចប់បេសកកម្ម របស់ខ្លួនជាមួយអង្គការសហប្រជាជាតិនោះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ កម្ពុជា ក៏បានរៀបចំ បញ្ជូនកងវិស្វកម្មលេខ៩៦៣ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មរក្សាសន្ដិភាព រនៅសាធារណរដ្ឋលីបង់ ផងដែរ។

ពិធីទទួល និងបញ្ជូនកងកម្លាំងរក្សាសន្តិសុខមួកខៀវកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចូលរួមដោយនាយទាហាន នាយទាហានរង ពលទាហាន គ្រប់លំដាប់ថ្នាក់យ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះមាន ស្រ្តីចំនួន ជាង២០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនជិត១០០០នាក់ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើ ឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន ៕



អ្នកវិភាគចៅ ចាក់ស្មុក លើកឡើងថា សម រង្ស៊ី ជាអ្នកនយោបាយទាល់ច្រក

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងទំព័រហ្វេសប៊ុកចៅ ចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «សម រង្ស៊ី អ្នកនយោបាយទាល់ច្រក» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

មួយជីវិតនយោបាយរបស់សម រង្ស៊ី មិនខុសពីខ្មោចឪខ្លួនឡើយគឺស្លាប់ដោយយកទៅជាមួយនូវកេរ្តិ៍ឈ្មោះអសោចជាជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស បំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ ប៉ុន្មានថ្ងៃមកនេះ ទណ្ឌិត សម រង្ស៊ី ដែលរួតរឹតដោយបណ្តឹងផ្លូវច្បា​ប់បានលាប់នឹងជំងឺតួឯករបស់ខ្លួនឡើងវិញ ក្រោយពីដឹងថាមនុស្សម្នាលែងបានលើកតម្កើងកឹម សុខា ជាប្រធានបក្ស និងលែងនឹកនាឈ្មោះរបស់ខ្លួនតទៅទៀតនិងទុកឱ្យខ្ចាត់ព្រាត់ទៅឱ្យឆ្ងាយពីកម្ពុជា ដោយបានចេញមុខបង្កើតចលនាសង្គ្រោះជាតិមួយឡើងដោយមានអេង ឆៃអ៊ាង មូរ សុខហួរ និងជូឡុង សូមួរ៉ា ប្រពន្ធរបស់ខ្លួនធ្វើ ជាសមាជិក។ ចលនាសង្គ្រោះជាតិដឹកនាំដោយសម រង្ស៊ី បានយក កឹម សុខា ធ្វើជាជំនួញនយោបាយដើម្បីឈានទៅប្រមូលកម្លាំង និងឡើងក្តោបក្តាប់អំណាចជាប្រធានបក្សប្រឆាំងសាជាថ្មី។

នេះគឺជាមហិច្ឆតាដ៏ធំរបស់ទណ្ឌិត សម រង្ស៊ី ដែលគេដឹងថាពិតជាបានខក ចិត្តនឹងកឹមសុខា ដែលបណ្តោយឱ្យបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយទង្វើក្បត់ជាតិ របស់ខ្លួន និងក្តៅក្រហល់ក្រហាយ នឹងទង្វើមិនគោរពចាស់ទុំនយោបាយរបស់កូនស្រីកឹម សុខា ដែលបានយកឈ្មោះគណបក្សសង្គ្រោះជាតិទៅធ្វើជាបាយឡុកបាយឡលេងសើចជាមួយអ្នកនយោបាយបរទេសមួយចំនួន។

​ចរិតនយោបាយបំផ្លាញជាតិ និងក្បត់ជាតិរបស់ សម រង្ស៊ី ដែលមានតពូជពីឪពុករបស់ខ្លួនមកនេះបានធ្វើឱ្យអ្នកនយោបាយបរាជ័យរហូតនេះហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីបំពេញមហិច្ឆតាអំ​ណាចរបស់ខ្លួន ខណៈជីវិតនយោបាយ សម រង្ស៊ី ត្រូវបានគេមើលឃើញថាបានបញ្ចប់ជាស្ថា​ពរក្រោយពីបានសម្រេចចិត្តលាលែងចេញពីប្រធានគណបក្សសង្គ្រោះជាតិ និងសម្រេចចិត្តរត់ចោលស្រុកគេចពីទោសទណ្ឌដែលខ្លួនបានប្រព្រឹត្ត។ សម រង្ស៊ី នៅតែចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៌ជានិច្ច ហើយការបង្កើតចលនាសង្គ្រោះជាតិ នេះក្រៅពីចង់ឡើងគ្រប់គ្រងតំណែងជាប្រ​ធានបក្សប្រឆាំងវិញ ជនក្បត់ជាតិមួយនេះបានរៀបចំចលនាតស៊ូមួយជាចំហ និងបានអំពាវនាវឱ្យមានការរៀបចំទៅជារណសិរ្សដើម្បីប្រមូលកម្លាំងធ្វើបដិវត្តន៍ជាថ្មីដោយប្រើប្រាស់ពណ៌ផង និងប្រើកម្លាំងបាតុកម្មតវ៉ាផង។ មិនអស់ចិត្ត សម រង្ស៊ី ថែមទាំងយកជាតិនិងប្រជាជនកម្ពុជាទាំងមូលមកធ្វើជាចំណាប់ខ្មាំងរបស់ខ្លួនទៀត ដោយបានបង្ហោះសារនៅលើគណនីធ្វីតទ័រខ្លួនថា «ត្រូវតែព្យួរការបោះឆ្នោតខាងមុខ រហូតដល់មានការធានាថា ដំណើរការបោះឆ្នោតគោរពតាមស្តង់ដារអន្តរជាតិ។ ធ្វើដូច្នេះដើម្បីជៀសផុតពីអំពើហិង្សា និងក្លាយជារដ្ឋដែលប្រ​ឈមមុខនឹងភាព​ឯកោ ឬទទួលទណ្ឌកម្ម»

មានសែស្រឡាយជាជនក្បត់ជាតិ ភាសាទាំងនេះសម រង្ស៊ី មិនញញើតក្នុងការនិយាយឡើយ ហើយមិនញញើតក្នុងការយកកម្ពុជាមកធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួនដែរ។ សម រង្ស៊ី ហ៊ានយកសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជាមានមកគំរាមកំហែងបំផ្លិចបំផ្លាញដោយអំពើហិង្សា។ មានជាតិជាជនបំផ្លាញជាតិ សម រង្ស៊ី មិនខ្លាច នឹងឱនក្បាលអង្វរបរទេសឱ្យបំផ្លា​ញផលប្រយោជន៍ជាតិឡើយ។ តាមពិតអ្វីដែល សម រង្ស៊ី ព្រមាន គំរាមកំហែងសព្វបែបយ៉ាងមកលើសេចក្តីសុខរបស់ប្រជាជនកម្ពុជាគឺគ្រាន់តែជាការស្រម៉ៃក្នុងក្តីអស់សង្ឃឹមប៉ុ​ណ្ណោះ​។ ជីវិតនយោបាយរបស់ខ្លួនបានធ្លាក់ចូលក្នុងជ្រោះមរណៈបាត់ទៅហើយ វ័យក៏កាន់តែចាស់ឱកាសវិលចូលក្នុងស្រុកក៏បាត់អស់ព្រោះ ជាប់ជំពាក់នឹងគុកច្រវ៉ាក់ ហើយឱកាសក្នុងការវិលចូល ក្នុងឆាកនយោបាយខ្មែរក៏បាត់ ថែមទៀតព្រោះអង្គការចាត់តាំងបដិវត្តន៍ពណ៌របស់ខ្លួនប៉ុនប៉ងផ្តួល​រំលំរដ្ឋាភិបាលស្រប ច្បាប់ត្រូវបានកម្ទេច។ សាកគិតស្រម៉ៃទៅមើលតើសម រង្ស៊ី នៅពេលនេះមានអារម្មណ៍ ស្មូគស្មាញយ៉ាងណាវិលវល់យ៉ាងណា?ធុញថប់អារម្មណ៍យ៉ាងណា?

គេមិនគួរនឹងប្រកាន់សម រង្ស៊ី ដែលក្នុងចិត្តក្នុងអារម្មណ៍របស់ខ្លួនពោរពេញដោយការសងសឹក ខូចចិត្តនិងមានបញ្ហាផ្លូវអារម្មណ៍នោះទេ។ សម រង្ស៊ី ពេលនេះខិតខំក្នុងការស្តារមុខមាត់ឡើងវិញ សង្គ្រោះជីវិតនយោបាយខ្លួននិងបក្ខពួកខ្លួនឡើងវិញ។ ហេតុដូច្នេះ សម រង្ស៊ី ត្រូវខំប្រឹងជាចុងក្រោយ ទោះបីដឹងថាចលនាសង្គ្រោះជាតិដែលបង្កើតឡើងនេះ ខុសច្បាប់ក៏ខំប្រឹង ទោះដឹង​ថាក្រុម កឹម សុខា ប្រឆាំងក៏ខំមានៈ ទោះជាមានចលនាគាំទ្រ អតីតបក្សសង្គ្រោះជាតិជំ​ទា​ស់ក៏សមរង្ស៊ីនិងគូកនធ្វើមុខក្រាស់ដើម្បីកសាងកម្លាំងនយោបាយឡើងវិញក្រោមរូបភាពជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងដោះលែង កឹម សុខា ឱ្យចេញពីគុក។ នេះគ្រាន់តែជាមធ្យោបាយប្រើប្រាស់នៅពេលមនុស្សទាល់ច្រកតែប៉ុណ្ណោះ ព្រោះដូចដែលប្រជាពលរដ្ឋខ្មែរតែងតែលើកហើយថា «ពេលឆ្កែ ទ័លច្រក សូម្បីតែម្ចាស់ ក៏វាខាំដែរ!»។ សម រង្ស៊ី ក៏ដូចគ្នាដែរ! ពលរដ្ឋខ្មែរនឹងរង់ចាំមើល ថាតើចលនាឧទ្ទាមខុសច្បាប់ដែល សម រង្ស៊ី និងគូកនរបស់ខ្លួនប៉ុន្មានដំបរស្វាបង្កើតឡើងមកនេះនឹងមានអាយុប៉ុន្មាន បើការជំទាស់ប្រឆាំងមានគ្រប់ទិសដូច្នេះ?

ទោះបីជាពេលនេះ សម រង្ស៊ី គ្រាន់តែជាមនុស្សទ័លច្រកម្នាក់ និងជាមនុស្សដែលគេសង្ស័យថាមានបញ្ញាស្មារតីមិននឹងនរដោយសារតែវិបត្តិផ្លូវចិត្តចាញ់ការបោះឆ្នោត ជាច្រើនអាណត្តិ និងវក់វីនឹងផែនការបំផ្លាញជាតិក៏ដោយ ប៉ុន្តែក្រុមជនប្រភេទនេះមិនគួរបណ្តោយឱ្យបន្តយកជាតិ និងប្រជាជនកម្ពុជាធ្វើជាចំណាប់ខ្មាំង និងដាក់ការគំរាមកំ ហែងសព្វបែបយ៉ាងឡើយ។ វិធានការច្បាប់ត្រូវអនុវត្តប្រឆាំងនឹងជនជំពូកនេះ ដោយមិនអាចអត់ឱនឱ្យបានឡើយ ហើយ សម រង្ស៊ី និងគូកនក៏គួរដឹងជាមុនថា រាល់ពាក្យនីមួយៗរាល់សកម្មភាពនីមួយៗរបស់ខ្លួនដែលបានគំរាមកំហែងមកលើជាតិនិងប្រជាជនកម្ពុជាត្រូវបានប្រជាជនដឹងថាជាទង្វើក្បត់ជាតិ និងជាទង្វើល្មើសច្បាប់។ នៅក្នុងការអនុវត្តជាក់ស្តែង ប្រសិនបើឆ្កែនោះទាល់ច្រកងាកមកខាំម្ចាស់វិញ ម្ចាស់ពិតជាប្រើធម៌ក្តៅ ព្រមានសត្វឆ្កែនោះជាមិនខានឡើយដើម្បីកុំឱ្យឡើងចាងខ្លាំងពេក!៕

ដោយ ចៅចាក់ស្មុក
ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨






លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន វាយតម្លៃខ្ពស់ចំពោះជំហររដ្ឋាភិបាលទួរគីក្នុងការគោរពអធិបតេយ្យភាពកម្ពុជា

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះជំហររបស់រដ្ឋាភិបាលទួរគី គោរពអធិបតេយ្យភាពកម្ពុជា ហើយចាត់ទុកការចាត់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារឯករាជ្យ អធិបតេយ្យភាព សន្តិភាព ស្ថេរភាព និងការពង្រឹងនីតិរដ្ឋជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។ លោកបានថ្លែងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូតទួរគីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នៅទីស្តីការក្រសួង៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថានឹងគ្មានការលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខនោះឡើយ

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នឹងគ្មានការលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខនោះឡើយ។ លោកបានលើកឡើងដូចនេះជាការឆ្លើយតបចំពោះកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចុះផ្សាយថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងពន្យាពេលការបោះឆ្នោតប្រសិនបើមានស្ថានភាពច្របូកច្របល់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ព្រឹកនេះ ខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណងជើងថា (លោកនាយករដ្ឋមន្ត្រីថាការបោះឆ្នោតអាចធ្វើមិនបានបើមានការច្របូកច្របល់) ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថាខ្ញុំនឹងលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខ»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយមិនបាច់បកស្រាយច្រើន លោកគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីសង្ឃឹមជឿជាក់ថា កាសែតភ្នំពេញប៉ុស្តិ៍នឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់លោកឱ្យបានច្បាស់ និងមានការចេះដឹងច្រើនជាងនេះរាប់ទាំងក្រុមអ្នកវិភាគផងដែរ៕