លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតនៅកម្ពុជា ទាំងការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នៅតែបន្តទៅតាមកាលបរិច្ឆេទ ដូចការគ្រោងទុក គ្មានការប្រែប្រួលទោះមានរឿងអ្វីកើតឡើងក៏ដោយ។ លោកបន្ថែមថា ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ មិនត្រូវបានផ្លាស់ប្ដូរទេ គឺការបោះឆ្នោតនេះត្រូវបន្ដ និងជិតឈានដល់ដំណាក់កាលនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាហើយ ឯការបោះឆ្នោតថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ឬការបោះឆ្នោតជ្រើសរើសសមាជិកសភា ក៏នឹងត្រូវបន្ដធ្វើតាមការគ្រោងទុកគ្មានការផ្លាស់ប្ដូរណាមួយកើតឡើងទេ បើទោះបីមានហេតុការណ៍អ្វីកើតឡើងក៏ដោយ ការបោះឆ្នោតនេះត្រូវតែធ្វើឱ្យខាងតែបាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការកំណត់ច្បាស់លាស់មួយស្ដីពីសភា មាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរដ្ឋាភិបាលត្រូវរំលាយ២ដង ក្នុងរយៈពេល១២ខែ មានន័យថា ការបោះឆ្នោតនៅកម្ពុជាគឺមិនប្រគល់សិទ្ធិនោះ ទៅឱ្យនាយករដ្ឋមន្ដ្រី ដូចប្រទេសនានាទេ ក៏មិនថ្វាយទៅព្រះមហាក្សត្រ ហើយក៏មិនឱ្យសភាខ្លួនឯងដែរ សភាខ្លួនឯងគ្មានសិទ្ធិរំលាយសភាខ្លួនឯងនោះទេ លើកលែងតែខ្លួនចង់រំលាយ ត្រូវរំលាយរដ្ឋាភិបាល២ដង។
គួររំលឹកផងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា «ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់) ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថា ខ្ញុំនឹងលុបចោល ឬពន្យារការបោះឆ្នោតនាពេលខាងមុខ។ ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិភាគផងដែរ»៕

No comments:
Post a Comment