Wednesday, April 12, 2023

ផ្សាយបន្តផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន …

 នៅសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។ 

ឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកន្លងមកផងនោះ សន្និបាតអប់រំនៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន១១ រួមមាន៖ ទី១) ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២) ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣) វិធានការស្តារការខាតបង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤) ការអប់រំបរិស្ថានបៃតង, ទី៥) កំណែទម្រង់សាលារៀន, ទី៦) កំណែទម្រង់សាលាគរុកោសល្យ, ទី៧) ការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨) ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩) អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០)បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១) ការលើកកម្ពស់សុខភាពសិក្សា។

គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ជាពិសេសការអនុវត្តកំណែទម្រង់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដាក់ចេញនូវរបៀបវារៈបន្តកំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្តោតលើសមិទ្ធកម្ម ជាពិសេស ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអប់រំទាំងមូល។


#បិទសន្និបាត #អប់រំ 

#ហ៊ុនសែន #HunSen

#កម្ពុជា #Cambodia


សុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

 សម្តេច ឯកឧត្ដម​ លោកជំទាវ គណៈអធិបតី

ឯកឧត្ដម​ លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គសន្និបាតជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេកដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២​ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-​២០២៣” ដែលក្រសួងអប់រំយុវជន និងកីឡាបានរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ។



ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន និងការអប់រំកាយនិងកីឡា ដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក​ តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ ចំណុច សម្រាប់ទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែ​ស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុវិស័យ​កម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ២០៥០។

ដូចក្នុងរបាយការណ៍ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន សមិទ្ធផលដែលទទួលបាន ពិតជាបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរ​ដែនដី ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយនេះ ខ្ញុំក៏សូម​អរគុណ និងវាយតម្លៃខ្ពស់ចំពោះ​ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម សហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស។

ខ្ញុំសូមគាំទ្រចំពោះកម្មវិធីកែទម្រង់ វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញ ដោយឈរលើមូលដ្ឋាន​នៃ​សមិទ្ធផលនាពេលបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗ និងការកំណត់ទិសដៅការកែទម្រង់ច្បាស់លាស់ ប្រកបដោយភាព​ជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់ ព្រមទាំង​មានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់ ដើម្បីកសាងមូលធនមនុស្សដែលមានសក្តានុពល ទាំងចំណេះដឹង ជំនាញ និងអាកប្បកិរិយាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនេះ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សរ៍ទី ២១ ដល់យុវជន ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថល ការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។

សម្តេច ឯកឧត្ដម​ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គសន្និបាតជាទីមេត្រី!
ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនសម្រាប់អនុវត្តបន្ត ដូចខាងក្រោមនេះ៖

ទី១. បន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។ ជាមួយនេះ ការធានាបាននូវសេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសត្រូវខិតខំរិះរកវិធានការ ដែលកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។

ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ មានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា តាមរយៈធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន។

ទី៣. បន្តអភិវឌ្ឍការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃប្រព័ន្ធអប់រំ បំពាក់បន្ទប់ពិសោធន៍ឌីជីថល តភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ការបញ្ចូលការប្រើប្រាស់ បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀន ការកែលម្អមាតិកាឌីជីថល និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយ​វេទិកាឌីជីថលឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

ទី៤. អនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងការអភិវឌ្ឍយុវជន ដើម្បីឱ្យកុមារ និងយុវជនមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ”។ ជាមួយនេះ ត្រូវជំរុញលើកទឹកចិត្តឱ្យបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម។

ទី៥. បន្តលើកកម្ពស់វិស័យកីឡាដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ និងមានជីវភាពស្របតាមពាក្យស្លោក “កីឡារស់ប្រកបដោយសុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាព” ព្រមទាំងបន្តជំរុញចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច​ប្រចាំជីវិត”។

ទី៦. បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះ–ស្ថានសិក្សា ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជារៀបចំបន្ទប់សុខភាពស្តង់ដារបរិស្ថាន សាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យផ្តោតលើទឹកទទួលទាន កន្លែងលាងដៃ បង្គន់អនាម័យ​ លើកកម្ពស់អាហារូបត្ថម្ភ ដោយផ្តោតលើសុវត្ថិភាពចំណីអាហារ និងការផ្តល់អាហារតាមសាលារៀន ការអប់រំអំពីសុខភាពសិក្សា ការហាត់ប្រាណ និងលេងកីទ្បា។

ខ្ញុំមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលអង្គសន្និបាត និងអនុសាសន៍សំខាន់ៗ ដែលខ្ញុំបានលើកឡើងនឹងក្លាយជាមូលដ្ឋាន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពសម្រាប់អនុវត្តក្នុងវិស័យអប់រំកម្ពុជានៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តបន្ទាប់។

នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ “សន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២២-២០២៣” និងក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នេះខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងអង្គសន្និបាត សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។

សូមអរគុណ!