Tuesday, November 10, 2020

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ រៀបចំឡើងដើម្បីលើកស្ទួយវប្បធម៌ នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ

 ក្រចេះ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី២ ក្រោមអធិបតីភាពលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាស្រុក-ឃុំផងដែរ។

ការរៀបចំវេទិកាផ្សព្វផ្សាយនេះ គឺដើម្បីបង្កើតឡើងនូវវប្បធម៌ នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ក្នុងគោលបំណង៖
១.ផ្តល់ព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាន និងសកម្មភាពអាទិភាព នៃការអភិវឌ្ឍសម្រាប់ឆ្នាំ២០២០
២.ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងការពិភាក្សាលើរបាយការណ៍នានា របស់រដ្ឋបាលខេត្ត ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតបប្រកបប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ
៣.ធានាបានភាពជាតំណាងសាធារណៈ យ៉ាងពិតប្រាកដ ក្នុងការពង្រឹងលើអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ និងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ
៤.ធានាថា ក្រុមប្រឹក្សាមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋមានសិទ្ធិចូលរួម និងលើកឡើងនូវសំណួរពាក់ព័ន្ធបញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន និង៥.ធានាឆ្លើយតបបាន តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការឆ្លើយតបចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រីឱ្យបានស្មើៗគ្នា។

ជាមួយគ្នានោះ លោក ហឿ ស៊ីយ៉ែម បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះលោក លោកស្រីតំណាងប្រជាពលរដ្ឋដែលបានមកចូលរួមក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដោយបានលើកឡើងជាសំណួរ និងសំណូមពរផ្សេងៗក្នុងគោលបំណងដើម្បីសហគមន៍ ភូមិ ឃុំរបស់ខ្លួនមានការអភិវឌ្ឍ ហើយចំពោះបញ្ហា សំណូមពរដែលបានលើកឡើងនាពេលនេះ មួយចំនួនក្រុមការងារបានធ្វើការដោះស្រាយ ហើយមួយចំនួនទៀតដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សារកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្ដទៀត។

ក្នុងនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរឃុំ មុននឹងឯកភាពសម្រេចតាមសំណើរបស់ប្រជាពលរដ្ឋ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ជៀសវាងសម្រេចសំណើទៅបង្កផលលំបាកដល់ពួកគាត់នៅពេលអនាគត។

គួរបញ្ជាក់ថា សំណួរ សំណូមពរដែលបានលើកឡើងនៅក្នុងវេទិកានោះ គឺមាន-បញ្ហាទំនាស់ព្រំដីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ. -បញ្ហាទំនាស់ដីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន. បញ្ហាអ្នកសារព៍ត៌មានអាណាធិបតេយ្យ និងកុងត្រូលជជុះ៕






លោក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចុះសួរសុខទុក្ខ និងនាំយកស្រូវពូជ និងគ្រឿងបរិភោគសម្ភារៈចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១១០០០គ្រួសារ

បន្ទាយមានជ័យ ៖ លោក  ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោកតំណាង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជាអធិតបតី ចុះសាកសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់នាពេលកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យចំនួន ១១០០០គ្រួសារ  ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ដើម្បីជាដើម្បីទុនសម្រាប់ធ្វើការដាំដុះបន្ទាប់ពីទឹកជំនន់បានស្រក់ចុះ។

ពិធីចែកជូនស្រូវពូជនេះធ្វើឡើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណផ្សារចំការតាដោក  ស្ថិតនៅភូមិចំការតាមដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា៖ នៅឆ្នាំ២០២០នេះប្រទេសកម្ពុជាបានរងគ្រោះធម្មជាតិដោយទឹកជំនន់ត្រូវបានជន់លិចផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋជាច្រើន ដោយឡែកនៅទិសពាយ័ព្យនៃប្រទេសកម្ពុជាមានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងនោះខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ផ្ទះសំបែង  និងផលដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋជាច្រើផងដែរ។

ទន្ទឹមនឹងជាមួយនោះ លោក ហ៊ុន ម៉ាណែត ក៏ថ្លែងចូលរួមចូលរួមសោកស្តាយចំពោះផល់ប៉ះពាលដោយសារទឹកជំនន់នាពេលកន្លងមក  ពិសេសខេត្តបន្ទាយមានជ័យជាខេត្តមួយរងគ្រោះធ្ងន់ធ្ងរនឹងយូជាងគេ  ហើយអ្វីដែលគួរឲ្យសោកស្តាយនោះ  ក្នុងខេត្តមួយនេះមានករណីលង់ទឹកស្លាប់រហូតទៅដល់ ២៨នាក់។

លោកបន្តថា៖ ការងារជាចំបង ដែលយើងត្រូវធ្វើ គឺត្រូវជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ  ដោយមិនត្រូវទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះឡើយ ត្រូវដោះស្រាយបញ្ហាទាំងនេះដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ដោយមានការគិតគូពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី  ហ៊ុនសែន  លោកទាំងពីរបានចែកជូនស្រូវពូជ ដល់បងប្អូនពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡើងវិញ  នូវអ្វីដែលជាការខូតខាត់  ដោយសារតែទឹកជំនន់កន្លងមក។

លោក ហ៊ុន ម៉ាណែត  ក៏បានបញ្ជាក់ថា៖  បើទោះបីជាជំនន់បានស្រកហើយក៏ដោយ  ក៏យើងជាអាជ្ញាធរ  ក៏ដូចជាបងប្អូនពលរដ្ឋទាំងអស់   ត្រូវមានជាវិធានការត្រៀមសម្រាប់រក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងនាពេលខាងមុខ  សម្រាប់ប្រើប្រាស់ឲ្យបានគ្រប់រដូវកាល។

ចំពោះអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យទាំង១១០០០គ្រួសារ  ទទួលបានក្នុង១គ្រួសារ មានស្រូវពូជសែនក្រអូប៤ការ៉ុងស្មើ១០០គីឡូក្រាម  ,អង្ករ១ការ៉ុងស្មើ២៥គីឡូក្រាម,  មី១កេស,ត្រីខ១យួរ,  ទឹកបរិសុទ្ធ១កេសធំ,  ទឹក ត្រី១យួ ទឹកស៊ីអ៉ី វ ១យួរ និងឃីត១កញ្ចប់មាន ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ុង១ កន្ទេលបត់១ រួមនឹងថវិការ៥ម៉ឺនរៀល៕









វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាថ្នាក់ខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្ថិតនៅបរិវេនសាលាសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមមានពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត គណៈអភិបាលក្រុងស្វាយរៀង ប្រធាន អនុប្រធានទីចាត់ការ អង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាខេត្ត សាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួនប្រមាណ៨៥នាក់។

មានប្រសាសន៍ក្នុងវេទិការនោះ លោក ជុំ ហាត ក៏បានថ្លែងអំណរគុណចំពោះវត្តមាន លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញអោយឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។

សូមបញ្ជាក់ជូនថា អង្គវេទិការនេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា
– ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព-ការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ
-ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និង សំណង់ផ្សេងៗ។
-ការធ្វើអត្តសញ្ញាណប័ណ្ណ , ការងារអត្រានុកូលដ្ឋាន , បរិស្ថានអនាម័យ , បទល្មើសនេសាទ និងទំនាស់ដីធ្លី។









ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះនឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា !

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងព្យាករធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ឲ្យដឹងថា យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាននឹងកំពុងធ្វើបន្ដដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធនិងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។

ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ ( VAMCO )។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះ
ទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះ នឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាម នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាប នៅលើភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម ។
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ២០-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម ។
៣៖ តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់ជាបង្គួរ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលនឹងអាចកើតមានជាយថាហេតុណាមួយ៕



ក្រសួងសុខាភិបាល ចេញវិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

 ស្របពេលនឹងការព្រួយបារម្ភអំពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក។ នេះបើតាមសេចក្តីប្រកាសដែលទទួលបាន។

វិធានការសំខាន់ៗនេះ មានដូចខាងក្រោម៖



ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជាផ្លូវការអំពីលទ្ធផលអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន១១៤០នាក់ អវិជ្ជមានកូវីដ១៩ ខណៈរកឃើញវិជ្ជមានតែ៣នាក់

 នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាផ្លូវការ ពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ដោយបញ្ជាក់ពីលទ្ធផលអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន១១៤០នាក់ «អវិជ្ជមានកូវីដ១៩» ខណៈរកឃើញភាពវិជ្ជមានតែ៣នាក់លើតំណាងរាស្ត្រ និងមន្ត្រី។

អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន៣នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន១១៤៣នាក់៖
* អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១១៤០នាក់។
* នៅសល់វត្ថុសំណាក់ចំនួន២៣នាក់ ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។

ក្រសួងបន្តថា គិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មានចំនួន៤នាក់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់ភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចង់ជាទីបំផុត ហើយកុំដើរចេញទៅក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលសហគមន៍។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០០នាក់ (ស្ត្រី៦០នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១២នាក់៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់បទបញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានសុខភាពមនុស្សជិត៩០០នាក់ដែលកំពុងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់

 នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយហៅការធ្វើចត្តាឡីស័ករបស់មនុស្សដែលពាក់ព័ន្ធដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសហុងគ្រីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានគ្រប់មនុស្សដែលពាក់ព័ន្ធក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីជិត៩០០នាក់ដែលកំពុងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ដោយហៅការធ្វើចត្តាឡីស័ករបស់មនុស្សដែលពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រីប្រមាណ៩០០នាក់ថាជា«ព្រឹត្តិការណ៍៣វិច្ឆិកា»។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័ក តាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថឱ្យបានហ្មត់ចត់។

នៅលើផេកផ្លូវការ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា “ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយា ព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២។លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល”។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨ ខែវិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោល ពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការណ៍៣វិច្ឆិកា)។ លោកនាយករដ្ឋមន្ត្រីគូសបញ្ជា់ថា ព្រឹត្តិការណ៍(៣វិច្ឆិកា) នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមាន ឬអវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំឱ្យមនុស្សកើនឡើង តម្រូវឱ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឱ្យកាន់តែលំបាកប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបន្ថែមថា ដើម្បីបញ្ចៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសូមចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្ស ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថឱ្យបានហ្មត់ចត់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់ តាមរយៈកុំឱ្យកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំឱ្យកម្ទេចភ្លើងក្លាយជាអគ្គិភ័យ តាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆិកានេះ ដែលមិនត្រូវពន្យាពេល។ លោកនាយករដ្ឋមន្រ្តី ក៏សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីដ១៩៕