Monday, December 16, 2019

កម្ពុជា អនុវត្តបានជោគជ័យនូវនយោបាយឈ្នះឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកសារជាថ្មីអំពីការបញ្ចប់ទាំងស្រុងនូវសង្រ្គាមស៊ីវិលនៅក្នុងប្រទេ​សកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗចំនួនពីរដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិគឺមាន៖
ទី១) ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់អោយទៅជាតំបន់ដែលមានសុខសន្តិភាព ជាទីកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម
ទី២) ប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងទាំងអស់អោយទៅជាព្រំដែនដែលមានសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គោលដៅប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ឲ្យទៅជាតំបន់ដែលមានសុខសន្តិភាព ជាកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម ត្រូវបានអនុវត្តលើស ៩០% ហើយ នៅសល់ ១០% ទៀតជាតំបន់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវដោះស្រាយបញ្ចប់នៅឆ្នាំ២០២៥៕





កម្ពុជា-វៀតណាម នឹងធ្វើសមយុទ្ធសង្គ្រោះប្រជាពលរដ្ឋ មិនមែនជាការឈ្លានពានគ្នាដូចក្រុមមួយចំនួនលើកឡើងឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការរៀបចំសមយុទ្ធកងទ័ពកម្ពុជា-វៀតណាមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ គឺធ្វើឡើងដើម្បីបង្ការការពារ គ្រប់គ្រង និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលក្នុងករណីកើតមានគ្រោះមហន្តរាយណាមួយកើតឡើងនៅតាមព្រំដែនប្រទេសទាំងពីរ ពុំមែនជាការឈ្លានពានគ្នា ដូចក្រុមមនុស្សមួយចំនួនលើកឡើងនោះឡើយ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានេះនឹងប្រារព្ធធ្វើនៅក្នុងភូមិសាស្រ្ត ឃុំទូលស្ពឺ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ នៅពេលដែលមានគ្រោះមហន្ដរាយ កើតឡើងដូចជា៖ គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ សមយុទ្ធនេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យមានការរីកចម្រើនផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចថា បើក្រឡេកមើលទៅប្រទេសហៃទី ពេលប្រតិបត្តិការសង្គ្រោះ មានទាំងកងទ័ពអាមេរិក និងកងទ័ពប្រទេសជាច្រើនទៀតចូលរួម ជួយសង្គ្រោះ ហើយកម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធ ជាមួយអាមេរិក ចិន និងប្រទេសមួយចំនួនទៀត ពាក់ព័ន្ធនឹងការជួយសង្គ្រោះ៕




ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀនទទួលបានប្រាក់បៀវត្សខ្ពស់ជាងក្របខ័ណ្ឌដទៃ ដោយសារតែត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានលើកឡើងថា ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សខ្ពស់ជាងក្របខ័ណ្ឌផ្សេងៗទៀត ដោយសារតែក្របខ័ណ្ឌពីរនេះ ត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស។
ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតពេទ្យក្រោយបញ្ច ប់ការសិក្សាដោយជោគជ័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី ក្របខណ្ឌក្រសួង ស្ថាប័នផ្សេង មិនច្រណែនគ្រូពេ ទ្យ និងគ្រូបង្រៀននោះទេ ព្រោះពួកគេសុទ្ធតែមានកូនទៅរៀន ហើយក៏មានសាច់ញាតិមានជំងឺ ត្រូវទៅរកការព្យាបាលពីគ្រូពេទ្យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវសូមបញ្ជាក់ជូន មានតែក្របខ័ណ្ឌពីរទេដែលខ្ពស់ជាងគេ គឺក្របខ័ណ្ឌពេទ្យ និងក្របខណ្ឌគ្រូ បង្រៀន ប្រាក់ខែដូចគ្នា ច្រើនជាងទាហាន ច្រើនប៉ូលីស ច្រើនជាងក្របខ័ណ្ឌអីដ៏ទៃ។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ទាហានក៏ដោយ ប៉ូលីសក៏ដោយ និងមន្ដ្រីរាជការដ៏ទៃក៏ដោយ មិនច្រណែនជាមួយគ្រូពេទ្យ និងគ្រូបង្រៀនទេដោយសារតែអ្នកទាំងអស់ត្រូវការគ្រូពេទ្យព្យាបាល កូនចៅត្រូវទៅរៀនសូត្រ»៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់គ្រូពេទ្យគ្រប់រូបផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ជាគ្រូពេទ្យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់គ្រូពេទ្យទាំងអស់ដែលមានក្រមសីលធម៌វិជ្ជាជីវៈមិនល្អ ត្រូវតែផ្លាស់ប្តូរឥរិយាបថ និងពាក្យសម្តីរបស់ខ្លួនដែលបានប្រព្រឹត្តលើអ្នកជំងឺ។ លោកបន្តថា ការព្យាបាលអ្នកជំងឺគ្មានការបែងចែកនោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តាំទៅមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋជាធំ ដោយមិនត្រូវយកលុយជាធំនោះឡើយ។ លោកបានលើកឡើងថា គ្រូពេទ្យ និស្សិតពេទ្យសុទ្ធតែលើកឡើងថា ខ្លួនចង់ជួយជីវិតមនុស្សទើបរៀនពេទ្យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតពេទ្យថា ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ និងអ្នកជំងឺដែលស្ថិតនៅក្រោមបន្ទាត់ក្រីក្រ និងបានរំលឹកគ្រូពេទ្យថា អ្នកជំងឺត្រូវការថ្នាក់ថ្នមខ្លាំងណាស់ ហើយអ្វីដែលលោកចង់បាននោះ គឺក្រមសីលធម៌របស់គ្រូពេទ្យ៕






ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ, សីតុណ្ហភាពអប្បបរមាពី២០-២៥អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយបញ្ជាក់ថា អាកាសធាតុអប្បបរមាមានពី២០-២៥អង្សាសេ និងអតិបរមាមានពី២៨-៣២អង្សាសេ។

យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប់បន្ត សង្កេតឃើញថា ជ្រលងសម្ពោធខ្ពស់បាន និងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសមួយសប្តាហ៍ទៅមុខនេះ៖

១៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាម៖
* សីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៨-៣១អង្សាសេ

២៖ បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បញ្ហាពង្រាយគ្រូពេទ្យនៅតាមទីជនបទ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលធ្វើការយកចិត្តទុកដាក់បញ្ហាពង្រាយគ្រូពេទ្យឱ្យទៅដល់បណ្តាគោលដៅផ្សេងៗដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ លោកសង្កេតឃើញថា មានគ្រូពេទ្យរហូតដល់៧០% ធ្វើការតែនៅក្នុងតំបន់ទីប្រជុំជនសម្រាប់បម្រើមនុស្សតែ៣០% ក្នុងខណៈដែលមានគ្រូពេទ្យត្រឹមតែ ៣០% ត្រូវបានដាក់ពង្រាយទៅដល់ទីជនបទសម្រាប់បម្រើមនុស្សដល់ទៅ៧០%៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យចំនួនពីរដែលត្រូវការជ្រើសរើសមន្រ្តីរាជការច្រើនជាងគេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានតែវិស័យពីរតែប៉ុណ្ណោះដែលត្រូវការជ្រើសរើសមន្រ្តីរាជការច្រើនជាងគេបំផុតនោះគឺវិស័យអប់រំ និងសុខាភិបាល។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិ​បាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ក្រសួងអប់រំ ប្រកាសជ្រើសរើសមន្រ្តីរាជការប្រមាណជាង៣ពាន់កន្លែង និងក្រសួងសុខាភិបាលជ្រើសរើសជាង១ពាន់កន្លែងផងដែរ ស្របតាមការចាំបាច់និងតម្រូវការក្នុងការងារ៕

សេចក្តីប្រកាសព័ត៌មានរបស់ខេត្តស្វាយរៀង ស្តីពីការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម

ស្វាយរៀង៖ សេចក្តីប្រកាសព័ត៌មានជុំវិញការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម នៅភូមិទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់មេត្តាជ្រាប ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀងដូចខាងក្រោម ៖